ក្រៅពីចិននិងឥណ្ឌា រុស្ស៊ីទាក់ទាញប្រទេសនៅអាស៊ីឱ្យទិញប្រេងបញ្ចុះតម្លៃថោកៗរបស់ខ្លួន

ដោយ៖ លាងហួរ

រុស្ស៊ី៖ ប្រទេសរុស្ស៊ីកំពុងបង្កើនគុណភាពនៃការនាំចេញប្រេងឆៅ Urals ដ៏ល្បីរបស់ខ្លួន ដោយលក់បញ្ចុះតម្លៃយ៉ាងច្រើន ដើម្បីទាក់ទាញអ្នកទិញប្រេងនៅអាស៊ី។

ការនាំចេញប្រេងរបស់រុស្ស៊ីត្រូវបានមើលឃើញថា នៅបន្តមានភាពរឹងមាំ បើទោះបីជាមានការដាក់ទណ្ឌកម្មពីលោកខាងលិចក៏ដោយ ខណៈដែលប្រទេសចិន និងឥណ្ឌាបង្កើនការទិញប្រេងពីរុស្ស៊ី។

មន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងម៉ូស្គូឥឡូវនេះរកប្រាក់បានច្រើនជាងមុនសង្គ្រាមនៅអ៊ុយក្រែនទៅទៀត ដោយសារតម្លៃប្រេងនិងឧស្ម័នកើនឡើង។

បើយោងតាមទិន្នន័យពីសារពត៌មាន Reuters ប្រទេសរុស្ស៊ីបានលាយបញ្ចូលគ្នានៃប្រេងUrals ដើម្បីធ្វើឱ្យប្រេងកាន់តែស្រាលក្នុងរយៈពេល៣ខែចុងក្រោយនេះ បើទោះបីជាមានការហាមឃាត់លើការនាំចូលបច្ចេកវិទ្យាសម្រាប់ឧស្សាហកម្មប្រេង និងឧស្ម័នពីលោកខាងលិចក៏ដោយ។

ក្រុមហ៊ុនបំពង់បង្ហូរប្រេងរុស្ស៊ី Transneft ដែលដឹកជញ្ជូនប្រេងឆៅភាគច្រើន តាមរយៈប្រព័ន្ធបង្ហូររបស់ខ្លួន និងទទួលខុសត្រូវចំពោះការត្រួតពិនិត្យគុណភាព មិនបានឆ្លើយតបទៅនឹងសំណើររបស់សារព័ត៌មាន Reuters សម្រាប់ការសុំធ្វើអត្ថាធិប្បាយទេ។

ប្រទេសចិន និងឥណ្ឌាបានក្លាយជាអ្នកទិញប្រេងរុស្ស៊ីដ៏ធំ ក្នុងរយៈពេលពីរខែចុងក្រោយនេះ ខណៈដែលទីក្រុងម៉ូស្គូស្វែងរកទីផ្សារផ្សេងទៀត ដើម្បីលក់ប្រេងរបស់ខ្លួន ខណៈដែលការនាំចេញប្រេងទៅកាន់សហភាពអឺរ៉ុបបានធ្លាក់ចុះ មុនពេលសភាពអឺរ៉ុបហាមឃាត់ការនាំចូលប្រេងរុស្ស៊ីទាំងស្រុងនៅចុងឆ្នាំ២០២២នេះ៕

រដ្ឋាភិបាលធ្វើអនុបយោគផ្ទៃបឹងទន្លេបាទីទំហំជាង២៦៨ហិកតាជូនជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋបាលខេត្តពីរ

ដោយ៖ សុផារី

តាកែវ៖ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្ដីពីការកំណត់និយាមការផ្ទៃបឹងទន្លេបាទីទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនូវផ្ទៃដីស្ថិតក្នុងភូមិសាស្រ្តស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ក្នុងនោះ ផ្ទៃដីទំហំជាង១១៦ហិកតា ក្នុងស្រុកបាទី ចុះបញ្ជីជូនរដ្ឋបាលខេត្តតាកែវ និងផ្ទៃដីទំហំជាង១០៦ហិចតា ក្នុងស្រុកកណ្តាលស្ទឹង ​និងផ្ទៃដីទំហំ៤៦ហិកតា ក្នុងស្រុកកណ្តាលស្ទឹង ចុះបញ្ជីជូនរដ្ឋបាលខេត្តកណ្ដាល។

នេះបើយោងតាមអនុក្រឹត្យស្ដីពីការកំណត់និយាមការផ្ទៃបឹងទន្លេបាទី ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន​ សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ហើយត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ។

អនុក្រឹត្យខាងលើក៏បានកំណត់និយាមកាផ្ទៃបឹងទន្លេបាទីទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ ទំហំ៩៧ហិកតា១៩អានិង១៩សង់ទីអា ក្នុងនោះផ្ទៃបឹងទំហំ៥៧ហិកតា៧៥អា និង៦៩សង់ទីអា ស្ថិតក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ ចុះបញ្ជីជូនរដ្ឋបាលខេត្តតាកែវ និងផ្ទៃបឹងទំហំ៣៩ហិកតា៤៣អានិង៥០សង់ទីអា ស្ថិតក្នុងភូមិសាស្ត្រស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល ចុះបញ្ជីជូនរដ្ឋបាលខេត្តកណ្តាល។

តាមរយៈអនុក្រឹត្យដដែល រដ្ឋាភិបាលក៏សម្រេចធ្វើអនុបយោគពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ នូវផ្ទៃដីស្ថិតក្នុងភូមិសាស្ត្រ ស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចំនួន២ទីតាំងដូចខាងក្រោម៖

១. ផ្ទៃដីទំហំ២២២ហិកតា៦៣អានិង៧៧សង់ទីអា នៅសល់ពីផ្ទៃបឹងទន្លេបាទីដែលរក្សាទុក។ ក្នុងនោះផ្ទៃដីទំហំ១១៦ហិកតា៣៥អានិង៣៤សង់ទីអា ស្ថិតនៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ចុះបញ្ជីជូនរដ្ឋបាលខេត្តតាកែវ និងផ្ទៃដីទំហំ១០៦ហិកតា២៨អានិង៤៣សង់ទីអា ស្ថិតនៅឃុំព្រែករកា និងឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ចុះបញ្ជីជូនរដ្ឋបាលខេត្តកណ្តាល។

២. ផ្ទៃដីទំហំ៤៦ហិកតា២៨អានិង៦៦សង់ទីអា ស្ថិតនៅឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ដែលបានចុះបញ្ជីជូនរដ្ឋបាលខេត្តកណ្ដាល មានចំនួន៤បណ្ណ៕

 

 

មិនយូរទេ មហាយក្សឥណ្ឌានឹងផ្លោះពីសេដ្ឋកិច្ច៣ទ្រីលានដុល្លារឡើងដល់ទំហំ៣០ទ្រីលានដុល្លារ

សុខុម

ញូវដេលី: មិនយូរទេ មហាយក្សឥណ្ឌា ដែលមានប្រជាជនដល់ទៅ១.៣៨៨លាននាក់គិតត្រឹមឆ្នាំ២០២២ បើយោងតាមគេហទំព័រ indiaonlinepages.com នឹងក្លាយជាប្រទេសមួយ ដែលមានទំហំសេដ្ឋកិច្ចរហូតដល់ទៅ៣០ទ្រីលានដុល្លារ ធៀបនឹងទំហំសេដ្ឋកិច្ច៣ទ្រីលានដុល្លារ នាពេលបច្ចុប្បន្ន។

នេះជាអ្វីដែលលោក Piyush Goyal រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា បានលើកឡើង ដោយទំនុកចិត្តខ្ពស់ និងសុទិដ្ឋិនិយម។ នេះបើយោងតាមសារព័ត៌មានថៃ The Nation ចុះផ្សាយនៅថ្ងៃអង្គារ ទី២៨ ខែមិថុនានេះ។

លោក Piyush Goyal បានគូសបញ្ជាក់ក្នុងពិព័រណ៍វាយនភណ្ឌក្នុងក្រុង Coimbatore នៃរដ្ឋភាគខាងត្បូង Tamil Nadu កាលពីថ្ងៃទី២៥ ខែមិថុនាថា ដើម្បីសម្រេចមហិច្ឆតានេះ រដ្ឋាភិបាលឥណ្ឌា បាននិងកំពុង “ខ្នះខ្នែងដោះស្រាយរាល់បញ្ហា រួមទាំង របាំងពន្ធ បញ្ហាពន្ធដារ និងការប្រកួតប្រជែងជាសកលផងដែរ”។

រដ្ឋមន្ត្រីរូបនេះបានលើកឡើងថា ប្រទេសឥណ្ឌា កំពុងធ្វើការយ៉ាងសកម្មជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឱ្យចប់សព្វគ្រប់ ដែលនឹងផ្ដល់ឱកាសឱ្យវិស័យវាយនភណ្ឌឥណ្ឌា ចូលទៅកាន់ទីផ្សារពិភពលោក ដោយមិនអស់ពន្ធ។

លោកបានផ្តល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងខ្សែសង្វាក់តម្លៃ (Value Chain) ខិតខំប្រឹងប្រែងឱ្យខ្លាំង រួបរួមគ្នា ធ្វើយ៉ាងណាជួយជ្រោមជ្រែងមហាយក្សឥណ្ឌា ឱ្យក្លាយជាប្រទេសផលិតកម្មដ៏ធំបំផុតក្នុងពិភពលោក។

ខ្សែសង្វាក់តម្លៃ ឬ Value Chain គឺជាដំណើការភ្ជាប់ទំនាក់ទំនងគ្នារវាងតួអង្គ (ដូចជាអ្នកផលិត អ្នកផ្តល់សេវាកម្ម អ្នកផ្គត់ផ្គង និងអ្នកលក់ជាដើម) ដើម្បីស្វែងរកការគាំទ្រគ្នាទៅវិញទៅមក ដែលនាំមកនូវការបង្កើនប្រសិទ្ធភាពខ្ពស់សម្រាប់ផលិតផលមួយ និងច្រើន។

លោក Piyush Goyal បានបន្ថែមទៀតថា ចាប់ពីកសិដ្ឋានរហូតដល់ក្រណាត់ ចាប់ពីក្រណាត់រហូតដល់ផលិតផលសម្រេច ចាប់ពីផលិតផលសម្រេចរហូតដល់ផលិតផលម៉ូត ហើយចុងក្រោយរហូតដល់ផលិតផលបរទេស ឥណ្ឌា មានចំណែកយ៉ាងធំធេង នៅក្នុងខ្សែសង្វាក់តម្លៃទាំងមូល។

រដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា ឥណ្ឌា សម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចប់សព្វគ្រប់ចំនួន២ជាមួយប្រទេសអូស្ត្រាលី និងប្រទេសអារ៉ាប់រួមអេមីរ៉ាត ហើយកំពុងចរចាជាមួយអង់គ្លេស កាណាដា និងសហភាពអឺរ៉ុប។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនសន្ធឹកសន្ធាប់ដល់មជ្ឈមណ្ឌលអាជីវកម្មវាយនភណ្ឌដូចជាក្រុង Coimbatore និងក្រុង Tirupur នៃរដ្ឋ Tamil Nadu៕

គម្រោងបុរី ប៉េង ហួត ដឹស្តា មេរាហ្កាដិន កំពុងលើកកម្ពស់សក្តានុពលផ្លូវ៥០ម៉ែត្រមួយកម្រិតបន្ថែម

ដោយ៖ សហការី

ភ្នំពេញ៖ ទន្ទឹមនឹងសក្ដានុពលដ៏ពុះកញ្ជ្រោល នៃមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ការអភិវឌ្ឍនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) ក៏កំពុងមានសកម្មភាពគួរឱ្យកត់សម្គាល់ ជាហេតុធ្វើឱ្យតំបន់ភាគខាងត្បូងរាជធានីភ្នំពេញមួយនេះ មានការវិនិយោគឥតឈប់ឈរពីសំណាក់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

គម្រោងអភិវឌ្ឍលំនៅឋានទំនើបចម្រុះដ៏លេចធ្លោមួយ របស់បុរី ប៉េង ហួត គឺ គម្រោង ដឹស្តា មេរាហ្កាដិន ត្រូវបានគេមើលឃើញថា ជាគម្រោងដ៏ឈានមុខគេមួយ នៅតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងការអភិវឌ្ឍទាំងលំនៅឋានប្រណីតៗ ម៉ូដរចនាទាន់សម័យ ទាំងហេដ្ឋារចនាសម្ព័ន្ធដ៏សម្បូរបែប ក្នុងគម្រោងផ្ទាល់ ដូចជា ក្លិបហោស៍ សួនច្បារសាធារណៈរំលេចដោយផ្កាចម្រុះពណ៌ ស័ក្ដិសមជាមួយឈ្មោះហ្កាដិនរបស់គម្រោងស្រាប់​ ផ្សារទំនើប និងអគារពាណិជ្ជកម្ម នៅជាប់ផ្លូវ៥០ម៉ែត្រផ្ទាល់តែម្ដង។

ជាមួយដំណើរការសាងសង់យ៉ាងមមាញឹកទាំងយប់ ទាំងថ្ងៃ លោកអ្នកអាចមើលឃើញគេហដ្ឋានរាប់រយខ្នង​ រាប់ចាប់ពីវីឡាកូនកាត់ វីឡាភ្លោះ រហូតដល់វីឡាទោល កំពុងបង្អួតរូបរាងយ៉ាងស្កឹមស្កៃជាបណ្ដើរៗ ដោយមានម្ចាស់គេហដ្ឋានជាច្រើនកំពុងរស់នៅស្រាប់ និងរើចូលរស់នៅបន្ថែមទៀតជាហូរហែរ។

អតិថិជនអាចទិញភ្លាម ចូលនៅបានភ្លាមតែម្ដង។ ចំណែកផ្ទះអាជីវកម្ម និងអគារពាណិជ្ជកម្មវិញក៏កំពុងមានដំណើរការសាងសង់បានប្រហែល៤០%ហើយដែរ រួមជាមួយ ផ្សារទំនើប ភីអេច មេរាម៉ល ដែលនឹងបើកទទួលស្វាគមន៍ម្ចាស់អាជីវកម្មគ្រប់ប្រភេទ ក្នុងពេលដ៏ខ្លីខាងមុខ។

ក្រឡេកមកមើលការដ្ឋានខាងក្នុងគម្រោងបន្ថែមទៀត ក្លិបហោស៍ដ៏ធំ​ និងទំនើបដាច់គេក្នុងតំបន់របស់គម្រោង ដឹស្តា មេរាហ្កាដិន កំពុងលេចរូបរាងកាន់តែច្បាស់ៗ ពីមួយថ្ងៃទៅមួយថ្ងៃ អមដោយសួនច្បារដ៏វែង មានផ្កាចម្រុះពណ៌ច្រើនប្រភេទ និងទីធ្លាសាធារណៈរៀបចំកម្មវិធីផ្សេងៗដ៏ធំទូលាយ។ គ្រប់សំណង់នៃគម្រោងទាំងអស់ របស់បុរី ប៉េង ហួត សុទ្ធតែជ្រើសរើសវត្ថុធាតុដើម និងបរិក្ខា ដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ។

ហេដ្ឋារចនាសម្ព័ន្ធនៃគម្រោង ដែលមានវិសាលភាព៤០ហិកតាមួយនេះ នឹងផ្ដល់ជូនអតិថិជនគ្រប់លំដាប់ថ្នាក់ នូវជីវិតរស់នៅដ៏ស៊ីវិល័យ បង្កប់ដោយភាពស្ងប់ស្ងាត់ និងក្លិនក្រអូបពីផ្កាគ្រប់ប្រភេទ ពោរពេញដោយសុភមង្គល និងក្ដីសុខគ្រប់ពេលវេលា។

សូមអញ្ជើញមកទស្សនាការដ្ឋានសំណង់នៅគម្រោង ដឹស្តា មេរាហ្កាដិន ផ្ទាល់ ដែលមានទីតាំងនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុងទី២ (ផ្លូវ៥០ម៉ែត្រ) និងសាកសួរព័ត៌មាននៅការិយាល័យលក់ ដែលនៅខាងមុខគម្រោងផ្ទាល់បានរៀងរាល់ម៉ោងធ្វើការ។

លោកអ្នកក៏អាចទាក់ទងសួរនាំព័ត៌មានបន្ថែមពីសហការីលក់យើងខ្ញុំ តាមរយៈទូរសព្ទលេខ 𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមជាមួយ 𝐓𝐞𝐥𝐞𝐠𝐫𝐚𝐦 𝐂𝐡𝐚𝐧𝐧𝐞𝐥 https://t.me/boreypenghuoth៕

អង្គការ NATO ប្រកាសត្រៀមទ័ព ៣០ម៉ឺននាក់ឱ្យប្រុងជើងការខ្ពស់សម្រាប់ទប់ទល់នឹងរុស្ស៊ី

ដោយសុខុម

ព្រុចសែល: លោក Jens Stoltenberg អគ្គលេខាធិការអង្គការ NATO បានប្រកាសកាលពីថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ថា អង្គការបក្សសម្ព័ន្ធយោធាមួយនេះនឹងបង្កើនចំនួនកងទ័ពរហូតដល់៣០០.០០០នាក់ឱ្យប្រុងជើងការខ្ពស់ជាមួយបណ្ដាសម្ព័ន្ធមិត្តដើម្បីអនុវត្តយុទ្ធសាស្រ្តថ្មី។

លោក Jens Stoltenberg បានចាត់ទុកក្រុងមូស្គូ ថាជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខរបស់សហភាពអឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល ក្រោយសង្គ្រាមឈ្លានពានអ៊ុយក្រែន អូសបន្លាយអស់រយៈពេល៤ខែមកនេះ ដែលគ្មានសញ្ញាថានឹងបញ្ចប់ពេលណា។

អគ្គលេខាធិការអង្គការ NATO រូបនេះបានថ្លែងក្នុងក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក មុនកិច្ចប្រជុំកំពូលរបស់អង្គការ NATO នៅថ្ងៃទី២៨-២៩ ខែមិថុនា ក្នុងក្រុងម៉ាឌ្រីត (Madrid) ប្រទេសអេស្ប៉ាញ ថា “រុស្ស៊ី បានដើរចេញពីភាពជាដៃគូ និងកិច្ចចរចាដែល NATO បានព្យាយាមបង្កើតឡើងជាមួយរុស្ស៊ី អស់រយៈពេលជាច្រើនឆ្នាំមកហើយ”។

លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា “ពួកគេបានជ្រើសរើសការប្រឈមមុខដាក់គ្នាជំនួសឱ្យការចរចា។ យើងសោកស្តាយចំពោះរឿងនោះ ប៉ុន្តែពិតណាស់ថា យើងត្រូវតែឆ្លើយតបទៅតាមស្ថានការណ៍ពិតជាក់ស្ដែងនោះ”។

លោក Jens Stoltenberg និយាយថា អង្គការ NATO នឹងបញ្ជាឱ្យកងកម្លាំងប្រតិកម្មរហ័សដែលមានស្រាប់របស់ខ្លួន ពោលគឺកងកម្លាំងឆ្លើយតបរបស់អង្គការ NATO ដែលមានទ័ពប្រមាណ៤០.០០០នាក់ត្រៀមប្រុងជើងការខ្ពស់ ហើយនឹងបង្កើនចំនួនទ័ពសរុបនេះឱ្យលើសពី៣០០.០០០នាក់”៕ Reuters៕

អស់ជម្រើស បារាំង ចង់ឱ្យអ៊ីរ៉ង់ និងវេណេហ្ស៊យអេឡា ត្រលប់មកកាន់ទីផ្សារប្រេងវិញដើម្បីជំនួសរុស្ស៊ី

ដោយ សុខុម

អាល្លឺម៉ង់: តាមដឹង ប្រទេសអ៊ីរ៉ង់ និងប្រទេសវេណេហ្ស៊ុយអេឡា ត្រូវបានដាក់ទណ្ឌកម្មដោយលោកខាងលិច មកទល់នឹងសព្វថ្ងៃ។ ប៉ុន្តែដោយសារអស់ជម្រើស ប្រទេសបារាំង ចង់ឱ្យប្រទេសទាំងពីរនេះវិលត្រលប់មកកាន់ទីផ្សារប្រេងវិញដើម្បីជំនួសរុស្ស៊ី។

មន្ត្រីមួយរូបនៅវិមានប្រធានាធិបតីបារាំង បានទម្លាយឱ្យដឹងកាលពីថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ថា ប្រទេសបារាំង ចង់ឱ្យប្រទេសដែលរងទណ្ឌកម្មទាំងពីរខាងលើត្រលប់មកកាន់ទីផ្សារប្រេងវិញ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងរុស្ស៊ី។

ដំណឹងនេះកើតមានឡើង ស្របពេលលោកខាងលិច សហភាពអឺរ៉ុប និងបណ្ដាសម្ព័ន្ធមិត្តបង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី ក្នុងគោលបំណងផ្ដាច់ដង្ហើមសេដ្ឋកិច្ចរបស់រុស្ស៊ី ជាការដាក់ទណ្ឌកម្មចំពោះទង្វើរបស់ខ្លួននៅក្នុងការបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។

ប្រទេសបារាំង ក៏ចង់ឱ្យមានយន្តការគ្រោងទុកមួយដើម្បីទប់តម្លៃប្រេងតាមដែលអាចធ្វើទៅបានផងដែរ ធ្វើយ៉ាងណាកុំឱ្យប្រេងហក់ឡើងថ្លៃខ្លាំងពេក។

មន្ត្រីបារាំង ដដែលក៏បានលើកឡើងដែរថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រាប់មេដឹកនាំនៃក្រុមប្រទេស G7 កាលពីព្រឹកថ្ងៃច័ន្ទ ទី២៧ ខែមិថុនា ថា ស្ថានភាពមិនអំណោយផលឡើយនៅក្នុងការចរចាជាមួយរុស្ស៊ី ហើយចង់រក្សាជំហរឱ្យរឹងមាំសិន មុននឹងចាប់ផ្តើមការចរចាណាមួយ៕ Reuters៕

ទីក្រុងមួយរបស់ចិនបញ្ជូនមន្ត្រីទៅបញ្ចុះបញ្ចូលអ្នកភូមិឱ្យជួយទិញផ្ទះជាថ្នូរនឹងការជួយរកការងារឱ្យធ្វើ

ដោយ សុខុម

ប៉េកាំង: ទីក្រុងមួយនៅប្រទេសចិន ភាគខាងត្បូងកំពុងបញ្ជូនមន្ត្រីទៅកាន់ភូមិឋានក្បែរៗខាងដើម្បីទាក់ទាញអ្នកភូមិឱ្យចាប់អារម្មណ៍ទិញផ្ទះដែលលក់មិនចេញរបស់ខ្លួន ដោយសន្យាជួយរកការងារឱ្យធ្វើសម្រាប់អ្នកដែលទិញអាផាតម៉ិនមួយយូនីត។

នេះឆ្លុះបញ្ចាំងពីវិបត្តិអចលនទ្រព្យកាន់តែធ្ងន់ធ្ងរទៅៗ ដែលកំពុងវាយប្រហារទីក្រុងតូចៗក្នុងប្រទេសចិន ក្រោយផ្ទុះវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ប្រទេសចិន China Evergrande Group ដែលជំពាក់បំណុលជាង៣០០ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៧ ខែមិថុនា។

កាសែត The Economic Observer បានចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ថា ទីក្រុងយូលីន (Yulin) ដែលមានប្រជាជនរស់នៅប្រមាណ៥,៨លាននាក់ និងដែលល្បីល្បាញដោយសារពិធីបុណ្យហូបសាច់ឆ្កែប្រចាំឆ្នាំរបស់ខ្លួន សន្យាជាមួយអ្នកទិញផ្ទះរបស់ខ្លួនថានឹងជួយផ្ដល់ជម្រើសការងារលើសពី៣។ ទន្ទឹមនេះ អ្នកទិញផ្ទះដំបូងក៏នឹងទទួលបានការឧបត្ថម្ភធនផងដែរ។

ទោះជាយ៉ាងណា មន្ត្រីរដ្ឋបាលក្រុងយូលីន មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញកម្មវិធីប្រូម៉ូសិនដ៏ចម្លែកនេះ។
កាសែតនេះនិយាយថា រដ្ឋបាលក្រុងយូលីន សង្ឃឹមថានឹងលក់ផ្ទះឱ្យទៅអ្នកភូមិបានចំនួន៨.០០០យូនីតនៅឆ្នាំនេះ។

ប៉ុន្តែប្រជាជនរស់នៅតាមជនបទក្នុងតំបន់ស្វយ័តគ័ងស៊ី (Guangxi) រួមទាំងយូលីន ផងដែរ រកប្រាក់ចំណូលជាមធ្យមរកបានតែប្រហែល៥.០០០យ័ន (៧៤៨ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយឆ្នាំ ពោលគឺតិចជាងពាក់កណ្ដាលបើធៀបនឹងប្រាក់ចំណូលដែលប្រជាជនក្នុងក្រុងរកបាន។ នេះបើយោងតាមស្ថិតិផ្លូវការបង្ហាញ។

លើសពីនេះ មន្ត្រីរាជការក្នុងក្រុងយូលីន ក៏ត្រូវបានណែនាំឱ្យជួយបញ្ចុះបញ្ចូលសាច់ញាតិ និងមិត្តភ័ក្តិរបស់ពួកគេជួយទិញផ្ទះផងដែរដើម្បីឱ្យគ្រប់ចំនួនតាមគោលដៅកំណត់។

មិនមែនមានតែក្រុងយូលីន មួយនោះទេដែលបានចាត់វិធានការដ៏ចម្លែកៗបែបនេះដើម្បីទាក់ទាញអ្នកទិញផ្ទះ។ នៅក្នុងទីក្រុងមួយនៃខេត្តហឺណាន (Henan) ភាគកណ្តាលប្រទេសចិន ក្រុមហ៊ុនអភិវឌ្ឍន៍មួយសុខចិត្តទទួលយកស្រូវសាលីជាប្រាក់កក់ (Down Payment) សម្រាប់ការទិញផ្ទះបង់រំលស់ដើម្បីទាក់ទាញកសិករ៕

CDC អនុម័តគម្រោងឯកជន៤៧ក្នុងទំហំទឹកប្រាក់ជាង២,៥ពាន់លានដុល្លារអាមេរិកក្នុងត្រីមាសដំបូង

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងវិនិយោគក្នុងឆ្នាំ២០២២នេះ ត្រូវបានមើលឃើញថាមានសកម្មភាពជាងរយៈពេល២ឆ្នាំកន្លងមក ទាំងការវិនិយោគនៅក្នុងនិងក្រៅតំបន់សេដ្ឋកិច្ចពិសេស។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញថា ត្រីមាសទី១ឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគឯកជន៤៧គម្រោង កើនឡើង៣ គម្រោងធៀបនឹងត្រីមាសទី១ឆ្នាំមុន។

របាយការណ៍ដដែលឱ្យដឹងថា គម្រោងវិនិយោគ ដែលកម្ពុជាអនុម័តក្នុងត្រីមាសទី១ឆ្នាំនេះ មានទឹកប្រាក់២,៥២ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ១៤,២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងគម្រោងវិនិយោគទាំង៤៧នេះ មាននៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន៤៣គម្រោង បានកើនឡើង១៥គម្រោង ឬប្រមាណ៥៣,៦ភាគរយ និងទុនវិនិយោគសរុបចំនួន២,២១៩ពាន់លានដុល្លារអាមេរិក កើនឡើង២១០,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុននេះ។

ការវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស គាំទ្រដោយគម្រោងវិនិយោគលើមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង វារីអគ្គិសនី រោងចក្រផលិតសំបកកង់យានយន្ត សណ្ឋាគារ រោងចក្រស៊ីម៉ង់ត៍ កសិដ្ឋានដាំដំណាំចេកនិងដំណាំហូបផ្លែផ្សេងៗទៀត រោងចក្រដំឡើងរថយន្ត និងមន្ទីរពហុព្យាបាល។

លោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានលើកឡើងផងដែរថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាទទួលបានគម្រោងវិនិយោគនានាឡើងវិញ បន្ទាប់ពីមានបញ្ហារយៈពេលពេល២ឆ្នាំកន្លងមកនេះ ហើយរំហូរទុនវិនិយោគពីបរទេស ក៏ឃើញថា ចាប់ផ្ដើមមានកំណើនឡើងវិញផងដែរ។

តាមរយៈការអនុម័តគម្រោងវិនិយោគថ្មីៗនិងរំហូរទុនវិនិយោគ នៅដើមឆ្នាំ២០២២នេះ កម្ពុជារំពឹងថា ចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ ការវិនិយោគក្នុងប្រទេសនឹងទទួលបានកំណើនឡើងវិញ ទាំងគម្រោងវិនិយោគ និងរំហូរទុនវិនិយោគ៕

ឡាវបង្កើនការលក់ចេញអគ្គិសនីមកកាន់កម្ពុជាដល់ ៦ពាន់មេហ្កាវ៉ាត់ក្នុងឆ្នាំ២០៣០

ដោយ៖ សហការី

ឡាវ៖ រដ្ឋាភិបាលឡាវកំពុងផ្តោតលើការអនុវត្តគម្រោងថាមពលវារីអគ្គិសនីនៅទូទាំងប្រទេស ដើម្បីបង្កើនការនាំចេញអគ្គិសនីរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់ រួមទាំង ប្រទេសវៀតណាម និងកម្ពុជាផងដែរ។

ក្នុងនោះ ឡាវគ្រោងនាំចេញមកប្រទេសកម្ពុជាឱ្យបាន៦.០០០មេហ្កា​​​វ៉ាត់ ក្នុងឆ្នាំ២០៣០ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារពត៌មានវៀតណាម Vietnam​plus កាលពីចុងសប្តាហ៍កន្លងមក។

បច្ចុប្បន្ននេះ ឡាវបាននាំចេញថាមពលអគ្គិសនីរបស់ខ្លួនមកប្រទេសកម្ពុជា​ ដែលមានសមត្ថភាពប្រមាណចំនួន៤៤៥ មេហ្កាវ៉ាត់ តែប៉ុណ្ណោះ។

ប្រទេសឡាវក៏បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Vietnam Electricity (EVN) ដែលគ្របដណ្តប់លើគម្រោងចំនួន២៥ ដែលមានថាមពលសរុប២.១៨០MW។

ជាមួយនឹង​សមត្ថភាព​បង្គួរ១.៦០៨MWនៅសល់ ​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ និង​ផ្គត់ផ្គង់​អគ្គិសនី​សម្រាប់​ប្រទេស​វៀតណាម​ចាប់ពី​ឆ្នាំ២០២២-២០២៥។

ប្រទេសទាំងពីរក៏បានឈានដល់អនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងផ្សេងទៀត ដោយជួយជំរុញទិន្នផលអគ្គិសនីសរុប ដែលរំពឹងថា នឹងនាំចេញពីប្រទេសឡាវទៅកាន់ប្រទេសវៀតណាម ដល់ ៨.១៤៨មេហ្គាវ៉ាត់ នៅឆ្នាំ២០៣០។

ក្រៅពីប្រទេសវៀតណាម ឡាវក៏បាននាំចេញថាមពលអគ្គិសនីមកកម្ពុជាផងដែរ ដែលមានបរិមាណ៤៤៥មេហ្គាវ៉ាត់ ដែលគ្រោងនឹងកើនឡើងដល់ ៦.០០០មេហ្គាវ៉ាត់នៅឆ្នាំ២០៣០។

ប្រទេសចិន ថៃ និងសិង្ហបុរី ក៏នាំចូលថាមពលអគ្គិសនីពីឡាវដូចកម្ពុជា និងវៀតណាមផងដែរ៕

អ្នកជំនាញ៖ ការវិនិយោគអចលនទ្រព្យនៅផ្លូវ៥១ នឹងផ្តល់ផលចំណេញរង្វង់ ១0ភាគរយក្នុងមួយឆ្នាំ

default

ដោយ៖ សុផារី

កណ្តាល៖ ការវិនិយោគលើអចលនទ្រព្យ នឹងផ្តល់ផលចំនេញខ្ពស់ អាស្រ័យទីតាំងភូមិសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ និងកំណើនប្រជាជន។ ផ្លូវជាតិលេខ៥១ ជាបណ្តាញផ្លូវជាតិសំខាន់បំផុតមួយ ប្រមូលផ្តុំដោយរោងចក្រ សហគ្រាស ដែលជំរុញកំណើនប្រជាជនពីមួយឆ្នាំទៅមួយឆ្នាំ។

អ្នកជំនាញ កត់សម្គាល់ថា ការវិនិយោគលើអចលនទ្រព្យក្នុងតំបន់នេះផ្តល់ផលចំណេញប្រមាណ៥ទៅ១0ភាគរយក្នុងមួយឆ្នាំ។

លោក លឹម ហេង ប្រធានផ្នែកលក់នៃគម្រោងបុរី TLL បានមានប្រសាន៍តាមទូរស័ព្ទថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឱ្យដឹងថា ការវិនិយោគនៅតាមបណ្ដោយផ្លូវមួយនេះផ្ដល់ផលចំណេញចន្លោះ៥ទៅដល់១០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០២១កន្លងមក ដោយតម្លៃចលនទ្រព្យអាស្រ័យតាមប្រភេទនៃអចលនទ្រព្យ និងទីតាំងផ្សេងៗគ្នា។

អ្នកជំនាញរូបនេះអះអាងថា “អ្នកវិនិយោគនឹងអាចមើលឃើញផលចំណេញខ្ពស់ក្នុងរយៈពេលប្រមាណ២ទៅ៥ឆ្នាំទៀត ហើយពួកគាត់នឹងទទួលបានផលចំណេញខ្ពស់ ព្រោះការវិនិយោគនៅពេលបច្ចុប្បន្ននេះនឹងទទួលបាននូវលក្ខខណ្ឌពិសេស គឺបង់រំលស់ដោយឥតការប្រាក់ រយៈពេលរហូតដល់៣ឆ្នាំ”។

លោកបន្តថា “ជាក់ស្ដែង ការចំណាយត្រឹម១០០ដុល្លារក្នុងមួយខែ ស្មើនឹង១២០០ដុល្លារក្នុងឆ្នាំ អតិថិជននឹងទទួលបានដីឡូតិ៍មួយឡូតិ៍។ ទំរាំគាត់បង់រហូតដល់ពេលគិតការប្រាក់ តម្លៃដីដោយបានហក់ឡើងរួចស្រេចទៅហើយ”។
លោកបន្ថែមថា “ការវិនិយោគនៅក្នុងតំបន់ផ្លូវ៥១ ជាមួយកម្រោងយើង អតិថិជននឹងចំណាយតិច បានផលចំណេញច្រើន ចំណេញពេលវេលា ចំណេញសាច់ប្រាក់សម្រាប់ការបង្វិល”។

លោកបាននិយាយថា បុរី TLL ត្រូវបានសាងសង់លើផ្ទៃដីទំហំ១៣០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ នៅចន្លោះផ្សារថ្នល់ទទឹង និងផ្សារបាត់ដឹង ដែលជាតំបន់សក្តានុពលខ្ពស់ ជិតតំបន់សួនឧស្សាហកម្មកាណាយ៉ា សួនឧស្សាហកម្មឡេងណាវ៉ាត់ត្រា រោងចក្រ សហគ្រាស ផ្លូវល្បឿនលឿន គម្រោងបុរីធំៗ ជាច្រើន។

សម្រាប់គម្រោងលំនៅឋានបុរីTLL ចែកចេញជា៣ប្រភេទ មានជាប្រភេទ Shop House Link House (E1) និង E0។ ដោយឡែក សម្រាប់ដីឡូតិ៍ មានទំហំចាប់ពី ៤,៥mx១៨m, ៥mx២០m ១០mx២០m។

មិនត្រឹមតែមានតម្លៃសមរម្យជាងគម្រោងផ្សេងៗនោះទេ បុរីTLL បានផ្តល់ជូននូវការបង់ប្រាក់ងាយៗ សម្រាប់គ្រប់ប្រភេទលំនៅឋានទាំងបីប្រភេទ ដោយមានការផ្តល់ជូននូវការបង់រំលោះសុទ្ធ១០០% ព្រមទាំងថែមសំភារៈមួយឈុត រហូតដល់ទៅ១០មុខ។

លើសពីនេះសម្រាប់អ្នកទិញដីឡូតិ៍ ចំណាយត្រឹមតែ១០០ដុល្លារក្នុងមួយខែ រំលោះសុទ្ធ១០០ភាគរយ គ្មានការប្រាក់៥ឆ្នាំ អ្នកនឹងក្លាយជាម្ចាស់ដីនៅក្នុងតំបន់ដែលមានសក្តានុពល ដោយឥតការប្រាក់រយៈពេល៣ទៅ៥ឆ្នាំផងដែរ។

អតិថិជនអាចទំនាក់ទំនងសាកសួរព័ត៌មានលម្អិត និងជ្រើសរើសទីតាំងល្អបានមុនគេ តាមរយៈលេខទូរស័ព្ទ
📲 Smart: 015 663 995/ 015 618 176
📲 Cellcard: 089 663 995/ 099 733 277
📲 Metfone: 066 553 168៕