សម្តេចបវរធិបតី៖ យើងមិនអាចឲ្យការឈឺចាប់ព្រោះជម្លោះទឹកដីជាមួយថៃ ធ្វើឱ្យយើងដួលនោះឡើយ តែយើងត្រូវប្រែក្លាយការឈឺចាប់ទៅជាភាពរឹងមាំ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជូនសារនយោបាយដល់ជនរួមជាតិថា ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់ ប៉ុន្តែមិនអាចឱ្យការឈឺនេះធ្វើឱ្យយើងដួលនោះទេ។ យើងត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំ គ្មាននរណាអាចជួយយើងបាន ក្រៅពីយើងជាប្រជាជាតិខ្មែរនោះទេ។

ការថ្លែងបែបនេះរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។ ជំនួបធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។

សម្តេចបវធិបតី​ ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «រួមគ្នាក្នុងស្មារតីជាតិខ្មែរតែមួយ ពិតណាស់យើងឈឺ យើងអាចថាយើងរបួសខ្លះ ប៉ុន្តែ មិនអាចឱ្យការឈឺ ឬរបួសផ្លូវកាយ ផ្លូវចិត្តនេះធ្វើឱ្យយើងដួលនោះទេ យើងត្រូវរឹងមាំឡើង កាន់តែលំបាក កាន់តែឈឺ កាន់តែរឹងមាំឡើង ដើម្បីពង្រឹងជាតិខ្មែររបស់យើងទៅខាងមុខ ព្រោះអត់មានអ្នកណាពង្រឹងជាតិយើងទេ»។

បន្ថែមពីនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលឈឺចាប់នេះ យើងត្រូវធ្វើការងារពង្រឹងសមត្ថភាព ជាក់ស្តែងក្មួយៗដែលប្រលងជាប់និទ្ទេស A ព្រមទាំងក្មួយៗដែលមិនបាននិទ្ទេស A ក៏ដូចគ្នា។ មិនថាថ្នាក់ណានោះទេ ត្រូវខិតខំរៀនសូត្រ ដើម្បីអនាគតប្រទេសជាតិយើងទាំងអស់គ្នា។ ខ្មែរត្រូវខ្លាំងដោយសារជនជាតិខ្មែរត្រូវខ្លាំង សម្រាប់ប្រព័ន្ធអប់រំ នៅកម្ពុជា គឺក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំពង្រឹងសមត្ថភាព លោកគ្រូ អ្នកគ្រូ ដើម្បីជំរុញការអប់រំឱ្យកាន់តែប្រសើរនៅគ្រប់វិស័យទាំងអស់។

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត បានបន្តថា សម្តេចយល់ពីអារម្មណ៍របស់មន្ត្រីនៅតាមក្រសួង ស្ថាប័ន​ ពីព្រោះជាអារម្មណ៍ធម្មជាតិរបស់ប្រជាពលរដ្ឋខ្មែរ នៅពេលដែលប្រទេសជាតិ ប្រឈមនឹងសង្គ្រាម។ ពិសេសនៅពេលឃើញ ស្ថានភាពប្រែប្រួលនៅតាមព្រំដែន អាចមានអារម្មណ៍ថាបាក់ទឹកចិត្ត តែចំពោះបញ្ហានេះគឺមិនអាចនៅអញ្ចឹងនោះ​ទេ ពិតណាស់ចំពោះបែបនេះមាន ប៉ុន្តែ យើងត្រូវដើរទៅមុខ គ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវរស់រវើក ត្រូវរួមគ្នាពពង្រឹងក្រសួង ស្ថាប័នរបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ។

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យអាជ្ញារមូលដ្ឋានទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋ កសាងសមត្ថភាពរបស់យើងកាត់បន្ថយភាពអសកម្ម ឬមួយការងារចន្លោះប្រហោងណាមួយដើម្បីរួមគ្នាកសាង ប្រទេសជាតិរបស់យើង។ ដូច្នេះ នៅគ្រប់វិស័យទាំងអស់ ត្រូវដើរទៅមុខ កាន់តែលំបាក កាន់តែភ័យ កាន់តែប្រឹង ដើម្បីកសាងប្រទេជាតិយើងឱ្យកាន់តែរីកចម្រើន។

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ជំហររបស់រាជរដ្ឋាភិបាល គឺការខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ នៅលើបញ្ហាព្រំដែន គឺជាគោលការណ៍ដែលរាជរដ្ឋាភិបាល បានខិតខំដាក់ទិសដៅ ពីព្រោះមានតែវិធីសាស្ត្រដោះស្រាយបញ្ហាលើគោលការណ៍តែប៉ុណ្ណោះ ទើបអាចធានាបាននូវប្រសិទ្ធភាពដែលអាយូរអង្វែង។ លទ្ធផលអាចយឺត អាចលំបាកខ្លះ ប៉ុន្តែ យើងត្រូវប្រឈមដោះស្រាយទាំងអស់គ្នាហើយរកវិធីមួយ ដើម្បីដោះស្រាយបញ្ចប់ និងមិនឱ្យវាកើតឡើងវិញនៅថ្ងៃអនាគត ដើម្បីធានានូវភាពសុខក្សាន្តរបស់យើង កន្លែងដែលពីមុនជាសមរភូមិប្រយុទ្ធ ក្រោយមកប្រែក្លាយជាការអភិវឌ្ឍ ភ្ជាប់ទំនាក់ទំនងជាមួយប្រទេសជិតខាង ប៉ុន្តែ ជាអកុសល ក្នុងរយៈពេលខ្លីនេះ វាបានក្លាយទៅជាដែនសមរភូមិឡើងវិញ យើងសង្គមថា វានឹងបញ្ចប់ ប្រែក្លាយអភិវឌ្ឍន៍ រស់រវើកឡើងវិញ។

សម្តេចបវរធិបតិ ហ៊ុន ម៉ាណែត បានបន្ថែមថា៖ «យើងនឹងខិតខំដោះស្រាយបញ្ហាទឹកដីរបស់ ដោយផ្នែកលើច្បាប់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើងទៅតាមលទ្ធភាព និងបច្ចេកទេស ដូចនឹងជំហរដែលខ្ញុំបានបញ្ជាក់ការពីមុន សូមបងប្អូនឈឺទុកចិត្ត និងយោគយល់ ដូចអ្វីដែលបងប្អូនចង់បាននោះទេ»

ក្រុមហ៊ុនOCICបោះទុនវិនិតយោគរាប់លានដុល្លារសាងសង់សាលាអន្តរជាតិមួយនៅទីក្រុងនរា

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC) បានប្រកាសបើកដំណើរការសាលាអន្តរជាតិនរា (NIS) ដែលជាសាលាអន្តរជាតិថ្មីមួយ ដែលនឹងស្វាគមន៍សិស្សដំបូងរបស់ខ្លួននៅខែសីហា ឆ្នាំ២០២៦ មុនពេលបើកសាខាថ្មីរបស់ខ្លួននៅក្នុងកោះនរា ក្នុងឆ្នាំ២០២៧។

យោងតាមព័ត៌មានបានបង្ហាញថា សាលាអន្តរជាតិនរាមិនត្រឹមតែផ្ដោតលើការផ្ដល់កម្មវិធីសិក្សា ជាលក្ខណៈអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្ដល់ជូនសិស្សានុសិស្សរបស់យើង នូវឱកាសដើម្បីបន្តការសិក្សាតាមប្រព័ន្ធអប់រំភាសាខ្មែរ សម្រាប់ត្រៀមការប្រឡងថ្នាក់ជាតិ។ សាលាក៏នឹងផ្ដល់នូវបរិយាកាសសិក្សាបែបទំនើប រួមជាមួយឱកាសសម្រាប់ការហាត់កីឡា តន្ត្រី ល្ខោន និងភាសានានាលើពិភពលោក គាំទ្រដល់បទពិសោធន៍សិក្សាដែលមានលក្ខណៈទូលំទូលាយ។

ការអភិវឌ្ឍនៃបរិវេណទីក្រុងនរាថ្មីៗនេះ បានឈានដល់ចំណុចសំខាន់ ជាមួយនឹងពិធីបើកពិធីបញ្ចុះបឋមសិលា នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីក្រុងនរា ដែលជាការចាប់ផ្តើមនៃការដ្ឋាន សាងសង់ផ្លូវការ។

លោកលឹម គានអានអ្នកគ្រប់គ្រងទីក្រុងនរាបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា សាលាអន្តរជាតិនេះ គ្រោងនឹងបើកនៅឆមាសទី២ ឆ្នាំ២០២៧ បរិវេណសាលាអន្តរជាតិនរា ទំហំ២ហិកតា ត្រូវបានរចនាឡើង ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សិស្សគ្រប់ផ្នែក នៅក្នុងបរិយាកាសមាត់ទន្លេ ដែលមានសុវត្ថិភាព និងភាពស្ងប់ស្ងាត់។

បរិវេណសាលានឹងផ្តោត ការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើកីឡា និងសិល្បៈ ជាមួយនឹងកន្លែងលេងកីឡាដ៏ទូលំទូលាយ រួមជាមួយនឹងកន្លែងកម្សាន្ត ច្នៃប្រឌិត និងសម្តែង។

ដើម្បីចាប់ផ្តើមបម្រើដល់ក្រុមគ្រួសារ យ៉ាងឆាប់រហ័ស សាលាអន្តរជាតិនរា​​​ (NIS) នឹងទទួលសិស្សជំនាន់ដំបូង តាមរយៈការបើកដំណើរការសាកល្បង (soft launch) នៅ​ អេលីហ្សេ (កោះពេជ្រ) នៅខែសីហា ឆ្នាំ២០២៦ ចាប់ផ្តើមពីថ្នាក់ទី១ ទៅទី៥ ដើម្បីជាការរៀបចំសម្រាប់ការបើកដំណើរការជាផ្លូវការ របស់សាលាអន្តរជាតិនរានៅពេលបន្ទាប់។

លោកស្រី Shailani Borges នាយិកាសាលាអន្តរជាតិនរា​​ ក្នុងពិធីបើកការសាងសង់ បានមានប្រសាសន៍ថា “សាលាអន្តរជាតិនរា ត្រូវបានសាងសង់ឡើង ដោយមានភាពជឿជាក់ថា ការអប់រំបែបអន្តរជាតិ និងរួមបញ្ចូលនូវប្រព័ន្ធសិក្សាអប់រំខ្មែរ អាចរីកចម្រើនរួមគ្នា បង្កើ​តបរិយាកាស ប្រកបដោយបរិយាបន្ន ដែលកុមារគ្រប់រូបទទួលបានការថែរក្សា មានឱកាសច្នៃប្រឌិត និងទទួលបានភាពជោគជ័យ” ។

ការបើកការដ្ឋានសាងសង់សាលានេះ ធ្វើឡើងក្រោមអធិបតីភាពលោកស្រីបណ្ឌិត លឹម លីណា សាលាអន្តរជាតិនរា ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន OCIC ដែលមានវត្តមានក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

ជាក្រុមហ៊ុនស្ថិតនៅពីក្រោយស្ថាប័នមួយចំនួន រួមមាន សាលាអន្តរជាតិកាណាដាភ្នំពេញ (CIS), សាលាបារាំងអន្តរជាតិភ្នំពេញ​ (EFI) សាលា Aspen Learning Academy និងសាកលវិទ្យាល័យCamTech។ សាលា​អន្តរជាតិនរា កំពុងត្រូវបានអភិវឌ្ឍដោយការសហការជាមួយក្រុមហ៊ុនដៃគូក្នុងស្រុក និងអន្តរជាតិរបស់ក្រុមហ៊ុន OCIC ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះវិស័យអប់រំ ដែលជាសមាសធាតុសំខាន់នៃការអភិវឌ្ឍជាតិ។

ជាមួយនឹងការសម្ពោធសាលាអន្តរជាតិនរា​ ក្រុមហ៊ុន OCIC បន្តបញ្ចូលការអប់រំ ទៅក្នុងចក្ខុវិស័យសហគមន៍ ដ៏ទូលំទូលាយរបស់ខ្លួន ដោយផ្ដលនូវកន្លែង ដែលគ្រួសារអាចរស់នៅ រៀនសូត្រ និងរីកចម្រើន៕

សម្ដេចធិបតីសុំការយោគយល់ដែលរដ្ឋាភិបាលមិនអាចបង្ហាញវិធីសាសត្រដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បានសុំការយោគយល់ដល់ប្រជាពលរដ្ឋ ដែលរាជរដ្ឋាភិបាល ​មិន​អាច​បង្ហាញពីវិធីសាស្ត្រ ដោះស្រាយបញ្ហាជម្លោះទឹកដី ជាមួយថៃ តែរាជរដ្ឋាភិបាល បាននិងកំពុងប្រឹងប្រែងដោះស្រាយ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡង​សញ្ញា​បត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែន ខ្ញុំជឿថា មានទស្សនៈខុសគ្នា វិធីសាស្ដ្រខុសគ្នា ការយល់ឃើញខុសគ្នា […] ប៉ុន្ដែអ្វីដែលខ្ញុំចង់បញ្ជាក់ គឺរាជរដ្ឋាភិបាលនៅបន្ដ នឹងខិតខំដោះស្រាយការងារនេះ ទោះបីជាពេលខ្លះ យើងមិនបានផ្សព្វផ្សាយ ចឹងខ្ញុំសូមការយោគយល់»

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១០នាទី ប្រជាពលរដ្ឋលើបណ្តាញសង្គម អាចបង្ហាញអារម្មណ៍ច្រើនយ៉ាង។ តែសម្រាប់រាជរដ្ឋាភិបាល រាល់ការសម្រេចចិត្ត គឺប្រកបដោយការថ្លឹងថ្លែង និងគិតគូរខ្ពស់ និងគ្រប់ជ្រុងជ្រោយទាំងទឹកដី ប្រជាពលរដ្ឋ និងកងកម្លាំង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្លោះទឹកដីជាមួយថៃ គឺពិតជាឈឺចាប់ ប៉ុន្តែមិនអាចឱ្យការឈឺនេះ ធ្វើឱ្យយើងដួលនោះទេ។ ត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាភាពរឹងមាំ គ្មាននរណាអាចជួយយើងបាន ក្រៅពីយើងជាប្រជាជាតិខ្មែរនោះទេ។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ព្រំដែនកម្ពុជា-ថៃ ជាព្រំដែនអន្តរជាតិ រវាងរដ្ឋ និងរដ្ឋ ដែលមានចែងក្នុងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ រាជរដ្ឋាភិបាល ប្តេជ្ញាការពារបូរណភាពទឹកដី ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ដោយផ្អែកលើច្បាប់អន្តរជាតិ មិនទទួលស្គាល់ដាច់ខាតការគ្រប់គ្រងទឹកដីដោយប្រើកម្លាំង។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាល់វិធីសាស្ត្រទាំងឡាយ ដែលបញ្ជាក់អំពីអធិបតេយ្យភាព និងបូរណភាពទឹកដី ដោយមិនបង្កការខ្ទេចខ្ទាំ និងការឈឺចាប់ដល់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលនឹងជ្រើស យកវិធីសាស្ត្រនោះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណដល់វីរយុទ្ធជនទាំងអស់ ដែលបានប្រឹងប្រែងការពារជាតិទឹកដី ប្រកបដោយភាពអង់អាចក្លាហាន និងថ្លែងអំណរគុណ ដល់ទឹកចិត្តប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានរួបរួមសាមគ្គីគ្នា ជួយដល់ជាតិក្នុងពេលមានសង្គ្រាមឈ្លានពាន បង្ហាញឱ្យឃើញនូវស្មារតីសាមគ្គីដ៏ខ្លាំងក្លា៕

 

កម្ពុជា និងភាគីជប៉ុនបង្ហាញរបាយការណ៍បឋមលើការកែលំអរនិងធ្វើឲ្យប្រសើរឡើងផ្លូវដែកនៅកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោកជំទាវកុយ សុដានី បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍បឋម នៃការសិក្សាស្រាវជ្រាវពាក់ព័ន្ធ នឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា។

កិច្ចប្រជុំពិភាក្សាដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីប្រជុំពិភាក្សា និងពិនិត្យលើរបាយការណ៍បឋម នៃការសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) គណៈប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) តំណាងក្រុមហ៊ុន Nippon Koei, JR West, JR-Freight, KRC, KYOSAN និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីជួបប្រជុំពិនិត្យពិភាក្សាកម្រិតថ្នាក់ដឹកនាំ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និង តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) និងអ្នកជំនាញដែលពាក់ព័ន្ធ លើរបាយការណ៍បឋមនៃការសិក្សាស្រាវជ្រាវ ពាក់ព័ន្ធនឹងការកែលម្អ និងធ្វើឱ្យប្រសើរឡើងនៃវិស័យផ្លូវដែកនៅកម្ពុជា និងប្រមូលនូវធាតុចូលបន្ថែម ធ្វើយ៉ាងណាធានាឱ្យបានថា “កិច្ចការនេះ មានភាពច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ មុនចេញរបាយការណ៍ផ្លូវការចុងក្រោយ”។

បន្ថែមពីលើនេះ លោកជំទាវ និងលោកសហប្រធានអង្គប្រជុំ ក៏បានថ្លែងអំណរគុណ ដល់តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន (MLIT) និងអ្នកជំនាញមកពី JICA ដែលបានចូលរួមសហការក្នុងការជំរុញ និងការស្វះស្វែងយ៉ាងយកចិត្តទុកដាក់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារនេះ សម្រេចបានជាលទ្ធផលល្អ និងបន្តកិច្ចសហការជាមួយក្រុមការងារ ទាំងអស់បន្ថែមទៀត ដើម្បីជំរុញឱ្យការសិក្សាស្រាវជ្រាវ ទទួលបានជោគជ័យ សំដៅលើកកម្ពស់ការកែលម្អ និងធ្វើឱ្យប្រសើរឡើងវិញវិស័យផ្លូវដែក នៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនថែមទៀត៕

តើអ្នកជំនាញឯកជនលើកឡើងដូចម្តេចពីផលប្រយោជន៍នៃការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរណ៍ចិនរបស់កម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា(CATA) បានហៅគោលនយោបាយសម្រេចចិត្ត លើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរណ៍ចិនថាជា “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ”។

លោកស្រីបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា ប្រទេសចិននៅតែជាទីផ្សារប្រភពទេសចរណ៍ កំពូលលេខរៀងទីបីរបស់ប្រទេសកម្ពុជា ហើយគំនិតផ្តួចផ្តើមសាកល្បងថ្មីនេះ គឺជាការឆ្លើយតបដោយផ្ទាល់ចំពោះការថយចុះនៃការមកដល់នៅចុងឆ្នាំ២០២៥។

លោកស្រីបានបន្តថា ការលុបបំបាត់ថ្លៃទិដ្ឋាការ រួមផ្សំជាមួយនឹងការចូលប្រើប្រាស់ដែលសម្រួល តាមរយៈកាតE-Arrival ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យមានការងើបឡើងវិញ នៃចំនួនអ្នកទស្សនា ខណៈដែលពង្រឹងទំនុកចិត្តរបស់វិនិយោគិន។

លោកស្រីឆាយ ស៊ីវលីនបានកត់សម្គាល់ថា “នេះមិនត្រឹមតែការងើបឡើងវិញនៃវិស័យទេសចរណ៍ប៉ុណ្ណោះទេ។ ការធ្វើឱ្យការចូលប្រើប្រាស់មានភាពសាមញ្ញ បង្កើនល្បឿនការសម្រេចចិត្ត សម្រាប់វិនិយោ​គិននៅបរទេស ជាពិសេសអ្នកដែលធ្វើប្រតិបត្តិការ តាមបណ្តោយច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្មចិន-កម្ពុជា។ នៅពេលដែលការចូលប្រើប្រាស់កាន់តែងាយស្រួល ទំនុកចិត្តនឹងមកតាមនោះដែរ”។

ខណៈដែលកម្មវិធីសាកល្បង រយៈពេលបួនខែនេះ ផ្តោតលើទីផ្សារចិនក្នុងរដូវទេសចរណ៍រដូវក្តៅ លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជាមិនកំពុងប្រើយុទ្ធសាស្ត្រទីផ្សារតែមួយនោះទេ។

ផ្ទុយទៅវិញ កម្មវិធីនេះកំពុងត្រូវបានប្រើប្រាស់ ជាករណីសាកល្បង ដើម្បីវាយតម្លៃកំណែទម្រង់ គោលនយោបាយកាន់តែទូលំទូលាយ។ ប្រសិនបើទទួលបានជោគជ័យ ការលើកលែងថ្លៃសេវា និងវិធានការសម្របសម្រួលស្រដៀងគ្នានេះ អាចត្រូវបានអនុវត្តជាដំណាក់កាលទៅកាន់ទីផ្សារ ដែលមានតម្លៃខ្ពស់ផ្សេងទៀត រួមទាំងប្រទេសជប៉ុន អឺរ៉ុប និងប្រទេសលោកខាងលិច ដែលពង្រឹងបន្ថែមទៀតនូវភាពប្រកួតប្រជែងទូទាំងពិភពលោករបស់កម្ពុជា។

លោកស្រីបានបន្តថា ការបន្ធូរបន្ថយតម្រូវការចូលតែមួយមុខនឹងមិនគ្រប់គ្រាន់ ដើម្បីរក្សាកំណើនរយៈពេលវែងនោះទេ។

លោកស្រីបានបញ្ជាក់ថា “ការលើកលែងថ្លៃសេវា គឺជាជំហានដំបូងដ៏សំខាន់ ប៉ុន្តែវាត្រូវតែផ្គូផ្គងជាមួយ នឹងគុណភាពផលិតផល និងការធ្វើពិពិធកម្មបទពិសោធន៍”។ លោកស្រីបន្ថែមថា “អ្នកធ្វើដំនើរសម័យទំនើប កាន់តែមានគុណតម្លៃ មានស្មារតីបរិស្ថាន និងផ្តោតលើបទពិសោធន៍ ដែលទាមទារឱ្យគោលដៅ ទេសចរណ៍វិវត្តជាបន្តបន្ទាប់”។

ក្នុងន័យនេះ លោកស្រីបានមានប្រសាសន៍ថា CATA កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ដើម្បីតម្រឹមផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រឆ្នាំ ២០២៦ របស់ខ្លួនជាមួយនឹងផែនការ សកម្មភាពរដូវកាលបៃតង។

លោកស្រីបានបន្ថែមថា គោលដៅគឺដើម្បីផ្លាស់ប្តូរលើសពីកំណើនផ្អែកលើបរិមាណ និងផ្តល់ជូនទេសចរណ៍ ដែលមានគុណភាពខ្ពស់ពេញមួយឆ្នាំ ដែលទាក់ទាញទស្សនិកជនសកលលោក កាន់តែទូលំទូលាយ។

លោកស្រីបន្តថា “កម្ពុជាមានឱកាសកំណត់ឡើងវិញ នូវវិស័យទេសចរណ៍របស់ខ្លួន ដែលមិនត្រឹមតែដើម្បីងើបឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីប្រកួតប្រជែង ក្នុងកម្រិតខ្ពស់ជាងនេះទៀត”។

លោក Arnaud Darc អនុប្រធានសភាពាណិជ្ជកម្មអន្តរជាតិ (IBC) ប្រចាំកម្ពុជា និងជានាយកប្រតិបត្តិនៃ Thalias Hospitality បានមានប្រសាសន៍ផងដែរថា ការលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរចិន គឺជាចំណាត់ការ “ត្រឹមត្រូវ និងជាក់ស្តែង” នៅពេលដែលការប្រកួតប្រជែង សម្រាប់ការងើបឡើងវិញ នៃវិស័យទេសចរណ៍ក្នុងតំបន់កំពុងកើនឡើង។

លោកបានកត់សម្គាល់ថា ជនជាតិចិននៅតែជាទីផ្សារទេសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក ហើយតម្រូវការទិដ្ឋាការគឺជាការរារាំងដែលបង្ហាញឱ្យឃើញ ជាពិសេសសម្រាប់ការធ្វើដំណើរចម្ងាយខ្លី និងការធ្វើដំណើរជាក្រុម។ ការលុបបំបាត់ឧបសគ្គទាំងនោះ អាចជួយស្តារបរិមាណទេសចរណ៍ឡើងវិញ នៅក្នុងផ្នែកសំខាន់ៗ ដោយផ្តល់ថាការតភ្ជាប់ផ្លូវអាកាស និងការត្រៀមខ្លួន សម្រាប់គោលដៅទេសចរណ៍នៅតែដំណើរការ។

ប៉ុន្តែលោកបានព្រមានកុំឱ្យមើលឃើញ កំណើនបរិមាណទេស​ចរណ៍ជាគោលដៅសំខាន់។ បញ្ហាប្រឈមស្នូលរបស់វិស័យទេសចរណ៍កម្ពុជានាពេលបច្ចុប្បន្ននេះ មិនត្រឹមតែស្ថិតនៅក្នុងចំនួនអ្នកមកដល់ប៉ុណ្ណោះទេ ប៉ុន្តែស្ថិតនៅក្នុងការបង្កើតតម្លៃ រយៈពេលស្នាក់នៅ ការចំណាយជាមធ្យម និងការផ្សព្វផ្សាយភូមិសាស្ត្រ ហួសពីគោលដៅទេសចរណ៍ចម្បង។

លោកបញ្ជាក់ថា “ការសម្របសម្រួលទិដ្ឋាការ គួរតែត្រូវបានគេមើលឃើញថាជាឧបករណ៍ ដែលអាចឱ្យដំណើរការបាន មិនមែនជាយុទ្ធសាស្ត្រចម្បងនោះទេ”។

ចំពោះថាតើករណីនេះ គួរតែត្រូវបានពង្រីកដល់ជនជាតិនៃប្រទេ​សដទៃទៀតឬអត់ លោក Arnaud បានមានប្រសាសន៍ថា វាអាចទៅរួច ប៉ុន្តែជាមួយនឹងវិធីសាស្រ្តជ្រើសរើស និងយុទ្ធសាស្ត្រ។ ទីផ្សារដូចជាប្រទេសជប៉ុន សហភាពអឺរ៉ុប ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក អាចបង្កើតការមកដល់តិចជាងមុន ប៉ុន្តែជាធម្មតាពួកគេផ្តល់នូវការចំណាយក្នុងមនុស្សម្នាក់ខ្ពស់ជាង ការស្នាក់នៅយូរជាង និងអត្ថប្រយោ​ជន៍កាន់តែខ្លាំងសម្រាប់វប្បធម៌ ម្ហូបអាហារ និងគោលដៅបន្ទាប់បន្សំ។

លោកបានអះអាងថា “កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយទិដ្ឋាការ ដែលមានលក្ខណៈខុសប្លែកគ្នា ដែលត្រូវបានរៀបចំឡើង សម្រាប់ឥរិយាបថធ្វើដំណើរផ្សេងៗគ្នា”។ លោកបន្តថា “ទីផ្សារដែលមានបរិមាណខ្ពស់ដូចជាប្រទេសចិន ឆ្លើយតបបានល្អបំផុតចំពោះល្បឿន និងភាពសាមញ្ញ ខណៈដែលទីផ្សារដែលមានតម្លៃខ្ពស់ផ្តល់សារៈសំខាន់ កាន់តែខ្លាំងលើការព្យាករណ៍ ជម្រើសចូលច្រើន និងប្រាក់ស្នាក់នៅយូរជាងនេះ”។

លោកបន្តទៀតថា “អ្វីដែលសំខាន់បំផុតគឺភាពស៊ីសង្វាក់គ្នា” ដោយបន្ថែមថា “គោលនយោបាយទិដ្ឋាការ គួរតែស្របនឹងប្រភេទទេសចរណ៍ ដែលប្រទេសកម្ពុជាចង់អោយរីកចម្រើន មិនមែនគ្រាន់តែជាតួលេខមកដល់សំខាន់ៗនោះទេ”។

ជាមួយគ្នានេះ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ចិន បានពិពណ៌នាអំពីការសម្រេចចិត្ត របស់រដ្ឋាភិបាលថាជាជំហានទៅមុខគួរឱ្យកត់សម្គាល់។

លោកបន្តថា “ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកលែងទិដ្ឋាការ ដល់អ្នកធ្វើដំណើរជនជាតិចិន នឹងទាក់ទាញភ្ញៀវទេសចរចិន កាន់តែច្រើនមកកាន់ប្រទេសកម្ពុជា និងជំរុញសេដ្ឋកិច្ច”។លោកបន្តថា “រដ្ឋាភិបាលអាចវាយតម្លៃ និងពិនិត្យមើលជម្រើសដែលអាចធ្វើទៅបានផ្សេងៗ បន្ទាប់ពីរយៈពេលសាកល្បងរយៈពេលបួនខែ ហើយប្រសិនបើរកឃើញថាមានលទ្ធផលល្អ អាចពង្រីកភាពងាយស្រួលនេះដល់ជនជាតិ នៃប្រទេសដទៃទៀត ដូចជាជប៉ុន អឺរ៉ុប សហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស ដោយផ្អែកលើមតិ និងលទ្ធផលជាក់ស្តែង”។

លោកបន្តថា នេះក៏នឹងធ្វើឡើង ដោយផ្អែកលើការពិគ្រោះយោ​បល់ជាមួយក្រុមហ៊ុនឯកជនសំខាន់ៗ ដែលកំពុងប្រតិបត្តិការក្នុងឧស្សាហកម្មទេសចរណ៍ និងមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធផងដែរ”។

ចំណែកលោក Babulal Parihar ប្រធានសភាពាណិជ្ជកម្មឥណ្ឌានៅកម្ពុជា (IBCC) ខណៈដែលស្វាគមន៍ចំពោះ ចំណាត់ការនេះ បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ពង្រីកភាពងាយស្រួលនេះដល់ពលរដ្ឋឥណ្ឌាផងដែរ។

លោកបន្តថា “មានការចាប់អារម្មណ៍ឡើងវិញ ក្នុងចំណោមអ្នកធ្វើដំណើរជនជាតិឥណ្ឌា ក្នុងការមកទស្សនាកម្ពុជាក្នុងពេលថ្មីៗនេះ ជាពិសេសចាប់តាំង ពីការបើកដំណើរការជើងហោះហើរត្រង់ពីរ ដែលភ្ជាប់ទីក្រុងញូវដេលី និងទីក្រុងកូលកាតា ជាមួយទីក្រុងភ្នំពេញ និងទីក្រុងសៀមរាបរៀងៗ”។

ការស្រាវជ្រាវបង្ហាញថា តម្រូវការទិដ្ឋាការកាត់បន្ថយលំហូរទេស​ចរណ៍ប្រហែល២០ភាគរយ មានន័យថាទិដ្ឋាការងាយស្រួល ឬត្រូវបានលើកលែង ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន។

ការងារសិក្សាក៏បញ្ជាក់ផងដែរថា ប្រទេសដែលលើកលែងទិដ្ឋាកា​រកាន់តែច្រើន ឃើញភ្ញៀវទេសចរចូលមកកាន់តែច្រើន ពីព្រោះឧប​សគ្គទិដ្ឋាការ (ការដាក់ពាក្យសុំ ថ្លៃសេវា ថ្លៃពេលវេលា) រារាំងភ្ញៀវទេសចរសក្តានុពលជាច្រើន។

គម្រោងស្រាវជ្រាវដោយអង្គការទេសចរណ៍ ពិភពលោករបស់អង្គការសហប្រជាជាតិ (UNWTO) ក៏បានរកឃើញផងដែរថា គោលនយោបាយសម្រួ លទិដ្ឋាការអាចជំរុញការមកដល់អន្តរជាតិពី៥ ភាគរយទៅ២៥ភា​គរយ ក្នុងករណីជាច្រើន អាស្រ័យលើទីផ្សារ និងការរៀបចំជាក់ស្តែង៕

តើការវិនិយោគលើមាសសម្រាប់ផលចំណេញនាពេលអនាគត នៅតែល្អឬទេ?

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ ជាការពិនិត្យមើលដោយស្មោះត្រង់ និងគ្មានការសង្ស័យថា តើការទិញមាសដើម្បីរកប្រាក់ចំណេញ នាពេលអនាគតជាគំនិតល្អឬអត់? នៅតែជាសំណួរមួយ ដែលទាមទារឲ្យមានការវិភាគយ៉ាងប្រុងប្រយ័ត្ន។

វាផ្សារភ្ជាប់ជាមួយនឹងហានិភ័យ និងរង្វាន់ពិតប្រាកដដែលបានកំណត់ ដូច្នេះអ្នកអាចសម្រេចចិត្តដោយខ្លួនឯង។

ហេតុអ្វីបានជាមនុស្សមួយចំនួនទិញមាស?

  • ការការពារអតិផរណា និងការរក្សាទុកតម្លៃ

មាសមានទំនោររក្សាអំណាចទិញរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ហើយជារឿយៗកើនឡើង នៅពេលដែលប្រាក់បាត់បង់តម្លៃ។ នោះហើយជាមូលហេតុ ដែលមនុស្សជាច្រើនទិញវាដើម្បីការពារទ្រព្យសម្បត្តិ។

  • ទីជម្រកសុវត្ថិភាពក្នុងភាពចលាចល

ក្នុងអំឡុងពេលមានហានិភ័យសេដ្ឋកិច្ច ឬភូមិសាស្ត្រនយោបាយធំៗ តម្លៃមាសច្រើនតែកើនឡើង នៅពេលដែលមនុស្សស្វែងរកសុវត្ថិភាព។

  • ការធ្វើពិពិធកម្មផលប័ត្រ

ដោយសារតែមាស មិនតែងតែផ្លាស់ប្តូរជាមួយភាគហ៊ុន/មូលបត្របំណុលទេ វាអាចកាត់បន្ថយហានិភ័យរួម។

វិនិយោគិនល្បីៗមួយចំនួន នៅតែនិយាយគាំទ្រមាសសម្រាប់ហេតុផលទាំងនេះ ជាពិសេសក្នុងអំឡុងពេលមានភាព មិនប្រាកដប្រជា។

ហេតុអ្វីបានជាវាអាចមិនមែនជាការលេងប្រាក់ចំណេញល្អ?

  • គ្មានប្រាក់ចំណូល ឬភាគលាភ

មាសមិនបង់អ្វីទាំងអស់ អ្នកទទួលបានប្រាក់ចំណេញលុះត្រាតែតម្លៃកើនឡើង។

  • តម្លៃប្រែប្រួល

ទោះបីជានិន្នាការរយៈពេលវែង អាចកើនឡើងក៏ដោយ តម្លៃអាចប្រែប្រួលយ៉ាងខ្លាំងក្នុងរយៈពេលខ្លី។

  • ការចំណាយមានសារៈសំខាន

មាសរូបវន្តត្រូវការការផ្ទុក ការធានារ៉ាប់រង និងជារឿយៗថ្លៃសេវារបស់អ្នកចែកចាយ ថ្លៃទាំងនោះប៉ះពាល់ដល់ប្រាក់ចំណេញ។ មាសច្រើនតែមានដំណើរការមិនល្អ លើភាគហ៊ុនក្នុងរយៈពេលយូរ មានន័យថាអ្នកអាចរកប្រាក់ចំណេញតិច ជាងប្រសិនបើអ្នកបានវិនិយោគលើភាគហ៊ុន ឬទ្រព្យសកម្មកំណើនផ្សេងទៀត។

  • ការរំពឹងទុកទំនិញ

អ្នកជំនាញខ្លះនិយាយថា ទំនិញដូចជាមាសមិនមែនជា “ការវិនិយោគ” ពិតប្រាកដដូចភាគហ៊ុននោះទេ វាជាការភ្នាល់ថានរណាម្នាក់នឹងចំណាយច្រើនជាងនេះនៅពេលក្រោយ។

អ្វីដែលទាំងអស់នេះមានន័យពិតប្រាកដ

មាសអាចការពារតម្លៃ នៅពេលដែលទីផ្សារធ្លាក់ចុះ ឬអតិផរណាកើនឡើង។ ប៉ុន្តែមាសតែម្នាក់ឯង ទំនងជាមិនមែនជាអ្នករកប្រាក់ចំណេញដ៏ល្អបំផុតរបស់អ្នកទេ បើប្រៀបធៀបទៅនឹងភាគហ៊ុន មូលបត្របំណុល ឬអាជីវកម្មអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

អ្នកប្រឹក្សាភាគច្រើនមិនណែនាំ ឱ្យវិនិយោគទាំងអស់នោះទេ ជាធម្មតាគ្រាន់តែជាផ្នែកតូចមួយ នៃផលប័ត្រដែលមានតុល្យភាព (ឧទា​ហរណ៍ 3–6%)៕

ប្រធានសភាពាណិជ្ជកម្មជម្រុញជើងហោះហើរត្រង់ពីអារ៉ាប៊ី អាសាអូឌីតមកកាន់កម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ាគិត ម៉េងបានជម្រុញសមភាគីអារាប៊ីសាអូឌីត ផ្តោតលើការតភ្ជាប់ជើងហោះហើរត្រង់់មកកាន់កម្ពុជា ដើម្បីលើកកំពស់ពាណិជ្ជកម្ម​ ការវិនិយោគ និងទេសចរណ៍។

ព័ត៌មាននេះ ត្រូវបានលើកឡើង នៅពេលអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកWaleed Nasser Alsheri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ដែលបានដឹកនាំគណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា។

ជំនួបពិភាក្សាការងារនេះក៏មានការ អញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ ពី លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងថា្នក់ដឹកនាំជាន់ខ្ពស់នៃក្រសួងទេសចរណ៍។

អ្នកឧកញ៉ា បានបង្ហាញនូវសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្នគឺជាកាលានុវត្តដ៏សមស្រប សម្រាប់ជម្រុញកិច្ចសហប្រត្តិបការធុរកិច្ច នៃប្រទេសទាំងពីរ។ ក្នុងន័យនេះ អ្នកឧកញ៉ា ជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដើម្បីជម្រុញពាណិជ្ជកម្ម ការវិនិយោគទ្វេភាគី និងពង្រឹងភាពជាដៃគូយូរអង្វែង ដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ជាការឆ្លើយតប លោកWaleed Nasser Alsheri បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះ លោកហួត ហាក់ និង អ្នកឧកញ៉ា គិត ម៉េង ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ បានចូលជួបពិភាក្សាការងារនាពេលនេះ។

លោកបានកត់សម្គាល់ពីភាពរីកចម្រើន នៃវិស័យពាណិជ្ជកម្មនិងសេដ្ឋកិច្ចរបស់កម្ពុជា ព្រមទាំងជម្រាបជូនអំពីគម្រោងវិនិយោគ និងការពង្រីកវិសាលភាពពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា នៃសភាពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

លោកក៏បានយល់ស្រប ពីការជម្រុញហោះហើរត្រង់រវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត នឹងជួយជម្រុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគនៃប្រទេសទាំងពីរ។

លោកក៏បានលើកឡើងថា កិច្ចពិភាក្សាការងារនាថ្ងៃនេះ គឺជាចំនុចចាប់ផ្តើមនៃ កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងវិស័យឯកជននៃប្រទេសទាំងពីរ។

នាឱកាសនោះផងដែរ លោកហួត ហាក់ បានថ្លែងអំណរគុណដល់ អ្នកឧកញ៉ាគិត ម៉េង ដែលបានទទួលជំនួបពិភាក្សាការងារ ជាមួយនឹងគណៈប្រតិភូ របស់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

លោកបានជម្រាបជូនគណៈប្រតិភូ អំពីកត្តាសុខសន្តិភាព ស្ថេរ​ភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ គោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញវិនិយោគិនបរទេស ក៏ដូចជាសក្តានុពលទេសចរ​ណ៍​វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ដែលប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍មានសុវត្ថិភាព មានភាពទាក់ទាញ និងមានភាពសម្បូរបែប។

លោកហួត ហាក់ក៏បានឡើង សភាពាណិជ្ជកម្មកម្ពុជា គឺច្រកសម្រាប់ការស្វែងរកដៃគូរវិនិយោគ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

លទ្ធផលនៃជំនួបនេះ ដោយភាគីទាំងពីរ បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រវាងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងព្រះរាជាណាចក្រកម្ពុជា ជាពិសេសជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិស័យឯកជននៃប្រទេសទាំងពីរ៕

អ្នកឧកញ៉ា បណ្ឌិតសំ សុខនឿន បង្ហើបពីគម្រោងអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យនាឆ្នាំ២០២៧ខាងមុខ

ដោយៈ សហសេវិក

    ភ្នំពេញៈ អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP បានបង្ហើបពីគម្រោងអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យ ដែលគ្រោងសាងសង់នៅនាឆ្នាំ ២០២៧ ខាងមុខ។

បច្ចុប្បន្ន អ្នកឧកញ៉ា បណ្ឌិត បាននិងកំពុងផ្តោតលើជំនួញក្នុងវិស័យអចលនវត្ថុចំនួន២ ក្នុងចំណោម៥ប្រភេទ។

អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន  បានរៀបរាប់ថា បងប្អូនដឹងទេ ទោះនៅពេលនេះស្ថានភាពអចលនវត្ថុ ស្ថិតនៅក្នុងស្ថានភាពទ្រឹង ឬស្ងប់ស្ងាត់ក៏ពិតមែន តែបើអ្នកមានជំនាញពិតប្រាកដ នៅក្នុងវិស័យ​នេះ នៅតែអាចស្វែងរកឱកាសធ្វើជំនួញដដែរ។

អ្នកឧកញ៉ាបណ្ឌិត បានបញ្ជាក់ថា “ខ្ញុំចង់បញ្ចាក់ឱ្យកាន់តែច្បាស់ថា ក្នុងជំនួញវិស័យអចលនវត្ថុ គឺមានជំនួញ៥ប្រភេទ ដែលលោកអ្នកត្រូវដឹង ១. ភ្នាក់ងារអចលនវត្ថុ ២. វាយតម្លៃអចលនវត្ថុ ៣. គ្រប់គ្រងអចលនវត្ថុ ៤. វិនិយោគអចលនវត្ថុ និង៥. អភិវឌ្ឍន៍អចលនវត្ថុ”។

អ្នកឧកញ៉ាបានបន្តថា ជំនួញទាំង៥ខាងលើ គ្មានជំនួញណាមួយល្អជាងជំនួញណាមួយនោះទេ អ្វីដែលសំខាន់បងប្អូនមានជំនាញពិតប្រាកដក្នុងជំនួញនោះ។

អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿនបានគូសបញ្ជាក់ និងបង្ហើបពីគម្រោងអភិវឌ្ឍន៍នាអនាគតថា ចំណែកខ្ញុំបច្ចុប្បន្ន កំពុងធ្វើជំនួញ២ ប្រភេទ ក្នុងវិស័យអចលនវត្ថុនេះ គឺភ្នាក់ងារអចលនវត្ថុ និងវិនិយោគអចលនវត្ដុ ហើយនឹងចាប់ផ្តើម បន្ថែមមួយទៀត គឺអភិវឌ្ឍខុនដូតម្លៃសមរម្យនៅក្នុងឆ្នាំ ២០២៧ ខាងមុខនេះ”។

អ្នកឧកញ៉ា បណ្ឌិត សំ សុខនឿន ក៏ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន KH Haitech ដែលជាក្រុមហ៊ុនកូនខ្មែរ និងមានស្លាកយីហោខ្មែរ KH (K Haitech) ផងដែរ។ ក្រុមហ៊ុន KH HAITECH មានគម្រោងបង្កើតមូលដ្ឋានផលិតកម្ម របស់ខ្លួននៅកម្ពុជា ដើម្បីជំរុញឧស្សាហកម្ម ៤.០ ពង្រីកការប្រើប្រាស់បច្ចេកវិទ្យាតម្លៃសមរម្យ និងគាំទ្រឧស្សាហូបនីយកម្ម ខណៈដែលកម្ពុជាកំពុងឈានឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេស ដែលមានការអភិវឌ្ឍតិចតួច៕

ទំនាក់ទំនងទ្វេរភាគីកម្ពុជា ម៉ាឡេស៊ីកាន់តែប្រសើរឡើងបន្ទាប់ពីថៃឈ្លានពានកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រាប់ចាប់តាំងពីវិស័យពាណិជ្ជកម្ម សុខាភិបាល និងទេសចរណ៍ជាដើម ទំនាក់ទំនងរវាងកម្ពុជា ម៉ាឡេស៊ីមានភាពប្រសើរឡើង បន្ទាប់ពីថៃឈ្លានពានកម្ពុជា។

ជាក់ស្តែងវិស័យសុខាភិបាលម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែន ជាមួយកម្ពុជា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយONEHEALTH KH កម្ពុជា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់ប្រទេសទាំងពីរ។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) បានប្រារព្ធពិធីបើកដំណើរការ Malaysia Healthcare Week Phnom Penh 2026 និងបានចុះអនុស្សរណយោគយល់ជាផ្លូវការ ជាមួក្រុមហ៊ុន OneHealth KH ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារពិសេស។

ពិធីចុះអនុស្សារណយោគយល់នេះ ជាគំនិតផ្តួចផ្តើមផ្លូវការដំបូងមួយរបស់MHTC នៅកម្ពុជា សម្រាប់ឆ្នាំ២០២៦ ហើយជាផ្នែកមួយក្នុងការចាប់ផ្តើមឆ្នាំនៃទេសចរណ៍វេជ្ជសាស្ត្រម៉ាឡេស៊ី (Malaysia Year of Medical Tourism – MYMT) ដែលបានរៀបចំឡើងក្រោមប្រធានបទ “ការព្យាបាលអមជាមួយបដិសណ្ឋាកិច្ច”។

កិច្ចសហការរវាងMHTC ម៉ាឡេស៊ី និង OneHealth KH គឺជាការស្វែងរកឱកាសសហការគ្នា ពង្រឹង និងសម្របសម្រួលដំណើរការថែទាំអ្នកជំងឺ ឆ្លងដែន ដែលបង្ហាញពីការផ្តោតយុទ្ធសាស្ត្ររបស់ Malaysia Healthcare ក្នុងការធ្វើការជាមួយដៃគូរមូលដ្ឋានដែលអាចទុកចិត្តបាន ដើម្បីផ្តល់សេវាថែទាំសុខភាពឆ្លងដែនយ៉ាងរលូន និងបង្កើនបទពិសោធន៍ល្អជូនដល់អ្នកជំងឺ។

វេទិការនេះបានផ្តោតសំខាន់លើ Center of Excellence ក្នុងឯកទេសនិមួយៗ របស់មន្ទីរពេទ្យដែលទទួលស្គាល់ តាមស្តង់ដារអន្តរជាតិ និងគំរូថែទាំបែបពហុវិស័យរួមបញ្ចូលគ្នា។

ការពិភាក្សាសំខាន់ៗបានលើកឡើងថា ប្រព័ន្ធទទួលអ្នកជំងឺដែលមានរចនាសម្ព័ន្ធច្បាស់លាស់ អាចជួយបង្កើនលទ្ធផលសុខភាពអ្នកជំងឺ ដោយធានាការព្យាបាល ត្រឹមត្រូវទាន់ពេលវេលា និងលើកកម្ពស់ការផ្តល់បទពិសោធន៍ដ៏ល្អ ដល់អ្នកទទួលសេវាសុខាភិបាល។

លោក Suriaghandi Suppiah នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) បានមានប្រសាសន៍ថា កម្ពុជាគឺជាដៃគូដ៏សំខាន់មួយសម្រាប់យើង។

យោងតាមទិន្នន័យគិតត្រឹមខែកញ្ញា ឆ្នាំ២០២៥ ចំនួនអ្នកធ្វើដំណើរ ដើម្បីទទួលសេវាសុខាភិបាល បានកើនឡើង៨១ភាគរយ ពីជាង៤៤០០នាក់ ទៅជិត៨០០០នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការណ៍នេះបានបង្ហាញពីការជឿជាក់លើគុណភាពសុខាភិបាលវេជ្ជសាស្ត្ររបស់យើង

ក្នុងកិច្ចពិភាក្សានេះ ក៏មានការពិភាក្សាផងដែរ ពីការផ្លាស់ទីអ្នកជំងឺ រួមមានការសម្របសម្រួលការធ្វើដំណើរ ការពិចារណាផ្នែកវប្បធម៌ និងការតាមដានបន្ទាប់ពីការព្យាបាល និងមុនពេលព្យាបាលដោយសហការយ៉ាងជិតស្និត ជាមួយមន្ទីរពេទ្យក្នុងស្រុក រួមមានមន្ទីរសំរាកព្យាបាលដេវ៉ាល់ដា និងក្រុមវេជ្ជបណ្ឌិតរបស់ OneHealth KH ផ្ទាល់៕

ខេត្តព្រះសីហនុចាប់ផ្តើមជើងហោះហើរត្រង់ទៅទីក្រុងXiamen ប្រទេសចិន

ដោយៈ ម៉ាណា

ព្រះសីហនុៈ អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុបានស្វាគមន៍ជើងហោះហើរត្រង់ថ្មីមួយ ដែលតភ្ជាប់ពីទីក្រុងXiamen ខេត្តFujian ប្រទេសចិន។

យោងតាមផេករបស់រដ្ឋបាលខេត្តបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធជើងហោះហើរលេខ ZA687 ដែលនឹងធ្វើការហោះហើរ ពីខេត្តព្រះសីហនុ ទៅកាន់ទីក្រុង Xiamen ខេត្តFujian នៃសាធារណរដ្ឋប្រជាមានិតចិន។

ទោះជាយ៉ាងណា ប្រភពព័ត៌មានមិនបានបញ្ជាក់ពីការតភ្ជាប់ជើងហោះហើរនេះដូចម្តេច មានរយៈពេលប៉ុន្មានលើកក្នុងមួយសប្តាហ៍ និងតភ្ជាប់ជើងហោះហើរដោយក្រុមហ៊ុនណានៅឡើយទេ៕