ដោយៈ ម៉ាលីនណា
រតនគិរីៈ អភិបាលនៃគណអភិបាលខេត្តរតនគិរី លោកញ៉ែម សំអឿន បាននិងកំពុងធ្វើកិច្ចការនៅមូលដ្ឋាន សម្រាប់ការសាងសង់ព្រលាននៅក្នុងខេត្ត ដើម្បីទាញការវិនិយោគ និងទេសចរណ៍ ដើម្បីជំរុញចរន្តកំណើនសេដ្ឋកិច្ច និងការរីកចម្រើន ការវិនិយោគនៅខេត្តភាគឦសាន ប្រទេសកម្ពុជា។
ដោយមានចម្ងាយផ្លូវដ៏ឆ្ងាយពីរាជធានីភ្នំពេញ ដែលត្រូវប្រើពេលធ្វើដំណើរពី៧ទៅ៨ម៉ោង គឺជាឧបសគ្គចម្បងរារាំង ដល់វិស័យទេសចរណ៍ និងការទាក់ទាញការវិនិយោគក្នុងខេត្តរតនគិរី។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលខេត្តរតនគិរី កំពុងខ្នះខ្នែងពន្លឿនគម្រោងសាងសង់ព្រលានយន្តហោះថ្មី សំដៅប្រែក្លាយខេត្តភូមិភាគឦសានមួយនេះ ឱ្យទៅជាប៉ូលសេដ្ឋកិច្ចដ៏មានសក្ដានុពល បង្កើតការងារ និងលើកកម្ពស់ជីវភាពពលរដ្ឋមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ជាពិសេសទីតាំងដែលត្រូវបានជ្រើសរើស សម្រាប់ការសាងសង់ព្រលានយន្ដហោះថ្មីនេះ គឺជាទីតាំងយុទ្ធសាស្ត្រមួយ ដែលមិនត្រឹមតែបម្រើផលប្រយោជន៍ដល់ខេត្តរតនគិរីមួយប៉ុណ្ណោះទេ ប៉ុន្តែវាស្ថិតនៅចំណុចដែលអាចតភ្ជាប់ និងផ្តល់ភាពងាយស្រួល ដល់ខេត្តជិតខាងចំនួន៣ផ្សេងទៀត រួមមាន ខេត្តស្ទឹងត្រែង មណ្ឌលគិរី និងខេត្តក្រចេះផងដែរ។
ពាក់ព័ន្ធបញ្ហានេះ អភិបាលខេត្តបានស្នើសុំទៅកាន់រដ្ឋាភិបាល ដើម្បីសាងសង់អាកាសយានដ្ឋានថ្មី ដែលលោកចាត់ទុកថាជាគន្លឹះក្នុងការស្រូបទាញវិនិយោគិន និងទេសចរ សំដៅបង្កើតការងារ និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងខេត្តរតនគិរី។
ជាលទ្ធផល រដ្ឋាភិបាលបានសម្រេចបង្កកដីទំហំ១៩០៥ ហិកតា ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ សម្រាប់គម្រោងអភិវឌ្ឍន៍នេះ ខណៈការសិក្សាពីផលប៉ះពាល់ និងបច្ចេកទេសហោះហើរ ក៏ត្រូវបានបញ្ចប់ដោយជោគជ័យហើយ ដោយបច្ចុប្បន្នស្ថិតនៅក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុន ទីប្រឹក្សាដើម្បីស្វែងរកដៃគូវិនិយោគ។
លោកបញ្ជាក់ថា “ប្រសិនបើភូមិភាគឦសាននេះ មិនមានព្រលានយន្តហោះ យើងអត់មានទេសចរណ៍ យើងអត់មានការវិនិយោគទេ”។ លោកបន្ថែមថា “កុំថាឡើយ អ្នកវិនិយោគក្រៅស្រុក សូម្បីតែអ្នកវិនិយោគក្នុងស្រុក ដែលខ្ញុំតែងតែសំពះសុំគេឱ្យមកវិនិយោគ ប៉ុន្តែគេថាឆ្ងាយពេក”។

លោកបន្តទៀតថា “រឿងនេះ ខ្ញុំដុតដៃដុតជើងណាស់ ព្រោះខ្ញុំចង់ឱ្យអាណត្តិទី២របស់ខ្ញុំនេះ មានព្រលានយន្តហោះ”។
ពាក់ព័ន្ធនឹងរយៈពេលនៃការសាងសង់ លោកញ៉ែម សំអឿន បានបញ្ជាក់ថា ព្រលានយន្តហោះនេះ អាចនឹងចំណាយពេលសាងសង់ក្នុងរង្វង់៣ ទៅ៤ឆ្នាំ ទើបអាចដាក់ឱ្យដំណើរការជាផ្លូវការបាន។ លោកបន្ថែមថា កាលពីដំបូង ខ្ញុំរំពឹងថាអាចចំណាយពេលត្រឹម២ឆ្នាំ ប៉ុន្ដែក្រោយពីធ្វើការគណនា លើលក្ខណៈបច្ចេកទេសលម្អិតរួចរាល់ យើងត្រូវការពេលរហូតដល់៣ឆ្នាំ ឬអាចឈានដល់៤ឆ្នាំ។
អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ូវិល លោកស៊ីន ចាន់សេរីវុត្ថាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងនេះស្ថិតក្រោមដែមសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរហូតមកទល់ពេលនេះ យើងមិនទាន់ដឹងថា ការចំណាយវិនិយោគអស់ប៉ុន្មាននៅឡើយទេ វាអាស្រ័យលើការសិក្សាជាក់ស្តែង។
លោកបន្តថា “យ៉ាងណាក៏ដោយវាអាចត្រូវចំណាយពេល ដោយសាររដ្ឋាភិបាល ត្រូវការស្វែរកដៃគូវិនិយោគពីក្រុមហ៊ុនបរទេស”៕









