អ្នកជំនាញៈការវិនិយោគលើដីធ្លីនៅតែមានឱកាសរកប្រាក់ចំណេញក្នុង ស្ថានភាពបច្ចុប្បន្ន

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ នៅក្នុងស្ថានភាពដែលវិបត្តិកូវីដ១៩ មិនទាន់ប្រាកដប្រជា បូករួមជាមួយនឹងស្ថានភាពនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនក៏កំពុងតែមានភាពតានតឹងនោះ វិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្តដំណើរទៅមុខ ប៉ុន្តែការវិនិយោគមួយចំនួនបានថមថយ ខណៈការវិនិយោគមួយចំនួនទៀតនៅតែផ្ដល់ឱកាសដល់វិនិយោគិន ក្នុងការរកប្រាក់ចំណេញ ជាពិសេ​សការវិនិយោគទៅលើដីធ្លី។

លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ឱ្យដឹងកាលពីដើមសប្តាហ៍៍នេះថា ការវិនិយោគទៅលើដីធ្លីនៅតែមានឱកាស ក្នុងការទទួលបានប្រាក់ចំណេញនៅពេលខាងមុខ ដូច្នេះអ្នកដែលមានទុនគ្រប់គ្រាន់ អាចមានឱកាសក្នុងការប្រមូលទិញដីធ្លីនៅតំបន់ ដែលមានសក្ដានុពលសម្រាប់ទុកផ្ដល់ ជូនអ្នកអភិឌ្ឍន៍នៅពេលអនាគត ឬក៏អាចទុកអភិវឌ្ឍន៍ខ្លួនឯង នៅពេលស្ថានភាពសេដ្ឋកិច្ចប្រសើរជាងនេះ ។

លោកឧកញ៉ាបន្តថា “អ្នកមានចំណូលមធ្យម និងក្រោមមធ្យម ក៏អាចវិនិយោគលើដីធ្លីនេះបានដែរ តែមិនគួរវិនិយោគលើផ្ទះនោះទេ ពោលគឺមិនគួរទិញផ្ទះ ដើម្បីទុកលក់យកចំណេញឡើយក្នុងស្ថានភាពបែបនេះ”។លោក​បន្ថែមថា “ប៉ុន្តែបើមែនទែនទៅទាំងផ្ទះ និងដីបើពួកគាត់មានថវិកាតិចតួច ឬបានត្រឹមដោះស្រាយជីវភាពប្រចាំខែ មិនគួរនឹងវិនិយោគនោះទេ គួរទុកលុយនោះសម្រាប់ដោះស្រាយបញ្ហា ចំពោះមុខជាមុនសិនសឹមវិនិយោគតាមក្រោយ”។

ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល ក៏បានលើកឡើងនាពេលកន្លងមកថា ការទិញដីទុកវាមិនខាតឡើយ ពីព្រោះថាដីអត់កើតទៀតទេ តែមនុស្សកើតរាល់ថ្ងៃ អញ្ចឹងតម្លៃដីនឹងកាន់តែហក់ឡើងថ្លៃនៅពេលអនាគត ដូច្នេះហើយអ្នកដែលមានទុនអាចប្រមូលទិញដី សម្រាប់ទុកចំណេញនៅពេលអនាគត នឹងមិនខកបំណ​ងឡើយ។

លោកឧកញ៉ាបន្តថា “អ្នកមាននៅលើពិភពលោកភាគច្រើន គឺបានមកពីរបរអចលនទ្រព្យនេះឯង ហើយនៅក្នុងប្រទេសកម្ពុជាក៏ដូចគ្នាដែរ គឺមានអ្នកទទួលបានផលពីអាជីវកម្មអចលនទ្រព្យ”។ លោកបន្ថែមថា “ជាក់ស្ដែងដូចបានឃើញស្រាប់ហើយ ប្រជាពលរដ្ឋជាច្រើនបានផ្លាស់ប្តូរមុខរបរពីវិស័យផ្សេងមកប្រកបរបរក្នុងវិស័យដីធ្លី និងទទួលបានផលផ្លែផ្កាគួរឱ្យកត់សម្គាល់”៕

EUបន្តសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសវៀតណាមលើការពង្រីកទំហំពាណិជ្ជកម្ម អាកាសធាតុនិងថាមពល

ដោយ: លាងហួរ

វៀតណាម: ប្រធានគណៈកម្មការអឺរ៉ុប លោកស្រីUrsula von der Leyen បានមានប្រសាសន៍ថា សហភាពអឺរ៉ុប (EU) តែងតែយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម ហើយចាត់ទុកប្រទេសនេះជាដៃគូសំខាន់ក្នុងតំបន់។

លោកស្រីបានមានប្រសាសន៍នាថ្ងៃទី១៥ កក្កដា ក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូតលោក Nguyen Van Thảo ប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅ EU ដែលបានបង្ហាញសារតាំងរបស់គាត់។

លោកស្រី Von der Leyen បានឲ្យដឹងថា ភាគីទាំងពីរក៏នឹងបន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់ និងអន្តរជាតិ ស្របតាមយុទ្ធសាស្ត្រEUស្តីពី ការពង្រឹងទំនាក់ទំនង ជាមួយតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ឯកអគ្គរដ្ឋទូតវៀតណាមបានពាំនាំ នូវប្រសាសន៍របស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chínhទៅកាន់ ប្រធានសហភាពអឺរ៉ុប និង ជាការអញ្ជើញ លោកស្រីមកបំពេញទស្សនកិច្ច នៅវៀតណាមមុន គេ។

លោកឯកអគ្គរដ្ឋទូត Thaao ក៏បានបង្ហាញអំពីអាទិភាពក្នុងអាណត្តិរបស់លោក ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ លើសសរស្តម្ភសំខាន់ៗចំនួនបួន។

ពាណិជ្ជកម្ម និងការវិនិយោគនឹងត្រូវបានពង្រឹង រួមជាមួយនឹងការលើកកម្ពស់ប្រសិទ្ធភាព នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-Vietnam (EVFTA) ជាពិសេសក្នុងបរិបទនៃការប្រែប្រួលពិភពលោក និងស្ថានភាពក្នុងតំបន់ដែលមានហានិភ័យខ្ពស់ ដល់ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងបញ្ហាសន្តិសុខស្បៀង។

លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ទោះបីជាមានផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩ក៏ដោយ ក៏ទំហំពាណិជ្ជកម្មទ្វេភាគី រវាងវៀតណាម និងសហភាពអឺរ៉ុបកាលពីឆ្នាំមុន និងក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំនេះនៅតែមានកំណើនគួរឲ្យមោទនៈ។

លោកសង្ឃឹមថា EU នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចចម្រុះបន្ថែមទៀត និងបង្កើនការវិនិយោគនៅវៀតណាម ជាពិសេសលើវិស័យសំខាន់ៗដូចជា ការអភិវឌ្ឍន៍ប្រកបដោយចីរភាព សេដ្ឋកិច្ចបៃតង ភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធទំនើប៕

គំរោងឆ្នេរសមុទ្រកោងកាងសហការជាមួយអាជ្ញាធរពាក់ព័ន្ឋដើម្បីបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មីមួយ

 ដោយៈ គង់ សូរិយា

       ខេត្តកែបៈ ដោយគាំទ្រផែនការរបស់រដ្ឋាភិបាល ក្នុងការពន្លឿនផែនកា​រមេទេសចរណ៍ ប្រែក្លាយខេត្តកែបជាតំបន់ទេសចរណ៍លំហែរកាយ កម្រិតខ្ពស់ អ្នកវិនិយោគគំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងសហការជាមួ​យអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំតំបន់នេះជារំណីយដ្ឋានអេកូទេសចរណ៍ថ្មីមួយ។

អ្នកនាងឆយ ហ្រ្វីដានាយិការគ្រប់គ្រងទូទៅ នៃគំរោងឆ្នេរសមុទ្រកោងកាងបានមានប្រសាសន៍ឲ្យ ដឹងតាមបណ្តាញតេឡេក្រាម កាលពីសប្តាហ៍មុនថា យើងកំពុងសហការជាមួយសហគមន៍ អាជ្ញាធរមូលដ្ឋាន និងមន្ទីរទេ​សចរណ៍ ដើម្បីរៀបចំសហគមន៍ទេសចរណ៍ថ្មីមួយ ពិសេសរៀបចំសហគមន៍អូរក្រសារ ជាសហគមន៍ទេសចរណ៍ថ្មីមួយ ដើម្បីផ្តល់ប្រាក់ចំណូលដល់​ប្រជាពលរដ្ឋ និងជម្រុញការរីកចម្រើនដល់សហគមន៍នេះ។

អ្នកនាងបន្តថា “ក្រុមហ៊ុននឹងរៀបចំស្ពានឈើ ហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀត ដើម្បីបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មីមួយនៅទីនេះ”។អ្នកនាងបន្តថា អ្នកនាងបានជួបជាមួយប្រធានសហគមន៍ អាជ្ញាធរសង្កាត់ និងសាលាក្រុងកែបរួចហើយ ដើម្បីរៀបចំសហគមន៍នេះ ជាផលិតផលទេសចរ ណ៍ដ៏ទាក់ទាញមួយនាពេលអនាគត”។

អ្នកនាងបន្តថា គំរោងឆ្នេរសមុទ្រកោងកាង បាននិងកំពុងចូលរួមអភិវឌ្ឍន៍ខេត្តកែប ពិសេសក្រុងកែប ដើម្បីក្លាយជាតំបន់អភិវឌ្ឍន៍មួយ ដែលផ្តល់ការលំហែរផង ជួយលើកកំពស់វិស័យទេសចរណ៍ផង ដោយសារគំរោងនេះ មានធនធានធម្មជាតិដ៏មហាសាល គឺមាន ឆ្នេរសមុទ្រដ៏ស្រស់ស្អាត មានព្រៃកោងកាងខៀវស្រងាត់ មានព្រែកធម្មជាតិដែលអាចឲ្យ​លោក អ្នកអាចជិះទូកកាយ៉ាក់ និងអូរប័រទៅកាន់សមុទ្របាន។

ជាមួយគ្នានេះ គំរោងនេះ ក៏មានទេសភាពស្អាតជាមួយជួរភ្នំវែងអន្លាយ មានទេសភាពស្រែអំបិល ពិសេសស្ថិតនៅក្នុងសង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប មានចម្ងាយប្រមាណ២គីឡូម៉ែត្រប៉ុណ្ណោះ ពីរង្វង់មីលសេះស៕

សម្តេចតេជោស្នើបង់ក្លាដេសវិនិយោគឃ្លាំងម៉ាស៊ីនកិនស្រូវនៅកម្ពុជា និងនាំចេញ

ដោយៈ សុផារី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់សាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បង្ហាញនូវគោលបំណង ចង់ពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

នេះបើយោងតាមការអះអាងរបស់លោកបណ្ឌិត A.K. Abdul Momen រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ក្នុងឱកាសចូលជួបសម្ដែងការគួរ និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ។

សម្តេចតេជោបានស្នើ និងលើកទឹកចិត្តឲ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីនកិនស្រូវ និងទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដេសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន។

លោក A.K. Abdul Momen បានគោរពជម្រាបជូនសម្ដេចតេជោអំពីស្ថានភាព និងគោលបំណងរបស់រដ្ឋាភិបាលបង់ក្លាដេស ពាក់ព័ន្ធនឹងជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលកំពុងជ្រកកោននៅប្រទេសបង់ក្លាដេស និងបានគោរពជម្រាបជូនសម្ដេចតេជោផងដែរ អំពីស្ថានភាពសេដ្ឋកិច្ចស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានោះដែរ លោកបានជម្រាបជូនសម្ដេចតេជោ នូវគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជាជាពិសេ​ស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោក A.K. Abdul Momen ចំពោះរបាយការណ៍ពាក់ព័ន្ធនឹងស្ថានភាពជនភៀសខ្លួនរ៉ូហ៊ីងយ៉ា បញ្ហាសេដ្ឋកិច្ច និងបញ្ហាកូវីដ-១៩។ សម្តេចតេជោ បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ របស់រដ្ឋាភិបាលបង់ក្លាដេស ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕

លោកបណ្ឌិតហ៊ុន ម៉ាណែតៈដើម្បីខ្មែរឯករាជ្យ និងម្ចាស់ការលើខ្លួនឯង ខ្មែរត្រូវតែរ៉ឹងមាំ ត្រូវតែខ្លាំង

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំបន្ដវេនប្រកបដោយសក្ដានុពល និងស្មារតីទទួលខុសត្រូវបានលើកឡើងថា ដើម្បីខ្មែរមានឯករាជ្យ និងម្ចាស់ការខ្លួនឯង មិនអាចឲ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងបាននោះ ខ្មែរត្រូវតែរឹងមាំ ត្រូវតែខ្លាំង និងមានការឯកភាពជាតិតែម្ដង។

តាមរយៈវីដេអូខ្លីមួយ ដែលបង្ហោះនៅលើ Facebook នៅថ្ងៃទី១៥ ខែក  ក្កដា ឆ្នាំ២០២២នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា សង្គ្រាមផ្ទៃក្នុងដែលធ្លាប់ការកើតមាន គឺបណ្ដាលមកពីលន់ នល់ ធ្វើរដ្ឋប្រហារឲ្យខ្មែរបែកបាក់ជាពីរ។ ដូច្នេះហើយបានជាគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ច្បាស់ថា ខ្មែរត្រូវតែរឹងមាំ ត្រូវតែខ្លាំង។

លោកហ៊ុន ម៉ាណែតបន្ដទៀតថា “ការស្នេហាជាតិ និងស្រលាញ់ខ្មែរពិតប្រាកដ មិនមែនស្ថិតត្រឹមតែលើមាត់និយាយនោះទេ ពោលត្រូវតែរួបរួមគ្នា ពង្រឹងនូវការសាមគ្គីភាព និងពង្រឹងសេដ្ឋកិច្ចជាតិ មិនមែនទៅហៅបរទេ​សឲ្យមកបំផ្លាញខ្មែរនោះទេ។ ហើយក៏មិនមែនស្រលាញ់ខ្មែរ ដើម្បីតែខ្លួនឯងត្រូវការអំណាចនោះទេ”។

លោកអះអាងទៀតថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានយកជីវិតធ្វើដើមទុន តស៊ូរំដោះជាតិចេញពីភ្លើងសង្គ្រាមរ៉ាំរ៉ៃ តាំងពីសម្ដេចមិនទាន់មានអំណាចមកម្ល៉េះ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា “ម្ចាស់ការ រឹងមាំខ្លួនឯង ហើយឯកភាពជាតិ ខ្មែរត្រូវស្រលាញ់ខ្មែរ ខ្មែរត្រូវជួយគ្នា ខ្មែរត្រូវពង្រឹងនូវកូនខ្មែរ សេដ្ឋកិច្ចខ្មែរ មិនត្រូវទៅបរទេសមកបំផ្លាញខ្មែរទេ ត្រូវយកមិត្តភ័ក្រជួយយើង ពង្រឹងយើង នេះបានគេហៅថាស្រលាញ់ខ្មែរមែន”។លោកបន្តថា​ “ខ្មែរស្រលាញ់ខ្មែរ មិនមែនស្រលាញ់តែមាត់នោះទេ មិនមែនស្រលាញ់អំណាចខ្លួនឯង ស្រលាញ់ខ្មែរនៅពេលដែលខ្លួនឯង បានអំណាចនោះទេ សម្ដេចមិនទាន់មានអំណាចទេ នៅពេលដែលគាត់ចេញច្បាំងតស៊ូ”។

ជាមួយគ្នានេះ លោកក៏បានរំលឹកអំពី គោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ ដែលបានធ្វើឲ្យខ្មែរក្រហម ទម្លាក់អាវុធចុះរួបរួមគ្នា ដើម្បីបញ្ចប់សង្គ្រាម គ្រាដែលបរទេសធ្លាប់ចំណាយលុយរាប់ពាន់លាន ប៉ុន្ដែមិនទទួលបានជោគជ័យ បើគ្មានមិនមានការឯកភាពគ្នា៕

ឥណទានទិញផ្ទះ២២០ពាន់លានដុល្លារផ្ដល់ដោយធនាគារចិនកំពុងប្រឈមហានិភ័យ

ដោយៈ សុខុម

ហុងកុង: ក្រុមអ្នកវិភាគលើកឡើងថា បណ្ដាធនាគារចិន នឹងរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីអាជីវកម្មកម្ចីទិញផ្ទះ ខណៈអ្នកទិញផ្ទះកាន់តែច្រើនឡើងកំពុងគំរាមឈប់បង់ប្រាក់កម្ចីទិញផ្ទះ សម្រាប់គម្រោងលំនៅដ្ឋានដែលសង់មិនទាន់រួច។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃទី១៤ ខែកក្កដា។

ក្រុមអ្នកវិភាគប៉ាន់ប្រមាណថា អនុបាតកម្ចីទិញផ្ទះដែលខូច ឬទារវិញមិនបាន អាចនឹងកើនឡើងពី៣ទៅ៥ខ្ទង់ ប្រសិនបើក្រុមអ្នកទិញផ្ទះឈប់បង់ប្រាក់កម្ចីទិញផ្ទះ ហើយថាការតវ៉ារបស់ពួកគេ នឹងបន្ថែមសម្ពាធកាន់តែខ្លាំង មកលើហានិភ័យរបស់បណ្ដាធនាគារ នៅក្នុងវិស័យអចលនទ្រព្យ ដែលកំពុងជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ។

ការតវ៉ារបស់ក្រុមអ្នកទិញផ្ទះ ដែលរីកកាន់តែធំនៅក្នុងប្រទេសចិន បានធ្វើឱ្យវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលគ្របដណ្ដប់១ភាគ៤នៃសេដ្ឋកិច្ច ធ្លាក់ចូលក្នុងវិបត្តិកាន់តែធ្ងន់ធ្ងរ ហើយបណ្ដាធនាគារបានខាតបង់យ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងឆ្នាំ២០២១ និងដើមឆ្នាំ២០២២នេះ នៅពេលក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើន បានខកខានកាតព្វកិច្ចទូទាត់បំណុលរបស់ខ្លួនជាបន្តបន្ទាប់។

វិនិយោគិនចិន ជាច្រើនបានសម្រុកលក់ចេញ ភាគហ៊ុនធនាគារ និងភាគហ៊ុនអចលនទ្រព្យ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ដោយបារម្ភថា បញ្ហាដែលរីកកាន់តែធំ នៅក្នុងវិស័យអចលនទ្រព្យចិន នឹងចាប់ផ្តើមជះផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុប្រទេសនេះ។

ជាលទ្ធផលសន្ទស្សន៍ផ្សារហ៊ុនធនាគារ CSI300 Bank Index បានធ្លាក់ចុះដល់ទៅ៣,៣%។

ធនាគារអូស្ត្រាលីANZ បានលើកឡើងក្នុងរបាយការណ៍មួយថា ប្រាក់កម្ចីទិញផ្ទះ មានទំហំរហូតដល់ទៅ២២០ពាន់លានដុល្លារអាមេរិក ជាប់ពាក់ព័ន្ធ នឹងគម្រោងលំនៅដ្ឋាន ដែលសាងសង់មិនទាន់រួច នៅក្នុងប្រទេសចិន។ នោះជាហានិភ័យដ៏ធំសម្បើមមួយ ប្រសិនបើការតវ៉ារបស់ក្រុមអ្នកទិញផ្ទះ ដែលបច្ចុប្បន្នកំពុងផ្តោតតែទៅលើបណ្ដា ទីក្រុងភាគកណ្តាលរបស់ចិន រីកកាន់តែធំ។

យោងតាមក្រុមអ្នកវិភាគ និងប្រព័ន្ធផ្សព្វផ្សាយឱ្យដឹងថា បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលពាក់ព័ន្ធក្នុងគម្រោង ដែលសាងស់មិនទាន់រួចទាំងនោះរួមមានទាំងក្រុមហ៊ុន China Evergrande Group និងក្រុមហ៊ុន Sinic Holdings ផងដែរ៕ Reuters៕

រុស្ស៊ីព្រមានបណ្តាប្រទេសសមាជិកG7 ពីការឡើងថ្លៃប្រេងកាន់តែខ្ពស់

ដោយៈ គង់ សូរិយា

រុស្ស៊ីៈ រុស្ស៊ីបានព្រមានជាថ្មីម្តងទៀតថា តម្លៃប្រេងនឹងហក់ឡើងកាន់តែខ្ពស់់ ប្រសិនជាប្រទេសសមាជិក នៃក្រុមប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង៧(G7)ព្យាយាមកំណត់លើតម្លៃប្រេងរបស់ខ្លួន។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ការប៉ុនប៉ងរបស់G7 ដើម្បីកំណត់តម្លៃប្រេង តាមពិតវានឹងបង្កឱ្យតម្លៃប្រេងកាន់តែឡើងថ្លៃ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២។

លោកស្រីបានប្រាប់សន្និសីទព័ត៌មាន ប្រចាំសប្តាហ៍ថា “ផែនការ ទាំងនោះ គឺប្រឆាំងនឹងទីផ្សារសេរី និងមានហានិភ័យខ្ពស់”។

គម្រោងកំណត់តម្លៃប្រេងនេះ ត្រូវបានតាក់តែងឡើងជាលើកដំបូង កាលពីខែមុន ដោយរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen ដែលជាផ្នែកមួយនៃយុទ្ធនាការ ដើម្បីបង្កើនសម្ពាធលើទីក្រុងម៉ូស្គូ ដើម្បីបញ្ចប់នូវអ្វីដែលវិមានក្រឹមឡាំងហៅថាជា “ប្រតិបត្តិការយោធាពិសេស” នៅអ៊ុយក្រែន។

រូបរាងនៃកិច្ចព្រមព្រៀងចុងក្រោយ និងកម្រិតតម្លៃមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសដាក់កំហិតលើការទិញប្រេងពីរុស្ស៊ី ជាមធ្យោបាយដាក់ទណ្ឌកម្ម ទីក្រុងម៉ូស្គូខណៈដែលប្រេង រុស្ស៉ីបានលក់ក្នុងការបញ្ចុះតម្លៃ ដ៏គួរឲ្យស្រលាញ់ដល់ពិភពលោក ចំពេលដែលពួកគេកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ និងការដឹកជញ្ជូន។

លោកស្រី Zakharova ក៏បានធ្វើអត្ថាធិប្បាយផងដែរអំពីដំណើររបស់ប្រធានាធិបតីអាមេរិក លោកJoe Biden ទៅកាន់មជ្ឈិមបូព៌ា ហើយបានលើកឡើងថា លោកBiden ទំនងជាស្នើឱ្យអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងធំជាងគេ នៅលើពិភពលោកបង្កើនផលិតកម្មប្រេង ដើម្បីកាត់បន្ថយតម្លៃប្រេងសាំងខ្ពស់។

លោកស្រីក៏បានស្តីបន្ទោសថា តម្លៃប្រេងឡើងថ្លៃខ្លាំង គឺដោយសារតែកំហុសរបស់លោកខាងលិច នៅក្នុងគោលនយោបាយថាមពល ក៏ដូចជាការដាក់ទណ្ឌកម្ម ប្រឆាំងនឹងអ្នកផលិតថាមពលធំៗ ដូចជា រុស្ស៊ី អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡាផងដែរ៕

គំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គក្នុងខេត្តក្រចេះទទួលបានហិរញ្ញប្បទានពីចិនរួចហើយ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបង្ហើបឲ្យដឹងថា គំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ សម្រេចបានការចុះហត្ថលេខាទទួលហិរញ្ញប្បទានពីមិត្តចិនរួចហើយ។

ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងដោយ លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលកម្ពុជា ចិនជាមួយ​លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនកាលពីល្ងាចថ្ងៃទី១៤ កក្កដាកន្លងមកនេះ។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ (China ODA) រយៈពេល២ឆ្នាំ (2020-2022) ក្របខ័ណ្ឌឥណទានសម្បទាន សម្រេចបានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានសម្បទាន ប្រមា​ណជាង៤៣២លានដុល្លារ សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន៤ ក្នុងវិស័យអគ្គីសនី ផ្លូវថ្នល់ និង ប្រព័ន្ធធារាសាស្រ្ត សម្រេចលើបញ្ជីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ដែលជាអាទិភាពចំនួន៨។

គំរោងអាទិភាពទាំងនោះរួមមាន (១) គម្រោងជំរុញគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (២) គម្រោ​ងសាងសង់ស្ពាន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ខេត្តក្រចេះ (៣) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (៤) គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ (៥) គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ (៦) គម្រោងសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា (៧) គម្រោងលើកកម្រិតកំណត់ផ្លូវជាតិលេខ៣ (PK181+100-វាលរេញ) (៨)គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ នៅក្រុងសៀមរាប៕

 

ប្រទេសចិនផ្តល់ថវិកាជាង៦១០លានដុល្លារដល់កម្ពុជាសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ដោយៈ សុផារី

ភ្នំពេញៈ ប្រទេសចិន តាមរយៈកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍ (China ODA) រយៈពេល២ឆ្នាំ (២០២០-២០២២) បានផ្តល់ថវិកាជាង៦១០លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

ក្នុងចំណោមឥណទានទាំងនោះ មានឥណទានសម្បទានចំនួនប្រមា​ណ៤៣២លានដុល្លារ និងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង១៧៧,៨៤លានដុល្លារអាមេរិក ដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាស ម្ព័ន្ធ និងវិស័យអាទិភាពផ្សេងទៀត។

នេះបើយោងតាមលទ្ធផល នៃកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សម្រាប់រយៈពេល២ឆ្នាំបន្តទៀត (ឆ្នាំ២០២២-២០២៤)។

កម្មវិធីនេះមានការចូលរួមពី លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង សហប្រធាន នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន និងលោកវ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស ចិន និងជាសហប្រធានខាងភាគីចិន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបានឱ្យដឹងថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ភាគីទាំងពីរបានសម្រេចលើក្របខ័​ណ្ឌ​ហិរញ្ញប្បទានឥតសំណង និងក្របខណ្ឌឥណទានសម្បទានសរុបចំនួន១៣គម្រោង។

ក្នុងក្របខណ្ឌក្របខ័ណ្ឌ ហិរញ្ញប្បទានឥតសំណង ភាគីមិត្តចិនបានផ្តល់ចំនួនប្រមាណ១៧៧,៨៤លានដុល្លារអាមេរិក ដោយសម្រេចលើបញ្ជីគម្រោងជាអាទិភាព សម្រាប់ការអភិវឌ្ឍផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ដូចជា (១) គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ ផ្លូវជាតិលេខ៧ (២) ស្នើភាគីមិត្តជំរុញការសិក្សាសមិទ្ធិលទ្ធភាព និងដើម្បីបន្តនីតិវិធីជាបន្តទៀត សម្រាប់គម្រោងសាងសង់ ប្រព័ន្ធចម្រោះទឹកកខ្វក់នៅក្រុងព្រះសីហនុ (៣) គម្រោ​ងកាត់បន្ថយភាពក្រីក្រកម្ពុជា-ចិន ជំហានទី២ (៤) គម្រោងកែលម្អផ្លូវជនបទ និងផ្គត់ផ្គង់ទឹកជំហានទី៣ (៥) ស្នើបន្តគាំទ្រសកម្មភាពលុបបំបាត់ គ្រាប់មីននៅកម្ពុជា៕

ដំណឹងល្អៈ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ទៅចក្រអង្រែក្រោមទទួលបានហិរញ្ញប្បទានពីចិនហើយ

ដោយៈ គង់ សិរីជេស៊ីកា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានបង្ហើបឲ្យដឹងថា គំរោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ឆ្ពោះទៅកាន់តំបន់ចក្រអង្រែក្រោម សម្រេចបានការចុះហត្ថលេខាទទួលហិរញ្ញប្បទានពីមិត្តចិនរួចហើយ។

ព៌តមាននេះ ត្រូវបានបង្ហើបឲ្យដឹងដោយ លោកឧបនាយករដ្ឋមន្រ្តីហោ ណាំហុង ក្នុងកិច្ចប្រជុំគណៈកម្មការសម្របសម្រួលកម្ពុជា ចិនជាមួយ​លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនកាលពីល្ងាចថ្ងៃទី១៤ កក្កដាកន្លងមកនេះ។

លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍ (China ODA) រយៈពេល២ឆ្នាំ (2020-2022) ក្របខ័ណ្ឌឥណទានសម្បទាន សម្រេចបានការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងឥណទានសម្បទាន ប្រមា​ណជាង៤៣២លានដុល្លារ សម្រាប់ហិរញ្ញប្បទានគម្រោងចំនួន៤ ក្នុងវិស័យអគ្គីសនី ផ្លូវថ្នល់ និង ប្រព័ន្ធធារាសាស្រ្ត សម្រេចលើបញ្ជីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងទៀត ដែលជាអាទិភាពចំនួន៨។

គំរោងអាទិភាពទាំងនោះរួមមាន (១) គម្រោងជំរុញគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (២) គម្រោ​ងសាងសង់ស្ពាន មេគង្គក្រចេះ និងផ្លូវតភ្ជាប់ខេត្តក្រចេះ (៣) គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៧ (៤) គម្រោងពង្រីកខ្សែបញ្ជូនអគ្គិសនីជនបទ (៥) គម្រោងអភិវឌ្ឍន៍អាងទឹកដងកាំបិត ខេត្តកំពង់ធំ (៦) គម្រោងសាងសង់ស្ពានទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា (៧) គម្រោងលើកកម្រិតកំណត់ផ្លូវជាតិលេខ៣ (PK181+100-វាលរេញ) (៨)គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ៦ នៅក្រុងសៀមរាប៕