អាមេរិករារាំងរុស្ស៊ីមិនឱ្យ​លក់មាសបម្រុងជាង២ពាន់តោន​ ដើម្បី​យក​មក​ធ្វើសង្គ្រាម​ជាមួយ​អ៊ុយក្រែន​

ដោយ: សុខុម

អន្តរជាតិ: សហរដ្ឋអាមេរិកកំពុងគាបរុស្ស៊ី ធ្វើយ៉ាងណារារាំងកុំឱ្យប្រទេសនេះលក់មាសបម្រុងយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ខ្លួនដើម្បីប្រមូលលុយយកមកធ្វើសង្គ្រាម ខណៈការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នៅតែបន្តអូសបន្លាយ។

ក្រសួងរតនាគារអាមេរិក បានបញ្ជាក់កាលពីសប្តាហ៍មុនថា ប្រតិបត្តិការជួញដូរមាសណាមួយដែលពាក់ព័ន្ធនឹងធនាគារកណ្តាលរបស់ប្រទេសរុស្ស៊ី គឺត្រូវស្ថិតក្រោមការដាក់ទណ្ឌកម្មដែលមានស្រាប់ដើម្បីដាក់គំនាបធ្វើយ៉ាងឱ្យកុំឱ្យប្រទេសរុស្ស៊ី មានសមត្ថភាពប្រមូលប្រាក់។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃ ច័ន្ទ ទី២៨ ខែមីនា។

ទោះជាយ៉ាងណា ថ្វីបើប្រទេសរុស្ស៊ី ពិបាកនឹងលក់មាសដែលរក្សាទុកនៅក្នុងឃ្លាំងរបស់ខ្លួនក្ដី ក៏ក្រុមអ្នកវិភាគលើកឡើងថា បញ្ហាប្រឈមក្នុងការតាមដានប្រភពមាសដែលធ្វើចរាចរលើទីផ្សារជាក់ស្ដែងបែបចាស់គំរឹលខុសពីទីផ្សារតាមអនឡាញ អាចធ្វើឱ្យមានចន្លោះប្រហោងដែលអនុញ្ញាតឱ្យរដ្ឋាភិបាលក្រុងមូស្គូ មានលទ្ធភាពប្រមូលប្រាក់តាមវិធីនេះ។

យោងតាមក្រុមប្រឹក្សាមាសពិភពលោក (World Gold Council) ដែលជាស្ថាប័នអភិវឌ្ឍន៍ទីផ្សារសម្រាប់ឧស្សាហកម្មមាសមានមូលដ្ឋាននៅប្រទេសអង់គ្លេស ឱ្យដឹងថា ធនាគារកណ្តាលនៃប្រទេសរុស្ស៊ី មានមាសបម្រុងជាង២.០០០តោន ដែលគិតជាលុយរហូតដល់ទៅប្រមាណ១៤០ពាន់លានដុល្លារ។

ចំនួននេះធ្វើឱ្យរុស្ស៊ី ក្លាយជាប្រទេសមានមាសបម្រុងច្រើនបំផុតទី៥ ក្នុងពិភពលោក។ ប្រទេសរុស្ស៊ី បានសម្រុកប្រមូលមាសទាំងនេះទុកក្នុងរយៈពេលប៉ុន្មាឆ្នាំចុងក្រោយនេះ រួមទាំងការទិញពីអ្នកផលិតក្នុងស្រុកផងដែរ។ មាសបម្រុងទាំងនេះត្រូវបានរក្សាទុកក្នុងឃ្លាំងក្នុងក្រុងមូស្គូ និងនៅជុំវិញប្រទេសរុស្ស៊ី។

យោងតាមតួលេខពីធនាគារកណ្តាលរបស់រុស្ស៊ី បង្ហាញថា មាសទាំងនេះមានចំនួនគ្របដណ្ដប់ប្រមាណ១ភាគ៥នៃទុនបម្រុងអន្តរជាតិរបស់រុស្ស៊ី ដែលរួមបញ្ចូលទាំងប្រាក់អឺរ៉ូ ប្រាក់ដុល្លារ និងប្រាក់យ័នចិន ផងដែរ៕

ក្រសួងសាធារណការគ្រោងបង្កើតអេបដើម្បីតាមដានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៨ ខែមីនានេះ បានឱ្យដឹងថា ក្រសួងកំពុងបង្កើតអេបដើម្បីតាមដានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ក្នុងការរឹតបន្តឹងគុណភាពការងារការសាងសង់ ជួសជុលផ្លូវថ្នល់ និងស្ពានឱ្យមាននិរន្តរភាព។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដ(ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)ជំនាន់ទី២ លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការបង្កើតឱ្យមានអេប ដើម្បីតាមដានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ គឺធានាការស្ថាបនាផ្លូវឱ្យមានគុណភាពមានភាពរឹងមាំ។

លោកបានមានប្រសាសន៍ថា លោកមិនចង់លឺពាក្យថា ក្រសួងសាធារណការធ្វើផ្លូវជាប់រហូត ពោលគឺធ្វើមុខខូចក្រោយធ្វើក្រោយខូចមុខ ចាក់ស្តើងស៊ីក្រាស់ចាក់ក្រាស់ស៊ីស្តើងនោះទេ។

លោកបញ្ជាក់ថា ក្រសួងក៏ត្រូវមានប្រព័ន្ធគ្រប់គ្រងតាមដានឱ្យលម្អិតចំពោះអ្នកកសាងនិងអ្នកជួសជុល ដោយត្រូវធ្វើតាមលក្ខណៈបច្ចេកទេស ឱ្យបានត្រឹមត្រូវទើបព្រមទទួលយកពីអ្នកសាងសង់។

លោកបានមានប្រសាសន៍ថា “បន្តិចទៀតនេះយើងមានអេបមួយទៀត ដែលតាមដានការសាងសង់ផ្លូវ តាំងពីយើងបើកការដ្ឋានឬមុនបើកការដ្ឋានផង រហូតដល់ផ្លូវធ្វើចប់សព្វគ្រប់ ត្រួតពិនិត្យហើយ យើងទទួលយក តាមដានមួយដំណាក់កាលៗ អ្នកណាធ្វើអ្វីខ្លះ ធ្វើតេស្តប៉ុន្មានដងរហូតដល់ការងារចប់”។

លោកបន្តថា “សព្វថ្ងៃនេះយើងមិនទាន់មានប្រព័ន្ធហ្នឹងទេ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុង រៀបចំអេបនេះកំពុងតាមដានការងារក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ”។

ការបង្កើតអេបដើម្បីតាមដានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនេះ មានគោលបំណងតាមដាន គ្រប់គ្រងព័ត៌មាន ប្រវត្តិនៃការអនុវត្តគម្រោងសាងសង់ វាយតម្លៃមធ្យោបាយនៃ អនុវត្តគម្រោងនៅតាមការដ្ឋាន ដូចជាធនធានមនុស្ស សម្ភារគ្រឿងចក្រ តាមដានរបាយការណ៍វឌ្ឍនភាព ការងារសម្រេចបានប្រចាំខែ ប្រកបដោយប្រសិទ្ធភាព ចាប់តាំងពីការដំណើរការបើកការដ្ឋាន សាងសង់រហូតដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕

តើកម្ពុជានៅតែអាចទាក់ទាញលំហូរទុនវិនិយោគពីបរទេសបានដែរឬទេ?

ដោយ៖ សុផារី

ភ្នំពេញ៖ Foreign Direct Investment ជាការវិនិយោគនៃបុគ្គល ឬ ក្រុមហ៊ុននៅក្នុងប្រទេសមួយទៅកាន់ប្រទេសខាងក្រៅមួយឬច្រើនទៀតដោយការវិនិយោគនោះមានទម្រង់ជា ការបើកក្រុមហ៊ុន Franchise បង្កើតជាចង្វាក់ផលិតកម្ម ឬ អាជីវកម្មដោយមានជាការទិញជួល ឬសាងសង់រោងចក្រនិងអាគារផ្សេងៗនៅក្នុងប្រទេសនោះ។

ស្របពេលប្រឈមនឹងវិបត្តិកូវីដ១៩ និងវិបត្តិអតិផរណាដែលបណ្តាលមកពីសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន ធ្វើឱ្យលំហូរនៃអ្នកទេសចរនិងវិនិយោគិនធ្វើដំណើរមានចំនួនកម្រិត។ មានសំណួរចោទសួរថាតើអ្នកវិនិយោគិនបរទេសនឹងត្រលប់ចូលមកកាន់កម្ពុជានៅពេលណា?

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា បានបញ្ជាក់កាលពីសប្តាហ៍មុនថា វិស័យអចលនទ្រព្យនៅកម្ពុជាសម្រាប់ដើមឆ្នាំ២០២២ នេះនៅតែបង្ហាញពីចរន្តនៃការទិញលក់ ដំណើរការល្អជាធម្មតា ប៉ុន្តែសម្រាប់ការទិញលក់ជាអន្តរជាតិនៅមានកម្រិត ខណៈការវិនិយោគលើគម្រោងសាងសង់ថ្មីៗក៏មិនមានចំនួនច្រើនគួរឱ្យកត់សម្គាល់នោះដែរ។

លោក ច្រឹក សុខនីម បន្ថែមថា វិស័យអលនទ្រព្យនេះអាចនឹងមានសន្ទុះកើនឡើងវិញខ្លាំងទាល់តែជំងឺកូវីដ១៩ បានផុតរលត់ទៅវិញ ទើបធ្វើឱ្យលំហូវិនិយោគបរទេសកើនឡើងវិញ។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសពិសេសថា ក្នុងឆ្នាំ២០២២នេះ ផ្នែកខ្លះនៃវិស័យអចលនទ្រព្យកម្ពុជាបានទទួលរងផលប៉ះពាល់ខ្លាំង ខណៈផ្នែកខ្លះទៀតនៅមានសកម្មភាពទ្រឹងធម្មតា។

លោកស្រីបញ្ជាក់បន្ថែមថា កន្លងមកកម្ពុជានៅតែស្ថិតនៅក្នុងជម្រើសនៃការវិនិយោគរបស់វិនិយោគិនបរទេស ដោយសារទំហំ GDP របស់ប្រទេសកម្ពុជាមានទំហំធំលំដាប់លើៗនៅក្នុងតំបន់អាស៊ី តែដោយសារទីផ្សារកម្ពុជាជាទីផ្សារតូច នោះកម្រិតនៃការវិនិយោគក៏នៅតែមានកម្រិតមួយ។

លោកស្រីមើលឃើញថា “កម្ពុជានៅតែជាទិសដៅនៃការវិនិយោគរបស់បរទេស គ្រាន់តែមានការផ្លាស់ប្តូរទស្សនៈនៃការវិនិយោគរបស់វិនិយោគិនបរទេសទៅលើគម្រោងវិនិយោគដែលមានទំហំតូចល្មមទៅមធ្យមវិញ តែជាគម្រោងដែលមានគុណភាព”។

លោកស្រីបញ្ជាក់ថា វិនិយោគិនបរទេសនាពេលអនាគតនឹងបង្វែរចំណាប់អារម្មណ៍ថ្មីនៃការវិនិយោគទៅលើបច្ចេកវិទ្យា ការវិនិយោគបៃតង ការផ្តោតលើរចនាម៉ូត ជាដើម។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនកម្ពុជាបានចាប់យកការវិនិយោគនេះចំនួន ៤,៣៥ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ជាការកើនឡើង២២ភាគរយធៀបនឹងឆ្នាំមុន ដោយមានប្រទេសចិន សហរដ្ឋអាមេរិក និងសិង្ហបុរី ដែលជាអ្នករួមចំណែកធំបំផុតនៅក្នុងលំដាប់នោះ៕

ខណ្ឌដង្កោកំពុងក្លាយជាតំបន់អភិវឌ្ឍន៍លំនៅឋានដ៏មានសក្ដានុពលមួយនៅជាយក្រុង

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ តំបន់មួយចំនួននៃខណ្ឌដង្កោបាននិងកំពុងទាក់ទាញការអភិវឌ្ឍលំនៅឋាននិង​គម្រោងអភិវឌ្ឍន៍បុរីលក្ខណៈឯកជនដ៏មានសក្ដានុពល ជាពិសេសលំនៅឋានតម្លៃមធ្យមឡើងទៅ។​

ជាការកត់សម្គាល់តំបន់មានបុរីថ្មីៗជាច្រើនកំពុងបង្ហាញខ្លួនជាបន្តបន្ទាប់ ក្នុងនោះអ្នកអភិវឌ្ឍន៍ក៏បានផ្ដោតលើលំនៅឋានទំនើបៗ និងមានការរចនាឌីហ្សាញថ្មីៗ។

លោក ទឹម វណ្ណនី នាយកប្រតិបត្តិនៃគម្រោងរបស់បុរីបុស្បា ដែលមានទីតាំងនៅក្នុងខណ្ឌដង្កោ បាននិយាយថា ខណ្ឌដង្កោជាតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើននិងធំៗដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍បានសម្លឹងពីការចាប់ផ្ដើមគម្រោងរបស់ខ្លួននៅតំបន់នោះ។ ក្នុង​នោះ បុរីបុស្បាបានចាប់ផ្ដើមអនុវត្តគម្រោងនៅក្នុងតំបន់សក្ដានុពលនេះផងដែរ និងអាចធ្វើឱ្យតំបន់នៃខណ្ឌដង្កោមានសន្ទុះនៃការអភិវឌ្ឍមួយកម្រិតទៀត។

លោកបន្តថា ផ្លូវក្រវ៉ាត់ក្រុង ផ្លូវថ្មីៗ គម្រោងព្រលានយន្តហោះ ផ្សារទំនើប ក៏ជាកត្តាទាក់ទាញដល់ការអភិវឌ្ឍលើលំនៅឋានសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋផងដែរ។ យើងក៏រំពឹងថា គម្រោងអភិវឌ្ឍន៍លំនៅឋានក៏កាន់តែមានកំណើនច្រើនបន្ថែមផងដែរ ខណៈគម្រោងបុរីបុស្បាក៏នឹងពង្រីកការអភិវឌ្ឍ​ជាបន្តបន្ទាប់ ក្រោយបញ្ចប់គម្រោងដំបូងរបស់ខ្លួន។

ដោយឡែក លោក លី លឹមអាង អគ្គនាយកបុរីឡាក់ឃីវ័ន ក៏បានឱ្យដឹងផងដែរថា កត្តាផ្លូវទូលាយ ការសាងសង់ផ្សារទំនើប ព្រលានយន្តហោះអន្តរជាតិ និងគម្រោងអភិវឌ្ឍន៍នានា​របស់រដ្ឋជាច្រើនទៀត បានជំរុញឱ្យមានការអភិវឌ្ឍលំនៅឋានកាន់តែច្រើន ដូច្នេះហើយទើបបុរីឡាក់ឃីវ័នបានបោះទុនវិនិយោគលើការអភិវឌ្ឍលំនៅឋានជាបន្តបន្ទាប់។ រហូតមកដល់ពេលនេះ បុរីឡាក់ឃីវ័នរបស់​លោក​មានគម្រោង៦រួចមក​ហើយ។

អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងថា តម្លៃក្នុង​តំបន់ប៉ែកខាងត្បូងនៅមានកម្រិត ដែលធ្វើឱ្យមានការអភិវឌ្ឍលំនៅឋានអាចចំណេញ។ តំបន់នេះក៏មានសក្ដានុពលខ្ពស់ផងដែរ ដោយសារ​ មានផ្លូវ មានរចនាសម្ព័ន្ធខ្វាត់ខ្វែងនិងកាន់តែច្រើន ដែលជាការទាក់ទាញវិនិយោគិនកាន់តែខ្លាំងផងដែរ​៕

ផ្លូវជាតិ​លេខ១៤៦បេ និង១៤៨ សម្រេចការ​សាងសង់​បាន៨៥ភាគរយ​ហើយ គិត​ត្រឹម​ចុង​ខែ​មីនា​នេះ​

ដោយ៖ សហការី​

ព្រះសីហនុ៖ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅ​ថ្ងៃទី២៨ ខែមីនានេះ​បាន​មាន​ប្រសាសន៍ថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវលេខ១៤៦បេ (វិថីសម្ដេចសង្ឃរាជទេពវង្ស) និងផ្លូវលេខ១៤៨ សម្រេចវឌ្ឍនភាពការងារបាន៨៥ភាគរយ​ហើយ​ គិតត្រឹមថ្ងៃទី២៧ ខែមីនានេះ​។

គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវខេត្តលេខ១៤៦បេ ឬវិថីសម្ដេចសង្ឃរាជទេពវង្ស និងផ្លូវលេខ១៤៨ មានប្រវែងសរុប ៤៣,០២៥ គីឡូម៉ែត្រ ចាប់ពីបំបែកផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៧៨+១៦៥ ស្ថិតនៅភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ដល់រង្វង់មូលស្ទឹងហាវ ស្ថិតនៅភូមិ១ ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ និងបន្តរហូតដល់កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កំណាត់ផ្លូវនេះគឺជាផ្លូវវាងក្រុងដ៏មានសក្ដានុពលសម្រាប់បម្រើឱ្យការដឹកជញ្ជូន ទំនិញនាំចេញ-ចូលតាមនាវា កសិផល និងជលផលរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកស្ទឹងហាវ ក៏ដូចជាបងប្អូនរស់នៅតំបន់ទំនប់រលកចាស់នៃក្រុងព្រះសីហនុទៅកាន់ទីផ្សារ កាន់តែមានលក្ខណៈ ងាយស្រួល ឆាប់រហ័ស និងចំណាយតិច និងចូលរួមចំណែកដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ យានយន្តដឹកជញ្ជូនទំនិញធុនធ្ងន់តាមផ្លូវជាតិលេខ៤ផងដែរ។

កំណាត់ផ្លូវនេះសាងសង់ដោយចាក់បេតុងកៅស៊ូ (AC) មានទទឹង ១១ម៉ែត្រ កម្រាស់៩សង់ទីម៉ែត្រ និងចិញ្ចើមគ្រួសក្រហម ០,៥០ ម៉ែត្រសងខាងផ្លូវ ចាប់ពីរង្វង់មូលសម្ដេចសង្ឃរាជទេពវង្ស PK០+០០០ ដល់ PK២០+៦៧៨ ប្រវែង ២០.៦៧៨គីឡូម៉ែត្រ និងចាក់បេតុងសរសៃដែកទទឹង១១ម៉ែត្រកម្រាស់ ២៦ សង់ទីម៉ែត្រ មានប្រវែង ២២.៣៤៧គីឡូម៉ែត្រ និងចិញ្ចើមគ្រួសក្រហម០.៥០ម៉ែត្រសងខាង ចាប់ពី PK២០+៦៧៨ ដល់ PK៤៣+០.២៥។

កំណាត់ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) ត្រួតពិនិត្យបច្ចេកទេសដោយនាយកដ្ឋានផ្លូវថ្នល់ នាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណ: និងនាយកដ្ឋានបច្ចេកទេសសាធារណការ និងដឹកជញ្ជូន នៃអគ្គនាយកដ្ឋានបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចំណាយពេលសាងសង់ចំនួន ២៨ខែ គិតចាប់ពីថ្ងៃបើកការដ្ឋានសាងសង់នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ចំណាយថវិកាសន្សំរបស់ជាតិ៕

ស្ថាបត្យករជប៉ុនរំលេចស្នាដៃផ្តោយផ្តោតលើអន្តរសិល្បៈច្របាច់បញ្ចូលគ្នាជាមួយធម្មជាតិ

      ដោយៈ សហសេវិក

       កូរ៉េៈ ស្ថាបត្យករដ៏ល្បីល្បាញជនជាតិជប៉ុន បានរំលេចនូវអន្តរកម្មសិល្បៈផ្នែកស្ថាបត្យកម្ម ជាមួយនឹងការច្របាច់បញ្ចូលគ្នារវាងសិល្បៈ និងធម្មជាតិ។

សារៈមន្ទីរឈ្មោះMuseum SAN គឺជាសារមន្ទីរផ្តោតលើអន្តរកម្មនៃសិល្បៈនិងធម្មជាតិ ដែលត្រូវបានឌីហ្សាញដោយស្ថា​បត្យករសាមូរ៉ៃជប៉ុនលោកTadao Ando។ វាត្រូវបានបើកជាសាធារណៈនៅក្នុងខែឧសភាឆ្នាំ២០១៣។

Museum San មានទីតាំងស្ថិតក្នុងបរិយាកាសធម្មជាតិនៃជ្រលងភ្នំដ៏ស្រស់ស្អាត ក្នុងទីក្រុង Wonju ប្រទេសកូរ៉េខាងត្បូង។ សារមន្ទីរនេះរួមមាន មជ្ឈមណ្ឌលស្វាគមន៍, សួនផ្កា, សួនទឹក, សាលសមាធិ សួនថ្ម អគារមេ (Main Building) និងសាលតាំងពិពណ៌ស្នាដៃរបស់វិចិត្រករ ជនជាតិអាមេរិកដ៏ល្បីឈ្មោះJAMES Turrell ផងដែរ។

រចនាសម្ព័ននៃអគារមេ របស់សារមន្ទីរនេះគឺជាការផ្គុំបញ្ចូលនូវទម្រង់ចតុកោណ ត្រីកោណ និងរង្វង់ ដែលឆ្លុះបញ្ចាំងពីទស្សនវិជ្ជារបស់ស្ថាបត្យករក្នុងការភ្ជាប់មេឃ ផែនដី និងមនុស្ស។

Musuem SAN ជាកន្លែងដែលសិល្បៈនិងស្ថាបត្យកម្មសំយោគគ្នាយ៉ាងល្អឥតខ្ចោះ ជាមួយនឹងធម្មជាតិជុំវិញ និងការផ្លាស់ប្តូរនៃរដូវកាលទាំងបួនជាមួយនឹងពាក្យស្លោក”ផ្តាច់ដើម្បីភ្ជាប់ Disconnect to Connect៕

 

Growing demand for real estate rental boosts rental market in early 2022

By: Sophary

Phnom Penh: Despite the severe impact in 2021, at the beginning of 2022, while some businesses resumed, the demand for rental real estate began to recover slightly.

Mr. Sim Samedi, Sales Manager of RENT KH, said that the demand for rental property in 2021 has decreased significantly, but the number of real estate tenants has increased.

“At that time, many companies suspended operations and closed their businesses, leaving the rental space vacant and re-renting property. However, it was difficult to find business owners to continue renting the property,” he said.

He added that at the beginning of 2022, the economic activity of businesses in Cambodia has improved, making the demand for real estate rental slightly higher than in 2021.

“At the moment, suppliers of rental property are not meeting the needs of tenants, which means that demand is high, and demand is lower than supply,” he said.

He added that the population of Cambodia has increased steadily, including married people and more. After getting married, some of them still cannot afford to buy a house to live in, so the best option is to rent a temporary house to save some money, then they buy their own house.

He added that real estate tenants are both foreigners and locals, and most foreigners are renting out condos and apartments, he said. For Cambodians, there is less need to rent this type of property, but they rent an apartment or rent a business location. If you rent a local business office, you can also rent a B or C level, while companies from other countries prefer a modern A level.

Mr. Chrek Soknim, President of Cambodian Valuers and Estate Agents Association, said that while Cambodia was relieved of Covid 19, the demand for office space was revived, which required investment in addition to office buildings, especially B and C offices.

រដ្ឋាភិបាលទីក្រុងគៀវទម្លាយព័ត៌មានសម្ងាត់ថា រុស្ស៊ីមានមហិច្ឆតាហែកប្រទេសអ៊ុនក្រែន ជាពីរដូចកូរ៉េ

ដោយៈសុខុម

អន្តរជាតិ: រដ្ឋាភិបាលទីក្រុងគៀវ បានទម្លាយឱ្យដឹងកាលពីថ្ងៃអាទិត្យ ទី២៧ ខែមីនា ថា ប្រទេសរុស្ស៊ី ដែលកងទ័ពរបស់ខ្លួនបាននិងកំពុងរុល ឆ្ពោះទៅកាន់រដ្ឋធានីគៀវបន្តិចម្តងៗ ប្រហែលជាមានបំណងហែកប្រទេសអ៊ុយក្រែន ជាពីរឱ្យដូចកូរ៉េខាងជើង និងកូរ៉េខាងត្បូងសព្វថ្ងៃ។

លោក Kyrylo Budanov ប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់ នៃក្រសួងការពារជាតិអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍ លើបណ្ដាញទំនាក់ទំនងសង្គមថា យុទ្ធសាស្រ្តហែកប្រទេសអ៊ុយក្រែនជាពីរនេះ អាចបណ្តាលមកពីប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន បរាជ័យក្នុងការ “ដណ្ដើមកាន់កាប់រដ្ឋធានីគៀវ និងផ្ដួលរំលំរដ្ឋាភិបាលអ៊ុយក្រែន ចេញពីអំណាច”។  នេះបើយោងតាមសារព័ត៌មាន Korea Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២៨ ខែមីនា នេះ។

ប្រធានភ្នាក់ងារស៊ើបការណ៍សម្ងាត់បានគូសបញ្ជាក់ថា “មានហេតុផលដែលអាចជឿបានថា គាត់ (ពូទីន) ប្រហែលជាព្យាយាមបំបែកឱ្យដាច់ពីគ្នារវាងតំបន់ត្រួតត្រា និងតំបន់មិនត្រួតត្រានៃប្រ​ទេសរបស់យើង”។ លោកបន្ថែមថា “ជាការពិតណាស់ វាជាការប៉ុនប៉ងបំបែកដូចកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅក្នុងប្រទេសអ៊ុយក្រែន”។

ប្រទេសរុស្ស៊ី បានផ្ដល់សញ្ញាកាលពីដើមសប្តាហ៍នេះថាសង្រ្គា​មរបស់ខ្លួន មានគោលបំណងផ្តោតលើការដណ្ដើម កាន់កាប់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បន្ទាប់ពីបរាជ័យក្នុងការបំបែកការតស៊ូរបស់ប្រទេសនេះ ក្នុងរយៈពេលមួយខែនៃការប្រយុទ្ធគ្នា និងការវាយប្រហារទៅលើជនស៊ីវិល។

លោក Kyrylo Budanov បានគូសបញ្ជាក់ថា ប្រទេសរុស្ស៊ី ប្រហែលព្យាយាមប្រើប្រាស់ ស្ថានភាពនៃទឹកដីកាន់កាប់ធ្វើជាស្នៀតឈ្នះនៅក្នុងការចរចា ឬនិយាយឱ្យងាយស្ដាប់បានគឺថា រុស្ស៊ី អាចនឹងទាមទារកាន់កាប់ទឹកដីដែលខ្លួនដណ្ដើមបានជាថ្នូរនឹងការបញ្ចប់សង្គ្រាម៕ Korea Times៕

កំណើនតម្រូវការជួលអចលនទ្រព្យជម្រុញសន្ទុះទីផ្សារជួលក្នុងដើមឆ្នាំ២០២២

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ទោះបីរងផលប៉ះពាល់ធ្ងន់នៅក្នុងឆ្នាំ២០២១ក្ដី នៅដើមឆ្នាំ២០២២នេះស្របពេលអាជីវកម្មមួយចំនួនចាប់ផ្ដើមដំណើរការឡើងវិញក៏ធ្វើឱ្យតម្រូវការជួលអចលនទ្រព្យចាប់ផ្ដើមងើបឡើងវិញបន្តិចផងដែរ។

លោកស៊ីម សាមឺឌី ប្រធានផ្នែកលក់នៃក្រុមហ៊ុន RENT KH បានឱ្យដឹងថា តម្រូវការជួលអចលនទ្រព្យកាលពីឆ្នាំ២០២១កន្លងទៅបានធ្លាក់ចុះខ្លាំង តែអ្នកដាក់អចលនទ្រព្យសម្រាប់ជួលមានកំណើនខ្ពស់។

លោកថា “កាលនោះក្រុមហ៊ុនជាច្រើនបានផ្អាកដំណើរការនិងបិទទ្វារអាជីវកម្មដែលធ្វើឱ្យទីតាំងជួលអចលនទ្រព្យនោះនៅទំនេរ និងធ្វើឱ្យម្ចាស់អចលនទ្រព្យដាក់ជួលបន្ត តែយ៉ាងណាក៏ពិបាកក្នុងការរកម្ចាស់អាជីវកម្មមកជួលអចលនទ្រព្យនោះបន្តដែរ”។

លោកបន្តថា នៅដើមឆ្នាំ២០២២នេះ សកម្មភាពសេដ្ឋកិច្ច អាជីវកម្មនានានៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង ធ្វើឱ្យតម្រូវការជួលអចលនទ្រព្យក៏កើនឡើងខ្ពស់បន្តិចវិញធៀបនឹងក្នុងឆ្នាំ២០២១កន្លងទៅ។

លោកថា ”នៅពេលបច្ចុប្បន្ននេះ អ្នកផ្គត់ផ្គង់អចលនទ្រព្យសម្រាប់ជួលមិនទាន់ឆ្លើយតបនឹងតម្រូវការអ្នកជួលនៅឡើយទេ បានន័យថាតម្រូវការមានខ្ពស់ ហើយតម្រូវការតិចជាងការផ្គត់ផ្គង់”។

លោកបន្ថែមថា កំណើនប្រជាពលរដ្ឋនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ក្នុងនោះអ្នករៀបការហើយក៏មានច្រើន។ ក្រោយរៀបការថ្មីថ្មោងពួកគាត់មួយចំនួនក៏មិនទាន់មានលទ្ធភាពក្នុងការទិញផ្ទះសម្រាប់ស្នាក់នៅដែរ ដូច្នេះជម្រើសល្អ មានតែជួលផ្ទះនៅបណ្ដោះអាសន្នទំរាំសន្សំបានខ្លះទើបពួកគេទិញផ្ទះជារបស់ផ្ទាល់ខ្លួន។

លោកបញ្ជាក់ថា បច្ចុប្បន្ន អ្នកជួលអចលនទ្រព្យមានទាំងបរទេសនិងអ្នកក្នុងស្រុក ហើយភាគច្រើននៃជនបរទេសគឺជួលទៅលើខុនដូ និងអាផាត់មិន។ សម្រាប់ខ្មែរមិនសូវជាមានតម្រូវការជួលអចលនទ្រព្យប្រភេទនេះទេ តែពួកគេជួលជាផ្ទះល្វែង ឬជួលទីតាំងអាជីវកម្ម។ បើសិនជាជួលការិយាល័យ ធុរជនក្នុងស្រុកក៏ជួលនៅកម្រិតBឬCដែរ ខណៈក្រុមហ៊ុនមកពីប្រទេសគេចូលចិត្តកម្រិតទំនើបA។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានលើកឡើងថា ជាការពិតណាស់ ក្នុងពេលប្រទេសកម្ពុជាមានភាពធូរស្រាលទៅលើជំងឺកូវីដ១៩ តម្រូវការជួលទៅលើការិយា័យ ក្រុមហ៊ុនក៏បានកម្រើកឡើងវិញ ដែលទាមទារឱ្យមានការវិនិយោគបន្ថែមទៅលើអគារការិយាល័យ ជាពិសេសការិយាល័យB C៕

សម្ដេចតេជោអំពាវនាវកុំឱ្យប្រជាពលរដ្ឋព្រួយបារម្ភពីផលប៉ះពាល់របស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

ដោយ៖ សូរិយា

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវមានអារម្មណ៍នឹងនរ និងកុំព្រួយបារម្ភអំពីផលប៉ះពាល់របស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

សារអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ជាថ្មីនេះធ្វើឡើងបន្ទាប់ពីមានការឃោសនាអកុសលអំពីផលប៉ះពាល់រឿងវ៉ាក់សាំងនៅពេលចាក់ចូលក្នុងខ្លួនមនុស្ស ដែលសម្ដេចបានចាត់ទុកថា ការឃោសនាអកុសលនេះ គឺជារឿងឥតប្រយោជន៍ ខណៈនៅលើពិភពលោកបានចាក់វ៉ាក់សាំងកូវីដ១៩ដូចកម្ពុជានេះ រាប់ពាន់លាននាក់ទៅហើយ។

សម្ដេចតេជោបានមានប្រសាសន៍ថា “ការលើកឡើងណាមួយទាក់ទងនឹងឃោសនាអកុសលវាជារឿងឥតប្រយោជន៍ ខ្លះថាការចាក់វ៉ាក់សាំងនឹងបង្កើតជំងឺនៅថ្ងៃក្រោយ។ ខ្ញុំមិននឹកស្មានថា មានមនុស្សប្រទេសដែលនិយាយបែបនេះ ខណៈនៅលើពិភពលោកបានចាក់វ៉ាក់សាំងរាប់ពាន់លាននាក់”។

បើតាមប្រសាសន៍សម្ដេចតេជោ មិនមែនតែប្រជាជនកម្ពុជាជាង១៤លាននាក់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ ពោលមានទូទាំងពិភពលោកដែលបានចាក់វ៉ាក់សាំង ដែលនេះមិនមែនជារឿងថ្មីនោះទេ ពោលយើងធ្លាប់ទទួលការបំភ័យរឿងចាក់វ៉ាក់សាំងនេះ តាំងពីដើមមកម្ល៉េះ ពោលតាំងពីកម្ពុជាផ្ដើមដំណើរការចាក់ដូសទី១មកម្ល៉េះ។

សម្ដេចតេជោបានស្នើដល់ប្រជាពលរដ្ឋកុំមានការភិតភ័យ ហើយទទួលយកនូវវិធានការការពារ ជាមួយការទទួលយកវ៉ាក់សាំង ដែលនៅពេលនេះកម្ពុជា កំពុងជំរុញការចាក់ដូសទី៣ និងទី៤ ដល់ប្រជាពលរដ្ឋ ព្រមជាមួយការចាក់ជូនកុមារអាយុ៣ឆ្នាំ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល កាលពីពេលថ្មីៗនេះ បានប្រកាសច្រានចោលទាំងស្រុង ចំពោះព័ត៌មានដែលកើតចេញពីជនខិលខូច ដោយប្រឌិតថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នាំឱ្យកើតជំងឺមហារីកឈាម និងបានចាត់ទុកចំពោះការប្រឌិតព័ត៌មាននេះជាការញុះញង់បង្ករជា មហន្ដរាយដល់សង្គមជាតិ៕