ធនាគារហត្ថាផ្តល់ឥណទានដល់វិស័យអចលនទ្រព្យប្រមាណ៣០០លានដុល្លារក្នុងមួយឆ្នាំ

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ដោយសារវិស័យអចលនទ្រព្យ ដើរតួនាទីកាន់តែសំខាន់ឡើងក្នុងការជម្រុញកំនើនសេដ្ឋកិច្ច ធនាគារហត្ថាដែលជាធនាគារឈានមុខមួយ ក្នុងចំណោមធនាគារដទៃទៀត បានផ្តល់ឥណទានកាន់តែច្រើនដល់វិស័យនេះ។

ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី១៧ សីហានេះថា ធនាគារបាន  ផ្តោត លើគោលនយោបាយឥណទានរបស់យើង តាមផែនការដែលបានដាក់ចេញ ដោយទំហំឥណទានរបស់យើង បានផ្តល់លើវិស័យអចលនទ្រព្យមានចំនួន១៥ភាគរយ នៃឥណទានសរុប១៩០០លានដុល្លារ ដែលបានបញ្ចេញប្រចាំឆ្នាំ។
លោកឧកញ៉ាបានបន្តថា “ជាមួយនឹងការរីកចម្រើនវិស័យនេះ ធនាគាតរមានផែនការពង្រីកទំហំឥណទាន ដល់វិស័យអចលនទ្រព្យបន្តទៀត ព្រោះអចលនទ្រព្យជាផ្នែកដ៏សំខាន់ នៃការជម្រុញកំនើនសេដ្ឋកិច្ចជាតិ”។ លោកឧកញ៉ាបន្តថា “ឥណទានភាគច្រើនរបស់យើង ផ្តោតលើអ្នកទិញលំនៅដ្ឋាន ប៉ុន្តែយើងក៏ផ្តល់ជូនអញនកអភិវឌ្ឍន៍នានាផងដែរ”។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ក្រៅពីវិស័យអចលនទ្រព្យ ធនាគារហត្ថាបានផ្តល់ឥណទាន ដល់វិស័យកសិកម្ម៣០ភាគរយ និងវិស័យ​​ដទៃទៀត ពិសេសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។ ជាក់ស្តែង​ធនាគារ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់កញ្ចប់ឥណទានដល់ការស្តារឡើងវិញ នៃវិស័យសហគ្រាសធុនតូច និងមធ្យម និងវិស័យទេសចរណ៍ផងដែរ។

ធនាគារហត្ថាបាន និងកំពុងបន្តរីកចម្រើនយ៉ាងខ្លាំង បន្ទាប់ពីធនាគារនេះ បានក្លាយជាបុត្រសម្ព័ន្ឋរបស់ធនាគារក្រុងស្រ៊ី ដែលមានមូលដ្ឋាននៅ​ប្រទេសថៃ។ បច្ចុប្បន្នធនាគារនេះ បាននិងកំពុងសាងសង់អាគារកំពស់៤០ជាន់ ដែលមានផ្ទៃក្រឡាអាគារទំហំ៤០,០០០ម៉ែត្រការ៉េ ធ្វើជាការិយាល័យកណ្តាលរបស់ខ្លួន ស្ថិតនៅលើមហាវិថីសម្តេចតេជោឬផ្លូវ៦០ម៉ែត្រ៕

បន្ទាប់ពីផ្អាកទិញយក Twitter ឥឡូវ Elon Musk ប្រកាសទិញយកក្លឹបបាល់ទាត់ Manchester United

ដោយៈ សុខុម

អាមេរិកៈ កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា លោក Elon Musk ដែលជាមហាសេដ្ឋីមានទ្រព្បសម្បត្តិច្រើនបំផុត ក្នុងពិភពលោកបានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គម Twitter ថា លោកនឹងទិញយកក្លឹបបាល់ទាត់ Manchester United ដោយមិនផ្តល់ព័ត៌មានលម្អិត។

លោក Elon Musk បានសរសេរបង្ហោះថា “ខ្ញុំនឹងទិញយកក្លឹបបាល់ទាត់ Manchester United មិនអីទេ”។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃពុធ ទី១៧ ខែសីហា នេះ។

ក្លឹបបាល់ទាត់នេះ ត្រូវបានគ្រប់គ្រងដោយគ្រួសារលោក Glazer ដែលជាមហាសេដ្ឋីជនជាតិអាមេរិក។

ទោះជាយ៉ាងណា ទាំងគ្រួសារលោកGlazer និងលោក Elon Musk មិនអាចទាក់ទងសុំការឆ្លើយបំភ្លឺបានទេជុំវិញបញ្ហានេះ។

កាសែតអង់គ្លេស The Daily Mirror បានចុះផ្សាយកាលពីឆ្នាំមុនថា គ្រួសារលោក Glazer ត្រៀមលក់ក្លឹបបាល់ទាត់នេះ ប៉ុន្តែទាល់តែបានតម្លៃលើសពី៤,៨៤ពាន់លានដុល្លារអាមេរិក ទើបពួកគេព្រមលក់។

បច្ចុប្បន្នលោក Elon Musk កំពុងព្យាយាមដកខ្លួនចេញពីកិច្ចព្រមព្រៀងទិញក្រុមហ៊ុន បណ្ដាញទំនាក់ទំនងសង្គម Twitter ក្នុងតម្លៃ៤៤ពាន់លានដុល្លារ ដែលធ្វើឱ្យក្រុមហ៊ុននេះកើតទុក្ខមិនសុខចិត្ត និងប្ដឹងលោកឡើងតុលាការ។

ក្លឹប Manchester United ស្ថិតក្នុងចំណោមក្លឹបបាល់ទាត់ ដែលទទួលបានការគាំទ្រច្រើនបំផុតរបស់ពិភពលោក។ ក្លឹបនេះបានក្លាយជាម្ចាស់ជើងឯករបស់ប្រទេសអង់គ្លេស ដល់ទៅ២០ដង និងបានឈ្នះពានរង្វាន់ European Cup ដែលជាការប្រកួតប្រជែង ដ៏មានកិត្យានុភាពបំផុតក្នុងពិភពលោកចំនួន៣ដង៕ Reuters៕

រដ្ឋាភិបាលចិនរៀបចំគម្រោងហេដ្ឋារចនាសម្ព័ន្ធទី៣ ដែលផ្តល់មូលនិធិ ដោយមូលបត្របំណុល

ដោយ: លាងហួរ

ប្រទេសចិន: ក្រុមមន្រ្តីជាន់ខ្ពស់នៃនិយតករសេដ្ឋកិច្ចកំពូលរបស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសចិនកំពុងរៀបចំផែនការជាក្រុមទីបី លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដោយប័ណ្ណបំណុលរដ្ឋាភិបាល។

ប្រទេសចិនក៏គ្រោងនឹងពន្លឿន ការសាងសង់គម្រោងសំខាន់ៗផ្សេង​ៗនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២២នេះផងដែរ។

លោក Luo Guosan ប្រធាននាយកដ្ឋានវិនិយោគទ្រព្យសកម្មថេរនៃគណៈកម្មាធិការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារថា ការវិនិយោគនេះដើរតួយ៉ាងសំខាន់ ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ប្រទេសចិនដែលកំពុងធ្លាក់ចុះ។

ការពន្លឿន និងការជំរុញលើកកម្ពស់ការសាងសង់ គម្រោងសំខាន់ៗផ្តល់នូវការបម្រុងទុកដ៏សំខាន់ សម្រាប់ការពង្រីកតម្រូវការក្នុងស្រុក និងស្ថិរភាពសេដ្ឋកិច្ចទាំងមូល។

លោកបានបន្តថា “ប្រទេសចិន បានបញ្ចប់ការចេញមូលបត្របំណុលពិសេសចំនួន៣,៤៥ពាន់ពាន់លានយ័ន(៥០៨ពាន់លានដុល្លារ) សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ”។

ក្នុងអំឡុងពេលប្រាំពីរខែដំបូង  គណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ជាតិ(NDRC) បានអនុម័តគម្រោងវិនិយោគទ្រព្យសកម្ម ថេរចំនួន៦៥ដែលមានតម្លៃជាង១ពាន់ពាន់លានយ័ន។

កាលពីខែកក្កដា គណៈកម្មការនេះក៏បានអនុម័ត គម្រោងចំនួនប្រាំបីដែលមានតម្លៃ២៣៦,៨ពាន់លានយ័ន ដែលភាគច្រើននៅក្នុងវិស័យដូចជាការអភិរក្សទឹក និងថាមពល៕

សម្តេចតេជោប្រាប់ឱ្យក្រុមហ៊ុនរកស៊ីប្រេងឥន្ធនៈនៅកម្ពុជាកុំដំឡើងតម្លៃប្រេងលឿនជាងទីផ្សារអន្តរជាតិ

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសម្តែងកង្វល់រឿងថ្លៃប្រេងឥន្ធនៈឡើងខ្ពស់ ច្រើនជាងកង្វល់តម្លៃទំនិញឡើងខ្ពស់ ដោយប្រាប់ឱ្យក្រុមហ៊ុនរកស៊ីប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជា កុំដំឡើងតម្លៃប្រេងលឿនជាងទីផ្សារអន្តរជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍យ៉ាងដូច្នេះ នៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហានេះ។

សម្តេចមានប្រសាសន៍ថា ប្រសិនបើតម្លៃប្រេងនៅទីផ្សារអន្តរជាតិចុះថ្លៃហើយ តម្លៃប្រេងនៅកម្ពុជាមិនអាចនៅតែឡើងថ្លៃនោះទេ។ ការរកស៊ីតែងមានការចំណេញ ប៉ុន្តែកុំឆ្លៀតឱកាសកេងចំណេញ នៅចំពេលដែលពិភពលោកកំពុងមានបញ្ហារឿងតម្លៃប្រេងឥន្ធនៈនេះ។

សម្តេចតេជោ បន្តថា “ព្រឹកមិញ ខ្ញុំតាមដានបញ្ហាប្រេង តម្លៃប្រេង៩២,០៦ តែឥឡូវនេះ ចុះដល់៩១,៩០ទេ។ ខ្ញុំចេះតែតាមដានទៅ ដើម្បីដឹងការកំណត់ថ្លៃក្នុងប្រទេស។ បើចុះ វាល្អសម្រាប់យើង ថ្ងៃនេះ ឬស្អែក ត្រូវប្រកាសតម្លៃជាថ្មីហើយ ឥលូវតើចុះ ឬមិនចុះ?”។

សម្តេចតេជោ បានមានថ្លែងបន្ថែមថា “រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាការសម្របសម្រួល ខ្ញុំសូមកោតសរសើរ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនប្រេងទាំងឡាយនៅកម្ពុជា។ តែខ្ញុំសុំថាអញ្ចេះ ​កុំថា គេប្រកាសឡើងថ្លៃភ្លាមពីក្រៅប្រទេស តែយើងនៅក្នុងនេះ ប្រកាសឡើងភ្លាមដែរ ដែលអាចធ្វើឱ្យវាជ្រួលច្របល់”៕


សម្តេចតេជោបញ្ជាឱ្យបញ្ឍប់ការចុះកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាអ៉ិនធើណែតជាមួយបុរី

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យបញ្ឍប់ការចុះកុងត្រាផ្ដាច់មុខរវាងក្រុមហ៊ុនសេវាទូរស័ព្ទ និងសេវាអ៊ិនធើណែត ជាមួយក្រុមហ៊ុនបុរី ដែលបានបង្កផលលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី ដោយសារបញ្ហា មិនមានសេវាទូរស័ព្ទ និងអ៊ិនធើណែតក្នុងបុរី។

សម្ដេចតេជោថ្លែងបែបនេះ ក្នុងពេលអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ បញ្ជាក់ថារាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យមានការប្រកួតប្រជែងមិនមែនដើម្បីជំរុញឱ្យផ្ដាច់មុខទេ ដោយការងារនេះ ត្រូវធ្វើតាមរយៈការប្រកួតប្រជែងរវាងក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ និងអ៊ិនធើណែត ដើម្បីសម្រួលដល់ការប្រើប្រាស់ របស់ប្រជាពលរដ្ឋរស់នៅក្នុងបុរី។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ បន្ទាប់ពីសម្ដេចបានបញ្ជាឱ្យរដ្ឋមន្ត្រីប្រៃសនីយ៍ និងទូរគមនាគមន៍លុបកុងត្រាសិទ្ធផ្ដាច់មុខរបស់ក្រុមហ៊ុនទូរគមនាគមន៍ ក្នុងគម្រោងបុរីនីមួយៗឱ្យអស់ និងអនុញ្ញាតដល់ក្រុមហ៊ុនផ្សេងរៀបចំបង្កើនគុណភាពសេវា ក្នុងតំបន់ទាំងនោះ។

សម្ដេចតេជោថា “ត្រូវជំរុញល្បឿនឱ្យសេវានានាទៅតម្លើងឡើងវិញ”៕

ក្រុមហ៊ុនយក្ស TTC Group គ្រោងបោះទុនរាប់ពាន់លានដុល្លារ ដើម្បីបង្កើនការផលិតថាមពលកកើតឡើងវិញនៅវៀតណាម

ដោយសុខុម

ហាណូយ: ក្រុមហ៊ុនវៀតណាម TTC Group មានបំណងបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនីកកើតឡើងវិញរបស់ខ្លួនទ្វេដងរហូតដល់ឆ្នាំ២០២៥ ខណៈប្រទេសវៀតណាម កំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម។

យោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ឱ្យដឹងថា ការបង្កើនសមត្ថភាពផលិតថាមពលកកើតឡើងវិញនេះ នឹងធ្វើឡើងតាមរយៈការបោះទុនវិនិយោគយ៉ាងច្រើនសម្បើមលើថាមពលខ្យល់ និងការចាប់ដៃគូសហការជាមួយក្រុមហ៊ុនផលិតថាមពលដ៏ធំបំផុតរបស់ប្រទេសជប៉ុន Jera Co។

ក្រុមហ៊ុន Jera Co បានទិញយកភាគហ៊ុន៣៥,០៩%នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Gia Lai Electricity JSC របស់ TTC Group។ នេះបើយោងតាមការទម្លាយឱ្យដឹងពីលោក Dang Van Thanh ប្រធានក្រុមហ៊ុន TTC Group ដែលមានអាជីវកម្មចម្រុះរាប់ចាប់ពីថាមពលរហូតដល់ទេសចរណ៍។

លោក Dang Van Thanh បានលើកឡើងថា ក្រុមហ៊ុន Jera Co ដែលក្លាយជាភាគហ៊ុនិកបរទេសធំបំផុតនៅក្នុងក្រុមបុត្រសម្ព័ន្ធ Gia Lai Electricity JSC បានទិញយកភាគហ៊ុនពីក្រុមហ៊ុន International Finance Corp និងក្រុមហ៊ុន Armstrong Asset Management ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ក្នុងចំនួនទឹកប្រាក់ដែលមិនបង្ហាញ។

ក្រុមហ៊ុនជប៉ុន មួយនេះនឹងជួយផ្តល់បច្ចេកវិទ្យា និងជំនាញ ខណៈក្រុមហ៊ុនមេ TTC Group ដែលមានមូលដ្ឋាននៅទីក្រុងហូជីមិញ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Gia Lai Electricity គ្រោងបោះទុនវិនិយោគ១ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើនសមត្ថភាពផលិតថាមពលកកើតឡើងវិញឱ្យឈានដល់ជាង២.០០០មេហ្គាវ៉ាត់ (MW)។

តាមការរំពឹងទុក ថាមពលខ្យល់នឹងគ្របដណ្ដប់ប្រមាណ២ភាគ៣នៃថាមពលស្អាតរបស់វៀតណាម នៅត្រឹមឆ្នាំ២០២៥ ដោយកើនឡើងពី២៥%នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន Jera Co បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍ថា ប្រទេសវៀតណាម កំពុងកំណត់គោលដៅប្រកបដោយមហិច្ឆតាក្នុងការបន្ថែមការផលិតថាមពលស្អាត និងមានតម្រូវការអគ្គិសនីកើនឡើងដែលធ្វើឱ្យប្រទេសនេះក្លាយជា “ប្រទេសអាទិភាព” សម្រាប់ការវិនិយោគរបស់ខ្លួន៕ The Edge Markets៕

ពូទីនចោទសហរដ្ឋអាមេរិកថាព្យាយាមធ្វើឱ្យសង្គ្រាមនៅអ៊ុយក្រែនអូសបន្លាយកាន់តែយូរ

ដោយ៖ សុខុម

មូស្គូ: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិក ថាព្យាយាមធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែន អូសបន្លាយពេលកាន់តែវែង ហើយថា វាជាចេតនារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីរក្សាអនុត្តរភាព (ភាពលប់លើសគេគ្មានគូប្រៀប) របស់ខ្លួនក្នុងពិភពលោក។

ថ្លែងបើកសន្និសីទស្ដីពីបញ្ហាសន្តិសុខក្នុងក្រុងមូស្គូ ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ប្រធានាធិបតីដែលមានងារជាបុរសខ្លាំងរូបនេះបានលើកឡើងចំៗថា “ស្ថានការណ៍នៅអ៊ុយក្រែន បង្ហាញថា សហរដ្ឋអាមេរិក កំពុងព្យាយាមធ្វើឱ្យជម្លោះនេះអូសបន្លាយ…”។

លោកលើកឡើងថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុង “ប្រើប្រាស់ប្រជាជនអ៊ុយក្រែន ធ្វើជាអ្នកពាំងកាណុងកាំភ្លើង” ហើយបានថ្កោលទោសសហរដ្ឋអាមេរិក ធ្ងន់ៗចំពោះការផ្គត់ផ្គង់សព្វាអាវុធដល់រដ្ឋាភិបាលក្រុងគៀវ (អ៊ុយក្រែន)។ លោកបានសង្កត់ធ្ងន់ថា “ពួកគេត្រូវការជម្លោះដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន”។

រុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៥ ខែកុម្ភៈ ដើមឆ្នាំនេះ ដោយមើលស្រាលថា ខ្លួននឹងអាចផ្តួលរំលំរដ្ឋាភិបាលក្នុងទីក្រុងគៀវ បានក្នុងពេលដ៏ខ្លី។

ប៉ុន្តែបន្ទាប់ពីបរាជ័យក្នុងការវាយដណ្តើមគ្រប់គ្រងរដ្ឋធានីគៀវ យោធារុស្ស៊ី បានងាកទៅផ្តោតលើការវាយដណ្ដើមកាន់កាប់តំបន់ដុនបាស (Donbas) ភាគខាងកើតជំនួសវិញ។ អ្វីដែលរុស្ស៊ី គិតថាខ្លួននឹងអាចដណ្ដើមជ័យជម្នះបានក្នុងពេលដ៏ខ្លី បានក្លាយជាសង្គ្រាមអូសបន្លាយរហូតមកទល់ពេលនេះដោយសារអ៊ុយក្រែន ទទួលបានការផ្គត់ផ្គង់សព្វាវុធពីបណ្ដាប្រទេសលោកខាងលិច។

សហរដ្ឋអាមេរិក បានផ្តល់ជំនួយយ៉ាងច្រើនសម្បើមគួរឱ្យភ្ញាក់ផ្អើលរហូតដល់ទៅ៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំនេះ ក្រោយពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន។

កាំភ្លើងធំរយៈចម្ងាយឆ្ងាយដែលជាផ្នែកមួយនៃជំនួយយោធាចំនួន៩ពាន់លានដុល្លារ របស់សហរដ្ឋអាមេរិក បានធ្វើឱ្យអ៊ុយក្រែន មានលទ្ធភាពវាយលុកទីតាំងផ្គត់ផ្គង់របស់រុស្ស៊ី ចូលជ្រៅទៅក្នុងទឹកដីដែលគ្រប់គ្រងដោយទីក្រុងមូស្គូ៕

ឥណ្ឌូនេស៊ីស្នើកញ្ចប់ថវិកាជាតិចំនួន ២០៦ពាន់លានដុល្លារអាមេរិក សម្រាប់ស្តារសេដ្ឋកិច្ចឡើងវិញក្នុងឆ្នាំ២០២៣

ដោយ សុខុម

ហ្សាការតា: ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នៅថ្ងៃអង្គារ ទី១៦ ខែសីហា នេះបានស្នើកញ្ចប់ថវិកាជាតិចំនួន២០៦ពានលានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៣។

ប្រធានាធិបតីដ៏មានប្រជាប្រិយរូបនេះបានស្នើកញ្ចប់ថវិកានេះជាមួយនឹងឱនភាព២,៨៥% នៃផលទុនជាតិសរុប (GDP) ដែលជាគម្លាតថវិកាតិចបំផុតចាប់តាំងពីឆ្នាំ២០១៩។ ទោះជាយ៉ាងណា កញ្ចប់ថវិកានេះមានទំហំតូចជាងកញ្ចប់ថវិកាឆ្នាំ២០២២។

ឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំដំបូង ដែលឥណ្ឌូនេស៊ី ក្នុងនាមជាសេដ្ឋកិច្ចធំបំផុតនៅអាស៊ីអាគ្នេយ៍ស្តារឡើងវិញនូវពិដានឱនភាពសារពើពន្ធ៣%នៃ GDP បន្ទាប់វាត្រូវបានលើកលែងរយៈពេល៣ឆ្នាំដើម្បីអនុញ្ញាតឱ្យរដ្ឋាភិបាលមានលទ្ធភាពឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩។

ទំហំនៃថវិកាដែលបានស្នើឡើងនេះគឺតិចជាងកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០២២ ប្រមាណ២%។ លោក Joko Widodo បានព្យាករថា ប្រាក់ចំណូលសរុបនៅឆ្នាំក្រោយនឹងសម្រេចបានកំណើនជិត៨%ឈានដល់ជិត២០០ពាន់លានដុល្លារអាមេរិក។

ប្រធានាធិបតីរូបនេះគូសបញ្ជាក់ថា ថវិកានឹងក្លាយជាក្បាលម៉ាស៊ីនជំរុញកំណើន ដោយកំណត់គោលដៅកំណើនសេដ្ឋកិច្ច៥,៣%នៅឆ្នាំក្រោយ ហើយប្តេជ្ញាគ្រប់គ្រងអតិផរណាឱ្យនៅរង្វង់៣,៣%៕

ដំណឹងល្អ ខេត្តសៀមរាបបើកឱ្យទស្សនា “សួនរុក្ខជាតិអង្គរ” ឥតគិតថ្លៃរហូតដល់ចុងឆ្នាំ២០២២

ដោយ៖ សុផារី

សៀមរាប៖ អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យភ្ញៀវទេសចរទាំងអស់អាចចូលទស្សនាកម្សាន្តសួនរុក្ខជាតិអង្គរ ដែលជារមណីយដ្ឋានរុក្ខជាតិ ស្ថិតក្នុងក្រុងសៀមរាប មានរុក្ខជាតិជាង៥០០ប្រភេទ និងសត្វជាច្រើនប្រភេទ ដោយឥតគិតថ្លៃ ដល់បំណាច់ឆ្នាំ២០២២នេះ។

ដំបូងឡើយ សួននេះមានឈ្មោះថាជា “សួនគ្រឿងទេស” ព្រោះត្រូវបានរៀបចំសម្រាប់ដាំបន្លែ ផ្លែឈើ និងរុក្ខជាតិគ្រឿងទេសចម្រុះប្រភេទ រហូតដល់ឆ្នាំ២០១០ អាជ្ញាធរជាតិអប្សរាបានពង្រីកការរៀបចំ ដោយបន្ថែមការដាំដុះរុក្ខជាតិចម្រុះប្រភេទ មានផ្កា ដើមឈើតូច-ធំជាច្រើន ការចិញ្ចឹមសត្វមួយចំនួន ហើយក៏ប្ដូរមកជា “សួនរុក្ខជាតិអង្គរ” វិញ។

បច្ចុប្បន្ន សួនរុក្ខជាតិអង្គរបានក្លាយជារមណីយដ្ឋានរុក្ខជាតិ ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តខេត្តសៀមរាប ក្រៅពីការទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ហើយរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ និងអភិរក្សរមណីយដ្ឋានអង្គរផងដែរ។

លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងសួនរុក្ខជាតិអង្គរ បានបញ្ជាក់ថា ក្រៅពីគយគន់សម្រស់រុក្ខជាតិជាង៥០០ប្រភេទ ក្នុងសួនរុក្ខជាតិអង្គរក៏មានសួនសត្វ កន្លែងផ្ដល់ចំណីសត្វ និងការបាញ់ព្រួញសម្រាប់ភ្ញៀវទេសចរលេងកម្សាន្តផងដែរ។

លោក បូរ៉ា បញ្ជាក់ទៀតថា ចំពោះភ្ញៀវទេសចរទៅកម្សាន្តក្នុងសួនរុក្ខជាតិអង្គរ ត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនដូចជា ហាមយកប្លាស្ទិក សត្វចិញ្ចឹម និងហាមជាន់លើស្មៅជាដើម។

លោកថា “ចំពោះលក្ខខណ្ឌយើងហាមភ្ញៀវយកប្លាស្ទិកចូល ព្រោះដើម្បីរួមចំណែកកាត់បន្ថយសំរាមប្លាស្ទិកនៅទីតាំងធម្មជាតិ។ មួយទៀតយើងក៏ហាមពួកគាត់ យកសត្វចិញ្ចឹមចូល ព្រោះដើម្បីរក្សាសណ្ដាប់ធ្នាប់ និងរុក្ខជាតិនានាក្នុងសួន និងមានលក្ខខណ្ឌមួយចំនួនទៀតដូច ហាមបេះផ្កា ហាមជាន់ស្មៅជាដើម”។

“សួនរុក្ខជាតិអង្គរ” បានសម្ពោធកាលពីថ្ងៃទី១៩ ខែឧសភា​ ក្នុងគោលដៅអភិរក្សរុក្ខជាតិកម្រក្នុងស្រុក និងបង្ហាញទេសចរឱ្យបានស្គាល់ផងដែរ។ សួននេះមានទីតាំងស្ថិតនៅតាមបណ្ដោយរុក្ខវិថីព្រះសីហនុ ក្រុងសៀមរាប ខេត្តសៀមរាប និងត្រូវបានរៀបចំឡើងលើផ្ទៃដីជាង១៥ហិកតា មានរុក្ខជាតិរាប់ម៉ឺនដើមជាង៥០០ប្រភេទ ដែលភាគច្រើនជារុក្ខជាតិក្នុងស្រុក។

សួនរុក្ខជាតិអង្គរនេះ បើកទទួលភ្ញៀវទេសចរចាប់ពីថ្ងៃអង្គារ៍ ដល់ថ្ងៃអាទិត្យ (លើកលែងតែថ្ងៃចន្ទ) ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៦ល្ងាច៕

ច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀនសម្រេចការសាងសង់បាន ៥៤ភាគរយ

ដោយ៖ សុផារី

កម្ពុជា-ថៃ៖ ការដ្ឋាន អគាររដ្ឋបាលច្រកទ្វារអន្តរជាតិ ស្ទឹងបត់ ជាប់ព្រំដែនថៃ សម្រេចបានប្រមាណជាង ៥០ភាគរយ គិតមដល់ពេលបច្ចុប្បន្ននេះ ខណៈកម្ពុជានិងថៃ គ្រោងដាក់ដំណើរការបណ្តោះអាសន្នច្រកអន្តរជាតិនេះ នាពេលឆាប់ៗខាងមុខ។

ក្រសួងសាធារណការ​ និងដឹកជញ្ជូន បានឱ្យដឹងថា វឌ្ឍនភាពនៃការសាងសង់ស្ថានីយច្រកទ្វារព្រំដែនស្ទឹងបត់ ដែលបច្ចុប្បន្នសម្រេចបានប្រមាណជា ៥៤ភាគរយ នៅថ្ងៃទី១៦ ខែសីហា។

ក្រសួងសាធារណការ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងសាធារណការ នៃប្រទេសទាំងពីរ គ្រោងចុះត្រួតពិនិត្យមើលការដ្ឋានសាងសង់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន នៅថ្ងៃទី២០ ខែសីហាខាងមុខ។

ការចុះត្រួតពិនិត្យនេះ គ្រោងធ្វើឡើងតបនឹងសំណើរបស់កម្ពុជាឱ្យមានការបើកប្រើប្រាស់ជាបណ្ដោះអាសន្នស្ពានមិត្តភាពកម្ពុជា-ថៃ និងច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្រួល ចរាចរណ៍របស់រថយន្តដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន រវាងកម្ពុជា និងថៃ ក៏ដូចជាដើម្បីជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត នាពេលបច្ចុប្បន្នផងដែរ។

វឌ្ឍនភាពនៃការដ្ឋានសាងសង់អគាររដ្ឋបាលច្រកអន្តរជាតិស្ទឹងបត់នេះ សម្រេចបាន១៤ភាគរយបន្ថែមទៀត ធៀបនឹងវឌ្ឍនភាព សម្រេចបានកាលពីខែមីនា ដែលសម្រេចបាន៤០​ភាគរយ៕