អគាររមួលដែលជាស្នាដៃស្ថាបត្យកម្មថ្មីសន្លាងដ៏អស្ចារ្យរបស់ចិនបានបញ្ចប់ការសាងសង់ហើយ

ដោយៈ សុខុម

ប៉េកាំង: អគាររមួលដែលជាស្នាដៃស្ថាបត្យកម្ម ថ្មីសន្លាងមួយនៅក្រុងឆុងឈីង (Chongqing) ប្រទេសចិន មានឈ្មោះល្បីល្បាញយ៉ាងខ្លាំង ព្រោះវាជាប់ឈ្មោះ ក្នុងចំណោមអគារដែលរមួលខ្លាំងបំផុត ទូទាំងពិភពលោក។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយឱ្យដឹងថា អគារDance Of Light Towerដែលឌីហ្សាញឡើង ដោយក្រុមហ៊ុនស្ថាបត្យកម្ម Aedas និងដែលត្រូវបានសាងសង់បញ្ចប់ជាស្ថាពរនៅឆ្នាំនេះ មានកម្ពស់១៨០ម៉ែត្រ និងមានរាងរមួល យកលំនាំតាមទ្រង់ទ្រាយនៃពន្លឺពណ៌ស្វាយ Northern Lights ដែលជះទៅលើមេឃយ៉ាងអស្ចារ្យនៅតំបន់ Arctic និងតំបន់ Antarctic។

ក្រុមហ៊ុនស្ថាបត្យកម្ម Aedas លើកឡើងថា អគារដែលមានទីតាំងស្ថិតនៅXingfu Plaza ក្នុងសង្កាត់ជាំងប៉ី (Jiangbei) នៃទីក្រុង Chongqing នេះប្រើប្រាស់ទម្រង់ដ៏សាមញ្ញ លាយឡំនឹងភាពឆើតឆាយនៃផ្នែកខាង មុខដែលមានរាងកោងខ្លាំង ដើម្បីឱ្យមើលទៅឃើញអគារនេះរមួល។

អគាររមួលខ្ពស់ៗ ទទួលបានការពេញនិយមខ្លាំង នៅរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ដោយសារមានការរីកចម្រើន ផ្នែកកម្មវីធីកុំព្យូទ័រដែលប្រើប្រាស់ សម្រាប់ការងារសាងសង់ វិស្វកម្ម និងស្ថាបត្យកម្ម។

តោះ! ដើម្បីជ្រាបកាន់តែច្បាស់អំពីអគាររមួលនេះថា តើវារមួលខ្លាំងប៉ុណ្ណា និងស្រស់ស្អាតយ៉ាងណា សូមទស្សនារូបភាពខាងក្រោមទាំងអស់ គ្នា៕ CNN៕

អភិបាលខេត្តកែបលើកឡើងពីទីតាំងកោះត្បាល់ដែលស្នើសុំវិនិយោគពីក្រុមហ៊ុនទ្រី ភាពគ្រុប

ដោយៈគង់ សូរិយា

       ខេត្តកែបៈ អភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានលើកឡើងពីទីតាំង និងចំណុចពិសេសរបស់កោះត្បាល់ ដែលជាកោះមួយទទួលបានសំណើរសុំវិនិយោគពីក្រុមហ៊ុនទ្រីភាពគ្រុប។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី៨ កញ្ញាកន្លងមកថា ទីតាំងកោះត្បាល់ ស្ថិតនៅជិតកោះទន្សាយ ដែលមានចម្ងាយ​ចន្លោះពី៦ ទៅ៧គីឡូម៉ែត្រពីក្រុងកែបប៉ុណ្ណោះ។ លោកបន្តថា កោះនេះមានទំហំជាង១០ហិកតាប៉ុណ្ណោះ ប៉ុន្តែលក្ខណៈពិសេសរបស់វាយ៉ាងណា ទាល់តែសួរមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា ដែលបានចុះសិក្សាកាលពីថ្ងៃទី២ កញ្ញាកន្លងមកនេះ។

លោកបន្តថា “ក្រុមមន្រ្តីជំនាញបានចុះសិក្សា និងធ្វើរបាយការណ៍ការងារនេះជូនទៅរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេចអនុញ្ញាត្តឲ្យក្រុមហ៊ុនទ្រី ភាពអភិវឌ្ឍន៍ឬយ៉ាងណា”។

លោកសោម ពិសិដ្ឋបានបន្តថា ការរីកចម្រើននៃខេត្តកែប បាននិងកំពុងទាក់ទាញការវិនិយោគ កាន់តែច្រើនពីអ្នកធុរកិច្ចជាតិ និងអន្តរជាតិក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

ខេត្តកែបបាននិងកំពុងស្វាគមន៍ ក្រុមហ៊ុនឯកជនមួយសាងសង់រ៉តជិះកាត់ភ្នំ និងសមុទ្រប្រវែង៥០០ម៉ែត្រ ដែលគំរោងនេះវិនិយោគដោយក្រុមហ៊ុនឯកជន ក្រោមការបោះទុនវិនិយោគប្រមាណ២០លានដុល្លារអាមេរិក៕

ក្រុមហ៊ុនលំដាប់យក្សកម្ពុជាសហការវិនិយោគជាមួយក្រុមហ៊ុនអន្តរជាតិ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រុមហ៊ុន (OCIC) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍លំដាប់យក្សមួយរបស់កម្ពុជា និងសមាគមលក់រាយម៉ាឡេស៊ី (MRCA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាបន្ថែមទៀត ដើម្បីជំរុញខ្សែសង្វាក់អាជីវកម្មផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

ពិយោងតាមសេចក្តីប្រកាសរបស់ OCIC កាលពីដើមសប្តាហ៍នេះបាន​ឲ្យដឹងថា កិច្ចសហប្រតិបត្តិការនេះ នឹងជួយពង្រីកអាជីវកម្មរបស់ភាគីទាំងពីរ រួមមាន មជ្ឈមណ្ឌលផ្សារទំនើប អាកាសចរណ៍ ការអភិវឌ្ឍន៍ទីក្រុងរណប ការអភិវឌ្ឍន៍អចលនទ្រព្យ សំណង់ និងការផ្គត់ផ្គង់សំណង់ សណ្ឋា​គារ និងរមណីយដ្ឋាន ការអប់រំ កសិកម្ម ការលំហែ និងវប្បធម៌ វេជ្ជសាស្ត្រ កាសែត និងបោះពុម្ព។

ក្នុងឱកាសចុះអនុស្សរណៈយោគយល់គ្នានេះ OCIC បាននាំយកប្រតិភូMRCA ចំនួន65នាក់ ទៅទស្សនាអង្គភាពអាជីវកម្មលក់រាយដ៏គួរឱ្យទាក់ទាញជាច្រើនរបស់ OCIC រួមមាន The Olympia Mall និង The Promenade Des Champs Élysées។

លោកស្រី Lim Lychin នាយកក្រុមហ៊ុន OCIC និងក្រុមហ៊ុន Mega Asset Management Co., មានប្រសាសន៍ថា “ក្រុមហ៊ុនOCIC ត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ សហគមន៍ធុរកិច្ចម៉ាឡេស៊ីមកកាន់កម្ពុជា ព្រោះយើងមានសុទិដ្ឋិនិយមថា កំណើនពាណិជ្ជកម្មដ៏រឹងមាំ និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ព្រមទាំងហេតុផលជាច្រើនផ្សេងទៀត ដែលនឹងបន្តជួយជំរុញនិងពង្រីកកិច្ចសហការទេ្វភាគីនេះ ឱ្យកាន់តែមានភាពប្រសើរនិងរីកចម្រើនទៅមុខបានយ៉ាងឆាប់រហ័ស”

ប្រតិភូ MRCA ក៏បានស្វែងយល់ពីផ្នែកនៃភាពជាដៃគូ នៅក្នុងគម្រោងផ្សេងៗទៀតរបស់OCIC ក្រៅពីអង្គភាពអាជីវកម្មលក់រាយរបស់ខ្លួនផងដែរ។ ដំណើរ​ទស្សន​កិច្ច​នេះ ​ក៏​មាន​គោល​បំណង​បង្កើត​ភាព​ជា​ដៃ​គូ​ យុទ្ធសាស្ត្រ​ក្នុង​វិស័យ​ដែល​មាន​ផលប្រយោជន៍ ​ទៅ​វិញ​ទៅ​មក​ដល់​អង្គភាពទាំង​ពីរផងដែរ៕

 

ADBកំពុងជួយសិក្សាជំនាញដើម្បីជួយជម្រុញវិស័យឧស្សាហកម្ម ឲ្យមានភាពប្រសើរឡើង

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) បាន​និង​កំពុង​សិក្សា​ស្រាវ​ជ្រាវ​រៀបចំ “គម្រោង​​ជំនាញ​សម្រាប់​សេដ្ឋ​កិច្ច​នាពេល​អនាគត (Skills for Future Economy)” ក្នុង​គោល​បំណង​ចម្បង​គឺ ដើម្បីធ្វើ​ឱ្យឧស្សាហ​កម្ម​នៅ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង។

លោកអ៉ិត សំហេងរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែង​បែបនេះ​ក្នុង​ជំនួប​ជាមួយ​លោកស្រី Jyotsana Varma នាយិកា​ប្រចាំ​ប្រទេស នៃ​ធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី (ADB) ដែល​បាន​​ពិភាក្សា​ការងារ​មួយ​ចំនួន ពាក់​ព័ន្ធ​នឹង​កិច្ច​សហប្រតិ​បត្តិការ លើ​វិស័យអប់រំ​បណ្តុះ​បណ្តាល បច្ចេក​ទេស និង​វិជ្ជា​ជីវៈ (TVET) នាថ្ងៃទី​ ៧ ខែ​កញ្ញាកន្លងមកនេះ។​

លោក​បញ្ជាក់​ថា “គម្រោង​នេះ បាន​ចូល​រួម​អនុវត្ត​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហ​កម្ម គោល​នយោ​បាយ អភិវឌ្ឍន៍​មុខ​របរ និង​ការងារ និង​គោល​នយោ​បាយ​ជាតិស្តីពី ​ការ​អប់​រំ​បណ្តុះ​បណ្តាល​ប ច្ចេក​ទេស និង​វិជ្ជា​ជីវៈ”។

គម្រោង​នេះ ក៏នឹង​ឆ្លើយតប​ទៅ​នឹង​ផែន​ការ​ យុទ្ធសាស្រ្តអ​ភិវឌ្ឍន៍​វិស័​យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ផែន​ការ​យុទ្ធ​សាស្រ្ត សកម្មភាព​ការធ្វើ​ទំនើបកម្ម​ ប្រព័ន្ធ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ និង​ផែន​ការ​មេសម្រាប់​ការអ​ភិវឌ្ឍគ្រឹះស្ថា​ន TVET រួម​មាន ហេដ្ឋា​រចនាស​ម្ព័ន្ធ ការ​បំពាក់​ឧបករណ៍​សម្ភារ​ ការអភិវឌ្ឍធន​ធាន​មនុស្ស​ ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា ​ការបណ្តុះ​បណ្តាល ប្រាក់​ឧបត្ថម្ភ​សិស្ស ​កម្ម​សិក្សា (គ្រូ និង​សិស្ស) និង​ការ​សិក្សា​ផ្អែក​លើការ​ងារ​។

លោកអ៉ិត សំហេងបានឲ្យដឹងថា ADB គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏ល្អមួយ​ក្នុង​រយៈពេ​ល៣​ទសវត្ស​រ៍កន្លង​មក​នេះ ដោយបា​នគាំ​ទ្រវិស័យ TVET តាំង​ពីឆ្នាំ​ ១៩៩៦ ជាមួយ​នឹងការ​ផ្តល់ហិរញ្ញ​ប្បទាន ​លើគ​ម្រោង Basic Skills Project និង​បន្តគាំ​ទ្រ​វិស័យ​ TVET តាម​រយៈ​កម្មវិធី​អភិវឌ្ឍន៍​វិស័យ​អប់​រំ​ទី១ និង​ទី២ គម្រោង​ពង្រឹង​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស និង​វិជ្ជា​ជីវៈ (STVET) គម្រោង​អភិវឌ្ឍន៍ ​វិស័យ​អប់​រំបណ្តុះប​ណ្តាលបច្ចេក​ទេស និង​វិជ្ជាជី​វៈ (TVETSDP) ដែល​នឹង​ចប់​ជាស្ថាពរ​នៅ​ខែ​កញ្ញា ឆ្នាំ​ ២០២២ និង​គម្រោង​ជំនាញ​សម្រាប់​ការ​ប្រកួត​ប្រជែង (Skills for Competitiveness) ដែល​កំពុង​អនុវត្ត​ ហើយ​នឹងត្រូវ​បញ្ចប់​នៅខែ​​មេសា ឆ្នាំ២០២៥។

នាយិកា​ប្រចាំ​ប្រទេ​ស​នៃធនាគារ​អភិវឌ្ឍ​ន៍​អាស៊ី (ADB) លោក​ស្រី Jyotsana Varma ថ្លែ​ងថា​ នៅក្នុង​ដំណាក់​កាល​កូវីដ​ ១៩ ទាំង​ADB ​និង​រាជរដ្ឋាភិបាល​កម្ពុជា មាន​កិច្ចការ​ច្រើន​ណាស់ ដើម្បី​រួម​គ្នាស​ម្រេចបាន​ជោគ​​ជ័យ ធ្វើយាង​ណាឱ្យ​យុវជន ​ទទួល​បាន​ការ​បណ្តុះ​បណ្តាល ទាំង​ចំណេះ​ដឹង ជំនាញ កសាង​អនាគត​របស់​ពួក​គេឱ្យ​ភ្លឺ​ស្វាង​។

លោកស្រីបន្តថា “យុវជន​កម្ពុជា​ចាំបាច់ ​ត្រូវ​មាន​ការ​អភិវឌ្ឍ​ចំណេះ​ដឹង​របស់​ខ្លួន ដើម្បី​ដើរ​ឱ្យទាន់​នូវ​ការ​រីក​ចម្រើន​នៃ​បច្ចេក​វិទ្យា​ដ៏ឆាប់​រហ័ស”៕

 

ដំណឹងល្អ ក្រុមហ៊ុនតូយ៉ូតាបោះទុនវិនិយោគជិត៣៧លានដុល្លារបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តនៅកម្ពុជា

ដោយ៖ សុផារី

 

ភ្នំពេញ៖ ជាដំណឹងល្អមួយ ដែលក្រុមហ៊ុនផលិតរថយន្តលំដាប់ពិភពលោក របស់ប្រទេសជប៉ុន គឺក្រុមហ៊ុន តូយ៉ូតា បានបោះទុនវិនិយោគជិត៣៧លានដុល្លារអាមេរិក លើគម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តធំមួយនៅក្នុងប្រទេសកម្ពុជា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. លើគម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្តតូយ៉ូតា។

 

រោងចក្រធំមួយនេះមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន៣៦,៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមាណ១៥០នាក់៕

 

ស្ពានមិត្តភាពភ្ជាប់ប្រទេសឡាវនិងថៃសម្រេចការសាងសង់បានជាង៥០ភាគរយ

ដោយ: លាងហួរ

ឡាវ: ស្ពានមិត្តភាពឡាវ-ថៃទី៥ រវាងខេត្តបូលីខេមសៃ និងខេត្តបឹងកាន បានបញ្ចប់ការសាងសង់ជាងពាក់កណ្តាលហើយ គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ។

លោក Laithong Phommavong ប្រធានគម្រោងស្ពានមិត្តភាពឡាវ-ថៃទី៥ បាននិយាយថា ការសាងសង់បានចាប់ផ្តើមនៅខែសីហា ឆ្នាំ២០១៩ ជាមួយនឹងប្រាក់កម្ចីជាង១ពាន់លានបាត ពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) ក្នុងប្រទេសថៃ។

ស្ពានដែលកំពុងត្រូវបានសាងសង់ឆ្លងទន្លេមេគង្គ មានប្រវែងសរុប៥៣៥ម៉ែត្រ នៅខាងប្រទេសឡាវ។  បន្ថែមពីលើនេះកិច្ចសន្យាលើកទីពីរ ក្នុងការសាងសង់ផ្លូវចូល ស្ពាន ដែលមានប្រវែងសរុប២.៧៧៥ម៉ែត្រ រួមទាំង ប៉ុស្តិ៍ត្រួតពិនិត្យ និងគ្រឿងបរិក្ខារផ្សេងទៀតនៅភាគីឡាវ គ្រោងសាងសង់រយៈពេល សាងសង់៣០ខែ និងរយៈពេលធានា២៤ខែ។

លោក Laithong បានបញ្ជាក់ថា គម្រោងនេះ បានសហការជាមួយក្រុមការងារថ្នាក់កណ្តាល និងខេត្ត ដើម្បីបន្តប្រតិបត្តិការ និងសម្រួលដល់ក្រុមក្រុមហ៊ុនប្រឹក្សាយោបល់ និងក្រុមហ៊ុនម៉ៅការថៃ ធ្វើការយ៉ាងរលូន ទោះបីក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ក៏ដោយ។

រដ្ឋាភិបាលក៏ត្រូវបានស្នើឱ្យពិនិត្យមើលប្រភពថវិកា ដើម្បីទូទាត់សំណង ដល់ប្រជាពលរដ្ឋនៅជុំវិញតំបន់នោះ និងសងសំណងទៅអ្នកម៉ៅការវិញ សម្រាប់ចំនួនទឹកប្រាក់ ដែលបានខ្ចីរួចហើយ ដើម្បីសាងសង់ស្ពាន។

ស្ពាននេះមានទីតាំងស្ថិតនៅភូមិ Kouay Oudom ស្រុក Paksan ខេត្ត Bolikhamxay មានចម្ងាយ២,៨គីឡូម៉ែត្រ ពីផ្លូវលេខ១៣ នៅភាគខាងត្បូង។ នៅពេលសាងសង់រួចរាល់ ស្ពាននេះនឹងបម្រើជាច្រករបៀងដឹកជញ្ជូនដ៏សំខាន់ដែលតភ្ជាប់ប្រទេសថៃ និងទីក្រុងវៀតណាមជាច្រើនឆ្លងកាត់ប្រទេសឡាវ៕

រដ្ឋាភិបាលបង្កើតគណៈកម្មាធិការអន្តរក្រសួងពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀងសម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មាធិការអន្តរក្រសួង ពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀងដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។

បើតាមសេចក្តីសម្រេច ដែលចុះហត្ថលេខានៅថ្ងៃទី០៧ ខែកញ្ញានេះ គណៈកម្មាធិការថ្មីនេះមានលោកឧបនាយរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាប្រធាន លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអនុប្រធានប្រចាំការ និងមានអនុប្រធាន សមាជិក ចំនួន១៩រូបផ្សេងទៀត។

គណៈកម្មាធិការអន្តរក្រសួងមានភារៈកិច្ច ក្នុងការពិនិត្យ និងសិក្សាកិច្ចព្រមព្រៀងសម្បទាន ដែលមានស្រាប់ទាំងអស់ ពាក់ព័ន្ធនឹងការវិនិយោគអាកាសយានដ្ឋានអន្តរជាតិ នៅភ្នំពេញ និងខេត្តព្រះសីហនុ រវាងរាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) និងជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី។

គណៈកម្មាធិការអន្តរក្រសួងនេះក៏មានតួនាទី ក្នុងការពិនិត្យបញ្ចប់កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃកម្ពុជា ជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) ដើម្បីដំណើរការក្រុមហ៊ុនវិនិយោគថ្មី (AIAI)៕

កម្ពុជាជប៉ុនពិភាក្សាប្រធានបទសំខាន់ចំនួនបី ដើម្បីបង្កើតបរិយាកាសវិនិយោគកាន់តែប្រសើរ

ដោយ៖ សូរិយា

ភ្នំពេញ៖ គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនបានបើកកិច្ចប្រជុំលើកទី២៤ ដោយលើកយកប្រធានបទចំនួនបីមកពិភាក្សា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា សំដៅបង្កើតនូវបរិយាកាសវិនិយោគឱ្យកាន់តែប្រសើរឡើងថែមទៀត។

ក្នុងកិច្ចប្រជុំលើកទី២៤ កាលពីរសៀលថ្ងៃទី០៧ ខែកញ្ញា កិច្ចប្រជុំបានលើកមកពិភាក្សានូវ ប្រធានបទ ចំនួន៣រួមមាន (១) កាតព្វកិច្ចពន្ធរបស់អភិបាលអនិវាសនជន (២) ឡូជីស្ទីក (ការពន្លឿនការដាក់ឲ្យដំណើរការមាត់ច្រកព្រំដែនស្ទឹងបត់ នៅក្រុងប៉ោយប៉ែត និងវឌ្ឍនភាពនៃប្រព័ន្ធបញ្ជរជាតិកម្ពុជា ឌីជីថលូបនីយកម្ម និងសាមញ្ញកម្មនៃនីតិវិធីគយ) និង (៣) ថាមពល (ការកាត់បន្ថយថ្លៃអគ្គិសនី និងការដាច់ចរន្តអគ្គិសនី និងការគាំទ្រលើសកម្មភាព ស្តីពីអព្យាក្រឹតកាបូន។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកវិនិយោគជប៉ុន ដែលជានិច្ចកាលតែងផ្តល់ទំនុកចិត្ដខ្ពស់ មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលជាកត្តាចាំបាច់ ដើម្បីបង្កើតបរិស្ថានអំណោយផល សម្រាប់ការវិនិយោគ និងបានរំលេចពីច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ឆ្នាំ២០២១ ដែលជាឯកសារគតិយុត្តិដ៏មានសារៈសំខាន់ ក្នុងការផ្តល់កិច្ចសម្រួល ការលើកទឹកចិត្ត និងការថែទាំវិនិយោគ។

លោក  ម៉ាសាហ៊ីរ៉ុ មីខាមី ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា បានសម្តែងនូវការអបអរសាទរ ចំពោះការដាក់ឲ្យប្រើប្រាស់នូវច្បាប់វិនិយោគថ្មី ហើយថ្លែងការកោតសរសើរ និងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ដែលកន្លងមក បានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពររបស់វិនិយោគិនជប៉ុន ដែលសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំ និងផ្ដល់ភាពកក់ក្ដៅ ដល់វិនិយោគិនគ្រប់រូប។

 

ប្រធានសមាគមធុរកិច្ចជប៉ុននៅកម្ពុជាក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាប្រឈមនានា ដើម្បីបង្កើតនូវបរិយាកាសវិនិយោគ ដ៏ល្អប្រសើរលើគ្រប់វិស័យ។ លោកប្រធានសមាគម បានប្តេជ្ញាចិត្តនឹងជួយជំរុញវិនិយោគិនជប៉ុន មកបន្តការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវីដ-១៩។

គិតត្រឹមខែសីហា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគជប៉ុន ចំនួន១៤៩គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ២,៩ពាន់លានដុល្លារអាមរិក៕

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃរំពឹងផលចំណេញខ្ពស់ពីកំណើនភ្ញៀវទេសចរឡើងវិញ

ដោយ: លាងហួរ

ថៃ: ខណៈអាជីវកម្មសណ្ឋាគារបានក្លាយជាកត្តាជំរុញដ៏សំខាន់ ស្របពេលមានកំណើនភ្ញៀវទេសចរណ៍ឡើងវិញ ក្រុមហ៊ុន C.P. Land Plc រំពឹងថា ប្រាក់ចំណូលនឹងកើនឡើងចំនួន៤២ភាគរយ ដល់២,៧ពាន់លានបាត (ជាង៧៤លានដុល្លារ) នៅឆ្នាំ២០២២នេះ។

លោក Keerati Satasook ប្រធានផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន បាននិយាយថា ប្រាក់ចំណូលពីសណ្ឋាគារបានធ្លាក់ចុះ នៅចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២១ ដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត។ កំណើន៤២ភាគរយ នៃប្រាក់ចំណូល ដែលបានព្យាករណ៍ទុក នឹងត្រូវបានជំរុញជាចម្បង ដោយប្រាក់ចំណូលពីអាជីវកម្មសណ្ឋាគារ ដែលបានធ្លាក់ចុះ៤០ភាគរយ ក្នុងអំឡុងពេលជំងឺរាតត្បាត។

បច្ចុប្បន្ន ក្រុមហ៊ុន C.P. Land មានសណ្ឋាគារចំនួន១៣ ដែលមានបន្ទប់ចំនួន១.៨៧៧ ក្រោមម៉ាកយីហោ Fortune។ Grand Fortune Hotel Bangkok គឺជាសណ្ឋាគារដ៏ធំបំផុត ដែលមាន៤៦៣ ស្ថិតនៅលើផ្លូវរាជឆាដាពិសេក (Ratchadapisek) ហើយសណ្ឋាគារនេះបានកត់ត្រាចំនួនអ្នកស្នាក់នៅខ្ពស់បំផុត។

សណ្ឋាគារចំនួន១២ផ្សេងទៀត ស្ថិតនៅក្នុងខេត្តចំនួន៩ នៅទូទាំងប្រទេស។ សណ្ឋាគារ ដែលមានអ្នកស្នាក់នៅច្រើនជាងគេទីពីរ គឺ នៅខេត្តនគរស៊ីធម្មរាត បន្ទាប់មកគឺនគររាជសីមា រ៉ាយ៉ង និងនគរភ្នំ។

លោកបានបន្តថា យើងកំពុងសិក្សាខេត្តជាច្រើនដូចជា ភូកេត ក្រះបី និង ផាំងង៉ា ដើម្បីអភិវឌ្ឍសណ្ឋាគារថ្មីក្នុងរយៈពេល៣ឆ្នាំខាងមុខ។ យើងមានគម្រោងសណ្ឋាគារប្រណិត ដែលកំណត់គោលដៅភ្ញៀវទេសចរ ដែលចំណាយច្រើន និង សណ្ឋាគារដើម្បីបម្រើប្រជាជនចិន និងឥណ្ឌា។

សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន ក្រុមហ៊ុនគ្រោងនឹងចំណាយប្រាក់ពី៣ទៅ៤ពាន់លានបាត ក្នុងមួយឆ្នាំសម្រាប់ការទិញដីឡូត៍ថ្មី ការអភិវឌ្ឍគម្រោងថ្មី និងដើម្បីកែលំអគម្រោងលំនៅដ្ឋាន និងខុនដូ ដែលមានស្រាប់ទូទាំងប្រទេស ដើម្បីចាប់ផ្តើមសកម្មភាពលក់ និងទីផ្សារឡើងវិញ៕

សម្ដេចតេជោ ហ៊ុន សែន គាំទ្រនិងផ្តល់អនុសាសន៍លើការបង្កើតក្លឹបសេដ្ឋកិច្ចអាស៊ាន តំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជានិងមូលនិធិអភិវឌ្ឍកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានគាំទ្រសំណើររបស់លោក Tan Sri Michael Yeoh ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ក្នុងការចាប់ផ្ដើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន គំនិតផ្ដួចផ្ដើមនៃតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍកម្ពុជា។

លោក Tan Sri Michael Yeoh បានលើកឡើងសំណើរទាំង៣ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២នេះ។

នៅក្នុងជំនួបនេះ លោក Tan Sri Michael Yeoh បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលកំពុងជោគជ័យលើការដឹកនាំអាស៊ាន ក្នុងនាមជាប្រធានអាស៊ាន និងទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាព ធ្វើឲ្យប្រទេសកម្ពុជាជាកន្លែងទាក់ទាញ ប្រកបដោ​យសក្ដានុពល សម្រាប់ការវិនិយោគ ដែលជាកត្តានាំឲ្យកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។

លោក Tan Sri Michael Yeoh បានគោរពជម្រាបជូនសម្ដេចតេជោថា បំណងរបស់លោកមកកាន់ប្រទេសកម្ពុជានាពេលនេះ គឺទីមួយគោរពស្នើសុំការគាំទ្រ និងអនុញ្ញាត ចាប់ផ្ដើមដំណើរការក្លឹបសេដ្ឋកិច្ចអាស៊ាន ដែលមានទិសដៅជាចំបង គឺចូលរួមចំណែកជួយផ្ដល់ធាតុចូលដល់អាស៊ាន និងជាស្ពានរវាងអាស៊ាន និងស្ថាប័ន ព្រមទាំងវិស័យផ្សេងៗ។ ទីពីរគឺស្នើសុំការគាំទ្រលើគំនិតផ្ដួចផ្ដើម ឲ្យមានតំបន់សេដ្ឋកិច្ចបៃតងនៅកម្ពុជា និងការបង្កើតមូលនិធិអភិវឌ្ឍកម្ពុជា ដែលមូលនិធិនេះគឺសម្រាប់ជំរុញការអភិវឌ្ឍធនធានមនុស្ស ជាពិសេសវិស័យ IT បញ្ញាសុប្បនិមិត្ត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងគាំទ្រចំពោះការចាប់ផ្ដើមបង្កើត និងដំណើរ​ការរបស់ក្លឹបសេដ្ឋកិច្ចអាស៊ាន។ សម្ដេចតេជោ បានផ្ដល់ជាអនុសាសន៍ថា បន្ថែមទៅលើអ្វីដែលក្លឹបសេដ្ឋកិច្ចអាស៊ាន​ ចង់ធ្វើគួរពិចារណាចូលរួមចំណែកលើការពិនិត្យ វាយតម្លៃ និងផ្ដល់ធាតុចូលដល់អាស៊ានផង និងផ្សព្វផ្សាយអំពីលទ្ធផលការងាររបស់អាស៊ានផង។

 

សម្ដេចតេជោ ហ៊ុន សែន ក៏គាំទ្រកិច្ចផ្ដួចផ្ដើមបង្កើតមូលនិធិអភិវឌ្ឍន៍កម្ពុជាផងដែរ។ ដោយឡែកកិច្ចផ្ដួចផ្ដើមឲ្យមានតំបន់សេដ្ឋកិច្ចបៃតង សម្ដេចតេជោ បានមានប្រសាសន៍ថា គំនិតនេះ គឺស្ថិតនៅក្នុងសំណើរបស់កម្ពុជា លើកទៅអាស៊ានកន្លងមក នោះគឺសំណើឲ្យមានកិច្ចព្រមព្រៀងបៃតងអាស៊ាន៕​