ការសិក្សា: ក្រុមហ៊ុនជាច្រើនកំពុងកំណត់គោលដៅវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យនៅតំបន់អាស៊ាន

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាក្រុមហ៊ុនកាន់តែច្រើនឡើងៗកំពុងកំណត់គោលដៅវិនិយោគលើទីផ្សារមជ្ឈមណ្ឌលទិន្នន័យនៅតំបន់អាស៊ាន។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

ក្រុមហ៊ុន CBRE បានបញ្ជាក់នៅក្នុងទស្សនវិស័យនៃទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់តំបន់អាស៊ីប៉ាស៊ីហ្វិកថា តំបន់អាស៊ាន ជាពិសេសប្រទេសម៉ាឡេស៊ី កំពុងក្លាយជាគោលដៅដ៏លេចធ្លោនៃការវិនិយោគ និងបន្តរីកចម្រើនបន្ថែមទៀតនៅឆ្នាំ២០២៦នេះ។

ប្រទេសម៉ាឡេស៊ីកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីបណ្តាអ្នកវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ ខណៈដែលរដ្ឋាភិបាលម៉ាឡេសុីកំពុងធ្វើឌីជីថលូបនីយកម្មផ្នែកសេដ្ឋកិច្ច។

ជាមួយគ្នានេះ ក្រុមហ៊ុន CBRE បានកត់សម្គាល់ថា សមត្ថភាពអភិវឌ្ឍន៍មជ្ឈមណ្ឌលទិន្នន័យថ្មីចំនួន២ របស់ប្រទេសសិង្ហបុរី ដែលមានថាមពលសរុបចំនួន១,២ជីហ្គាវ៉ាត់ (GW) នឹងធានាថា ទីក្រុងនេះនៅតែជាមជ្ឈមណ្ឌលដែលមានគុណភាពខ្ពស់លើការងារបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។

ដោយឡែក ចំពោះតំបន់អាស៊ីប៉ាស៊ីហ្វិក ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE រំពឹងថាប្រទេសអូស្ត្រាលី និងជប៉ុននឹងនាំមុខគេក្នុងការជំរុញតម្រូវការមជ្ឈមណ្ឌលទិន្នន័យនៅឆ្នាំនេះ។

កំណើននៃតម្រូវការមជ្ឈមណ្ឌលទិន្នន័យត្រូវបានគេរំពឹងថា នឹងជំរុញចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិនយ៉ាងខ្លាំងនៅឆ្នាំនេះ ជាពិសេសនៅពេលនិយាយដល់គម្រោងសាងសង់មជ្ឈមណ្ឌលទិន្នន័យទ្រង់ទ្រាយធំដើរដោយថាមពល AI ដែលមានសមត្ថភាពយ៉ាងហោចណាស់១០០មេហ្គាវ៉ាត់៕ប្រភព: Edgeprop៕

ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតនឹងត្រូវសាងសង់នាពេលខាងមុខ ក្រោមហិរញ្ញប្បទានរបស់រដ្ឋាភិបាលជប៉ុន

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួង និងអ្នកជំនាញជប៉ុន បានបើកកិច្ច ប្រជុំពិនិត្យពិភាក្សាលើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ១ និងស្ពានមេគង្គថ្មី។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំដឹកនាំដោយលោកតូច ចាន់កុសល រដ្ឋលេខាធិការនៃ ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាព គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ១ និងស្ពានមេគង្គថ្មី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រ​ងបំណុល តំណាងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសា​រគម្រោងអភិវឌ្ឍន៍ (ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) តំណាងក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងរដ្ឋបាលខេត្តកណ្តាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសOCG និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួបប្រជុំពិនិត្យពិភាក្សាកម្រិតថ្នាក់ដឹកនាំ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងស្ថាប័នពាក់ព័ន្ធ លើលទ្ធផលបឋម នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ១ និងស្ពានមេគង្គថ្មី និងប្រមូលនូវធាតុចូលបន្ថែម ធ្វើយ៉ាងណាធានាឱ្យបានថាកិច្ចការនេះ មានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុនចេញរបាយការណ៍ផ្លូវការចុងក្រោយ។

បន្ថែមពីលើនេះ ឯកឧត្តមប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណដល់តំណាងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការក្នុងការជំរុញ និងការស្វះស្វែងយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារនេះសម្រេចបានជាលទ្ធផលល្អ និងបន្តកិច្ចសហការជាមួ​យក្រុមការងារទាំងអស់បន្ថែមទៀត ដើម្បីជំរុញឱ្យការសិក្សាស្រាវជ្រាវទទួលបានជោគជ័យ និងអនុត្តន៍ទៅផែនការគ្រោងទុក។

គំរោងសាងសង់ស្ពានមេគង្គថ្មីនេះ អាចជាស្ពានតភ្ជាប់ពីម្តុំវត្តក្តីតាកុយទៅកាន់ក្រុងអរិយក្សត្រ ដែលអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជាសម្តេចតេជោហ៊ុន សែនបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ស្នើសុំភាគីជប៉ុនជួយសិក្សា និងផ្តល់ជំនួយ។

ទោះជាយ៉ាងណា លោកផន រឹមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនមិនអាចបញ្ជាក់បានទេ ដោយសារគំរោងនេះមិនទាន់ត្រូវបានអនុម័តនៅឡើយ៕

តើទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុនកំពុងជួបប្រទះនឹងស្ថានភាពដូចម្តេចនៅដើមឆ្នាំ២០២៦នេះ?

ដោយ: សហសេវិក
អន្តរជាតិ: នៅដើមឆ្នាំ២០២៦នេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុនកំពុងជួបប្រទះនឹងបញ្ហាប្រឈម និងឱកាស។ ទីផ្សារបានបង្ហាញពីភាពធន់ ប៉ុន្តែក៏កំពុងប្រឈមមុខនឹងឧបសគ្គ ដោយសារការផ្លាស់ប្តូរប្រជាសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច និងឥទ្ធិពលទីផ្សារសកលផងដែរ។

ប្រទេសជប៉ុនកំពុងជួបប្រទះនឹងបញ្ហាចំនួនប្រជាជនថយចុះ និងការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់យ៉ាងឆាប់រហ័ស។ និន្នាការប្រជាសាស្ត្រនេះកំពុងជះផលប៉ះពាល់ដល់តម្រូវការផ្ទះថ្មី ជាពិសេសនៅតំបន់ជនបទ។

ទោះជាយ៉ាងណា តម្រូវការលំនៅឋាននៅតាមមជ្ឈមណ្ឌលទីក្រុងធំៗ ដូចជាទីក្រុងតូក្យូ និងទីក្រុងអូសាកានៅតែមានភាពរឹងមាំ ដោយផ្តោតលើការអភិវឌ្ឍលំនៅឋាន ដែលមានគុណភាពខ្ពស់ក្នុងទីក្រុង។

កំណើនតម្លៃលំនៅឋាននៅទីក្រុងតូក្យូមានកម្រិតមធ្យម ជាពិសេសនៅសង្កាត់កណ្តាលទីក្រុង ដែលជំរុញដោយតម្រូវការពីជនបរទេស អត្រាការប្រាក់ទាប និងស្ថិរភាពនៃសេដ្ឋកិច្ច។ ទោះជាយ៉ាងណា តម្លៃអចលនទ្រព្យនៅទីក្រុងតូចៗ និងតំបន់ជនបទកំពុងស្ថិតនៅទ្រឹង ឬធ្លាក់ចុះ ដោយសារតែកំណើនប្រជាជនថយចុះ។

រដ្ឋាភិបាលជប៉ុនបានអនុវត្តវិធានការដើម្បីលើកកម្ពស់កម្មសិទ្ធិដីធ្លី និងសំណង់ រួមទាំងការឧបត្ថម្ភធន និងការលើកទឹកចិត្តពន្ធ។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទាំងនេះផ្តោតលើការរក្សាស្ថិរភាពជាជាងការជំរុញកំណើននៃទីផ្សារអចលនទ្រព្យរបស់ខ្លួន៕ប្រភព: NHK៕

កម្ពុជាបើកកិច្ចកិច្ចប្រជុំគណៈកម្មការតម្រង់ទិសគម្រោងភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តី និងតំណាងវិស័យឯកជន បានបើកកិច្ចប្រជុំគណៈកម្មការតម្រង់ទិស គម្រោងភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម លើក​ទី៣ (3rd EU-German GATE PSC)។

តំណាងសភាពាណិជ្ជកម្មដឹកនាំដោយ ឧកញ៉ា ងួន ម៉េង អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងជាសមាជិកគណៈកម្មការ បានចូលរួម កិច្ចប្រជុំគណៈកម្មការតម្រង់ទិស គម្រោងភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម លើកទី៣ (3rd EU-German GATE PSC) ក្រោមអធិបតីភាពលោកជំទាវតឹករ៉េត កំរង រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតអាល្លឺម៉ង់ និងសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការអនុវត្តគម្រោង EU-Germany GATE ដែលជាជំនួយបច្ចេកទេសរួមរបស់សហភាពអឺរ៉ុប និងរដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការពង្រឹងវិស័យពាណិជ្ជកម្មកម្ពុជា ជាពិសេសធានានូវលំហូរផលិត​ផលកម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប និងអាល្លឺម៉ង់។

គម្រោងនេះផ្តោតសំខាន់លើ គោលនយោបាយពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល ការគ្រប់គ្រងហានិភ័យ កិច្ចសម្រួលពាណិជ្ជកម្ម និងការប្រកួតប្រជែងពាណិជ្ជកម្មសហគ្រាសធុនតូច និងមធ្យម៕

រោងចក្រដំំឡើងរថយន្តម៉ាក Chevrolet & GAC) នៅខេត្តកំពង់ឆ្នាំងតម្លៃ១៩លានដុល្លារកំពុងបើកដំណើរការ

ដោយៈ ចំណាន

    កំពង់ឆ្នាំងៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះពិនិត្យវឌ្ឍនភាព នៃគម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត (ម៉ាក Chevrolet & GAC) នៅខេត្តកំពង់ឆ្នាំង។

ដំណើរទស្សនកិច្ចនេះ ដឹកនាំដោយលោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួង ស្ថាប័ន ចុះពិនិត្យវឌ្ឍនភាពនៃគម្រោងបង្កើត រោងចក្រផ្គុំដំឡើងរថយន្ត (ម៉ាក Chevrolet & GAC) របស់ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURUNG CO., LTD. ដែលមានទីតាំងស្ថិតនៅភូមិខ្នាយកកោះ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURUNG CO., LTD. បានចុះបញ្ជីជាគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កា​លពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បង្កើតរោងចក្រផ្គុំដំឡើងរថយន្ត ក្នុងទំហំទុនវិនិយោគ ប្រមាណ១៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៥០០កន្លែង៕

រដ្ឋមន្រ្តីបញ្ជាក់ពីវឌ្ឍភាពសាងសង់ស្ពានដីឥដ្ឋ ថ្មគរ តភ្ជាប់គំរោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត

ដោយៈ ម៉ាណា

    កណ្តាលៈ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោកប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំគណៈប្រតិភូ ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពការងារនេះ លោករដ្ឋមន្រ្តី បានណែនាំឱ្យក្រុមហ៊ុនអនុវត្តន៍ ការងារឱ្យស្របតាមផែនការ ដោយធានាឱ្យបាននូវសុវត្ថិភាពតាមស្តង់ដារបច្ចេកទេស និងប្រកបដោយសោភ័ណ្ឌភាព។ ជាការឆ្លើយតប ក្រុមហ៊ុនសាងសង់ សន្យា និងបេ្ដជ្ញាចិត្តមោះមុត អនុវត្តន៍ការងារ ឱ្យកាន់តែប្រសើរឡើង ជាមួយក្រុមការងារបច្ចេកទេស និងភាគីពាក់ព័ន្ធ ដោយធ្វើការសហការ ពន្លឿនការសាងសង់ស្ពានមេគង្គនេះ ឱ្យបានកាន់តែឆាប់រហ័ស ព្រមទាំងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

គម្រោងនេះ មានទីតាំងស្ថិតនៅខេត្តកណ្ដាល  ឆ្លងកាត់តាមទន្លេមេគង្គ ផ្លូវនៅត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ តភ្ជាប់នឹងមហាវិថី ស៊ី ជីនពីង (ផ្លូវក្រវាត់ក្រុងទី៣) និងផ្លូវជាតិលេខ១ ផ្លូវនៅត្រើយខាងកើតស្ថិត ក្នុងឃុំថ្មគរ តភ្ជាប់នឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលគ្រោងនឹងសាងសង់។

គម្រោងនេះ មានប្រវែងសរុប៣,៧គីឡូម៉ែត្រ រួមមានស្ពានដែលឆ្លងទន្លេ និងស្ពានអាកាសតភ្ជាប់ផ្លូវ លូ និងការងារវិស្វកម្មបន្ទាប់បន្សំ។ ស្ពានឆ្លងទន្លេមេគង្គ មានប្រវែងសរុប១៦០០ម៉ែត្រ និងទទឹង២៦ម៉ែត្រ ដោយមានគន្លងផ្លូវរថយន្ត ផ្លូវទោចក្រយានយន្ត និងផ្លូវថ្មើរជើង ព្រមទាំងមានគន្លងនាវាចរណ៍ចំនួន៣គន្លង ដែលគន្លងនីមួយៗមានចន្លោះសុវត្ថិភាព ទទឹង១១០ម៉ែត្រ និងកម្ពស់១៥ម៉ែត្រ៕

ការសិក្សាថ្មី: ទីផ្សារអចលនទ្រព្យទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងឈានចូលដំណាក់កាលកំណើនថ្មីមួយនៅឆ្នាំ២០២៦នេះ

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន Colliers បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងឈានចូលដល់ដំណាក់កាលកំណើនថ្មីមួយ។ តួយ៉ាង អត្រាមូលធននីយកម្មនៅប្រទេសភាគច្រើនក្នុងតំបន់មានស្ថិរភាព ដែលការណ៍នេះបានជួយជំរុញទំនុកចិត្តរបស់វិនិយោគិន។

ក្រុមហ៊ុន Colliers អះអាងថា ស្ថិរភាពនៃអត្រាមូលធននីយកម្មកាលពីចុងឆ្នាំ២០២៥ បង្ហាញពីតុល្យភាពនៃទីផ្សារ ដែលមានភាពប្រសើរឡើងជាងមុន។

ការទាញទម្លាក់អត្រាការប្រាក់ និងមូលដ្ឋានគ្រឹះរឹងមាំនៅក្នុងទីផ្សារសំខាន់ៗ កំពុងលើកទឹកចិត្តវិនិយោគិនឱ្យងាកចេញពីការប្រុងប្រយ័ត្នទៅជាការត្រៀមខ្លួនវិនិយោគ ដែលការណ៍នេះនឹងជំរុញដល់ប្រតិបត្តិការទិញ-លក់អចលនទ្រព្យកាន់តែច្រើននៅឆ្នាំ២០២៦។

ប្រទេសសិង្ហបុរីកំពុងបង្ហាញពីសន្ទុះវិជ្ជមាន ខណៈការបញ្ចុះអត្រាការប្រាក់បានធ្វើឱ្យប្រសើរឡើងនូវប្រាក់ចំណេញពីការវិនិយោគ ដែលពង្រឹងភាពទាក់ទាញចំពោះវិនិយោគិនបរទេសរយៈពេលវែង។

ដោយឡែក នៅប្រទេសអូស្ត្រាលី ទីផ្សារអចលនទ្រព្យលក់រាយនៅតែជាផ្នែក ដែលមានដំណើរការល្អបំផុត ខណៈការវិនិយោគផ្នែកអចលនទ្រព្យឧស្សាហកម្មកំពុងកើនឡើង ជាពិសេសនៅទីក្រុង Adelaide និងទីក្រុង Brisbane។

ប្រទេសឥណ្ឌាបានបង្ហាញសញ្ញាយ៉ាងរឹងមាំនៅលើផ្នែកការិយាល័យ លក់រាយ និងអចលនទ្រព្យឧស្សាហកម្ម ដោយសារតម្រូវការមានភាពរឹងមាំ និងការផ្គត់ផ្គង់មានតុល្យភាព។ ទីផ្សារអចលនទ្រព្យរបស់ប្រទេសនូវែលសេឡង់ក៏នៅតែមានស្ថេរភាពផងដែរ ដោយសារកម្រិតអត្រាការប្រាក់ទាប និងការវិនិយោគរបស់រដ្ឋាភិបាលលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

នៅប្រទេសកូរ៉េខាងត្បូង គេសង្កេតឃើញថា ទីផ្សារការិយាល័យនៅទីក្រុងសេអ៊ូលស្រូបទាញបានការវិនិយោគច្រើនជាងគេបំផុត បើធៀបនឹងផ្នែកផ្សេងទៀតនៃទីផ្សារអចលនទ្រព្យ។

ជាមួយគ្នានេះ តម្រូវការការិយាល័យនៅទីក្រុងហុងកុងកំពុងកើនឡើង ដោយសារតម្រូវការជួលពីបណ្តាក្រុមហ៊ុនចិនដីគោក ខណៈការងើបឡើងវិញនៃវិស័យទេសចរណ៍ក៏កំពុងជំរុញឱ្យតម្លៃជួលទីតាំងលក់រាយក្នុងទីក្រុងមួយនេះកើនឡើងផងដែរ៕ប្រភព: Edgeprop៕

តើវិស័យអចលនទ្រព្យរបស់ប្រទេសចិនកំពុងជួបប្រទះស្ថានភាព និងការផ្លាស់ប្តូរសំខាន់ៗអ្វីខ្លះនាពេលថ្មីៗនេះ?

ដោយ: សហសេវិក
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានទទួលនូវព័ត៌មានវិជ្ជមានមួយចំនួននាពេលថ្មីៗនេះ។ ប៉ុន្តែ បណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកវិភាគព្រមានថា វិស័យនេះនៅតែបន្តមានភាពយ៉ាប់យុឺន ដោយសារកង្វះខាតហិរញ្ញប្បទាន ការធ្លាក់ចុះនៃតម្លៃផ្ទះ និងតម្រូវការ។

តួយ៉ាង ក្រុមនិយតករចិនបានលុបចោលច្បាប់ បន្ទាត់ក្រហម៣ ដែលបានរឹតត្បិតការខ្ចីប្រាក់របស់អ្នកអភិវឌ្ឍន៍ និងបង្កឱ្យមានវិបត្តិបំណុលឆ្នាំ២០២១។ បណ្តាអ្នកអភិវឌ្ឍន៍មួយចំនួនត្រូវបានរំពឹងថា នឹងទទួលបានការពន្យារពេលទូទាត់សងប្រាក់កម្ចីចំនួន៥ឆ្នាំ។

កាលពីពេលថ្មីៗកន្លងទៅនេះ បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរដ្ឋចិន រួមមានក្រុមហ៊ុន Yuexiu Property និងក្រុមហ៊ុន China Overseas Grand Oceans បានបោះផ្សាយមូលបត្របំណុលនៅទីក្រុងហុងកុង។

ទោះជាយ៉ាងណា ក្រុមអ្នកជំនាញ ដែលធ្វើការនៅក្នុងឧស្សាហកម្មអចលនទ្រព្យអះអាងថា ទស្សនវិស័យទីផ្សារអចលនទ្រព្យនៅតែមានភាពមិនច្បាស់លាស់។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយកាសែត Reuters។

បច្ចុប្បន្ន បណ្តាវិនិយោគិនកំពុងរង់ចាំតាមដានកិច្ចប្រជុំរដ្ឋាភិបាលនៅក្នុងខែមីនា និងខែមេសាខាងមុខ ដែលអាចផ្តល់សញ្ញានៃការដាក់ចេញវិធានការគាំទ្រគោលនយោបាយបន្ថែមទៀតដើម្បីជំរុញទីផ្សារអចលនទ្រព្យ។

វិធានការ ដែលរដ្ឋាភិបាលចិនបានដាក់ចេញក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ រួមមានការកាត់បន្ថយអត្រាការប្រាក់ ការបន្ធូរបន្ថយការរឹតបន្តឹងលើការទិញផ្ទះ និងការជំរុញឱ្យធនាគារនានាផ្តល់ប្រាក់កម្ចីដល់បណ្តាអ្នកអភិវឌ្ឍន៍។

លោក Robert Ciemniak នាយកប្រតិបត្តិក្រុមហ៊ុន Real Estate Foresight បានលើកឡើងថា ការដាក់ចេញគោលនយោបាយគាំទ្រអាចនៅមានកម្រិត។ បណ្តាអ្នកអភិវឌ្ឍន៍អាចទទួលបានអត្ថប្រយោជន៍ ប្រសិនបើអាជ្ញាធរមូលដ្ឋានពង្រីកកម្មវិធីទិញដី និងលំនៅឋានដែលលក់មិនចេញហើយបំលែងទៅជាផ្ទះដែលមានតម្លៃសមរម្យ៕ប្រភព: Reuters៕

ក្រសួងទេសចរណ៍កម្ពុជា និងគុយបាឯកភាពចុះMoUដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍គុយបា ឯកភាពចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។

ព័ត៌មានដ៏ល្អនេះត្រូវបានលើកឡើង ក្នុងពេលលោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនឯកឧត្តម Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៃសាធារណរដ្ឋគុយបា អមដំណើរដោយ

លោកជំទាវ Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍រវាងកម្ពុជា-គុយបា ក្នុង​ឱកាសបំពេញទស្សនកិច្ចការងារ រយៈពេល២ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោករដ្ឋមន្រ្តី បានជម្រាបជូនអនុរដ្ឋមន្ត្រីទេសចរណ៍ នៃសាធារណរដ្ឋគុយបា អំពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងគុយបាតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦នេះ គឺមានរយៈពេល៦៦ឆ្នាំ។

លោកបញ្ជាក់ថា “ទំនាក់ទំនងមិត្តភាពនេះ ត្រូវបានពង្រឹងពង្រីកពូនជ្រុំដោយថ្នាក់ដឹកនាំកំពូល របស់ប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យទេសចរណ៍ ដែលប្រទេសទំាងពីរសុទ្ធតែមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជននៃប្រទេសទាំងពីរ”។

ឆ្លៀតក្នុងឱកាសនៃជំនួប ប្រកបដោយភាតរភាពនេះ លោកអនុរដ្ឋមន្រ្តីទេសចរណ៍នៃសាធារណរដ្ឋគុយបា បានថ្លែងអំពីចំណាប់អារម្ម​ណ៍លើការអភិវឌ្ឍ លើគ្រប់វិស័យនៃប្រទេសកម្ពុជា ក្នុងកំឡុងពេលទស្សនកិច្ចការងាររយៈពេល២ថ្ងៃកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ ដែលបានជួយសម្របសម្រួលឱ្យមានជំនួបជាមួយសមាគមទេសចរណ៍កម្ពុជាធំៗ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍គុយបា។

លោកក៏បានជម្រាបជូនពីគោលបំណងចម្បងៗ នៃទស្សនកិច្ចការងារនៅកម្ពុជានាពេលនេះ រួមមានសំណើចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រ​សួងទេសចរណ៍នៃប្រទេសទាំងពីរ ដែលគ្រោងនឹងធ្វើឡើងក្នុងព្រឹត្តិ​ការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ នៃប្រទេសគុយបានាពេលខាងមុខ និងការរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីសហការជម្រុញវិស័យទេសចរណ៍ ពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារទេសចរណ៍ ស្របពេលដែលការធ្វើដំណើរទៅមក រវាងប្រទេសទាំងពីរមានភាពងាយស្រួល តាមរយៈជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ពីរាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា ដោយឆ្លងកាត់តាមទីក្រុងអ៊ីស្តាន់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ៕

គំរោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៩មានទុនវិនិយោគជាង៤២០លានដុល្លារត្រូវបានលើកយកមកពិភាក្សា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីជានខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី២ ក្នុងឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សា លើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៩គម្រោង។

កិច្ចប្រជុំគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ បានធ្វើឡើងក្រោម អធិបតីភាព លោកជា វុទ្ធី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤២៣លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៥ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៧គម្រោង រួមមាន៖ ផ្គុំដំឡើងគ្រឿងអេឡិចត្រូនិក បរិក្ខារអគ្គិសនីនិងបរិក្ខារអគ្គិសនីបំភ្លឺ, ផលិតប្រដាប់ព្យួរសម្លៀកបំពាក់ ផលិតសម្ភារៈតុបតែងសម្រាប់ពិធីបុណ្យ (បុណ្យណូអែលនិងបុណ្យ Halloween) និងវត្ថុអនុស្សាវរីយ៍, ជ្រលក់ពណ៌, ផ្គុំដំឡើងម៉ូតូ, ផលិតក្តារបន្ទះ និងផលិតក្រដាស វិស័យទេសចរណ៍ចំនួន១គម្រោង៖ សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ចំនួន១.៣៤១បន្ទប់ និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន១គម្រោង៖ បង្កើតកសិដ្ឋានបណ្តុះមេផ្សិតនិងផ្សិតគ្រប់ប្រភេទ និងវេចខ្ចប់កសិផល (ផ្សិត)។

គម្រោងវិនិយោគទាំង៩ ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅរាជធានីភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឹ កំពង់ឆ្នាំង និងស្វាយរៀង៕