លោកបណ្ឌិតគីម ហ៊ាង បង្ហើបពីប្រភេទដីដែលគួរវិនិយោគដើម្បីបានទទួលផលចំណេញ

ដោយៈ ជេស៊ីកា

ភ្នំពេញៈ លោកឧកញ៉ាគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍​ឲ្យដឹងថា ដីសម្រាប់កសិកម្ម ជាប្រភេទដីបម្រើដល់ការដាំដុះ ដោយលោកយល់ថា ប្រសិនបើទិញដីកសិកម្ម ដើម្បីចំណេញ គឺជាគំនិតខុសមួយ ព្រោះតែដីកសិកម្ម មានចំនួនច្រើន និងទំហំធំណាស់។

លោកបន្តថា ដីសម្រាប់អភិវឌ្ឍន៍លើវិស័យទេសចរណ៍ ជាប្រភេទដីដែលអាចបម្រើដល់ វិស័យទេសចរណ៍ ស្ថិតនៅតំបន់ដែលមានមនុស្សទៅកំសាន្តច្រើន ដូចជាភ្នំ ទន្លេ និងសមុទ្រ។ ដីទេសចរណ៍នៅជិតតំបន់ភ្នំ មិនងាយឡើងថ្លៃ ព្រោះជាទូទៅដីនៅតាមតំបន់ភ្នំ មានទំហំធំរាប់ហិចតា។

ប៉ុន្តែបើដីសម្រាប់ទេសចរណ៍ ស្ថិតនៅជិតទន្លេ និងសមុទ្រ អាចឡើងថ្លៃ ព្រោះមានចំនួនតិច។ ចំណែក ដីដែលអាចចំណេញខ្ពស់ គឺដីឧស្សាហកម្ម និងដីសម្រាប់លំនៅដ្ឋាន។

លោកឧកញ៉ាបានបង្ហើបថា ដីសម្រាប់ឧស្សាហកម្ម គឺដីដែលអាចធ្វើរោងចក្រ សហគ្រាស។ វាជាប្រភេទដីឡើងថ្លៃលឿន ដោយសារការសាងសង់រោងចក្រ នាំមកនូវលំហូរមនុស្ស នោះសកម្មភាពសេដ្ឋកិច្ចក៏មានច្រើន នោះដីប្រាកដជាឡើងថ្លៃ។

ចំណែកដីលំនៅដ្ឋាន ជាប្រភេទដីដែលអាចសាងសង់លំនៅដ្ឋាន បុរី ជាដើម។ ដីប្រភេទនេះឡើងថ្លៃជាប្រចាំ ហើយងាយស្រួលលក់ចេញវិញ ដោយទទួលបានប្រាក់ចំណេញខ្ពស់បំផុត។

លោកបញ្ជាក់ថា “ដីលំនៅដ្ឋាន ជាដីចំណេញ និងងាយលក់។ ចំណែ​កដីឧស្សា​ហកម្ម ក៏ចំណេញដែរ តែនៅចាញ់ប្រភេទដីលំនៅដ្ឋាន។ ដីសំរាប់បំរើសេវាកម្ម ទេសចរណ៍ ទាល់តែជាប់សមុទ្រ ជាប់ទន្លេ។ រីឯដីកសិកម្មទិញហើយ៥ឆ្នាំ លក់មិនដាច់ទេ”។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបន្តថា បើសិនជាដីស្ថិតនៅជាប់ផ្លូវល្បឿនលឿន មិនត្រឹមតែមិនចំណេញទេ តែនឹងជាប់គាំង ព្រោះផ្លូវល្បឿនលឿន មិនអនុញ្ញាតឱ្យមានការឈប់សម្រាកឡើយ។

ចំណែកដីនៅតំបន់ព្រលានយន្តហោះ លោកយល់ថា ការទិញដីសម្រាប់ចំណេញនៅក្នុងតំបន់នេះ មិនមែនជាគំនិតល្អទេ ព្រោះដង់ស៊ីតេប្រជាជនកម្ពុជា ដែលមានប្រមាណ៣លាននាក់ក្នុងក្រុងភ្នំពេញ ហើយព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី មានចម្ងាយប្រមាណ៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ម៉្យាងទៀត នៅជុំវិញតំបន់នោះ នៅមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់នៅឡើយទេ៕

វិបត្តិអចលនទ្រព្យក្នុងប្រទេសចិនកាន់តែធ្ងន់ធ្ងរស្របពេលក្រុមហ៊ុនអភិវឌ្ឍន៍ធំបំផុតទី៣ខកខានសងបំណុល

ដោយៈសុខុម

ហុងកុង: ចាប់តាំងពីផ្ទុះវិបត្តិបំណុល របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន China Evergrande រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីសម្រាលវិបត្តិនេះ។

ទោះជាយ៉ាងណា វិបត្តិនេះបានបន្តរីករាលដាល ពាសពេញវិស័យអចលនទ្រព្យរបស់ប្រទេសចិន ដែលហាក់ធ្ងន់ធ្ងរទៅ ខណៈក្រុមហ៊ុនអភិ​វ ឌ្ឍន៍ចិន កាន់តែច្រើនខកខានសងបំណុលជាបន្តបន្ទាប់។

តួយ៉ាងប្រភពបានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១២ ខែមេសា ថា ក្រុមហ៊ុនចិន មួយទៀតឈ្មោះ Sunac China ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី៣ របស់ប្រទេសចិន បានខកខានសងមូលបត្របំណុលជាដុល្លារ ជាលើកដំបូងរបស់ខ្លួនចំនួន២៩,៥លានដុល្លារអាមេរិក ដែលដល់ពេលត្រូវទូទាត់សងកាលពីថ្ងៃច័ន្ទ ទី១១ ខែមេសា។

ការទូទាត់សងសម្រាប់មូលបត្របំណុល៧,៩៦ភាគរយ នឹងដល់ពេលកំណត់ត្រូវទូទាត់ក្នុងខែតុលា ឆ្នាំ២០២៣ ខាងលើនេះ មានរយៈពេលអនុគ្រោះ (Grace Period)៣០ថ្ងៃ មុនពេលឈានចូលដំណាក់កាលខាកខានសង។
ប្រភពមួយទៀត ដែលស្និទ្ធនឹងក្រុមហ៊ុននេះទម្លាយឱ្យដឹងថា ក្រុមហ៊ុន Sunac China កំពុងព្យាយាមស្វែងរកដំណោះស្រាយ ធ្វើយ៉ាងណាទូទាត់សងឱ្យទាន់តាមពេលវេលាកំណត់។

ទោះជាយ៉ាងណា ក្រុមហ៊ុន Sunac China បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញដំណឹងនេះ។
វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានរងការវាយប្រហារជាបន្តបន្ទាប់ ដោយសារការខកខានសង មូលបត្របំណុលក្រៅប្រទេស ក្រោយផ្ទុះវិបត្តិក្រុមហ៊ុន China Evergrande Group ដែលធ្លាប់ជាក្រុមហ៊ុនអភិវឌ្ឍន៍ លក់ដាច់បំផុតរបស់ប្រទេសចិន ប៉ុន្តែឥឡូវនេះបានក្លាយជាក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុលគេច្រើនជាងគេលើពិភពលោក ជាមួយនឹងបំណុលជាង៣០០ពាន់លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះបាននិយាយកាលពីខែមុនថា ខ្លួនកំពុងចរចាជាមួយម្ចាស់បំណុលនៅក្រៅប្រទេស ដើម្បីសុំពន្យារពេលសងបំណុល។ ក្រុមហ៊ុននេះបានពន្យារពេលសងប្រាក់ដើម នៃមូលបត្របំណុល៦២៧,៩១លានដុល្លារអាមេរិក របស់ខ្លួនដែលដល់ពេលកំណត់ ត្រូវសងកាលពីថ្ងៃទី០១ ខែមេសា ចំនួន១៨ខែ៕ Reuters៕

និយ័តកររគណនេយ្យទុកពេលបន្ថែមឲ្យសហគ្រាសនានារយៈពេល៣០ថ្ងៃ ដើម្បីបញ្ជូនរបាយការណ៍ហិរញ្ញវត្ថុ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ និយ័តករគណនេយ្យ និងសវនកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសផ្តល់ពេលវេលាបន្ថែម ៣០ ថ្ងៃទៀត ដល់សហគ្រាសមិនរងសវនកម្មណា ដែលមិនទាន់បានដាក់បញ្ចូលរបាយការណ៍ ហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២១ មកកាន់និយ័តករគណនេយ្យ និងសវនកម្ម។

យោងតាមសេចក្តីជូនដំណឹងរបស់និយ័តករគណនេយ្យ និងសវនកម្មនៃអជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃទី ១២ ខែ មេសានេះបានឱ្យដឹងថា ដោយសារតែប្រព័ន្ធដាក់បញ្ចូលទិន្នន័យ E-Filling System មានបញ្ហាបច្ចេកទេស ទើបធ្វើឲ្យការដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុ របស់សហគ្រាសមានភាពរអាក់រអួល ហេតុដូចនេះ ទើបនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស) ផ្តល់ពេលបន្ថែម ៣០ថ្ងៃទៀត ដោយគិតចាប់ពីថ្ងៃ ១៦មេសា ដល់ ១២ ឧសភា ឆ្នាំ ២០២២នេះ ដើម្បីឲ្យសហគ្រាសមិនរងសវនកម្ម បានដាក់បញ្ចូលរបាយការណ៍របស់ខ្លួនទាន់កាលកំណត់។

សេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ក្នុងករណីសហគ្រាសណាមិនបានដាក់បញ្ចូលរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២១ តាមការកំណត់ខាងលើទេ នោះសហគ្រាសនឹងត្រូវទទួលពិន័យអន្តរការណ៍ ដែលបានកំណត់នៅក្នុងអនុក្រិត្យលេខ ៧៩ អនក្រ.បក. ចុះថ្ងៃទី១ មិថុនា ឆ្នាំ២០២០ កន្លងទៅ៕

តោះមកស្គាល់ព្រះនាមទេពធីតាទាំង៧អង្គដែលយាងផ្លាស់វេនគ្នាក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ទេពធីតាសង្រ្កាន្តទាំង៧អង្គ ដែលតែងតែផ្លាស់វេនគ្នានាឱកាស​ចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវចាស់ទុំខ្មែរបានចងក្រងបន្សល់ទុកមកពីបុរាណរៀងមក មានព្រះនាមខុសៗគ្នា។

ព្រះនាមទេពធីតាទាំង៧អង្គ ដែលមកផ្លាស់វេនគ្នាជាបន្តបន្ទាប់រួមមាន៖

ទី១ ព្រះនាង ធុង្សទេវី (ចូលឆ្នាំចំថ្ងៃអាទិត្យ) សៀតផ្កាទទឹម ប្រដាប់ដោយគ្រឿងមទុមរាគ សោយផ្លែល្វាជាអាហារ។ ព្រហស្តស្តាំទ្រង់ចក្រ ព្រះហស្តឆ្វេងស័ង្ខ គ្រុឌជាពាហន: (ជិះគ្រុឌ)។

ទី២ ព្រះនាង គោរាគទេវី ( ចូលឆ្នាំចំថ្ងៃចន្ទ) ទ្រង់សៀតផ្ការមន្ទារបុស្ប(ផ្កាត្រកៀត) ប្រដាប់ដោយកែវមុក្តា សោយប្រេងល្ងជាអាហារ។ ព្រះហស្តស្តាំ ទ្រង់ព្រះខ័ន ព្រះ ហស្តឆ្វេងទ្រង់ចាប់មុខព្រះខ័ន ព្យគ្ឃរាជពាហន:(ជិះខ្លាធំ)។

ទី៣. ព្រះនាង រាក្សស ទេវី(ចូលឆ្នាំត្រូវថ្ងៃអង្គារ)សៀតផ្ការឈូកក្រហម ប្រដាប់ ដោយគ្រឿងមោរ៉ា សោយលោហិតជាអាហារ។ ព្រះហស្តស្តាំ ទ្រង់ត្រីសូល៍ ព្រះហស្តឆ្វេងទ្រង់ធ្នូ សូករជាពាហន:(ជិះជ្រូក)។

ទី៤ ព្រះនាង មណ្ឌាទេវី (ចូលឆ្នាំចំលើថ្ងៃពុធ) សៀតផ្ការចំប៉ា ប្រដាប់ដោយគ្រឿងពិទូរ្យ សោយទឹកដោះជាអាហារ។ ព្រះហស្តស្តាំទ្រង់ដែកស្រួច(ម្ជុល) ព្រះហស្តឆ្ចេង ទ្រង់ឈើច្រត់ លាជាពាហន:(ជិះលា)។

ទី៥ ព្រះនាង កិរិណីទេវី (ចូលឆ្នាំចំលើថ្ងៃព្រហស្បតិ៍) សៀតផ្កាមណ្ឌា ប្រដាប់ដោយកែវមរកដ សោយសណ្តែកល្ង ជាអាហារ។ ព្រះហសហតស្តាំទ្រង់កង្វេរ ព្រះហស្តឆ្វេង អាវុធ (កាំភ្លើង) ហត្ថីជាពាហន:(ជិះដំរីឈ្មោល)។

ទី៦ ព្រះនាង កិមិទា(ជួនឃើញហៅកិមិរា)ទេវី (ចូលឆ្នាំចំលើថ្ងៃសុក្រ) សៀតផ្កាចង្កុលណី ប្រដាប់ដោយគ្រឿងបុសរ៉ាខាំ សោយចេកទឹក ជាអាហារ។ ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេង ទ្រង់ពិណ ក្របីជាពាហន: (ជិះក្របី)។

ទី៧ ព្រះនាងមហោធរាទេវី (ចូលឆ្នាំចំលើថ្ងៃសៅរ៍) សៀតផ្កាត្រកៀត (ខ្លះថាផ្កាក្រូច)ប្រដាប់ដោយ គ្រឿងកែវនឹលរ័ត្ន សោយសាច់ទ្រាយ(ម្រឹគពួកឈ្លូស)ជាអាហារ។ ព្រះហស្តស្តាំទ្រង់ចក្រ ព្រះហស្តឆ្វេងទ្រង់ ត្រីសូល៍ (ខ្លះថាអាវុធ) មយូរាជាពាហន:(ជិះក្ងោក)៕

តំបន់ទួលពង្រកំពុងស្រូបទាញការអភិវឌ្ឍលំនៅឋានកាន់តែច្រើន ស្របពេលប្រជាសាស្រ្តក្នុងទីក្រុងកើនឡើង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ទួលពង្រពីមុនគ្រាន់តែជាតំបន់ជាយក្រុង និងជាតំបន់សម្រា​ប់អ្នកចំណូលទាប និងមិនសូវមានការអភិវឌ្ឍប៉ុន្មាននោះទេ ប៉ុន្តែមកដល់បច្ចុប្បន្ននេះវិញ ទួលពង្របាននិងកំពុងក្លាយជា តំបន់អភិវឌ្ឍន៍លំនៅឋានដ៏មានសក្ដានុពល និងកាន់តែមានភាពទាក់ទាញ ដល់វិនិយោគិនក្នុងការអភិវឌ្ឍលំនៅឋាន សម្រាប់ផ្គត់ផ្គង់បំពេញទៅតាមតម្រូវការជាក់ស្ដែង។

ជាការកត់សម្គាល់ តំបន់ទួលពង្រពេលនេះ ឃើញមានក្រុមហ៊ុនអភិ​វ ឌ្ឍន៍លំនៅឋានធំៗ និងតម្លៃមធ្យមឡើងកាន់តែច្រើន និងឈានជើងទៅកាន់តំបន់នោះ ដែលធ្វើឱ្យតំបន់ជាយរាជធានីភ្នំពេញមួយនេះ មានសន្ទុះលើការអភិវឌ្ឍលំនៅឋានកាន់តែច្រើនឡើងៗ ។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodiaបានលើកឡើងថា តំបន់មួយចំនួនក្នុងខណ្ឌដង្កោ ពោធិ៍​សែនជ័យ បាននិងកំពុងមានការអភិវឌ្ឍលើលំនៅឋាន កាន់តែខ្លាំង ដោយ​សារតែតំបន់ទាំងនោះ មានដីទំនេរច្រើន និងមានតម្លៃទាបដែលអាចឱ្យវិនិយោគិនសាងសង់លំនោឋាន ដើម្បីផ្គត់ផ្គង់តម្រូវការប្រជាពលរដ្ឋក្នុងស្រុក ។

អ្នកនាងបន្តថា “ទីផ្សារលំនៅឋាននៅតែបន្តមាន ចំពោះអតិថិជនជាអ្នកក្នុងស្រុក ដូច្នេះអ្នកអភិវឌ្ឍន៍ក៏បន្តអភិវឌ្ឍន៍ សម្រាប់ផ្គត់ផ្គង់ទោះបីជាជួបបញ្ហាប្រឈមមួយចំនួនពីវិបត្តិកូវីដ១៩ ក៏ដោយហើយទីផ្សារនេះនឹងកាន់តែមានកំណើននៅពេលណាវិបត្តិបានបញ្ចប់បន្តិចម្ដងៗ”។

ជាមួយគ្នានេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងថា តំបន់ជុំវិញក្រុងភ្នំពេញឃើញថាសុទ្ធតែមានសក្ដានុពលដូចគ្នា ហើយតំបន់ណាដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន តំបន់នោះនឹងទាក់ទាញ មនុស្សទៅរស់នៅកាន់តែច្រើន។

លោកបន្តថា តំបន់ប៉ែកខាងត្បូងនិងខាងលិច ជាតំបន់មានការទាក់ទាញលើការអភិវឌ្ឍលំនៅឋាន ក្នុងចំណោមតំបន់ផ្សេងៗទៀត ។ កត្តាមួយចំនួនដែលធ្វើឱ្យតំបន់ទាំងនោះ មានការអភិវឌ្ឍលំនៅឋានដូចឃើញស្រាប់ហើយ មានផ្លូវក្រវ៉ាត់ក្រុង មានហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលរដ្ឋាភិបាលបានអភិវឌ្ឍជាបន្តបន្ទាប់ មានផ្សារនិងមានបុរីតូចធំជាច្រើន កំពុងដំណើរការអភិវឌ្ឍន៍គម្រោងរបស់ខ្លួនផងដែរ ។

តាមរបាយការណ៍និងការសិក្សាស្រាវជ្រាវ របស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា ក្នុងរយៈពេល៦ខែចុងក្រោយនេះ កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍លំនៅឋាន ជាបុរីចំនួន៣៩គម្រោង ដែលតួលេខនេះ បានបង្ហាញពីតម្រូវការលំនៅឋានក្នុងបុរី ក្នុងប្រទេសកម្ពុជាបន្តរីកចម្រើនទៅមុខបន្ថែមទៀត៕

រដ្ឋាភិបាលគ្រោងរៀបចំសារៈមន្ទីរ និងភូមិវប្បធ៌មជនជាតិភាគតិចនៅខេត្តមណ្ឌលគិរី

ដោយៈគង់ សូរិយា

មណ្ឌលគិរីៈ ក្នុងន័យទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងលើកកំពស់អត្តសញ្ញាណជនជាតិភាគតិច រដ្ឋាភិបាលគ្រោងរៀបចំសារមន្ទីរ និងភូមិវប្បធ៌មសហគមន៍ជនជាតិភាគតិចនៅខេត្តមណ្ឌលគិរី។

យោងតាមផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍រយៈពេលវែង ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០៣៥ខាងមុខ និងទើបបានអនុម័តដាក់ឲ្យប្រើប្រាស់ដោយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី១១ មេសាកន្លងមកបានបង្ហាញ នៅក្នុងចំណុចទី៤ដែលចែងអំពី ការអភិរក្សវប្បធម៌ជនជាតិដើមភាគតិច រដ្ឋាភិបាលបានលើកចំណុចសំខាន់ៗមួយចំនួនរូមមាន។

* សិក្សារៀបចំសារៈមន្ទីរជនជាតិដើមភាគតិច ឲ្យបានយ៉ាងតិចមួយនៅក្រុងសែនមនោរម្យ ឬនៅតាមទីតាំងសំខាន់ណាមួយ។

* រៀបចំឲ្យមានភូមិវប្បធម៌សហគមន៍ ជនជាតិដើមភាគតិចមួយនៅឃុំដាក់ដាំ ក្នុងស្រុកអូររាំង។
* សិក្សាលទ្ធភាពក្នុងការបង្កើតសាលាវប្បធម៌ និងវិចិត្រសិល្បៈសម្រា​ប់ជនជាតិដើមភាគតិច៕

តើអ្វីជាអចលនទ្រព្យនិម្មិត? តើការទិញលក់ដំណើរការយ៉ាងដូចម្តេច?

ដោយៈ សុផារី

អន្តរជាតិៈ យើងកំពុងឆ្ពោះទៅរកយុគសម័យ នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយយើងនឹងរស់នៅក្នុងជីវិតឌីជីថល រួមជាមួយនឹងជីវិតពិតរបស់យើងកាន់តែខ្លាំងឡើង។ យើងនឹងប្រើប្រាស់កន្លែងទាំងនេះ ដើម្បីធ្វើការ កំសាន្ត ចូលសង្គម និងរៀនសូត្រ។

អ្វីក៏ដោយដែលយើងអាចធ្វើបាន នៅក្នុងពិភពពិតនឹងមាននៅក្នុង metaverse ដែលយើងអាចទាក់ទងគ្នា ដោយមិនចាំបាច់ចាកចេញពីផ្ទះរបស់យើង។ នេះរាប់បញ្ចូលទាំងការវិនិយោគ និងការរកលុយ ហើយដូចនៅក្នុងពិភពពិត មធ្យោបាយដ៏ពេញនិយមបំផុតមួយ គឺការវិនិ​យោគលើអចលនទ្រព្យ។

បើតាមការចុះផ្សាយរបស់ទស្សនាវដ្តី Forbes បានអះអាងថា “តាមពិត អចលនទ្រព្យ Metaverse (អចលនទ្រព្យនិម្មិត) គឺជាអាជីវកម្មដ៏ធំ ដែលបានកើតឡើងរួចទៅហើយ។ កំពូលតារាល្បីៗ រួមទាំង Snoop Dog និងអាជីវកម្មសកល រួមទាំង PwC, JP Morgan, HSBC និង Samsung បានចាប់យកដីនិម្មិតរួចហើយ ដែលពួកគេមានបំណងអភិវឌ្ឍន៍ សម្រាប់គោលបំណងផ្សេងៗ។ អ្នកដែលចូលមកមុន បានទទួលផលចំណេញច្រើនរួចទៅហើយ”។

ទស្សនាវដ្តីដ៏ល្បីនេះក៏បានបញ្ជាក់ថា “មិនដល់មួយឆ្នាំចុងក្រោយនេះ តម្លៃជាមធ្យមសម្រាប់ដីតូចបំផុត ដែលអាចរកទិញបាន នៅលើ Decentraland ឬ Sandbox មានតម្លៃក្រោម ១.០០០ដុល្លារអាមេរិក តែសព្វថ្ងៃនេះវាមានតម្លៃប្រហែ ១៣.០០០ដុល្លារអាមេរិក”។

និន្នាការទិញដី Metaverse សម្រាប់ឆ្នាំ២០២២ ត្រូវបានរំពឹងថា នឹងមានការលក់លើសពី១ពាន់លានដុល្លារ។
យោងតាមរបាយការណ៍ ការលក់ដីធ្លីនៅក្នុង metaverse បានឈានដល់កម្រិតខ្ពស់ បំផុត៥០០លានដុល្លារក្នុងឆ្នាំ២០២១កន្លងមក។ ការលក់នៅឆ្នាំ២០២២ អាចលើសពីពីរដង ដោយឈានដល់យ៉ាងតិចក៏១ពាន់លានដុល្លារ។
ហេតុអ្វីត្រូវទិញអចលនទ្រព្យនៅក្នុងពិភពនិម្មិត?

ដូចគ្នានឹងការទិញដីនៅក្នុងពិភពពិតដែរ មានហេតុផលសំខាន់ពីរដែលអ្នកប្រហែលជាចង់ទិញដីនៅក្នុង metaverse ។ ទីមួយគឺ វាជាជម្រើសមានសុវត្ថិភាពបំផុត។ អ្នកចង់ប្រើវាសម្រាប់ការសង់ផ្ទះសម្រាប់រស់នៅ ឬជាកន្លែងសម្រាប់ធ្វើអាជីវកម្ម។

ផ្ទះនៅក្នុង Metaverse នឹងក្លាយជាមធ្យោបាយមួយសម្រាប់បុគ្គល ដើម្បីបង្ហាញពីបុគ្គលិកលក្ខណៈរបស់ពួកគេ តាមអ៊ីនធឺណិត ឬរៀបចំកន្លែងប្រមូលវត្ថុឌីជីថលប្លែកៗរបស់ពួកគេ។

ហេតុផលទី២ គឺដូចជាការវិនិយោគបច្ចុប្បន្ននេះ អចលនទ្រព្យ metaverse ជាមួយនឹងតម្លៃជាមធ្យមកើនឡើង១០ដងក្នុងឆ្នាំកន្លងមក។ មនុស្សជាច្រើនកំពុងទិញដីឌីជីថលឥឡូវនេះ ដោយសារតែពួកគេគ្រាន់តែជឿថា វានឹងមានតម្លៃកាន់តែច្រើននាពេលអនាគត។

តើអចលនទ្រព្យនៅក្នុងពិភពនិម្មិតត្រូវបានលក់ទិញយ៉ាងណា?
បច្ចុប្បន្ននេះមានក្រុមហ៊ុនចំនួនពីរ គឺ The Sandbox និង Decentraland ដែលកំពុងពេញនិយម នៅពេលនិយាយអំពីការកាន់កាប់ដីធ្លី និងអចលនទ្រព្យនៅក្នុងពិភពនិម្មិត ដោយសារក្រុមហ៊ុនទាំងពីរនេះ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធយ៉ាងល្អ ហើយផ្តល់ភាពស្របច្បាប់ដល់ម្ចាស់ផ្ទះ និងអ្នកជួលដ៏ល្បីផ្សេងទៀត ដូចជា តារាល្បីៗ និងក្រុមហ៊ុនដែលបានរៀបរាប់ខាងលើ។

អ្នកអាចវិនិយោគសំរាប់ជួល ឬដោះដូរអចលនទ្រព្យនៅលើ metaverse បានដោយប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ឬEthereum ដែលជាជម្រើសដ៏ពេញនិយមមួយ ឬអាចប្រើប្រាស់ SAND (រូបិយប័ណ្ណរបស់ក្រុមហ៊ុន The Sandbox) ឬប្រើ MANA (រូបិយប័ណ្ណរបស់ក្រុមហ៊ុន Decentraland)។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺដូចទៅនឹងអចលនទ្រព្យ ក្នុងពិភពពិតដែរ នៅក្នុងពិភពនិម្មិតមានអាជីពភ្នាក់ងារអចលនទ្រព្យ ដូចជា opensea.io និង nonfungible.com ជាដើម ដែលមានតួនាទីជាភ្នាក់ងារកណ្តាល អនុញ្ញាតឱ្យអ្នកលក់រាយដាក់លក់អចលនទ្រព្យរបស់ខ្លួន ក្នុងវេបសាយរបស់ខ្លួន និងបើកឱកាសឱ្យអ្នកទិញចរចារតម្លៃបាន៕

តើរដ្ឋាភិបាលធ្វើអនុប្រយោគដីធ្លីពីរប្រភេទយ៉ាងដូចម្តេច?

ដោយៈគង់ សូរិយា

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនជា ២ គឺទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

តើអចលនទ្រព្យទាំង២ប្រភេទនេះ អាចធ្វើចំណាត់ថ្នាក់ឡើងវិញបានតាមរយៈអនុប្បយោគ ឬអធិប្បយោគ។ តើទ្រព្យរដ្ឋទាំង ២ នេះជាអ្វី? ហើយការធ្វើអនុប្បយោគ ឬអធិប្បយោគនេះ គឺជាអ្វី?។

យោងតាមឯកសាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញឲ្យដឹងថា ជាបឋម ត្រូវស្គាល់ពីទ្រព្យសាធារណៈរបស់រដ្ឋ និងទ្រព្យឯកជនរបស់រដ្ឋជាមុនសិន ព្រោះទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺទ្រព្យសម្រាប់បម្រើប្រយោជន៍ សាធារណៈជនទូទៅ ហើយមិនអាចលក់ដូរបានដាច់ខាត មានដូចជា ស្ពាន ផ្លូវ សួនច្បារ សាលារៀនរដ្ឋ មន្ទីរពេទ្យរដ្ឋ ប្រាសាទ បឹងបួរ ទន្លេ សមុទ្រ អគាររដ្ឋបាល ព្រៃឈើជាដើម។

ចំណែកទ្រព្យឯកជនរបស់រដ្ឋ ជាអចលនទ្រព្យដែលធ្លាប់ជារបស់រដ្ឋ ដែលត្រូវបានផ្ទេរទៅឱ្យឯកជនក្នុងទម្រង់ផ្សេងៗ ដែលភាគច្រើនជាដីសម្បទានសេដ្ឋកិច្ច និងដីសម្បទានសង្គមកិច្ច ដែលរដ្ឋបានលក់ឬ ជួលទៅឱ្យឯកជន។

យោងតាមច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ទ្រព្យទាំង២ខាងលើនេះ អាចផ្លាស់ទម្រង់បាន តាមរយៈការធ្វើអនុប្បយោគ និងអធិប្បយោគ។

អនុប្បយោគមានន័យថា ជាការធ្វើចំណាត់ថ្នាក់ឡើងវិញ នូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ការធ្វើអនុប្បយោគ គឺធ្វើឡើងចំពោះតែទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋណា ដែលបាត់បង់លក្ខណៈសម្បត្តិ ក្នុងការបម្រើប្រយោជន៍សេវាសាធារណៈ។

ឧទាហរណ៍ កាលពីឆ្នាំ២០២០ ផ្ទៃដីបឹងតាមោកយ៉ាងហោចជិត ៧០០ ហិកតាត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋ និងឯកជន ដែលការកាត់នេះ ធ្វើឡើងតាមការធ្វើអនុប្បយោគ។ ការធ្វើបែបនេះបាន ក៏ព្រោះតែបឹងនេះ បានបាត់បង់ប្រយោជន៍ជាសាធារណៈទៅហើយ។ មួយទៀតគឺការកាត់ដីព្រៃឈើចាស់ ឱ្យឯកជន។ ដូចគ្នា ការធ្វើអនុប្បយោគបានលុះត្រាតែដីនោះ គ្មានព្រៃឈើទៀតទេ ឬព្រៃឈើបានបាត់បង់អស់យូរមកហើយ។

រីឯអធិប្បយោគវិញ ផ្ទុយពីអនុប្បយោគ ពោលគឺការធ្វើចំណាត់ថ្នាក់ឡើងវិញ នូវទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ មកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ចំពោះទ្រព្យឯកជនរបស់រដ្ឋ ដែលមានតម្រូវការនៃការបម្រើផលប្រយោជន៍សាធារណៈ ឬការផ្តល់សេវាសាធារណៈ។

ក្រោយការធ្វើអធិប្បយោគ ទ្រព្យសម្បត្តិទាំងនោះ មិនអាចជាកម្មវត្ថុនៃការលក់ ការដូរ សម្បទាន ការផ្ទេរកម្មសិទ្ធិ និងការជួលបានទៀតនោះទេ។

ទាំងអនុប្បយោគ និងអធិប្បយោគ ត្រូវធ្វើតាមវិធានដែលកំណត់ដោយច្បាប់ ប៉ុន្តែការធ្វើអនុប្បយោគ អាចធ្វើទៅបានចំពោះតែទ្រព្យសម្បត្តិទាំងឡាយណា ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរបស់រដ្ឋរួចហើយ៕

ស្វាគមន៍៍ឆ្នាំថ្មី! សារចេញពីសេចក្តីស្រលាញ់ និងគោរព

ភ្នំពេញៈ វដ្តនៃវេលាមាស បានរំកិលមកកាន់តែកៀកនឹងសង្រ្កានឆ្នាំថ្មី ដែលជាពេលវេលានៃក្រាំងមាស និងសេចក្តីអំណរ សេចក្តីគោរព ការដឹងគុណចំ ពោះបុព្វការរីជនបានមកដល់ជាថ្មី ជាមួយនឹងការស្វាគមន៍ការជួបជុំ សំណើចក្អាក​ក្អាយជាមួយក្រុមគ្រួសារ សាច់សារលោហិត បានមកដល់ម្តងទៀតនាពេលខាងមុខឆាប់ៗនេះ។

បន្ទាប់ពីរយៈពេល ៣៦៣ថ្ងៃ បានរំកិលហួស យើងត្រៀមអបអរសាទរឆ្នាំថ្មី ជាមួយទេពធីតាព្រះនាង “កិរិណីទេវី” ជាបុត្រីរបស់កបិលមហាព្រហ្ម ដែលនឹងនាំនូវពរជ័យ សេរីសួស្តីដល់ថ្នាក់ដឹកនាំជាតិ ប្រជាជនគ្រប់ស្រទាប់វណ្ណៈបានរីករាយជាមួយអំណរ ជាមួយក្តីស្រលាញ់ និងការដឹងគុណដល់ជាតិមាតុភូមិ។

ជាមួយនឹងឱកាសដ៏មានអត្ថន័យ ឱកាសនៃការទទួលនូវពន្លឺព្រះទិនក​រ​ថ្មី ឱកាសនៃការជួបជុំ និងការទទួលបាននូវសារជូនពរពីញាតិមិត្ត ពីថ្នាក់ដឹកនាំស្ថាប័នគ្រប់ជាន់ថ្នាក់ទៅវិញទៅមក ប្រកបដោយសោមនស្សរីករាយនេះ គេហទំព័រ Propertyarea.asia សូមចូលរួមចែករំលែកនូវសេចក្តីស្រលា​ញ់ គោរពដឹងគុណដល់ដៃគូពាណិជ្ជកម្មទាំងអស់ ដល់មិត្តអ្នកអាន អ្នកទស្សនាជាតិ អន្តរជាតិឲ្យបានជ្រាបថា ស្ថាប័នរបស់យើងនៅតែប្រកាន់ខ្ជាប់ នូវមូលដ្ឋាន​វិជ្ជាជីវៈ ក្រមសីលធ៌ម ផ្តល់ព៌តមានលឿន រហ័ស និងអាចទុកចិត្តបានសំរាប់សាធារណៈជនជាតិ អន្តរជាតិអាចប្រើប្រាស់ជាមូលដ្ឋាន ក្នុងការពិចារណា​យកទៅប្រើប្រាស់ជាចំណេះដឹង ជាប្រទីប និងជាមូលដ្ឋានសំរាប់ប្រើប្រាស់ មុនសម្រេចចិត្តវិនិយោគលើវិស័យអ្វីមួយ។

ការរក្សាបាននូវគុណតម្លៃរបស់យើង តាមរយៈការប្រើប្រាស់នូវចំណេះដឹង ជំនាញ បទពិសោធន៍ បូករួមជាមួយនឹងមូលដ្ឋានវិជ្ជាជីវៈ បានធ្វើឲ្យគេហទំព័រនេះបន្តរីកចម្រើន ហើយយើងនឹ​ងប្តេជ្ញាចិត្ត ក្នុងការនាំមកនូវព៌តមានថ្មី​ៗទាន់ហេតុការណ៍ ទាក់ទងគំរោងអភិវឌ្ឍ​ន៍នានារបស់រដ្ឋាភិបាល វិស័យឯកជនមកជូនមិត្តអ្នកអាន អ្នកទស្សនាជាបន្តទៀត និងកាន់តែលឿនរហ័សថែមមួយកម្រិតទៀត នៅក្នុងឆ្នាំថ្មីដែលកំពុងរំកិលមកដល់បន្តិចម្តងៗ នាពេលខាងមុខឆាប់ៗនេះ។

ព្រះអាទិត្យថ្មី នឹងនាំមកនូវសេចក្តីរីករាយ និងសេចក្តីសុខចម្រើនដល់ប្រជាជនកម្ពុជាគ្រប់រូប និងសូមគោរពជូនពរថ្នាក់ដឹកនាំ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាសូមទទួលបាននូវសេចក្តីចម្រើនដ៏ប្រពៃ និងសូមមានសុខភាពកាន់តែល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ខ្លួន។

សូមពុទ្ឋពរដ៏ម៉ត់ហ្មង សេចក្តីស្រលាញ់ដ៏បរិសុទ្ឋ និងសេចក្តីសាមគ្គីក្នុងរបៀបវារៈជាតិ សូមកើតមានដល់ប្រជាជាតិខ្មែរគ្រប់ៗរូប និងសូមជូបប្រទះតែនឹងពុទ្ឋពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

សូមគោរពអរព្រះគុណ និងអរគុណពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃគេហទំព័រ Propertyarea.asia៕

Top Thai developers eyeing virtual land in Bangkokverse

Nine real-estate developers in Thailand are negotiating the purchase of land in Bangkokverse in a bid to boost their presence in the metaverse.

Bangkokverse is the first metaverse platform developed by top Thai 3D creators, namely DOF, DECMedia, OwlStudio and Jom3D, who have worked to make the virtual city and buildings look as real as possible.

In an article published on Monday, Thansettakij media platform said nine developers – AssetWise, Frasers Property (Thailand), Raimon Land, Charn Issara Development, Eastern Star Real Estate, Grand Unity Development, Origin Property, SCOPE and TCC Assets – were studying and negotiating the purchase of virtual land.

As per the Bangkokverse master plan, a total virtual area of 876 rai divided into 848 plots is up for sale. However, the “superblock” or a prime area located next to a big park only has eight plots.

It is believed that the developers will use this as an opportunity to give Thailand’s real-estate world a brand-new facet. Though the price of these virtual plots has not been revealed, it is expected to be high and may rise in the future if the platform is successful.

Developers of Bangkokverse say the virtual city is expected to open in the third quarter of this year.

Thansettakij reckons Bangkokverse will transform Thailand’s property market, though some observers believe it is just a new trend that will possibly die down soon.

By : THE NATION