គម្រោងអគារ Trump International នៅទីក្រុង Hung Yen របស់វៀតណាម ទទួលបានសិទ្ធិលក់អាផាតមុិនទៅឱ្យជនបរទេស

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមអាជ្ញាធរមូលដ្ឋានវៀតណាមបានឱ្យដឹងថា គម្រោងអគារ Trump International នៅទីក្រុង Hung Yen ទទួលបានសិទ្ធិក្នុងការលក់អាផាតមិនសរុបចំនួន៣០ភាគរយ ដល់អ្នកទិញជាជនបរទេស។

គម្រោងអគារនេះមានតម្លៃ១,៥ពាន់លានដុល្លារ ដែលរួមមានទីលានវាយកូនហ្គោលចំនួនពីរ និងតំបន់លំនៅឋានជាច្រើន ដោយមានទីតាំងស្ថិតនៅចម្ងាយ៤០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងហាណូយ។ ការសាងសង់បានចាប់ផ្តើមកាលពីឆ្នាំមុនលើផ្ទៃដី៨៨៨ហិកតា។

គម្រោងខាងលើត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Hung Yen Investment and Development Corp ដោយសហការជាមួយក្រុមហ៊ុន Trump Organization របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងគ្រប់គ្រងដោយកូនប្រុសរបស់លោក ឈ្មោះ Eric ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុង Hung Yen ជាទីផ្សារអចលនទ្រព្យដែលមានការរីកចម្រើនលឿនបំផុតមួយ ជាពិសេសទីផ្សារលំនៅដ្ឋាន។ ទីក្រុងមួយនេះបានស្រូបទាញការអភិវឌ្ឍដោយក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនដូចជា ក្រុមហ៊ុន Vingroup ក្រុមហ៊ុន Masterise និងក្រុមហ៊ុន MIK Group ជាដើម។

ក្នុងនោះ តំបន់ Van Giang នៃខេត្ត Hung Yen ស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម ត្រូវបានគេរំពឹងថា អាចនឹងមានអាផាតមុិនថ្មីចំនួនជាង១៨.០០០យូនីត សម្រាប់ដាក់លក់នៅឆ្នាំ២០២៦នេះ៕ប្រភព: Vnexpress៕

វិស័យអចលនទ្រព្យដែលត្រូវតាមដាននិងគួរពិចារណាវិនិយោគ នៅឆ្នាំ២០២៦

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មានផ្នែកមួយចំនួននៃវិស័យអចលនទ្រព្យ នៅតែទាក់ទាញការវិនិយោគ និងអាចបង្កើតផលចំណេញបាន ជាជាងគ្រាន់តែសាងសង់ផ្ទះលក់។

សូមសាកល្បងសិក្សាជាទិដ្ឋភាពទូទៅច្បាស់លាស់ និងជាក់ស្តែងនៃផ្នែកល្អបំផុត នៃឧស្សាហកម្មអចលនទ្រព្យ ដែលត្រូវពិចារណាសម្រាប់ការវិនិយោគនៅឆ្នាំនេះ។

១ វិស័យយអចលនទ្រព្យកំពូលៗដែលត្រូវតាមដាននៅឆ្នាំ២០២៦

ការវិនិយោគលើមជ្ឈមណ្ឌលទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល មានភាពចំណេញ និងទាក់ទាញ ហេតុអ្វី? ដោយសារតម្រូវការសម្រាប់ AI, cloud computing និង edge computing បន្តបង្កើនល្បឿនកំណើន។ ជំរុញឱ្យមានប្រាក់ចំណូលជួលខ្ពស់ និងមានស្ថិរភាព និងការជួលរយៈពេលវែង។

ជារឿយៗផ្នែកនេះ មិនសូវងាយនឹងរងផលប៉ះពាល់ ដោយវដ្តសេដ្ឋកិច្ច និងគាំទ្រដោយអតិថិជនសាជីវកម្ម។ មូលធនកំពុងហូរចូលទៅក្នុងវិស័យនេះ កាន់តែខ្លាំងឡើងនៅទូទាំងពិភពលោក។

. ឧស្សាហកម្ម និងភស្តុភារកម្ម (ឃ្លាំង ការបំពេញ)

ការផ្លាស់ប្តូរពាណិជ្ជកម្មអេឡិចត្រូនិក និងខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានតម្លៃថោកជាងបន្តជំរុញតម្រូវការ។

ទីតាំងកន្លែងចែកចាយចុងក្រោយ នៅជិតទីក្រុងមានភាពរឹងមាំជាពិសេស ជាមួយការជួលដែលមានស្ថេរភាព និងអត្រាទំនេរទាបគាំទ្រដល់ប្រាក់ចំណូលជាប់លាប់។

ផ្នែកនេះល្អសម្រាប់៖ វិនិយោគិនដែលស្វែងរកប្រាក់ចំណូល និងកំណើនខ្លាំងពីអចលនទ្រព្យឧស្សាហកម្ម។

៣. ការជួលផ្ទះសម្រាប់គ្រួសារច្រើន និងលំនៅដ្ឋាន

ដោយសារកំណើនប្រជាពលរដ្ឋមករស់នៅទីក្រុង កាន់តែកើនឡើង ការជួលផ្ទះសម្រាប់គ្រួសារតែមួយ ក្នុងទីផ្សារមធ្យម លំនៅដ្ឋានសម្រាប់កម្លាំងពលកម្ម និងសហគមន៍អាផាតមិននៅតែមានភាពធន់។

កំណើនប្រជាជន និងតម្រូវការជួលនៅតែរឹងមាំ នៅក្នុងតំបន់ជាច្រើន ដែលលំនៅដ្ឋានជារឿយៗ ងាយស្រួលចូលក្នុងទំហំតូចជាងពាណិជ្ជកម្ម។

ផ្នែកនេះល្អសម្រាប់៖ វិនិយោគិនបុគ្គល និងអ្នកដែលស្វែងរកលំហូរសាច់ប្រាក់ស្ថិរភាព។

៤. ផ្នែកលំនៅដ្ឋានពិសេស

សហគមន៍ផ្ទះជួល ដែលសាងសង់ឡើង សម្រាប់គោលបំណងកំពុងទទួលបានការចាប់អារម្មណ៍ ជាពិសេសក្នុងចំណោមកម្មករវ័យក្មេង និងប្រជាជនចល័ត។ ដូចជាលំនៅដ្ឋានសម្រាប់និស្សិត និងលំនៅដ្ឋានដែលមានតម្លៃសមរម្យ។ តម្រូវការខ្ពស់ពីនិន្នាការប្រជាសាស្ត្រ និងជារឿយៗត្រូវបានគាំទ្រ ដោយការកាន់កាប់ដែលមានស្ថេរភាព។

៥. អចលនទ្រព្យលក់រាយ និងផ្តោតលើសេវាកម្មក្នុងសង្កាត់

អចលនទ្រព្យប្រភេទនេះ មិនមែនជាផ្សារទំនើបបែបប្រពៃណីទេ ប៉ុន្តែជាហាងលក់គ្រឿងទេស និងលក់រាយផ្តោតលើសេវាកម្ម (គ្លីនិក មណ្ឌលថែទាំកុមារ សេវាកម្មប៊ូទិក) កំពុងដំណើរការល្អ។

ទ្រព្យសកម្មទាំងនេះ ច្រើនតែមានហានិភ័យទាបជាង ជាមួយនឹងតម្រូវការក្នុងស្រុកជាប់លាប់។

៦. អចលនទ្រព្យឯកទេស/ប្រតិបត្តិការ

អចលនទ្រព្យប្រភេទនេះ រួមមានដូចជា មណ្ឌលថែរទាំសុខភាព កន្លែងរស់នៅសម្រាប់មនុស្សចាស់ / កន្លែងរស់នៅដែលមានជំនួយ

អចលនទ្រព្យទាក់ទងនឹងការអប់រំ។ ផ្នែកទាំងនេះ ទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរប្រជាសាស្ត្រ និងរយៈពេលជួលរយៈពេលវែង។

អចលនទ្រព្យប្រភេទនេះ ល្អសម្រាប់៖ វិនិយោគិនដែលផ្តោតលើប្រាក់ចំណូលដែលមានស្ថេរភាព និងការពារដោយអតិផរណា៕

ក្រសួងសិក្សាសមិទ្ធិលទ្ធភាពនិងរៀបចំគំនូសប្លង់បច្ចេកទេសគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុងជាមួយដៃគូអភិវឌ្ឍន៍

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកកិច្ចប្រជុំស្តីពីការចាប់ផ្តើម (kick-off meeting) ការងារសិក្សាសមិទ្ធិលទ្ធភាព និងរៀបចំគំនូសប្លង់បច្ចេកទេសលម្អិត គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP)។

កិច្ចប្រជុំនេះដឹកនាំដោយលោកហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ស្តីពីការចាប់ផ្តើម (kick-off Meeting) ការងារសិក្សាសមិទ្ធិលទ្ធភាព (FS) និងរៀបចំគំនូសប្លង់បច្ចេកទេសលម្អិត  គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទីក្រុង (UIDP) ដោយមានការចូលរួម ពីថ្នាក់ដឹកនាំក្រសួង អង្គភាពគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ  និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងសមាជិកក្នុងអង្គភាពគ្រប់គ្រងគម្រោងផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីប្រកាសការចាប់ផ្តើមអនុវត្តកិច្ចសន្យា និងប្រកាសសមាសភាពក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស បទបង្ហាញពីសាវតា វឌ្ឍនភាព និងសេចក្ដីព្រាងផែនការសិក្សាសមិទ្ធិ លទ្ធភាព (FS) និងរៀបចំគំនូសប្លង់បច្ចេកទេសលម្អិត (DED) នៃគម្រោង និងកិច្ចការងារផ្សេងៗទៀត ដើម្បីអោយការអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងទទួលបានភាពជោគជ័យ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធិពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

ដំណឹងល្អៈ រដ្ឋាភិបាលបញ្ចប់ការងារដីធ្លីនៅខេត្តកោះកុង និងចាប់ផ្តើមគិតគូរពីជីវភាពរបស់ប្រជាជនក្នុងខេត្ត

ដោយៈ ម៉ាណា

    កោះកុងៈ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបិទបញ្ចប់ការងារដីធ្លីនៅខេត្តកោះកុង ពីនេះទៅមុខ យើងត្រូវងាកមកប្រែក្លាយដីឱ្យមានគុណតម្លៃ និងគិតគូររៀបចំជួយលើកស្ទួយជីវភាពអ្នកកោះកុង។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងពេលលោកឧបនាយករដ្ឋមន្រ្តីសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានជួបសំណេះ​សំណាល និងចែកប័ណ្ណដីធ្លីជូនប្រជាពលរដ្ឋ។

ក្រសួងបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លូនបន្តថា ចាប់ពីពេលនេះទៅ គឺកសាងខឿនសេដ្ឋកិច្ចមូលដ្ឋាន ធ្វើឱ្យប្រជាជន និងមន្ត្រីរាជការមានដំបូលលើក្បាល ម្ហូបលើតុ មានប្រាក់សន្សំ កូនទៅរៀន មានពេលវេលាលំហែ និងជួបជុំគ្រួសារ។

ថែ្លងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុចំនួន១៣០០ បណ្ណ ជូនពលរដ្ឋក្រុងខេមរភូម១មិន្ទ ខេត្តកោះកុង លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានអបអរសាទរពុកម៉ែបងប្អូនដែលបានមកទទួលវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ ហើយក្រសួងនឹងចែកជូនបងប្អូនជាបន្តបន្ទាប់ទៀត ដើម្បីធានានូវសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនទាំងអស់។

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង គ្រោងនឹងបន្តប្រគល់វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុជូនបងប្អូនពលរដ្ឋចំនួន៦ភូមិទៀត នៅស្រុកគិរីសាគរ និងស្រុកស្រែអំបិល នាពេលឆាប់ៗខាងមុខនេះ៕

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅហុងកុងក្លាយជាទីចាប់អារម្មណ៍ឡើងវិញរបស់បណ្តាអ្នកវិនិយោគក្នុងតំបន់

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅទីក្រុងហុងកុងរបស់ប្រទេសចិន ជាគោលដៅវិនិយោគទាក់ទាញបំផុតទី៥ របស់តំបន់អាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំនេះ ដែលបង្ហាញពីភាពប្រសើរឡើងនៃទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យហុងកុង។

ដោយឡែក យោងតាមរបាយការណ៍មួយពីក្រុមហ៊ុន Knight Frank បានបង្ហាញថា ទីក្រុងហុងកុងក៏បានកត់ត្រាចំនួនកិច្ចព្រមព្រៀងលំនៅឋានប្រណីតខ្ពស់ជាងគេបំផុតទី២ ក្នុងចំណោមទីផ្សារអចលនទ្រព្យលំដាប់ខ្ពស់ចំនួន១២ នៅទូទាំងពិភពលោកក្នុងត្រីមាសទី៤ ឆ្នាំមុន ដោយរក្សាបាននូវសន្ទុះនៃការងើបឡើងវិញចាប់តាំងពីត្រីមាសទី២។

ទីក្រុងហុងកុងបានជាប់ចំណាត់ថ្នាក់ទី៥ នៅក្នុងការស្ទង់មតិលើចំណាប់អារម្មណ៍របស់បណ្តាវិនិយោគិនអាស៊ីប៉ាស៊ីហ្វិកនៅឆ្នា២០២៦ របស់ក្រុមហ៊ុន CBRE។ ភាពប្រសើរឡើងនេះបានកើតឡើង ដោយសារការកើនឡើងនៃចំណាប់អារម្មណ៍របស់វិនិយោគិន ជាពិសេសពីវិនិយោគិនចិនដីគោក។

ក្រុមហ៊ុន CBRE បានលើកឡើងថា ផ្នែកលំនៅឋាន និងសណ្ឋាគារ ជាគោលដៅចម្បង ដោយឆ្នាំ២០២៥ គេសង្កេតឃើញមានកិច្ចព្រមព្រៀងជាច្រើន ទាក់ទងនឹងការប្រែក្លាុយសណ្ឋាគារទៅជាលំនៅឋានសម្រាប់និស្សិត ហើយនិន្នាការនេះរំពឹងថា នឹងបន្តនៅឆ្នាំ២០២៦នេះ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងរវាងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៥ រួមមានអ្នកឆ្លើយតបចំនួន៤២២នាក់ មកពីប្រភពនានា ដូចជា មូលនិធិភាគហ៊ុនឯកជន អ្នកអភិវឌ្ឍន៍ ក្រុមហ៊ុនធានារ៉ាប់រង ធនាគារ មូលនិធិរដ្ឋ ការិយាល័យគ្រួសារ និងបុគ្គលដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ នៅក្នុងទីផ្សារធំៗរួមមាន ជប៉ុន អូស្ត្រាលី ចិនដីគោក សិង្ហបុរី តៃវ៉ាន់ កូរ៉េ និងឥណ្ឌា៕ប្រភព: SCMP៕

រដ្ឋបាលខេត្តសៀមរាបផ្តោតលលើការរៀបចំដែនដី និងនគរូបនីយកម្ម

ដោយៈ ម៉ាណា

    សៀមរាបៈ លោក ហែន ពុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប អភិបាលខេត្តបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្តសៀមរាប។

កិច្ចប្រជុំនេះ បានផ្សព្វផ្សាយនូវខ្លឹមសារឯកសារពាក់ព័ន្ធ ដូចខាង៖ ១.ការផ្សព្វផ្សាយផែនការរៀបចំ ផែនការប្រើប្រាស់ដីឃុំ/សង្កាត់ទាំង១០០ ឃុំ/សង្កាត់ និងផែនការប្រើប្រាស់ដីទាំង១១៤ភូមិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។

២.ការពិនិត្យលើវឌ្ឍនភាព នៃការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ។ ៣.ការពិនិត្យលើវឌ្ឍនភាពការងារ កាត់ឆ្វៀលគម្រប់ព្រៃឈើឆ្នាំ២០០២។៤.ការពិនិត្យ និងជំរុញការអនុវត្តលិខិតលេខ ៤២០ ដនស/អសដភ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់៕

សម្តេចធិបតីបញ្ជាក់គោលការណ៍សំខាន់ចំនួន២គឺការពារទឹកដី និងមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនរបស់ថៃ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងលើគោលការណ៍២ចំណុច គឺទឹកដី និងប្រជាជននៅតែជាអាទិភាព​របស់រាជរដ្ឋាភិបាល និងមិនទទួលស្គាល់ការកែប្រែបន្ទាត់ព្រំដែនរបស់ថៃ ជាឯកតោភាគី។

សម្តេចបានសរសេលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួននាព្រឹកថ្ងៃទី១០ កុម្ភៈនេះថា គោលការណ៍របស់រាជរដ្ឋាភិបាល គឺ ទី១. ទឹកដី និងប្រជាជន នៅតែជាអាទិភាពរបស់រាជរដ្ឋាភិបាល ទាំងពេលកន្លងមក បច្ចុប្បន្ន និងទៅអនាគត និង ទី២. ជំហរពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ គឺជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ និងត្រូវបានការពារដោយច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាត លើការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេសA សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និង ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ កម្រិត៣ នៅព្រឹកថ្ងៃទី ១០ ខែ កុម្ភៈ ឆ្នាំ ២០២៦។

បន្ថែមពីនេះ កម្ពុជាប្រកាន់ខ្ជាប់ នូវការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងកិច្ចព្រមព្រៀងដែលមានស្រាប់ដែលកម្ពុជា និងថៃ បានចុះហត្ថលេខាជាមួយគ្នា ជាពិសេសការចុះវាស់វែងតាមយន្ដការ គណៈកម្មការចម្រុះ ខណ្ឌសីមាព្រំដែនគោក (JBC) ដើម្បីកំណត់ភាពត្រឹមត្រូវ និងយុត្តិធម៌របស់ប្រទេសទាំងពីរ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរៀងៗខ្លួន។

ជាមួយគ្នានេះ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ការពង្រឹងគុណភាពវិស័យអប់រំកម្ពុជា គឺជាគោលដៅឤទិភាពរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ សម្រាប់អនុវត្តនៅគ្រប់ដំណាក់កាល”។

សម្តេចបន្តថា គឺការអប់រំឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ ព្រមទាំង សីលធម៌ គុណភាព និង មនសិការស្នេហាជាតិ ជាពិសេស ការបណ្តុះបណ្តាលជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ការតម្រង់ទិសសម្រាប់ទីផ្សារការងារ និងការពង្រឹងជំនាញបច្ចេកទេសដល់យុវជន សំដៅធានាថា “យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែល្អប្រសើ​រ និងរួមចំណែកក្នុងកាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ជាមួយនេះ ការងារអភិវឌ្ឍធនធានមនុស្សកម្ពុជា ពិតជាមានមោទនភាពខ្ពស់ នៅពេលដែលវិស័យអប់រំរបស់ខ្លួន ទទួលបាននូវការរីកចម្រើន ទាំងបរិមាណ និងគុណភាព ព្រោះអនាគតរបស់ប្រទេសជាតិ គឺភ្ជាប់ជាមួយអនាគតរបស់យុវជន។

ដើម្បីចូលរួមជំរុញការអនុវត្តគោលការណ៍ “អ្នកចេះគឺជាប់” និង ការបង្កើនបរិមាណសិស្សជាប់និទ្ទេសA សម្តេចបានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃក្រសួងអប់រំ យុវជន និង កីឡា ដើម្បីចូលរួមអនុវត្តបន្ត រួមមាន៖ ទី១. ត្រូវបង្កើនលទ្ធភាព តាមគ្រប់រូបភាព ដើម្បីបណ្តុះបណ្តាលសិស្សពូកែ រាប់ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និង រៀបចំឱ្យមានការគាំទ្រ ចំពោះមុខដល់សិស្សរៀនពូកែដែលកំពុងជួបបញ្ហា ទាំងក្នុងការរស់នៅ និង ការរៀនសូត្រ។

ទី២. ត្រូវផ្តល់នូវការតម្រង់ទិសសិក្សា ដើម្បីឱ្យសិស្សពូកែរបស់យើងឈានចូល និងបន្តការសិក្សានៅកម្រិតបន្តបន្ទាប់ នៅតាមបណ្តាគ្រឹះស្ថានឧត្តមសិក្សា ឈានមុខនៅលើសកលលោក ដែលនឹងក្លាយជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា។

ទី៣. ត្រូវរៀបចំចងក្រងនូវបទពិសោធរបស់ក្មួយៗ ដែលជាសិស្សពូកែ អំពីវិធីសាស្រ្តក្នុងការរៀនសូត្រឱ្យក្លាយជាសិស្សពូកែ ដើម្បីចែករំលែកដល់ក្មួយៗ សិស្សានុសិស្សដទៃទៀត។ ទី៤. ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ជាពិសេស សិស្សនារី និង សិស្សក្នុងគ្រួសារក្រីក្រ និង ធានាប្រសិទ្ធភាព និង ទី៥. ត្រូវបន្តអនុវត្តឱ្យកាន់តែសកម្ម នូវគោលនយោបាយអភិវឌ្ឍវិស័យអ​ប់​រំ ដើម្បីធានាថា ការអប់រំមានគុណភាព ប្រកបដោយបរិយាប័ន្ន និង លើកកម្ពស់ឱកាស ក្នុងការសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា៕

ក្រុមមន្រ្តីចុះពិនិត្យវឌ្ឍនភាពការសាងសង់ស្ពានធំមួយនៅ ផ្លូវជាតិលេខ២៦០អា

ដោយៈ ម៉ាណា

    កំពង់ចាមៈ  លោកយិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការងារស្ថាបនាស្ពានស្ទឹងឆ្វេង(ក្នុងដំណាក់កាលទី២) ប្រវែង៨៤ម៉ែត្រ ទទឹង១០ម៉ែត្រ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម។

ស្ពាននេះ ស្ថិតនៅលើកំណាត់ផ្លូវខេត្តលេខ២៦០អា ស្ថិតក្នុងឃុំច្បារអំពៅ ស្រុកបាធាយ និងឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ដែលអនុវត្តការងារដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម។

ក្នុងដំណើរបំពេញបេសកកម្មនេះ ក៏មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង ដែលទទួលបន្ទុកបច្ចេកទេស សមាជិក-សមាជិកាគម្រោង អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធមួយចំនួនផងដែរ។

ការចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីចុះពិនិត្យវឌ្ឍនភាពការងារនៅការដ្ឋាន និងប្រជុំពិភាក្សា ក៏ដូចជាណែនាំបន្ថែមលើការងារបច្ចេកទេសមួយចំនួន សំដៅពង្រឹងគុណភាពសំណង់ស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួង ដែលបានធ្វើបច្ចុប្បន្នភាពកន្លងមក និងពន្លឿនការងារស្របតាមផែនការដែលបានគ្រោងទុក៕

ក្រសួងដែនដីរៀបចំCambodia Livable Citiesក្រោមការគាំទ្រពីធនាគារពិភពលោក

ដោយៈ ម៉ាណា

    ភ្នំពេញៈ មន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានបើកកិច្ចប្រជុំជាមួយធនាគារពិភពលោក និងUN-Babitat ដើម្បីពិភាក្សាពីគម្រោងរៀបចំCambodia Livable Cities

កិច្ចប្រជុំនេះ ដឹកនាំដោយលោកបេងហុង សុជាតិ ខេមរ៉ូ និងលោកប្រាក់ អង្គារ៉ា បានដឹកនាំក្រុមការងារអគ្គនាយកដ្ឋាន ជួបប្រជុំជាមួយក្រុមការងារធនាគារពិភពលោក (WB) និង UN-Habitat ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពគម្រោង Cambodia Livable Cities ពាក់ព័ន្ធសន្ទស្សន៍សក្តានុពលសេដ្ឋកិច្ចកម្ពុជា (EPI) នៅទីក្រុង និងរបៀបវារៈវេទិកាទីក្រុង និងលំនៅឋានកម្ពុជាលើកទី៣។

អង្គប្រជុំបានឯកភាពលើបទបង្ហាញចំនួន២ ពាក់ព័ន្ធតួនាទីរដ្ឋបាលថ្នាក់ក្រោមជាតិ និងចរន្តថវិកាជាតិ សម្រាប់ការងាររៀបចំទីក្រុង និងលំនៅឋានតម្លៃសមរម្យ ខណៈធនាគារពិភពលោកនឹងគាំទ្រការសិក្សាទីតាំងគំរូចំនួន៣ទីតាំង ដើម្បីបង្ហាញគោលគំនិតការរៀបចំទីក្រុង និងលំនៅឋានតម្លៃសមរម្យ៕

ឯកអគ្គរដ្ឋទូតចិនជួបមន្រ្តីជាន់ខ្ពស់កម្ពុជាពិភាក្សាពីដោះស្រាយបញ្ហាដែលសហគ្រាសចិន កំពុងជួបប្រទះនៅកម្ពុជា

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោកវ៉ាង វិនប៊ីញបានជួបជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីថ្ងៃទី៩ កុម្ភៈកន្លងមកនេះ។

លោកឯកអគ្គរដ្ឋទូត បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួនថា មានក្តីរីករាយណាស់ ដែលបានប្រារព្ធកិច្ចប្រជុំលើកដំបូងនៃយន្តការសន្ទនាវិស័យសាធារណៈ-ឯកជនកម្ពុជា-ចិន ជាមួយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងអនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

លោកបន្តថា ភាគីទាំងពីរបានឯកភាពគ្នាថា នឹងប្រកាន់ឥរិយាបទជាក់ស្តែង ជំនាញ និងសហប្រតិបត្តិការ ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាដែលសហគ្រាសចិន កំពុងជួបប្រទះនៅកម្ពុជា ព្រមទាំងបង្កើតបរិយាកាសល្អប្រសើរ សម្រាប់សហគ្រាសចិននៅកម្ពុជា ដើម្បីពង្រីកការដាក់វិនិយោគទុន។

លោកវ៉ាង វិនប៊ីញបានបញ្ជាក់ថា “យើងមានទំនុកចិត្តយ៉ាងពេញលេញ លើអនាគតនៃប្រទេសកម្ពុជា និងអនាគតនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម កម្ពុជា-ចិន”៕