ដោយៈ ម៉ាណា
ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមTAFTAC ដឹកនំាដោយលោកEnjoy Ho ប្រធានសមាគម។
លោកអគ្គលេខាធិការបានស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលលោក Enjoy Ho បានដឹកនាំប្រតិភូសមាគមមកជួបពិភាក្សាការងារ នាពេលនេះ។ លោកអគ្គលេខាធិការបានអបអរសារទរ ចំពោះលោក Enjoy Ho ដែលត្រូវបានជ្រើសរើសឱ្យធ្វើជាប្រធានសមាគម ក្នុងអាណត្តិឆ្នាំ២០២៦-២០២៨។ ទន្ទឹមនេះ ឯកឧត្តមអគ្គលេខាធិការបានចែករំលែកនូវបទពិសោធន៍ការងារមួយចំនួន ជាមួយអតីតប្រធានសមាគម និងកិច្ចសហប្រតិបត្តិផ្សេងៗនាពេលកន្លងមក រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងសមាគម ក្នុងការលើកកម្ពស់បរិស្ថានវិនិយោគនៅកម្ពុជា។

លោក Enjoy Ho បានជម្រាបជូនលោកអគ្គលេខាធិការពីសាវតាររបស់សមាគម ដែលបានប្រែក្លាយពីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) មកជាសមាគមTAFTAC ដែលមកទល់ពេលនេះមានអាយុកាលប្រមាណ៣០ឆ្នាំ។
លោកប្រធានសមាគម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងសមាគម និងក.អ.ក. នាពេលកន្លងមក ព្រមទាំងបានស្នើសុំ ក.អ.ក. ឱ្យបន្តគាំទ្រនូវសកម្មភាពរបស់សមាគម ដើម្បីជំរុញការវិនិយោគ ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងឧស្សាហកម្មគាំទ្រផ្សេងៗទៀត។

ជាការឆ្លើយតប លោកអគ្គលេខាធិការបានថ្លែងនូវការកោតសរសើរ ចំពោះសកម្មភាពរបស់សមាគមនាពេលកន្លង ដែលបានចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា និងបានបង្ហាញនូវឆន្ទៈក្នុងការរក្សានូវកិច្ចសហការល្អជាមួយសមាគម។
ជាមួយគ្នានេះ ដើម្បីឱ្យសមាគមមានសកម្មភាពថ្មី គួរឱ្យកត់សម្គាល់ក្នុងអាណត្តិថ្មី លោកអគ្គលេខាធិការបានស្នើឱ្យសមាគម៖ ទី១-ធ្វើការគិតគូរលើការចូលរួមកាត់បន្ថយ ហានិយភ័យនៃការបំពុលបរិស្ថាន តាមរយៈការសិក្សារៀបចំទីតាំង សមស្របណាមួយសម្រាប់គម្រោងវិនិយោគបោកគក់ ជ្រលក់ពណ៌ និងទី២-ធ្វើការគិតគូរទាក់ទាញឧស្សាហកម្មខ្សែទឹកខាងលើ (upstream industry) ដែលបម្រើដល់ខ្សែច្រវាក់ផ្គង់ផ្គង់ សម្រាប់ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ សម្រាប់ផ្តល់កិច្ចសហការធ្វើកិច្ចការនេះ៕








