តំបន់សេដ្ឋកិច្ចពិសេសនានាស្រូបទុនវិនិយោគជិត៣២លានដុល្លារ អាមេរិកនៅដើមខែមេសានេះ

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១១ ខែមេសានេះ បានចេញវិញ្ញាបនបត្រចុះបញ្ជី ជូនក្រុមហ៊ុនវិនិយោគចំនួន៤គម្រោងធំៗ ដែលមានទុន វិនិយោគសរុប៣១,៨លានដុល្លារអាមេរិក និង អាច បង្គើត ឱកាសការងារចំនួនជិត២៥០០កន្លែង ដល់ប្រជាជនក្នុងស្រុក។

គម្រោងវិនិយោគដែលបានអនុម័តទាំងនេះ គឺជាគម្រោងរោងចក្រឧស្សាហកម្ម ដែលមានទីតាំងនៅក្នុងតំបន់តំបន់ សេដ្ឋកិច្ចពិសេសកម្ពុជា នៅក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម។

១- ក្រុមហ៊ុន “Covered Bridge Cabinetry Manufacturing Co., Ltd.” គម្រោងបង្កើតរោងចក្រ ផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៧០០កន្លែង។

២- ក្រុមហ៊ុន “SDJC STEEL AND WIRE (CAMBODIA) PRODUCTS CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលផ្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិតខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ២៧០កន្លែង។

៣- ក្រុមហ៊ុន “SOLTEAM (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងផលិតផលអគ្គិសនី និងបរិក្ខារអេឡិចត្រូនិក ដែលមានទីតាំងវិនិយោគស្ថិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ១៤,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៩០០កន្លែង។

៤- ក្រុមហ៊ុន “WENDUA PACKAGING (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ កេសកាតុង ស្លាកសញ្ញា ប្រអប់ឈើ ឈើទម្រសម្រាប់តម្កល់សម្ភារៈបរិក្ខារ ថង់ប្លាស្ទិក និងបោះពុម្ពលើសម្ភារៈបរិក្ខារគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួនប្រមាណ៦០០កន្លែង៕

គួរទិញផ្ទះនៅជាយក្រុងឬទិញខុនដូនៅពេលទីក្រុងកាន់តែមានមនុស្សច្រើន និងការកកស្ទះចរាចរណ៍កើនឡើង?

       ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការអភិវឌ្ឍផ្ទះល្វែង នៅតំបន់ជាយក្រុងមានការរីកចម្រើន គួរឱ្យកត់សម្គាល់ខណៈការអភិវឌ្ឍខុនដូ ក៏មានសន្ទុះរីកចម្រើនដោយភាគច្រើន នៅកណ្ដាលក្រុង ក្នុងនោះដែរអតិថិជននៃផ្ទះល្វែង និងខុនដូក៏មានភាពខុសដែរ ដោយផ្ទះល្វែងភាគច្រើនជាអតិថិជនក្នុងស្រុក ហើយខុនដូជាជនបរទេស។

សម្រាប់អ្នកចង់ទិញផ្ទះស្នាក់នៅ គួរតែជ្រើសរើសយកខុនដូ ឬក៏ផ្ទះជាប់ដីនៅជាយក្រុង? ថ្ងៃនេះអ្នកជំនាញនៃវិស័យខុនដូ នឹងបកស្រាយលម្អិតពីជម្រើសក្នុងការទិញផ្ទះសម្រាប់ស្នាក់នៅ ។

លោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសន៍មួយនៅរសៀលថ្ងៃទី១១ មេសា ២០២២នេះថា តាមពិតទៅប្រជាជនកម្ពុជា បានទទួលបទពិសោធន៍ក្នុងការរស់នៅអគារសហកម្មសិទ្ធិយូរមកហើយ ជាក់ស្ដែងសំណង់ទាំងនោះក៏បានបន្សល់ទុករហូតមកដល់បច្ចុប្បន្ននេះដែរ ដូចជាអគារប៊ូលឌីង អគារចាស់ៗនៅតាមផ្លូវព្រះមុនីវង្ស ជាជាដើម ។

លោកបន្តថា “ការរស់នៅក្នុងសហកម្មសិទ្ធិ នៅជំនាន់នោះមិនទាន់មានភាពទំនើបដូចបច្ចុប្បន្ននោះទេ ទើបតែក្នុងអំឡុងឆ្នាំ២០០៦ កម្ពុជាក៏ចាប់ផ្ដើម អភិវឌ្ឍន៍អគារសហកម្មសិទ្ធិ ដែលគេហៅថា អគារខុនដូ”។ លោក​បន្តថា “ការអភិវឌ្ឍផ្ទះល្វែងផ្ទះជាប់ដី ក៏បានចាប់ផ្ដើមអនុវត្តន៍យូរមកហើយដែរ ជាក់ស្ដែងនៅជុំវិញផ្សារនៅរាជធានីភ្នំពេញ ដូចជាផ្សារអូរឬស្សី ផ្សារ អូរឡាំពិក ផ្សារថ្មីសុទ្ធតែសំណង់ផ្ទះល្វែង”។

ក្រោយមកសំណង់នេះ ក៏បានរីកដុះដាលកាន់តែខ្លាំងនៅតំបន់ជាយៗក្រុង និងកាន់តែច្រើនរហូតមកអភិវឌ្ឍន៍ទៅជាបុរី ។

លោកខន គង្គាបានបន្តថា ការជ្រើសរើសសំណង់ ផ្ទះល្វែងឬខុនដូ គឺអាស្រ័យ ទៅតាមទំនោររបស់មនុស្សយើងម្នាក់ៗ។ អ្នកខ្លះគាត់ត្រូវការភាពទំនើបកម្ម គឺការរស់នៅដោយភាពងាយស្រួល ហើយខ្លះទៀត ត្រូវការភាពស្ងប់ស្ងាត់ ខ្លះត្រូវការភាពអ៊ូរអរជាដើម ។

លោកពន្យល់ថា “ការរស់នៅក្នុងខុនដូគឺមានភាពទំនើប ដូចនឹងបរទេស ដោយសារតែក្នុងខុនដូ មានផ្សារទំនើបៗ  មានអាងហែលទឹក ជាកន្លែងឯកជនភាព”។ លោបន្តថា “សម្រាប់ផ្ទះល្វែង គឺជាបណ្ដុំផ្ទះជាប់ដី និងមានមនុស្សអ៊ូរអរ ចេញចូល និងមានទីធ្លាទូលាយ”។
លោកបន្ថែមថា ការរស់នៅផ្ទះជាប់ដីនៅជាយក្រុង និងការរស់នៅផ្ទះជាលក្ខណៈខុនដូ មិនមែនថាមួយណាល្អជាងមួយណាទេ តែយើងត្រូវគិតពីចំណុចមួយចំនួននៃការរស់នៅក្នុងខុនដូ និងផ្ទះល្វែង ។ ទីតាំងខុនដូភាគច្រើននៅកណ្ដាលក្រុង និងមានទីតាំងជិតតំបន់ ឬក្នុងតំបន់ពាណិជ្ជកម្ម ដូច្នេះអ្នកមិនចង់ធ្វើដំណើរ ឬចំណាយពេលវេលាច្រើន ក្នុងការធ្វើដំណើរ ពីផ្ទះនៅជាយក្រុង ចូលកណ្ដាលក្រុងដើម្បីធ្វើការ គេអាចជ្រើសរើសយកខុនដូដើម្បីជាកន្លែងស្នាក់នៅ ។ ដោយឡែកអ្នកនៅផ្ទះជាប់ដី ក៏មានលក្ខណៈម្យ៉ាងពីការរស់នៅក្នុងខុនដូ ហើយប្រជាជនកម្ពុជាភាគច្រើន នៅតែចាប់អារម្មណ៍លើការរស់នៅផ្ទះជាប់ដីដដែល ។

ចំណែកលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា ដោយសារតែតម្លៃផ្ទះនៅក ណ្ដា​លក្រុងកាន់តែកើនឡើងខ្ពស់ អ្នកអភិវឌ្ឍន៍លំនៅឋានជាលក្ខណៈបុរីមិនអាចទិញដីនៅកណ្ដាលក្រុង សម្រាប់អភិវឌ្ឍន៍ជាលំនៅឋានបានទេ ដូច្នេះដីនៅកណ្ដាលក្រុង គេទិញសម្រាប់អភិវឌ្ឍន៍ជាអគារខ្ពស់ៗ ហើយសម្រាប់ផ្គត់ផ្គង់លំនៅឋានជាខុនដូ ដល់អ្នកដែលចង់ស្នាក់នៅជិតកន្លែងធ្វើការឬនៅតំពាណិជ្ជកម្ម ។

លោកបន្តថា “ពីព្រោះតែតម្លៃដីធ្លីនៅកណ្ដាលក្រុងកាន់តែខ្ពស់ ទើបធ្វើឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានផ្ទះជាប់ដី ងាកទៅទិញដីនៅជាយៗក្រុងសម្រាប់សង់ផ្ទះលក់ជូនអ្នក ដែលត្រូវការទិញផ្ទះជាប់ដីស្នាក់នៅ”។ លោកបន្តថា “ការអភិវឌ្ឍលំនៅឋានជាប់ដីកាន់តែច្រើននេះហើយ ធ្វើឱ្យតំបន់ជាយក្រុងកាន់តែមានរីកចម្រើន ហើយតម្លៃដីនៅតំបន់នោះ ក៏បានឡើងថ្លៃបន្តបន្ទាប់ផងដែរ។

យោងតាមការសិក្សារបស់នាយកដ្ឋានស្ថិតិ នៃក្រសួងផែនការបានបង្ហាញថា ចំនួនប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញនៅឆ្នាំ២០៣០នឹងកើនដល់៣៦,៣ភាគរយ ដែលតាមការប៉ាន់ប្រមាណ ចំនួនប្រជាជននឹងមានចំនួនជាង៦លាននាក់ នៃចំនួនប្រជាពលរដ្ឋប៉ាន់ស្មាននៅទូទាំងប្រទេសនឹងកើនដល់ប្រមាណ១៨លាននាក់នៅទូទាំងប្រទេស៕

រុស្ស៊ី គំរាមប្ដឹងលោកខាងលិច បើបង្ខំឱ្យខ្លួនឈានដល់ដំណាក់កាល ខកខានសងបំណុល

ដោយៈសុខុម

អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោកAnton Siluanov បានប្រាប់កាសែតគាំទ្រវិមានក្រឹមឡាំង Izvestia នៅថ្ងៃច័ន្ទ ទី១១ ខែមេសា នេះថា រុស្ស៊ី នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រសិនបើលោកខាងលិច ព្យាយាមបង្ខំឱ្យខ្លួនទាល់ច្រក រហូតឈានដល់ដំណាក់កាលខកខានសងបំណុលសាធារណៈរបស់ខ្លួនតាមពេលវេលាកំណត់។

លោក Anton Siluanov បានប្រាប់កាសែតខាងលើក្នុងបទសម្ភាសន៍ថា “ប្រាកដណាស់ យើងនឹងប្តឹង ពីព្រោះយើងបានចាត់រាល់វិធានការចាំបាច់ ដើម្បីធានាថាបណ្ដាវិនិយោគ ទទួលបានការទូទាត់នូវប្រាក់ដែលពួកគេត្រូវទទួលបាន”។

លោកបានបន្ថែមទៀតថា “យើងនឹងប្ដឹងឡើងតុលាការ ហើយបង្ហាញនូវវិក្កយបត្ររបស់យើង ដែលបញ្ជាក់ថាយើងបានខិតខំប្រឹងប្រែងទូទាត់សងបំណុលទាំងជារូបិយប័ណ្ណបរទេសផង និងជារូបិយប័ណ្ណRoubleផង។ លោកបន្តថា “ដំណើរការនីតិវិធីនេះនឹងមិនងាយស្រួលឡើយ ប៉ុន្តែយើងត្រូវបញ្ជាក់យ៉ាងសកម្មនូវករណីរបស់យើង ទោះបីជាមានការលំបាកយ៉ាងណាក៏ដោយ”។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ មិនបានបញ្ជាក់លម្អិតទេថា តើប្រទេសរុស្ស៊ី នឹងជ្រើសរើសយកផ្លូវច្បាប់បែបណា និងទៅប្ដឹងនៅស្ថាប័នអន្តរជាតិ ឬតុលាការណាឡើយ។

ប្រទេសរុស្សី ប្រឈមការខកខានសងបំណុល សញ្ញាប័ណ្ណអន្តរជាតិជាលើកដំបូងរបស់ខ្លួន មិនធ្លាប់មានចាប់តាំងពីបដិវត្តន៍របស់រុស្ស៊ី ក្នុងឆ្នាំ១៩១៧ ក្រោយពីខ្លួនបានរៀបចំសងបំណុល សញ្ញាប័ណុ្ណអន្តរជាតិជាប្រាក់រូបិយប័ណ្ណរុស្ស៊ី Rouble នៅដើមសប្តាហ៍នេះ បើទោះបីជាការទូទាត់នោះដល់កំណត់ត្រូវទូទាត់សងជាប្រាក់ដុល្លារអាមេរិក ក្ដី។

កាលពីសប្តាហ៍មុន លោក Anton Siluanov បានលើកឡើងថា ប្រទេសរុស្ស៊ី នឹងធ្វើអ្វីគ្រប់យ៉ាងតាម ដែលអាចធ្វើទៅបានដើម្បីឱ្យប្រាកដថា ម្ចាស់បំណុលរបស់ខ្លួនទទួលបាន ការទូទាត់សងគ្រប់    គ្នា។

លោក Anton Siluanov បានបញ្ជាក់ថា បំណុលក្រៅប្រទេសរបស់រុស្ស៊ី មានចំនួនប្រមាណ២០ភាគរយ នៃបំណុលសាធារណៈសរុបប្រមាណ២៦១,៧ពាន់លានដុល្លារ។ ក្នុងនោះ បំណុលក្នុងប្រទេសមានប្រមាណ៥៨ពាន់លានដុល្លារ៕ Reuters៕

បុរីបុស្បាចំណាយប្រាក់ប្រមាណ១០ម៉ឺនដុដល្លាររៀបចំមហាសង្រ្កាន អបអរឆ្នាំថ្មី

     ដោយៈគង់ សូរិយា

        ភ្នំពេញៈ ក្រុមហ៊ុនបុរីបុស្បាបានចំណាយប្រាក់ រហូតដល់១០ម៉ឺនដុល្លារអាមេរិក ដើម្បីរៀបចំព្រឹត្តិការណ៍មហាសង្រ្កានម្លប់ឆ័ត្រ ដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។

ជាមួយនឹងការរៀបចំនូវព្រឹត្តិការណ៍ ដែលមានការលេងល្បែងប្រជា​ប្រិយ ការចូលរួមសម្តែង និងច្រៀងពីតារាលំដាប់ជាតិជួរមុខល្បីៗ ការហែរក្បួនល្បុក្កតោដ៏ធំមុបធ្លាប់មាន ផលិតកម្មរៀម ដែលជាសម្ព័ន្ឋក្រុមហ៊ុនរបស់បុរីបុស្បាបានសម្ភោធនូវបទចម្រៀង “អ្នកចម្បាំង” ដែលបាន​ផលិត និងនិពន្ឋដោយក្រុមផលិតករររបស់ផលិតកម្មនេះផងដែរ។

“អ្នកចម្បាំង”បានបង្ហាញពីមោទនភាពនៃ “ក្បាច់គុនល្បុកក្កតោ” និងចម្រៀង ដែលមានអត្ថន័យស្នេហាជាតិ និងការការពារខ្លួនពីសត្រូវឈ្លាន​ពានផងដែរ។

លោកអ៉ី ពិសិដ្ឋក្រុមប្រឹក្សាភិបាល និងជាប្រធានផ្នែកទីផ្សាររបស់បុរីបុស្បាបានមានប្រសាសន៍ឲ្យដឹងថា ដោយសារយើងចង់រំលេច និងលើកស្ទួយនូវវប្បធ៌ម អត្តសញ្ញាណជាតិខ្មែរ ទើបក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើង ដើម្បីបង្ហាញពីមោទនភាពជាតិ ក៏ដូចជាបង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។

លោកបន្តថា “ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បានមកចូលរួមព្រឹត្តិការណ៍នេះ ដែលវាជាអ្វីសំរាប់បុរីត្រូវធ្វើ និងរៀបចំឡើង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ”។

ចំណែកលោកឧកញ៉ាឈាង រ័ត្នអគ្គនាយកបុរីបុស្បាបានមានប្រ​សា​សន៍ថា យើងបានចំណាយប្រាក់ជាច្រើន សម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ ហើយបើគិតពីសសង្រ្កានបៃតង ដែលបានរៀបចំនៅស្រុកឱរ៉ាល់ យើងបានចំណាយប្រាក់រហូតដល់១៨ម៉ឺនដុល្លារអាមេរិក ដើម្បីបងង្កភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជា ចូលរួមលើកស្ទួយលើការអភិវឌ្ឍបុរីបុស្បា ឲ្យទទួ​លបានជោគជ័យបន្ថែមទៀត។

លោកបន្តថា “លើសពីនេះ យើងបានសម្ភោធជាផ្លួវការនូវបទចម្រៀង  ”អ្នកចម្បាំង” ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ និងលើកស្ទួយវប្បធ៌មខ្មែរផងដែរ”។លោកបន្តថា “ការរៀបចំព្រឹត្តិការណ៍នេះ ជាផ្នែកមួយនៃការចូលរួមលើកស្ទួយវប្បធ៌មជាតិ ផ្សព្វផ្សាយវប្បធ៌មជាតិ ទៅកាន់ប្រជាពលរដ្ឋខ្មែរឲ្យបានស្គាល់ ស្រលាញ់ ការពារអត្តសញ្ញាណរបស់ខ្លួន”។

បុរីបុស្បាបាន និងកំពុងសាងសង់ឡើងយ៉ាងសកម្ម និងបានកំពុងទទួលបានការចាប់អារម្មណ៍ ពីប្រជាពលរដ្ឋយ៉ាងច្រើន ដែលរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានលក់លំនៅដ្ឋាន សម្រេចបានលើសពីផែនការដែលបានគ្រោងទុុក។

បុរីបុស្បាបានកសាងនូវគុណតម្លៃយ៉ាង​ច្រើន រួមមាន ការផ្តោតលើគុណភាព សោភ័ណភាពសំណង់ ការកសាងនូវបរិស្ថានបៃតង ដើម្បីផ្តល់​ផាសុខភាព និងត្រជាក់ត្រជុំដល់អ្នករស់នៅ ការឌីសាញម៉ូតផ្ទះនិមួយៗសមស្របនឹងលក្ខខ័ណ្ឌអាកាសធាតុ ដែលអាចឲ្យខ្យល់ និងពន្លឺថ្ងៃចេញចូលគ្រប់គ្រាន់ និងតម្លៃមានភាពសមរម្យធៀបជាមួយបុរីដទៃទៀត៕

សម្តេចតេជោនឹងអញ្ជើញជាអធិដីសម្ភោធបដិមា  “ព្រះថោងនាងនាគ” កម្ពស់ ២១ម៉ែត្រនៅថ្ងៃទី១៦ មេសាខាងមុខ

        ដោយៈជេស៊ីកា

        ព្រះសីហនុៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា និងស   ម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែននឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធបដិមាភិសេក រូបសំណាក “ព្រះថោង នាងនាគ”នៅក្រុងព្រះសីហនុនៅថ្ងៃទី១៦ មេសាខាងមុខនេះ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមរបស់លោកថេង ច័ន្ទសង្វារ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានឲ្យដឹងថា ជាតំណាងឱ្យកំណេីតទឹកដីនិងបុព្វការីជនខ្មែរ និងជាបដិមាដែលខ្ពស់ជាងគេបំផុតនៅកម្ពុជា  បានលេចជារូបរាងហេីយ នៅក្រុងព្រះសីហនុ  ក្រោមការផ្តួចផ្តេីមរបស់ឯកឧត្តមជា សុផារ៉ា  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី  នគរូបនីយកម្ម  និងសំណង់  និងជាប្រធានគណៈ កម្មាធិការជាតិ គ្រប់​គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោកបន្តថា សម្តេចតេជោនាយករដ្ឋមន្រ្តី  នឹងអញ្ជេីញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបដិមាភិសេក នៅថ្ងៃទី១៦  ខែមេសា  ឆ្នាំ ២០២២ “ មោទនភាពជាតិខ្មែរ”។

នៅជាមួយគ្នានេះ កាលពីវេលាម៉ោង ២២ និង០០នាទីយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញសំណេះសំណាល ជាមួយកម្មករ និងក្រុមការងារជំនាញ ដែលកំពុងបំពេញការងារនៅរង្វង់មូល “ព្រះថោងនាងនាគ” ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានមានប្រសាសន៍សំណេះ​សំណាល និងពាំនាំនូវការផ្ដាំផ្ញើ ក្តីនឹករលឹក សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អួនកម្មករ និងក្រុមការងារជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើការយ៉ាងយកចិត្តទុកដាក់ទាំងយប់ទាំងថ្ងៃ អស់ពីកំលាំងកាយចិត្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ សូមទទួលបានសិរីសួស្តី ជ័យមង្គលគ្រប់ក្រុមគ្រួសារ៕

លោកហ៊ុន ម៉ាណែតលើកឡើងនូវអត្ថន័យសំខាន់ចំនួនបីនៃការស្រាយបួសក្នុងពិធីបុណ្យរ៉ាម៉ាដាន

   ដោយៈគង់ សូរិយា

        ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និងសាសនិកខ្មែរឥស្លាមកម្ពុជា។

ក្នុងឱកាសនោះ លោកហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាលប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ជាមួយប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមរាប់ពាន់នាក់ លើកលែងតែឆ្នាំកន្លងទៅ ដែលកើតមានស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។ ហើយឆ្នាំនេះ តាមរយៈហ្វេសប៊ុក សម្តេចក៏បានសុំការអធ្យាស្រ័យយោគយល់ ពីសំណាក់សាសនិកខ្មែរឥស្លាមទាំងអស់ផងដែរ ចំពោះការផ្អាកកម្មវិធីជួបជុំស្រាយបួសខែរ៉ាម៉ាដានទ្រង់ទ្រាយធំថ្នាក់ជាតិលើកទី៩ នៅឆ្នាំ២០២២នេះ ដោយសារជំងឺកូវីដ-១៩ នៅមិនទាន់ទៅណាឆ្ងាយនៅឡើយ។

លោកហ៊ុន ម៉ាណែតបានបន្តថា ទោះបីយ៉ាងណាក្តី សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុញ្ញាតឲ្យមានការថ្វាយបង្គំនៅតាមវិហារ (ម៉ាស្ជិទ ស៊ូរ៉ាវ) ការជួបជុំលក្ខណៈសាសនាឡើងវិញ រួមនឹងកម្មវិធីផ្សេងៗ ដោយអនុវត្តទៅតាមសារាចរណែនាំ និងវិធានសុខាភិបាល ក៏ដូចជាសេចក្តីណែនាំនានា របស់ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់អំពី អត្ថន័យដ៏សំខាន់ក្នុងទិដ្ឋភាព នៃការចូលរួមពិសារអាហារស្រាយបួស ខែរ៉ាម៉ាដានរួមគ្នា ក្នុងថ្ងៃនេះ គឺទី១៖ ជាភស្តុតាង នៃសុខដុមភាវូបនីយកម្មសាសនានៅកម្ពុជា និងជាការចូលរួមគោរព ផ្តល់តម្លៃចំពោះជំនឿសាសនា ទំនៀមទម្លាប់ និងប្រពៃណីដ៏បវររបស់សាសនិកឥស្លាម។ ទី២ ការបង្ហាញនូវសាមគ្គីភាពក្រោមដំបូលនៃការដឹកនាំតែមួយ និងក្នុងនាមពលរដ្ឋខែ្មរតែមួយ ជាការឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែក សេចក្តីស្រលាញ់ ការឲ្យទាន។

ទី៣ ការផ្តល់ឱកាសសិក្សា ស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេ​សអត្ថន័យដ៏ពិសិដ្ឋ និងផលប្រយោជន៍នៃការបួសខែរ៉ាម៉ាដាន របស់សាសនិកឥស្លាម ទាំងផ្នែកជំនឿសាសនា សង្គម និងសុខភាព។

លោកក៏បានកោតសរសើរ និងសូមអរគុណថ្នាក់ដឹកនាំ និងសហការី ព្រមទាំងយុវជនសាសនិកឥស្លាម ក៏ដូចជា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំ ពិធីជួបជុំដ៏មានអត្ថន័យនេះ ក្នុងស្មារតីសាមគ្គីភាពជាមហាគ្រួសារខ្មែរតែមួយ។ មួយវិញទៀត កម្មវិធីនេះក៏បានចូលរួមចំណែកផងដែរក្នុងការជំរុញលើកកម្ពស់ ការប្រតិបត្តិនូវការប្រៀនប្រដៅតាមគន្លងសាសនា និងស្មារតីប្រកបដោយការតាំងចិត្តអំណត់អត់ធន់ រួមជាមួយនឹងធម៌សប្បុរសយោគយល់ និងយកអាសារគ្នាទៅវិញទៅមក។

លោកហ៊ុន ម៉ាណែតបានអះអាងថា “សន្តិភាព បានផ្តល់ឲ្យកម្ពុជានូវឱកាស ក្នុងការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល និងសង្គម ព្រមទាំងផ្តល់នូវលទ្ធភាព ក្នុងការគោរពប្រតិបត្តិជំនឿសាសនា តាមប្រពៃណីរៀងៗ ខ្លួនដោយភាពសប្បាយរីករាយ។

ក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ការធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា នៅតែជាគោលនយោបាយអាទិភាពរបស់កម្ពុជា គឺ “គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ ពោលមានតែសុខដុមនីយកម្ម ទាំងសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ ឥស្លាម និងសាសនានានា។

ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានផ្តល់ការអនុញ្ញាត និងការឧបត្ថម្ភដ៏មហាធំធេងដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទ៌ ការបើកឲ្យទទួលជំនួយដើម្បីអភិវឌ្ឍនសហគមន៍ ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម១៥០០នាក់ ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឲ្យសិស្ស និស្សិតស្ត្រីឥស្លាម អាចទទូលហ៊ីយ៉ាបក្នុងការចូលសិក្សា តាមគ្រឹះស្ថានអប់រំសាធារណ:។ ការអនុញ្ញាតឲ្យសាសនិកឥស្លាមអាច ស្លៀកសំលៀកបំពាក់តាមប្រពៃណីរបស់ខ្លួន ក្នុងការថតរូបដើម្បីធ្វើឯកសារនានា ការអនុញ្ញាតឲ្យមាននូវស្ថាប័នHalal កម្ពុជា និងការរៀបចំសកម្មភាពចូលរួមគាំទ្រផ្សេងៗដល់សហគមន៍ខ្មែរឥស្លាមផងដែរ៕

តើតំបន់ណាខ្លះនៃខេត្តមណ្ឌលគិរី ដែលត្រូវបានដាក់ជាអាទិភាពសម្រាប់ ការអភិវឌ្ឍក្នុងផែនការមេ?

ដោយៈសុផារី

មណ្ឌលគិរីៈ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំ និងដាក់ឱ្យអនុវត្តនូវ ផែនការមេអភិវឌ្ឍន៍វិស័យ ទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) ដើម្បីជាត្រីវិស័យចង្អុលបង្ហាញយន្តការ និងទិសដៅយុទ្ធសាស្ត្រសំខាន់ៗសម្រាប់ការអភិវឌ្ឍ វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ដើម្បីរួមចំណែកអភិវ​ឌ្ឍ តំបន់ភូមិភាគឦសាន្តដែលមានខេត្តមណ្ឌលគិរីជាស្នូល ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា។

តាមរយៈ “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ ខេត្តមណ្ឌលគិរី ២០២១-២០៣៥” តំបន់អាទិភាពសម្រាប់ការអភិវឌ្ឍចំនួន៦តំបន់ធំៗ ខេត្តមណ្ឌលគិរី ត្រូវបានដាក់ជាអាទិភាព សម្រាប់ការអភិវឌ្ឍក្នុងផែនការមេនៃការអភិវឌ្ឍនេះ។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវ “ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥” នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ លោកបណ្ឌិតជុក ជំនោរ ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិអភិវឌ្ឍទេសចរណ៍ និងជាប្រធានក្រុមការងារបច្ចេក​ទេសសិក្សារៀបចំផែនការមេ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា ការកំណត់តំបន់អាទិភាពសម្រាប់ការអភិវឌ្ឍ ត្រូវបានបែងចែកជា៦តំបន់ធំៗ ក្នុងនោះក្រុងសែនមនោរម្យ ត្រូវបានជ្រើសរើសជាបណ្តុំសកម្មភាពពហុបំណង។

ចំណែក តំបន់ស្រុកអូររាំង ដែលជាតំបន់អភិវឌ្ឍន៍ព្រលានយន្តហោះ នឹងក្លាយជាតំបន់អភិវឌ្ឍន៍រណប ភ្ជាប់ជាមួយក្រុងសែនមនោរម្យ។

លោកបណ្ឌិតបន្តថា “របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង៥ រួមមាន ដែនជម្រកសត្វព្រៃភ្នំព្រេច ណាមលៀរ លំផាត់ កែវសីមា និងស្រែពក។ ចំណែក របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ស្ថិតនៅក្នុងតំបន់ប៊ូស្រា-ដាក់ដាំ”។

លោកជុក ជំនោរបានបញ្ជាក់បន្ថែមថា “ក្រៅពីនេះ តំបន់ប្រជុំជន នៃស្រុកកោះញែក នឹងមានសក្តានុពលក្នុងការរៀបចំ អភិវឌ្ឍន៍ជាមជ្ឈមណ្ឌលទេសចរណ៍នាពេលអនាគត។ ជាពិសេស តំបន់តាមច្រកព្រំដែន ដែលអនុញ្ញា​តឱ្យមានការអភិវឌ្ឍជាតំបន់ទេសចរណ៍ផងដែរ”៕

លោកបណ្ឌិត គីម ហ៊ាងពន្យល់ពីភាពខុសគ្នារវាងSale និង Marketing

ដោយៈសុផារី

ភ្នំពេញៈ នៅក្នុងការធ្វើពាណិជ្ជកម្មនិងជំនួញ មានការយល់ច្រលំគិតថា Sale និង Marketing ជាពាក្យ ដែលមានអត្តន័យដូចគ្នា និងមានការយកទៅប្រើប្រាស់ ទាំងមិនច្បាស់លាស់ច្រើន។ តាមពិតទៅពាក្យទាំងពីរនេះភាពពាក់ព័ន្ធគ្នា ប៉ុន្តែមានភាពខុសគ្នាដាច់ស្រឡះ។

លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍នៅថ្ងៃទី១១ ខែមេសានេះថា ផ្នែកលក់ (Sale) មានតួនាទីក្នុងការលក់ផលិតផល និងសេវាកម្មឱ្យដាច់ធ្វើយ៉ាងណាឱ្យលក់ដាច់។

លោកបណ្ឌិតបន្តថា “នៅក្នុងវិស័យអចលនទ្រព្យ Sale ត្រូវធ្វើយ៉ាងណាឱ្យគេស្គាល់ច្រើន ដោយប្រើប្រាស់វិធីណាក៏ដោយ ឱ្យតែលក់ដាច់ ដូចជាពាក្យស្លោកមួយថា “ឆ្មាសក៏ដោយ ឆ្មាខ្មៅក៏ដោយ ឱ្យតែចាប់កណ្តុរបាន”។ នៅ

លោកបន្ថែមថា ក្នុងវិស័យពាណិជ្ជកម្ម Sale ប្រើប្រាស់វិធីគ្រប់យ៉ាង ដើម្បីលក់ឱ្យដាច់នូវផលិតផលនិងសេវាកម្មរបស់ខ្លួន”។

ពាក្យថា ការលក់(Sale និងការធ្វើទីផ្សារ (Marketing) មានតួនាទីដើរទន្ទឹមគ្នា ប៉ុនែ្តពាក្យទាំងពីរនេះមានអត្ថន័យខុសគ្នាដាច់ស្រឡះ។

បើតាមលោកបណ្ឌិត ពាក្យថា Marketing សំដៅវិធីសាស្ត្រ ដែលធ្វើឱ្យគេស្គាល់អំពីផលិតផលនិងសេវាកម្មនោះ។ គ្រប់វិធីសាស្ត្រទាំងឡាយណា ដែលធ្វើឱ្យគេស្គាល់អំពីបុគ្គល ផលិតផល និងសេវាកម្មណាមួយ គឺជាការធ្វើទីផ្សារ (Marketing)។

លោកបណ្ឌិតគីម ហ៊ាងមានប្រសាសន៍ថា “Marketing គឺជាវិធីសាស្ត្រទាំងឡាយណា ដែលធ្វើឱ្យអ្នកដទៃស្គាល់ថា យើងជានរណា លក់ផលិតផល ឬសេវាកម្មអ្វី? នៅក្នុងសង្គមបច្ចុប្បន្ន មានការប្រើប្រាស់វិធីជាច្រើន ដូចជា ការផ្សព្វផ្សាយក្នុងវិធីត្រឹមត្រូវមួយ មានអ្នកខ្លះក៏បានប្រើប្រាស់វិធីអវិជ្ជមានផងដែរ”។

ឧទាហរណ៍ លោកElon Musk បានយកដុំថ្មគប់ទៅលើកញ្ចក់ឡាន Teslaរបស់គាត់ ដើម្បីឱ្យគេស្គាល់ និងចុះផ្សាយអំពីផលិតផលរបស់គាត់។ នេះគឺវិធីសាស្រ្គនៅក្នុងការធ្វើទីផ្សាររបស់លោក៕

លោកបណ្ឌិតបញ្ជាក់ថា វិធីសាស្រ្តនៅក្នុងការលក់ និងការធ្វើទីផ្សារមានវិធីខុសៗគ្នា នៅក្នុងការអនុវត្ត អាស្រ័យតាមការជ្រើសរើសប្រើប្រាស់ ដោយអ្នកខ្លះប្រើវិធីក្នុងផ្លូវល្អ និងអ្នកខ្លះប្រើប្រាស់វិធីក្នុងផ្លូវមិនល្អ៕

ដំណឹងល្អ តម្លៃប្រេងសាំងធម្មតាធ្លាក់ចុះ២០០រៀល មកនៅត្រឹម៥០៥០រៀលក្នុងមួយលីត្រ

ដោយៈសុផារី

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជាចុះថ្លៃចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ ដោយសាំងធម្មតា៥០៥០រៀល (ចុះចំនួន២០០រៀល) និងម៉ាស៊ូតមានតម្លៃ៥១០០រៀល។

វិបត្តិសង្គ្រាមរុស្សី និងអ៊ុយក្រែន បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារប្រទេសកម្ពុជា បានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋដែលប្រើប្រាស់ឥន្ធនៈជាចាំបាច់ បានរអ៊ូរទាំពីផលប៉ះពាល់ ដោយសារតម្លៃសាំងឡើងថ្លៃផង។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងពាណិជ្ជកម្មកម្ពុជានៅថ្ងៃនេះ បានបញ្ជាក់ថា ផ្អែកតាមតម្លៃប្រេងឆៅ នៅលើទីផ្សារអន្តរជាតិ តម្លៃលក់រាយប្រេងឥន្ធនៈ ក្នុងរយៈពេលដូចគ្នាខាងលើ ត្រូវលក់៥.២១០រៀល ក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតាEA92 និង ៥.២៦០រៀល សម្រាប់ប្រេងម៉ាស៊ូត ក្នុងមួយលីត្រ។

ក្រសួងបានបញ្ជាក់បន្ថែមថា ដើម្បីជួយសម្រួល់ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី បានសម្រេចបញ្ចុតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារ ក្នុងមួយលីត្រ៕

អ្នកឧកញ៉ាលី ហួរ ជាប់ជាប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា អាណត្តិទី៣បន្តទៀត

ដោយៈសហការី

ភ្នំពេញៈ អ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវបានសមាគមគាំទ្រជាឯកច្ឆ័ន្ទ ជាប្រធានសមាគមអាណត្តិទី៣បន្តទៀត។ ជាមួយគ្នានេះដែរ អ្នកឧកញ៉ាលី យ៉ងផាត់ ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាផងដែរ។

ក្នុងសន្និបាតប្រចាំឆ្នាំ២០២២ និងពិធីពិសាអាហារសាមគ្គីរបស់សមាគម នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ក្នុងគោលបំណង ដើម្បីបង្ហាញអំពីវឌ្ឍនភាពការងាររបស់សមាគម អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា មានវត្ត​មានរបស់លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់នៃស​មាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលសារាជធានីភ្នំពេញផងដែរ។

អ្នកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា “យើងទាំងអស់គ្នាបានដឹងហើយរយៈពេលជា២ឆ្នាំកន្លងមកនេះជំងឺឆ្លងកូវីដ១៩ មានការរីករាលដាលយ៉ាងខ្លាំងទូទាំងពិភពលោក និងបានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ និងបានប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ក្នុងនោះក៏មានការប៉ះពាល់ដល់វិស័យសំណង់យើងដែរ។

លោកបន្តថា “ដោយកត្តាខាងលើនេះហើយ បានធ្វើឲ្យសមាគមយើងមិនអាចមានលទ្ធភាពជួបជុំប្រារព្ធពិធីផ្សេងៗ ឬកិច្ចប្រជុំនានាបាន”។

អ្នកឧកញ៉ា លី ហួរ បានបន្តថា ទោះបីបញ្ហាជំងឺឆ្លងកូវីដ១៩ ជាឧបសគ្គដ៏ធំមែន តែសមាគមនៅតែបន្តធ្វើកិច្ចការ បម្រើជាផលប្រយោជន៍រួមសម្រា​ប់សមាជិក-សមាជិកាសមាគម ដោយបន្តសកម្មភាពការងារយ៉ាងសកម្ម និងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយស្ថាប័នពាក់ព័ន្ធជាច្រើន ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និយ័តករទូរគមនាគមន៍កម្ពុជា និយ័តករគណនេយ្យ និងសវនកម្ម អគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សាលារាជធានីភ្នំពេញ ក្រុមការងារទី១៣ ផ្នែកសំណង់ និងអចលនទ្រព្យ នៃសភាពាណិជ្ជកម្មកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមជាច្រើន ជូនសមាជិក-សមាជិកា ដោយទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់។

អ្នកឧកញ៉ា លី ហួរ ក៏បានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាសមាគមទាំងអស់ ដែលបានគាំទ្រយ៉ាងពេញទំហឹងទាំងកម្លាំងកាយចិត្ត ថវិកាធនធាន ក្នុងការចូលរួមក្នុងសកម្មភាព ជាមួយសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា តាំងពីដើមអាណត្តិរហូតដល់បច្ចុប្បន្ន ធ្វើឲ្យសមាគមទទួលបាននូវភាពរីកចម្រើន មានកេរ្តិ៍ឈ្មោះ និងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

អ្នកឧកញ៉ាបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនវិនិយោគលើវិស័យសំណង់មានការចាប់អារម្មណ៍ និងបានចូលជាសមាជិក សមាគមបន្ថែមទៀតយ៉ាងច្រើន ដែលបច្ចុប្បន្នសមាគម មានសមាជិកសរុប៦៨ក្រុមហ៊ុន ក្នុងនោះសម្រាប់ឆ្នាំ២០២០-២០២១ សមាគមបានទទួលសមាជិកថ្មីបន្ថែមចំនួន២០ក្រុមហ៊ុន បន្ថែមទៀត៕