គំរោងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនអាចពន្យាពេលសាងសង់

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងសាងសង់កែលំអរ និងលើកកំពស់ផ្លូវជាតិសំខាន់ៗមួយចំនូនអាចត្រូវពន្យាពេល បន្ទាប់ពីសម្តេចតេជោប្រកាសព ន្យាពេលគំរោងមួយចំនួន ក្នុងគំរោងមួយចំនួនដែលមិនចាំបាច់។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម កាលពីសប្តាហ៍មុនថា គំរោងនានាត្រូវបានលើកឡើង ដោយឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការរូចហើយ។

លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានបច្ចុប្បន្នភាពណាមួយថ្មីនៅឡើយទេ ដូចជាស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ គំរោងពង្រីកផ្លូវជាតិលេខ៧ពីស្គន់ទៅកាន់ក្រុងកំពង់ចាម គំរោងស្តារឡើងវិញនូវផ្លូវជាតិថ្នាក់ខេត្ត មួយចំនួនទៀត មិនទាន់មានព៌តមានថ្មីនៅឡើយទេ”។ លោកបន្តថា “ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ឋ នៅតែជាទិសដៅអាទិភាពរបស់រដ្ឋាភិបាល ប៉ុន្តែគំរោងណាស្ថិតក្នុងអាទិភាព នឹងត្រូវសាងសង់មុន តាមកញ្ចប់ថវិកាដែលមាន”។

កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែ​ននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីការពន្យាពេលគំរោងហេ ដ្ឋារចនាសម្ព័ន្ឋមិនចាំបាច់មួយចំនួន ប្រសិនជាមិនចាំបាច់ គឺត្រូវបន្តឆ្លង ដ ឆ្លងសាឡាងសិន ដោយរដ្ឋាភិបាលនឹងលៃទុកថវិកា ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ និងស្តារសេដ្ឋកិច្ចឡើងវិញ៕

ប្រធានាធិបតីចិនប្រកាសបង្កើនជើងហោះហើរមកកម្ពុជា ជាសញ្ញាវិជ្ជមានមួយសម្រាប់ទេសចរណ៍ និងលំហូរពាណិជ្ជកម្ម

ដោយៈជេស៊ីកា

ភ្នំពេញៈ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសបង្កើនការហោះហើរឡើងវិញរវាងកម្ពុជា និងចិន បន្ទាប់ពីត្រូវបានធ្លាក់ចុះ ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩។

ការប្រកាសរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

ជើងហោះហើររវាងកម្ពុជា និងចិន បានធ្លាក់ចុះ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩។ ជាពិសេសការអនុវត្ត នូវវិធានការទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ ពីសំណាក់រដ្ឋាភិបាលចិន។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ, លោកប្រធា​នាធិបតីចិន បានប្រកាសជំរុញការហោះហើរនេះឡើងវិញ។

យោងតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍តែ៥ប៉ុណ្ណោះ កំពុងហោះហើររវាងកម្ពុជា និងចិន។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុនចំនួន៣ និងក្រុមហ៊ុនចិនចំនួន២។

របាយការណ៍ដដែលបានឲ្យដឹងថា មុនពេលមានវិបត្តិជំងឺកូវីដ១៩ កម្ពុជាមានក្រុមហ៊ុនអាកាសចរចំនួន៦ ហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសទៅកាន់ទីក្រុងសំខាន់ៗ ចំនួន៣៤របស់ចិន ដោយមានជើងហោះហើរសរុបចំនួន២២០លើក ក្នុងមួយសប្តាហ៍។

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ចិន ដែលហោះហើរចេញចូលកម្ពុជា មុនការរាតត្បាតជំងឺកូវីដ១៩ មានចំនួនរហូតដល់ទៅ១៦ក្រុមហ៊ុន ដោយបានហោះហើរដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសមកពី១៨ទីក្រុងសំខាន់ៗរបស់ចិន។ក្នុងមួយសប្តាហ៍ មានជើងហោះហើរសរុប១៩៥លើក។

បើសិនជាមានការបង្កើនជើងហោះហើរឡើងវិញ ដូចការប្រកាសរបស់លោកប្រធានាធិបតីចិន គេរំពឹងថា កម្ពុជា នឹងទទួលបានអ្នកដំណើរពីប្រទេសចិន កាន់តែច្រើនឡើងវិញ ដែលជាការរួមចំណែកដ៏សំខាន់សម្រាប់ដង្ហើមវិស័យទេសចរណ៍របស់កម្ពុជា៕

ទំនាក់ទំនងរវាងកម្ពុជា ចិនវិវត្តន៍៍កាន់តែប្រសើរមួយកម្រិតទៀតបន្ទាប់ពីសម្ដេចតេជោ ជួបពិភាក្សាការងារជាមួយលោកស៊ី ជីនពីង

ដោយៈ សុផារី

ភ្នំពេញៈ ទំនាក់ទំនងរវាងកម្ពុជា ចិនកាន់តែមានភាពល្អប្រសើរថែមទៀត បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានជួបសន្ទ​នាគ្នាតាមទូរស័ព្ទ។

កិច្ចពិភាក្សាគ្នា ដែលបានធ្វើឡើ់ងនៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយប្រមុខដឹកនាំប្រទេសទាំងពីរ បានលើកឡើងនូវចំណុចវិជ្ជមា​នជាច្រើន។

ក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានពិភាក្សាទៅលើចំណុចជាច្រើន នៅក្នុងកម្រិតទ្វេភាគី តំបន់ និងបញ្ហារបស់ពិភពលោកផងដែរ។ កិច្ចពិភាក្សានេះ បានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន។

លោកប្រធានាធិបតីចិន បានលើកឡើងថា បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន ដូច្នេះ ចិននឹងនាំចូលអង្ករ ឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិត​ផលកសិកម្មមួយចំនួនទៀត ដូចជា ផ្លែចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោកប្រធានាធិបតីចិន ក៏បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ។ លោកប្រធានាធិបតីចិន ក៏បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូស។ ក្នុងចំណោម ២០លានដូសនោះ ៥លានដូសនឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។

ប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា នាពេលខាងមុខផងដែរ។ លោកស៊ី ជិនពីង ក៏បានមានប្រសាសន៍ជំរុញបង្កើតជើងហោះហើររវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២១នោះ ប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។

លោកស៊ី ជិនពីង បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងណាពង្រីក នូវកិច្ចសហប្រតិប​ត្តិការរវាងអាស៊ាន និងចិន។

ប្រធានាធិបតីចិន ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ។ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ក្នុងចូលរួមចំណែក ដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួម ដំណោះស្រាយតាមផ្លូវអាស៊ាន។

ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ លោកប្រធានាធិបតីចិន បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។

លោកប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ-១៩៕

ចិនផ្តល់ជំនួយសាងសង់សួនសហគមន៍តម្លៃជិត៧ម៉ឺនដុល្លាអាមេរិក នៅតំបន់ស្ទឹងមានជ័យ

ដោយ: ម៉ាលីស

ភ្នំពេញ: សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥ តម្លៃជិត៧ម៉ឺនដុល្លាអាមេរិក ដែលទទួលបានការឧបត្ថម្ភពីស្ថានទូតចិនប្រចាំនៅកម្ពុជា ត្រូវបានបើកសម្ភោធឱ្យដំណើរការជាផ្លូវការ ដើម្បីបម្រើជាកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ស្ទឹងមានជ័យ។

សួននេះបានស្ថាបនាឡើង ក្រោមការជួយឧបត្ថម្ភពីស្ថានទូតចិនប្រចាំនៅកម្ពុជានិងត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឆាង ជាន អគ្គទីប្រឹក្សានៃស្ថានទូតចិន។

លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា សួនសហគមន៍កុមារមេត្រីឬសួនលូ៥ មានទីតាំងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ មានផ្ទៃដីសរុប២៧៧៥ម៉ែត្រក្រឡា មានបណ្តោយប្រវែង២២៩ម៉ែត្រ ទទឹង១០ម៉ែត្រ និងទទឹងប្រឡាយទឹកក្រោមដី៥ម៉ែត្រ។

កាលពីមុនសួនលូ៥នេះគឺជាប្រឡាយទឹកស្អុយបើកចំហ ដែលមានគម្របបេតុងនិងក្រាលក្បឿងពីលើ ហើយសួននេះជាទីតាំងសំខាន់មួយក្នុងតំបន់ស្ទឹងមានជ័យ ដែលអ្នករស់នៅអាចដើរហាត់ប្រាណនិងក្មេងលេងកម្សាន្តបាន។

សួននេះសាងសង់ដោយប្រើប្រាស់រយៈពេល០៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ចំណាយថវិកាសរុប៦៧,៤៩៧ដុល្លារ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណអស់ថវិកាចំនួន៦,០០០ដុល្លារ សរុបថវិកាចំណាយទាំងអស់ចំនួន៧៥,៤៩៧ដុល្លារ។

លោកនួន ផារ័ត្ន បានលើកឡើងថា សួនសហគមន៍កុមារមេត្រី នេះមិនត្រឹមតែលើកសោភណភាពក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាកន្លែងមួយផ្ដល់ឱ្យប្រជាពលរដ្ឋនៅតំបន់នេះបានហាត់ប្រាណដើម្បីសុខភាព។

លោក ឆាង ជាន ក៏បានលើកឡើងផងដែរថា ការស្ថាបនាសួនសហគមន៍កុមារមេត្រីមិនត្រឹមតែបានឱ្យក្មេងៗបានលេងប៉ុណ្ណោះទេ តែក៏បានលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត ហើយវាក៏ជាកន្លែងសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ៕

កម្ពុជា-ជប៉ុនគ្រោងផែនការមេសំរាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ក្នុងខេត្តបាត់ដំបង

ដោយ:ម៉ាលីស

បាត់ដំបង: លោកសុខ លូ អភិបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៨ មិនានេះ បានអញ្ជើ​ញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការចម្រុះលើកទី៣ (JCC) សម្រាប់ គម្រោងការសិក្សាផែនការមេ សម្រាប់អភិវឌ្ឍទីក្រុងវៃឆ្លាត ក្នុងខេត្តបាត់ដំបង ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធគម នាគមន៍ និងទេសចរណ៍នៃរដ្ឋាភិបាលជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។

បន្ទាប់ពីការធ្វើបទបង្ហាញ ពីគម្រោងផែនការមេសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតក្នុង ខេត្តរួចមក លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាល ខេត្តបាត់ដំបងសង្ឃឹមថា រដ្ឋាភិបាលជប៉ុន នឹងបន្តជួយគម្រោងនេះ ឱ្យចេញជាសមិទ្ធផល ជាក់ស្ដែង ហើយរដ្ឋបាលខេត្តបាត់ដំបង នឹងបន្តចូលរួមសហការជាមួយរដ្ឋាភិបាល ជប៉ុនជានិច្ច ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ឱ្យក្លាយជាទីក្រុងឆ្លាត ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគកាន់តែច្រើនឡើង និងជាពិសេសដើម្បីឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ។

លោកបានបន្តទៀតថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំដល់ រដ្ឋាភិបាលជប៉ុន បន្តផ្សព្វផ្សាយដល់វិនិយោគិនក្នុងប្រទេសជប៉ុនឱ្យមកវិនិយោគក្នុង ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើង ឬបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តមួយ ព្រោះខេត្តបាត់ដំបងមានផ្ទៃដីធំទូលាយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតតំបន់ សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតជារោងចក្រផ្សេងៗ ពិសេសរោងចក្រកែច្នៃផលិតផល កសិកម្ម ព្រោះខេត្តបាត់ដំបងជាខេត្តកសិកម្ម ហើយផលិតផលកសិកម្មជាច្រើន មិនទាន់មានរោងចក្រកែច្នៃ វេចខ្ចប់បានល្អច្រើននោះទេ។

លោកបន្តទៀតថា បច្ចុប្បន្ននេះរដ្ឋបាលខេត្ត កំពុងតែខិតខំប្រឹងប្រែងក្នុងការ រៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង បរិស្ថាន អនាម័យសាធារណៈ ដោយក្នុងនោះ ខេត្តបាត់ដំបង មានអាងសំរាម ដែលមានលក្ខណៈស្ដង់ដារនៅឃុំតាគ្រាម នៃស្រុកបាណន់ រៀបចំ ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តិ កម្មទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូលនិងធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់ មុននឹងបង្ហូរ ចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធ្វើការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ការទប់ស្កាត់ការរំលោ​ភយកដីចំណីផ្លូវរបស់រដ្ឋ ការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារក្នុងក្រុងជាដើម៕

ក្រុមហ៊ុនអន្តរជាតិបង្ហាញពីកំណើននៃចំណូលបានមកពីវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី Hong Lai Huat ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនសិង្ហបុរី បានប្រកាសពីការងើបឡើងវិញនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលចំណូលក្រុមហ៊ុននេះបានកើនទ្វេដងកាលពីឆ្នាំ២០២១។

ក្រុមហ៊ុនបានឱ្យដឹងថា ចំណូលងើបឡើងវិញរបស់ក្រុមហ៊ុនសិង្ហបុរីនាពេលនេះ គឺដោយសារការលក់ដាច់ខ្លាំងនៃគម្រោងអចលនទ្រព្យរបស់ខ្លួននៅកម្ពុជា។

កត្តានេះបង្ហាញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែជាទិសដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគពីអ្នកវិនិយោគបរទេស ក្នុងការបង្កើតប្រាក់ចំណេញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានមួយរបស់សិង្ហបុរី។

កាលពីឆ្នាំ២០២១ចំណូលពីការលក់របស់ក្រុមហ៊ុននេះសម្រេចបានប្រមាណជាង១៦លានដុល្លារ ដែលកើនពីជាង៧លានដុល្លារក្នុងឆ្នាំ២០២០។ ការកើនឡើងចំណូលពីការលក់បានធ្វើឱ្យកម្រិតប្រាក់ចំណេញដុល (GPM) របស់ក្រុមហ៊ុននេះកើនពីជិត៤០ភាគរយមក៦០ភាគរយ។ កម្រិតប្រាក់ចំណេញដុលគឺជាភាគរយនៃចំណូលបានពីការលក់ដែលនៅសល់បន្ទាប់ពីបានទូទាត់លើថ្លៃដើមរួច។

លោក Johnny Ong តំណាងក្រុមហ៊ុន Hong Lai Huat ត្រូវបានអ្នកសារព័ត៌មានដកស្រង់សម្តីដោយបញ្ជាក់ថា “កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័ស ហើយប្រជាជនដែលមានចំណូលមធ្យមក៏មានការកើនឡើងច្រើនផងដែរ។ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនៅកម្ពុជា យើងជឿជាក់ថា ការរីកចម្រើន និងការវិនិយោគនៅកម្ពុជា នឹងបោះជំហ៊ានកាន់តែខ្លាំងថែមទៀតនាពេលខាងមុខ”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនក៏បានលើកឡើងផងដែរថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩អស់រយៈពេលជាង២ឆ្នាំហើយក្ដី ការលក់អចលនទ្រព្យកម្ពុជាមិនមែនស្ងាត់ជ្រងំនោះឡើយ។

លោក ឌឹត ចណ្ណា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានឱ្យដឹងថា ប្រទេសជិតខាងកម្ពុជាដូចជាថៃសកម្មភាពអចលនទ្រព្យឃើញថាហាក់ស្ងាត់ តែកម្ពុជានៅតែមានការទិញលក់ជាពិសេសទៅលើដីធ្លី សកម្មភាពនេះវាបង្ហាញពីតម្រូវការនៃការវិនិយោគ ការសាងសង់នានាជាដើម។

បើតាមរបាយណ៍របស់ធនាគារជាតិនៃកម្ពុជាក៏បានបង្ហាញពីកំណើននៃកម្ចីក្នុងវិស័យអចលនទ្រព្យផងដែរ ដោយក្នុងនោះកម្ចីភាគច្រើនគឺផ្ដោតទៅលើការទិញផ្ទះ ដូច្នេះវាក៏បានបង្ហាញពីសកម្មភាពនៃការសាងសង់លំនៅឋានកម្ពុជាបន្តទៅមុខទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩៕

Japan to speed up wind farm projects in wake of Ukraine crisis Reporting by Ritsuko Shimizu, Writing by Ju-min Park

TOKYO: Japan will accelerate its efforts to develop offshore wind power projects, its industry minister said on Friday.

Officials in the resource-poor Japan are concerned Russia’s invasion of Ukraine and the ensuing surge in oil prices could hit economic growth, although they say there has been no immediate major disruption to energy supply.

Industry minister Koichi Hagiuda told reporters the government will revamp the public tender process for picking wind farm operators, taking into account not only the prices bid but also how early systems can be installed.

Source: Reuters

ប្រទេសជប៉ុនពន្លឿនគម្រោងស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់នានាក្រោយផ្ទុះវិបត្តិសង្គ្រាមរុស្សីអ៊ុយក្រែន

ដោយ៖ សុខុម

តូក្យូ: ក្រោយសង្គ្រាមរុស្ស៊ីអ៊ុយក្រែនផ្ទុះឡើងកាលពីខែមុន លោកខាងលិចនិងបណ្ដាសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ដូចទឹកបាក់ទំនប់ដែលធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ រួមទាំងការដាក់បម្រាមលើការនាំចូលប្រេងនិងហ្គាសរបស់រុស្ស៊ី ទៀតផងដែលបណ្ដាលឱ្យតម្លៃប្រេងឥន្ធនៈហក់ឡើងស្រឺតៗទូទាំងពិភពលោក។

ដើម្បីឆ្លើយតបនឹងវិបត្តិនេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុនបានប្រកាសនៅថ្ងៃសុក្រទី១៨ មីនានេះថា ប្រទេសជប៉ុននឹងស្រូតពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងការអភិវឌ្ឍគម្រោងស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ក្នុងឆ្នេរសមុទ្រ (Offshore Wind Farm) នានា។

ក្រុមមន្ត្រីនៅក្នុងប្រទេសដែលខ្សត់ធនធានធម្មជាតិមួយនេះមានការព្រួយបារម្ភថា សង្គ្រាមរុស្ស៊ីចូលឈ្លានពានប្រទេសអ៊ុយក្រែននិងការហក់ឡើងថ្លៃប្រេងឥន្ធនៈអាចជះផលប៉ះពាល់ដល់ខ្លាំងមកលើកំណើនសេដ្ឋកិច្ចរបស់ខ្លួន ទោះជាពួកគេនិយាយថា ពេលនេះការផ្គត់ផ្គង់ថាមពលមិនទាន់មានការរាំងស្ទះខ្លាំងនៅឡើយក្ដី។

រដ្ឋមន្ត្រីឧស្សាហកម្មលោក Koichi Hagiuda បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រដ្ឋាភិបាលនឹងកែប្រែដំណើរការដេញថ្លៃសាធារណៈ សម្រាប់ការជ្រើសរើសក្រុមហ៊ុនប្រតិបត្តិករស្ថានីយអគ្គិសនីដើរដោយថាមពលខ្យល់ ដោយគិតគូរមិនត្រឹមតែតម្លៃដេញថ្លៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតគូរផងដែរថា តើប្រព័ន្ធដំបូងអាចដំឡើងបានដោយវិធីណា៕

ការអភិវឌ្ឍខេត្តស្វាយរៀងចាប់ផ្ដើមងាកមកទិសខាងលិចខណៈក្រុងបាវិតបន្តមានសភាពស្ងាត់

 ដោយៈវឌ្ឍន​ៈ

ភ្នំពេញៈ វិនិយោគិនអចលនទ្រព្យមួយចំនួន បានចាប់ផ្ដើមចាប់អារម្មណ៍ និងធ្វើសកម្មវិនិយោគរបស់ខ្លួន នៅទិសខាងលិចនៃខេត្តស្វាយរៀង បានន័យថាខាងលិចក្រុងស្វាយរៀងខណៈនៅក្រុងបាវិត ដែលជាតំបន់សក្ដានុពលបន្តមានសភាពស្ងាត់ដដែល។

លោកថា ថេង ប្រធានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិCentury21 Zillion Holding ប្រចាំខេត្តស្វាយរៀងបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១៨ មិនានេះថា អ្នកវិនិយោគភាគច្រើន ដែលទៅកាន់ស្វាយរៀង បានមើលឃើញពីសក្ដានុពលនៃតំបន់ទិសខាងលិច នៃក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយសារតែតំបន់នោះតម្លៃដី នៅមានកម្រិតទាបនៅឡើយដែលធ្វើឱ្យអ្នកវិនិយោគអាចរកប្រាក់ចំណេញ និងភាគច្រើនជាអ្នកវិនិយោគក្នុងស្រុក ដោយអភិវឌ្ឍន៍ទៅលើដីឡូត៏និងផ្ទះល្វែង ។

លោកបន្តថា “ចំណែកតំបន់នៅខាងបាវិតវិញ មកដល់ពេលនេះ បន្តមានភាពស្ងាត់ដដែល ដោយសារតែតំបន់នោះកន្លងមកគឺសំបូរដោយវិនិយោគិនបរទេស ហើយតម្លៃដីធ្លីបានហក់ឡើងខ្ពស់រួចទៅហើយ”។ លោកបន្ថែមថា “មួយវិញទៀត ដោយសារតែវិបត្តិកូវីដ១៩ធ្វើឱ្យវិនិយោគិនបរទេស នៅតែបន្តអវត្តមាននៅក្នុងប្រទេសកម្ពុជា ជាពិសេសវិនិយោគិនចិន ដែលធ្លាប់តែអ៊ូអរនៅខាងក្រុងបាវិត”។

យ៉ាងណាក្ដីលោកក៏មានសុទិដ្ឋិនិយម ចំពោះគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត ដែលរត់កាត់ខេត្តស្វាយរៀងផងដែរ ដោយរំពឹងថាវិនិយោគិន នឹងសម្លឹងមើលពីសក្ដានុពលទៅលើខេត្តស្វាយរៀងដើម្បីវិនិយោគយកប្រាក់ចំណេញ។

លោកថា ថេងបានបន្តថា វិនិយោគិនអាចរកទិញដីនៅខេត្តស្វាយរៀង អាចនឹងទទួលបានផលចំណេញច្រើន នៅពេលខាងមុខ ពេលដែលគម្រោងផ្លូវល្បឿនលឿន ចាប់ផ្ដើមសាងសង់ និងដាក់ឲ្យប្រើប្រាស់ ហើយក៏ជំរុញឱ្យវិនិយោគ នៅស្វាយរៀងកាន់តែមានសន្ទុះបន្ថែមផងដែរ។

លោកបណ្ឌិតគីម ហ៊ាង ប្រធានក្រុមហ៊ុនអចលនទ្រព្យKW Cambodia ក៏បានឱ្យដឹងថា ចាប់តាំងពីចិនចាកចេញពីកម្ពុជាក្រោយរដ្ឋាភិបាលបិទល្បែងអនឡាញនៅកម្ពុជា ឃើញថាក្រុងសំខាន់ៗមួយចំនួននៅកម្ពុជា ដែលធ្លាប់តែមានសកម្មភាពវិនិយោគនិងតម្លៃដីធ្លីឡើងខ្ពស់ ក៏បានធ្លាក់ចុះមកវិញ ក្នុងនោះក៏មានក្រុងបាវិតនៃខេត្តស្វាយរៀងមួយដែរ ។ ក្រោយពីចិនចាកចេញបានមួយរយៈក៏បានជួបវិបត្តិកូវីដ១៩ និងធ្វើឱ្យតម្លៃដីធ្លីបន្តរងផលប៉ះពាល់បន្តទៀត រហូតមកដល់បច្ចុប្បន្ននេះតែម្ដង។

ទោះជាយ៉ាងណា យោងតាមប្រភពពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនចិនបានឲ្យដឹងថា ក្រុមហ៊ុនចិនជាច្រើនបាននិងកំពុងត្រៀមបោះទុនវិនិយោគ នៅតាមតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត ដោយ​សារទីក្រុងនេះបាននិងកំពុងទាក់ទាញការវិនិយោគ ព្រោះហេតុផលសំខាន់ៗមួយចំនួន ទី១ ងាយស្រួលតភ្ជាប់ការដឹកជញ្ជូនជាមួ​យ​ប្រទេសវៀតណាម ទី២ ក្រុងបាវិតស្ថិតនៅកៀក ក្រុងហូជីម៉ិញ ដែលមានប្រជាពលរដ្ឋរស់នៅ ប្រមាណ១៣លាននាក់ និងទី៣ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ៕

ស្វ‍៊ីសទម្លាយថា រុស្ស៊ីមានលុយមហាសាលជាង២០០ពាន់លានដុល្លាររក្សាទុកជាម្ងាត់នៅធនាគាររបស់ខ្លួន

ដោយៈសុខុម

ក្រុងហ្ស៊ូរិច: សមាគមធនាគារស្វ‍៊ីស (SBA) បានបង្ខំចិត្តទម្លាយព័ត៌មានសម្ងាត់ យ៉ាងកម្រដ៏គួរឱ្យភ្ញាក់ផ្អើលថា បណ្ដាធនាគារនៃប្រទេសស្វ‍៊ីស រក្សាទុកទ្រព្យសម្បត្តិរុស្ស៊ី ជាសម្ងាត់រហូតដល់ទៅ២១៣ពាន់លានដុល្លារអាមេរិក ខណៈការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីកាន់តែធ្ងន់ទៅៗ។

សមាគមនេះប៉ាន់ប្រមាណថា ធនាគារទាំងនោះរក្សាទុកប្រាក់របស់រុស្ស៊ី រហូតដល់ទៅប្រមាណ២១៣ពាន់លានដុល្លារអាមេរិក ដែលដាក់ក្នុងគណនីធនាគារក្រៅប្រទេស។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ មីនា។

នេះសរបង្ហាញឱ្យឃើញថា ទំហំពាណិជ្ជកម្មរបស់ក្រុមមហាសេដ្ឋីរុស្ស៊ី ជាមួយធនាគារនានាក្នុងប្រទេសស្វ‍‌‍៊ីស ដែលជាមជ្ឈម​ណ្ឌលដ៏ធំបំផុតរបស់ពិភពលោក សម្រាប់រក្សាទុកទ្រព្យសម្បត្តិនៅក្រៅប្រទេស គឺធំជាងឆ្ងាយណាស់ បើធៀបនឹងទិន្នន័យដែលបានបង្ហាញលើតារាងតុល្យការ នៃក្រុមហ៊ុនហិរញ្ញវត្ថុមួយចំនួនរបស់ខ្លួន។

ការលាតត្រដាងព័ត៌មានដ៏រសើប និងដ៏សម្ងាត់បែបនេះពីសំណាក់សមាគមធនាគារស្វ‍៊ីស (SBA) គឺពិតជាកម្រខ្លាំងណាស់សម្រាប់ប្រទេសស្វ‍៊ីស ដែលកន្លងមកធ្លាប់បានច្រានចោលសំណើជាច្រើនដែលសុំឱ្យមានតម្លាភាព។

ការលាតត្រដាងនេះធ្វើឡើង នៅពេលប្រទេសស្វ‍៊ីសចាត់វិធានការដ៏គួរឱ្យភ្ញាក់ផ្អើល នៅក្នុងការអនុវត្តន៍ទណ្ឌកម្មរបស់សហភាពអឺរ៉ុប ដាក់លើសាច់ប្រាក់របស់រុស្ស៊ី បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូ ក្រោមការដឹកនាំរបស់បុរសខ្លាំង វ៉្លាឌីមៀ ពូទីន បានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈ។

មានការជជែកដេញដោលជាសាធារណៈ យ៉ាងក្ដៅគគុកនៅក្នុងប្រទេសស្វ‍៊ីស ជុំវិញតួនាទីរបស់ខ្លួន ដោយលោកស្រី Mattea Meyer សហប្រធានគណបក្សប្រជាធិបតេយ្យសង្គមស្វ‌៊ីស (Social Democratic Party of Switzerland) បានអំពាវនាវឱ្យប្រទេសស្វ‍៊ីស ដាក់ទណ្ឌកម្មលើសាច់ប្រាក់ ដែលជាកម្មសិទ្ធិរបស់ជនជាតិរុស្ស៊ី ណាដែលជិតស្និទ្ធនឹងប្រធានាធិបតី ពូទីន និងរដ្ឋាភិបាលរបស់គាត់៕  Reuters៕