គំរោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតគ្រោងចំណាយទឹកប្រាក់ ២៥០០លានដុល្លារ

ដោយៈជេស៊ីកា

ភ្នំពេញៈ គំរោងសិក្សាផ្លូវល្បឿនលឿនភ្នំពេញ បាវិតបានសិក្សាបញ្ចប់ហើយ ដោយគ្រោងចំណាយទឹកប្រាក់ រហូតដល់២៥០០លានដុល្លារអាមេរិក។

យោងតាមប្រភពពីថ្នាក់ដឹកនាំក្រុមហ៊ុន China Railway ប្រចាំកម្ពុជាបានឲ្យដឹងថា គំរោងស្ថាបនាផ្លូវល្បឿនលឿន ដ៏សំខាន់នេះ បានបញ្ចប់ ជាមួយផែនការចំណាយដូចបង្ហាញខាងលើ ដែលផ្លូួវនេះមានប្រវែងប្រមាណ១៣០គីឡូម៉ែត្រ ប៉ុន្តែការចំណាយខ្ពស់ដោយសារផ្លូវនេះ នឹងត្រូួវសាងសង់ស្ពានច្រើន ហើយមានប្រវែងវែង។

លោកបន្តថា “គំរោងនេះបានដាក់ឆ្លងមេដឹកនាំកម្ពុជារួចហើយ និងត្រូវបានបញ្ចួលសំណើរទៅកាន់រដ្ឋាភិបាលចិន ដើម្បីសិក្សាពីលទ្ឋភាពហិរញ្ញប្បទាន ដើម្បីសាងសង់ផ្លូួវនេះឬយ៉ាងណា”។

ប្រភពដដែលបានបង្ហើបឲ្យដឹងទៀតថា ផ្លូវល្បឿនលឿនភ្នំពេ​ញ បាវិត អាចនឹងត្រូវការសិក្សារយៈពេលវែងផងដែរ ទៅលើកម្រិតនៃផលចំណេញ ផ្នែកសេដ្ឋកិច្ចរបស់ផ្លូវនេះ ខណ​ៈបច្ចុប្បន្នផ្លូវជាតិលេខ១ ក៏បានដើរតួនាទីសំខាន់ផងដែរ ដើម្បីតភ្ជាប់រវាងកម្ពុជា វៀតណាម ពិសេសផែនការអភិវឌ្ឈន៍ត្បូង ត្បូងរបស់អាស៊ាន។

ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ធ្លាប់បានបង្ហើបឲ្យដឹងកាលពីចុងឆ្នាំមុនថា គំរោងផ្លូវនេះនឹងសិក្សាបញ្ចប់នៅចុងឆ្នាំ២០២១ ដើម្បីដាក់ឆ្លងរដ្ឋាភិបាលពិចា​រណាថា តើផ្លូវនេះមានសារៈសំខាន់កម្រិតណា និងមានផលវិជ្ជមានកម្រិតណា ដល់សេដ្ឋកិច្ចកម្ពុជា។

ទោះជាយ៉ាងចាប់តាំងពីលើកឡើងកន្លងមក លោកទេសរដ្ឋមន្រ្តី មិនធ្លាប់បានបង្ហាញព៌តមានលំអិត ពីផ្លួវល្បឿនលឿនភ្នំពេញ បាវិតទៀតនោះទេ៕

កំពង់ផែក្រុងព្រះសីហនុនឹងត្រូវពង្រីកសម្រាប់តំបន់មេគង្គ និងពិភពលោកទាំងមូល

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក គីស៊ីដា ហ្វឺមីអូ នាយករដ្ឋមន្រ្តីជប៉ុន បានឯកភាពគ្នាសហការយ៉ាងពេញទំហឹង ដើម្បីធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែដ៏សំខាន់ចម្បងមួយ ដែលមិនមែនសម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់មេគង្គ និងពិភពលោកផងដែរ។

នេះបើតាមសេចក្តីថ្លែងការណ៍រួមកម្ពុជា-​ ជប៉ុនក្រោយបញ្ចប់ជំនួបទ្វេរភាគី រវាងនាយករដ្ឋមន្ត្រីទាំងពីរនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ។

តាមរយៈសេចក្តីថ្លែងការណ៍រួមនេះដដែល នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នារិះរកនូវកាលានុវត្តន៍ភាពថ្មីៗ សម្រាប់កំណើនប្រកបដោយចីរភាពរបស់កម្ពុជា ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរបស់ជប៉ុន រួមមាន ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម ការអភិវឌ្ឍធនធានមនុស្ស និងការគាំទ្រនៅថ្នាក់មូលដ្ឋាន។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ជប៉ុន ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា រួមមានកំពង់ផែសមុទ្រ ស្ពាន ផ្លូវថ្នល់ ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត។

ក្រសួងសាធារណការនិងដឹកជញ្ជូន នៅដើមឆ្នាំ២០២២នេះ បានបញ្ជាក់ថា ក្រសួងបាននិងកំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណ​តផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយទីភ្នាក់ងារ JICA ដើម្បីប្រែក្លាយកំពង់ផែនេះ ទៅជាកំពង់ផែក្នុងតំបន់ដ៏មានសក្ដានុពលក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន កន្លងមកបានមានប្រសាសន៍ថា កំពង់ផែក្រុងព្រះសីហនុជាកំពង់ផែទឹកជ្រៅរបស់កម្ពុជា ដែលនឹងអភិវឌ្ឍន៍ទៅជាកំពង់ផែដែលអាចឱ្យនាវាធំៗកាន់តែច្រើនចូលចត ដែលអាចឱ្យទំនិញកាន់តែច្រើនឆ្លងកាន់កម្ពុជា និងមិនបាច់ធ្វើការផ្ទេរនាវានៅកំពង់ផែប្រទេសផ្សេងៗបាន។ ក្នុងន័យនេះ កំពង់ផែធំៗដែលធ្លាប់ចូលចតប្រទេសជិតខាងហើយផ្ទេរមកវានាតូចៗ និងមិនចាំបាច់ធ្វើការផ្ទេរទៀតទេនៅពេលកំពង់ផែទឹកជ្រៅ ខេត្តព្រះសីហនុ សាងសង់ចំណតនាវារួចរាល់៕

សម្តេចតេជោនឹងធ្វើជាអធិបតីសម្ភោធមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈនៅថ្ងៃនេះ

ដោយ: ម៉ាលីស

ភ្នំពេញ: គម្រោងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២១ មីនា ២០២២ ក្រោមអធិបតីភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ ដែលជាជំនួយរបស់ រដ្ឋាភិបាលចិន មានទីតាំងនៅក្នុងជធានីភ្នំពេញ គឺជាអគារពេទ្យចម្រុះដែលអាចដាក់គ្រែព្យាបាលបានដល់ ៤០០គ្រែ និងបែងចែកជាផ្នែកពិនិត្យជំងឺ សង្គ្រោះបន្ទាន់ សម្រាកព្យាបាល និងភស្តុភារជាដើមដែលឯកទេសលើផ្នែកវះកាត់។

គម្រោងខាងលើនេះ សាងសង់លើផ្ទៃដីប្រមាណ១.៥ម៉ឺនម៉ែត្រការ៉េ និងផ្ទៃដីសំណង់សរុបប្រមាណ៣.៣ម៉ឺនម៉ែត្រការ៉េ។ គម្រោងនេះត្រូវបានចាប់ផ្តើមសាងសង់ កាលពីខែតុលាឆ្នាំ២០១៨ និងបានបញ្ចប់ កាលពីខែធ្នូឆ្នាំ២០២១៕

លោក ឆន សុវណ្ណរាជ ក្លាយជាម្ចាស់ខុនដូ ប្រណីតរ៉ូយ៉ាល់ស្កាយលែន

ដោយសហការី

ភ្នំពេញ ៖ លោក Chhorn Sovannareach តារាចម្រៀងល្បីប្រចាំប្រទេសកម្ពុជា បានចុះហត្ថលេខាក្នុងក្នុងការទិញគម្រោងខុនដូរបស់ Royal Sky Land ក្រោយពេលលោកបានក្លាយជាទូតសុឆន្ទៈរបស់គម្រោងអភិវឌ្ឍន៍បានមួយរយៈពេលកន្លងមក ។

បន្ទាប់ពីការបើកសម្ភោធ ហាងពាណិជ្ជកម្មរ៉ូយ៉ាល់លៀវវីងផ្លាហ្សាមក រ៉ូយ៉ាល់ស្កាយលែនបានបាប់ដៃម្តងទៀតជាមួយ លោកChhorn Sovannareach បុគ្គលិកមីងយូគ្រុបទាំងអស់បាន សម្តែងការស្វាគមន៏យ៉ាងពេញទំហឹង ព្រមទាំងបានអញ្ជើញដៃគូសហការ និងអ្នកសារព័ត៏មានមកធ្វើជាសាក្សីក្នុងពិធីដ៏អស្ចារ្យនេះ។

លោក Chhorn Sovannareach បានមានប្រសាសន៏ថា លោកមានកិត្តយសណាស់ដែលបានក្លាយជាអ្នកតំណាងទូតសុច្ឆន្ទៈរបស់គម្រោងរ៉ូយ៉ាល់ស្កាយលែន បន្ទាប់មកខ្ញុំបានស្វែងយល់ពីគុណភាពទីតាំងរបស់គម្រោងរ៉ូយ៉ាល់ស្កាយលែន ផ្សារទំនើបដ៏ទាន់សម័យ ប្រណិតភាពផាសុខភាពក្នុងខុនដូ ព្រមទាំងសេវាគ្រប់ជ្រុងជ្រោយ ដែលធ្វើអោយខ្ញុំបាទ Chhorn Sovannareach ពេញចិត្តណាស់ នេះជាមូលហេតុដែលខ្ញុំសម្រេចចិត្តទិញខុនដូ ពីគម្រោងរ៉ូយ៉ាល់ស្កាយលែន ។

លោកបន្តថា មុននឹងលោកចុះហត្ថលេខាធ្វើជាតំណាងទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនមីងយូគ្រុប លោកបានស្វែងយល់យ៉ាងច្បាស់ពីក្រុមហ៊ុន ហើយក៏បានឃើញនិស្សិតកម្ពុជាសិក្សានៅប្រទេសចិន បានចូលរូមទស្សនា មជ្មណ្ឌលជីងបាវកម្ពស់ ២១០ម៉ែត្រ ដែលអភិវឌ្ឍន៏ដោយក្រុមហ៊ុនមីងយូគ្រុប។ លោកយល់ឃើញថា ក្រុមហ៊ុនមីងយូគ្រុបដែលមានបទពិសោធន៏អភិវឌ្ឍន៏អគារជាង១០ឆ្នាំនៅប្រទេសចិន ហើយបានបោះជំហានចូលមកទីក្រុងភ្នំពេញ នឹងនាំមកលំនៅដ្ឋានល្អៗ នោះរាជធានីភ្នំពេញរឹតតែមានសម្រស់កាន់តែស្រស់ស្អាត។លោកថា” ដោយយល់ស្គាល់ច្បាស់ពីគម្រោងរ៉ូយ៉ាល់ស្កាយលែន ខ្ញុំពេញចិត្តនឹង រ៉ូយ៉ាល់ស្កាយលែនណាស់ ដូចនេះខ្ញុំយល់ថា ខុនដូនៅទីនេះពិតជាគួអោយចង់ទិញណាស់”។

លោក Stanley អគ្គនាយករងផ្នែកទីផ្សាក្រុមហ៊ុនមីងយូគ្រុបបានឱ្យដឹងថា លោកពិតជារីករាយណាស់ ដែលតំណាងទូតសុច្ឆន្ទៈលោក Chhorn Sovannareach បានក្លាយជាម្ចាស់ខុនដូរបស់គម្រោងរ៉ូយ៉ាល់ស្កាយលែន ខ្ញុំជឿជាក់ថាបន្ទាប់ពីលោក Chhorn Sovannareach ក្លាយជាម្ចាស់ខុនដូរួច នឹងមានអតិថិជនកាន់តែច្រើនឡើងៗនឹងក្លាយជាម្ចាស់អាជីវកម្មរបស់ពួកយើងជាបន្តបន្ទាប់ ។

រ៉ូយ៉ាល់ស្កាយលែន ទីតាំងល្អឥតខ្ចោះ គ្រឿងបរិក្ខាគ្រប់គ្រាន់ ជាទីតាំងប្រកបដោយផាសុខភាពក្នុងរាជធានីភ្នំពេញ ។ ជាមួយនឹងការពន្លឿនល្បឿនក្នុងការសាងសង់ ហើយជំងឺកូវិដ១៩ក៏បញ្ចប់ រ៉ូយ៉ាល់ស្កាយលែននឹងក្លាយជាជើងឯកលក់អចលទ្រព្យក្នុងរាជធានីភ្នំពេញ។

ស្របពេលនេះដែរ រ៉ូយ៉ាល់ស្កាយលែនបានបិទបញ្ចប់គ្រោងជាន់ក្រោមដី នឹងពន្លឿនដំណើរការសាងសង់នៅលើផ្ទៃដី ហើយវឌ្ឍនភាពនៃគម្រោងនឹងផ្លាស់ប្តូរទៅតាមថ្ងៃនីមួយៗ ដូចនេះមិនយូទេ លោក Chhorn Sovannareach នឹងក្លាយជាអ្នកជិតខាងរបស់អតិថិជនគម្រោងរ៉ូយ៉ាល់ស្កាយលែន ។

ក្រុមហ៊ុនមីងយូគ្រុប ជាក្រុមហ៊ុនអចលទ្រព្យដ៏មានឥទ្ធិពលនៅប្រទេសចិន ឧត្តមគតិសាងសង់ផ្ទះល្អ។
ចាប់តាំងពីឆ្នាំ២០០៨រហូតមកដល់បច្ចុប្បន្ន មីងយូគ្រុបនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធបានចាក់ឫសយ៉ាងជ្រៅក្នុងវិស័យអចលទ្រព្យរយៈពេល១៤ឆ្នាំនៅទីក្រុង ANHUI ប្រទេសចិន ពោពេញដោយបទពិសោធន៏នឹងការអភិវឌ្ឍន៏ដ៏សម្បូរបែប ស្របពេលនោះដែរក៏បានបង្កើតក្រុមហ៊ុនអលនទ្រព្យភីងយូ ក្រុមហ៊ុនហ្វូលូ ការគ្រប់គ្រងអាជីវកម្មដែលគ្មានដែនកំណត់ ក្រុមហ៊ុនបានបង្កើតប្រព័ន្ធសេវាកម្មដើម្បីបំពេញតម្រូវការរបស់អតិថិជន ៕

ក្រុមហ៊ុន ខេអេច លែន បានរៀបចំកម្មវិធីជួបជុំពិសាអាហារសាមគ្គីជាមួយដៃគូសហការដែលបានធ្វើការលក់ គ្រប់គោលដៅប្រមាណជាង ១០០០នាក់

default

ដោយសហការី

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ខេអេច លែន បានរៀបកម្មវិធីជួបជុំពិសាអាហារសាមគ្គីជាមួយដៃគូសហការដែលបានធ្វើការលក់គ្រប់គោលដៅប្រមាណជាង ១០០០នាក់។

ការជួបជុំពិសាអាហារសាមគ្គីនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង លើកទឹកចិត្ត ពង្រឹងចំណងមិត្តភាព បង្កើនកិច្ចសហការរវាងដៃគូសហការលក់ និងក្រុមហ៊ុន ខេអេច លែន។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅគម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូច របស់ក្រុមហ៊ុនខេអេច លែន ដែលស្ថិតនៅក្នុង ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ខេអេច លែន កំពុងវិនិយោគនិងអភិវឌ្ឍន៍គម្រោងទីក្រុងពាណិជ្ជកម្មភ្នំតូចរបស់ខ្លួន មានទំហំរហូតដល់១០០ហិចតា ដែលជាគម្រោងអភិវឌ្ឍន៍ដីឡូតិ៏បែបកូនកាត់ រួមមាន ដីឡូតិ៏ ផ្ទះអាជីវកម្ម វីឡាកូនកាត់ វិឡាភ្លោះ វីឡាទោល ក្នុងនោះផងដែរក៏មានការអភិវឌ្ឍជាតំបន់ពាណិជ្ជកម្មទាំង១០​ និងផ្សារថែមទៀតផង៕

ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្រីសន្ធរសំដែងនូវអំណរសាទរចំពោះផ្លូវបេតុងថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប

ដោយសហការី

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុង ៧០B ចំនួន ០១ខ្សែ ប្រវែង ១៦,១៣៣ គ.ម ព្រមទាំងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងចំនួន ០៩កន្លែង ដែលស្ថិតនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ផ្លូវបេតុង ៧០B ប្រវែង ១៦,១៣៣ គ.ម ០១ខ្សែនេះ គឺត្រូវបានចាប់ផ្តើមសាងសង់កាលពី ខែមីនា ឆ្នាំ២០១៨ ក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណជាង ៦លានដុល្លារសហរដ្ឋអាមេរិក ដែលលាតសន្ធឹងឆ្លងកាត់ឃុំចំនួន ០៦ឃុំ រួមមាន៖ ឃុំព្រែករំដេង ឃុំឫស្សីស្រុក ឃុំស្វាយខ្សាច់ភ្នំ ឃុំព្រែកដំបូក ឃុំផ្ទះកណ្តាល និងឃុំព្រែកពោធិ៍ ដែលចាប់ផ្ដើមពីទីតាំងសាលាស្រុកស្រីសន្ធរ រហូតដល់ ឃុំព្រែករំដេង ស្ថិតក្នុងស្រីសន្ធរ ខេត្តកំពង់ចាម។ ​

ទន្ទឹមនឹងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ៧០B ចំនួន ០១ខ្សែនេះ ដែលជាជំនួយសាងសង់ដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ក្នុងនោះដោយមើឃើញពីភាពទ្រុឌទ្រោម និងសោភ័ណភាពស្ពានប៉ាឡេបច្ចុប្បន្ន និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួលបន្ថែមទៀត ព្រមទាំងធានានូវសុវត្ថិភាពផងដែរ ក្រុមហ៊ុនក៏បានចូលរួមឧបត្ថម្ភសាងសង់ស្ពានបេតុចំនួន ០៩កន្លែង បន្ថែមទៀតដើម្បីជំនួសឱ្យស្ពានប៉ាឡេបច្ចុប្បន្ន ដែលស្ថិតនៅលើផ្លូវបេតុ ៧០B នេះផងដែរ ដែលគិតជាទឹកប្រាក់សរុបប្រមាណជាង ៦លានដុល្លារអាមេរិក។

ទាក់ទងទៅនឹងសមិទ្ធផលនៃការអភិវឌ្ឍផ្លូវបេតុងមួយខ្សែនេះ ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកស្រីសន្ធរ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនទៀតបានសម្ដែងនូវអំណរគុណ និងសប្បាយចិត្តជាខ្លាំង ខណៈផ្លូវបេតុ ៧០B នេះគឺបានចូលរួមដោះស្រាយបញ្ហានៃមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរនេះប្រមាណជាង ២០,២៨៧ គ្រួសារ ដែលស្មើនឹង ៨៩,​៨១៣នាក់ នៃចំនួនប្រជាពលរដ្ឋដែលបានប្រើប្រាស់ដងផ្លូវនេះអាស្រ័យផល ក្នុងការប្រកបអាជីវកម្ម ការអប់រំ និងសេវាសាធារណៈផ្សេងៗជាច្រើនទៀត។ល។ ហើយនេះក៏បានជួយដល់សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនមួយចំណែក ខណៈផ្លូវមួយខ្សែនេះក៏បានជួយសម្រួលដល់សេដ្ឋកិច្ចគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋឱ្យមានការរីកចម្រើនសម្រាប់ការរស់នៅចិញ្ចឹមជីវិតផងដែរ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង ៧០B និងពិធីបើកការដ្ឋានសាងសង់ស្ពានបេតុង ០៩ កន្លែងនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានមានប្រសាសន៍ថា៖ “ សូមចូលរួមអបអរសាទចំពោះសមិទ្ធផលផ្លូវ និងស្ពានទាំងនេះ ដែលនឹងក្លាយជាគុណប្រយោជន៍ដ៏ធំធេង សម្រាប់ប្រជាជនក្នុងមូលដ្ឋាន រួមទាំងអ្នកដំណើរមកទីជិតឆ្ងាយ។ ជាក់ស្តែងណាស់ សមិទ្ធផលទាំងនេះបានកើតចេញពីកម្លាំងរួបរួមសាមគ្គីភាព រវាងវិស័យឯកជនដែលមានក្រុមហ៊ុនប៉េង ហួត គ្រុប ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋភិបាលក្នុងការកសាងផ្លូវ និងស្ពានទាំងនេះទ្បើង ដើម្បីនាំមកនូវក្តីសង្ឃឹម ជួយសម្រួលការរស់នៅប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកស្រីសន្ធរឱ្យកាន់តែចម្រើនរុងរឿងថែមទៀត។ ទាំងនេះកើតមានទៅបាន គឺដោយឈរលើស្មារតី “សិល្បៈនៃការចែករំលែក” ក្រោមដំបូលនៃសុខសន្តិភាព និងវឌ្ឍនភាពនៃសង្គមជាតិ។ ”

ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរម្នាក់ដែលរស់នៅក្នុងមូលដ្ឋានស្រុកស្រីសន្ធរបានសម្ដែងនូវការសប្បាយចិត្តដោយទទួលបានផ្លូវល្អ និងងាយស្រួលធ្វើដំណើរ ព្រមទាំងបានថ្លែងនូវអំណរគុណយ៉ាងក្រៃលែងដល់ក្រុមហ៊ុន ប៉េង ហួត គ្រុប ថា៖ “ ផ្លូវកាលពីមុននោះ លំបាកធ្វើដំណើរខ្លាំងណាស់ ពេលធ្វើដំណើរទៅណាមកណាហ៊ុយខ្លាំងណាស់ ហើយពេលភ្លៀងម្ដង់ៗភក់ជ្រាំ រអិលខ្លាំងណាស់ ត្រូវការចំណាយពេលវេលាយូរ ហើយតាំងពីបានផ្លូវថ្មីមកគឺងាយស្រួលធ្វើដំណើរពីផ្ទះទៅភ្នំពេញលឿនដូចចិត្ត ខ្ញុំអរគុណសម្តេចខ្លាំងណាស់ដែលបានផ្តល់អំណោយដ៏ថ្លៃថ្លានេះ ហើយក៏អរគុណក្រុមហ៊ុន ប៉េង ហួត ផងដែរដែលបានធ្វើផ្លូវថ្មីស្អាតនេះឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរទៅមកកាន់តែងាយស្រួល” ។

គូរំលឹកផងដែរ៖ កន្លងមកក្រុមហ៊ុន​ ប៉េង ហួត គ្រុប បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលដ្ឋានស្រុកស្រីសន្ធរជាច្រើនទៀត ដែលរួមមាន ៖ ក្លោងទ្វារវត្ត របងវត្ត កុដិយាយជី-តាជី ដែលជាសុទ្ធាជ្រះថ្លា នៅវត្តជ័យមង្គល សាលារៀន ផ្លូវថ្នល់ក្នុងភូមិ អគារ ១ខ្នង ២ជាន់ ស្មើនឹង ១២បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ប៉េង ហួត ស្វាយតានាន់ រួមទាំងអគារទីចាត់ការ ១ខ្នងផងដែរ និងថ្មីៗនេះ អភិវឌ្ឍផ្លូវ និងស្ពានបេតុង។ល។ ដែលសមិទ្ធផលទាំងអស់នេះគិតជាទឹកប្រាក់សរុបរួមប្រមាណជាង ១៧,៨៨៦,២៥០ ដុល្លារអាមេរិក។ ស្មារតីចែករំលែកគឺជាទឹកចិត្តដ៏ថ្លៃថ្លា និងជាការដឹងគុណដល់សង្គម និងរាជរដ្ឋាភិបាលដែលថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនតែងតែប្រកាន់ខ្ជាប់នូវទស្សនៈនិងគំនិតដូចសុភាសិតខ្មែរមួយដែលតែងដាស់តឿនសតិកូនខ្មែរឱ្យប្រតិបតិ្តវប្បធម៌ដឹង​គុណ ពោលគឺ៖ “​ ផឹកទឹកនឹកដល់ប្រភព បានជ្រកម្លប់នឹកដល់អ្នកដាំ ” ៕

គម្រោងអភិវឌ្ឍន៍ផ្លូវនឹងជំរុញសក្ដានុពលវិនិយោគក្នុងខេត្តកោះកុងកាន់តែច្រើន

ដោយ៖ វឌ្ឍនៈ

កោះកុង ៖ បច្ចុប្បន្ននេះរដ្ឋាភិបាលបាននឹងកំពុងជំរុញការអភិវឌ្ឍតំបន់ឆ្នេរដើម្បីទាក់ទាញការវិនិយោគពីក្នុងនិងក្រៅប្រទេសបន្ថែម។ ក្នុងនោះខេត្តកោះកុងក៏កំពុងទទួលបានគម្រោងផ្លូវជាច្រើនតភ្ជាប់ពីភ្នំពេញនិងបណ្ដាខេត្តនានាជាច្រើន ដែលនឹងធ្វើឱ្យខេត្តនេះកាន់តែមានសក្ដានុពលវិនិយោគបន្ថែមទៀត។

ផ្លូវសំខាន់ដែលកំពុងស្ថាបនានិងជួសជុលទៅកាន់ខេត្តកោះកុងរួមមានផ្លូវលេខ៤៨ តភ្ជាប់ពីស្រុកស្រែអំបិលទៅកាន់ក្រុងខេមរភូមិន្ទនៃខេត្តកោះកុង ផ្លូវជាតិលេខ១០តភ្ជាប់ពីខេត្តពោធិ៍សាត់ទៅកាន់ខេត្តកោះកុងជាដើម ព្រមទាំងផ្លូវជាច្រើនទៀតនៅក្នុងខេត្តកោះកុងផងដែរ។

លោកទុយ ប៉ោហេង ប្រធានក្រុមហ៊ុនអចលនទ្រព្យ Century 21 Zillion Holding បានមានប្រសាសន៍ថា ខេត្តកោះកុងមួយរយៈនេះហាក់ទទួលបានគម្រោងវិនិយោគបន្តបន្ទាប់ ទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ក៏ដោយ។

លោកថា សក្ដានុពលដែលជំរុញឱ្យខេត្តនេះកាន់តែមានសន្ទុះនិងមានការទាក់ទាញការវិនិយោគបន្ថែម ដោយសារតែគម្រោងធំៗមួយចំនួនបានចាប់ផ្ដើមបោះទុនវិនិយោគក្នុងខេត្តនេះ គម្រោងផ្លូវតភ្ជាប់ពីខេត្តកោះកុងទៅបណ្ដាខេត្ត ដែលធ្វើឱ្យវិនិយោគិនងាយស្រួលក្នុងការធ្វើដំណើរ។

លោកបន្តថា តម្លៃដីធ្លីនៅក្នុងខេត្តកោះកុងក៏ឃើញថាមានកំណើនប្រសើរជាងមុនផងដែរ។ ជាក់ស្ដែងដីនៅតាមបណ្ដោយផ្លូវធំៗនៃខេត្តកោះកុងឃើញថាមានការកើនឡើងគួរឱ្យកត់សម្គាល់និងមានការចាប់អារម្មណ៍ទិញលក់ពីវិនិយោគិនជាច្រើនផងដែរ ជាពិសេសទិញដើម្បីទុកចំណេញ។

ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម ក៏បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតែងតែទទួលបានផលប្រយោជន៍ដល់តំបន់នោះ។ អ្នកវិនិយោគតែងតែទៅកាន់តំបន់ណាដែលងាយស្រួលក្នុងការដឹកជញ្ជូន និងងាយស្រួលធ្វើដំណើរ។

លោកបញ្ជាក់បន្ថែមថា “យើងឃើញថាតំបន់ឆ្នេរជាតំបន់ដែរមានសក្ដានុពលមួយក្នុងប្រទេសកម្ពុជា ដោយរដ្ឋាភិបាលលោកបានខិតខំពង្រីកនិងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៅកាន់តំបន់នោះ”៕

ប្រាសាទអង្គរវត្តជាប់ចំណាត់ថ្នាក់លេខ១ ក្នុងពិភពលោកដែលជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាព្រះអាទិត្យរះ

ដោយ: ម៉ាលីស

ភ្នំពេញ៖ ប្រាសាទអង្គរវត្ត របស់ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាកន្លែងដ៏ល្អបំផុត សម្រាប់ទស្សនាពេលព្រះអាទិត្យរះ និងលិច ក្នុងចំណោមទីតាំងគ្រប់ប្រទេសទាំងអស់ នៅលើពិភពលោក។ នេះបើយោងតាមការសិក្សាថ្មីមួយ ដោយគេហទំព័រដ៏ល្បីរបស់អង់គ្លេស Mornings.co.uk ។

ការសិក្សារបស់ Mornings.co.uk ត្រូវបានបន្តចុះផ្សាយដោយសារព័ត៌មានល្បីៗជាច្រើនទៀត ដែលផ្តោតលើទីតាំងកម្សាន្ត ដោយផ្តល់ចំណាត់ថ្នាក់ដូចខាងក្រោម៖

* ចំណាត់ថ្នាក់លេខ១ បានទៅលើ Angkor Wat របស់កម្ពុជា
* ចំណាត់ថ្នាក់លេខ២ បានទៅលើ Haleakala Crater របស់អាមេរិក
* ចំណាត់ថ្នាក់លេខ៣ បានទៅលើ Taj Mahal របស់ឥណ្ឌា
* ចំណាត់ថ្នាក់លេខ៤ បានទៅលើ Borobudur Temple របស់ឥណ្ឌូនេស៉ី
* ចំណាត់ថ្នាក់លេខ៥ បានទៅលើ Uluru របស់អូស្ត្រាលី
* ចំណាត់ថ្នាក់លេខ៦ បានទៅលើ Saragng Kot របស់នេប៉ាល់
* ចំណាត់ថ្នាក់លេខ៧ បានទៅលើ Bagan Temples របស់មីយ៉ាន់ម៉ា
* ចំណាត់ថ្នាក់លេខ៨ បានទៅលើ Adam’s Peak (Sri pada) របស់ស្រីលង្កា
* ចំណាត់ថ្នាក់លេខ៩ បានទៅលើ Charles Bridge របស់ឆេក
* ចំណាត់ថ្នាក់លេខ១០ បានទៅលើ Machu Picchu របស់ពេរូ ៕

ទីផ្សារដីធ្លីនៅប្រទេសចិន ក្នុងត្រីមាសទី១ឆ្នាំនេះដាំក្បាលចុះខ្លាំង ទោះមានវិធានការបន្ធូរបន្ថយ

ដោយៈសុខុម

ប៉េកាំង: ទិន្នន័យផ្លូវការសម្រាប់ខែមករា ដល់ខែកុម្ភៈ ដើមឆ្នាំ២០២២ បានបង្ហាញកាលពីថ្ងៃសុក្រ ទី១៨ មីនា ថា ប្រាក់ចំណូលពីការលក់ដីធ្លីរបស់ប្រទេសចិន បានធ្លាក់ចុះខ្លាំងធៀបនឹងឆ្នាំមុន ហើយនេះសរបង្ហាញថា ទីផ្សារអចលនទ្រព្យដ៏ធំរបស់ចិន ដែលជាវិស័យដ៏សំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច នៅតែបន្តចុះខ្សោយ។

ប្រាក់ចំណូលពីការលក់ដីធ្លី របស់រដ្ឋាភិបាលក្រុងប៉េកាំង បានធ្លាក់ចុះខ្លាំង រហូតដល់ទៅ២៩,៥% មកនៅត្រឹម១២៤,៥២ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល២ខែដើមឆ្នាំ២០២២ បន្ទាប់ពីហក់ឡើង២,១៦%កាលពីខែធ្នូ។ តួលេខនេះបង្ហាញពីការធ្លាក់ចុះខ្លាំង បើធៀបនឹងចំណូល១៧៦,៦៤ពាន់លានដុល្លារអាមេរិក បានពីការលក់ដីធ្លីក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

វិស័យអចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ដាំក្បាលចុះខ្លាំងអស់រយៈពេលជាច្រើនខែ រហូតមកទល់ពេលនេះ នៅពេលយុទ្ធនាការរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីកាត់បន្ថយកម្រិតបំណុលខ្ពស់ខ្លាំង របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បានបណ្ដាលឱ្យមានវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ក្នុងទីផ្សារអចលនទ្រព្យ ដែលនាំឲ្យ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ ខកខានទូទាត់សងថ្លៃមូលបត្របំណុល ហើយគម្រោងអភិឌ្ឍន៍នានាត្រូវបានផ្អាក ឬទុកចោលកណ្ដាលទី។

ជាការឆ្លើយចំពោះវិបត្តិនេះ រដ្ឋាភិបាលបានដាក់ចេញវិធានការបន្ធូរបន្ថយជាបន្តបន្ទាប់ ដើម្បីសម្រាលវិបត្តិសាច់ប្រាក់ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗ និងដើម្បីធ្វើឱ្យអ្នកទិញមានទំនុកចិត្តឡើងវិញ រួមទាំងការតម្រូវឱ្យបង់ប្រាក់ដើម តិចជាងមុនសម្រាប់ការបង់រំលស់ផ្ទះ និងការបញ្ចុះអត្រាការប្រាក់សម្រាប់កម្ចីទិញផ្ទះផងដែរ។

ទោះជាយ៉ាងណា វិធានការបន្ធួរបន្ថយទាំងនេះ ហាក់មិនសូវមានប្រសិទ្ធភាព ឬមិនទាន់ធ្វើឱ្យវិស័យអចលនទ្រព្យ កម្រើកឡើងវិញទូទាំងប្រទេសនៅឡើយទេ។ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា តម្លៃផ្ទះថ្មីក្នុងខែកុម្ភៈស្ថិតនៅទ្រឹង បន្ទាប់ពីហក់ឡើងបន្តិចកាលពីខែមករា។

កាលពីថ្ងៃពុធ ឧបនាយករដ្ឋមន្ត្រីចិន លោក LIU HE បានជំរុញ ឱ្យដាក់ចេញគោលនយោបាយគាំទ្រ ទីផ្សារដើម្បីជួយគាំទ្រដល់សេដ្ឋកិច្ច ហើយបានប្តេជ្ញាដោះស្រាយ ហានិភ័យនានានៅក្នុងវិស័យអចលនទ្រព្យ៕

ផ្សារទំនើបតម្លៃជាង១៥០លានដុល្លារអាមេរិកប្រកាសស្វែងរកក្រុមហ៊ុនរចនាផ្នែកក្នុងអគារ

ដោយៈ សុផារី

ភ្នំពេញៈ មជ្ឈមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង២៧១ មេហ្គាម៉ល ដែលនឹងបញ្ចប់ការសាងសង់ឆាប់ៗខាងមុខនេះ កំពុងស្វែ​ងរកក្រុមហ៊ុនម៉ៅការ សម្រាប់ការងាររៀបចំផ្នែកខាងក្នុង (fit-out) ដែលត្រូវមានបទពិសោធន៍លើការងារផ្នែក fit-out យ៉ាងតិច៥ឆ្នាំ និងមានក្រុមការងារផ្ទាល់ខ្លួនយ៉ាងតិច៥០នាក់ មកចូលរួមរៀបចំទីតាំងអាជីវកម្មដ៏សម្បូរបែបនេះ។

ក្រុមហ៊ុន ជីប ម៉ុង រីថែល ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង បានសម្រុកសាងសង់ផ្សារទំនើបខ្នាតយក្ស២៧១ មេហ្គាលម៉ល ដែលស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងរាជធានីភ្នំពេ​ញឱ្យបានរួចរាល់ តាមការគ្រោងទុកត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ បើទោះបីពិភពលោក កំពុងស្ថិតក្នុងវិបត្តិ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្តី។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាមជ្ឈមណ្ឌលផ្សារទំនើបខ្នាតអន្តរជាតិប្រកបដោយសក្ដានុពល ដែលមានទំហំរហូតដល់ទៅ១៦ម៉ឺនម៉ែត្រការ៉េ កម្ពស់៦ជាន់ និងត្រូវបានវិនិយោគអស់ទឹកប្រាក់ជាង១៥០លានដុល្លារអាមេរិក។

ផ្សារទំនើបនេះ នឹងមានទីតាំងអាជីវកម្មចំនួន២២៦ ទីតាំង សម្រាប់សំលៀកបំពាក់ ភោជនីយដ្ឋាន ផ្សារទំនើប កន្លែងកម្សាន្ត រោងភាពយន្ត ធនាគារ សេវាកម្មសាធារណៈ និងអាជីវកម្មជាច្រើនទៀតដែលនឹងធ្វើឲ្យតំបន់ភាគខាងត្បូង នៃរាជធានីភ្នំពេញ ក្លាយជាតំបន់ពាណិជ្ជកម្មដ៏ទំនើប។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺជាគម្រោងផ្សារទំនើបធំជាងគេរបស់ ជីប ម៉ុង រីថែល ដែលជាក្រុមហ៊ុនឈានមុខគេមួយលើការអភិវឌ្ឍលើមជ្ឈមណ្ឌល ផ្សារទំនើបពាណិជ្ជកម្ម ជីប ម៉ុង Supermarket និង ជីប ម៉ុង Express៕