តំបន់ស្ថិតក្នុងកាំរង្វង់ក្រុង៣០គីឡូម៉ែត្រជុំវិញរាជធានីភ្នំពេញនៅតែមានសក្ដានុពលខ្ពស់ក្នុងការវិនិយោគដីធ្លី

       ដោយៈវឌ្ឈនៈ

ភ្នំពេញៈ តំបន់ជុំវិញរាជធានីភ្នំពេញ បន្តមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ ដោយអ្នកវិនិយោគអាចទិញដីទុកចំណេញនៅពេលអនាគត ជាពិសេសតំបន់ដែលចេញពីភ្នំពេញ ប្រមាណ៣០គីឡូម៉ែត្រនៅតែមានឱកាសក្នុងការឡើងថ្លៃបន្តទៀត។

ផែនការពង្រីកទីក្រុងរបស់រដ្ឋាភិបាល នឹងធ្វើឡើងក្នុងបរិបទខាងលើនេះ នៅឆ្នាំ២០៣៥ខាងមុខ ដោយដែនដីភាគខាងជើងរាជធានីភ្នំពេញ ក្នុងខេត្តកណ្តាល នឹងត្រូវកាត់បញ្ចូលក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ។ នេះបើតាមផែនការលំអិតប្រើប្រាស់ដីធ្លីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

លោកឌឹត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឡាក់គី បានឱ្យដឹងនាព្រឹកថ្ងៃទី២៨ មិនានេះថា តំបន់ជុំវិញរាជធានីភ្នំពេញនៅតែមានសក្ដានុពលខ្ពស់ ក្នុងការវិនិយោគលើដីធ្លី និងអាចរកប្រាក់ចំណេញបាន នៅពេលអនាគតឆាប់ៗនេះ ។តំបន់ជុំវិញរាជធានីភ្នំពេញ ក៏មានសក្ដានុពល ក្នុងការអភិវឌ្ឍអចលនទ្រព្យខុសៗគ្នាដែរ ។

លោកបន្តថា “កត្តាដែលជំរុញឱ្យតំបន់ជុំវិញក្រុងភ្នំពេញ នៅតែមានសក្ដានុព លក្នុងការបន្តឡើងថ្លៃបន្ថែមទៀត ដោយសារតែគម្រោងពង្រីកក្រុងភ្នំពេញ ដែលធ្វើឱ្យមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាបន្តបន្ទាប់ ដូចជាផ្លូវ ទឹក ភ្លើងជាដើម”។

លោកបន្តថា បច្ចុប្បន្ននេះ អ្នកអភិវឌ្ឍន៍លំនៅឋានជាច្រើនបានងាកទៅរកតំបន់ជាយក្រុង ក្នុងការអភិវឌ្ឍន៍គម្រោងរបស់ខ្លួន ដើម្បីផ្គត់ផ្គង់ ជូនប្រជាពលរដ្ឋដែលមានតម្រូវការ ហើយតម្រូវការលំនៅឋាន ក៏នៅតែមើលឃើញថា មានកំណើនខ្ពស់ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ក៏ដោយ។ ដោយសារតែកត្តានេះ ទើបធ្វើឱ្យតម្រូវការដីធ្លី នៅតំបន់ជាយរាជធានីភ្នំពេញ នៅតែមានកំណើនប្រើប្រាស់ច្រើនផងដែរ ។

លោកឌិត ចណ្ណាបន្ថែមថា បច្ចុប្បន្ននេះតម្លៃដីធ្លីនៅចំងាយ៣០គីឡូម៉ែត្រចេញពីក្រុង មានតម្លៃចន្លោះពី៥០ដុល្លារ ទៅ១០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងមានដីធ្លីខ្លះមានតម្លៃខ្ពស់ជាងនេះផងដែរ ។

ជាមួយគ្នានេះ លោកង៉ែត ដារ៉ា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាយ រីជឈី បានឱ្យដឹងថា តម្រូវការលំនៅឋាននៅក្នុងប្រទេ​សកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ នៅតែមានកំនើន ទើបធ្វើ ឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានបន្ត ចេញគម្រោងថ្មី២របស់ខ្លួនបន្ថែមទៀត ទោះបីជាស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩ក៏ដោយ។

ជាក់ស្ដែងយើងឃើញស្រាប់ហើយ គម្រោងអភិវឌ្ឍន៍លំនៅឋានថ្មីៗបានប្រកាសអភិវឌ្ឍន៍ និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះស្នាក់នៅ ក្នុងនោះតំបន់ជាយៗក្រុងមានសក្ដានុពលលើការអភិវឌ្ឍលំនៅឋាននេះជាងគេ ។

លោកបន្តថា “នៅរយៈពេល២ឬ៣ឆ្នាំខាងមុខទៀត ការអភិវឌ្ឍនៅតំបន់ជាយក្រុង នឹងកាន់តែមានសក្ដានុពលបន្ថែមទៀត ស្របពេលកណ្ដាលក្រុងតម្លៃដីធ្លី កាន់តែខ្ពស់ហើយការអភិវឌ្ឍក៏ផ្ដោតលើអគារខ្ពស់ៗខុនដ និងអគារពាណិជ្ជកម្មជាដើម”៕

រដ្ឋមន្ត្រីការបរទេសអាមេរិកព្យាយាមលាងជម្រះលើអ្វីដែលលោកJoe Bidenលើកឡើងពីចេតនាផ្លាស់ប្តូរមេដឹកនាំរុស្ស៊ី

ដោយៈសុខុម

អន្តរជាតិ: រដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinkenបានបដិសេធយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគ្មានផែនការណាមួយ ដើម្បីនាំមកនូវការផ្លាស់ប្តូររបបដឹកនាំ ក្នុងប្រទេសរុស្ស៊ី ឬប្រទេសណាផ្សេងទៀតនោះឡើយ។

យោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោកAntony Blinken ធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានលើកឡើងថា មិនគួរអនុញ្ញាតឱ្យប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នៅបន្តកាន់អំណាចតទៀតនោះឡើយ។

លោក ចូ បៃឌិន បានលើកឡើងបែបនេះ ដោយគ្មានសុន្ទរកថាព្រាងទុកនៅចុងបញ្ចប់ នៃសុន្ទរកថារបស់លោកក្នុងប្រទេសប៉ូឡូញ។

លោកAntony Blinken បានបកស្រាយក្នុងន័យសម្រាលថា លោកប្រធានាធិបតី ចូ បៃឌិន គ្រាន់តែលើកឡើងថា លោក វ៉្លាឌីមៀ ពូទីន មិនអាចត្រូវបានអនុញ្ញាតឱ្យបញ្ឆេះសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន តែប៉ុណ្ណោះ។

ជាការឆ្លើយតប វិមានក្រឹមឡាំង បានទាត់ចោលការលើកឡើងរបស់លោក ចូ បៃឌិន ដោយនិយាយថា មានតែពលរដ្ឋរុស្ស៊ី ប៉ុណ្ណោះដែលមានសិទ្ធិ សម្រេចជ្រើសរើសមេដឹកនាំរបស់ពួកគេ ពោលគឺមិនទាន់ដល់វេនលោកចូ បៃឌិន ឬសហរដ្ឋអាមេរិកនោះឡើយ៕BBC ៕

សម្តេចតេជោបញ្ជាក់កាលបរិច្ឆេទពិធីសម្ភោធផ្លូវ៣៨ខ្សែក្នុង ទីក្រុងសៀមរាប

ដោយៈ សុផារី

សៀមរាបៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានមានប្រសាសន៍ថា សម្តេចនឹងអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលចំណាយទឹកប្រាក់ជាង១៥០លានដុល្លាអាមេរិក នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២សប្តាហ៍ក្រោយនេះ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនានេះ។

សម្តេចបានមានប្រសាសន៍ថា “ខេត្តសៀមរាបក៏មានផ្លូវល្អ។ ខ្ញុំនឹងទៅសម្ភោធផ្លូវ៣៨ខ្សែ នៅខេត្តសៀមរាប ដែលបានប្រើប្រាស់ទុនជាង២០០លានដុល្លាអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់យើង”។

សម្តេចថ្លែងបញ្ជាក់ថា “ខ្ញុំទៅសម្ភោធផ្លូវ៣៨ខ្សែ នៅសៀមរាប ថ្ងៃទី៤ ឮថាចង់អស់អូតែលហើយ ព្រោះគេចង់ទៅមើលផ្លូវស្អាត”។

សម្តេចតេជោថ្លែងបន្តទៀតថា សម្តេច ក៏ទៅត្រួតពិនិត្យផងដែរនូវព្រលានយន្តហោះថ្មីមួយ ដែលបាននិងកំពុងសាងសង់ ដែលព្រលានយន្តហោះនោះ នឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលខាងមុខឆាប់ៗ។

សមិទ្ធផលផ្លូវ៣៨ខ្សែ ក្នុងទីក្រុងសៀមរាបនេះ មានប្រវែងសរុប១០៦.៤២គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាជាតិសរុបចំនួនជាង២០០លានដុល្លារអាមេរិក។ ហេដ្ឋារចនាសម្ព័ន្ធនេះត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕

ជប៉ុនប្រកាសដាក់ទណ្ឌកម្មប្រទេសរុស្ស៊ី ប៉ុន្តែមិនហ៊ានរឹបអូសទុនបម្រុងអន្តរជាតិរបស់រុស្ស៊ី

ដោយៈសុខុម

តូក្យូ: ប្រទេសរស្ស៊ី បាននិងកំពុងទទួលរងការដាក់ទណ្ឌកម្មជុំទិសដូចទឹកបាក់ទំនប់ ក្រោយបុរសខ្លាំង វ៉្លាឌីមៀ ពូទីន បានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈ​។

បន្ទាប់ពីសហរដ្ឋអាមេរិក នាំមុខគេនៅក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី បណ្ដាសម្ព័ន្ធមិត្តក៏ដាក់ទណ្ឌកម្ម តាមគ្នាជាបន្តបន្ទាប់ ក្នុងនោះក៏រួមមានទាំងប្រទេសជប៉ុនផងដែរ។

ជាក់ស្ដែង ក្រសួងការបរទេសជប៉ុន បានប្រកាសកាលពីថ្ងៃសុក្រ ទី២៥ ខែមីនា ថា ប្រទេសជប៉ុន នឹងបង្កទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរុស្ស៊ីចំនួន២៥នាក់ និងហាមឃាតការនាំចេញទៅកាន់ស្ថាប័នរុស្ស៊ីចំនួន៨១ រួមជាមួយនឹងទណ្ឌកម្មផ្សេងៗទៀត ដើម្បីឆ្លើយតប ទៅនឹងការបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណា លោកShunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានបញ្ជាក់នៅថ្ងៃច័ន្ទ ទី២៨ ខែមីនា នេះថា ច្បាប់បច្ចុប្បន្នរបស់ប្រទេសជប៉ុន មិនអនុញ្ញាតឱ្យរដ្ឋាភិបាលជប៉ុន រឹបអូសទុនបម្រុងអន្តរជាតិ នៃធនាគារកណ្ដាលបរទេសដែលគ្រប់គ្រងដោយធនាគារកណ្ដាលជប៉ុនBank Of Japan) ឡើយ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរូបនេះ បានថ្លែងបែបនេះនៅក្នុងសភា នៅពេលត្រូវបានសាកសួរ អំពីទុនបម្រុងអន្តរជាតិរបស់រុស្ស៊ី រក្សាទុកនៅនឹងធនាគារកណ្ដាលជប៉ុន ដែលត្រូវបានបង្កកក្នុងទណ្ឌកម្មប្រឆាំងការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន៕ Reuters៕

សម្តេចតេជោៈព្រលានយន្តហោះអន្តរជាតិសៀមរាបនឹងមានសមត្ថភាពទទួលនូវយន្តហោះធំៗបាន

ដោយៈ សុផារី

សៀមរាបៈ នាពេលខាងមុននេះ ព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប នឹងមានសមត្ថភាពទទួលនូវយន្តហោះធំៗ ខណៈពេលនេះ ទទួលបានតែយន្តហោះតូចៗតែប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០២២នេះ។

សម្តេចតេជោថ្លែងថា “ខ្ញុំក៏ទៅត្រួតពិនិត្យផងដែរ នូវព្រលានយន្តហោះថ្មីមួយ ដែលបាននិងកំពុងសាងសង់។ ហើយមិនយូរប៉ុន្មានទេព្រលានយន្តហោះនោះ នឹងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់”។ សម្តេចបានបន្តថា “ព្រលានយន្តហោះនេះ អាចមានសមត្ថភាពទទួលយន្តហោះធុនធំ ដែលមកពីចម្ងាយមកចុះចតនៅក្នុងខេត្តសៀមរាបតែម្តង។ ព្រោះថាសៀមរាបបច្ចុប្បន្ននេះ ចុះចតបានតែប្រភេទធុនតូចតែប៉ុណ្ណោះ មិនអាចទទួលបានយន្តហោះធុនធំនោះទេ”។

សម្តេចតេជោថ្លែងបន្ថែមថា “ខេត្តសៀមរាបក៏មានផ្លូវល្អ។ ខ្ញុំនឹងទៅសម្ភោធផ្លូវ៣៨ខ្សែនៅខេត្តសៀមរាប ដែលបានប្រើប្រាស់ទុនជាង២០០លានដុល្លាអាមេរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសៀមរាប ដែលជាខេត្តទេសចរណ៍ដ៏សំខាន់របស់យើង”៕

ក្រុមហ៊ុនអចលនទ្រព្យចិន Guangzhou R&F ខាតបង់មិនក្រោម១,២ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១

ដោយ សុខុម

ប្រទេសចិន: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Guangzhou R&F ដែលកំពុងជួបការលំបាករំពឹងថានឹងបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដែលនឹងបង្ហាញពីការខាតបង់មិនតិចជាង១,២ពាន់លានដុល្លារ ឡើយសម្រាប់ឆ្នាំសារពើពន្ធដែលបញ្ចប់ក្នុងឆ្នាំ២០២១។

ការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់នេះកើតមានឡើងស្របពេលតម្រូវការធ្លាក់ចុះ ហើយការផ្គត់ផ្គង់កើនឡើង ដោយបានធ្វើឱ្យឧស្សាហកម្មអចលនទ្រព្យដ៏ធំនៅក្នុងប្រទេសចិន ដែលសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកដាំក្បាលចុះយ៉ាងខ្លាំង។

ក្រុមហ៊ុននេះបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៥ ខែមីនា ថា ការខាតបង់សុទ្ធដែលរំពឹងទុកគឺភាគច្រើនបណ្តាលមកពីប្រាក់ចំណូលពីការលក់ធ្លាក់ចុះ និងការកើនឡើងការផ្គត់ផ្គង់។

ក្រុមហ៊ុននេះបានបន្ថែមទៀតថា ការធ្លាក់ចុះប្រាក់ចំណូលនេះគឺដោយសារលក្ខខណ្ឌប្រតិបត្តិការជួបការលំបាកនៅក្នុងវិស័យអចលនទ្រព្យ វិបត្តិរីករាលដាលវីរុសកូវីដ-៩ ដែលកំពុងបន្ត និងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចដែលបានបង្កផលប៉ះពាល់ដល់វិស័យនេះ។

វិសាលភាព នៃការលំបាកផ្នែកហិរញ្ញវត្ថុក្នុងចំណោមក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនរបស់ប្រទេសចិន កំពុងលេចចេញកាន់តែច្បាស់ឡើងៗ ចំពេលរដូវកាលបញ្ចេញរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីផ្សារភាគហ៊ុន។

តួយ៉ាងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំមួយទៀតរបស់ប្រទេសចិន Shimao Group Holdings បាននិយាយកាលពីថ្ងៃទី២៥ ខែមីនា ថា ខ្លួនរំពឹងថាប្រាក់ចំណេញសុទ្ធរបស់ខ្លួននឹងធ្លាក់ចុះ៦២%ក្នុងឆ្នាំសារពើពន្ធ២០២១ ធៀបនឹងឆ្នាំ២០២០។ ក្រុមហ៊ុននេះបានជួលឱ្យក្រុមហ៊ុនសវនកម្មអន្តរជាតិដ៏ល្បីល្បាញ PricewaterhouseCoopers (PwC) ឱ្យជាអ្នកធ្វើសវនកររបស់ខ្លួន៕ Forbes៕

រូបសំណាកព្រះថោង នាងនាគកំពស់រហូតដល់២១ម៉ែត្រត្រូវបានរៀបចំដាក់បង្ហាញនៅក្រុងព្រះសីហនុ

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យរូបសំណាក “ព្រះ​ថោង​នាងនាគ” ដែលមានកម្ពស់២១ម៉ែត្រ ដើម្បីរៀបចំលើកបន្ទុបនៅក្រុងព្រះសីហនុ ដើម្បីរំលឹកពីសាវតា និងប្រវត្តិសាស្រ្តខ្មែរ។

រូបសំណាក ដែលរចនាស្ថាបត្យកម្មដោយស្មារដៃកូនខ្មែរ ត្រូវបានដឹកមកដល់រង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រូបសំណាក ព្រះថោងនាងនាគនេះ ជារូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំលើក ដាក់លើបល្ល័ងនៅរង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ បន្ទាប់ពីរូបសំណាកបដិមាព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ និងរូបសំណាក សីហរាជមុខបី ដែលនៅខាងមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។

រូបសំណាក ព្រះថោងនាងនាគ បន្ទាប់លើកដាក់រួច នឹងបង្ហា​ញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀត សម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕

ក្រុមហ៊ុនយក្សរបស់ចិន SINOPEC គ្រោងបោះទុនវិនិយោគច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ

ដោយៈសុខុម

ប៉េកាំងៈ ក្រុមហ៊ុនប្រេងកាត និងគីមីខ្នាតយក្សរបស់ប្រទេសចិន China Petroleum & Chemical Corp ដែលគេស្គាល់ថា Sinopec មានគម្រោងបោះទុនវិនិយោគច្រើនបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនសម្រាប់ឆ្នាំ២០២២ នេះ។

ផែនការនេះធ្វើឡើង ក្រោយពីក្រុមហ៊ុននេះទទួលបានប្រាក់ចំណេញខ្ពស់បំផុត មិនធ្លាប់មានក្នុងរយៈពេល១ទសវត្សរ៍មកនេះ និងក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង អំពាវនាវឱ្យក្រុមហ៊ុនថាមពលនានាបង្កើនផលិតកម្មដើម្បីក្ដោបក្ដាប់ទីផ្សារ។

តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលខ្លួនផ្ញើទៅកាន់ផ្សារភាគហ៊ុនក្រុង Shanghai កាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ក្រុមហ៊ុន Sinopec រំពឹងថានឹងបោះទុនវិនិយោគរហូតដល់ទៅ៣១,១០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២នេះ ដោយកើនឡើង១៨%បើធៀបនឹងឆ្នាំ២០២១ និងបំបែកកំណត់ត្រាចាស់២៨,៥៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៣។

ក្រុមហ៊ុន Sinopec បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា “សម្លឹងមើលទៅមុខក្នុងឆ្នាំ២០២២ តម្រូវការទីផ្សារសម្រាប់ប្រេងចម្រាញ់រួច នឹងបន្តងើបឡើងវិញ ហើយតម្រូវការសម្រាប់ឧស្ម័នធម្មជាតិ និងផលិតផលគីមីឥន្ធនៈនឹងបន្តកើនឡើង”។

ទន្ទឹមនេះក្រុមហ៊ុននេះ ក៏បានព្រមានពីផលប៉ះពាល់ ដែលអាចកើតមានឡើង បណ្ដាលពីបញ្ហាប្រឈមផ្នែកភូមិសាស្ត្រ នយោ​បាយ និងតម្លៃប្រេងដែលប្រែប្រួលឡើងចុះ មិនទៀងដោយសារការវិនិយោគ និងប្រតិបត្តិការអាជីវកម្មនៅក្រៅប្រទេស។ ទោះជាយ៉ាងណា ក្រុមហ៊ុននេះមិនបានបញ្ចេញឈ្មោះ គម្រោងជាក់លាក់ណាមួយឡើយ។
ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Sinopec Group បានផ្អាកការចរចាសម្រាប់ការ​វិនិយោគលើគីមីឥន្ធនៈដ៏ធំមួយ និងការបណ្តាក់ទុនលើការធ្វើទីផ្សារឧស្ម័នមួយទៀតក្នុងប្រទេសរុស្ស៊ី ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំង អំពាវនាវឱ្យមានការប្រុងប្រយ័ត្ន ខណៈទណ្ឌកម្មលើប្រទេសរុស្ស៊ី បន្តកើនឡើងដោយសាររុស្ស៊ី ដោយសារប្រទេសននេះ បញ្ឆេះស ង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន៕ Reuters៕

បុរី​ ឡាក់ឃីវ័ន បើកសម្ពោធជាផ្លូវការប្លុកថ្មី The Commercial Avenue

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ បុរីឡាក់ឃីវ័នបានប្ររព្ធពិធីបើកសម្ពោធ ជាផ្លូវការនូវ​គម្រោងថ្មី បុរី ឡាក់គីវ័ន The Commercial Avenue​ ដែលមានទីតាំងលើផ្ទូវរដ្ឋ ២១៧ឬផ្លូវ​ ចំការដូងជិតផ្សារព្រែកជ្រៃ។

ក្នុងកម្មវិធីនេះផងដែរ យើងទទួលបានការចូលរួមយ៉ាងច្រើន កុះករពីសំណាក់អតិថិជន ដែលធ្វើអោយកម្មវិធីប្រពរព្ធយ៉ាងឱឡារឹក ដែល​ប្រារព្ធធ្វើឡើង​រយៈពេល២ថ្ងៃ គឺនៅ ថ្ងៃទី​ ២៦ និង២៧ ខែមីនា ឆ្នាំ២០២២ កន្លងទៅនេះ ។ ក្រៅពីនោះអតិថិជនលមានការពេញចិត្តយ៉ាងខ្លាំង ជាមួយនិងទីតាំង ម៉ូតផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងផ្តាល់តែម្តង។

តំណាង​បុរី ឡាក់គីវ័ន​បានឱ្យដឹងថា បន្ទាប់ពីជោគជ័យ និងទទួលបាននូវការគាំទ្រយ៉ាងច្រើនលើសលប់ ពីសំណាក់អតិថិជនកន្លងមក ទើបបុរី ឡាក់ឃី វ័ន(គម្រោង Commercial Avenue បានសម្រេចបើកលក់គម្រោងថ្មីដើម្បីបំពេញ នៅតម្រូវការរបស់អតិថិជនបន្តទៅទៀត។ យើងសង្ឃឹមយ៉ាងមុតមាំថា បុរី ឡាក់ឃី វ័ន (គម្រោង Commercial Avenue) ដែលជាគម្រោងទី៦ និងថ្មីស្រឡាងនេះ នឹងក្លាយជាទីតាំងមិនត្រឹមតែ សម្រាប់រស់នៅប៉ុណ្ណោះទេ តែជាទីតាំងដែលផ្តល់ជូននូវកន្លែង សម្រាប់ការបើកអាជីវកម្មផ្ទាល់ខ្លូន ក៏ដូចជា ពង្រីកអាជីវកម្មដោយជោគជ័យផងដែរ។

ក្រៅពីនេះក៏អាចក្លាយជាផ្នែកមួយ ក្នុងការចូលរួមលើកស្ទួយ និងអភិ វឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយនឹងទទួលបានការជឿជាក់ និងគាំទ្រពីសំណាក់អតិថិជនជាច្រើនដូចគម្រោងមុនៗផងដែរ។

បុរីឡាក់ឃី វ័ន មានកិត្តិយលសូមថ្លែងអំណរអរគុណ ដល់ភ្ញៀវកិត្តិយស ដែលបានមកចូលរយមនិងគាំទ្រយ់ាងពេញទំហឹង មកលើគម្រោងយើង។

បុរី ឡាក់ឃី វ័ន គឺជាគម្រោងលំនៅដ្ឋាន ដែលកំពុងតែលេចធ្លោមួយក្នុងទឹកដីខណ្ឌដង្កោ បន្ទាប់ពីទទួលបានជោគជ័យជាច្រើន គម្រោងរួចមកហើយ ជាពិសេសគម្រោងបានឈរ លើទីតាំងដ៏មានសក្តានុពលខ្លាំងលើវិស័យពាណិជ្ជកម្ម នាតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញទៀតផង។

បុរីឡាក់គីវ័ន The Commercial Avenue បានអភិវឌ្ឍន៍ខ្លួនជាគម្រោ ងបុរី ដែលមានឥទ្ធិពលខ្លាំងប្រចាំតំបន់ ដែលគម្រោងមានទីតាំងលើផ្លូវ២១៧ ចំការដូង កៀកទៅនឹងផ្សារព្រែកជ្រៃ ដែលជាផ្សារធំជាងគេក្នុងតំបន់។

ក្នុងនោះមានម៉ូដផ្ទះ៣ប្រភេទគឺ ផ្ទះអាជីវកម្ម ដែលមានបន្ទប់គេង4 និងបន្ទប់ការិយាល័យ1 លើផ្ទូវរដ្ឋ២១៧ និង លើផ្លូវរដ្ឋប៉ែកខាងត្បូងបុរីជាផ្លូវធ្វើដំណើរ ដ៏មមាញឹករបស់ប្រជាជនរាប់ពាន់គ្រួសារ ស័ក្តិសមបំផុតសម្រាប់ ការប្រកបអាជីវកម្មគ្រប់បែបយ៉ាង។

វីឡាភ្លោះ និងវីឡាទោលមាន 4 បន្ទប់គេង និង5 បន្ទប់ទឹកដូចគ្នា ដែលរចនាឡើងតាមបែបស្តង់ដារទំនើប ផ្តល់នូវ Lifestyle នៃការរស់នៅបែបថ្លៃថ្នូរ និងអភិជន ។

ចំពោះទីតាំងរបស់បុរី គឺនៅក្នុងតំបន់ដែលមានសក្តានុពលខ្លាំងបំផុត ដោយអតិថិជនអាចធ្វើដំណើរទៅកាន់តំបន់សំខាន់ៗដូចជា:

– កៀកផ្សារព្រែកជ្រៃ
– ៣នាទីពី AEON 3 (តាមវិថីឈុនគង់ថ្មី)
– 5នាទី ពី ផ្សារ ជីបម៉ុង 60m
– 7នាទីពីផ្សារទំនើប ប៉េងហួត 60m

ដោយសារមានការគាំងទ្រខ្លាំងពីសំណាក់ បុរី ឡាក់ឃីវ័ន នឹងបន្តផ្តល់ជូនពិសេសលើពិសេស គឺការបញ្ចុះតំលៃរហូតដល់១២% បង់ប្រាក់ត្រឹមតែ 600$ ជាងក្នុង១ខែដោយគ្មានការប្រាក់ និងការថែមជូនគ្រឿងអេឡិចត្រូនិចមួយឈុតធំ​ រហូតដល់ដាច់ខែនេះ។

កុំភ្លេចអញ្ចើញមកការិយាល័យលក់ផ្ទាល់របស់ បុរី ឡាក់គីវ័ន The Commercial Avenue ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស ក៏ដូចជា ការថែមជូបផ្សេងទៀត។

ទីតាំង៖ (នៅលើផ្លូវ ២១៧ចំការដូង) ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញព័ត៌មានលំអិតសូមទំនាក់ទំនងលេខ:092 92 65 66 | 086 92 65 66៕

ហេដ្ឋារចនាសម្ព័ន្ឋនៅស្រុកបីភាគខាងត្បូងក្រុងភ្នំពេញកំពុងរៀបចំកែសម្រួល

ដោយៈគង់ សូរិយា

ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋសំខាន់ៗ នៅតាមបណ្តាស្រុកចំំនួនបីភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងទឹកដីខេត្តកណ្តាល កំពុងត្រូវបានអជ្ញាធរខេត្តរៀបចំកែសម្រួល។

អាជ្ញាធរខេត្តកណ្តាល កំពុងជំរុញពន្លឿនការកែសម្រួលប្លង់មេអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធនៅស្រុកកោះធំ ស្រុកស្អាង និងស្រុកលើកដែក ឱ្យសម្រេចបានតាមផែនការ។

អភិបាលនៃគណៈអភិបាល ខេត្តកណ្តាលលោកគង់ សោភ័បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំកាលពីសប្តាហ៍មុនថា គោលបំណងនៃកែការសម្រួល ប្លង់ហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុកទាំង ៣ គឺដើម្បីបង្កើនសោភណភាព ពង្រឹងគុណភាពបច្ចេកទេស និងអភិវឌ្ឍឱ្យស្របតាមច្បាប់។

អភិបាលខេត្តកណ្ដាលបានបញ្ជាក់ថា កិច្ចប្រជុំនេះជាប្រមូលមតិឯកភាពពីមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។
លោកបន្តថា “ក្រោយទទួលបានធាតុចូលគ្រប់គ្រាន់ យើងនឹងដាក់ជូនក្រសួងស្ថាប័នថ្នាក់ជាតិ ពិនិត្យ និងសម្រេចជាគោលការ​ណ៍ លើប្លង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ក្នុងស្រុកទាំង៣”៕