វិបត្តិផ្គត់ផ្គង់លំនៅឋានលើសតម្រូវការនៅទីក្រុងម៉ានីលរបស់ប្រទេសហ្វីលីពីនកំពុងបង្ហាញសញ្ញាថយចុះ

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុន Colliers Philippines បានឱ្យដឹងថា ការផ្គត់ផ្គង់លំនៅឋានលើសតម្រូវការនៅទីក្រុងម៉ានីលរបស់ហ្វីលីពីនកំពុងថយចុះ ខណៈអ្នកអភិវឌ្ឍន៍ដាក់ចេញយុទ្ធសាស្ត្រផ្សព្វផ្សាយយ៉ាងសកម្មដើម្បីលក់ផ្ទះទាំងនោះ ជាពិសេសផ្ទះមានតម្លៃសមរម្យ និងផ្ទះសម្រាប់អ្នកមានចំណូលមធ្យម។

ការផ្សព្វផ្សាយបានជួយជំរុញតម្រូវការ ដោយកាត់បន្ថយពេលវេលាដើម្បីលក់បង្ហើយផ្ទះ (unsold home) មកនៅត្រឹម៧,៩ឆ្នាំគិតត្រឹមចុងឆ្នាំ២០២៥។ តួលេខនេះបង្ហាញពីការធ្លាក់ចុះយ៉ាងគំហុកបើធៀបនឹងចំនួន១៣.៤ឆ្នាំ គិតត្រឹមដើមឆ្នាំ២០២៥។

បណ្តាអ្នកអភិវឌ្ឍន៍បានប្រើប្រាស់យុទ្ធសាស្ត្រនៃការបញ្ចុះតម្លៃយ៉ាងច្រើន ផែនការទូទាត់ប្រាក់រយៈពេលវែងជាងមុន ការបំពាក់គ្រឿងសង្ហារិមឥតគិតថ្លៃ ចំណតរថយន្តឥតគិតថ្លៃ និងគម្រោង Rent-to-own ដើម្បីទាក់ទាញអ្នកទិញ។

Rent to own ជាជម្រើសសម្រាប់អ្នកដែលចង់ក្លាយជា ម្ចាស់ផ្ទះ ប៉ុន្តែមិនទាន់មានលទ្ធភាពគ្រប់គ្រាន់នៅឡើយ។ ពួកគេអាចជួលសិន មុនសម្រេចចិត្តទិញ ដោយទទួលបានអត្ថប្រយោជន៍សំខាន់ៗ ដូចជា ការសន្សំប្រាក់កក់ ព្រោះថ្លៃឈ្នួលប្រចាំខែ នឹងត្រូវកាត់ទុកមួយចំណែកសម្រាប់ជាប្រាក់កក់ទិញផ្ទះនៅពេលក្រោយ។

បន្ទាប់ពីជួលក្នុងរយៈពេលកំណត់ណាមួយ អ្នកជួលមានជម្រើសក្នុងការទិញផ្ទះនោះ ក្នុងតម្លៃដែលបានព្រមព្រៀងគ្នាពីមុន ទោះជាតម្លៃទីផ្សារកើនឡើងយ៉ាងណាក្តី។

ជាមួយគ្នានេះ អតិថិជនអាចសាកល្បងបរិយាកាសនៃការរស់នៅ និងស្វែងយល់ពីបរិយាកាសនៅសហគមន៍នោះបានយូរ មុននឹងសម្រេចចិត្តទិញផ្ទះ។

ទោះបីជាចំនួនផ្ទះដែលមិនទាន់លក់ដាច់(unsold home) បានកើនឡើងដល់៧៩.០០០យូនីតនៅចុងឆ្នាំ២០២៥យ៉ាងណាក្តី ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ ការលក់ផ្ទះប្រចាំឆ្នាំបានកើនឡើងដល់១៧.២៥២យូនីត។

ការថយចុះនៃការដាក់ឱ្យដំណើរការគម្រោងលំនៅឋានថ្មី ក៏បានជួយកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការផងដែរ។ ស្តុកលំនៅឋាន Pre-sale បានធ្លាក់ចុះមកត្រឹម៥០.០០០យូនីតនៅចុងឆ្នាំមុន បើធៀបនឹងចំនួន៥៥.០០០យូនីតកាលពីដើមឆ្នាំមុន។

ទីផ្សារលំនៅឋាននៅទីក្រុងម៉ានីលកំពុងមានភាពប្រសើរឡើង។ ប៉ុន្តែ បណ្តាអ្នកអភិវឌ្ឍន៍ត្រូវបន្តផ្តល់ជូននូវកិច្ចព្រមព្រៀងដ៏ទាក់ទាញ ហើយអ្នកទិញលំនៅឋានក្នុងគោលបំណងរស់នៅពិតប្រាកដ(End-user) កំពុងជំរុញឱ្យទីផ្សារងើបឡើងវិញ៕ប្រភព: Bilyonaryo៕

តម្រូវការអចលនទ្រព្យផ្នែកភស្តុភារក្នុងតំបន់អាសុីរំពឹងបន្តមានភាពរឹងមាំ ខណៈគោលនយោបាយពាណិជ្ជកម្មរបស់អាមេរិកមានភាពមិនប្រាកដប្រជា

ដោយ: សហសេវិក
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank វាយតម្លៃថា គោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនឹងនៅតែបន្តមានភាពមិនប្រាកដប្រជានៅឆ្នាំ២០២៦នេះ។ ប៉ុន្តែ បណ្តាក្រុមហ៊ុននានានឹងសម្របខ្លួននឹងបញ្ហាប្រឈមរយៈពេលវែង។

ជំនួសឱ្យការពឹងផ្អែកលើដំណោះស្រាយរយៈពេលខ្លី ដូចជាដំណោះស្រាយពន្ធគយបណ្តោះអាសន្ន ក្រុមហ៊ុននានាកំពុងផ្តោតលើការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់រយៈពេលវែង ដូចជាការធ្វើពិពិធកម្មប្រភពអ្នកផ្គត់ផ្គង់ និងការរក្សាស្តុកឱ្យបានច្រើន (Inventory)។

តម្រូវការអចលនទ្រព្យផ្នែកភស្តុភារក្នុងតំបន់អាសុីប៉ាសុីហ្វិកនឹងនៅតែមានភាពរឹងមាំ។ ក្រុមហ៊ុននានាក៏កំពុងងាកទៅរកក្រុមហ៊ុនផ្តល់សេវាដឹកជញ្ជូន (Third-party logistics) ឬ3PL ដើម្បីរក្សាភាពបត់បែន ខណៈខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែមានភាពស្មុគស្មាញ។

តម្រូវការអចលនទ្រព្យផ្នែកភស្តុភារនៅតំបន់អាស៊ាន និងឥណ្ឌា បាននាំមុខគេ ដែលជំរុញដោយការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនផលិតកម្ម ក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក។

ភាពមិនប្រាកដប្រជាលើគោលនយោបាយពន្ធគយរបស់ទីក្រុងវ៉ាសុីនតោនបាននាំឱ្យក្រុមហ៊ុននានាអនុម័តយុទ្ធសាស្ត្រ “China+n” តាមរយៈការពង្រីកប្រតិបត្តិការអាជីវកម្មនៅទូទាំងប្រទេសផ្សេងៗគ្នានៅក្នុងតំបន់ ដើម្បីបញ្ចៀសហានិភ័យពន្ធគយ។

នៅក្នុងទីក្រុងហូជីមិញនៃប្រទេសវៀតណាម តម្លៃជួលអចលនទ្រព្យផ្នែកដឹកជញ្ជូនបានកើនឡើង២,៨ភាគរយ កាលពីឆមាសទី២ ឆ្នាំមុន ដោយសារការអភិវឌ្ឍឃ្លាំងថ្មី។

ដោយឡែក តម្លៃជួលអចលនទ្រព្យផ្នែកដឹកជញ្ជូននៅប្រទេសឥណ្ឌាបានកើនឡើង១,៥ភាគរយនៅឆមាសទី២ ឆ្នាំ២០២៥ ទោះបីជាឥណ្ឌាប្រឈមមុខនឹងពន្ធគយខ្ពស់លើការនាំចេញទំនិញទៅកាន់សហរដ្ឋអាមេរិកយ៉ាងណាក្តី។

តម្រូវការអចលនទ្រព្យផ្នែកភស្តុភារនៅទីក្រុងហ្សាការតារបស់ឥណ្ឌូនេសុីក៏មានការកើនឡើងផងដែរ ដោយសារក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រនានាកំពុងពង្រីកខ្លួននៅក្នុងទ្វីបអាស៊ី៕ប្រភព: Edgeprop៕

ប្រធានបទសំខាន់ៗចំនួន៩ត្រូវបានលើកឡើងដើម្បីជម្រុញ ទីផ្សារទេសចរណ៍

ដោយៈ និស្ស័យ

    ភ្នំពេញៈ  ក្រសួងទេសចរណ៍ បានរៀបចំវេទិកាពិភាក្សាលើប្រធានបទចំនួន៩ ក្នុងនោះវេទិកាពិភាក្សាប្រធានបទទី១ ស្តីពី “គុណភាពសេវាកម្មទេសចរណ៍៖ ពីស្ដង់ដាទៅភាពជឿជាក់ និងការវិលត្រឡប់មកវិញរបស់ភ្ញៀវ”។

ការពិភាក្សានេះបានធ្វើឡើង នៅក្នុងដំណើរការប្រព្រឹត្តទៅនៃសន្និបាតបូកសរុបលទ្ធផល ការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។

សារៈសំខាន់ស្នូលនៃប្រធានបទ ក្នុងការចូលរួមអភិវឌ្ឍន៍ទេសច​រណ៍រួមមាន ទី១ បង្កើតឱកាសវិនិយោគ ដល់ធុរជនក្នុងវិស័យទេស​ចរណ៍បន្ថែម តាមរយៈការផ្តល់ទិន្នន័យឧស្សាហកម្ម ទេសចរណ៍ប្រកប​ដោយភាពច្បាស់លាស់ ទី២ បង្កើតការចងចាំដ៏ល្អសម្រាប់ភ្ញៀវទេស​ចរជាតិ និងអន្តរជាតិ ឈានដល់ការពន្យាពេលស្នាក់នៅរបស់ ភ្ញៀវទេសចរកាន់តែយូរ និងចំណាយកាន់តែច្រើន។

ទី៣ បង្កើតនិងបង្កើនជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់ប្រជាពល​រដ្ឋ ដើម្បីឱកាសការងារកាន់តែច្រើន និងបង្កើត ចំណូលជូនប្រជាពលរដ្ឋ។

លទ្ធផលជាក់ស្តែងនៃកិច្ចពិភាក្សា គឺដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ពីស្តង់ដាទៅភាពជឿជាក់ និងការវិលត្រឡប់មកវិញរបស់ភ្ញៀវ គឺត្រូវមានធាតុផ្សំសំខាន់បីរួមមាន៖ ១.ការគ្រប់គ្រងតម្រូវការនិងការផ្គត់ផ្គង់របស់អាជីវកម្ម។ ២. ការរៀបចំស្តង់ដាគុណភាពសេវាកម្ម ៣.ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ដល់បុគ្គលិកឱ្យត្រូវនឹងតម្រូវការរបស់ទីផ្សារ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយ កង្វះខាតបុគ្គលិកជំនាញក្នុងរដូវកាលបៃតង គួរសិក្សា​ពីប្រាក់ខែអប្បបរមាដល់បុគ្គលិក ស្នើឱ្យមានការសិក្សាទៅលើមុខម្ហូបតំណាងឱ្យប្រទេសកម្ពុជា ជំរុញផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍ ទៅដល់ទីផ្សារអន្តរជាតិឱ្យបានទូលំទូលាយ៕

វិភាគៈ តើខ្មែរជាតិនិយមឬទេ? ជាក្រុមមនុស្សបែបណាបន្ទាប់ពីអរិយធ៌មបានបាត់បង់ទៅ?

ដោយៈ យិន លាងគង់ស្ថាបនិកគេហទំព័រPropertyarea

    ភ្នំពេញៈ ជនជាតិអ៊ីស្រាអ៊ែល មានជំនឿថា “ពួកគេជាកូនអាទិទេព” ជាតិសាសន៍ណាទិញជនជាតិអ៊ីស្រាអ៊ែលបានម្នាក់ គេសុខចិត្តឲ្យប្រទេសទាំងមូល។ ពួកគេយកសៀវភៅ ធ្វើជាអំណោយគ្នាទៅវិញទៅមក។

ជនជាតិជប៉ុន “ពួកគេមានជំនឿថា ពួកគេជាសន្តិវង្សព្រះអាទិត្យដូចគ្នា និងស្មារតីសាម៉ូរ៉ៃ ដែលស្ម័គ្រស្លាប់គ្រប់ពេល ដើម្បីប្រទេសរបស់ពួកគេ។

ជនជាតិសឹង្ហបុរី ទោះពួកគេទៅដល់ទីណា “ក៏ពួកគេតែងមោទនភាពនូវសញ្ជាតិរបស់ពួកគេ ហើយពួកគេអាចត្រលប់មកប្រយុទ្ធគ្រប់ពេលប្រទេសជាតិត្រូវការ។

ជនជាតិចិន មិនអាចមានសញ្ជាតិ “ពីរ”បានទេ ពួកគេអាចបោះបង់សញ្ជាតិចិនបាន បើសិនជាពួកគេចង់បានសញ្ជាតិណាផ្សេង។

ចុះជនជាតិខ្មែរ ពួកគេមោទនភាព នឹងជាតិោសាសន៍របស់ពួកគេឬអត់? ចម្លើយគឺ “អត់ទេ”។ យើងមើលឃើញតាមរយៈ ទី១ ពួកគេតែងតែចាត់ទុកខ្លួនឯងជាជាតិសាសន៍ ឬកូនកាត់ចិន ដោយគិតថា ជាតិ​សាសន៍ជាប់ខ្សែស្រឡាយចិន ទើបឆ្លាត។ ទី២ អ្នកខ្លះចេញទៅក្រៅប្រទេស មានជនជាតិខ្មែរមួយចំនួនមិនចង់បង្ហាញខ្លួនជា ជនជាតិខ្មែរទេ។

ទី៣ នៅតាមផ្ទះ ឬផ្នូរសាកសពឪពុក ម្តាយរបស់ពួកគេ តែងតែបង្ហាញអក្សរចិន នៅ “ជំនាងផ្ទះ” ទី៤ នៅពេលមានពិធីចូលឆ្នាំចិនម្តងៗ ពួកគេប្រឹងសម្ញែងថា ខ្លួនជាជនជាតិចិន តាមរយៈការស្លៀកពាក់ សែនព្រេន និងការតាំងបង្ហាញពីជាតិវប្បមជនជាតិចិន ទោះបីពួកគេ ឪពុកម្តាយពួកគេ ជីដូន ជីតាពួកគេបានកើតលើទឹកដីកម្ពុជាក៏ដោយ។

ទី៥ គ្រប់សង្គមគ្រួសារខ្មែរ ក្លាយជាគ្រាប់ខ្សាច់ ដែលមិនអាចផ្សារភ្ជាប់បាន ដោយសាច់ជាតិទាំងឡាយ ដែលកើតពីផ្ទៃម្តាយតែមួយភាគច្រើន មិនរួបរួមគ្នា មិនសាមគ្គីគ្នា ហើយខ្លះឈានដល់ការជាន់ពន្លិចគ្នាទៀតផង។ ទី៦ ជំងឺតួឯក អំណួត ស៊ីជោ សម្ភារៈនិយមដ៏ឆើតឆាយ បង្ហាញពីគម្លាតសង្គមកាន់តែជ្រាលជ្រៅ ដែលក្លាយជាជំងឺមួយ កើតមានក្នុងសន្តានចិត្ត ប្រជាជនខ្មែរទាំងមិនដឹងខ្លួន និងកាន់តែធ្ងន់ធ្ងរទៅពីមួយថ្ងៃទៅមួយថ្ងៃ។

តើនេះជាជំងឺរបស់ខ្មែរឬយ៉ាងណា? ពិតហើយវប្បធ៌មអញនិយម​បានស្រោចស្រពចូលព្រលឹង និងបានហូរចូលគ្រប់សសៃឈាមជនជាតិខ្មែរ។

ជំងឺបែកបាក់ អញនិយមកំពុងកើតមាន និងគួរឲ្យបារម្ភ សម្រាប់ការកសាងសង្គមស៊ីវិល័យមួយ នាពេលអនាគត ព្រោះសូម្បីតែបងប្អូនសាច់ញាតិពួកគេ ជួបការលំបាក ក៏ពួកគេបិទភ្នែក ដោយនិយាយនូវពាក្យ “សក់អ្នកណា ក្បាលអ្នកហ្នឹង” ដែលកម្លាយមកពី “ខ្លួនទីពឹងខ្លួន” ដែលសាបព្រួសដោយពួកអ្នកបួសខាងពុទ្ឋិចក្រ ដែលពេលខ្លះបុព្វជិតទាំងនោះមិនទាំងដឹងថា ខ្លួនសូត្រពីអ្វី មានន័យបែបណា? ធ៌មមានប្រភពពីខាងណាផងនោះឡើយ។

ប្រព័ន្ធជំនឿមួយ ដែលខ្សោយ ដែលសាបព្រួសលើប្រជាជាតិមួយ ឲ្យមានស្មារតីជាតិនិយម បានកើតមានក្នុងសង្គមខ្មែរ បន្ទាប់ពីការដួលរលំនៃចក្រភពអង្គរមកម្លេស រហូតពេលខ្លះប្រទេសនេះ ត្រូវបានគេហែកចែកគ្នា(ចុងសតវត្សរ៍ទី១៩) ប្រទេសនេះប៊ិះបាត់ពីផែនទីពិភពលោកនាពេលនោះ កុំតែបានបារាំងមកដាក់អាណានិគម គឺខ្មែរបានបាត់បង់ប្រទេសរួចទៅហើយ។

នេះបង្ហាញពីភាពកម្សោយ ស្មារតីអញនិយម និងជាកំហុសរបស់ប្រជាជាតិនេះ តាំងពីមេដឹកនាំរហូតដល់ប្រជារាស្រ្តទាំងមូល។

ជាក់ស្តែងការឈ្លានពានរបស់ថៃ មកលើកម្ពុជាកាលពីពេលថ្មីៗនេះ ពិតហើយ ជនជាតិខ្មែរជាច្រើនបាននិយាយថា“វាជាការប្រមាថដ៏ឈឺចាប់បំផុត”។

ប៉ុន្តែសំណួរត្រូវសួរថា “តើយើងបានត្រឹមឈឺចាប់ ស្អប់ពួកគេ លើកដៃសុំសន្តិភាពពីពួកគេ”ឬយ៉ាងណា? តើយើងគួរធ្វើអ្វីជាមួយរាជរដ្ឋាភិបាល ដើម្បីលើកតម្កើងប្រជាជាតិនេះ មានអរិយធ៌មឡើងវិញ? អ្វីៗផ្តើមចេញពីម្នាក់ៗ ពីកោសិកាមួយ ដែលរួមគ្នាប្រៀបបាននឹងអាតូម​នុយក្លេអ៊ែរ ដែលអាចកសាងបាននូវសង្គមមានភាពស៊ីវិល័យ និតិរដ្ឋ ស្អាតស្អំ និងឈរលើផលប្រយោជន៍រួម ទាំងស្មារតី និងសកម្មភាព មិនមែននិយាយតែមាត់ឲ្យពិរោះស្តាប់នោះទេ។

ជាតិសាសន៍កម្ពុជា ត្រូវក្រោកឈរ ជាមួយស្មារតីបើកចំហរ រៀនសូត្រជាប្រចាំ ពង្រឹងចំណេះដឹង ជំនាញ និងស្វែងរកអ្វីដែលជាព្រលឹងជាតិ និងភាពខ្លាំងរបស់ខ្លួនពិតប្រាកដ មិនមែនជាការលើកដៃសុំសន្តិភាព សក់អ្នកណាក្បាលអ្នកហ្នឹង ពៀររម្ងាប់ដោយការមិនចងពៀរនោះឡើយ៕

 

វិស័យទេសចរណ៍ទាក់ទាញទុនវិនិយោគជាង៧០០លានដុល្លារ ជាមួយគំរោងជិត៥០

ដោយៈ ម៉ាលីនណា

    ភ្នំពេញៈ យោងរបាយការណ៍បូកសរុបលទ្ធផល ការងារវិស័យទេសចរណ៍ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងទេសចរណ៍ ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៥ កម្ពុជា​ទទួល​បាន​​គម្រោងវិនិយោគក្នុង​វិស័យទេសចរណ៍ចំនួន៤៧ មានទុនវិនិយោគសរុប៧០៨ លានដុល្លារ និង​អាចបង្កើតការងារបាន៥១៨៦កន្លែង។

គម្រោង​ទាំង​នោះ មាន​ទីតាំង​ស្ថិត​ក្នុង​រាជធានីភ្នំពេញ ខេត្ត​ភូមិភាគឦសាន ព្រះសីហនុ និង​ខេត្ត​ស្វាយ​រៀង។

ក្រសួងលើក​ឡើង​ថា ឆ្នាំ២០២៥ បើទោះបីត្រូវបានជួប និងឆ្លងកាត់បញ្ហាប្រឈមក៏ដោយ ប៉ុន្តែវិស័យទេសចរណ៍កម្ពុជានៅតែមានភាពធន់ និងបន្តការរីកចម្រើន។ សមិទ្ធផលដ៏ធំធេងនេះ កើតចេញពីការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពី​សំណាក់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល រួមជាមួយការចូលរួមយ៉ាងសកម្ម ពីដៃគូអភិវឌ្ឍន៍ ផ្នែក​ឯកជន សហគមន៍ប្រជាពលរដ្ឋ។

ក្រសួងបញ្ជាក់​ថា “​ការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនវានុវត្តន៍ ភាពធន់ ចីរភាព បរិយាបន្ន និងការទទួលខុសត្រូវ ពិតជា​កត្តាសំខាន់ណាស់ សម្រាប់ការរួមចំណែកជំរុញ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនាំមកនូវប្រាក់ចំណូល បង្កើតនិងបង្កើនឱកាសមុខរបរនិងការងារ ថែរក្សា អភិរក្ស និងអភិវឌ្ឍបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ និងធនធានធម្មជាតិ លើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ និងប្រែក្លាយកម្ពុជា “ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” ជាគោលដៅទេសចរណ៍លំដាប់ពិភពលោក ប្រកបដោយភាពរីករាយ សុខសុវត្ថិភាព ផាសុកភាព និងជា“ទឹកដីដ៏ពិសិដ្ឋ សម្រាប់ការទស្សនា ការវិនិយោគ និងការរស់នៅ”។

អ្នកជំនាញយល់ថា ការបោះទុនវិនិយោគរបស់អ្នកវិនិយោគ ក្នុងវិស័យទេសចរណ៍នៅកម្ពុជា គឺ​ដោយសារកម្ពុជា​មាន​ស្ថិរភាព​នយោ​បាយ​ល្អ​ប្រសើរ មាន​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​ខ្វាត់​ខ្វែង និង​មាន​ឱកាស​ដែល​ពួកគេ​ អាច​ទទួល​បាន​ប្រាក់​ចំណេញ​ពី​ការ​បណ្តាក់​ទុន​។

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយនៃខឿនសេដ្ឋកិច្ចជាតិ ហើយ​ធ្លាប់​ត្រូវបានអតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រសិទ្ធនាមថា “មាសបៃតង”។

ទិន្នន័យផ្លូវ​ការ​​​ក្រសួង​ទេសចរណ៍បានឱ្យ​ដឹង​ថា ក្នុង​​​​ឆ្នាំ​២០២៥ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិសរុប៥,៥៧លាន​នាក់ ថយចុះ ១៦,៩​%​ ​បើ​ធៀប​នឹង​ឆ្នាំ២០២៤។ ភ្ញៀវ​សំខាន់ៗ​មាន​ដូច​ជា ​វៀតណាម​ចំនួន​ ១,២២ លាននាក់ ថយ​ចុះ ៨,៨%, ចិន ១,២ លាននាក់ កើន ៤១,៥%, ថៃ ១,០២ លានាក់ ថយចុះ ៥២,៤%, អាមេរិក ២០៦ ៧៩១ នាក់ ថយចុះ ៣,៦% និង​កូរ៉េខាងត្បូង ១៥២ ៥៩៨ នាក់ ថយចុះ ២០,៦%។

ក្រសួង​​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ចំណោម​ភ្ញៀវ​អន្តរជាតិ​ទាំង៥,៥៧ លាននាក់ គឺ​មក​តាម​ផ្លូវ​អាកាស២,៨៦លាននាក់ កើន១៩,២% ​ផ្លូវ​គោក ២,៦២ លាននាក់ ថយចុះ ៣៧,៨% និង​ផ្លូវ​ទឹក​ ៨៩ ៧៣១នាក់ កើនឡើង៦,៣ភាគរយ៕

មន្រ្តីជាន់ខ្ពស់លើកឡើងពីវិស័យសក្តានុពល ដែលជួយជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជាបានអញ្ជើញជាវាគ្មិន ក្នុងវេទិកាពន្ធដារកម្ពុជា ២០២៦ “ការលើកកម្ពស់អនុលោមភាព សារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា”។

វេទិកានេះ ត្រូវបានរៀបចំទ្បើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២៦ និងត្រូវបានប្រារព្ធ ពិធីបើកក្រោមអធិបតីភាពរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកជា វុទ្ធីបានលើកទ្បើងនូវក្របខណ្ឌច្បាប់ស្តីពី វិនិយោគដែលត្រូវបានអនុម័ត កាលពីឆ្នាំ២០២១ និងអនុក្រឹត្យនៃការអនុវត្តច្បាប់នេះដែលមានភាពបើកចំហ និងគ្រប់ជ្រុងជ្រោយ ដែលការណ៍នេះ បានធ្វើឱ្យបរិស្ថានវិនិយោគនៅកម្ពុជា កាន់តែមានភាពទាក់ទាញ និងអំណោយផល។

ជាការកត់សម្គាល់ ការរួមផ្សំនៃកត្តាទាំងនេះ បានធ្វើឱ្យការវិនិ​យោគ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនទ្បើងយ៉ាងគំហុក។

បន្ថែមពីនេះ លោកអគ្គលេខាធិការក៏បានលើកទ្បើង ពីការលេចចេញនូវកន្សោមឧស្សាហកម្មមួយចំនួន ដូចជា កន្សោមឧស្សាហកម្មផ្គុំដំទ្បើងរថយន្ត ផលិតសំបកកង់រថយន្ត ផ្គុំដំទ្បើងកង់ និងគ្រឿងបង្គុំកង់…។ល។

លោកជា វុទ្ធីក៏បានលើកឡើងពីសក្តានុពល នៃឧស្សាហកម្មឈើដាំ ដែលនឹងមានតួនាទីដ៏សំខាន់ ក្នុងការផ្គត់ផ្គង់ជាធាតុចូលផលិតកម្មនៃការផលិតគ្រឿងសង្ហារិម បន្ទះក្តារវ៉ែនី និងក្តារប្លាកេដែលកំពុងមានប្រតិបត្តិការនៅកម្ពុជា។ ទន្ទឹមនេះ លោកអគ្គលេខាធិការក៏បានទាញចំណាប់អារម្មណ៍ របស់អង្គពិធីអំពីការគិតគូរ របស់រាជរដ្ឋាភិបាលលើការរៀបចំខ្សែច្រវាក់ តម្លៃឧស្សាហកម្មស្វាយចន្ទី ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានជាអតិបរមា ពីវិស័យដ៏មានសក្តានុពលនេះ។

លោកជា វុទ្ធីបានបន្ថែមថា ទន្ទឹមនឹងកំណើននៃការវិនិយោគយ៉ាងគំហុកនេះ ក៏មានបញ្ហាប្រឈមមួយចំនួនរបស់វិនិយោគិន ដែលទាមទារឱ្យមានការសម្របសម្រួល ស្វែងរកដំណោះស្រាយ និងការចូលរួមសហការពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការថែទាំវិនិយោគ បង្កើនទំនុកចិត្តបន្ថែម ពីសំណាក់សហគមន៍វិនិយោគ និងលើកកម្ពស់បរិយាកាសវិនិយោគ ក៏ដូចជាភាពប្រកួតប្រជែងរបស់កម្ពុជា៕

ក្រសួងព័ត៌មាននិងក្រសួងទេសចរណ៍រួមគ្នាផ្សព្វផ្សាយព័ត៌មានទេសចរណ៍ឲ្យកាន់តែទូលំទូលាយ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្នុងកិច្ចពិភាក្សាស្តីពីវិស័យទេសចរណ៍ តំណាងក្រសួងព័ត៌មាន បានបង្ហាញពីលទ្ធផលផ្លែផ្កា នៃកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោក តាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិចម្រុះ។

លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា “ក្នុងក្របខណ្ឌនៃយុទ្ធនាការទេសចរណ៍រដូវកាលបៃតង ក្រសួងទាំងពីរបានចាប់ដៃគ្នា ផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជា ឱ្យកាន់តែរីកសុះសាយ ខណៈរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវផែនការសកម្មភាព ដើម្បីទាក់ទាញពិភពលោកឱ្យធ្វើដំណើរកំសាន្តមកកាន់ប្រទេសកម្ពុជា

លោកបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាពិសេសមួយក្រោមប្រធានបទបណ្ដាញសង្គម៖ សម្លេងឌីជីថលសម្រាប់វិស័យទេសចរណ៍កម្ពុជា ដែលរៀប​ចំ​ឡើងដោយក្រសួងទេសចរណ៍ នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ។

លោកបានបញ្ជាក់ថា ដើម្បីសម្រេចបានគោលបំណងនេះ ការផ្សព្វផ្សាយ និងការទទួលព័ត៌មានពិត ត្រឹមត្រូវ និងគ្រប់ជ្រុយជ្រោយ ពិតជាមានសារៈសំខាន់ ខណៈប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងទំនើបទាំងជាតិ និងឯកជនបន្តដើរតួនាទីស្នូល និងយ៉ាងសកម្មក្នុងទិសដៅនេះ។

ជាក់ស្តែង ក្នុងឆ្នាំ២០២៥ បណ្តាញសារព័ត៌មានជាតិមានវិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានAKP និងបណ្តាញផ្សាយព័ត៌មានរបស់មន្ទីរព័ត៌មានក្នុង២៥ រាជធានី-ខេត្តបានផលិត និងផ្សាយព័ត៌មានទាក់ទងនឹងវិស័យទេសចរណ៍ ចំនួនប្រមាណ៣០០០មាតិកា ក្នុងទម្រង់ចម្រុះដូចជា វីដេអូ សំណេរ រូបថតប្រកបដោយគុណភាព ដោយបានផ្សាយ តាមរយៈគេហទំព័រAPP និងបណ្តាញសង្គមរបស់ក្រសួងព័ត៌មាន មានFacebook, TikTok, យូធូប,X និង Instagram បន្ថែមលើការផ្សាយតាមប្រព័ន្ធប្រពៃណី មានវិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា។

ជាមួយគ្នានេះ មន្ទីរព័ត៌មាន២៥រាជធានីខេត្ត បានសហការជាមួយមន្ទីរទេសចរណ៍ ក៏ដូចជាតួអង្គពាក់ព័ន្ធមានវិស័យរដ្ឋ និងឯកជន ដើម្បីបង្ហាញពីសក្តានុពលគោលដៅទេសចរណ៍សំខាន់ៗ ជាមួយរមណីយដ្ឋានថ្មី ប្លែក មានភាពទាក់ទាញ ពីនៅក្នុងមូលដ្ឋានរាជធានី-ខេត្តរបស់ខ្លួន តាមរយៈការផលិត និងផ្សព្វផ្សាយព័ត៌មាន និងរូបភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីឱ្យចង់មកទស្សនាកម្ពុជាម្ដងហើយម្ដងទៀត។

ជាងនេះទៀត តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKP ព័ត៌មានស្តីពីទេសចរណ៍កម្ពុជា ត្រូវបានបញ្ជូនទៅកាន់ដៃគូសារព័ត៌​មានអន្តរជាតិ នៅក្រៅប្រទេសចំនួន១៨ ទីភ្នាក់ងារ ដែលមានសកម្ម​ភាពគ្របដណ្ដប់នៅគ្រប់ទ្វីបទាំងអស់លើសកលលោក។

មានប្រសាសន៍ឆ្លើយទៅនឹងសំណួរ ទាក់ទងនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា កិច្ចសហការរវាងក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ មានសារៈសំខាន់ណាស់ ក្នុងការប្រឆាំងនឹងការបំភ្លៃការពិត ការផ្សាយព័ត៌មានក្លែងក្លាយ ដែលមានចេតនា អាក្រក់បង្ខូចកិត្តិយសជាតិ និងវិស័យទេសចរណ៍ប្រទេសកម្ពុជា។

លោកបញ្ជាក់ថា “កិច្ចខិតខំនេះ សំដៅធានាសន្តិសុខព័ត៌មាននៅកម្ពុជា រួមចំណែកជំរុញសេដ្ឋកិច្ច តាមរយៈទេសចរណ៍ ព្រោះនៅពេលមានការផ្សព្វផ្សាយពិតយ៉ាងទូលំទូលាយ វានឹងទាក់ទាញការធ្វើដំណើរកំសាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយភាពជឿជាក់ កក់ក្តៅ និងមានទំនុកចិត្ត”។

ក្រសួងទេសចរណ៍ បានរៀបចំកិច្ចពិភាក្សាពិសេសមួយ ដោយផ្តោតលើសារសំខាន់ នៃការប្រើប្រាស់បណ្ដាញសង្គម ដោយក្រមសីលធម៌ និងការទទួលខុសត្រូវ ដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍ និងសក្តានុពលប្រកបដោយនិរន្តរភាព និងនវានុវត្តន៍។ កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើការគិតគូរ រិះរកវិធីសាស្ដ្រ និងមធ្យោបាយថ្មីៗ សម្រាប់ការផ្សព្វផ្សាយដោយប្រព័ន្ធបែបថ្មី ដើម្បីជំរុញការស្គាល់កម្ពុជាឱ្យកាន់តែច្រើន និងលើកកម្ពស់វិស័យទេសចរណ៍ ប្រកបដោយភាពទាក់ទាញក្នុងយុគសម័យឌីជីថល។

កិច្ចពិភាក្សានេះត្រូវបានដឹកនាំ និងសម្របសម្រួលដោយលោក ហ៊ុល សីលា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស តំណាងស្ថាប័នរដ្ឋ និងឯកជន និងអ្នកបង្កើតមាតិកាល្បីៗជាច្រើននាក់ទៀត។

អង្គពិភាក្សាបានសង្កត់ធ្ងន់ថា ការប្រើប្រាស់បណ្ដាញសង្គមមិនត្រឹមតែជាឧបករណ៍ សម្រាប់ផ្សព្វផ្សាយប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារផ្នែកទីផ្សារ (Marketing) ដ៏សំខាន់មួយ ក្នុងការបង្ហាញសក្តានុពលទេសចរណ៍ផលិតផល និងគុណភាពសេវាកម្ម ទេសចរណ៍របស់កម្ពុជា ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់ភ្ញៀវទេសចរច្រើនឡើងឱ្យអញ្ជើញមកទស្សនា និងកំសាន្តនៅកម្ពុជា។

ទាំងនេះ ជាគន្លឹះដ៏សំខាន់មួយរួមចំណែក ក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពវិស័យទេសចរណ៍ ខណៈបន្តលើកតម្កើងរូបភាពវិជ្ជមា​នរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕

សម្តេចតេជោដឹកនាំកិច្ចប្រជុំត្រីភាគីរវាងថ្នាក់ដឹកនាំកំពូលគណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវ

ដោយៈ ម៉ាណា

    ភ្នំពេញៈ នៅឯវិមាន៧មករា ទីស្នាក់ការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៦ កុម្ភៈនេះ សម្តេចតេជោបានរៀបចំកិច្ចប្រជុំកំពូលត្រីភាគីរវាងថ្នាក់ដឹកនាំ​ កំពូល​​គណ​បក្ស​ប្រជា​ជន​កម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងបក្សប្រជាជន​បដិវត្តន៍​ឡាវ។

កិច្ចប្រជុំកំពូលត្រីភាគីដ៏មានសារសំខាន់នេះ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា លោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្ត​វៀត​ណាម និងលោកថងលុន ស៊ីសុលីត អគ្គលេខាធិការប្រជាជនបដិវត្តន៍ឡាវ។

កិច្ចប្រជុំ​នេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់អគ្គលេខា​ធិការបក្សទាំងបីរូប និងមានការ​ចូល​រួមពីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំនៃរដ្ឋសភានៃប្រទេសទាំងបី និងឥស្សរជនរបស់​គណ​បក្ស​មួយចំនួនទៀត។

យោងតាមគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូ​លត្រីភាគី រៀបចំឡើង​ដើម្បី​លើកកម្ពស់ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ និងការ​ជួយ​គាំទ្រគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហានានា ក្នុងទំនាក់ទំនងរវាងគណបក្ស ទាំងបីឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព។

ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯក​រាជ្យភាព អធិបតេយ្យ សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ផល​ប្រយោជ​ន៍ គណបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងបី។ កិច្ចប្រជុំ ក៏នឹងចូលរួមចំណែក​ដល់ការ​កសាង និងការពារសន្តិភាព និងវិបុលភាពតំបន់ និងពិភពលោក។

កាលពីឆ្នាំ២០២៥ កិច្ចប្រជុំកំពូលត្រីភាគីនៃបក្សនយោបាយកំពុងដឹកនាំប្រទេសកម្ពុជា វៀតណាម និងឡាវ ដែលជាអតីតសម្ព័ន្ធមិត្តឥណ្ឌូចិននេះ ត្រូវបានរៀបចំឡើងនៅប្រទេសវៀតណាម៕

ម៉ាឡេស៊ីលេចចេញឡើងជាទីផ្សារអចលនទ្រព្យដ៏លេចធ្លោ និងមានការប្រកួតប្រជែងនៅក្នុងតំបន់

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីកំពុងទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគអន្តរជាតិកាន់តែច្រើនឡើង ខណៈមូលដ្ឋានគ្រឹះរឹងមាំធ្វើឱ្យម៉ាឡេសុីក្លាយជាជម្រើសវិនិយោគដែលអាចទុកចិត្តបាន និងមានភាពទាក់ទាញ ជាពិសេសសម្រាប់វិនិយោគិនមកពីតំបន់អាស៊ី និងអឺរ៉ុប។

លោក Samuel Tan នាយកប្រតិបត្តិក្រុមហ៊ុន Olive Tree Property Consultants បានពន្យល់ថា ប្រទេសម៉ាឡេស៊ីបានកសាងទីផ្សារអចលនទ្រព្យដ៏ល្អបំផុតមួយនៅតំបន់អាស៊ី តាមរយៈអភិបាលកិច្ចល្អ ផែនការអភិវឌ្ឍន៍ច្បាស់លាស់ និងការបើកចំហទីផ្សារយ៉ាងទូលំទូលាយ។

លោកបានបញ្ជាក់បន្ថែមថា ភាពប្រាកដប្រជាជាគន្លឹះធ្វើឱ្យទីផ្សារអចលនទ្រព្យមានភាពរឹងមាំ។

លោក Samuel Tan បានអះអាងបន្តថា ស្របពេលរដ្ឋាភិបាលម៉ាឡេសុីបន្តដាក់ចេញផែនការមេដើម្បីអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនានា ចំណាប់អារម្មណ៍របស់ជនបរទេសចំពោះទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងកើនឡើងបន្តិចម្តងៗ។

ប្រទេសម៉ាឡេស៊ីជាទីផ្សារអចលនទ្រព្យដ៏លេចធ្លោ ព្រមទាំងមានស្ថិរភាព និងមានការប្រកួតប្រជែងនៅក្នុងតំបន់ ដោយសារភាពច្បាស់លាស់នៃច្បាប់ ដែលគ្របដណ្តប់លើភាពជាម្ចាស់កម្មសិទ្ធិ ការទិញ-លក់ និងការដោះស្រាយវិវាទអចលនទ្រព្យ។

ជាមួយគ្នានេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវហាយវេ ការពង្រីកបណ្តាញផ្លូវដែក និងអាកាសយានដ្ឋាន បានធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើរ និងជួយទាក់ទាញបណ្តាអ្នកវិនិយោគ៕ប្រភព: New Strait Times៕

គំរោងអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៦ត្រូវបានលើកយកមកពិភាក្សារវាងក្រុមមន្រ្តីនិងដៃគូអភិវឌ្ឍន៍

ដោយៈ ម៉ាណា

ភ្នំពេញៈ ក្រុមមន្រ្តីនិងដៃគូអភិវឌ្ឍន៍បានលើកយកគំរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៦ យកមកពិភាក្សា និងផ្លាស់ប្តូរបទពិសិធន៍។

គម្រោងដែលត្រូវបានលើកមកពិភាក្សារួមមាន ដូចជា គម្រោងកែលម្អផ្លូវជាតិលេខ៤ ក្រោមកម្ចីឥណទានពីធនាគារពិភពលោក គម្រោងសាងសង់ផ្លូវជាតិលេខ១០ ក្រោមហិរញ្ញប្បទានហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ គម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅតំបន់ភូមិភាគឦសាន្ត ក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍអាស៊ី និងគម្រោងលើកកម្រិតផ្លូវជាតិលេខ៥ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន។

កិច្ចពិភាក្សានេះ បានធ្វើឡើងក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ពិធីនេះធ្វើឡើងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំក្រុមពិភាក្សាទី២ ស្តីពីបទពិសោធន៍នៃការគ្រប់គ្រង និងតាមដានការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដោយមានការ ចូលរួមពីវាគ្មិនកិត្តិយស ដែលជាថ្នាក់ដឹកនាំនាយកគ្រប់គ្រង និងប្រធានគ្រប់គ្រងគម្រោង មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការគ្រប់​គ្រងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួង។

កិច្ចពិភាក្សានារសៀលនេះ បានប្រព្រឹត្តទៅយ៉ាងផុសផុល និងរស់រវើក ដោយផ្ដោតសំខាន់លើការគ្រប់គ្រង និងតាមដានការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ពិសេ​សទៅលើបទពិសោធន៍ល្អៗ ក្នុងការដោះស្រាយបញ្ហាប្រឈមនៅគ្រប់ដំណាក់កាលនៃការអនុវត្ត និងការសម្រសម្រួលជាមួយដៃគូហិរញ្ញប្បទាន ក្រុមហ៊ុនទីប្រឹក្សា ក្រុមហ៊ុនសាងសង់ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិធីសាស្ត្រល្អរៗ ក្នុងការតាមដានការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធិភាព គុណភាពស្របតាមបទដ្ឋានបច្ចេកទេស ទាន់ពេលវេលាស្របតាមតាមផែនការ សំដៅធ្វើយ៉ាងណាអោយគម្រោងទាំងនេះ នាំមកនូវអត្ថប្រយោជន៍ និងសារៈសំខាន់ដល់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ចរបស់កម្ពុជា៕