រដ្ឋមន្រ្តីការបរទេចិនប្រាប់អាស៊ានកុំក្លាយជាកូនអុករបស់ប្រទេសណាមួយ

ដោយៈ គង់ ម៉ាលីនណា

       ឥណ្ឌូនេស៊ីៈ រដ្ឋមន្រ្តីការបរទេសចិន លោកWang Yi នៅថ្ងៃចន្ទនេះបានក្រើនរំលឹកថា បណ្តាប្រទេសនៅអាស៉ីអាគ្នេយ៍ ចាំបាច់ត្រូវតែចៀសវាងកុំឱ្យក្លាយខ្លួនទៅជា “កូនអុក” ដែលប្រើប្រាស់ដោយ ក្រុមប្រទេសមហាអំណាច។

នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២។

ថ្លែងនៅលេខាធិការដ្ឋានអាស៊ាន ក្នុងរដ្ឋធានីហ្សាការតា នៃប្រទេសឥណ្ឌូណេស៉ី លោក វ៉ាង បានលើកឡើងថា ប្រទេសជាច្រើននៅតំបន់អាស៉ីអាគ្នេយ៍ បាននិងកំពុងស្ថិតក្រោមសម្ពាធ ឱ្យជ្រើសរើសយកជម្រើសម្ខាងៗ ខណៈតំបន់នេះ កំពុងស្ថិតក្នុងហានិភ័យនៃការប្រែប្រួល ដោយសារតែកត្តានយោបាយ។

លោកប្រមុខការទូតចិនបានបញ្ជាក់ថា “ពួកយើងគួរតែការពារតំបន់នេះ ពីការគណនាផ្នែកភូមិសាស្រ្តនយោបាយ… ពីការក្លាយខ្លួនជាកូនអុក ដែលក្រុមប្រទេសមហាអំណាចប្រើប្រាស់ ដើម្បីប្រកួតប្រជែងឥទ្ធិពលគ្នា និងពីការបង្ខិតបង្ខំ”។លោកបន្ថែមថា “អនាគតនៃតំបន់របស់យើង គួរតែស្ថិតនៅក្នុងដៃរបស់ពួកយើងផ្ទាល់”។

វត្តមានរបស់លោក វ៉ាង យី នៅក្នុងប្រទេសឥណ្ឌូណេស៉ី គឺជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោក ដើម្បីទៅចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G20 ដែលបានប្រព្រឹត្តទៅនៅកោះបាលី កាលពីសប្តាហ៍មុន៕

 

អឺរ៉ុបប្រឈមហានិភ័យខ្ពស់ ខណៈរុស្ស៊ីពេលនេះបានបិទការបង្ហូរឧស្ម័នចូលប្រទេសអាល្លឺម៉ង់

ដោយ: លាងហួរ

រុស្ស៊ី: ទីក្រុងមូស្គូ បានហាមឃាត់បំពង់បង្ហូរឧស្ម័ន ដ៏ធំបំផុតរបស់ខ្លួនចូលទៅកាន់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃចន្ទនេះដល់ថ្ងៃទី២១ខែកក្កដា។

គេរំពឹងថាការបង្ហូរឧស្ម័នរបស់រុស្ស៊ី ទៅកាន់ប្រទេសអាល្លឺម៉ង់នឹងត្រូវហាមឃាត់រយៈពេល១០ថ្ងៃ ប៉ុន្តែរដ្ឋបាលទីផ្សារ និងក្រុមហ៊ុនជាច្រើនព្រួយបារម្ភថាការហាមឃាត់នេះ អាចនឹងអូសបន្លាយពេលបន្តទៀត ដោយសារសង្គ្រាមនៅអ៊ុយក្រែន។

បំពង់ Nord Stream 1 ដែលដឹកជញ្ជូនឧស្ម័ន៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ ពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់ នៅក្រោមបាតសមុទ្របាល់ទិក នឹងត្រូវបិទលែងបង្ហូរឧស្ម័ន ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី២១ខែកក្កដា។

កាលពីខែមុន ប្រទេសរុស្ស៊ីបានកាត់បន្ថយ លំហូរបំពង់ឧស្ម័នមកត្រឹម៤០ភាគរយ នៃសមត្ថភាពសរុបរបស់បំពង់បង្ហូរប្រេង ដោយរុស្ស៊ីបានលើកឡើងថា ក្រុមហ៊ុនSiemens Energy របស់ប្រទេសអាល្លឺម៉ង់ នៅក្នុងប្រទេសកាណាដា បានពន្យាពេលក្នុងការប្រគល់ ឧបករណ៍មកឱ្យរុស្ស៊ីវិញ។

ចំណែកប្រទេសកាណាដា ក៏បានប្រកាសកាលពីចុងសប្តាហ៍ថា ខ្លួននឹងប្រគល់ឧបករណ៍ ដែលបានជួសជុលឡើងវិញឱ្យរុស្ស៊ី ប៉ុន្តែកាណាដានឹងពង្រីកការដាក់ទណ្ឌកម្ម ប្រឆាំងនឹងវិស័យថាមពលរបស់រុស្ស៊ី។

អឺរ៉ុបបារម្ភថា រុស្ស៊ីអាចនឹងបន្តបិទបំពង់បង្ហូរឧស្ម័ន ដើម្បីរឹតបន្តឹងការផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុបបន្ថែមទៀត ដោយនាំឱ្យផែនការអឺរ៉ុបក្នុងការស្តុកឧស្ម័នសម្រាប់រដូវរងារមានភាពច្របូកច្របល់។

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាឡឺម៉ង់ លោកRobert Habeck បាននិយាយថា ប្រទេសអាល្លឺម៉ង់ គួរតែត្រៀមប្រឈមមុខនឹងលទ្ធភាព ដែលរុស្ស៊ីនឹងផ្អាកលំហូរឧស្ម័ន តាមរយៈបំពង់ Nord Stream 1 លើសពីរយៈពេលហាមឃាត់ដែលរុស្ស៊ីបានកំណត់៕

អ្នកឧកញ៉ា និងឧកញ៉ា២០រូ​បគ្រោងបង្កើតគំរោងវិនិយោគរួមគ្នា

 ដោយៈគង់ សិរីជេស៊ីកា

       ភ្នំពេញៈ អ្នកឧកញ៉ា និងលោកឧកញ៉ាដែលធ្វើការពាក់ព័ន្ឋមុខជំនួញពហុវិស័យ បានទទួលទានអាហាររួមគ្នាកាលពីម្សិលម៉ិញ ដើម្បីពិភាក្សា​បង្កើតគំរោងវិនិយោគរួមគ្នាមួយ។

យោងតាមការបង្ហោះព៌តមានរបស់លោកឧកញ៉ាហួត ជាអគ្គនាយកក្រុមហ៊ុនហ៊ួត ជាគ្រុបបានបង្ហាញលើបណ្តាញទំនាក់ទំនងសង្គម កាលពីម្សិលម៉ិញនេះថា ថ្ងៃនេះគ្រុបអ្នកឧកញ៉ា – ឧកញ៉ា បានចូលរួមពិសារអាហារសាមគ្គី ដើម្បីប្តូរគំនិតយោបល់ ដើម្បីបង្កើតគណៈកម្មការគ្រប់គ្រងផែនការវិនិយោគរួមគ្នា។

 

👉ក្នុងនោះសមាសភាពចូលរួមមានដូចជា៖

 

1- ឧកញ៉ា ហេង ឡុង

2- អ្នកឧកញ៉ា ប៉ោ សំអឿន

3- ឧកញ៉ា សៅ វលក្ខណ៍

4- ឧកញ៉ា លឹម ជា

5- ឧកញ៉ា ហ៊ួត ជា

6- ឧកញ៉ា ឡេង ហ៊ាន

7- អ្នកឧកញ៉ា បណ្ឌិត យូ សាម៉េត

8- ឧកញ៉ា លឹម ឡេង

09- ឧកញ៉ា ឡេង និមល

10- ឧកញ៉ា អ៉ឹង ផល្លា

11- ឧកញ៉ា លី គង់ហុង

12- ឧកញ៉ា យ៉ែន ស៊្រុន

13- ឧកញ៉ា  ឈិន  កេន

14- ឧកញ៉ា  ស៊ិន  ចន្ធី

15- ឧកញ៉ា ហាត់ សំប៊ុន

16- ឧកញ៉ា លឹម ប៊ុនសេង

17- ឧកញ៉ា ផៃ ប៊ុនវណ្ណៈ

18-ឧកញ៉ា ឡេង ប្រុស

19-ឧកញ៉ា ថៃ សុវិជ័យ

20- ឧកញ៉ា ឡោ សៀកឡេង៕

សម្តេចតេជោៈកម្ពុជាតាំងចិត្តខ្ពស់ឈរលើគោលការណ៍នៃកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមានជាមួយអាស៊ាន

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន និងSEA Games កម្ពុជាតាំងចិត្តខ្ពស់ ឈរលើគោកការណ៍នៃកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខស្មើមាត់ ក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈម នៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម។

សម្តេចតេជោ បានមានប្រសាសន៍បែបនេះ ពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ដើម្បីពិភាក្សាលើកិច្ចការនានា ត្រៀមឆ្ពោះទៅរកការប្រកួតប៉ារ៉ាហ្គេម និងស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែនបានបន្តថា នៅក្នុងឆ្នាំ២០២២ និង២០២៣ គឺជាឆ្នាំដ៏មានសារសំខាន់សម្រាប់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន និងជាប្រធានក្រុមប្រឹក្សាកីឡាស៊ីហ្គេម (SEA Games) អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)។

សម្តេចតេជោ បានបញ្ជាក់ថា “ក្នុងនាមជាប្រធានប្តូរវេននៃស្ថាប័នតំបន់ទាំងពីរ កម្ពុជាមានការតាំងចិត្តខ្ពស់ ឈរលើគោកការណ៍នៃកិច្ចសហប្រតិបត្តិការសន្តិសហវិជ្ជមាន និងស្មើមុខស្មើមាត់ រួមចំណែកដោះស្រាយនូវបញ្ហាប្រឈមនានា ដែលអាចកើតឡើងជាយថាហេតុនៅក្នុងតំបន់ ដើម្បីធានាសុខសន្តិភាព សុខដុមនីយកម្ម និងភាពជាដៃគូគ្រប់ជ្រុងជ្រោយ សំដៅជំរុញល្បឿននៃការអភិវឌ្ឍ សម្រាប់ជោគវាសនា និងវិបុលភាពរួម”៕

ដំណឹងល្អ ប្រេងសាំងធម្មតាធ្លាក់ថ្លៃដល់៥.២៥០រៀលក្នុងមួយលីត្រ និងម៉ាស៊ូត៥.៨០០រៀលក្នុងមួយលីត្រ

ដោយ៖ សុផារី

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ បានធ្លាក់ថ្លៃ ដោយសាំងធម្មតាលក់ក្នុងតម្លៃ៥.២៥០រៀល និងម៉ាស៊ូតលក់ក្នុងតម្លៃ៥.៨០០រៀល។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៥.៥១៥រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង ៥.៨៦៥រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារ ក្នុងមួយលីត្រ៕

 

អ្នកជំនាញលើកឡើងពីមូលហេតុដែលទីផ្សារបុរីនៅបន្តទទួល ផលចំណេញខ្ពស់

ដោយៈ សុផារី

ភ្នំពេញៈ ការអភិវឌ្ឍគម្រោងលំនៅឋាន ប្រភេទបុរី ទទួលបានការពេញនិយមបំផុត ក្នុងចំណោមប្រជាជនកម្ពុជា។ ទោះប្រឈមនឹងផលប៉ះពាល់ពីវិបត្តិក្តី អ្នកជំនាញទាំងអ្នកអភិវឌ្ឍន៍ និងអតិថិជន នៅតែបន្តសម្លឹងមើលឃើញពីផលចំណេញ លើការវិនិយោគលំនៅឋានប្រភេទបុរី។

លោកជំទាវឧកញ៉ា គង់ សំណាង អគ្គនាយិកានៃបុរីវិមានសំណាង បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទោះបីប្រឈមនឹងវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចក្តី ការវិនិយោគលើបុរី ដែលបានសិក្សាលើក្រុមអតិថិជនច្បាស់លាស់ នៅតែបន្តមើលឃើញពីផលចំណេញ ដោយសារតែក្នុងកំឡុងពេលបែបនេះ ការវិនិយោគលើដីធ្លី សម្រាប់ការសាងសង់អាចស្វែងរកទិញបាន ក្នុងលក្ខខណ្ឌល្អប្រសើរ ដោយសារមិនសូវមានដៃគូប្រកួតប្រជែងច្រើន ហើយតម្រូវការក្នុងការស្នាក់នៅ នឹងនៅតែបន្តមានជានិច្ច។

សម្រាប់ការអភិវឌ្ឍបុរីរបស់លោកជំទាវ បានចាប់ផ្តើមដំណើរការនៅក្នុងកំឡុងវិបត្តិជំងឺកូវីដ១៩ ហើយលោកជំទាវបានអះអាងថា បុរីវិមានសំណា​ង ទទួលបានភាពជោគជ័យខ្ពស់ផងដែរ ដោយសារតែគម្រោងបុរីមួយនេះបានសិក្សា និងផ្តោតទៅលើក្រុមអតិថិជន ដែលជាអ្នកមានកំពូល ដូច្នេះហើយទោះបីប្រឈមវិបត្តិក្តី ប៉ុន្តែក្រុមអតិថិជនប្រភេទនេះនៅតែមានលទ្ធភាពក្នុងការទិញ។

លោកជំទាវឧកញ៉ាបន្តថា “ទោះបីជាមានវិបត្តិក្តី ប៉ុន្តែតម្រូវការរបស់អតិថិជន ដែលត្រូវការផ្ទះរស់នៅ និងបុរីដែលមានបរិយាកាសស្អាតៗ នៅតែមាន”។

ជាមួយគ្នានេះ លោក លឹម ហេង ដែលជាប្រធានផ្នែកលក់គំរោង បុរី TLL បានប្រាប់គេហទំព័រ Property Area ឱ្យដឹងតាមប្រព័ន្ធតេឡេក្រាម កាលពីចុងសប្តាហ៍កន្លងមកថា ការវិនិយោគលើបុរី នៅតែជាការវិនិយោគដ៏ឆ្លាតវៃមួយ ដោយសារកម្រិតជីវភាពរបស់ប្រជាជនកម្ពុជា ដែលមានកម្រិតមធ្យមចុះក្រោម មានចំនួនច្រើន ហើយតម្រូវការក្នុងការស្វែងរកលំនៅឋានស្នាក់នៅកាន់តែមានច្រើនបន្ថែមទៀត។

លោកបន្តថា ដោយសារអតិថិជន ដែលមានកម្រិតជីវភាពមធ្យមមិនសូវមានលទ្ធភាពក្នុងការទិញដីធ្លីទំហំធំៗបាន ដែលនាំឱ្យការវិនិយោគលើបុរី ដោយការបង់រំលោះមានការពេញនិយមខ្ពស់។

លោកបានមានប្រសាសន៍ថា “ការវិនិយោគលើលំនៅឋាន ប្រភេទបុរី ប្រៀបធៀបទៅនឹងការសន្សំទឹកប្រាក់ប្រចាំថ្ងៃដែរ។ នៅពេលអតិថិជនជ្រើសរើសទិញបុរីនៅតាមគម្រោងនានា ភាគច្រើនអតិថិជនទិញនៅក្នុងទំហំសក្ដិសមនឹងលំហូរសាច់ប្រាក់របស់ខ្លួន”៕

Twitter ជួលក្រុមហ៊ុនច្បាប់អន្តរជាតិដើម្បីប្ដឹង Elon Musk ដែលលុបចោលកិច្ចព្រមព្រៀងតម្លៃ៤៤ពាន់លានដុល្លារ

ដោយៈ សុខុម

អាមេរិក: ដំណឹងដែលកំពូលមហាសេដ្ឋីលេខ១ របស់ពិភពលោក Elon Musk ប្រកាសទិញយកក្រុមហ៊ុនTwitter ក្នុងតម្លៃរហូតដល់ទៅ៤៤ពាន់លានដុល្លារល្បីល្បាញពេញពិភពលោក ហើយពេលនេះស្រាប់តែលោ​កប្រកាសលុបចោលកិច្ចព្រមព្រៀងនេះវិញ ធ្វើឱ្យក្រុមហ៊ុនTwitter កើត​ទុក្ខមិនសុខចិត្តរហូតចាត់វិធានការតាមផ្លូវច្បាប់។

ប្រភពបានទម្លាយឱ្យដឹងថា ក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម Twitter Inc បានជួលក្រុមហ៊ុនច្បាប់របស់សហរដ្ឋអាមេរិក Wachtell, Lipton, Rosen & Katz (WLRK) ដើម្បីត្រៀមប្ដឹងលោក Elon Musk និងបង្ខំឱ្យលោក ឆាប់បញ្ចប់ប្រតិបត្តិការទិញយកក្រុមហ៊ុនTwitter ក្នុងតម្លៃ៤៤ពាន់លានដុល្លារ ផ្អែកតាមអ្វីដែលបានព្រមព្រៀងគ្នា។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១១ ខែកក្កដា នេះ។

លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញ Tesla កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅបានសម្រេចលុបចោល​ កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុននេះ ដោយលើកឡើងថា ក្រុមហ៊ុនTwitter មិនបានផ្តល់ព័ត៌មានអំពីគណនីក្លែងក្លាយ ឬFake Account នៅលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះ។

ជាការឆ្លើយតប ប្រធានក្រុមហ៊ុន Twitter លោក Bret Taylor បានប្តេជ្ញាថា នឹងធ្វើការប្ដឹងលោក Elon Musk ឡើងតុលាការ។

ប្រភពដដែលបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Twitter គ្រោងនឹងដាក់ពាក្យបណ្តឹងនៅដើមសប្តាហ៍នេះ នៅក្នុងរដ្ឋ Delaware សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា ក្រុមហ៊ុន Twitterបានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ចំណែកក្រុមហ៊ុនច្បាប់ខាងលើ ក៏មិនបានឆ្លើយតបភ្លាមៗនោះដែរ ពេលទីភ្នាក់ងារព័ត៌មាន Reuters សុំការបំភ្លឺជុំវិញបញ្ហានេះ៕ Reuters៕

ថៃតភ្ជាប់ខ្សែរថភ្លើងល្បឿនលឿនតម្លៃ១២ពាន់លានដុល្លារ ជាមួយប្រទេចិន

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋាភិបាលថៃបានបង្ហាញឆន្ទៈ នឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ភ្ជាប់ពីប្រទេសរបស់ខ្លួន ទៅកាន់​ខេត្ត​​យូណានប្រទេសចិន ដែលគំរោងនេះគ្រោងចំណាយទឹកប្រាក់រហូតដល់១២ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Bloomberg កាលពីសប្តាហ៍មុនបានបង្ហាញថា ការលើកឡើងរបស់ប្រទេសថៃថា នឹងសាងសង់ឱ្យចប់ដំណាក់កាលទី១ និងដាក់ឱ្យ​សាកល្បង​​ក្នុង​ឆ្នាំ២០២៦ និងសម្ពោធប្រើប្រាស់​ជាផ្លូវការ​ក្នុង​ឆ្នាំបន្ទាប់។ ខ្សែរថភ្លើងក្នុងដំណាក់កាលទី១ មានប្រវែងសរុបប្រមាណ៦០៩គីឡូម៉ែត ដែល​ភ្ជាប់​​ទៅភាគខាងជើងព្រំដែន ខេត្តណងខៃ ហើយត្រូវសាងសង់ស្ពានមួយទៀតកាត់ទន្លេមេគង្គ ដើម្បីអាចភ្ជាប់ទៅ​នឹងខ្សែ​រថភ្លើង​ចិន-និងប្រទេសឡាវ ។

តាមប្រភពព៌តមានបានឲ្យដឹងថា គិតមកទល់ពេលបច្ចុប្បន្ននេះ ផ្លូវរថភ្លើងដំណាក់កាលទី១ សម្រេចការសាងសង់បាន១២ភាគរយ ដែលដំណា​ក់កាលទី១នៃខ្សែរថភ្លើងនេះ នឹងសាងសង់ពីរាជធានីបាងកក ភ្ជាប់ទៅខេត្តណាខនរាជសីម៉ា និងដដំណាក់កាលទី២ នឹង​សាង​សង់​​ភ្ជាប់​ទៅភាគ​ខាងជើងព្រំដែនឡាវ។

ក្នុងជំនួបរវាងលោកប្រាយុទ្ធ ចាន់អូចារនាយករដ្ឋមន្រ្តីថៃ និងលោក វ៉ាង យ៉ី រដ្ឋមន្ត្រីការបរទេសចិន កាល​ពីថ្ងៃ៥ ខែកក្កដា បានឱ្យដឹងថា ច្រករបៀងសេដ្ឋកិច្ចមួយនេះ បានភ្ជាប់ប្រទេសចិន ឡាវ និងថៃ ដែលនឹងជួយអភិវឌ្ឍ និងលើកកម្ពស់​វិស័យ​ភស្តុភា​កម្មជំនួញ និងសេដ្ឋកិច្ច របស់ប្រទេសទាំងបីបានយ៉ាងល្អប្រសើរ។

បណ្តាញខ្សែរថភ្លើងថៃ និងឡាវមួយនេះ ត្រូវបានគេមើលថា ជាការចាប់ផ្តើមដំបូង​នៃហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងភ្ជាប់​ប្រទេស​ចិន ដែល​ជា​ប្រទេ​ស​មហាអំណាចសេដ្ឋកិច្ចទី២ក្នុងពិភពលោក ដែលនឹងតភ្ជាប់ជាមួយ នឹងបណ្តាប្រទេសសមាជិកប្រទេសអាស៊ានដទៃទៀត រួមមាន ម៉ាឡេស៊ី និងសិង្ហបុរី។៕

 

អបអរសាទរ! ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញពីកូវីដ១៩របស់ Nikkei

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជាបានឈានដល់ចំណាត់ថ្នាក់កំពូល នៅក្នុងសន្ទស្សន៍ការងើបឡើងវិញពីកូវីដ១៩របស់ Nikkei តាមពីក្រោយដោយប្រទេសវៀតណាម ដែលប្រទេសទាំងពីរកំពុងត្រលប់ទៅរកប្រក្រតីភាព នៃការបើកដំណើរការអាជីវកម្មឡើងវិញ។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ​​Nikkei Asia ចេញផ្សាយនៅកាលពីចុងសប្តាហ៍ កន្លងមក។

សន្ទស្សន៍ការស្តារឡើងវិញពីជំងឺកូវីដ១៩របស់ Nikkei បានវាយតម្លៃប្រទេស និងតំបន់លើការទប់ស្កាត់មេរោគ ការចាក់វ៉ាក់សាំង និងការបើកដំណើរការសកម្មភាពសង្គម។ ចំណាត់ថ្នាក់របស់ Nikkei ផ្អែកទៅលើចំនួនករណីឆ្លង និងការស្លាប់ របស់ប្រទេសមួយ អត្រានៃការចាក់ថ្នាំបង្ការ និងចំនួននៃការរឹតបន្តឹងដែលវាបានដាក់ចេញ។

ក្រសួងសុខាភិបាល បានរាយការណ៍ថា គ្មានករណីកូវីដ១៩ថ្មីអស់រយៈពេលជិតពីរខែ មុនពេលដែលវីរុសត្រូវបានរកឃើញម្តងទៀតនៅថ្ងៃទី១៨ ខែមិថុនា ហើយចាប់តាំងពីពេលនោះមកបានបន្តរកឃើញក្នុងចំនួនតិចតួច។

របាយការណ៍បានរាយការណ៍ថា “នៅក្នុងចំណាត់ថ្នាក់សម្រាប់ខែមិថុនា ប្រទេសកម្ពុជាបានឡើងដល់កំពូល បន្ទាប់ពីឈរនៅលេខ២ និងលេខ៣ ចាប់តាំងពីខែមីនា។ ប្រទេសកម្ពុជាបានកត់ត្រា “គ្មានករណីថ្មី” សម្រាប់រយៈពេល៥២ថ្ងៃ រហូតដល់ថ្ងៃទី២៨ ខែមិថុនា។

ប្រទេស​កម្ពុជា​ទទួលបាន​៧៨​ពិន្ទុ​នៅ​កំពូល​តារាង ខណៈ​លេខ​២ គឺប្រទេស​វៀតណាម​មាន​៧៦.៥​ពិន្ទុ​។ កូស្តារីកា កូរ៉េខាងត្បូង និងកាតា ជាប់ចំណាត់ថ្នាក់លេខ៣ ទី៤ និងទី៥ ដោយទទួលបាន ៧៣ពិន្ទុ ៧២,៥ពិន្ទុ និង៧២ពិន្ទុរៀងគ្នា។ Barbados ស្ថិតនៅបាតតារាងដោយមានត្រឹម៣៩ពិន្ទុ។

វៀតណាម​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ បន្ទាប់​ពី​លោត​ពី​ចំណាត់​ថ្នាក់​ទី១៤ ក្នុង​ខែ​ឧសភា។ របាយការណ៍បាននិយាយថា ការកើនឡើងនៃចំណាត់ថ្នាក់នេះបានកើតឡើង ដោយសារតែការថយចុះនៃការឆ្លង និងការស្លាប់ ខណៈដែលប្រទេសផ្សេងទៀត នៅអាស៊ីអាគ្នេយ៍ ក៏បានមើលឃើញពីភាពប្រសើរឡើងនៃការជាសះស្បើយផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែក្រើនរំលឹកដល់សាធារណជន កុំឱ្យមានការធ្វេសប្រហែស ហើយត្រូវអនុវត្តវិធានការបង្ការ “៣កុំនិង៣ការពារ” ជានិច្ច៕

លោក Antony Blinken សរសើរថៃមិនដាច់ពីមាត់ចំពោះការជួយអាមេរិកពង្រឹងឥទ្ធិពលនៅអាស៊ី ទប់ទល់នឹងចិន

ដោយសុខុម

បាងកក: រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃ អាទិត្យ ទី១០ ខែកក្កដា បានសរសើរមិនដាច់ពីមាត់ចំពោះតួនាទីរបស់ប្រទេសថៃ នៅក្នុងជួយជ្រោមជ្រែងដល់ការពង្រឹងឥទ្ធិពលជាថ្មីឡើងវិញរបស់សហរដ្ឋអាមេរិក នៅអាស៊ីអាគ្នេយ៍ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់មហាយក្សចិន។

ការសរសើរនេះធ្វើឡើងអំឡុងដំណើរទស្សនកិច្ចរបស់លោក Antony Blinken មកកាន់ប្រទេសថៃ ហើយទន្ទឹមនេះលោកក៏បានរិះរកមធ្យោបាយថ្មីៗ ដើម្បីជួយស្ដារលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសមីយ៉ាន់ម៉ា ឡើងវិញផងដែរ។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក រូបនេះបានចុះកិច្ចព្រមព្រៀងមួយដោយសន្យាបន្តពង្រឹង និងពង្រីកទំនាក់ទំនង ហើយលោកក៏បានគូសបញ្ជាក់ពីការទទួលយករបស់ប្រទេសថៃ នូវផែនការសេដ្ឋកិច្ចថ្មីដែលដឹកនាំដោយសហរដ្ឋអាមេរិក សម្រាប់តំបន់អាស៊ី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។

ក្រោយជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai លោក Antony Blinken បានពោលសរសើរថៃ ថា “យើងមានប្រទេសថៃ ដែលជាសម្ព័ន្ធមិត្ត និងជាដៃគូនៅឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានសារៈសំខាន់ខ្លាំងសម្រាប់យើងនៅក្នុងតំបន់”។

ប្រទេសថៃ គឺជាសម្ព័ន្ធមិត្តដ៏ចំណាស់បំផុតរបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ី ដែលមានប្រវត្តិល្បីល្បាញធ្លាប់ផ្តល់សត្វដំរីដល់អតីតប្រធានាធិបតីអាមេរិក លោក Abraham Lincoln អំឡុងសង្គ្រាមស៊ីវិល ប៉ុន្តែបច្ចុប្បន្នប្រទេសថៃ ក៏កំពុងសហការកាន់តែច្រើនជាងមុនជាមួយមហាយក្សចិន ផងដែរ ដែលធ្វើឱ្យសហរដ្ឋអាមេរិក មានការព្រួយបារម្ភ។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក រូបនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មកកាន់ប្រទេសថៃ ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេសចិន បានឡើងពីការចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់របស់រដ្ឋាភិបាលក្រុងប៉េកាំង លើហេដ្ឋារចនាសម្ព័ន្ធ៕