ក្រសួងដាក់ដំណើរការវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ១៨ទីតាំង

ដោយៈ ចំណាន

    បន្ទាយមានជ័យៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបើក ដំណើ​រ​ការជាផ្លូវការ កម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ១៨ទីតាំងបន្ថែម ក្រោមយន្តការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) របស់រាជរដ្ឋាភិបាល។

លោកសូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគ​មនាគមន៍ (ក.ប.ទ.) និងលោកហៃ ហ៊ុនឡេង នាយកខុទ្ទកាល័យ លោកទេសរដ្ឋមន្ត្រី ពេជ សោភ័ន និងជាសមាជិកលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំ (គ.វ.អ.) បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល នៅតាមសាលាបឋមសិក្សាគោលដៅ ១៨ទីតាំងបន្ថែមក្នុងជំហ៊ានទី២ នៅសាលាបឋមសិក្សារហាត់ទឹក ខេត្តបន្ទាយមានជ័យ។

កម្មវិធីនេះធ្វើឡើង ដើម្បីចូលរួមចំណែកអនុវត្តវិធានការគន្លឹះ ក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល បណ្ដុះគ្រាប់ពូជមូលធនមនុស្សឌីជីថលកម្ពុជា ទទួលចំណេះដឹងនិងជំនាញឌីជីថលមូលដ្ឋាន ពីបឋមវ័យ ចាប់យកបច្ចេកវិទ្យាឌីជីថល នឹងក្លាយជាកម្លាំងចលករជំរុញឧត្តមភាពប្រកួតប្រជែងកម្ពុជានៅក្នុងសេដ្ឋកិច្ចឌីជីថល។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន គ.វ.អ. ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Tech for Kids Academy (TKA) រៀបចំកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល មូលដ្ឋានគ្រឹះឌីជីថលសម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ និងថ្នាក់រៀនឌីជីថល ដោយបានជួសជុលកែលម្អបន្ទប់សិក្សា បំពាក់បរិក្ខារកុំព្យូទ័រ ទូរទស្សន៍ឆ្លាតវៃ កាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងជ្រើសរើស និងបណ្តុះបណ្តាលគ្រូឌីជីថល។

កម្មវិធីសិក្សានេះ ផ្តោតលើកាបណ្តុះបណ្តាលទេពកោសល្យឌីជីថលដល់កុមារដូចជា៖ ភាសាអង់គ្លេសសម្រាប់បច្ចេកវិទ្យា មូលដ្ឋានគ្រឹះកុំព្យូទ័រ ពលរដ្ឋឌីជីថល សុវត្ថិភាពអនឡាញ គណិតវិទ្យានិងតក្កវិទ្យា ការសរសេរកូដ(Coding) បញ្ញាសិប្បនិម្មិត(AI) និងការដោះស្រាយបញ្ហា។

នៅក្នុងជំហ៊ានទី២ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ការពង្រីកវិសាលភាព ទៅកាន់សាលាបឋមសិក្សាគោលដៅថ្មី បន្ថែម១៨ទីតាំង បានធ្វើឱ្យកាអនុវត្តកម្មវិធីសិក្សា ថ្នាក់មូលដ្ឋានគ្រឹះឌីជីថលនេះកើនឡើងដល់៦០សាលាគោលដៅ គ្របដណ្ដប់លើ១៩ រាជធានី-ខេត្ត ទូទាំងប្រទេស និងមានសិស្សានុសិស្សសរុបចំនួន១៧,៩៨៨នាក់ ចូលសិក្សា ដែលជាការបោះជំហានដ៏សំខាន់គាំទ្រដល់ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងក្របខណ្ឌគោលនយោបាយឌីជីថលនានា ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងការទាញយកផលប្រយោជន៍ជាអតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល។

ជាលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥ សិស្សានុសិស្ស មកពីសាលាគោលដៅចំនួន២២ បានចូលរួមប្រកួតកម្មវិធីតិចណូវេសិន និងកម្មវិធី VIRTUAL GLOBAL GAME JAM 2025 របស់អង្គការUNICEF និងទទួលបានជ័យលាភីសហគ្រិនវ័យក្មេងថ្នាក់ជាតិកម្រិតបឋមផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកសូ វិសុទ្ធី បានសំណូមពរដល់លោកគ្រូអ្នកគ្រូឌីជីថល សហការឲ្យបានជិតស្និទ្ធជាមួយនាយក នាយិកាសាលា ខិតខំថែរក្សាបរិក្ខារ នៅក្នុងថ្នាក់រៀនឲ្យបានជាប្រយោជន៍ក្នុងការប្រើប្រាស់យូរអង្វែង និងទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីថ្នាក់រៀនឌីជីថល និងសំណូមពរដល់មាតា បិតាអាណាព្យាបាលសិស្សជំរុញកូនៗ មកចូលរៀនឲ្យបានទៀងទាត់ និងណែនាំដល់សិក្សានុសិស្សទាំងអស់ ខិតខំប្រឹងប្រែងរៀនសូត្រជំនាញឌីជីថលនេះ ដើម្បីក្លាយជាមូលធនមនុស្សឌីជីថល ប្រកបដោយសមត្ថភាពនៅថ្ងៃអនាគត៕

ទីក្រុងតូក្យូ​ជប៉ុន​កំពុង​ប្រឈមការខ្វះខាត​ការិយាល័យ ខណៈ​តម្រូវការ​​កើនឡើង​លើសការផ្គត់ផ្គង់

ដោយ: សហសេវិក
អន្តរជាតិ: ទីក្រុងតូក្យូរបស់​ប្រទេស​ជប៉ុន​កំពុង​ប្រឈមមុខនឹងការខ្វះខាត​ការិយាល័យ ខណៈ​តម្រូវការ​​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​កាលពីឆ្នាំ២០២៥ ហើយ​ការដ្ឋានសាងសង់​អគារថ្មីៗត្រូវបាន​ពន្យារពេល​ដោយសារ​កង្វះខាត​កម្លាំង​ពលកម្ម និង​ការកើនឡើង​នៃ​ការចំណាយ។

យោងតាមក្រុមហ៊ុន CBRE បានឱ្យដឹងថា ខណៈតម្រូវការបានកើនឡើងដល់៣៣៦.០០០ tsubo (១,១១លានម៉ែត្រការ៉េ) ទំហំការិយាល័យដែលអាចរកជួលបាន មានត្រឹមតែ១៨៥.០០០ tsubo នៅក្នុងសង្កាត់ចំនួន២៣ នៅកណ្តាលទីក្រុងតូក្យូកាលពីឆ្នាំមុន។

១ tsubo ស្មើនឹង៣,៣ម៉ែត្រការ៉េ ជាឯកតាទូទៅដែលប្រើប្រាស់ក្នុងទីផ្សារអចលនទ្រព្យជប៉ុន។

ភាពប្រសើរឡើងនៃប្រាក់ចំណូលសាជីវកម្មរបស់ក្រុមហ៊ុននានាកំពុងជួយជំរុញតម្រូវការការិយាល័យ។ ក្រុមហ៊ុនកាន់តែច្រើនកំពុងផ្លាស់ប្តូរ ឬពង្រីកការិយាល័យរបស់ពួកគេ ស្របពេលក្រុមហ៊ុនទាំងនោះបន្ថែមបុគ្គលិកថ្មី។ ក្រុមហ៊ុនមួយចំនួនដែលមានមូលដ្ឋាននៅខាងក្រៅទីក្រុងតូក្យូ ក៏កំពុងបើកសាខានៅក្នុងទីក្រុងតូក្យូផងដែរ។

គិតត្រឹមខែកុម្ភ: ឆ្នាំ២០២៦ អត្រាការិយាល័យទំនេរ (vacancy rate) នៅក្នុងសង្កាត់ចំនួន២៣ នៅកណ្តាលទីក្រុងតូក្យូមានត្រឹមតែ២,១% ប៉ុណ្ណោះ ដោយបានធ្លាក់ចុះរយៈពេល៧ខែជាប់ៗគ្នា។

ក្រុមហ៊ុន CBRE បានប៉ាន់ប្រមាណថា នៅឆ្នាំ ២០២៦នេះ ការផ្គត់ផ្គង់ការិយាល័យថ្មីនៅក្នុងសង្កាត់សំខាន់ៗចំនួន ២៣ របស់ទីក្រុងតូក្យូនឹងគ្របដណ្តប់បាន៨០ភាគរយប៉ុណ្ណោះនៃតម្រូវការសរុប។

កង្វះនៃការផ្គត់ផ្គង់បានធ្វើឱ្យតម្លៃជួលកើនឡើងក្នុងអត្រាប្រកបដោយស្ថិរភាព។ តម្លៃជួលការិយាល័យជាមធ្យមនៅក្នុងសង្កាត់ទាំង២៣ បានកើនឡើង៥ភាគរយដល់២០.៤៧៧យ៉េន (១៣៤ដុល្លារ) ក្នុងមួយ tsubo កាលពីខែកុម្ភៈ ឆ្នាំនេះ ធៀបនឹងឆ្នាំមុន ដែលជាការកើនឡើងរយៈពេល១០ខែជាប់ៗគ្នា៕ប្រភព: Nikkei Asia៕

លោកឧកញ៉ាចេង ខេងបង្ហើបពីដីធ្លីដែលកំពុងមានតម្រូវការក្នុងទីផ្សារដើមឆ្នាំ២០២៦នេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនCPL Cambodia លោកឧកញ៉ាចេង ខេង បានបង្ហើបពីស្ថានភាពទីផ្សារដីធ្លី ដែលកំពុងមានតម្រូវការនាពេលបច្ចុប្បន្ននេះ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីព្រឹកថ្ងៃទី៩ មិនាកន្លងមកថា ទីផ្សារដីធ្លីដែលកំពុងមានតម្រូវការបច្ចុប្បន្នភាពច្រើន ជាដីសម្រាប់សាងសង់គំរោងឧស្សាហកម្ម និងដីកសិកម្ម ដែលលោកបាននិងកំពុងមានភ្ញៀវនៅក្នុងដៃ។

លោកបន្តថា “នៅព្រឹកនេះ ខ្ញុំកំពុងធ្វើការជាមួយអ្នកវិនិយោគ ដែលពួកគាត់មានតម្រូវការដី សម្រាប់សាងសង់តំបន់ឧស្សាហកម្ម”។

វិស័យឧស្សាហកម្មកម្ពុជា នៅតែមានកំណើនរឹងមាំសម្រាប់ឆ្នាំ​២០២៦នេះ ជាមួយនឹងកំណើនព្យាករណ៍កម្ពុជា នឹងសម្រេចបានក្នុងរង្វង់៨ភាគរយ។

វិស័យឧស្សាហកម្មកម្ពុជាបាន និងកំពុងក្លាយជាផលិតផលនាំចេញធំជាងគេរបស់កម្ពុជា រួមមានសម្លៀកបំពាក់ កាបូបធ្វើដំណើរ កង់ ស្បែកជើង និងសម្ភារៈចាំបាច់ដទៃទៀត។ លើសពីនេះអនុវិស័យកម្មន្តសាល ក៏មានការរីកចម្រើនខ្ពស់ ដោយកម្ពុជាមានរោងចក្រដំឡើងរថយន្ត ម៉ូតូ កាន់តែច្រើនផងដែរ។

ជាមួយនឹងភាពមិនប្រាកដប្រជា នៃទីផ្សារអចលនវត្ថុកម្ពុជា លោ​កឧកញ៉ាសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានបង្ហាញសុទិដ្ឋិនិយម ដោយប្រយ័ត្នប្រយែងផងដែរ ដោយលោកលើកឡើងថា ទីផ្សារកំពុងមានឱកាសរីកចម្រើនខ្លះៗ ប៉ុន្តែកំពុងប្រឈមមុខនឹងការលំបាកនៅឡើយ៕

តម្លៃផ្ទះនៅប្រទេសអាល្លឺម៉ង់រំពឹងអាចកើនឡើងប្រមាណ៣ភាគរយក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៨

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះនៅប្រទេសអាល្លឺម៉ង់នឹងអាចកើនឡើងប្រមាណ៣ភាគរយក្នុងមួយឆ្នាំរហូតដល់ឆ្នាំ២០២៨ ដែលធ្វើឱ្យអ្នកទិញផ្ទះលើកដំបូងកាន់តែពិបាកមានលទ្ធភាពទិញផ្ទះ។ នេះបើយោងតាមក្រុមអ្នកវិភាគអចលនទ្រព្យដែលត្រូវបានស្ទង់មតិដោយកាសែត Reuters។

ទីផ្សារលំនៅឋាននៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុបបានងើបឡើងវិញក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយតម្លៃផ្ទះបានកើនឡើងជិត៦ភាគរយកាលពីឆ្នាំមុន។

លិខិតអនុញ្ញាតសាងសង់ (Building permit) ដែលជាសូចនាករនៃសកម្មភាពសាងសង់នាពេលអនាគត បានកើនឡើងនៅឆ្នាំ២០២៥ ជាលើកដំបូងក្នុងរយៈពេល៤ឆ្នាំ ដែលបង្ហាញថា ទីផ្សារនឹងបន្តងើបឡើងវិញ។

តម្លៃផ្ទះជាមធ្យមនៅអាល្លឺម៉ង់ត្រូវបានគេរំពឹងថា នឹងកើនឡើង៣,៣% ក្នុងឆ្នាំ២០២៦ ៣% ក្នុងឆ្នាំ២០២៧ និងឆ្នាំ២០២៨។ នេះបើយោងតាមក្រុមអ្នកវិភាគអចលនទ្រព្យចំនួន១២ នាក់ដែលត្រូវបានស្ទង់មតិដោយកាសែត Reuters រវាងថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី៥ ខែមីនា។

ធនាគារកណ្តាលអឺរ៉ុបត្រូវបានគេរំពឹងថា នឹងរក្សាអត្រាការប្រាក់តំបន់អឺរ៉ូឱ្យនៅថេរដដែលរហូតដល់ដំណាច់ឆ្នាំនេះ បន្ទាប់ពីការកាត់បន្ថយអត្រាការប្រាក់ជាបន្តបន្ទាប់កន្លងមកបានគាំទ្រដល់ការងើបឡើងវិញនៃទីផ្សារនាពេលថ្មីៗនេះ។

ទោះជាយ៉ាងណា លទ្ធភាពរំពឹងទុកចំពោះការដំឡើងអត្រាការប្រាក់បានកើនឡើងដោយសារតែហានិភ័យអតិផរណាដែលអាចកើតមានពីជម្លោះនៅតំបន់មជ្ឈិមបូព៌ា។

លោក Carsten Brzeski ប្រធានផ្នែកម៉ាក្រូសេដ្ឋកិច្ចសកលនៅក្រុមហ៊ុន ING បានមានប្រសាសន៍ថា ការងើបឡើងវិញនៃទីផ្សារនឹងបន្ត ប៉ុន្តែនៅតែមានភាពផុយស្រួយ។

លោកបានគូសបញ្ជាក់ថា អ្នកប្រើប្រាស់នៅតែមានការប្រុងប្រយ័ត្ន ដោយសារកម្រិតខ្ពស់នៃភាពមិនប្រាកដប្រជាទាំងភូមិសាស្ត្រនយោបាយ និងគោលនយោបាយក្នុងស្រុក ការកើនឡើងនៃភាពអត់ការងារធ្វើ និងកំណើនប្រាក់ឈ្នួលទាប៕ប្រភព: Reuters៕

គំរោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅក្រុងបាវិតបាននិងកំពុងដំណើរការបណ្តើរៗហើយ

ដោយៈ ចំណាន

    ស្វាយរៀងៈ ក្រុមមន្រ្តីបានចុះពិនិត្យប្រគល់-ទទួលបច្ចេកទេសអនុគម្រោងសាងសង់ទីលានទុកដាក់សំរាម ក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ។

លោករស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យប្រគល់-ទទួ​ល​បច្ចេកទេសអនុគម្រោង សាងសង់ទីលានទុកដាក់សំរាម ក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ដោយមានសមាសភាពអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ ព្រមទាំងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រធានគ្រប់គ្រងគម្រោង និងសមាជិកគម្រោង តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង តំណាងក្រុមហ៊ុនទីប្រឹក្សា តំណាងក្រុមហ៊ុនសាងសង់ និងមន្ត្រីបច្ចេកទេសជំនាញពាក់ព័ន្ធ។

ការចុះពិនិត្យនេះធ្វើឡើងដើម្បីប្រគល់-ទទួលបច្ចេកទេស និងការធ្វើសម្រង់បញ្ជីហេដ្ឋារចនាសម្ព័ន្ធ ដែលជាសមិទ្ធផលអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងបាវិត នៃគម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលនឹងត្រូវប្រគល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានក្រុមការងារគ្រប់គ្រង និងប្រតិបត្តិទីលានទុកដាក់សំរាមក្រុងបាវិត ដើម្បីប្រតិបត្តិការ គ្រប់គ្រង និងថែរទាំបន្ត៕

គំរោងសាងសង់ស្ពានចក្រអង្រែក្រោម ព្រែកប្រាសម្រេចបានវឌ្ឍនភាព ខណៈការតភ្ជាប់មកកាន់ផ្លូវជាតិលេខ១ត្រូវបានត្រួសត្រាយរួច

ដោយៈ ចំណាន

    ភ្នំពេញៈ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោ​ម-ព្រែកប្រា សម្រេចបាន៦២%ហើយ គិតត្រឹមដើមខែមីនា ឆ្នាំ២០២៦ នេះ។

ព័ត៌មាននេះត្រូវបានបង្ហើបឲ្យដឹង នៅពេលលោកសួង ហេង រដ្ឋលេខាធិការ និងជានាយកគម្រោង ចុះពិនិត្យតាមដានការអនុវត្តគម្រោង និងការចាប់ផ្តើមដឹកជញ្ជូនធ្នឹមស្ពានទៅត្រើយខាងកើត ដែលគិតត្រឹមដើមខែមីនា ឆ្នាំ២០២៦នេះ សម្រេចបាន៦២% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋាន សាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

វឌ្ឍនភាពគម្រោងរួមមាន ១). ផ្នែកគ្រឹះស្ពាន សម្រេច ១០០% ២). រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន១០០%។ ៣). រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន៤៧% (ធ្នឹមT តម្លើង១៨០ ដើម សម្រេចបាន ១៣០ និងធ្នឹមT ចាក់នៅកន្លែង១៨០ដើម សម្រេចបាន ៨៤) ៤).បណ្តាញ ផ្លូវសម្រេចបាន៤៣ % (តភ្ជាប់ ប្រវែង ៨០៤,៣០ម. សម្រេចបាន ៣៥% និងផ្លូវបង្វែរទិស( Ram) ប្រវែង ១,៥៤ម. សម្រេចបាន ៣៦%)។ បច្ចុប្បន្នក្រុមហ៊ុនបានចាប់ផ្តើមដំណើរការដឹកធ្នឹមស្ពាន ពីត្រើយខាងលិចទៅត្រើយខាងកើត ដែលធ្នឹមស្ពានមានចំនួន៩៦ដើម ដែលត្រូវដឹកជញ្ជូន។

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)នេះ នៅពេលដែលការដោះស្រាយ ផលប៉ះពាល់ផ្នែកខាងកើត មិនអាចដោះស្រាយរួចរាល់តាមផែនការ ក្រុមហ៊ុនសាងសង់បានសម្រេចរៀបចំទីតាំងផលិតឆ្នឹមស្ពានរួមគ្នា នៅផ្នែកខាងលិច ហើយត្រូវដឹកជញ្ជូន ទៅដំឡើងស្ពាននៅផ្នែកខាងកើតវិញ។

ការដឹកជញ្ជូននេះនឹងត្រូវឆ្លងកាត់ មហាវិថីឈុន គង់ (កំពុងសាងសង់) មហាវិថី សម្តេចតេជោមហាវិថី ស៊ីជីនពីង និងផ្លូវលេខ១១០។ ក្នុងន័យនេះ ដើម្បីឱ្យការដឹកជញ្ជូនទាន់តាមផែនការគ្រោងទុក និងប្រកបដោយសុខសុវត្ថិភាព ក្រសួងបានស្នើឱ្យជ្ញាធរមូលដ្ឋានពាក់ព័ន្ធជួយសម្រួលជូនក្រុមហ៊ុនសាងសង់។

ជាមួយគ្នានេះ ការតភ្ជាប់ចរាចរណ៍ពីស្ពាននេះ មកកាន់ផ្លូវជាតិលេខ១ ត្រូវបានត្រួសត្រាយរួចហើយ ដោយផ្លូវនេះនឹងកាត់ផ្លូវមេធំមួយគឺផ្លូវនៃគំរោងអេកូ សាន់រ៉ាយ របស់បុរីប៉េង ហួតបឹងស្នោ តភ្ជាប់មកកាន់ផ្លួវជាតិលេខ១៕

អាគារពាណិជ្ជកម្មនៅកៀកវិមានរដ្ឋាភិបាលកណ្តាលរាជធានីភ្នំពេញមានអ្វីពិសេសនិងរចនាដោយក្រុមហ៊ុនណា?

ដោយៈ ម៉ាណា

    ភ្នំពេញៈ អគារទីស្នាក់ការកណ្តាលរបស់ធនាគារFTB ត្រូវបានរចនាដោយ Aedas ដែលជាក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិល្បីឈ្មោះលើពិភពលោក ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ និងហុងកុង។

Aedas គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនសកល ដែលរចនាអគារខ្ពស់ៗ និងប៉មពាណិជ្ជកម្មធំៗនៅទូទាំងពិភពលោក។

១. ក្រុមហ៊ុនសំណង់

អ្នកម៉ៅការសំខាន់៖ ក្រុមហ៊ុន China Construction Midland (Cambodia) Co., Ltd ដែលជាផ្នែកមួយនៃសាជីវកម្មវិស្វកម្មសំណង់រដ្ឋចិន។

២. តម្លៃវិនិយោគ

ត​ម្លៃទុននៃការវិនិយោគសរុប ប្រហែល១១២លានដុល្លារអាមេរិក ជាមួយកំពស់២៨ ជាន់ពីលើដី និង៤ជាន់ក្រោមដីសម្រាប់ចតរថយន្ត។

៣. កម្ពស់

កម្ពស់ផ្លូវការពិតប្រាកដជាម៉ែត្រ មិនទាន់ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅឡើយទេ ប៉ុន្តែអគារការិយាល័យ២៨ ជាន់ដូចនេះ ជាធម្មតាមានកម្ពស់ប្រហែល១២០-១៤០ម៉ែត្រ។

៤. លក្ខណៈពិសេសផ្សេងទៀត

ផ្ទៃក្រឡាសរុបរបស់អាគារទាំងមូល មានទំហំផ្ទៃក្រឡាសរុបប្រហែល៧៧,០០០ ទៅ៧៨,០០០ ម៉ែត្រការ៉េ។

លក្ខណៈពិសេសដទៃទៀត គឺអាគារនេះចំណតឧទ្ធម្ភាគចក្រនៅលើដំបូលសម្រាប់ឧទ្ធម្ភាគចក្រ។

វាមានទីតាំង ស្ថិតនៅលើមហាវិថីសហព័ន្ធរុស្ស៊ី រាជធានីភ្នំពេញ ជិតវិមានសន្តិភាព និងទីស្តីការគណៈរដ្ឋមន្ត្រី?

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងពិភាក្សាសហការជាមួយអ្នកធុរកិច្ចជប៉ុនដើម្បីវិនិយោគបុរីវិមានសំណាង

ដោយៈ ម៉ាណា

    ភ្នំពេញៈ ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានអញ្ជើញទទួលជួប​អ្នកវិនិយោគមកពីប្រទេសជប៉ុន ដែលស្វែងរកឱកាសវិនិយោគពាណិជ្ជកម្មជាមួយនឹង បុរី វិមានសំណាង និងវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា នៅការិយាល័យ បុរី វិមានសំណាង។

ក្នុងជំនួបពិភាក្សាធុរកិច្ចនេះកាលពីថ្ងៃទី៨ មិនា លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានធ្វើបទបង្ហាញអំពីគម្រោងបុរី វិមានសំណាង និងការផ្សព្វផ្សាយអំពីវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា ទៅកាន់អន្តរជាតិ ជាពិសេសបានផ្តល់ឱកាសដ៏ល្អ សម្រាប់ការចូលរួមអាជីវកម្ម ការសហការគ្នា ដើម្បីជួយគ្នាឲ្យវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជារីកចម្រើន។

កន្លងមកក៏មានភ្ញៀវ និងអ្នកវិនិយោគអន្តរជាតិជាច្រើនបានមកទស្សនា និងសិក្សាអំពី បុរី វិមានសំណាងផងដែរ។

បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាង​ការសាងសង់វីឡាបែបទំនើបនានា។

បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិប្រវែង១០០០ម៉ែត្រ ស្មើជិត៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់គ្រួសារ អភិជនកម្ពុជាស្នាក់នៅ​ប្រចាំថ្ងៃ៕

អ្នកធុរកិច្ចកូរ៉េសិក្សាស្វែងយល់ពីឱកាសវិនិយោគរោងចក្រផ្គុំដំឡើងម៉ូតូអគ្គិសនីនៅកម្ពុជា

ដោយៈ ចំណាន

    ភ្នំពេញៈ គណៈប្រតិភូវិនិយោគិន មកពីសាធារណរដ្ឋកូរ៉េបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើគំរោងបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូអគ្គិសនីនៅកម្ពុជា។

ព៌ត៌មាននេះត្រូវបានលើកឡើង នៅពេលលោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិន មកពីសាធារណរដ្ឋកូរ៉េ ដែលមានបំណងចង់ស្វែងយល់ពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសការបង្កើតរោងចក្រផ្គុំដំឡើងម៉ូតូអគ្គិសនីនៅកម្ពុជា។

នៅក្នុងឱកាសនេះ លោកឃុន ហេងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនកូរ៉េ ដែលបានសម្លឹងឃើញកម្ពុជា ជាគោលដៅវិនិយោគចម្បងរបស់ខ្លួន។

ទន្ទឹមនេះ លោកបានជម្រាបជូនគណៈប្រតិភូ អំពីបរិយាកាសវិនិយោគនៅកម្ពុជា និងជាពិសេសការយកចិត្តដាក់ខ្ពស់របស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញ និងជំរុញការវិនិយោគទាំងក្នុងនិងក្រៅប្រទេស៕

តើបន្ទាប់ពីការបង្រ្កាបប្រព័ន្ធScam Onlineខេត្តព្រះសីហនុនៅរក្សាបានសក្តានុពលទាក់ទាញការវិនិយោគ?

ដោយៈ ម៉ាណា

    ព្រះសីហនុៈ ថ្នាក់ដឹកនាំ អ្នកវិភាគ និងអង្គការជាច្រើនបាននិយាយអំពីថា តើខេត្តព្រះសីហនុ អាចរីកចម្រើនឡើងវិញបានដែរឬទេ បន្ទាប់ពីការបង្ក្រាបការឆបោក។

ការវិភាគទាំងនេះ គឺជាចំណុចសំខាន់ៗដែលបាននិយាយ និងការវិភាគរបស់ពួកគេ៖

១. រដ្ឋាភិបាលកម្ពុជា ទស្សនៈសុទិដ្ឋិនិយម

រដ្ឋាភិបាលនិយាយថា ការឆបោកតាមអ៊ីនធឺណិតបានបំផ្លាញកេរ្តិ៍ឈ្មោះ និងបរិយាកាសវិនិយោគរបស់កម្ពុជា ដូច្នេះពួកគេបានបើកការបង្ក្រាបដ៏ធំមួយ។

គោលដៅនៃការបង្រ្កាបនេះ ដើម្បីស្តារទំនុកចិត្តរបស់វិនិយោគិន និងកសាងសេដ្ឋកិច្ចឡើងវិញ រួមទាំងទីក្រុងដូចជាខេត្តព្រះសីហនុផងដែរ។

ការឆ្មក់ចូលថ្មីៗនេះនៅទូទាំងប្រទេសកម្ពុជា បាននាំឱ្យមានការចាប់ខ្លួនរាប់ពាន់នាក់ និងការបិទទីតាំងឆបោក។

២.​ ការវិភាគ

រដ្ឋាភិបាលជឿជាក់ថា ការលុបបំបាត់ការឆបោកនឹងជួយនាំមកវិញនូវការរីកចម្រើនលើវិស័យជាច្រើនដូចជា

  • ទេសចរណ៍
  • កាស៊ីណូស្របច្បាប់
  • ការវិនិយោគលើភស្តុភារ និងកំពង់ផែ
  • ការអភិវឌ្ឍអចលនទ្រព្យ

៣. អ្នកវិភាគសេដ្ឋកិច្ច និងវិនិយោគៈកេរ្តិ៍ឈ្មោះត្រូវតែងើបឡើងវិញ

អ្នកវិភាគសេដ្ឋកិច្ច ដែលត្រូវបានសម្ភាសន៍ដោយប្រព័ន្ធផ្សព្វផ្សា​យនិយាយថា ការបង្ក្រាបនេះអាចជួយកសាងរូបភាព របស់កម្ពុជាឡើងវិញសម្រាប់វិនិយោគិន ប្រសិនបើវាត្រូវបានបន្តរយៈពេលវែង។

ខេត្តព្រះសីហនុ ធ្លាប់ជាទីក្រុងទេសចរណ៍ និងវិនិយោគដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ប៉ុន្តែឧស្សាហកម្មឆបោកបានបំផ្លាញកេរ្តិ៍ឈ្មោះសកលរបស់ទីក្រុង។

ផ្ទុយទៅវិញ ប្រសិនបើរដ្ឋាភិបាលបង្ហាញ ពីការអនុវត្តច្បាប់ដ៏រឹងមាំ ការវិនិយោគបរទេស អាចវិលត្រឡប់មកវិញបន្តិចម្តងៗ។

៤. ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកស្រាវជ្រាវអន្តរជាតិ ការងើបឡើងវិញអាចធ្វើទៅបាន ប៉ុន្តែពិបាក

របាយការណ៍អន្តរជាតិនិយាយថា ក្រុងព្រះសីហនុបានក្លាយជាមជ្ឈមណ្ឌលសកលដ៏សំខាន់ សម្រាប់ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត ដែលប៉ះពាល់ដល់ទេសចរណ៍ និងអាជីវកម្ម។

អ្នកស្រាវជ្រាវក៏បានកត់សម្គាល់ផងដែរ៖

  • ឧស្សាហកម្មឆបោក បានបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅអាស៊ីអាគ្នេយ៍។
  • ប្រតិបត្តិការជាច្រើនបានប្រើប្រាស់កាស៊ីណូ សណ្ឋាគារ និងអគារការិយាល័យនៅក្រុងព្រះសីហនុ។
  • ការសម្អាតការឆបោកគឺចាំបាច់ សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ច ប៉ុន្តែការកសាងទំនុកចិត្តអន្តរជាតិឡើងវិញ អាចចំណាយពេលច្រើនឆ្នាំ។

៥. អង្គការមិនមែនរដ្ឋាភិបាល និងក្រុមសិទ្ធិមនុស្ស

ក្រុមដូចជាអង្គការលើកលែងទោសអន្តរជាតិនិយាយថា បណ្តាញឆបោកមួយចំនួនអាចនៅតែមាន ហើយការអនុវត្តត្រូវតែបន្ត។

  • ប្រសិនបើអំពើពុករលួយ ឬការអនុវត្តច្បាប់ខ្សោយនៅតែបន្ត ក្រុងព្រះសីហនុ អាចនឹងពិបាកទាក់ទាញវិនិយោគិន ពិតប្រាកដម្តងទៀត៕