ប្រធានCVEA បង្ហើបពីវិធីសាស្រ្តសំខាន់ៗក្នុងការស្វែងរកផលចំណេញពីវិស័យអចលនទ្រព្យ

ដោយៈស៊ីវ ម៉េង

       ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោក ច្រឹក សុខនីម បានបង្ហើបពីយុទ្ធសាស្ត្រសំខាន់ៗចំនួន៣ ដែលជាមូលដ្ឋានគ្រឹះ ដើម្បីជោគជ័យលើការវិនិយោគ និងចំណេញបានប្រាក់ច្រើន។

លោកច្រឹក សុខនីម បានមានប្រសាសន៍ថា យុទ្ធសាស្ត្រចំនួន៣ ដែលត្រូវបានគេយកមកអនុវត្ត និងទទួលបានលទ្ធផលល្អមានដូចជា

ទី១ការវិនិយោគជាលក្ខណៈបុគ្គល

ការវិនិយោគបែបនេះ ជាកិច្ចសហការជាដៃគូចាប់ពី២នាក់ រហូតដល់១០នាក់ ដោយការចូលបដិភាគទុនវិនិយោគ ដើម្បីទិញអចលនទ្រព្យទុក សម្រាប់វិនិយោគបន្តទទួលយកប្រាក់ចំណេញនៅពេលអនាគតរួមគ្នា ដោយការបែងចែងភាគលាភ ទៅតាមភាគរយនៃដើមទុន ដែលបានចូលរួម។

តើត្រូវមាននីតិវិធីដូចម្ដេច ដើម្បីអាចជៀសផុតពីហានិភ័យ ហើយមានអត្រាជោគជ័យខ្ពស់? ចម្លើយគឺត្រូវមានមូលដ្ឋាន ដើម្បីចងក្រងជាក្រុម ដោយមានការចែកបែងចែក នូវអំណាចនៃការអនុវត្ត ការទទួលខុសត្រូវ និងការបំណែងចែកការងារ។

ការចងក្រងជាក្រុម គឺអាចជួយដុសខាត និងបណ្តុះចំណេះដឹងដល់សមាជិកក្នុងក្រុម ក្នុងការចេះសម្លឹងមើលពីបរិបថ នៃទីផ្សារកាន់តែទូលាយ និងមានឱកាសរីកចម្រើនលឿន។

ទី២ការវិនិយោគជាលក្ខណៈក្រុមតូចៗ

ការវិនិយោគក្នុងទម្រង់បែបនេះ ភាគច្រើនក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ មានសិទ្ធិក្នុងការគ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ ដែលប្រមូលបានពីការសហការចូលរួម វិនិយោគពីដៃគូតូចៗមកបង្កើតជាដើមទុន សម្រាប់វិនិយោគទៅលើគម្រោងធំ ដែលអាចមានលទ្ធភាពទទួលបានប្រាក់ចំណេញច្រើន ដោយមានការសន្មត់ពីថេរវេលាយ៉ាងច្បាស់លាស់ ពីក្រុមហ៊ុនមានអជ្ញាប័ណ្ណ ដែលជាអ្នកគ្រប់គ្រងមូលនីធិហិរញ្ញវត្ថុ។

លោក ច្រឹក សុខនីម បានបញ្ជាក់ថា នៅក្នុងចំណោមមូលដ្ឋានវិនិយោគទាំង៣ខាងលើនេះ សុទ្ធតែមានឱកាសទទួលបានភាគលាភដូចគ្នា ប៉ុន្តែអ្វីដែលសំខាន់ មុនពេលសម្រេចចិត្តវិនិយោគ នៅក្នុងចំណែកណាមួយ ចាំបាច់បំផុតត្រូវមានការសិក្សា ស្វែងយល់ និងប្រមូលព័ត៌មានពាក់ព័ន្ធឱ្យមានគ្រប់គ្រាន់ ឬអាចមានមេធាវីក្នុងការរក្សា និងការពារផលប្រយោជន៍។

លោកបន្តថា “អ្វីដែលសំខាន់ជាងទៅទៀត សម្រាប់ប្រភពព័ត៌មាន និងការរៀបចំឯកសារពាក់ព័ន្ធនានា លោកអ្នកក៏អាចប្រឹ​    ក្សាបន្ថែមជាមួយសមាជិក សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានដោយមិនមានតម្រូវចំណាយថវិកានោះទេ”។

ទី៣ ការវិនិយោគរួមជាមួយក្រុមហ៊ុនដែលមានអជ្ញាប័ណ្ណ គ្រប់គ្រងមូលនិធិហិរញ្ញវត្ថុ

អ្នកវិនិយោគត្រូវមានរូបមន្ត ក្នុងការចាប់ផ្ដើមចេញពីមូលដ្ឋាន ក្នុងការស្វែងរកប្រភ​ពនៃព័ត៌មាន ដែលស័ក្ដិសមទៅនឹងលទ្ធភាព នៃការវិនិយោគរបស់យើង នៅក្នុងតំបន់ ដែលមានលក្ខណៈដូចជាប្រភេទលំនៅដ្ឋាន ឬជាដីធ្លី ឬជាប្រភេទអាពាណិជ្ជកម្ម ដែលការវិនិយោគប្រភេទនេះ ចាំបាច់ត្រូវអាស្រ័យទៅលើចំណូលចិត្ត និងការប្រឹក្សាយោបល់បន្ថែម ពីអ្នកជំនាញភ្នាក់ងារអចលនវត្ថុកម្ពុជា ដែលស្ថិតនៅក្នុងសមាគម ដែលមានជាង១២០ក្រុមហ៊ុន និងជាង៣០០០ភ្នាក់ងារនៅទូទាំងប្រទេសកម្ពុជា ដោយមិនត្រូវបានចំណាយថវិកានោះទេ៕

 

ម៉ាកយីហោសម្លៀកបំពាក់លំដាប់ពិភពលោក H&M បើកសាខាដំបូងរបស់ខ្លួននៅកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន H&M នេះដែលជាយីហោម៉ូដសំលៀកបំពាក់អន្តរជាតិដ៏ធំមួយរបស់ពិភពលោក នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២បានបើកហាងដំបូងរបស់ខ្លួននៅផ្សារទំនើប AEON Mall១។

យោងតាមសេចក្ដីប្រកាសពត៌មានរបស់ H&M ហាងម៉ូដសំលៀកបំពាក់អន្តរជាតិ ដែលលោកអ្នកបានទន្ទឹងរង់ចាំជាយូរមកហើយបានបើកបង្ហាញខ្លួននៅផ្សារទំនើប AEON Mall១ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន H&M បានឈានជើងចូលទីផ្សារអាស៊ានមួយរយៈធំហើយ ដោយវត្តមានសាខាចំនួន១១ទីតាំងនៅប្រទេសវៀតណាម និង៤៣ទីតាំង នៅប្រទេសថៃ។

ដោយមើលឈើញពីសក្តានុពលនៃអំណាចទិញរបស់ប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ ហើយក្រុមហ៊ុនមានរោងចក្រផលិតសំលៀកបំពាក់នៅកម្ពុជាស្រាប់តាំងពីទសវត្សឆ្នាំ១៩៩០មកម្ល៉េះ ទើបក្រុមហ៊ុនសម្រេចបោះជំហានបើកសាខាលក់សំលៀកបំពាក់នៅកម្ពុជា។

ហាង H&M ភ្នំពេញមានទីតាំងG-ជាន់ទី១ ក្នុងSweet Zone ផ្សារទំនើប Aoen Mall Phnom Penh មានផ្ទៃក្រឡាទំហំ១.៧៩៨ម៉ែត្រការ៉េ ដែលលាតសន្ធឹងខាងលើពីរជាន់។ ហាងថ្មីនេះនឹងមានម៉ូដសំលៀកបំពាក់ជាច្រើនសម្រាប់ បុរសស្ត្រី យុវវ័យ និងកុមារ។ អតិថិជននឹងរីករាយក្នុងការទិញទំនិញបណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ២០២២នេះ។

លោក Philippe Lassaux នាយកប្រតិបត្តិនិងជាអ្នកគ្រប់គ្រងប្រចាំប្រទេសនៃ H&M កម្ពុជា និងប្រទេសថៃ បានមានប្រសាសន៍ថា “H&M មានសេចក្ដីសោមនស្សរីករាយក្នុងការបើកហាង ដំបូងគេនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា និងជំរុញអតិថិជនដែលនិយមម៉ូដសំលៀកបំពាក់របស់យើងនៅក្នុងទីក្រុងភ្នំពេញ ដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួនរបស់ពួកគេ ហើយស្របតាមការសន្យារបស់អតិថិជន H&M ម៉ូដនិងគុណភាពក្នុងតម្លៃល្អបំផុតប្រកបដោយនិរន្តរភាព”៕

រដ្ឋាភិបាលអនុម័យគំរោងវិនិយោគក្នុងទំហំទឹកប្រាក់ជាង ២៣០០លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជី ជូនក្រុមហ៊ុនវិនិយោគជាបន្តបន្ទាប់ ដោយរយៈពេល២ខែដំបូងនៃឆ្នាំ២០២២នេះ ស្ថាប័ននេះបានចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុនវិនិយោគចំនួន៣៧គម្រោង និងមានទឹកប្រាក់សរុបជាង២,៣៨ពាន់លានដុល្លារអាមេរិក។

តាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឃើញថា មានគម្រោងធំៗចំនួន៤ ដែលមានទឹកប្រាក់ច្រើនជាងគេ ក្នុងនោះរួមមាន ទី១. គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋា​គារថ្នាក់ផ្កាយ៥ ចំនួន៥២៨បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន១២៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៧៣៧កន្លែង ។

ទី២. គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនី ស្ទឹងតាតៃលើ អានុភាព១៥០ MW ដែលមានទីតាំងវិនិយោគ ស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨០កន្លែង។

ទី៣. គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌលភ័ស្តុភារកម្ម និងកំពង់​ផែ​ពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៩០កន្លែង ។

ទី៤. គម្រោងបង្កើតរោងចក្រ ផលិតសំបកកង់យានយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុន General Intelligence (Cambodia) Co., Ltd. គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ជាគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន ដែលមានទីតាំងវិនិយោគ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧លានដុល្លារអាមេរិក និងបង្កើតការងារបានចំនួនប្រមា​ណ១.៦០០កន្លែង ។

cdc

ក្រៅពីគម្រោងវិនិយោគធំៗទាំង៤នេះ ក៏មានគម្រោងវិនិយោគជាច្រើនទៀត តែមានទំហំទឹ កប្រាក់ត្រឹមតែក្រោម១០លានដុល្លារអាមេរិកខ្លះ១៥លានដុល្លារខ្លះ មានទឹកប្រាក់ដល់ជាង៥០លានដុល្លារ។ ភាគច្រើន នៃគម្រោងវិនិយោគដែលបានអនុម័ត ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសម្រាប់ខែមករា និងខែកុម្ភៈឆ្នាំ ២០២២នេះ គឺជាគម្រោងរោងចក្រ ឧស្សាហកម្មហើយ បានធ្វើឱ្យតម្រូវការដីធ្លីសម្រាប់សង់រោងចក្រ ឃ្លាំងស្តុកមានកំណើនខ្ពស់ផងដែរ៕

ហានិភ័យៈសហភាពអឺរ៉ុបព្រមានអ្នកវិនិយោគលើ Crypto Currency ប្រយ័ត្នរលាយទ្រព្យអស់ពីខ្លួន

ដោយៈឧត្តម

ក្រុងឡុងដ៍ៈ សហភាពអឺរ៉ុប បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ មីនា ថា អ្នកវិនិយោគប្រឈមហានិភ័យ នៃការខាតបង់ប្រាក់ទាំងអស់ ដែលពួកគេបានវិនិយោគលើរូបិយប័ណ្ណឌីជីថល ឬ Crypto ហើយអាចនឹងធ្លាក់ចូលក្នុងទន្ទាក់បោកប្រាស់។

ស្ថាប័នឃ្លាំមើលវិស័យមូលបត្រ ស្ថាប័នឃ្លាំមើលវិស័យធនាគារ និងស្ថាប័នឃ្លាំមើល វិស័យធានារ៉ាប់រងនៃសហភាពអឺរ៉ុប បានសេចក្តីថ្លែងការ​ណ៍រួមថា “អ្នកវិនិយោគប្រឈមនឹងលទ្ធភាពខ្ពស់ណាស់ ក្នុងការបាត់បង់ប្រាក់ទាំងអស់ ដែលពួកគេបានវិនិយោគលើរូបិយប័ណ្ណឌីជីថល”។

អាជ្ញាធរសហភាពអឺរ៉ុប បានបង្កើនការព្រមានដោយផ្ទាល់ជាបន្តបន្ទា​ប់ ចំពោះអ្នកវិនិយោគលើរូបិយប័ណ្ណឌីជីថល ដោយពន្យល់ថា អ្នកវិនិយោគលើរូបិយប័ណ្ណឌីជីថលមិនមានការការការពារ ឬ សិទ្ធិទាមទារសំណងពីការខាតបង់ឡើយ ក្រោមច្បាប់សេវាកម្មហិរញ្ញវត្ថុជាធរមាន របស់សហភាពអឺរ៉ុប។

ស្ថាប័នឃ្លាំមើលទាំងនេះនិយាយថា ខ្លួនព្រួយបារម្ភកាន់តែខ្លាំងឡើងថា អ្នកវិនិយោគកំពុងទិញរូបិយប័ណ្ណឌីជីថល រហូតដល់ទៅ១៧.០០០ប្រភេទខុសៗគ្នា រួមទាំង Bitcoin និង Ether ផងដែរ ដោយមិនបានដឹងច្បាស់ពីហានិភ័យទាំងនោះ។

សេចក្តីថ្លែងការណ៍រួមខាងលើមានខ្លឹមដូច្នេះថា “អ្នកវិនិយោគគួរតែប្រុងប្រយ័ត្ន ចំពោះហានិភ័យនៃការផ្សាយពាណិជ្ជកម្មបំភ័ន្ត រួមទាំងតាមរយៈបណ្ដាញទំនាក់ទំនងសង្គម និងតារាបណ្តាញសង្គម (Influencer) ផងដែរ។ អ្នកវិនិយោគគួរតែប្រុងប្រយ័ត្នឱ្យបានខ្ពស់​ ចំពោះការសន្យាថានឹងទទួលបានផលចំណេញលឿន ឬចំណេញច្រើន ជាពិសេសការផ្សាយពា​ណិ​ជ្ជ​កម្ម​ ដែលមើលទៅល្អពេក ដែលមិនអាចជាការពិត”៕ Reuters៕

វិបត្តិសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនធ្វើឱ្យតម្លៃសាងសាង់ផ្ទះនៅថៃហក់ឡើងខ្ពស់មិនធ្លាប់មាន

ដោយៈសុខុម

បាងកក: យោងតាមសមាគមក្រុមហ៊ុនសាងសង់ផ្ទះ (Home Builder Association) នៃប្រទេសថៃបានឱ្យដឹងថា តម្លៃសាងសង់ផ្ទះនឹងហក់ឡើងចន្លោះពី៥%ទៅ៨%បន្ទាប់ពីវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យតម្លៃដែក និងប្រេងឥន្ធនៈហក់ឡើងថ្លៃជាង៥០%ក្នុងរយៈពេលមិនដល់មួយខែផង។

លោក Woravut Kanjanakul ប្រធានសមាគមនេះថ្លែងថា តម្លៃដែកដែលស្មើនឹង២០% នៃតម្លៃសាងសង់ផ្ទះបានហក់ឡើងថ្លៃរហូតដល់ទៅ៥០% ចាប់តាំងពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើងកាលពី៣សប្តាហ៍មុន។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយនៅសប្ដាហ៍នេះ។

លោកលើកឡើងថា ទោះបីជាតម្លៃដែកពីមុន ធ្លាប់ហក់ឡើងដល់ទៅទ្វេដងក្នុងពេលមួយឆ្នាំក្ដី ក៏តម្លៃសាងសង់ផ្ទះនៅទ្រឹង សូម្បីអំឡុងពេលរីករាលដាលវីរុសកូវីដ-១៩ក្ដី។ ប្រសិនបើតម្លៃហក់ឡើងម៉្លេះតម្រូវការធ្លាក់ចុះនៅពេលនោះមិនខាន។

លោកបន្ថែមទៀតថា “តម្លៃលំនៅដ្ឋាន នឹងលែងអាចគ្រប់គ្រងបានទៀតហើយ នៅពេលការហក់ឡើងថ្លៃសាងសង់ផ្ទះ ក៏បណ្ដាលមកពីតម្លៃប្រេងឥន្ធនៈ ដែលធ្វើឱ្យប៉ះពាល់ទាំងថ្លៃដឹកជញ្ជូន និងតម្លៃផលិតកម្ម។ តម្លៃសាងសង់ផ្ទះនឹងហក់ឡើងជាង១០% ឬខ្ពស់ជាងនេះ ប្រសិនបើប្រាក់ឈ្នួលកម្លាំងពលកម្មកើនឡើងដែរ”។

បច្ចុប្បន្នតម្លៃលំនៅដ្ឋាន ដែលផ្តល់ដោយក្រុមហ៊ុនសាងសង់ផ្ទះ គឺមានចាប់ផ្តើមពី១៨.០០០បាត (៥៤១ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េនៅទីក្រុងបាងកក និង១៥.០០០បាត (៤៥១ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េនៅតាមបណ្ដាខេត្ត។

លោក Woravut Kanjanakul បានថ្លែងថា តម្រូវការផ្ទះដែលសង់ខ្លួនឯង អាចប្រហែលជាធ្លាក់ចុះ នៅពេលភ្លើងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្តឆាបឆេះជះផលប៉ះពាល់ខ្លាំង មកលើតម្លៃសាងសង់ផ្ទះ និងទំនុកចិត្តអ្នកប្រើប្រាស់៕ Bangkok Post៕

កំណើននៃការវិនិយោគផ្សារទំនើបកំពុងឆ្លុះបញ្ជាំងនូវអំណាចនៃជីវភាពប្រជាពលរដ្ឋកើនឡើង

ដោយៈគង់ សូរិយា

ដោយៈ វត្តមានផ្សារទំនើបនៅកម្ពុជា ពិសេសក្រុងភ្នំពេញបានកើរតមានស្ទើរគ្រប់ទីលកន្លែង ប៉ុន្តែចំនូននិងទំហំផ្សារទំនើប និងផ្សារបែបសហគមន៍នៅតែបន្តកើនឡើង និងកំពុងសាងសង់ថ្មីៗកាន់តែច្រើន។

បច្ចុប្បន្ននេះ មានគម្រោងថ្មីមួយ ដែលត្រូវបានណែនាំដោយក្រុមហ៊ុន ជីស៊ីស៊ី គ្រុប ដែលធ្វើឲ្យមានភាពភ្ញាក់ផ្អើល ដល់អ្នកវិនិយោគជាខ្លាំង ដោយសារតែការវិនិយោគតិច ប៉ុន្តែទទួលបានផលចំណេញច្រើន។ គម្រោងអភិវឌ្ឍថ្មីនេះ ជាគម្រោងផ្សារលក់អាហារស្រស់នៅទីក្រុងភ្នំពេញ និងក្បែរតំបន់អភិវឌ្ឍជាច្រើន គឺផ្សារយើងដោយជីស៊ី អូរឫស្សី។

អ្នកនាងហែម ស៊ីម៉ា នាយកផ្នែកលក់ GC អូរឬស្សីបានឲ្យដឹងកាលពីពេលថ្មីៗ​នេះថា រហូតមកទល់បច្ចុប្បន្ន នៅមិនទាន់ឃើញមានអ្នកអភិវឌ្ឍណាផ្សេងទៀត ដែលអភិវឌ្ឍគម្រោងទីផ្សារក្នុងស្រុក ដើម្បីឆ្លើយតបទៅនឹងតម្រូវការខ្ពស់នៅឡើយទេ ដូចដែលបានឃើញ ជាទូទៅផ្សារក្នុងស្រុក ពាក់ព័ន្ធនឹងការរស់នៅរបស់ប្រជាជនកម្ពុជាជាច្រើន។

អ្នកនាងបន្តថា “មានតែទីផ្សារលក់អាហារ ក្នុងស្រុកមួយចំនួនតូចប៉ុណ្ណោះ ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងមានប្រវត្តិយូរណាស់មកហើយ ក្នុងការបម្រើដល់សហគមន៍ ដ៏រស់រវើកមួយនេះ”។

ជាមួយគ្នានេះ ​វត្តមានផ្សារទំនើបធំៗជាច្រើនកំពុងលេចឡើងនៅតំបន់ផ្លួវ៦០ម៉ែត្រ ដូចជាផ្សារទំនើប AEON Mall3 ផ្សារទំនើប Peng Huort Diamond, ផ្សារទំនើប Chip Mong និងនៅលើបណ្តោយផ្លូវជាតិលេខ១វិញ វត្តមានផ្សារទំនើប Peng Huort Eco Mall មានទំហំធំមួយ កំពុងចាប់ផ្តើមបង្ហាញរូបរាងបណ្តើរៗ ខណៈក្នុងបុរីនេះនឹងមានផ្សារទំនើបធំៗចំនូនពីរបន្ថែមទៀតផងដែរ។

ចំណែកផ្សារជីស៊ី អូរឫស្សី មានទីតាំងស្ថិតនៅបណ្តោយផ្លូវសហព័ន្ធរុស្សី ក្បែរក្រសួងពាណិជ្ជកម្ម នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២១ ដោយគ្រោងបញ្ចប់នៅពាក់ឆ្នាំ២០២៤ខាងមុខ។ គម្រោងផ្សារមួយនេះ មានកម្ពស់៦ជាន់ ស្មើនឹងតូបសរុបប្រមាណ ៥ពាន់តូប ដែលបំផុសគំនិត ដោយស្ថាបត្យកម្មបែបខ្មែរ រួមបញ្ចូលគ្នាជាមួយនឹងការរចនាបែបទំនើប ព្រមទាំងមានការបែងចែកពាណិជ្ជកម្ម ទៅតាមផ្នែកផ្សេងៗគ្នានៅជាន់នីមួយ​ៗ។

អ្នកស្រីអាន សុធីតា អ្នកជំនាញអចលនទ្រព្យ និងវិភាគទីផ្សារបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា វត្តមានផ្សារទំនើបនៅរាជធានីភ្នំពេញ បានកើនដល់កម្រិតមួយខ្ពស់គួរឲ្យព្រួយបារម្ភ ដោយសារទំហំផ្សារទំនើបនៅរាជធានីភ្នំពេញ បានកើនដល់ជាង៦០ម៉ឺនម៉ែត្រការ៉េរួចទៅហើយ។

អ្នកស្រីបន្តថា “ការកើនឡើងនូវវត្តមានផ្សារទំនើប ឆ្លុះបញ្ចាំងពីកំនើនជីវភាពរបស់ប្រជាពលរដ្ឋ ប៉ុន្តែអំណាចនៃការទិញរបស់ប្រជាពលរដ្ឋនៅមានកម្រិតនៅឡើយ”។អ្នកស្រីបន្តថា “ការវិនិយោគផ្សារទំនើបមានផលចំនេញខ្ពស់ពីការវិនិយោគ ប៉ុន្តែទាមទារឲ្យមានការរចនាឡើងវិញរៀងរាល់៣ទៅ៥ឆ្នាំម្តង ដើម្បីដើរទាន់សម័យកាលសង្គម”។

ការកើនឡើងនូវវត្តមានផ្សារទំនើប កើនឡើងជាបន្តបន្ទាប់គ្នានេះ បានធ្វើឲ្យផ្សារមួយចំនួនប្រឈមមុខនឹងការបិទទ្វារផងដែរ ដោយសារការប្រកួតប្រជែងពីផ្សារទំនើបស្តង់ដាអន្តរជាតិដូចជាផ្សារទំនើបAEON Mallជាដើម៕

តើការកសាងផ្លូវក្រវាត់ក្រុងនានាកំពុងជួយជំរុញសក្ដានុពលក្នុងការវិនិយោគលើអចលនទ្រព្យ?

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ផ្លូវក្រវាត់ក្រុងជាផ្លូវដ៏សំខាន់សម្រាប់ដឹកជញ្ជូន និងការធ្វើចរាចរណ៍របស់ពលរដ្ឋវាងរាជធានីភ្នំពេញ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ ហើយផ្លូវក្រវាត់ក្រុងនេះដែរ ក៏ជាកត្តាទាក់ទាញសម្រាប់វិស័យអចលនទ្រព្យផងដែរ ដូច្នេះហើយទើបរាជរដ្ឋាភិបាល បានខិតខំអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់។

រហូតមកដល់ពេលនេះ ផ្លូវក្រវាត់ក្រុងនៅរាជធានីភ្នំពេញ ឈានដល់ការអភិវឌ្ឍផ្លូវក្រវាត់ក្រុងទី៣ហើយ និងកំពុងបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំង ទៅលើការអភិវឌ្ឍអចលនទ្រព្យ ដែលធ្វើឱ្យវិនិយោគិនកាន់តែច្រើន ចាប់អារម្មណ៍ក្នុងការវិនិយោគនៅតាមបណ្ដោយផ្លូវក្រវាត់ក្រុង ។

បើក្រលេកទៅមើលផ្លូវក្រវាត់ក្រុងទី៣ ដែលរដ្ឋាភិបាលកកំពុងតែជំរុញការអភិវឌ្ឍជាបន្តបន្ទាប់ ឃើញថា កំពុងតែមានភាពទាក់ទាញកាន់តែខ្លាំង ទៅលើការអភិវឌ្ឍអចលនទ្រព្យ ជាក់សែ្ដងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើបាន និងពង្រីកឱកាសវិនិយោគនៅតំបន់ផ្លូវក្រវាត់ ហើយក៏ធ្វើឱ្យតំបន់ដែលមានផ្លូវក្រវាត់ក្រុង រត់កាន់មានសន្ទុះដីធ្លីមួយកម្រិតផងដែរ។

បើតាមលោកសន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុនអចលនទ្រព្យឃី រៀលអ៊ីស្ទេតបានឱ្យដឹងថា សន្ទុះតម្លៃដីធ្លីនៅតំបន់ភាគខាងត្បូង ក្នុងពេលបច្ចុប្បន្ននេះ មានការកើនឡើងមួយកម្រិតទៀត ជាពិសេសនៅក្នុងខណ្ឌដង្កោក្នុងរាជធានីភ្នំពេញ។ កត្តាដែលជំរុញឱ្យសន្ទុះតម្លៃដីធ្លីនៅតំបន់ទាំងនេះ បានកម្រើកមួយកម្រិតទៀតនោះ យើងមើលឃើញថាផ្លូវក្រវាត់ក្រុងដ៏សំខាន់ បានរត់កាត់តំបន់ខណ្ឌដង្កោ និងបែកខាងត្បូងរាជធានីភ្នំពេញ ហើយគម្រោងជាច្រើនទៀតក៏បាន និងកំពុងអភិវឌ្ឍន៍យ៉ាងមមាញឹក នៅក្នុងវិបត្តិកូវីដ១៩នេះ ។

ម្យ៉ាងទៀតនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនេះផងដែរ ក៏ឃើញថាមានការអភិវឌ្ឍនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មី ចាស់ជាច្រើន ដែលធ្វើឱ្យវិនិយោគិនក្នុងនិងក្រៅប្រ​ទេសចាប់អារម្មណ៍លើការអភិវឌ្ឍនមួយនេះ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានលើកឡើងផងដែរថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ពិតជាមានសារសំខាន់ណាស់ក្នុងការទាក់ទាញ វិនិយោគិនក្នុងការបណ្ដាក់ទុនវិនិយោគ ហើយទីណាមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនិងច្រើនតំបន់នោះ នឹងទទួលបានគម្រោងអភិវឌ្ឍន៍ច្រើន។

លោកបន្តថា “ដោយសារតែកត្តាទាំងនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាបានជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងនៅភ្នំពេញ និងនៅតាមបណ្ដាខេត្ត ក៏ដូចជាហេ ដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់បណ្ដាខេត្តជាច្រើនទៀតផងដែរ”៕

ស្ថាបត្យកម្មប៉មសសរនៅក្នុងគម្រោងស្ពានបេតុងខ្សែកាបកោះនរាហ៍បានលេចចេញជារូបរាងហើយ

ដោយៈ សុផារី

ភ្នំពេញៈ ប៉មនៃសសរស្ពាន ដែលប្រើប្រាស់ស្ថាបត្យកម្មបុរាណសម័យទំនើប នៅក្នុងគម្រោងស្ពានបេតុងខ្សែកាបតភ្ជាប់រវាងទីក្រុងកោះពេជ្រ និងទីក្រុងរនបកោះនរាហ៍ រាជធានីភ្នំពេញបានចេញជារូបរាងហើយ។

ស្ថាបត្យកម្មប៉មនៃសសរស្ពាននេះ ត្រូវបានរចនាឡើងដោយយកគំនិតពីក្នុងការរចនារបស់ម្កុដ នៃរូបសំណាក់ទេវតា ឬអប្សរាក្នុងរចនាបថប្រាសាទបាយ័ន ដែលរចនាលោក ជួន ពិសាល។

មូលហេតុដែលបានយកមកុដ នៃចម្លាក់ទេវតាជាអប្សរា នៅក្នុងរចនាបថបាយ័ន យកមកធ្វើជាគំនិតនៅក្នុងការរចនា ប៉មសសរស្ពានបេតុងខ្សែកាបកោះនរាហ៍ ព្រោះមកុដនេះ គឺជាការកែច្នៃប្រឌិតដ៏ប្រណិតមួយរបស់ខ្មែរនៅក្នុងសម័យកាលនោះ ហើយក៏ជាគ្រឿងប្រដាប់ដ៍មានតម្លៃ ដែលធ្វើអំពីមាសសុទ្ធ មានកំពូលរំលេចដោយក្បាច់ រចនាដ៏វិចិត្រដាក់ដាំត្បូង ហើយក៏មានក្នុងបន្ស៊ីគ្នា ជាមួយមុខកាត់សសរស្ពានផងដែរ។

រូបចម្លាក់បុរាណខ្មែរ ធ្វើមកពីសំរិទ្ធក្នុងរចនាបទបាយ័ន ជាអប្សរារីរូបសំណាកទេវតា ដោយអប្សរាគឺជាវិញាណស្ត្រីនៃពពក និងទឹកនៅក្នុងទេវកថា ហិណ្ឌូ និងពុទ្ធសាសនាដែលជា” ស្រីទេពអប្សរ ឬស្រីក្រមុំឋានសួគ៌” ដែលតំណាងឱ្យភាពវ័យក្មេង និងឆើតឆាយនិងពូកែសិល្បៈរាំ។

ក្បាច់នៅលើសរសរស្ពានរចនាឡើង ដោយបានស្រង់ចេញពីក្បាច់ផ្កាចន្ទន៍នៃសូរងអប្សរា ដែលមានប្រវត្តិទាក់ទងនឹង រឿងព្រេងបុរាណដ៏ល្បីល្បាញរបស់ខ្មែរយើងផងដែរ គឺរឿងព្រះថោងនាងនាគ។ផ្កាចន្ទន៍ជានិមិត្តរូបនៃនាងនាគ ដែលជាម្ចាស់ទឹកដីនៃដែនសុវណ្ណភូមិខ្មែរ។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន OCIC បានបង្ហាញអំពីលក្ខណៈបច្ចេកទេស នៃគម្រោងស្ថាបនាស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរាហ៍ គឺតួស្ពានបេតុងខ្សែកាប និងផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប៨២៤ម៉ែត្រ ក្នុងនោះទទឹងស្ពានមានទំហំ២៤,៥ម៉ែត្រ និងបណ្តោយស្ពានបេតុងមានប្រវែង៤៨៣ម៉ែត្រ។

សសរសម្រាប់ព្យួរខ្សែកាប មានកម្ពស់៦០ម៉ែត្រ គិតចាប់ពីផ្ទៃតួស្ពានទៅលើអាកាស សសរស្ពានសម្រាប់ព្យួរខ្សែកាបសរុបចំនួន២ ក្នុងនោះស​ស​រស្ពាននីមួយៗ ប្រើប្រាស់គ្រិះខួងចំនួន១៨ដើម អង្កត់ផ្ចិតទំហំ២ម៉ែត្រ។

ស្ពានបេតុងខ្សែកាបនេះ ចំណាយក្នុងការសាងសង់ចំនួន៣៨លានដុល្លាអាមេរិក និងចំណាយរយៈពេលសាងសង់៣៥ខែ វិនិយោគដោយក្រុមហ៊ុន OCIC៕

មូលនិធិអាស៊ីជួយកម្ពុជាជាង៤០ឆ្នាំ សម្តេចតេជោស្នើឲ្យស្ថាប័ននេះបន្តជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា

ដោយៈម៉ាលីនណា

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីរីករាយ និងពេញចិត្តជាខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមូលនិធិអាស៊ី (Asia Fundation) ក្នុងរយៈពេលជាង៤០ឆ្នាំកន្លងមកនេះ ដើម្បីការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យបន្តលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចទៅមុខបន្ថែមទៀត ជាពិសេសដំណាក់កាលវិបត្តិបង្កដោយជំងឺកូវីដ១៩។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលលោក ដេវីដ អាណុល (David D. Arnold) ប្រធាន និងជានាយកប្រតិបត្តិមូលនិធិអាស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែនបានឱ្យដឹងថា នៅក្នុងជំនួបនេះ សម្តេចតេជោ និងលោក ដេវីដ បានពិភាក្សាគ្នា យ៉ាងយកចិត្តទុកដាក់លើសកម្មភាព និងសមិទ្ធផលការងាររបស់អង្គការមូលនិធិអាស៊ី ដែលបានប្រតិបត្តិការក្នុងប្រទេសកម្ពុជារយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ។

លោក ដេវីដ ក៏បានជម្រាបសម្តេចតេជោ អំពីសកម្មភាពការងាររបស់អង្គការនៅកម្ពុជានាពេលបច្ចុប្បន្ន ដោយផ្តោតយកចិត្តទុកដាក់លើបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ស្ត្រី និងយុវជន ការពង្រឹងអភិបាលកិច្ចល្អ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ការកសាងភាពធន់ផ្នែកបរិស្ថាន ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយភាពសុខដុមរមនា។

លោក ដេវីដ បានគោរពថ្លែងអំណរគុណសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងល្អបំផុតជាមួយអង្គការ ធ្វើឱ្យអង្គការបំពេញបេសកកម្ម ទទួលបានជោគជ័យជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូរយៈពេលជាង៤០ឆ្នាំមកនេះ និងបានថ្លែងអំណរគុណអង្គការមូលនិធិអាស៊ី ចំពោះសកម្មភាពការងាររបស់ខ្លួននៅកម្ពុជា។ សម្តេចតេជោ បានលើកទឹកចិត្តឱ្យអង្គការនេះ​ បន្តសកម្មភាពរបស់ខ្លួន និងស្វែងរកគន្លឹះថ្មីបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ ជាពិសេសក្នុងកាលៈទេសៈនៃការរាតត្បាតជំងឺកូវីដ១៩ និងពេលកម្ពុជា កំពុងបើកសេដ្ឋកិច្ចឡើងវិញនេះ។

រដ្ឋបាលខេត្តកោះកុងឱ្យក្រុមហ៊ុនធំមួយអភិវឌ្ឍតំបន់កោះទទឹងជារមណីយដ្ឋានអេកូទេសចរណ៍កម្សាន្តលំដាប់ពិភពលោក

ដោយ៖ សុផារី

កោះកុង៖ រដ្ឋបាលខេត្តកោះកុងបានអំពាវនាវប្រជាពលរដ្ឋ ដែលកាន់កាប់ដីនៅលើកោះទទឹង ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ឱ្យរុះរើសំណង់និងចាកចេញពីទីតាំងដីនេះឱ្យបានឆាប់រហ័ស ដោយសាររាជរដ្ឋាភិបាលយល់ព្រមឱ្យក្រុមហ៊ុន ដែននគរ ឯ.ក. ធ្វើការវិនិយោគអភិវឌ្ឍន៍ជារម្មណីយ៍ដ្ឋានអេកូរទេសចរណ៍កម្សាន្តលំដាប់ពិភពលោក។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធការកាន់កាប់ដីនៅលើកកោះទទឹង ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ឱ្យរុះរើសំណង់និងចាកចេញពីទីតាំងដីនេះឱ្យបានឆាប់រហ័សបំផុតនិងឈប់ទន្រ្ទានកាន់កាប់ដីរដ្ឋ ឬទិញលក់ដីរដ្ឋតទៅទៀត បើមិនដូច្នោះទេនឹងត្រូវប្រឈមមុខចំពោះច្បាប់ជាមិនខាន។

រដ្ឋបាលខេត្តកោះកុងបានបញ្ជាក់ថា ទីតាំងដីនៅលើកោះទទឹង ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ គឺជាដីរបស់រដ្ឋហើយទីតាំងដីនៅលើកោះទទឹងនេះ ត្រូវបានរាជរដ្ឋាភិបាលយល់ព្រមឱ្យក្រុមហ៊ុន ដែននគរ ឯ.ក. ធ្វើការវិនិយោគអភិវឌ្ឍន៍ជារម្មណីយ៍ដ្ឋានអេកូរទេសចរណ៍កម្សាន្តលំដាប់ពិភពលោក។

រដ្ឋបាលខេត្តបានឱ្យដឹងថា តាមការពិនិត្យជាក់ស្តែងបច្ចុប្បន្នមានប្រជាពលរដ្ឋមួយចំនួនបានកាន់កាប់ដី និងរស់នៅលើកោះទទឹង ជាទីតាំងដែលរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគ៕