ផ្សារទំនើបតម្លៃជាង១៥០លានដុល្លារអាមេរិកប្រកាសស្វែងរកក្រុមហ៊ុនរចនាផ្នែកក្នុងអគារ

ដោយៈ សុផារី

ភ្នំពេញៈ មជ្ឈមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង២៧១ មេហ្គាម៉ល ដែលនឹងបញ្ចប់ការសាងសង់ឆាប់ៗខាងមុខនេះ កំពុងស្វែ​ងរកក្រុមហ៊ុនម៉ៅការ សម្រាប់ការងាររៀបចំផ្នែកខាងក្នុង (fit-out) ដែលត្រូវមានបទពិសោធន៍លើការងារផ្នែក fit-out យ៉ាងតិច៥ឆ្នាំ និងមានក្រុមការងារផ្ទាល់ខ្លួនយ៉ាងតិច៥០នាក់ មកចូលរួមរៀបចំទីតាំងអាជីវកម្មដ៏សម្បូរបែបនេះ។

ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានសម្រុកសាងសង់ផ្សារទំនើបខ្នាតយក្ស២៧១ មេហ្គាលម៉ល ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងរាជធានីភ្នំពេ​ញឱ្យបានរួចរាល់ តាមការគ្រោងទុកត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ បើទោះបីពិភពលោក កំពុងស្ថិតក្នុងវិបត្តិ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្តី។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាមជ្ឈមណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិប្រកបដោយសក្ដានុពល ដែលមានទំហំរហូតដល់ទៅ១៦ម៉ឺនម៉ែត្រការ៉េ កម្ពស់៦ជាន់ និងត្រូវបានវិនិយោគអស់ទឹកប្រាក់ជាង១៥០លានដុល្លារអាមេរិក។

ផ្សារទំនើបនេះ នឹងមានទីតាំងអាជីវកម្មចំនួន២២៦ ទីតាំង សម្រាប់សំលៀកបំពាក់ ភោជនីយដ្ឋាន ផ្សារទំនើប កន្លែងកម្សាន្ត រោងភាពយន្ត ធនាគារ សេវាកម្មសាធារណៈ និងអាជីវកម្មជាច្រើនទៀតដែលនឹងធ្វើឲ្យតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ ក្លាយជាតំបន់ពាណិជ្ជកម្មដ៏ទំនើប។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងផ្សារទំនើបធំជាងគេរបស់ ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនឈានមុខគេមួយលើការអភិវឌ្ឍលើមជ្ឈមណ្ឌល ផ្សារទំនើបពាណិជ្ជកម្ម ជីប ម៉ុង Supermarket និង ជីប ម៉ុង Express៕

កំណើននាំចេញយ៉ាងគំហុកជំរុញឱ្យតម្រូវការលំនៅដ្ឋាននៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើតរបស់ថៃកើនឡើង

ដោយៈសុខុម

បាងកក: ការកើនឡើងយ៉ាងគំហុក នូវការនាំចេញក្នុងឆ្នាំ២០២១ បានជំរុញកំណើនតម្រូវការលំនៅដ្ឋាន ក្នុងបណ្ដាខេត្តច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) នៃប្រទេសថៃ។

អ្នកជំនាញបង្ហាញសុទិដ្ឋិនិយមថា កំណើននេះនឹងបន្តនៅឆ្នាំនេះបន្តទៀត។ នេះបើយោងតាមបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក។

លោក Meesak Chunharuckchot ប្រធានសមាគមអចលនទ្រព្យខេត្តឈុនប៊ូរី (Chonburi) ថ្លែងថា ទីផ្សារលំនៅដ្ឋានក្នុងខេត្តនេះ មានភាពប្រសើរឡើងក្នុងឆមាសទី២ ឆ្នាំ២០២១ ដែលជំរុញដោយការនាំចេញ ដែលបានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។

លោកលើកឡើងទៀតថា “ប្រសិនបើលុយបាតធ្លាក់ថ្លៃ ការទិញផ្ទះរបស់អ្នក ដែលធ្វើការផ្នែកនាំចេញ ផ្នែកឧស្សាហកម្មនឹងកើនឡើង ខណៈតម្លៃដឹកជញ្ជូនកើនឡើង”។

យោងតាមធនាគារកណ្ដាលថៃបានឱ្យដឹងថា តម្លៃនាំចេញសរុបដែលមិនរាប់បញ្ចូលមាស បានកើនឡើង២៤,៤% កាលពីឆ្នាំមុន ជាមួយនឹងកំណើន២៦,៦% ក្នុងឆមាសទី១ និង២២,៤% ក្នុងឆមាសទី២។

លោក Meesak Chunharuckchot លើកឡើងថា ផ្ទះប្រភេទTownhouse តម្លៃចន្លោះពី៣០.០០០ដុល្លារអាមេរិក ទៅ៦០.០០០ដុល្លារអាមេរិក ក្នុងមួយយូនីតដែលអតិថិជន គោលដៅ ជាអ្នកនៅធ្វើការនៅតាមសួនឧស្សាហកម្ម មានសន្ទុះលក់ដាច់ជាងមុន បន្ទាប់ពីធ្លាក់ចុះ អំឡុងឆ្នាំ២០១៩-២០២០។ អ្នកជំនាញរំពឹងថា សន្ទុះកើនឡើងនេះនឹងបន្តនៅក្នុងឆ្នាំ២០២២ នេះទៀត។

លោក Premsorn Sriviboonchai ប្រធានសមាគមអចលនទ្រព្យ ខេត្តរ៉ាក់យ៉ងបានបង្ហាញសុទិដ្ឋិនិយមថា ទីផ្សារលំនៅដ្ឋានក្នុងខេត្តរ៉ាក់យ៉ង នឹងមានស្ថានភាពល្អប្រសើរ ដូចខេត្តឈុនប៊ូរី ដែរជាមួយនឹងកំណើនវិជ្ជមានបន្តមកពីឆ្នាំមុន។

សួនឧស្សាហកម្មក្នុងស្រុកភ្លួក ឌែង (Pluak Daeng) នៃខេត្តរ៉ាក់យ៉ង មានសន្ទុះធ្លាក់ចុះក្នុងឆ្នាំ២០២០។ ទោះជាយ៉ាងណា ការផលិតរថយន្តបានកើនឡើងកាលពីឆ្នាំមុន បន្ទាប់ពីពិភពលោកមានតម្រូវការរថយន្តឡើងវិញ៕ Bangkok Post៕

ផែនការពង្រីករាជធានីកំពុងជួយបង្កើនតម្លៃដីនៅតំបន់ជាយៗក្រុង

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ ផែនការពង្រីករាជធានីភ្នំពេញ នឹងធ្វើឱ្យតំបន់នៅជាយៗរាជធានីភ្នំពេញ កាន់តែមានតម្លៃខ្ពស់ឡើង ជាពិសេសនឹងទាក់ទាញការវិនិយោគលើវិស័យដីធ្លី និងអចលនទ្រព្យបន្ថែមផងដែរ។


ផែនការពង្រីកនាពេលអនាគត នឹងធ្វើឱ្យតំបន់ជាយៗរាជធានីភ្នំពេញនឹងកាន់តែខិតជិតតំបន់កណ្ដាលក្រុង តាមរយៈគម្រោងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធថ្មីៗរបស់រដ្ឋ។

យោងតាមការសិក្សារបស់ក្រុមហ៊ុន អចលនទ្រព្យអន្តរជាតិមួយ Century21 Zillion Holding កាលពីពេលថ្មីៗនេះបានបង្ហាញថា ខណ្ឌចំនួន៣នៅរាជធានីភ្នំពេញ នឹងធ្វើសន្ទុះនៃតម្លៃកាន់តែខ្ពស់ ក្នុងនោះរួមមានខណ្ឌព្រែកព្នៅ ខណ្ឌ កំបូល និងខណ្ឌដង្កោ ។

ខណ្ឌទាំងនេះ ត្រូវបានគេឃើញមានការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធច្រើន រួមទាំងគម្រោងធំ ៗរបស់រដ្ឋមួយចំនួនផងដែរ ដូចជា ផ្លូវក្រវ៉ាត់ក្រុងទី៣ រត់កាត់ខណ្ឌទាំងបី មានពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌព្រែកព្នៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្រុកស្អាងជាប់ នឹងខណ្ឌដង្កោជាដើម។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance Realty បានមានប្រសាសន៍ថា ការរីកធំធាត់នៃរាជធានី ភ្នំពេញនឹងជះឥទ្ធិពលទៅដល់តំបន់ជាយក្រុង នឹងធ្វើឱ្យតំបន់ជាយក្រុង កាន់តែមានសន្ទុះតម្លៃដីធ្លីបន្ថែម ស្របតាមតម្រូវការ នៃការប្រើប្រាស់នៅតំបន់ទាំងនោះ ។ ការអភិវឌ្ឍនិងពង្រីកទីក្រុងនេះដែរ ក៏ទាមទារឱ្យមានការអភិវឌ្ឍបន្ថែម នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ប្រព័ន្ធទឹកស្អាត ប្រព័ន្ធភ្លើងបន្ថែមផងដែរ សម្រាប់សម្រួលដល់ការវិនិ យោគនិងការរស់នៅរបស់ប្រជាពលរដ្ឋ ទៅកាន់តំបន់ជាយក្រុង ។

ជាមួយគ្នានេះ លោកសន សៀប ស្ថាបនិកនិងជាអគ្គនាយកក្រុមហ៊ុន ឃីរៀលអ៊ីស្ទេត ក៏បានលើកឡើងផងដែរថា ចង់វិនិយោគដីធ្លីដែលចំណេញឆាប់គួរវិនិយោគដីធ្លី នៅតំបន់ជាយៗក្រុង ពីព្រោះដីជាយក្រុងនៅមានឱកាសឡើងថ្លៃបន្តទៀត ខណៈដីនៅកណ្ដាលក្រុង បានឡើងកំពូលមួយខ្ពស់និងមិនងាយឬឡើងតិចតួចប៉ុណ្ណោះ។

លោកបន្តថា ក្នុងចំណោមខណ្ឌនៅជាយក្រុង ខណ្ឌដង្កោជាតំបន់ដែលមានអត្រាកើនឡើងខ្ពស់ តែមិនមានន័យថាតម្លៃខ្ពស់នោះទេ ដោយ​សារតែសក្ដានុពលតំបន់មួយចំនួន នៅខណ្ឌដង្កោបានទាក់ទាញការវិនិយោគកាន់តែខ្លាំង។

ក្រសួងរៀបចំផែនដី នគរូបនីយកម្ម និងសំណង់កាលពីចុងឆ្នាំមុនបានបញ្ចេញពីផែនការប្រើប្រាស់ដីលំអិត និងផែនការអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡូម៉ែត្រការ៉េ ពីអ័ក្សវត្តភ្នំ ដែលផែនការនេះនឹងត្រូវធ្វើរហូតដល់ឆ្នាំ២០៣៥។

តាមផែនការនេះ រដ្ឋាភិបាលនឹងកាត់បញ្ចូលផ្នែកទាំងអស់ នៃទឹកដីខេត្តកណ្តាលភាគខាងជើង ចូលមកក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ នាពេលអនាគត៕

គំរោងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនអាចពន្យាពេលសាងសង់

ដោយៈគង់ សូរិយា

ភ្នំពេញៈ គំរោងសាងសង់កែលំអរ និងលើកកំពស់ផ្លូវជាតិសំខាន់ៗមួយចំនូនអាចត្រូវពន្យាពេល បន្ទាប់ពីសម្តេចតេជោប្រកាសព ន្យាពេលគំរោងមួយចំនួន ក្នុងគំរោងមួយចំនួនដែលមិនចាំបាច់។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយា បានមានប្រសាសន៍ឲ្យដឹងតាមបណ្តាញទំនាក់ទំនងសង្គម កាលពីសប្តាហ៍មុនថា គំរោងនានាត្រូវបានលើកឡើង ដោយឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការរូចហើយ។

លោកបន្តថា “រហូតមកទល់ពេលនេះ ខ្ញុំមិនទាន់ទទួលបានបច្ចុប្បន្នភាពណាមួយថ្មីនៅឡើយទេ ដូចជាស្ពានឆ្លងកាត់ទន្លេមេគង្គ ក្នុងខេត្តក្រចេះ គំរោងពង្រីកផ្លូវជាតិលេខ៧ពីស្គន់ទៅកាន់ក្រុងកំពង់ចាម គំរោងស្តារឡើងវិញនូវផ្លូវជាតិថ្នាក់ខេត្ត មួយចំនួនទៀត មិនទាន់មានព៌តមានថ្មីនៅឡើយទេ”។ លោកបន្តថា “ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ឋ នៅតែជាទិសដៅអាទិភាពរបស់រដ្ឋាភិបាល ប៉ុន្តែគំរោងណាស្ថិតក្នុងអាទិភាព នឹងត្រូវសាងសង់មុន តាមកញ្ចប់ថវិកាដែលមាន”។

កាលពីពេលថ្មីៗនេះ ប្រមុខរដ្ឋាភិបាលសម្តេចតេជោហ៊ុន សែ​ននាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសពីការពន្យាពេលគំរោងហេ ដ្ឋារចនាសម្ព័ន្ឋមិនចាំបាច់មួយចំនួន ប្រសិនជាមិនចាំបាច់ គឺត្រូវបន្តឆ្លង ដ ឆ្លងសាឡាងសិន ដោយរដ្ឋាភិបាលនឹងលៃទុកថវិកា ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ និងស្តារសេដ្ឋកិច្ចឡើងវិញ៕

ប្រធានាធិបតីចិនប្រកាសបង្កើនជើងហោះហើរមកកម្ពុជា ជាសញ្ញាវិជ្ជមានមួយសម្រាប់ទេសចរណ៍ និងលំហូរពាណិជ្ជកម្ម

ដោយៈជេស៊ីកា

ភ្នំពេញៈ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រកាសបង្កើនការហោះហើរឡើងវិញរវាងកម្ពុជា និងចិន បន្ទាប់ពីត្រូវបានធ្លាក់ចុះ ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩។

ការប្រកាសរបស់លោកប្រធានាធិបតីចិន បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារតាមទូរស័ព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ។

ជើងហោះហើររវាងកម្ពុជា និងចិន បានធ្លាក់ចុះ បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩។ ជាពិសេសការអនុវត្ត នូវវិធានការទប់ស្កាត់ការរាតត្បាតមេរោគកូវីដ១៩ ពីសំណាក់រដ្ឋាភិបាលចិន។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ, លោកប្រធា​នាធិបតីចិន បានប្រកាសជំរុញការហោះហើរនេះឡើងវិញ។

យោងតាមរបាយការណ៍ពីរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍តែ៥ប៉ុណ្ណោះ កំពុងហោះហើររវាងកម្ពុជា និងចិន។ ក្នុងនោះក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុនចំនួន៣ និងក្រុមហ៊ុនចិនចំនួន២។

របាយការណ៍ដដែលបានឲ្យដឹងថា មុនពេលមានវិបត្តិជំងឺកូវីដ១៩ កម្ពុជាមានក្រុមហ៊ុនអាកាសចរចំនួន៦ ហោះហើរដឹកជញ្ជូនអ្នកដំណើរតាមផ្លូវអាកាសទៅកាន់ទីក្រុងសំខាន់ៗ ចំនួន៣៤របស់ចិន ដោយមានជើងហោះហើរសរុបចំនួន២២០លើក ក្នុងមួយសប្តាហ៍។

ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ចិន ដែលហោះហើរចេញចូលកម្ពុជា មុនការរាតត្បាតជំងឺកូវីដ១៩ មានចំនួនរហូតដល់ទៅ១៦ក្រុមហ៊ុន ដោយបានហោះហើរដឹកជញ្ជូនអ្នកដំណើរ តាមផ្លូវអាកាសមកពី១៨ទីក្រុងសំខាន់ៗរបស់ចិន។ក្នុងមួយសប្តាហ៍ មានជើងហោះហើរសរុប១៩៥លើក។

បើសិនជាមានការបង្កើនជើងហោះហើរឡើងវិញ ដូចការប្រកាសរបស់លោកប្រធានាធិបតីចិន គេរំពឹងថា កម្ពុជា នឹងទទួលបានអ្នកដំណើរពីប្រទេសចិន កាន់តែច្រើនឡើងវិញ ដែលជាការរួមចំណែកដ៏សំខាន់សម្រាប់ដង្ហើមវិស័យទេសចរណ៍របស់កម្ពុជា៕

ទំនាក់ទំនងរវាងកម្ពុជា ចិនវិវត្តន៍៍កាន់តែប្រសើរមួយកម្រិតទៀតបន្ទាប់ពីសម្ដេចតេជោ ជួបពិភាក្សាការងារជាមួយលោកស៊ី ជីនពីង

ដោយៈ សុផារី

ភ្នំពេញៈ ទំនាក់ទំនងរវាងកម្ពុជា ចិនកាន់តែមានភាពល្អប្រសើរថែមទៀត បន្ទាប់ពីប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ បានជួបសន្ទ​នាគ្នាតាមទូរស័ព្ទ។

កិច្ចពិភាក្សាគ្នា ដែលបានធ្វើឡើ់ងនៅរសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដោយប្រមុខដឹកនាំប្រទេសទាំងពីរ បានលើកឡើងនូវចំណុចវិជ្ជមា​នជាច្រើន។

ក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានពិភាក្សាទៅលើចំណុចជាច្រើន នៅក្នុងកម្រិតទ្វេភាគី តំបន់ និងបញ្ហារបស់ពិភពលោកផងដែរ។ កិច្ចពិភាក្សានេះ បានជជែកច្រើនលើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិន។

លោកប្រធានាធិបតីចិន បានលើកឡើងថា បច្ចុប្បន្នកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមាន ដូច្នេះ ចិននឹងនាំចូលអង្ករ ឱ្យបានកាន់តែច្រើនជាងមុន ព្រមទាំងផលិត​ផលកសិកម្មមួយចំនួនទៀត ដូចជា ផ្លែចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

លោកប្រធានាធិបតីចិន ក៏បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ។ លោកប្រធានាធិបតីចិន ក៏បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូស។ ក្នុងចំណោម ២០លានដូសនោះ ៥លានដូសនឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ។

ប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាសធ្វើការរួមគ្នាជាមួយកម្ពុជា ក្នុងការបង្កើតរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា នាពេលខាងមុខផងដែរ។ លោកស៊ី ជិនពីង ក៏បានមានប្រសាសន៍ជំរុញបង្កើតជើងហោះហើររវាងប្រទេសទាំងពីរ។ ពាក់ព័ន្ធបញ្ហាអាស៊ាន-ចិន វិញ ដោយសារតែអាស៊ាន និងចិន ទើបនឹងដំឡើងកម្រិតទំនាក់ទំនងរបស់ខ្លួន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២១នោះ ប្រធានាធិបតីចិន បានប្រកាសគាំទ្រកម្ពុជា ក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ។ ជាពិសេសគាំទ្រតួនាទីប្រធានអាស៊ានរបស់កម្ពុជា លើបញ្ហានៅក្នុងតំបន់ និងលើពិភពលោក។

លោកស៊ី ជិនពីង បានគូសរំលេចថា អាស៊ាន និងចិន ត្រូវធ្វើយ៉ាងណារួមចំណែករក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ និងវិបុលភាពនៅក្នុងតំបន់ ជាពិសេសធ្វើយ៉ាងណាពង្រីក នូវកិច្ចសហប្រតិប​ត្តិការរវាងអាស៊ាន និងចិន។

ប្រធានាធិបតីចិន ក៏បានគាំទ្រការធ្វើដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែមករា កន្លងទៅនេះ។ លោកបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ក្នុងចូលរួមចំណែក ដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដែលជាមធ្យោបាយចូលរួម ដំណោះស្រាយតាមផ្លូវអាស៊ាន។

ក្នុងជំនួបពិភាក្សានេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកប្រធានាធិបតីចិន មកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ លោកប្រធានាធិបតីចិន បានទទួលយកនូវការអញ្ជើញនេះ ហើយនឹងធ្វើការងារជាភាគីពាក់ព័ន្ធ ដើម្បីទស្សនកិច្ចនៅកម្ពុជា។

លោកប្រធានាធិបតីចិន ក៏បានអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលវេលាសមស្របណាមួយ ជាពិសេសក្រោយការរាតត្បាតជំងឺកូវីដ-១៩៕

ចិនផ្តល់ជំនួយសាងសង់សួនសហគមន៍តម្លៃជិត៧ម៉ឺនដុល្លាអាមេរិក នៅតំបន់ស្ទឹងមានជ័យ

ដោយ: ម៉ាលីស

ភ្នំពេញ: សួនសហគមន៍កុមារមេត្រី ឬហៅថាសួនលូ៥ តម្លៃជិត៧ម៉ឺនដុល្លាអាមេរិក ដែលទទួលបានការឧបត្ថម្ភពីស្ថានទូតចិនប្រចាំនៅកម្ពុជា ត្រូវបានបើកសម្ភោធឱ្យដំណើរការជាផ្លូវការ ដើម្បីបម្រើជាកន្លែងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ នៅតំបន់ស្ទឹងមានជ័យ។

សួននេះបានស្ថាបនាឡើង ក្រោមការជួយឧបត្ថម្ភពីស្ថានទូតចិនប្រចាំនៅកម្ពុជានិងត្រូវបានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ឆាង ជាន អគ្គទីប្រឹក្សានៃស្ថានទូតចិន។

លោក ពេជ្រ កែវមុនី អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានមានប្រសាសន៍ថា សួនសហគមន៍កុមារមេត្រីឬសួនលូ៥ មានទីតាំងស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ មានផ្ទៃដីសរុប២៧៧៥ម៉ែត្រក្រឡា មានបណ្តោយប្រវែង២២៩ម៉ែត្រ ទទឹង១០ម៉ែត្រ និងទទឹងប្រឡាយទឹកក្រោមដី៥ម៉ែត្រ។

កាលពីមុនសួនលូ៥នេះគឺជាប្រឡាយទឹកស្អុយបើកចំហ ដែលមានគម្របបេតុងនិងក្រាលក្បឿងពីលើ ហើយសួននេះជាទីតាំងសំខាន់មួយក្នុងតំបន់ស្ទឹងមានជ័យ ដែលអ្នករស់នៅអាចដើរហាត់ប្រាណនិងក្មេងលេងកម្សាន្តបាន។

សួននេះសាងសង់ដោយប្រើប្រាស់រយៈពេល០៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ចំណាយថវិកាសរុប៦៧,៤៩៧ដុល្លារ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានដាក់បំពាក់ឧបករណ៍សម្រាប់ហាត់ប្រាណអស់ថវិកាចំនួន៦,០០០ដុល្លារ សរុបថវិកាចំណាយទាំងអស់ចំនួន៧៥,៤៩៧ដុល្លារ។

លោកនួន ផារ័ត្ន បានលើកឡើងថា សួនសហគមន៍កុមារមេត្រី នេះមិនត្រឹមតែលើកសោភណភាពក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែវាជាកន្លែងមួយផ្ដល់ឱ្យប្រជាពលរដ្ឋនៅតំបន់នេះបានហាត់ប្រាណដើម្បីសុខភាព។

លោក ឆាង ជាន ក៏បានលើកឡើងផងដែរថា ការស្ថាបនាសួនសហគមន៍កុមារមេត្រីមិនត្រឹមតែបានឱ្យក្មេងៗបានលេងប៉ុណ្ណោះទេ តែក៏បានលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្រស់ស្អាត ហើយវាក៏ជាកន្លែងសម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ៕

កម្ពុជា-ជប៉ុនគ្រោងផែនការមេសំរាប់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ក្នុងខេត្តបាត់ដំបង

ដោយ:ម៉ាលីស

បាត់ដំបង: លោកសុខ លូ អភិបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៨ មិនានេះ បានអញ្ជើ​ញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការចម្រុះលើកទី៣ (JCC) សម្រាប់ គម្រោងការសិក្សាផែនការមេ សម្រាប់អភិវឌ្ឍទីក្រុងវៃឆ្លាត ក្នុងខេត្តបាត់ដំបង ជាមួយនិងក្រសួងដែនដី ហេដ្ឋារចនា សម្ព័ន្ធគម នាគមន៍ និងទេសចរណ៍នៃរដ្ឋាភិបាលជប៉ុន តាមរយៈប្រព័ន្ធវីដេអូ។

បន្ទាប់ពីការធ្វើបទបង្ហាញ ពីគម្រោងផែនការមេសម្រាប់ការអភិវឌ្ឍទីក្រុងឆ្លាតក្នុង ខេត្តរួចមក លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាល ខេត្តបាត់ដំបងសង្ឃឹមថា រដ្ឋាភិបាលជប៉ុន នឹងបន្តជួយគម្រោងនេះ ឱ្យចេញជាសមិទ្ធផល ជាក់ស្ដែង ហើយរដ្ឋបាលខេត្តបាត់ដំបង នឹងបន្តចូលរួមសហការជាមួយរដ្ឋាភិបាល ជប៉ុនជានិច្ច ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តបាត់ដំបង ឱ្យក្លាយជាទីក្រុងឆ្លាត ដើម្បីទាក់ទាញវិនិយោគិនក្នុងស្រុក និងក្រៅស្រុកមកវិនិយោគកាន់តែច្រើនឡើង និងជាពិសេសដើម្បីឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាខេត្តបាត់ដំបង កាន់តែច្រើនឡើងៗ។

លោកបានបន្តទៀតថា ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តបាត់ដំបង ស្នើសុំដល់ រដ្ឋាភិបាលជប៉ុន បន្តផ្សព្វផ្សាយដល់វិនិយោគិនក្នុងប្រទេសជប៉ុនឱ្យមកវិនិយោគក្នុង ខេត្តបាត់ដំបងឱ្យកាន់តែច្រើនឡើង ឬបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តមួយ ព្រោះខេត្តបាត់ដំបងមានផ្ទៃដីធំទូលាយ ដែលបង្កលក្ខណៈងាយស្រួលក្នុងការបង្កើតតំបន់ សេដ្ឋកិច្ចពិសេស ដែលអាចបង្កើតជារោងចក្រផ្សេងៗ ពិសេសរោងចក្រកែច្នៃផលិតផល កសិកម្ម ព្រោះខេត្តបាត់ដំបងជាខេត្តកសិកម្ម ហើយផលិតផលកសិកម្មជាច្រើន មិនទាន់មានរោងចក្រកែច្នៃ វេចខ្ចប់បានល្អច្រើននោះទេ។

លោកបន្តទៀតថា បច្ចុប្បន្ននេះរដ្ឋបាលខេត្ត កំពុងតែខិតខំប្រឹងប្រែងក្នុងការ រៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង បរិស្ថាន អនាម័យសាធារណៈ ដោយក្នុងនោះ ខេត្តបាត់ដំបង មានអាងសំរាម ដែលមានលក្ខណៈស្ដង់ដារនៅឃុំតាគ្រាម នៃស្រុកបាណន់ រៀបចំ ប្រព័ន្ធលូទឹកកខ្វក់ និងប្រព័ន្ធលូទឹកភ្លៀងដាច់ដោយឡែកពីគ្នា និងបង្កើតអាងប្រព្រឹត្តិ កម្មទឹកកខ្វក់ឱ្យបានសមស្រប ដើម្បីប្រមូលនិងធ្វើប្រព្រឹត្តកម្មសម្អាតទឹកកខ្វក់ មុននឹងបង្ហូរ ចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធ្វើការរៀបចំសណ្ដាប់ធ្នាប់ក្នុងក្រុង ការទប់ស្កាត់ការរំលោ​ភយកដីចំណីផ្លូវរបស់រដ្ឋ ការរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារក្នុងក្រុងជាដើម៕

ក្រុមហ៊ុនអន្តរជាតិបង្ហាញពីកំណើននៃចំណូលបានមកពីវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រុមហ៊ុនមកពីប្រទេសសិង្ហបុរី Hong Lai Huat ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនសិង្ហបុរី បានប្រកាសពីការងើបឡើងវិញនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដែលចំណូលក្រុមហ៊ុននេះបានកើនទ្វេដងកាលពីឆ្នាំ២០២១។

ក្រុមហ៊ុនបានឱ្យដឹងថា ចំណូលងើបឡើងវិញរបស់ក្រុមហ៊ុនសិង្ហបុរីនាពេលនេះ គឺដោយសារការលក់ដាច់ខ្លាំងនៃគម្រោងអចលនទ្រព្យរបស់ខ្លួននៅកម្ពុជា។

កត្តានេះបង្ហាញថា ទីផ្សារអចលនទ្រព្យនៅកម្ពុជា នៅតែជាទិសដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគពីអ្នកវិនិយោគបរទេស ក្នុងការបង្កើតប្រាក់ចំណេញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានមួយរបស់សិង្ហបុរី។

កាលពីឆ្នាំ២០២១ចំណូលពីការលក់របស់ក្រុមហ៊ុននេះសម្រេចបានប្រមាណជាង១៦លានដុល្លារ ដែលកើនពីជាង៧លានដុល្លារក្នុងឆ្នាំ២០២០។ ការកើនឡើងចំណូលពីការលក់បានធ្វើឱ្យកម្រិតប្រាក់ចំណេញដុល (GPM) របស់ក្រុមហ៊ុននេះកើនពីជិត៤០ភាគរយមក៦០ភាគរយ។ កម្រិតប្រាក់ចំណេញដុលគឺជាភាគរយនៃចំណូលបានពីការលក់ដែលនៅសល់បន្ទាប់ពីបានទូទាត់លើថ្លៃដើមរួច។

លោក Johnny Ong តំណាងក្រុមហ៊ុន Hong Lai Huat ត្រូវបានអ្នកសារព័ត៌មានដកស្រង់សម្តីដោយបញ្ជាក់ថា “កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័ស ហើយប្រជាជនដែលមានចំណូលមធ្យមក៏មានការកើនឡើងច្រើនផងដែរ។ ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនៅកម្ពុជា យើងជឿជាក់ថា ការរីកចម្រើន និងការវិនិយោគនៅកម្ពុជា នឹងបោះជំហ៊ានកាន់តែខ្លាំងថែមទៀតនាពេលខាងមុខ”។

អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនក៏បានលើកឡើងផងដែរថា ទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩អស់រយៈពេលជាង២ឆ្នាំហើយក្ដី ការលក់អចលនទ្រព្យកម្ពុជាមិនមែនស្ងាត់ជ្រងំនោះឡើយ។

លោក ឌឹត ចណ្ណា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានឱ្យដឹងថា ប្រទេសជិតខាងកម្ពុជាដូចជាថៃសកម្មភាពអចលនទ្រព្យឃើញថាហាក់ស្ងាត់ តែកម្ពុជានៅតែមានការទិញលក់ជាពិសេសទៅលើដីធ្លី សកម្មភាពនេះវាបង្ហាញពីតម្រូវការនៃការវិនិយោគ ការសាងសង់នានាជាដើម។

បើតាមរបាយណ៍របស់ធនាគារជាតិនៃកម្ពុជាក៏បានបង្ហាញពីកំណើននៃកម្ចីក្នុងវិស័យអចលនទ្រព្យផងដែរ ដោយក្នុងនោះកម្ចីភាគច្រើនគឺផ្ដោតទៅលើការទិញផ្ទះ ដូច្នេះវាក៏បានបង្ហាញពីសកម្មភាពនៃការសាងសង់លំនៅឋានកម្ពុជាបន្តទៅមុខទោះស្ថិតនៅក្នុងវិបត្តិកូវីដ១៩៕

Japan to speed up wind farm projects in wake of Ukraine crisis Reporting by Ritsuko Shimizu, Writing by Ju-min Park

TOKYO: Japan will accelerate its efforts to develop offshore wind power projects, its industry minister said on Friday.

Officials in the resource-poor Japan are concerned Russia’s invasion of Ukraine and the ensuing surge in oil prices could hit economic growth, although they say there has been no immediate major disruption to energy supply.

Industry minister Koichi Hagiuda told reporters the government will revamp the public tender process for picking wind farm operators, taking into account not only the prices bid but also how early systems can be installed.

Source: Reuters