សេដ្ឋកិច្ចរបស់មហាយក្សចិនសម្រេចបានកំនើនលើសការរំពឹងទុក ក្នុងត្រីមាសទី១ឆ្នាំនេះ

ដោយៈសុខុម

ប៉េកាំង: ទិន្នន័យផ្លូវការបង្ហាញនៅថ្ងៃច័ន្ទ ទី១៨ មេសា នេះថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានរីកចម្រើនលឿនជាងការរំពឹងទុក នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២២ នេះជាមួយនឹងកំណើនផលទុនជាតិសរុប (GDP) ៤,៨%។

ទោះជាយ៉ាងណា ហានិភ័យនៃការធ្លាក់ចុះយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះបានកើនឡើង ខណៈវិធានការដ៏តឹងរ៉ឹងនៅក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរ។

យោងតាមការស្ទង់មតិដែលទីភ្នាក់ងារព័ត៌មាន Reuters បានធ្វើឡើងទៅលើក្រុមអ្នកវិភាគបង្ហាញថា GDPរបស់ចិនត្រូវបានព្យាករថា នឹងទទួលបានកំណើន៤,៤%ធៀបនឹងឆ្នាំ២០២១ ដោយកើនឡើងពី៤,០%នៅក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១។ ់

លោក ZHANG ZHIWEI អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់នៅក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម PINPOINT ASSET MANAGEMENT មានមូលដ្ឋាននៅក្រុងស៊ឹនជិន (SHENZHEN) បានលើកឡើងថា “កំណើន GDP ត្រីមាសទី១ គឺរឹងមាំ ប៉ុន្តែសេដ្ឋកិច្ចរបស់ប្រទេសចិន មានសន្ទុះយឺតខ្លាំងក្នុងខែមីនា ដោយ​សារ ការផ្ទុះឡើងនូវការរីករាលដាលវីរុសកូវីដ-១៩ រលកថ្មីក្នុងទីក្រុងជាច្រើន។ តម្រូវការប្រើប្រាស់បានធ្លាក់ចុះ ដែលធ្វើឱ្យប៉ះពាល់ដល់ការលក់រាយ អត្រាគ្មានការងារធ្វើ នៅក្នុងទីក្រុងចំនួន៣១បានកើនឡើងដល់៦% ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៨មក។ នេះសរបង្ហាញឱ្យឃើញថា បញ្ហាគ្មានការងារធ្វើ នៅក្នុងទីក្រុងធំៗកាន់តែធ្ងន់ធ្ងរ ជាងពេលផ្ទុះវីរុសកូវីដ-១៩ ក្នុងឆ្នាំ២០២០ ទៅទៀត”។

ទន្ទឹមនេះ លោក LI WEI អ្នកជំនាញសេដ្ឋកិច្ចជាន់ខ្ពស់មកពីក្រុមហ៊ុនផ្ដល់សេវាធនាគារ និងហិរញ្ញវត្ថុអង់គ្លេស STANDARD CHARTERED មានមូលដ្ឋាននៅក្រុងសៀងហៃ បានលើកឡើងថា “GDP ប្រឈមហានិភ័យធ្លាក់ចុះ នៅក្នុងត្រីមាសទី២ ខណៈការផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ និងការបិទខ្ទប់បន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរ”។

ចំណែកឯលោក MARCO SUN អ្នកវិភាគជានខ្ពស់ផ្នែកទីផ្សារហិរញ្ញវត្ថុ ប្រចាំធនាគារធំបំផុតរបស់ជប៉ុន MUFG មានមូលដ្ឋាននៅក្រុងសៀងហៃបានលើកឡើងថា “ដោយសារគោលដៅកំណើន GDP របស់ប្រទេសចិន សម្រាប់ឆ្នាំ២០២២ មានប្រមាណ៥,៥% យើងឃើញកត្តាជំរុញជាច្រើនដែលជួយសេដ្ឋកិច្ចក្នុងខែមករា និងខែកុម្ភៈ។

លោកបន្តថា “ផលប៉ះពាល់មកលើសេដ្ឋកិច្ចក្នុងខែមីនា ដែលបង្កឡើងដោយសារកូវីដ-១៩ បានកើតឡើងយឺត។ ប្រហែលជាផលប៉ះពាល់ខ្លះនឹងបង្ហាញនៅក្នុងស្ថិតិត្រីមាសទី២”។ លោកបន្ថែមថា “ទោះជាយ៉ាងណា ខ្ញុំឃើញថា ក្រុមអ្នកបង្កើតគោលនយោបាយចិន នឹងពន្លឿនការចំណាយសារពើពន្ធ ហើយបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុបន្ថែមទៀត។ វិធានការទាំងនេះអាចជួយជំរុញកំណើន GDP”៕  Reutters៕

កម្ពុជានាំចូលដែកនិងដែកថែបតម្លៃជិត១០០លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ

 ដោយៈគង់ សូរិយា

         ភ្នំពេញៈ ទីផ្សារគ្រឿងសំណង់កំពុងមានសញ្ញាវិជ្ជមានឡើងវិញបណ្តើរៗ ដោយទំហំនៃៃការនាំចូលដែក និងដែកថែប មានតម្លៃគិតជាទឹកប្រាក់ជិត១០០លានដុល្លារអាមេរិក ក្នុងអំឡុងត្រីមាសទី១ឆ្នាំនេះ។

យោងតាមទិន្នន័យពីរដ្ឋបាលគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា តម្លៃនៃការនាំចូលដែក និងដែកថែបក្នុងត្រីមាសទី១ ឆ្នាំនេះមានទឹកប្រាក់រហូតដល់ទៅជាង៨៤លានដុល្លារ ដែលកើនឡើង៣,៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

របាយការណ៍ដដែលបានបន្ដថា សម្រាប់ខែមីនា ឆ្នាំ២០២២ តែមួយខែគត់ ទឹកប្រាក់នៃការនាំចូលដែក និងដែកថែបមានដល់២៦,២៩លានដុល្លារ។

ក្នុងរយៈពេលត្រីមាសទី១នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលបានទឹកប្រាក់សរុបមានដល់ជាង៥៩០លានដុល្លារអាមេរិក ក្នុងនោះសម្ភារសំណង់និងកម្រៃផ្សេងៗមានចំនួន៥,៩ភាគរយ ស្មើនឹង៣៤លានដុល្លារ៕

ផ្លូវជាតិលេខ៣កាន់តែទាក់ទាញដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យ និងឧស្សាហកម្ម

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីផ្លូវជាតិលេខ៣ ត្រូវបានជួសជុលស្ថាបនាឡើងវិញ និងពង្រីកឱ្យធំជាងមុន ពីពីរគន្លងទៅ៤គន្លះ បានធ្វើឱ្យការធ្វើដំណើរតាមផ្លូវនេះកាន់តែមានភាពងាយស្រួល និងសម្រួលដល់ការដឹកជញ្ចូន ហើយអ្វីដែលពិសេសនោះ តំបន់តាមបណ្ដោយផ្លូវជាតិលេខ៣ បាននិងកំពុងមានភាពទាក់ទាញលើអចលនទ្រព្យដីធ្លី សម្រាប់វិស័យឧស្សាកម្មកាន់តែខ្លាំងបន្ថែមទៀត។

អ្នកជំនាញវិស័យអចលនទ្រព្យ ជាច្រើនបានលើកឡើងផងថា ការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ វានឹងផ្ដល់នូវប្រយោជន៍ ដល់វិស័យអចលនទ្រព្យ។ ជាក់ស្ដែងផ្លូវជាតិលេខ៣ ក្រោយពីរដ្ឋាភិបាលបានជួសជុលស្ថាបនារួចរាល់ធ្វើឱ្យផ្លូវនេះកាន់តែ មានភាពទាក់ទាញបន្ថែមទៀតជាពិសេសទៅលើវិស័យឧស្សាហកម្ម ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ផ្លូវជាតិលេខ៣នឹងបន្តហុចសក្ដានុពលដល់វិស័យដីធ្លី សម្រាប់បំពេញតម្រូវការ លើការសាងសង់ឃ្លាំងរោងចក្រ សង់រោងចក្រ និងមួយផ្នែកផ្គត់ផ្គង់សម្រាប់សាងសង់លំនៅឋាន ដោយឃើញមានក្រុមហ៊ុនមួយចំនួន បានចាប់ផ្ដើមសាងសង់លំនៅឋាន សម្រាប់ផ្គត់ផ្គង់បំពេញទៅតាមទីផ្សារផងដែរ ។

លោកបន្តថា “បច្ចុប្បន្ននេះផ្លូវជាតិលេខ៣ ក៏បាននិងកំពុងតភ្ជាប់ទៅកាន់ផ្លូវលេខ លេខ២ លេខ ១ លេខ៤ លេខ៥ លេខ៦ តាមរយៈផ្លូវក្រវ៉ាត់ក្រុងទី៣”។ លោកបន្តថា “ដូច្នេះការដឹកជញ្ជូន ការធ្វើដំណើរទៅកាន់បណ្ដាខេត្តនានា ក៏កាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ម្យ៉ាងទៀតផ្លូវជាតិលេខ៣ ក៏អំណោយផលដល់ការដឹកជញ្ជូនទំនិញ ដែលផលិតនៅតាមបណ្ដាខេត្តរោងចក្រនានា ទៅកាន់កំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ហើយអនាគត កំពង់ផែទេសចរណ៍ខេត្តកំពតក៏បានសាងសង់រួច”។

ជាមួយគ្នានេះ លោកប៉ូ អ៊ាវគង់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យAdvance វិញក៏បានលើកឡើងផងដែរថា តាមផ្លូវជាតិលេខ៣ លេខ២ និងលេខ៤ជាតំបន់ ដែលចាត់ទុកថាមានសក្ដានុពលលើវិស័យឧស្សាហកម្ម ហើយជាក់ស្ដែងយើងឃើញថា មានរោងចក្រឧស្សាហកម្ម ជាច្រើនបានបោះទីតាំងនៅតំបន់នោះ នឹងគ្រោងមានរោងចក្រជាច្រើនទៀត ត្រៀមខ្លួនក្នុងការបោះទីតាំងនៅតំបន់នោះផងដែរ ។

រីឯលោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Lucky ក៏បានឱ្យដឹងផងដែរថា ដីធ្លីនៅជុំវិញរាជធានីភ្នំពេញ៥០គីឡូម៉ែត្រ នៅតែមានសក្ដានុពលខ្ពស់នៅក្នុងវិបត្តិកូវីដ១៩ ហើយតម្លៃក៏នៅតែល្អប្រសើរដែរ និងអាចបន្តឡើងថ្លៃបន្ថែមទៀតនៅពេលខាងមុខ ខណៈផែនការពង្រីកក្រុងភ្នំពេញបានរំកិលបន្តិចម្ដងៗ ៕

ការចំណាយរបស់ប្រជាជនកម្ពុជាកំឡុងបុណ្យចូលឆ្នាំខ្មែរ ជាសញ្ញាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ តាមរយៈស្ថិតិក្រសួងទេសចរណ៍បានឱ្យដឹងថា ក្នុងកំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត នៃឆ្នាំ២០២២នេះ ភ្ញៀវទេសចរសរុបចំនួនជាង៥លាននាក់ បានធ្វើដំណើរកំសាន្តនៅតាមតំបន់ទេសចរណ៍នានា នៅទូទាំងប្រទេសកម្ពុជា។

នេះជាចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ មិនធ្លាប់មានកន្លងមកចាប់តាំងពីប្រទេសកម្ពុជាប្រឈមនឹងវិបត្តិជំងឺឆ្លង។ អ្នកជំនាញ អាជីករនានា និងប្រជាជនកម្ពុជា បានសម្តែងភាពរីករាយ និងបង្ហើបថា ការចំណាយនៅក្នុងកំឡុងរដូវកាលបុណ្យនេះ មានការកើនឡើងច្រើន ដែលជាសញ្ញាវិជ្ជមាន ដល់ដំណើរការនិងចរន្តសេដ្ឋកិច្ចក្នុងស្រុកយ៉ាងខ្លាំង។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍តាមប្រព័ន្ធទូរស័ព្ទ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះថា ដោយសាររដ្ឋាភិបាលបានបិទ មិនឲ្យមាន​ការរៀបចំសង្ក្រាន្តពីរឆ្នាំកន្លងមក ទើបនៅក្នុងឆ្នាំ២០២២ ប្រជាជនកម្ពុជាបានដើរកំសាន្តយ៉ាងគក្រឹកគគ្រេង ការចំណាយក៏មានការកើនឡើងខ្ពស់ នឹកស្មានមិនដល់ ជាពិសេសនៅតាមគោលដៅទេសចរណ៍ សំខាន់ៗរបស់កម្ពុជា មានកំណើនភ្ញៀវទៅលេងច្រើន ។

លោកបណ្ឌិត បានគូសបញ្ជាក់ថា “យើងមិននឹកស្មានដល់ថា ឆ្នាំនេះ ស្របពេលដែលសាំងឡើងថ្លៃ និងកូវីដ១៩ នៅបន្តក្តី បែរជាការចូលរួមកំសាន្តនិងសប្បាយរីករាយច្រើននឹកស្មានមិនដល់”។

លោកបណ្ឌិតថា “ដោយសារនេះ ជាប្រពៃណីរបស់ខ្មែរយើង ដែលបង្ហាញពីលទ្ធភាព នៃការចំណាយរបស់ប្រជាជនយើង នាំឱ្យចរន្តសេដ្ឋកិច្ចដំណើរការយ៉ាងរស់រវើកនៅក្នុងដើមត្រីមាសទី២ ឆ្នាំ២០២២នេះ”។

លោកបណ្ឌិតបន្តដោយសុទិដ្ឋិនិយមថា “ប្រសិនបើស្ថានភាពល្អប្រសើ​របែបនេះ នៅតែបន្តទៅមុខទៀតនោះ ខ្ញុំអាចនិយាយបានថា ពេញឆ្នាំ២០២២នេះ អាចនឹងមានចលនាសេដ្ឋកិច្ចសង្គម នឹងកម្រើកមួយជំហានធំទៀត”។ លោកបន្តថា “ប្រសិនបើមិនមានអ្វីកើតឡើងទេ នោះក្នុងឱកាសនៃបុណ្យភ្ជុំបិណ្ឌខាងមុខ សន្ទុះនៃការដើរកំសាន្តរបស់ប្រជាពលរដ្ឋ នឹងមានច្រើនដូចក្នុងកំឡុងពេលបុណ្យចូលឆ្នាំ ឬអាចមានការកើនឡើងផងដែរ”។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យ១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន៥.១៧៥.៧៥៤នាក់ ក្នុងនោះមានភ្ញៀវជាតិ៥.១៤០.៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៥.២៥៩នាក់។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា ចំនួនភ្ញៀវទេសចរប្រមាណជាង៥លាន១៧ម៉ឺននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និងជាចំនួនខ្ពស់មែនទែន ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាអំឡុងខែធ្នូ ឆ្នាំ២០២១”។

លោក សារុន ម្ចាស់ភោជនីយដ្ឋានមួយកន្លែង មានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦A បានមានប្រសាសន៍ថា “បើធៀបនឹងឆ្នាំមុនៗ ឆ្នាំនេះ មានប្រជាជនធ្វើដំណើរកំសាន្តច្រើនណាស់ គឺមកទាំងឡានៗ ជាលក្ខណៈគ្រួសារផង និងតាមរថយន្តទេសចរណ៍ដឹកអ្នកដំណើរផង”។

លោកបានបន្តថា ក្នុងម្នាក់ៗចំណាយយ៉ាងតិច ក៏ម្នាក់១ទៅ២ម៉ឺនរៀលដែរ លើការឈប់សម្រាកបរិភោគអាហារ ពេលឆ្លងកាត់ហាងរបស់លោក ដោយនៅមិនទាន់រាប់បញ្ចូល ការទិញរបស់របរផ្ញើរទៅកាន់ផ្ទះនៅឡើយ។

និយាយដោយទឹកមុខញញឹមតិចៗ លោកបានសម្តែងការរីករាយ ដោយសារការលក់ដាច់ច្រើន មិនធ្លាប់មានពីមុនមក ចាប់តាំងពីមានកូវីដ១៩មក ដោយលោកថា ”ខ្ញុំលក់ដាច់គ្រាន់បើឆ្នាំនេះ ហើយរវល់ស្ទើរដកដៃមិនរួច”។

អ្នកស្រី ហ៊ាង លក្ខិណា អាជីវករលក់សម្លៀកបំពាក់នៅក្នុងផ្សារមួយកន្លែងនៅក្នុងស្រុកក្រូចឆ្នារ ខេត្តត្បូងឃ្មុំ ក៏បានសម្តែងភាពរីករាយ ដោយ​សារតែអ្នកស្រី បានលក់សម្លៀកបំពាក់ដាច់ខ្លាំង នៅមុននិងក្នុងកំឡុងបុ  ណ្យចូលឆ្នាំខ្មែរ។

អ្នកស្រីបាននិយាយថា “ខ្ញុំទៅលក់ទាំងមុន និងក្នុងកំឡុងចូលឆ្នាំ ដោយមិនមានឈប់សម្រាកឡើយ ដោយសារតែមានភ្ញៀវដើរទិញមួយៗ ឥតដាច់ទេ”។

អតិថិជនរបស់អ្នកស្រីភាគច្រើនជាស្រ្តី ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដោយអ្នកស្រីបានបញ្ជាក់ថា ក្នុងម្នាក់ៗ យ៉ាងហោចណាស់ ទិញសម្លៀកបំពាក់២កំប្លេរ និងចំណាយជាមធ្យមប្រហែលជា៤ទៅ៦ម៉ឺនរៀល។

ចំណែក ប្រជាជននៅក្នុងក្រុងភ្នំពេញ ដែលបានធ្វើដំណើរត្រលប់ទៅកាន់ស្រុកកំណើតនៅក្នុងខេត្តត្បូងឃ្មុំ លោកបស់ លាងហេង បានមានប្រសាសន៍នៅថ្ងៃទី១៧ ខែមេសាថា លោកចំណាយច្រើនណាស់នៅក្នុងឆ្នាំនេះ ទាំងលើការធ្វើដំណើរ ការហូចចុក របស់របរផ្ញើរទៅកាន់ផ្ទះសម្បែង ។ល។

លោកថា “គ្រាន់តែមួយថ្ងៃដំបូង ខ្ញុំចាយអស់ជាង១០០ដុល្លារទៅហើយ នេះមិនទាន់គិតថ្លៃសាំង និងរបស់របរកំប៉ិចកំប៉ុកនៅឡើយទេ”។

យ៉ាងណាក្តី លោកបញ្ជាក់ថា “ការចំណាយបែបនេះ មិនជាថ្វីឡើយ ព្រោះត្រលប់ទៅផ្ទះយូរម្តងៗ ហើយនេះជារដូវកាលបុណ្យទាន អញ្ចឹងត្រូវតែចំណាយស្រាប់ហើយ”៕

ការស្រាវជ្រាវអន្តរជាតិៈប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់លំដាប់ទី៣ ក្នុងតំបន់អាស៊ាន សម្រាប់ឆ្នាំនេះនិងឆ្នាំ២០២៣

ដោយៈ សុផារី

ភ្នំពេញៈ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣(AMRO)) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពី ទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ (AREO) សម្រាប់ឆ្នាំ២០២២។

AMRO បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាគឺមានសញ្ញាល្អ ដោយផលទុនជាតិសរុបរបស់ប្រទេសនេះរំពឹងថា នឹងកើនឡើង៦,១ភាគរយនៅឆ្នាំ២០២៣ ដោយនៅពីក្រោយប្រទេសជិតខាងក្នុងតំបន់គឺហ្វីលីពីន ដែលមានកំណើន៦,៥ភាគរយ និងប្រទេសវៀតណាម ដែលមានកំណើន៧ភាគរយ។

របាយការណ៍ក៏បានព្យាករណ៍កំណើនសេដ្ឋកិច្ច ក្នុងប្រទេសអាស៊ាន+៣ ដោយបង្ហាញថា ស្ថិតនៅ៤,៧ភាគរយនៅឆ្នាំ២០២២នេះ និង៤,៦ភាគរយនៅឆ្នាំ២០២៣ ចំណែកបណ្តាប្រទេសជាសមាជិកអាស៊ាន ស្ថិតនៅ៥,១នៅក្នុងឆ្នាំ២០២២ និង៥,២ភាគរយនៅក្នុងឆ្នាំ២០២៣។

លោក Hoe Ee Khor ប្រធានសេដ្ឋវិទូនៃការិយាល័យ AMRO បានមានប្រសាសន៍ថា “នៅពេលឈានចូលឆ្នាំ២០២២ តំបន់អាស៊ាន ទទួលបានមូលដ្ឋានខ្លះៗហើយ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ហើយឥឡូវនេះ យើងនៅទន្ទឹងរង់ចាំការបើកចំហពេញលេញ និងការងើបឡើងវិញនៃសេដ្ឋកិច្ចដ៏រឹងមាំ”។

លោកបានបន្តថា “សម្រាប់សេដ្ឋកិច្ចអាស៊ាន កង្វល់ដ៏ធំបំផុតនោះគឺថា ការប្រើប្រាស់ធនធានសារពើពន្ធយ៉ាងច្រើន ក្នុងការគាំទ្រជំងឺរាតត្បាត និងគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច ដែលមានន័យថា នៅពេលខាងមុខ រដ្ឋាភិបាលនានា នឹងមិនអាចមានធនធានគ្រប់គ្រាន់ សម្រាប់ការវិនិយោគសាធារណៈ ជាពិសេសផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា”។

របាយការណ៍បានឱ្យដឹងថា ប្រទេសដែលមានគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធខ្លាំងជាងគេ ត្រូវបានគេរំពឹងថា នឹងទទួលរងពីកង្វះខាតការវិនិយោគច្រើនបំផុត។ វេទិកាសេដ្ឋកិច្ចពិភពលោកចាត់ចំណាត់ថ្នាក់ ប្រទេសកម្ពុជាមានគម្លាត ផ្នែកហេដ្ឋារចនាសម្ព័ន្ធធំជាងគេទីបីនៅក្នុងតំបន់ ដោយតាមពីក្រោយប្រទេសមីយ៉ាន់ម៉ា និងឡាវប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ នេះមិនចោទជាបញ្ហា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជានោះទេ ដោយសារគម្រោងកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ផ្លូវល្បឿនលឿន អាកាសយានដ្ឋាននានា ព្រមទាំងគម្រោងនានា បន្តដំណើរការទៅតាមការគ្រោងទុកជាធម្មតា។

លោក Khor បាននិយាយថា ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ នឹងជួយដល់ការវិលត្រឡប់របស់ភ្ញៀវទេសចរចិន ខណៈពេលការរាតត្បាតខ្លាំង នៅក្នុងប្រទេសចិននាពេលថ្មីៗនេះ បាននិងកំពុងរឹតបន្តឹងការគ្រប់គ្រងព្រំដែន អ្នកទេសចរចិនបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរកំសាន្តឡើងវិញ។

លោកបានមានប្រសាសន៍ថា “ការស្ទង់មតិបង្ហាញថា អ្នកទេសចរចិនចង់ធ្វើដំណើរម្តងទៀត ក្នុងរយៈពេលជាច្រើនខែ នៅពេលដែលប្រទេសចិនអាចបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើររបស់ខ្លួន” ។

របាយការណ៍ឱ្យដឹងទៀតថា ប្រទេសកម្ពុជាអាចទទួលបានអត្ថប្រយោ​ជន៍ ពីកំណើននៃពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មឌីជីថល ក៏ដូចជានិន្នាការកាន់តែខិតជិត ដែលនឹងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គ ង់ក្នុងតំបន់អាស៊ាន ជាពិសេសតាមរយៈកិច្ចព្រមព្រៀង RCEP តាមរយៈការកាត់បន្ថយពន្ធគយ សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម សេវាកម្ម ការចល័តកម្លាំងពលកម្ម និងការរីកចម្រើននៃពាណិជ្ជកម្មអេឡិចត្រូនិក និងពាណិជ្ជកម្មឌីជីថល៕

តើអាផាតម៉ិនជាន់កំពូលខ្ពស់ៗនៅប្រទេសកូរ៉េខាងជើងមានតម្លៃយ៉ាងដូចម្តេច?

ដោយៈសុខុម

ព្យុងយ៉ាងៈ សម្រាប់ពលរដ្ឋនៅប្រទេសជាច្រើន ការរស់នៅក្នុងអាផាតម៉ិនជាន់កំពូល ឬ Penthouse គឺជាក្ដីស្រមៃ ដែលមនុស្សភាគច្រើនប្រាថ្នាចង់បាន ចំណែកឯតម្លៃវិញគឺមិនធម្មតាឡើយ។

ចុះបើអាផាតម៉ិន ឬខុនដូដែលស្ថិតនៅជាន់ខ្ពស់ៗ នៅប្រទេសកូរ៉េខាងជើងយ៉ាងម៉េចដែរ? ចម្លើយគឺផ្ទុយគ្នាស្រឡះ។

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានបន្តសាងសង់អគារអាផាតម៉ិនខ្ពស់ៗដ៏ស្រស់ឆើតឆាយ គួរឱ្យចង់រស់នៅក្នុងរដ្ឋធានីព្យុងយ៉ាង ដែលវាជាអគារកម្ពស់៨០ជាន់ ទើបតែត្រូវបានសាងសង់បញ្ចប់ជាស្ថាពរ កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែមេសា។

ប៉ុន្តែសម្រាប់អ្នករត់ចោលស្រុក និងពលរដ្ឋកូរ៉េខាងជើង ផ្សេងទៀតបាននិយាយថា ជណ្តើរយន្ត និងអគ្គិសនី ដែលមិនគួរឱ្យទុកចិត្ត ការផ្គត់ផ្គង់ទឹកមិនបានល្អ និងការព្រួយបារម្ភអំពីទឹកដៃជាង បានធ្វើឱ្យមនុស្សតិចណាស់ ដែលចង់រស់នៅក្នុងជាន់កំពូល ឬជាន់ក្បែរកំពូលនៃសំណង់លំនៅ ដ្ឋានបែបនេះ។

និស្សិត Jung Si-woo វ័យ៣១ឆ្នាំ ដែលបានរត់ចោលស្រុកទៅរស់នៅប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ២០១៧ និយាយថា “នៅកូរ៉េខាងជើង អ្នកក្រច្រើនតែរស់នៅក្នុងផ្ទះជាន់កំពូល (Penthouse) ជាជាងអ្នកមានប្រាក់ ដោយសារតែជណ្តើរយន្ត មានបញ្ហារអាក់រួលជាញឹកញាប់ ហើយទឹកខ្សោយ បូមឡើងមិនដល់ជាន់ខ្ពស់ៗ”។

បុរសរូបនេះលើកឡើងទៀតថា នៅប្រទេសកូរ៉េខាងជើង គាត់រស់នៅជាន់ទី៣ នៃអគារកម្ពស់១៣ជាន់ ដែលគ្មានជណ្តើរយន្ត។ ចំណែកឯមិត្តភក្ដិម្នាក់ ដែលរស់នៅជាន់ទី២៨ នៃប្លុកអគារកម្ពស់៤០ជាន់ មិនដែលប្រើជណ្តើរយន្តទាល់តែសោះ ព្រោះវាមិនដំណើរការ។

នៅពេលសួរអំពីអគារកម្ពស់៨០ជាន់ថ្មី ដែលទើបតែសម្ពោធនៅសប្តាហ៍នេះ និស្សិត Jung Si-woo និយាយថា គាត់យល់ថា មេដឹកនាំ គីម ជុងអ៊ុន គ្រានតែចង់បង្អួតឱ្យគេឃើញថាអស្ចារ្យប៉ុណ្ណោះ។

គាត់និយាយទៀតថា “វាគ្រាន់តែដើម្បីបង្ហាញបង្អួតថា ជំនាញរបស់ពួកគេផ្នែកសាងសង់ បានរីកចម្រើនខ្លាំងកម្រិតណាប៉ុណ្ណោះ ជាជាងការគិតពីចំណូលចិត្តរបស់អ្នករស់នៅ”។

ទោះជាយ៉ាងណា មេដឹកនាំ គីម ជុងអ៊ុន បានប្តេជ្ញាកែលម្អគុណភាពសំណង់ និងសាងសង់អាផាតម៉ិនថ្មីៗរាប់ម៉ឺនយូនីត។

កាលពីថ្ងៃពុធ សប្ដាហ៍មុន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានផ្សាយថា អាផាតម៉ិនថ្មីចំនួន១០.០០០យូនីតដំបូង ត្រូវបានសាង់សង់បញ្ចប់ជាស្ថាពរ នៅក្រុងព្យុងយ៉ាង ជាចំនួនធ្លាក់ចុះខ្លាំងលើការផ្គត់ផ្គង់ បើធៀបនឹងគោលដៅដែលបានកំណត់ចំនួន៥០.០០០យូនីត។

ទោះជាយ៉ាងណា លោកគីម ជុងអ៊ុនបានសរសើរថា គម្រោងលំនៅដ្ឋានទាំងនោះបញ្ចប់លឿន រួមទាំងអគារកម្ពស់៨០ជាន់ផងដែរ៕ Reuters៕

ប្រធាន CVEA បង្ហើបពីវិធីសាស្រ្តដ៏មានថាមពល ដើម្បីស្វែងរកទុនក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ អ្នកចង់វិនិយោគលើអចលនទ្រព្យភាគច្រើនគិតថា ការវិនិ​យោគក្នុងវិស័យនេះ ទាមទារមានទ្រព្យឬសាច់ប្រាក់ច្រើន ប៉ុន្តែតាមពិតវាអាចមានអ្វីលើសពីនេះ និងងាយស្រួលជាងនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានបង្ហើបពីយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីជោគជ័យលើការវិនិយោគ និងចំណេញបានប្រាក់ច្រើនពីក្នុងវិស័យនេះ។

យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានគេយកមកអនុវត្ត និងទទួលបានលទ្ធផលល្អមានដូចជា៖

ទី១ ការវិនិយោគជាលក្ខណៈបុគ្គល
ការវិនិយោគបែបនេះ គឺជាទម្រង់នៃកិច្ចសហការ ជាដៃគូចាប់ពី២នាក់ រហូតដល់១០នាក់ ដែលធ្វើឡើងដោយការចូលបដិភាគទុនវិនិយោគ ដើម្បីទិញអចលនទ្រព្យទុក សម្រាប់វិនិយោគបន្តទទួលយកប្រាក់ចំណេញនៅពេលអនាគត។

ការវិនិយោគបែបនេះ មានការបែងចែងភាគលាភ ទៅតាមភាគរយនៃដើមទុន ដែលបានចូលរួម។
តើត្រូវមាននីតិវិធីដូចម្ដេច ដើម្បីអាចជៀសផុតពីហានិភ័យ ហើយមានអត្រាជោគជ័យខ្ពស់? ចម្លើយគឺត្រូវមានមូលដ្ឋាន ដើម្បីចងក្រងជាក្រុមដោយមានការចែកបែងចែក នូវអំណាចនៃការអនុវត្ត ការទទួលខុសត្រូវ និងការបំណែងចែកការងារ។

ការចងក្រងជាក្រុម គឺអាចជួយដុសខាត់ និងបណ្តុះចំណេះដឹងដល់សមាជិកក្នុងក្រុម ក្នុងការចេះសម្លឹងមើលពីបរិបទ ទីផ្សារកាន់តែទូលាយ និងមានឱកាសរីកចម្រើនលឿន។

ទី២ការវិនិយោគជាលក្ខណៈក្រុមតូចៗ
ការវិនិយោគបែបនេះ ភាគច្រើនក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ មានសិទ្ធិក្នុងការគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ ដែលប្រមូលបានពីការសហការចូលរួមវិនិយោគពីដៃគូតូចៗមកបង្កើតជាដើមទុន សម្រាប់វិនិយោគទៅលើគម្រោងធំ ដែលអាចមានលទ្ធភាព ទទួលបានប្រាក់ចំណេញច្រើន ដោយមានការសន្មត់ពីថេរវេលាយ៉ាងច្បាស់លាស់ ពីក្រុមហ៊ុនមានអជ្ញាប័ណ្ណ ដែលជាអ្នកគ្រប់គ្រងមូលនីធិហិរញ្ញវត្ថុ។

លោកច្រឹក សុខនីម បានបញ្ជាក់ថា នៅក្នុងចំណោមមូលដ្ឋានវិនិយោគទាំង២ខាងលើនេះ សុទ្ធតែមានឱកាសទទួលបានភាគលាភដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់ មុនពេលសម្រេចចិត្តវិនិយោគ នៅក្នុងចំណែកណាមួយ ចាំបាច់បំផុតត្រូវមានការសិក្សា ស្វែងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធឱ្យមានគ្រប់គ្រាន់ ឬអាចមានមេធាវីក្នុងការរក្សា និងការពារផលប្រយោជន៍។

លោកបន្តថា “អ្វីដែលសំខាន់ជាងទៅទៀត សម្រាប់ប្រភពព័ត៌មាន និងការរៀបចំឯកសារពាក់ព័ន្ធនានា លោកអ្នកក៏អាចប្រឹក្សាបន្ថែមជាមួយសមា​ជិក សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដោយមិនមានតម្រូវចំណាយថវិកានោះទេ”។

ទី៣ ការវិនិយោគរួមជាមួយក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ គ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ
ការវិនិយោគលើទម្រង់នេះ អ្នកវិនិយោគត្រូវមានរូបមន្ត ក្នុងការស្វែងរកប្រភ​ពព័ត៌មាន ដែលស័ក្ដិសមទៅនឹងលទ្ធភាព នៃការវិនិយោគរបស់ខ្លួន នៅក្នុងតំបន់ ឬប្រភេទអចលនទ្រព្យរបស់ខ្លូន ដែលមានលក្ខណៈដូចជាប្រភេទលំនៅដ្ឋាន ឬជាដីធ្លី ឬជាប្រភេទអាពាណិជ្ជកម្ម។

ការវិនិយោគប្រភេទនេះ ចាំបាច់ត្រូវអាស្រ័យទៅលើចំណូលចិត្ត និងការប្រឹក្សាយោបល់បន្ថែម ពីអ្នកជំនាញភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលស្ថិតនៅក្នុងសមាគម ដែលមានជាង១២០ក្រុមហ៊ុន និងជាង៣០០០ភ្នាក់ងារនៅទូទាំងប្រទេសកម្ពុជា៕

រដ្ឋបាលក្រុងបាងកករងពាក្យបណ្តឹងមិនព្រមសងបំណុលថ្លៃប្រតិបត្តិការ យ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ក្រុមហ៊ុនឯកជន

ដោយៈសុផារី

បាងកកៈ រដ្ឋបាលក្រុងបាងកក (BMA) ដែលជាប្រតិបត្តិកររថភ្លើងលើអាកាស BTS កំពុងតែរងបណ្តឹង ដោយសារបានជំពាក់ថ្លៃប្រតិបត្តិការ និងការថែទាំរបស់ក្រុមហ៊ុន Bangkok Mass Transit System Plc (BTSC) ចំនួនជិត៣៨ពាន់លានបាត (ប្រហែល១,១ពាន់លានដុល្លារអាមេរិក)។

នេះបើតាមការឱ្យដឹងរបស់នាយកប្រតិបត្តិក្រុមហ៊ុន BTSC លោក Surapong Laoha-Unya បាននៅចុងសប្តាហ៍នេះ។

ប្រភពពីសារព័ត៌មានបាងកកបុស្តិ៍បានឱ្យដឹងថា គិតត្រឹមខែមីនា ឆ្នាំ២០២២ បំណុល ដែលរដ្ឋបាលក្រុងបាងកកបានជំពាក់ សម្រាប់ប្រតិបត្តិការរថភ្លើងលើអាកាស BTS សម្រាប់ប្រតិបត្តិការ មានប្រមាណ៥៣៦លានដុល្លារអាមេរិក និងថែរទាំប្រមាណ៥៩៦លានដុល្លារអាមេរិក។

ក្រុមហ៊ុន BTSC ធ្លាប់បានដាក់បណ្តឹងសាលាក្រុងបាងកក និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Krungthep Thanakhom (KT) ម្តងរួចហើយ ពាក់ព័ន្ធនឹងការដោះស្រាយបំណុល ចំនួន១២ពាន់លានបាត លើថ្លៃប្រតិបត្តិការបន្ថែមលើខ្សែបៃតង និងការចំណាយពាក់ព័ន្ធផ្សេងទៀតចាប់តាំងពីខែមេសា ឆ្នាំ២០១៧មកម្លេះ។

លោក Surapong បាននិយាយថា ក្រុមហ៊ុនរបស់លោកបានត្រៀមខ្លួន ក្នុងការដាក់ពាក្យបណ្តឹងមួយទៀត ដើម្បីដោះស្រាយបំណុលបន្ថែមចំនួនជាង២០ពាន់លានបាត។

រដ្ឋបាលក្រុងបាងកក (BMA) ក៏មិនទាន់បានទូទាត់ប្រាក់ចំនួន៥៥ពាន់លានបាត (ប្រហែល១,៦ពាន់លានដុល្លារអាមេរិក) ដែលដើមឡើយបានជំពាក់ក្រុមហ៊ុន Bangkok Mass Transit System Plc (BTSC) សម្រាប់ថ្លៃវិស្វកម្មសំណង់ស៊ីវិលនៃគម្រោងផ្លូវដែករដ្ឋ។ គ្រាន់តែការប្រាក់នៃបំណុលនេះ បានកើនឡើងដល់ប្រហែល១០ពាន់លានបាត (ប្រហែល២៩៨លានដុល្លារអាមេរិក)៕

បើគិតប្រជាជនម្នាក់ចំណាយត្រឹម ៥០ដុល្លារ ទឹកប្រាក់រហូតដល់ ២៣០លានដុល្លារត្រូវបានសាយភាយចូលចរន្តសេដ្ឋកិច្ចជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុនបានអះអាងថា បុណ្យចូលឆ្នាំថ្មី៣ថ្ងៃ មានភ្ញៀវជិត ៤,៦លាននាក់ បានចេញដើរកម្សាន្តទូទាំងប្រទេស ខណៈអ្នកខ្លះនៅបង្ហើយថ្ងៃអាទិត្យ១ថ្ងៃទៀត។

ប្រសិនជាគិតពីការចំណាយរបស់មនុស្សម្នាក់ ត្រឹម ៥០ដុល្លារក្នុងរយៈពេល៥ថ្ងៃ (រាប់ទាំងថ្ងៃអាទិត្យ) គឺប្រជាជនកម្ពុជាបានចំណាយប្រាក់រហូតដល់ ២៣០លានដុល្លារអាមេរិក ដែលលំហូរសាច់ប្រាក់នេះបានចាក់ចូលគ្រប់ចរន្តនៃសេដ្ឋកិច្ចជាតិ ប៉ុន្តែអ្នកវិភាគមួយចំំនួនបានឲ្យដឹងថា ប្រជាជនកម្ពុជាម្នាក់ចំណាយជាមធ្យមក្នុងរយៈពេល ៤ថ្ងៃនេះ មានទំហំ​ច្រើនជាងនេះ។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ក្នុងនោះតួលេខប្រចាំថ្ងៃ រួមមាន
* ថ្ងៃទី១៖ ភ្ញៀវមានចំនួន៨៦២,៨៩៧នាក់
* ថ្ងៃទី២៖ ភ្ញៀវមានចំនួន១,៥៧៩,២៥១នាក់
* ថ្ងៃទី៣៖ ភ្ញៀវមានចំនួន២,១៤៨,១៧៨នាក់។

គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៣ថ្ងៃនេះ រួមមាន៖
* ខេត្តបាត់ដំបង ៥៦៥,៦១៨នាក់
* ខេត្តកំពង់ចាម ៥១៤,៤៤៧នាក់
* ខេត្តសៀមរាប ៤០០,៥៩១នាក់
* ខេត្តបន្ទាយមានជ័យ ៣៨៨,២៧៣នាក់
* ខេត្តព្រៃវែង ៣៨២,៨៦៧នាក់
* ខេត្តកំពង់ស្ពឺ ៣៣១,៨០៩នាក់
* ខេត្តពោធិ៍សាត់ ២៩៨,០៣៧នាក់
* ខេត្តកំពង់ឆ្នាំង ២៧៥,៤០០នាក់
* ខេត្តកំពត ២៥៤,២៧០នាក់
* ខេត្តព្រះសីហនុ ២៣២,២៦៤នាក់
* រាជធានីភ្នំពេញ ២២២,២២០នាក់។

លោកថោង ខុន បានបន្តថា ចរន្តភ្ញៀវនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី៣នេះ នៅបន្តមានភាពផុសផល និងកុះករកាន់តែច្រើនធៀបនឹងថ្ងៃទី២ម្សិលម៉ិញ។ ជាក់ស្តែង តួលេខថ្ងៃទី៣នេះ បន្តកើនឡើងរហូតដល់ប្រមាណ ៣៦.០២% ធៀបនឹងថ្ងៃទី២។

សរុបថ្ងៃទី១ និងទី២ ចរន្តភ្ញៀវនាពេលចូលឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំ២០១៩ ដែលមិនទាន់មានជំងឺកូវីដ ប៉ុន្តែសម្រាប់ថ្ងៃទី៣នេះ ដោយសារមានភ្លៀងធ្លាក់ពីតិច ទៅច្រើននៅគ្រប់ខេត្ត បានធ្វើឲ្យភ្ញៀវមានចំនួនតិចជាងឆ្នាំ២០១៩។ ដូច្នេះសរុបរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំប្រពៃណីជាតិ ឆ្នាំខាល ពុទ្ធសករាជ២៥៦៥ ( ជិតឈានចូល២៥៦៦) មហាសករាជ១៩៤៤ ចុល្លសករាជ១៣៨៤នេះ មានភ្ញៀវប្រហាក់ប្រហែលនឹង៣ថ្ងៃនៃថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីឆ្នាំ២០១៩ (ដែលមានចំនួនប្រមាណ៤,៧២៦,៦០២នាក់)។

លោកបន្តទៀតថា បណ្តាខេត្តដែលមានរៀបចំ ព្រឹត្តិការណ៍សង្រ្កាន្ត កម្មវិធីកម្សាន្តសប្បាយទាំងពេលថ្ងៃ និងពេលយប់ និងគោលដៅទេសច​រណ៍ទាំងអស់បានបើកដំណើរការច្រើន ទទួលភ្ញៀវទេសចរយ៉ាងច្រើនកុះករដូចបានរៀបរាប់ខាងលើ។

លោកថោង ខុន បានបញ្ជាក់ថា តួលេខខាងលើមិនបានរាប់បញ្ចូលប្រជាពលរដ្ឋ ដែលទៅជួបជុំទទួលអាហារ ជាលក្ខណៈក្រុមគ្រួសារនៅតាមអាហារដ្ឋាន និងកន្លែងដែលមានរៀបចំជាខ្យុស (Kiosque) អង្គុយលេងញ៉ាំអាហារ និងចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀត ដែលបានរៀបចំជាកម្មវិធីជួបជុំនៅរាំលេងកម្សាន្ត ជះទឹក លាបម្សៅតាមគេហដ្ឋាន និងតាមភូមិស្រុកផងដែរ។

ទោះបីចរន្តភ្ញៀវមានភាពកកកុញយ៉ាងណាក៏ដោយ ប៉ុន្តែកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្ត រួមជាមួយកម្លាំងប្រជាការពារ នៅតាមភូមិ ឃុំបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធា្នប់ និងចរាចរណ៍ទាំងនៅតាមផ្លូវជាតិ ទីប្រជុំជនក្នុងទីរួមខេត្ត កន្លែងប្រារព្ធកម្មវិធីសង្រ្កាន្ត រួមទាំងគោលដៅទេសចរណ៍នានា ទោះបីប្រឈមនឹងអាកាសធាតុក្តៅ និងហាលភ្លៀងពេលខ្លះក៏ដោយ។

មន្ទីរទេសចរណ៍សហការជាមួយមន្ទីរជំនាញ នៃរដ្ឋបាលរាជធានីខេត្តបានចាត់តាំង ក្រុមការងារចុះប្រចាំការ នៅតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីគ្រប់គ្រងចរន្តភ្ញៀវ ការពង្រឹងការអនុវត្តវិធានសុវត្ថិភាព និង SOP ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងបញ្ចៀសការលក់ឡើងថ្លៃហួសហេតុ និងបញ្ហាបរិស្ថានអនាម័យជាដើម ដែលក្នុងរយៈពេល៣ថ្ងៃនេះហាក់មិនមានបាតុភាពធំដុំណាមួយកើតឡើងទេ។

ជារួម ក្រោមម្លប់នៃសន្តិភាព និងសន្តិសុខពេញលេញលើផ្ទៃប្រទេស និងការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរផ្នែកហេដ្ឋារចនាសម្ពន និងភាពជឿជាក់លើប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំង បានធ្វើឲ្យប្រជាពលរដ្ឋមានឱកាសដើរកម្សាន្ត នៅគ្រប់គោលដៅទេសចរណ៍ ទូទាំងប្រទេសនាឱកាស ពិធីបុណ្យចូលឆ្នាំថ្មីនេះ បើទោះបីតំបន់ខ្លះស្ថិតនៅដាច់ស្រយាល ឬនៅឆ្ងាយពីទីប្រជុំជនក្នុងបរិបទ ដែលពិភពលោក នៅបន្តប្រឈមនឹងជំងឺកូវីដ-១៩នៅឡើយ៕

បែបផែនជីវិតរបស់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ២ កំពុងផ្លាស់ប្តូរទាំងស្រុង

ដោយៈជេស៊ីកា

កណ្តាល/តាកែវៈ ល្អងធូលី នៅតែហុយទ្រលោម លើផ្លូវជាតិលេខ២នៅឡើយ ប៉ុន្តែវាមិនបានរារាំងល្បឿននៃការអភិវឌ្ឍន៍ និងការផ្លាស់ប្តូរជីវភាពប្រជាពលរដ្ឋលើដងផ្លូវនេះនៅឡើយទេ។

លំនៅដ្ឋានថ្មីៗ គំរោងសាងសង់ផ្ទះល្វែងលក់មួយៗ ហាងកាហ្វេ​ រោងចក្រ សហគ្រាសនានា បាននិងកំពុងលេចរូបរាងបណ្តើរៗ គិតចាប់ពីតំបន់គួរស្រូវ ឆ្ពោះទៅកាន់ក្រុងដូនកែវ ខេត្តតាកែវ។

តាមរយៈដំណើរកំសាន្ត និងសិក្សាពីល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់អគ្គនាយកគេហទំព័រ Propertyarea.asia កាលពីថ្ងៃទី១៧ ម្សិលម៉ិញនេះបានសង្កេតឃើញថា ទិដ្ឋភាពលើដងផ្លូវនេះ បានផ្លាស់ប្តួរទាំងស្រុង ផ្លាស់ប្តូរលឿនស្ទើរមិនគួរឲ្យជឿ។ លំនៅដ្ឋានប្រជាពលរដ្ឋភាគច្រើនត្រូវបានសាងសង់ថ្មីពីបេតុង ជំនួសផ្ទះឈើចាស់ៗ ដែលបន្សល់ទុកពីសម័យដើម។

លោកបន្តថា “ដោយសារកំណាត់ផ្លួវជាតិលេខ២ ធ្វើរួចដោយអន្លើៗ បានធ្វើឲ្យការធ្វើដំណើររបស់ខ្ញុំលឿន និងបានជិះហួសចំណុចច្រកចួលរមណីយដ្ឋានទន្លេបាទី”។ លោកបន្តថា “រយៈពេលជាង២០ឆុ្នាំហើយ ដែល ខ្ញុំបានមកកាន់រមណីយដ្ឋាននេះជាលើកដំបូង វាមិនបានផ្លាស់ប្តូរទេ គឺឺមានតែខ្ចួសស្បូចតូចៗ សាងសង់រកេករកូតលើផ្ទៃដឹង ដែលកាន់តែរួមតូចនេះ”។

លោកបន្តថា ទោះជាទិដ្ឋភាពនៃរមណីយដ្ឋាននេះ មិនបានផ្លាស់ប្តូរច្រើនគួរឲ្យកត់សំគាល់ក្តី ប៉ុន្តែបើយើងសង្កេតមើលពីផ្លួវចូលតភ្ជាប់់ពីផ្លូវជាតិលេខ២ ទៅកាន់រមណី​យដ្ឋាននេះ អ្វីៗបានផ្លាស់ប្តូរទាំងស្រុង ដោយផ្ទះឈើទ្រុឌទ្រោមជាច្រើន ដែលសាងសង់នៅលើផ្លូវនេះ ត្រូវបានជំនូសដោយផ្ទះថ្ម វាលស្រែខៀវស្រងាត់ ត្រូវបានចាក់ដីបំពេញ ហើយរោងចក្រ សហគ្រាសមួយចំនួន បានបោះទីតាំងនៅតំបន់នេះ ដែលធ្វើឲ្យអ្នកមានលទ្ឋភាពមួយចំនួនបានសាងសង់ផ្ទះជួល និងកាហ្វេតូចៗមួយចំនួនបានលេចឡើងនៅតាមផ្លួវចូលរមណីយដ្ឋានមួយនេះ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់ បានមានប្រសាសន៍ថា ទិដ្ឋភាពដែលបានលើកឡើងខាងលើនេះ មិនសូវរំភើបស្មើនឹងអ្វី ដែលយើងបានឃើញពិតនោះទេ ដូចពាក្យគេនិយាយបានលឺមួយពាន់ដង មិនស្មើនឹងបានឃើញម្តង។

លោកបន្តថា “ក្រោមម្្លប់សន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាផ្លាស់ប្តូរ នៅក្នុងក្របខ័ណ្ឌលំដាប់ប្រទេស និយាយជារួម ប៉ុន្តែនិយាយដោយឡែក ជីវភាពប្រជាពលរដ្ឋខេត្តតាកែវ ពិតជារីកចម្រើនលើសពីអ្វី ដែលស្ទើរមិនគួរឲ្យជឿ”។ លោកបន្តថា “ការវិនិយោគលើហេដ្ឋារចនាសម្ព័ ន្ឋនានា និងការសាងសង់ព្រលានយន្តហោះអន្តរជាតិ តេជោក្រុងតាខ្មៅ ក៏ជាផ្នែកដ៏សំខាន់ ដែលបានជះឥទ្ឋិពលដល់ការរីកចម្រើន នៅតំបន់ខាងលើនេះ”។

តាមការព្យាករណ៍ លោកយិន លាងគង់បានគិតថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ រោងចក្រ សហគ្រាស លំនៅដ្ឋានជាលក្្ខណៈសំណង់ផ្ទះ ល្វែង បុរី នឹងរីកដូចផ្សិតគិតពីរង្វង់មូលគួរស្រូវ រហូតដល់ទទីក្រុងដូនកែវ​ ខេត្តតាកែវមិនខាន។

សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងពិធីបើក​ការរដ្ឋានស្តារ និងស្ថាបនាផ្លួវជាតិលេខ២ កាលពីអំឡុងចុងឆ្នាំ២០២០កន្លងមកថា ខេត្តតាកែវ ពិសេសតំបន់ផ្លួវជាតិលេខ២ មានសក្តានុពលលើការរីកចម្រើនវិស័យឧស្សាហកម្ម ដោយសារតំបន់នេះ ជាមិនប្រឈមមុខនឹងការជន់លិច និងជាតំបន់មានទីតាំងភូមិសាស្រ្ត ងាយស្រួលតភ្ជាប់ទៅកាន់ផ្លូវជាតិដទៃទៀត៕