ធនាគារក្នុងខេត្តហឺណាន នឹងសងប្រាក់អតិថិជនមួយចំនួនក្រោយពីមាន បាតុកម្មទ្រង់ទ្រាយធំ

ដោយ: លាងហួរ

ចិន: និយ័តករបាននិយាយថា ធនាគារនៅខេត្តហឺណាន នឹងអនុញ្ញាតឱ្យអតិថិជន អាចដកប្រាក់របស់ខ្លួនវិញនៅថ្ងៃសុក្រ ទី១៥ខែកក្កដា បន្ទាប់ពីអ្នកដាក់ប្រាក់បញ្ញើបានប៉ះទង្គិច ជាមួយអាជ្ញាធរនៅក្នុងការតវ៉ាដ៏កម្រមួយកាលពីចុងសប្តាហ៍។

វិស័យធនាគារនៅជនបទរបស់ប្រទេសចិន ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការខិតខំប្រឹងប្រែង របស់ទីក្រុងប៉េកាំងក្នុងការទប់ទល់នឹងវិស័យអចលនទ្រព្យ និងបំណុលដែលកំពុងកើនឡើង នៅក្នុងការរឹតបន្តឹងផ្នែកហិរញ្ញវត្ថុ ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងប្រទេ​សចិន។

ធនាគារចំនួន៤ នៅក្នុងខេត្តហឺណានបានបង្កក រាល់ការដកសាច់ប្រាក់ចាប់តាំងពីពាក់កណ្តាលខែមេសា ដែលនាំឱ្យអ្នកសន្សំរាប់ពាន់នាក់គ្មានមូលនិធិ និងបង្កឲ្យមានបាតុកម្មជាបន្តបន្ទាប់។

នៅក្នុងបាតុកម្មដ៏ធំបំផុតមួយ នៅទីក្រុងZhengzhou មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាកាលពីថ្ងៃអាទិត្យ នៅខាងក្រៅសាខានៃធនាគារប្រជាជនចិន ក្នុងរដ្ឋធានី Zhengzhou នៃខេត្តហឺណាន ដើម្បីទាមទារដកប្រាក់របស់ពួកគេ។

និយតករធនាគារ និងធានារ៉ាប់រងខេត្តហឺណាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទថា អ្នកដាក់ប្រាក់បញ្ញើមួយចំនួននឹងអាចទទួលបានប្រាក់របស់ពួកគេវិញហើយ។

និយតករបានបន្តថា អតិថិជនម្នាក់ៗ ដែលមានប្រាក់បញ្ញើរហូតដល់៥០.០០០យ័ន(៧៤៤២ដុល្លារអាមេរិក) នឹងត្រូវសងវិញចាប់ពីថ្ងៃសុក្រ ខណៈ ពេល ដែល ការ រៀបចំ សម្រាប់ ការ សង អតិថិជនផ្សេង នឹង ត្រូវ បាន ប្រកាស ដោយ ឡែក ពី គ្នា។

និយតករបាននិយាយថា មូលនិធិដែលពាក់ព័ន្ធនឹងអំពើខុសច្បាប់ រឺសកម្មភាពឧក្រិដ្ឋកម្ម  នឹងមិនត្រូវបានសងវិញជាបណ្ដោះអាសន្នទេ។

ការប្រកាសសងប្រាក់ដល់អតិថិជនវិញនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប៉ូលីស ក្នុងតំបន់បាននិយាយថា ខ្លួនបានចាប់ខ្លួនសមាជិកនៃក្រុមឧក្រិដ្ឋជន ដែលត្រូវបានចោទប្រកាន់ ពីបទកាន់កាប់ធនាគារក្នុងស្រុក និងធ្វើការផ្ទេរប្រាក់ខុសច្បាប់តាមរយៈប្រាក់កម្ចីក្លែងក្លាយ៕

រដ្ឋាភិបាលចិនបោះជាង៦៦ពាន់លានដុល្លារលើហេដ្ឋារចនាសម្ព័ន្ធស្តុកទឹកជាច្រើនដើម្បីទាក់ទាញការវិនិយោគ

ដោយៈ សុខុម

ប៉េកាំង: មហាយក្សចិន បានសម្រុកបង្កើនការវិនិយោគយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធអាងស្តុកទឹក ក្នុងឆមាសទី១ឆ្នាំ២០២២នេះ ខណៈប្រទេ​សនេះបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា។

ក្រសួងធនធានទឹកប្រទេសនេះនិយាយថា ចាប់ពីខែមករា ដល់ខែមិថុនា ការវិនិយោគលើគម្រោងសាងសង់អាងស្តុកទឹកនានា នៅក្នុងប្រទេសនេះ មានទំហំសរុបរហូតដល់ទៅ៦៦,២៩ពាន់លានដុល្លារអាមេរិក ដោយកើនឡើងជិត៦០%បើធៀបនឹងឆ្នាំ២០២១។

ប្រទេសចិន បានផ្តួចផ្តើមគម្រោងអាងស្តុកទឹកថ្មីៗ រហូតដល់ទៅប្រ​មា​ណ១៤.០០០គម្រោងក្នុងឆមាសទី១ រួមទាំង៧៥០គម្រោង ដែលក្នុងគម្រោងនីមួយៗ មានទុនវិនិយោគដល់ទៅជាង១៥លានដុល្លារអាមេរិក ផងដែរ។

កិច្ចប្រជុំមួយកាលពីខែមិថុនា ដែលធ្វើឡើងរួមគ្នាដោយធនាគារកណ្ដាលចិន (People’s Bank of China) និងក្រសួងធនធានទឹកបានលើកឡើងថា គម្រោងអាងស្តុកទឹក អាចជួយស្រូបទាញការវិនិយោគធំៗ និងបង្កើតការងារបានយ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លី។

កិច្ចប្រជុំរួមនេះ បានលើកឡើងបន្ថែមទៀតថា ការវិនិយោគនេះក៏អាចការពារសន្តិសុខស្បៀង ជួយសម្រួលដល់ការអភិវឌ្ឍបៃតង និងកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិក្នុងរយៈពេលវែងផងដែរ។

តាមការរំពឹងទុក ប្រទេសចិន នឹងបំពេញការវិនិយោគក្នុងទំហំទឹកប្រាក់ សរុបដល់ទៅជាង១១៩ពាន់លានដុល្លារអាមេរិក លើគម្រោងសាងសង់អាងស្តុកទឹកក្នុងឆ្នាំ២០២២៕ Xinhua៕

កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ១លាននាក់ក្នុងឆ្នាំ២០២២ និង២លាននាក់ក្នុងឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ ខណៈជំងឺកូវីដ-១៩សកលកំពុងថមថយ វិស័យទេសចរណ៍អន្តរជាតិចាប់ផ្ដើមមានសន្ទុះឡើងវិញ ដោយមានការបន្ធូរបន្ថយវិធានការរឹតត្បិត និងការដករបាំង ដែលជាលក្ខខណ្ឌតម្រូវនានា លើការធ្វើដំណើរជាអន្តរជាតិ។

ចំពោះកម្ពុជា រាជរដ្ឋាភិបាលបានសម្រួលលក្ខខណ្ឌ សម្រាប់ភ្ញៀវទេសចរ និងអ្នកដំណើរអន្តរជាតិ ក្នុងការចូលមកកម្ពុជាជាបន្តបន្ទាប់ ដោ​យនៅក្នុងឆ្នាំ២០២២នេះ កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ១លាននាក់ ហើយនិងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបទេសចរណ៍ឆ្នាំ២០២០ -២០២១ និងឆមាសទី១ ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២២-២០២៣ នៅថ្ងៃទី១២ ខែកក្កដានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា រយៈពេល៦ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៥០ម៉ឺននាក់ កើនឡើង៣៩៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ តែនៅថយចុះ-៨៤,៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ (មុនវិបត្តិ)។

លោកបន្តថា ទេសចរភាគច្រើនមកពីប្រភព ដូចជា វៀតណាម ថៃ ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស អូស្ត្រាលី សិង្ហបុរី និងឥណ្ឌា។

លោក ថោង ខុន បន្តថា ភ្ញៀវទេសចរផ្ទៃក្នុងធ្វើដំណើរកម្សាន្ត ក្នុងប្រទេស រួមមាន ទេសចរជាតិសរុបប្រមាណ៦,៣៣លាននាក់ កើនឡើងក្នុងអត្រាប្រមាណ២១៩% និងទេសចរបរទេសផ្ទៃក្នុងប្រមាណ៦៨ម៉ឺននាក់ កើនឡើងក្នុងអត្រាប្រមាណ៣៨០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា កម្ពុជារំពឹងថានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិ ក្នុងរង្វង់ប្រមាណ១លាននាក់ នៅក្នុងឆ្នាំ២០២២នេះ ហើយនិងប្រមាណ២លាននាក់ នៅក្នុងឆ្នាំ២០២៣ខាងមុខ ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ាន ប៉ារ៉ាហ្គេម លើកទី៣២។

នៅឆ្នាំ២០២២នេះ វិស័យទេសចរណ៍សកលរំពឹងថា នឹងមានភាពល្អប្រសើរជាងកាលពីឆ្នាំ២០២០ និង២០២១ ដោយសារការចាប់ផ្ដើមកម្រើកឡើងវិញនៃចរន្ត នៃការធ្វើដំណើររបស់ភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការកើនឡើងនៃតម្រូវការក្នុងការធ្វើដំណើរ ដើម្បីជួបជុំគ្រួសារ ការធ្វើធុរកិច្ច និងការកម្សាន្ត ក្រោយពីខកខានអស់មួយរយៈ ដោយសារការដាក់ចេញនូវ វិធានការរឹតត្បិតនានា និងការបិទខ្ទប់នៅអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩។

តាមការព្យាកររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ចំនួនទេសចរអន្តរជាតិក្នុងឆ្នាំ២០២២ នេះ អាចនឹងថយចុះក្នុងចន្លោះពី -៣០% ទៅ -៤៥% បើធៀបនឹងចំនួនទេសចរអន្តរជាតិ នៅក្នុងឆ្នាំ២០១៩ (មុនវិបត្តិ) ដោយសារតែវិស័យទេសចរណ៍សកល កំពុងទទួលរងការគំរាមកំហែង និងផលប៉ះពាល់ជា អវិជ្ជមានពីវិបត្តិ និងបញ្ហាប្រឈមនានា ដូចជា ការវិវត្តជាបន្តបន្ទាប់នៃមេរោគកូវីដ-១៩ បំប្លែងថ្មី និងជំងឺឆ្លងផ្សេងៗ វិបត្តិនៅអ៊ុយក្រែន ដែលបានជះឥទ្ឋិពល ធ្វើឱ្យមានការកើនឡើងនូវអតិផរណាជារួម ការកើនឡើង ខ្លាំងនៃថ្លៃប្រេង និងការថមថយអំណាចទិញរបស់ភ្ញៀវ ល្បឿនខុសៗគ្នា នៃការបន្ធូរបន្ថយការរឹតត្បិតលើ ការធ្វើដំណើរ និងរបាំងនានារបស់ប្រទេសនីមួយៗជាដើម៕

ក្រសួងហាមមិនឱ្យយានយន្តគ្រប់ប្រភេទចរាចរលើផ្លូវល្បឿនលឿន ដែលសាងសង់មិនទាន់រួចរាល់

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរនៅលើផ្លូវល្បឿនលឿន ភ្នំពេញ ក្រុងព្រះសីហនុ ដែលសាងសង់មិនទាន់រួចរាល់ជាស្ថាពរនោះ។

 

ការហាមនេះ កើតមានឡើងបន្ទាប់ពីមានគ្រោះថ្នាក់ចរាចរជាច្រើនករណីនៅលើផ្លូវល្បឿនលឿន ជាពិសេសគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី១១ ខែកក្កដា ម្សិលមិញ ហើយដោយសារផ្លូវមួយនេះនៅមិនទាន់បានបំពាក់បរិក្ខារសុវត្តិភាពចរាចរណ៍នៅឡើយទេ។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកក្កដានេះ។

 

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ឱ្យដឹងថា ដើម្បីចៀសវាងការរំខានដល់ដំណើរការសាងសង់បញ្ចប់គម្រោងទាន់ពេលវេលាបានគ្រោងទុក និងចៀសវាងការបង្កគ្រោះថ្នាក់ក្នុងការធ្វើដំណើរ ក្រសួងបានសម្រេចឱ្យក្រុមហ៊ុនសាងសង់បិទគ្រប់ច្រកចេញ-ចូល ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ ចូលប្រើផ្លូវល្បឿនលឿន ក្រៅពីយានយន្តដែលបម្រើឱ្យគម្រោង និងយានយន្តមានតម្រូវការចាំបាច់ ដែលមានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូននោះឡើយ៕

ការសិក្សាថ្មីៈ តម្លៃលក់និងជួលខុនដូកើនឡើងក្នុងអំឡុងត្រីមាសទី២

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ ការសិក្សាថ្មីមួយបានរកឃើញថា តម្លៃលក់ និងតម្លៃជួលទីផ្សារខុនដូនៅកម្ពុជា ក្នុងអំឡុងត្រីមាសទី ២ ឆ្នាំ ២០២២នេះ មានការកើនឡើង គួរឱ្យកត់សម្គាល់។

ការផ្គត់​ផ្គង់​កើន​ឡើង៣២ភាគរយ​ផងដែរ ដោយសារស្ថានភាពទីផ្សារមានសភាពកាន់តែល្អប្រសើរ។

យោងតាមរបាយការណ៍សិក្សាថ្មីមួយរបស់ក្រុមហ៊ុនអន្តរជាតិ CBRE Cambodia ដែលបានបង្ហាញកាលពីសប្តាហ៍មុនបានឲ្យដឹងថា តម្លៃលក់ខុនដូបានកើនឡើងចន្លោះពី០,៧ភាគរយ ទៅ២,៧ភាគរយ និងកើន​ដល់១,៤ភាគរយ សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។

ជាមួយគ្នានេះ តម្លៃ​ជួល​ ក៏មានការកើនឡើង១,២ភាគរយ ទៅ៣,៣ភាគរយ និង២,៣ភាគរយរៀងគ្នា សម្រាប់ខុនដូទាំងបីប្រភេទផងដែរ។

ការសិក្សាដដែលបានឲ្យដឹងទៀតថា រហូតដល់បច្ចុប្បន្នចំនួនខុនដូ បានសាងសង់រួចរាល់ក្នុងត្រីមាសទី២នេះ កើនឡើងបានចំនួនជាង៤៧០០យូនីត ស្មើនឹង៣៧ភាគរយនៃចំនួនសរុប ដែលបានគ្រោងទុកសម្រាប់ផ្គត់ផ្គង់ឆ្នាំ២០២២។

ចំណែកគម្រោង​សាងសង់​ ដែលមានយខុនដូជាង​១២០០យូនីត ដែលបានពន្យារពេលកន្លងមក ឥឡូវ​នេះបាននិងកំពុងចាប់ផ្តើមដំណើរការឡើងវិញហើយ៕

ដំណឹងល្អៈ រដ្ឋាភិបាលកាត់ផ្ទៃដីជិត៧០០០ហិកតាពីតំបន់ការពារធម្មជាតិដើម្បីផ្តល់ជូនប្រជាជនក្រីក្រ

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់ដីប្រមាណ៧៦៥៣ហិកតា ចេញពីតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន៣ ដើម្បី​​អនុវត្ត​កម្មវិធីន៍សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងដំណាក់កាលទី៣ LASED III។

នេះបើ​តាមអនុក្រឹត្យចំនួន៣ ក្នុងនោះអនុក្រឹត្យពីរ ចុះថ្ងៃទី១០ ខែមករា និងមួយទៀតចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២កន្លងមកនេះ។

ការកាត់ដីនេះ រាជរដ្ឋាភិបាលបានធ្វើអនុបយោគពីដី សាធារណៈរបស់រដ្ឋ មកជាដីឯកជនរបស់រដ្ឋ ដែលរួមមាន៖​

  • កាត់ដីទំហំ ៦០០០ហិកតា​ ចេញពីរបៀងជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ស្ថិតនៅភូមិរវាក់ និង​ភូមិមេមុំ ឃុំរយ៉ និងភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
  • កាត់ដីទំហំ ១២១៣ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
  • កាត់ដីទំហំ ៤៤០ហិកតា ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២ ស្ថិតនៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

ដីទាំងអស់នេះ ត្រូវបានប្រគល់ឱ្យគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋរបស់រដ្ឋបាលខេត្តទំាំងបី ជាអ្នកគ្រប់គ្រង និង​ចាត់​ចែង​​ស្របតាមនីតិវិធីជាធរមាន។

កាលពីថ្មីៗនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសចាប់​ផ្តើមអនុវត្តន៍ ​គម្រោង​​បែងចែក​ដីដើម្បី​សង្គមកិច្ច និងការអភិ​វ ឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ដើម្បីផ្តល់​កម្មសិទ្ធ​កាន់​កាប់​ដីធ្លី ការអភិវឌ្ឍ​កសិកម្ម សេវាសង្គម និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍។

គម្រោង (LASED-III) ត្រូវចំណាយថវិកាសរុប១០៧លានដុល្លារអាមេរិក ក្នុងនោះ៩៣លាន​ដុល្លា​​រ​អាមេរិក ជាថវិកាកម្ចីពីធនាគារពិភពលោក និង១៤លានដុល្លារអាមេរិកជាថវិកាបដិភាគ​ របស់​រាជរដ្ឋា​ភិ​បា​លកម្ពុជា (RGC) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងរៀបចំដែនដី នគរូប​នីយ​កម្ម និងសំណង់៕

និន្នាការ “ទិញផ្ទះ ឈ្នះឡាន” កំពុងពេញនិយមប្រើប្រាស់ដើម្បីទាក់ទាញអតិថិជន

ដោយៈ សុផារី

ភ្នំពេញៈ ដើម្បីដណ្តើមចំណែកទីផ្សារក្នុងការលក់បុរី អ្នកអភិវឌ្ឍន៍បានប្រើប្រាស់នូវយុទ្ធសាស្រ្តទីផ្សារជាច្រើន មានទាំងការបញ្ជុះតម្លៃ ការផ្តល់ជូនពិសេស ការបន្ថែមអត្ថប្រយោជន៍នានា។

នាពេលថ្មីៗនេះ គេសង្គេតឃើញមាននិន្នាការថ្មីមួយបាន និងកំពុងត្រូវបានប្រើប្រាស់ ដើម្បីទាក់ទាញអតិថិជន ឱ្យមកទិញលំនៅឋានបុរីពីសំណាក់អ្នកអភិវឌ្ឍន៍ នោះគឺ “ទិញផ្ទះ ឈ្នះឡាន”។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់ CBRE Cambodia បានមានប្រសាសន៍ថា “យើងបានមើលឃើញអ្នកអភិវឌ្ឍន៍ កំពុងផ្តល់ជូននូវការបញ្ចុះតម្លៃពិសេសជាច្រើន បន្ថែមដោយជម្រើសបង់ប្រាក់ និងកញ្ចក់ប្រូម៉ូហ្សិនពិសេសយ៉ាងច្រើនសន្ធឹកសន្ធាប់”។

អ្នកជំនាញរូបនេះលើកឡើងថា ក្នុងនោះ ឃើញមាននិន្នាការថ្មីមួយ កំពុងកើនឡើងនៅក្នុងទីផ្សារលំនៅឋាន ប្រភេទបុរី “ទិញផ្ទះ ឈ្នះឡាន”។

អ្នកនាងមានប្រសាសន៍ថា “ជាឧទាហរណ៍ និន្នាការនៃការទិញផ្ទះ ឈ្នះឡាន បានក្លាយទៅជារឿងធម្មតាមែនទែន ជាពិសេសភ្ជាប់ជាមួយនឹងជម្រើសនៃការបង់ប្រាក់”។

ការផ្តល់ជូនពិសេសនេះ កើតឡើងស្របពេលការរីកចម្រើននៃឧស្សាហកម្មយានយន្ត កំពុងកើនឡើងខ្ពស់នៅក្នុងប្រទេសកម្ពុជា ដោយក្រុមអ្នកអភិវឌ្ឍន៍ បានចាប់ដៃគូរសហការ ជាមួយក្រុមហ៊ុនយានយន្តទាំងនោះ ដើម្បីផ្តល់ជូនការចាប់រង្វាន់ពិសេស ជាកាតាលីករស្រូបទាញឱ្យអតិថិជន ជ្រើសរើសជម្រើសបុរីរបស់ខ្លួន។

អ្នកនាងកេសាបន្តថា “ជាពិសេស ស្របពេលវិស័យឧស្សាហកម្មយានយន្តបាន និងកំពុងបន្តពង្រីកខ្លួន នៅក្នុងប្រទេសកម្ពុជា ក្រុមអ្នកអភិវឌ្ឍន៍បុរីនានា បានសម្រេចចាប់ដៃគូរសហការ ជាមួយក្រុមហ៊ុនយានយន្តទាំងនោះ ជាអ្នកផ្គត់ផ្គង់ ដើម្បីបន្ថែមការទាក់ទាញអតិថិជនបន្ថែមទៀត”។

ជាមួយគ្នានេះដែរ របាយការណ៍ប្រចាំឆមាសទី២ ឆ្នាំ២០២២ ដែលបានបង្ហាញដោយក្រុមហ៊ុន អចលនទ្រព្យអន្តរជាតិមួយនេះបានឱ្យដឹងថា វិស័យឧស្សាហកម្មយានយន្ត នៅក្នុងប្រទេសកម្ពុជា បាននិងកំពុងរីកចម្រើនជាលំដាប់។

លោក Lawrence Lennon នាយកប្រតិបត្តិ CBRE Cambodia បានឱ្យដឹងថា ការរីកចម្រើននេះកើតមានឡើង ក្រោយមានវត្តមាននៃការចូលមកដល់ នៃក្រុមហ៊ុនលំដាប់ពិភពលោក RMA Cambodia ដែលបានដាក់ដំណើរការរោងចក្រដំឡើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ និងដំណើរហូរចូល នៃស្លាកយីហោរថយន្តចំនួន៤ផ្សេងទៀត មកកាន់ទីផ្សារកម្ពុជាបន្ថែមទៀត៕

គម្រោងបុរី​ ចាន់ណាលែនទី២ទទួលបានជោគជ័យខ្លាំងជាមួយនឹងល្បឿននៃការលក់សម្រេចបានតាមការរំពឹងទុក

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់ក្រុមហ៊ុនChanna Landគម្រោង ទី២ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីប្រជាពលរដ្ឋដែលមានតម្រូវការលំនៅឋានសម្រាប់ស្នាក់នៅ និងពីអ្នកវិនិយោគ។

ជាក់ស្ដែងទើបតែបើក លក់បានប៉ុន្មានថ្ងៃសោះ គម្រោងទី២របស់បុរីចាន់ណាលែន លក់អស់ប្រមាណជាង១០ភាគរយទៅហើយ។នេះបើតាមលោកថាន់ ចាន់ណា អគ្គនាយកក្រុមហ៊ុនចាន់ណាលែន ថ្លែងប្រាប់គេហទំព័រPropertyarea កាលពីរសៀលថ្ងៃទី ១១ កក្កដា ២០២២។

លោកចាន់ណាបានមានប្រសាសន៍ថា អត្រាការលក់ទទួលបានលទ្ធផលល្អបែបនេះ ដោយសារតែ ក្រុមហ៊ុនមានកម្មវិធីប្រូម៉ូសិន បញ្ចុះតម្លៃជូនអតិថិជន ជាពិសេសនៅថ្ងៃបុកគ្រឹះផ្ទាល់តែម្ដង ដែលធ្វើឱ្យមានការគាំទ្រ ហើយអ្នកខ្លះក៏ចាប់យកឱកាសនេះ សម្រាប់វិនិយោគដោយទិញទុកលក់បន្តនៅពេលក្រោយ។

លោកបន្តថា “នៅពេលបុកគ្រឹះយើងលក់ ក្នុងតម្លៃតែ៣៩០០០ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយយូនីត ហើយបើអតិថិជនបង់ប្រាក់ផ្ដាច់តែម្ដងយើងលក់ត្រឹមតែ២៩៩០០ដុល្លារអាមេរិក ពោលគឺចុះតម្លៃប្រមាណជិត១ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត ដែលធ្វើឱ្យអតិថិជនកាន់តែច្រើនចង់បានលំនៅឋានពីគម្រោងអភិវឌ្ឍន៍របស់យើង ” ។

លោកថាន់ ចាន់ណាបានបន្តថា នៅថ្ងៃបុកគ្រឹះយើងបានលក់អស់ចំនួន៦ល្វែងភ្លាមៗ ហើយក្រោយមកទៀត ក៏បានលក់ជាបន្តបន្ទាប់ ដែលរហូតមកដល់ពេលនេះ លក់អស់ប្រមាណ១០ភាគរយហើយ ។ ដោយសារតែមានការគាំទ្រពីប្រជាពលរដ្ឋ និងអតិថិជនកម្ពុជាជាបន្តបន្ទាប់បែបនេះ ក្រុមហ៊ុន ក៏បានស្វែងរកទីតាំងថ្មីមួយ ដើម្បីត្រៀមខ្លួនដើម្បីអភិវឌ្ឍន៍លំនៅឋានបន្ថែម ហើយគម្រោងទី៣ នឹងកាន់តែធំជាងគម្រោងទី១និងទី២៕

កត្តាចំនួន២ជំរុញឱ្យCentury 21 Cambodia ទទួលបានការគាំទ្រពីម្ចាស់ទ្រព្យនៅកម្ពុជា

​ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ រហូតមកដល់ពេលនេះ ក្រុមហ៊ុនធ្វើអាជីវកម្មអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា មានចំនួនកាន់តែច្រើនឡើងៗ ដែលធ្វើឱ្យចំណែកទីផ្សារ នៃក្រុមហ៊ុននីមួយៗកាន់តែតូចទៅៗ ហើយក្រុមហ៊ុនណាខ្លាំងនឹងទទួលបានការគាំទ្រពីម្ចាស់ទ្រព្យ។

ថ្ងៃនេះ យើងនឹងលើកយកគន្លឹះមួយចំនួន ដែលជំរុញឱ្យក្រុមហ៊ុនអចលនទ្រព្យមួយ ដែលមានចំណែកធំនៅក្នុងប្រទេសកម្ពុជា។


លោកស្រីហ្គ្រេស រចនីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCentury 21 Cambodia បានមានប្រសាសន៍ថា មានកត្តាជាច្រើនដែលជំរុញឱ្យក្រុមហ៊ុនCentury 21 Cambodia ទទួលបានចំណែកទីផ្សារធំ ក្នុងការធ្វើអាជីវកម្ម អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។

ភាពជោគជ័យ និងទទួលបានចំណែកទីផ្សារធំទូលាយជាងគេដោយ​សារ

កត្តាទី១ ធនធានមនុស្ស

កត្តានេះ គឺមានសារសំខាន់ណាស់ នៅក្នុងក្រុមហ៊ុននីមួយៗ  ពីព្រោះថា បើសិនជាក្រុមហ៊ុនធ្វើអាជីវកម្មអ្វីមួយ មិនមានធនធានមនុស្ស ឬធន​ធានមិនខ្លាំងនោះ វានឹងមិនអាចប្រកួតប្រជែង ទៅមុខជាមួយគេបានទេ។

ទី២ ដំណោះស្រាយ

នៅពេលអនាគត ក្រុមហ៊ុនCentury 21 Cambodia នឹងធ្វើប្រតិបត្តិការជាមួយអតិថិជន និងភ្នាក់ងាររបស់ខ្លួន ដូចនឹងការធ្វើប្រតិបត្តិការនៅក្រៅប្រទេសអញ្ចឹងដែរ ដោយនឹងជំរុញឱ្យប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង។ ជាក់ស្ដែងនៅក្នុងប្រទេសកម្ពុជា នាពេលនេះប្រជាជនចូលចិត្ត និងនិយមតាមដានបណ្ដាញសង្គម និងអេប ABA ហើយនៅពេលអនាគត Century 21 នឹងធ្វើលើសពីនេះទៅទៀត ។

លោកស្រីបន្ថែមថា ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគដ៏ធំទៅលើប្រព័ន្ធបច្ចេកវិទ្យាតិចណូឡូជី ហើយការវិនិយោគលើបច្ចេកវិទ្យានេះ មិនមែនតូចតាចទេគឺត្រូវការទំហំធំ ដើម្បីឱ្យដំណើរការនៃប្រតិបត្តិការទិញ លក់អចលនទ្រព្យកាន់តែមានភាពងាយស្រួល។


របាយការណ៍របស់និយតករអចលនវត្ថុ និងបញ្ចាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឱ្យដឹងផងដែរថា គិតត្រឹមដំណាច់ឆមាសទី១ឆ្នាំ២០២២នេះ និយ័តករបានចេញអាជ្ញាបណ្ណ ជូនក្រុមហ៊ុនធ្វើអាជីវកម្មលើអចលនទ្រព្យមានចំនួន២៧០ក្រុមហ៊ុន ដោយបែងចែកទៅតាមប្រភេទ នៃអាជីវកម្ម ក្រៅពីនោះ ក៏មានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប្រមាណ៣០០ក្រុមហ៊ុនទៀត កំពុងធ្វើអភិវឌ្ឍន៍គម្រោងរបស់ខ្លួនក្នុងប្រទេសកម្ពុជា៕

អង្គការបក្សម្ព័ន្ធយោធា NATO ព្រួយបារម្ភចំពោះឥទ្ធិពលរីកកាន់តែធំរបស់មហាយក្សចិន និងរុស្ស៊ី នៅទ្វីបអាហ្វ្រិក

ដោយ សុខុម

វិភាគ: នៅពេលថ្នាក់ដឹកនាំនៃអង្គការបក្សម្ព័ន្ធយោធា NATO ជួបប្រជុំនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ កាលពីចុងខែមុន លោក Jens Stoltenberg អគ្គលេខាធិការរបស់ NATO ព្រមានថា រុស្ស៊ី និងមហាយក្សចិន កំពុងបន្ត “ពង្រីកឥទ្ធិពលផ្នែកនយោបាយ សេដ្ឋកិច្ច និងយោធានៅទូទាំងតំបន់ភាគខាងត្បូងរបស់យើង”។

សំដៅដល់តំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង លោក Jens Stoltenberg បានលើកឡើងថា “ទាំងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង កំពុងប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច ការបង្ខិតបង្ខំ និងវិធីសាស្រ្តកូនកាត់ដើម្បីជំរុញផលប្រយោជន៍របស់ពួកគេនៅក្នុងតំបន់”។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១១ ខែកក្កដា នេះ។

ក្រុមអ្នកសង្កេតការណ៍និយាយថា អង្គការ NATO មានការព្រួយបារម្ភខ្លាំងចំពោះឥទ្ធិពលដែលកំពុងកើនឡើងរបស់មហាយក្សចិន និងរុស្ស៊ី នៅអាហ្រ្វិក ដោយសារប្រទេសទាំង២នេះបានទម្លាក់លុយច្រើនពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទ្វីបនេះក្រោមគំនិតផ្តួចផ្តើមឆ្លងទ្វីប “ខ្សែក្រវាត់ និងផ្លូវ” របស់មហាយក្សចិន។

កត្តានេះបានជំរុញឱ្យអឺរ៉ុប ងាកមកផ្ដោតយកចិត្តទុកដាក់មកលើតំបន់នេះខ្លាំងជាងមុន ប៉ុន្តែអ្នកសង្កេតការណ៍មួយចំនួនធំភ័យខ្លាចថា ពិបាកនឹងទប់ទល់ឥទ្ធិពលរបស់មហាអំណាចទាំង២នេះណាស់ដោយសារកត្តាស្មុគស្មាញមួយចំនួន។

តំបន់មួយដែលគួរឱ្យព្រួយបារម្ភ គឺប្រទេសម៉ាលី ជាកន្លែងដែលប្រទេសបារាំង ជាសម្ព័ន្ធមិត្តដ៏រឹងមាំនៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដ និងកងកម្លាំងឧទ្ទាម ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់ពាន់ម៉ឺននាក់ភៀសខ្លួន។

ប៉ុន្តែកាលពីឆ្នាំមុន ប្រទេសបារាំង មានជម្លោះជាមួយរដ្ឋាភិបាលយោធាម៉ាលី ហើយប្រទេសម៉ាលី ក៏ងាកទៅចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីនាំយកគ្រូបណ្តុះបណ្តាលយោធា ដែលភាគច្រើនមកពីក្រុមទាហានស៊ីឈ្នួល Wagner ដែលគាំទ្រវិមានក្រឹមឡាំង (រុស្ស៊ី)។

លោក Jens Stoltenberg បានលើកឡើងថា ខណៈប្រទេសម៉ាលី បានងាកទៅរកប្រទេសរុស្ស៊ី ប្រទេសជិតខាងម៉ូរីតានី (Mauritania) នឹងក្លាយជាអ្នកទទួលនូវ “កញ្ចប់ពង្រឹងសមត្ថភាពការពាររបស់អង្គការ NATO ដើម្បីជួយដោះស្រាយបញ្ហាសន្តិសុខព្រំដែន ការចំណាកស្រុកមិនប្រក្រតី និងភេរវកម្ម”។

ទន្ទឹមនេះអង្គការ NATO ក៏បានព្រមព្រៀងផ្ដល់ការគាំទ្របន្ថែមសម្រាប់ប្រទេសទុយនីស៊ី និងប្រទេសហ្ស៊កដានី ផងដែរ។

ប្រទេសម៉ូរីតានី និងប្រទេសម៉ាលី ស្ថិតនៅក្នុងតំបន់ដ៏អស្ថិរភាព Sahel ជាតំបន់ដែលលាតសន្ធឹងពីភាគខាងកើតទៅខាងលិចឆ្លងកាត់ទ្វីបអាហ្វ្រិក ហើយនោះគឺជាចំណុចយុទ្ធសាស្ត្រសម្រាប់មហិច្ឆតាពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង នៅអាហ្វ្រិក។

ការវិនិយោគរបស់មហាយក្សចិន នៅក្នុងតំបន់នេះមានទំហំធំធេងណាស់ ដោយលាតសន្ធឹងចាប់ពីប្រទេសសេណេហ្គាល់ ប្រទេសនីហ្សេរីយ៉ា ប្រទេសឆាដ ប្រទេសហ្គីណេ ប្រទេសនីហ្សេរីយ៉ា និងប្រទេសស៊ូដង់ ហើយថ្មីៗនេះបានរុលចូលដល់ប្រទេសបួគីណាហ្វាសូ (Burkina Faso)៕ South China Morning Post៕