សម្តេចតេជោ ហ៊ុន សែន៖ «ពេញមួយជិវិតរបស់ខ្ញុំមិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺ ជីវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ»

0

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងសារតាមបណ្តាញសង្គមនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះថា ពេញមួយជិវិតរបស់សម្តេច មិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺ «ជិវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ»។

ក្នុងសភាពការប្រទេសប្រទេសជាតិ និងប្រជាជនកំពុងរងគ្រោះបែបនេះ យើងគ្មានសិទ្ធិឈឺនិងគ្មានសិទ្ធិសម្រាកនោះឡើយ។
យើងមិនមានទម្លាប់ចាកចោលប្រជាជន នៅពេលពួកគាត់កំពុងជួបការលំបាកនោះទេ។ ពេញមួយជិវិតរបស់ខ្ញុំមិនខុសជាមួយយុទ្ធជនផ្សេងទៀតនោះទេគឺ (ជិវិតជូនជាតិអដ្ឋិធាតុជូនគ្រួសារ)៕

ពីសមរភូមិក្រោយៈ ស្ថាបនិកគេហទំព័រPropertyareaនាំអំណោយមួយចំនួនជូនវីរៈយុទ្ឋជននៅសមរភូមិមុខនិងជនភៀសសឹក

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្នុងស្មារតីជាតិតែមួយ ក្នុងស្មារតីអ្នកគាំទ្រពីសមរភូមិក្រោយ លោកយិន លាងគង់ សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia បានទិញអំណោយមួយចំនួន ដើម្បីជួយដល់វីរៈ

យុទ្ឋជន និងជនភៀសសឹកនៅសមរភូមិមុខ។

អំណោយទាំងនោះ ក៏មានការចូលរួមពីម្ចាស់ហាងម៉ី ម៉ី ជីង ជីង ស្ថិតនៅលើផ្លូវក្លាស្ទ័រ បុរីប៉េង ហួតបឹងស្នោ ដែលបានរួមគ្នាជួយដល់អ្នកនៅសមរភូមិមុខផងដែរ។

លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹង នៅរសៀលថ្ងៃទី២៧ កក្កដានេះថា ការរួមចំណែកមួយនេះ មិនមានវិសាលភាពនិងទំហំធំធេងទេ តែវាជាទឹកចិត្តរបស់លោកនិងម្ចាស់ហាងខាងលើ ដើម្បីជួយដល់វីរៈយុទ្ឋជន និងជនភៀសសឹក ដែលកំពុងរងគ្រោះដោយសារការឈ្លានពានពីសំណាក់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

លោកបន្តថា “ការរួមចំណែកជួយដល់ប្រជាពលរដ្ឋ និងវីរៈយុទ្ឋជនយើងនាពេលនេះ មិនចាំបាច់ដល់តែយើង មានលុយចាយមិនអស់នោះទេ តែយើងអាចរួមចំណែកទាំងអស់គ្នា តាមលទ្ឋភាព និងធនធា​នរបស់យើង”។

លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឋខ្មែរ ក្នុងនិងក្រៅ​ប្រទេសសូមរួបរួមគ្នា និងជួយគ្នាក្នុងកាលៈទេសៈដ៏លំបាកនេះ៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ថវិកា ២០០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ សម្រាប់ជួយដល់ជនភៀសសឹក

0

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ២០០លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ សម្រាប់ជួយដល់ប្រជាជនស៊ីវិលដែលកំពុងភៀសសឹក នៅកម្ពុជា ដោយសារសង្គ្រាមនៅព្រំដែន។

សូមជម្រាបថា កាលពីរសៀលថ្ងៃដដែលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្រេចផ្តល់ថវិកាចំនួន ៣០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយដល់ប្រជាពលរដ្ឋស៊ីវិលកម្ពុជាដែលកំពុងភៀសសឹក ដោយសារសង្គ្រាមនៅតាមព្រំដែនផងដែរ៕

ក្រុមហ៊ុន ជីបម៉ុង ចូលរួមឧបត្ថម្ភថវិកា ២,០០០,០០០ដុល្លារ (២លានដុល្លារ) ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

0

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រុមហ៊ុន ជីបម៉ុង បានប្រកាសឧបត្ថម្ភថវិកា ២,០០០,០០០ដុល្លារ (២លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន​ជីបម៉ុង គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕

លោកអ្នកឧកញ៉ា ចំនួន៣រូបធំៗ បរិច្ចាគថវិកាម្នាក់១លានដុល្លារសម្រាប់ជួយកងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ

0

(ភ្នំពេញ)៖ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, លោកអ្នកឧកញ៉ា ចំនួន៣រូបធំៗ បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ។

១. លោកអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោកជំទាវ ម៉ៅ ចំណាន បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ)។

២. អ្នកឧកញ៉ា ហុង ពីវ និងលោកជំទាវ បានប្រកាសឧបត្ថម្ភថវិកា ២,០០០,០០០ដុល្លារ (២លានដុល្លារ)។

៣. អ្នកឧកញ៉ា សំ អាង និងអ្នកឧកញ៉ា ឈុន លាង បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ។

ការចូលរួមឧបត្ថម្ភថវិការបស់ លោកអ្នកឧកញ៉ា គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ជាមួយនោះដែរ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​លោកអ្នកឧកញ៉ា​គិត ម៉េង និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ​ចំណាន បានដឹកនាំ និងជំរុញការរៀបចំបង្កើតមូលនិធិ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ,​ក្រុមហ៊ុនសែលកាត និងធនាគារវីង ដោយបាន បង្កើតមូលនិធិស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមដោយស្ម័គ្រ​ចិត្តបានថវិការហូតចំនួន ៥០០,២១៦ដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន តាមរយៈថ្លែងការណ៍ចេញពីព្រឹទ្ធសភា បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជាធ្លង់មួយនៃខឿនការពារជាតិរបស់កម្ពុជា។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕

 

ក្រុមហ៊ុន ប៉េង ហួត គ្រុប ចូលរួមឧបត្ថម្ភថវិកា ១លានដុល្លារ ដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីកម្ពុជា

0

(ភ្នំពេញ)៖ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានប្រកាសឧបត្ថម្ភថវិកា ១,០០០,០០០ដុល្លារ (១លានដុល្លារ) ដល់កងទ័ពជួរមុខកម្ពុជា ដែលឈរជើងនៅបណ្តោយព្រំដែនកម្ពុជា-ថៃ តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

ការចូលរួមឧបត្ថម្ភថវិការបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប គឺជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឆ្លៀតឱកាសនេះ យើងខ្ញុំសូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕

ស្ថាប័នសារព័ត៌មានអន្តរជាតិធំៗបង្ហាញចំណុចសំខាន់ៗមួយចំនួន ដែលកម្ពុជាមានប្រៀបនៅក្នុងសង្គ្រាមជាមួយភាគីថៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានា និងការវិភាគដោយក្រុមអ្នកជំនាញជាច្រើនបង្ហាញថា កម្ពុជាមានប្រៀបមួយចំនួននៅក្នុងសង្គ្រាមជាមួយភាគីថៃ រួមមានប្រៀបផ្នែកច្បាប់ និងការទូត ប្រៀបផ្នែកសារនយោបាយ និងឯកភាពផ្ទៃក្នុង និងការប្រើប្រាស់យុទ្ធសាស្ត្រនៃកាំភ្លើងធំបាញ់គ្រាប់រ៉ុក្កែត។

កាសែតអង់គ្លេស The Guardian និងវេទិកា Global South Forum បានលើកឡើងថា ប្រទេសកម្ពុជាបានប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយជោគជ័យនៅឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ដើម្បីទាមទារអធិបតេយ្យភាពលើតំបន់ប្រាសាទព្រះវិហារ។

កម្ពុជា​កំពុង​លើក​យក​គំរូ​ផ្លូវ​ច្បាប់​ទាំង​នោះ​មកប្រើប្រាស់ដើម្បី​បង្ហាញ​ទៅកាន់ពិភពលោកថា ប្រទេស​ថៃ​បាន​បំពាន​ច្បាប់​អន្តរជាតិ។

តាមរយៈការប្តឹងទៅកាន់តុលាការ ICJ និងអង្គការសហប្រជាជាតិ កម្ពុជាព្យាយាមបង្ហាញថា ខ្លួនជាអ្នកគោរពច្បាប់។ នេះបើយោងតាមកាសែតអង់គ្លេស The Guardian និងវេទិកា Global South Forum។

កម្ពុជា​បាន​ចាត់​ទុក​ជម្លោះ​​នេះថា​ ជា​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​របស់ភាគី​ថៃ។ ការណ៍នេះបានចាក់ដោតយ៉ាងជ្រាលជ្រៅទៅក្នុងស្មារតីជាតិនិយមរបស់សាធារណជនកម្ពុជា និងបង្រួបបង្រួមសាមគ្គីភាពផ្ទៃក្នុង។

កាសែតសិង្ហបុរី Channel News Asia និងកាសែតអាល្លឺម៉ង់ DW បានចុះផ្សាយថា ​វោហាសាស្ត្រការពារ​ប្រាសាទ​ព្រះវិហារ​ និងវោហាសាស្ត្រ​ប្រឆាំង​ថៃ របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាន​ប្រមូល​ផ្ដុំ​នូវ​ការ​គាំទ្រ​ជាតិ។

កម្ពុជាក៏ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់កាំភ្លើងធំបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ដូចជាប្រព័ន្ធ WS-1B របស់ប្រទេសចិន និងប្រព័ន្ធ BM-11 របស់ប្រទេសកូរ៉េខាងជើង ដែលអាចវាយប្រហារឆ្លងកាត់ព្រំដែន។

កាសែតឥណ្ឌា Economic Times India និងកាសែត EurAsian Times បានរាយការណ៍ថា «កម្ពុជា​ខ្វះខាត​អំណាច​ផ្លូវអាកាស។ ប៉ុន្តែ​ កម្ពុជាមាន​កាំភ្លើង​ធំ​បាញ់គ្រាប់​រ៉ុក្កែត​ ដែលមាន​សមត្ថភាព​វាយ​ប្រហារ​ឆ្លងដែនទៅលើគោលដៅ​យោធាថៃ»។

ជាមួយគ្នានេះ កាសែត Reuters បានរាយការណ៍ ដោយដកស្រង់ប្រភពពីក្រសួងការបរទេសថៃ មកចុះផ្សាយថា ប្រទេសថៃបានច្រានចោលកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលពីបណ្តាប្រទេសទីបីដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា ដោយថៃទទូចឱ្យកម្ពុជាបញ្ឈប់ការវាយប្រហារ និងដោះស្រាយតាមរយៈកិច្ចពិភាក្សាទ្វេរភាគីតែប៉ុណ្ណោះ។

លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បានថ្លែងប្រាប់កាសែត Reuters ថា សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំនេះ បានស្នើសុំធ្វើជាអ្នកសម្របសម្រួលកិច្ចសន្ទនា។ ប៉ុន្តែ ទីក្រុងបាងកកអះអាងថា ខ្លួនកំពុងស្វែងរកដំណោះស្រាយទ្វេរភាគីចំពោះជម្លោះនេះ។

លោក Nikorndej បានថ្លែងនៅក្នុងបទសម្ភាសន៍មួយថា «ខ្ញុំមិនគិតថា យើងត្រូវការការសម្រុះសម្រួលណាមួយពីប្រទេសទីបីនៅឡើយទេ។ យន្តការទ្វេរភាគីជាច្រកចេញដ៏ល្អបំផុត។ នេះជាការប្រឈមមុខគ្នារវាងប្រទេសទាំងពីរ»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកោះប្រជុំលើបញ្ហានេះ ដោយសម្តេចបានថ្កោលទោសចំពោះការឈ្លានពានខាងផ្នែកយោធាដោយប្រទេសថៃ។

ជាការឆ្លើយតប ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអះអាងថា ខ្លួននឹងបើកកិច្ចប្រជុំបិទទ្វារដើម្បីពិភាក្សាអំពីបញ្ហានេះនៅថ្ងៃសុក្រនេះ៕ប្រភព: CNA DW Reuters The Guardian …៕

តើការវិនិយោគអចលនទ្រព្យនៅកម្ពុជា និងប្រទេសជិតខាងមានភាពទាក់ទាញ និងភាពខុសគ្នាដូចម្តេច?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យនៅកម្ពុជាអាចផ្តល់ផលចំណេញដ៏គួរឱ្យទាក់ទាញសម្រាប់បណ្តាអ្នកវិនិយោគ ជាពិសេសនៅក្នុងទីផ្សារខុនដូ ខណៈវិស័យអចលនទ្រព្យនៅបណ្តាប្រទេសអាស៊ានផ្សេងទៀតកំពុងបង្ហាញពីល្បឿនខុសៗគ្នានៃការងើបឡើងវិញ។

នៅដើមឆ្នាំ២០២៥ តម្លៃខុនដូនៅរាជធានីភ្នំពេញមានទំហំទឹកប្រាក់ប្រមាណ២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈច្បាប់កម្មសិទ្ធិបរទេសមានភាពអំណោយផល។ ជាមួយគ្នានេះ ផលចំណេញពីការជួលមានអត្រាចន្លោះពី៦ភាគរយទៅ៨ភាគរយ និងនិន្នាការនគរូបនីយកម្ម។

ទោះបីជាទីផ្សារអចលនទ្រព្យនៅកម្ពុជាផ្តល់ផលចំណេញត្រឡប់មកវិញនៃការវិនិយោគខ្ពស់យ៉ាងណាក្តី ក៏ប៉ុន្តែសន្ទុះរបស់កម្ពុជាមានលក្ខណៈពិសេសផ្តោតតែលើទីផ្សារខុនដូ ខណៈទីផ្សារការិយាល័យ ការលក់រាយ និងបដិសណ្ឋារកិច្ចហាក់មិនសូវទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគនោះឡើយ។

ប្រទេសកម្ពុជាមានភាពទាក់ទាញ។ ប៉ុន្តែការវិនិយោគភាគច្រើនផ្តោតលើខុនដូនៅក្នុងតំបន់ទីក្រុងសំខាន់ៗ ដោយសារតម្លៃខុនដូមានភាពប្រកួតប្រជែង និងមានអត្រាផលចំណេញខ្ពស់ពីការវិនិយោគ ហើយជនបរទេសមានសិទ្ធិកាន់កាប់ខុនដូចំនួន៧០ភាគរយនៃចំនួនយូនីតខុនដូសរុបនៅក្នុងអគារមួយ។

ផ្ទុយទៅវិញ ប្រទេសវៀតណាម ដែលជាប្រទេសជិតខាងកម្ពុជាបានបង្ហាញសក្តានុពលនៃកំណើនទាំងទីផ្សារលំនៅដ្ឋាន ឧស្សាហកម្ម ការលក់រាយ ការិយាល័យ និងបដិសណ្ឋារកិច្ច។ ការណ៍នេះធ្វើឱ្យទីផ្សារអចលនទ្រព្យវៀតណាមកាន់តែមានភាពទាក់ទាញ និងមានភាពរឹងមាំជាងកម្ពុជា។

ទីផ្សារលំនៅដ្ឋាន ឧស្សាហកម្ម ការិយាល័យ ការលក់រាយ និងបដិសណ្ឋារកិច្ចនៅប្រទេសវៀតណាមបានបង្ហាញនូវសន្ទុះកំណើនប្រកបដោយនិរន្តរភាពនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៥។

តម្រូវការជួលទីតាំងអចលនទ្រព្យឧស្សាហកម្មបានកើនឡើង បើទោះបីជាទទួលរងសម្ពាធសេដ្ឋកិច្ចពិភពលោកយ៉ាងណាក្តី។ តម្លៃជួលបានកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេសវៀតណាម។

លើសពីនេះ កំណើនភ្ញៀវទេសចរណ៍បរទេសបានជំរុញឱ្យតម្លៃបន្ទប់ស្នាក់នៅរបស់សណ្ឋាគារលំដាប់ផ្កាយ៥ នៅទីក្រុងហូជីមិញ និងរដ្ឋធានីហាណូយ បានកើនឡើងចន្លោះពី២,៤ភាគរយទៅ២,៦ភាគរយក្នុងឆមាសទី១ ឆ្នាំនេះបើធៀបនឹងឆ្នាំមុន ខណៈអត្រាគ្របដណ្តប់ការស្នាក់នៅ(Occupancy Rate)បានកើនឡើងដល់ចំនួន៧០ភាគរយ៕ប្រភព: The Investor និង Cushman & Wakefield៕

សម្តេចធិបតីៈ នាយករដ្ឋមន្រ្តីព្យាយាមសម្របសម្រួល តែថៃមិនទទួលយកបទឈប់បាញ់

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានទម្លាយសារអំពីកិច្ចខិតខំប្រឹងប្រែង សម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ាន ប៉ុន្តែភាគីថៃមិនទទួលយកបទឈប់បាញ់។

ខ្លឹមសារទាំងស្រុងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើបណ្តាញសង្គមផ្លូវការរបស់សម្តេច នារសៀលថ្ងៃទី២៥ ខែកក្កដានេះ

ដោយឃើញមានការចុះផ្សាយ នូវព័ត៌មានមិនច្បាស់លាស់ នៅតាមបណ្ដាសារព័ត៌មានអន្តរជាតិមួយចំនួន ពាក់ព័ន្ធទៅនឹងជំហររបស់កម្ពុជា សម្រាប់ការឈប់បាញ់ ដែលស្នើឡើងដោយឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន ខ្ញុំមានការចាំបាច់ត្រូវធ្វើការបញ្ជាក់ដូចខាងក្រោម។

កាលពីល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥ ម្សិលមិញនេះ ឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្ដូរវេនអាស៊ាន បានស្នើសុំជួបពិភាក្សាជាមួយខ្ញុំតាមទូរស័ព្ទ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនៅតាមបណ្ដោយព្រំដែន។

ឯកឧត្តមបានបង្ហាញនូវកង្វល់ ពាក់ព័ន្ធនឹងការប្រយុទ្ធគ្នានេះ ក៏ដូចជា ឆន្ទៈចង់ឱ្យមានការឈប់បាញ់គ្នាភ្លាម ដើម្បីបើកច្រកសម្រាប់ការស្វែងរកដំណោះស្រាយ រវាងភាគីទាំងពីរ។

ខ្ញុំបានបញ្ជាក់ច្បាស់ជាមួយឯកឧត្តម Anwar Ibrahim ថាកម្ពុជាឯកភាពជាមួយសំណើ របស់ឯកឧត្តមឱ្យមានការឈប់បាញ់ ព្រោះកម្ពុជា មិនបានចាប់ផ្តើមការវាយប្រយុទ្ធនេះទេ។

ជាចម្លើយបឋមដែលខ្ញុំបានទទួលពី ឯកឧត្តម Anwar Ibrahim ក្រោយពីឯកឧត្តមបានពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai នាយករដ្ឋមន្ត្រីស្តីទីថៃ គឺភាគីថៃបានឯកភាពជាមួយសំណើរបស់ឯកឧត្តម Anwar Ibrahim ស្តីពីការឈប់បាញ់ ដោយកំណត់យកម៉ោង១២យប់ ថ្ងៃទី ២៤ កក្កដា ២០២៥ ជាពេលដែលកងទ័ពទាំងសងខាងឈប់បាញ់គ្នា។

ប៉ុន្តែជាការសោកស្តាយ ដោយជាងមួយម៉ោងក្រោយនោះ ភាគីថៃបានជូនដំណឹងវិញថា ភាគីថៃបានប្តូរជំហរពីឯកភាពឈប់បាញ់ម៉ោង១២យប់ ថ្ងៃទី២៤ កក្កដា ២០២៥ ទៅជាមិនឯកភាព ហើយរង់ចាំសិន។ ឯកឧត្តម Anwar Ibrahim បានដឹងករណីនេះច្បាស់។

ហេតុដូច្នេះ អ្វីដែលជាគន្លឹះ សម្រាប់ការស្វែងរកការបញ្ចប់ជម្លោះប្រដាប់អាវុធរវាងថៃ និងកម្ពុជានៅពេលនេះ គឺសុឆន្ទៈពិតប្រាកដរបស់ភាគីថៃ ក្នុងការទទួលយកនូវការឈប់បាញ់ ដែលជាជំហានដំបូងនៃការស្វែងរកដំណោះស្រាយបន្តទៅមុខទៀតរវាងភាគីទាំងពីរ៕

កម្ពុជាឆ្លើយតបទៅភាគីថៃ ដែលបានប្រើប្រាស់អំពើហឹង្សាលើពលករខ្មែរដោយឥតខ្មាស់អៀន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកគង់ ភោគបានលើកឡើងថា កម្ពុជារំពឹងថា រដ្ឋាភិបាលថៃ និងប្រជាជនថៃ ក្នុងនាមជារដ្ឋដែលគោរពច្បាប់ នឹងប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ មិនប្រព្រឹត្តអំពើហិង្សាលើពលរដ្ឋខ្មែរ ដែលរស់នៅប្រទេសថៃ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោក គង់ ភោគ រៀបចំសន្និសីទសារព័ត៌មានមួយ បង្ហាញលទ្ធផលជំនួបរបស់ប្រមុខការទូតកម្ពុជា ជាមួយបណ្ដាទូតទាំងអស់ក្នុងប្រទេស នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។

លោក គង់ ភោគ បានបញ្ជាក់យ៉ាងដូច្នេះថា យើងបានធ្វើការ ដោយការទទួលខុសត្រូវដោយវិជ្ជាជីវៈ ដោយការគោរព ដោយថ្នាក់ដឹកនាំកំពូលរបស់យើង បានចេញរហូតដល់សារ ឲ្យរក្សាទំនាក់ទំនងល្អ ជាមួយនឹងប្រជាជន កុំបង្កឲ្យមានស្ថានភាពផ្សេងៗ ហើយយើងក៏រំពឹងដូចគ្នាទៅដល់ថៃ ក៏ដូចជាប្រជាជនថៃ ក្នុងនាមជារដ្ឋ ដែលគោរពច្បាប់ ដែលមានការទទួលខុសត្រូវ”។

បន្ថែមពីនោះទៀត លោក គង់ ភោគ បានគូសបញ្ជាក់ថា កម្ពុជានឹងបន្ដឆ្លើយតបទៅដល់តម្រូវការ និងការស្នើសុំផ្សេងៗ របស់ប្រជាពលរដ្ឋខ្មែរនៅប្រទេសថៃ ហើយកម្ពុជានឹងធ្វើការតវ៉ា ក៏ដូចជា ជូនដំណឹងទៅដល់ភាគីថៃ ក្នុងករណីមានអំពើហិង្សាណាមួយកើតឡើង មកលើប្រជាពលរដ្ឋខ្មែរ។

ពាក់ព័ន្ធជាមួយនឹងប្រជាជនខ្មែរ នៅប្រទេសថៃ លោក គង់ ភោគ ​ក៏សូមកោតសរសើរដល់ថ្នាក់ដឹកនាំ ក៏ដូចជា ​មន្ដ្រីរាជការរបស់កម្ពុជាគ្រប់ជាន់ថ្នាក់ ពីព្រោះបន្ទាប់ពីផ្ទុះសង្គ្រាម ដោយសារការឈ្លា​នពានរបស់ថៃភ្លាម គឺបានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យរក្សាភាពថ្លៃថ្នូរ ការគោរពគ្នាទៅវិញទៅមក ពីព្រោះនេះ គឺជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ។

លោកបានលើកឡើងទៀតថា ក្នុងនាមជារដ្ឋមួយ ដែលមានការទទួលខុសត្រូវ ដែលគោរពច្បាប់ ដូចករណីដូចប្រទេសកម្ពុជា គឺកម្ពុជាប្រកាន់ភ្ជាប់ត្រង់ចំណុចមួយនេះ។

លើសពីនោះទៀត លោក គង់ ភោគបានបញ្ជាក់ថា “នៅស្ថានទូតកម្ពុជានៅប្រទេសថៃ នៅមានមន្ដ្រីទូតរបស់យើង ដែលបន្ដបំពេញភារកិច្ច ទោះបីជានៅក្នុងស្ថានភាព លំបាកបែបនេះក៏ដោយ ដើម្បីឆ្លើយតបទៅគ្រប់តម្រូវការ និងភាពចាំបាច់ផ្សេងៗ ដែលប្រជាពលរដ្ឋកម្ពុជា កំពុងបម្រើការងារនៅប្រទេសថៃ ក៏ដូចជាអគ្គកុងស៊ុល នៅតាមតំបន់មួយចំនួន”៕