អភិបាលខេត្តបាត់ដំបងនឹងរៀបចំPub Streetនៅក្នុងទីក្រុងនេះ ដូចក្រុងសៀមរាប

  ដោយៈគង់ សូរិយា

       បាត់ដំបងៈ អភិបាលននៃគណអភិបាលខេត្តបាត់ដំបង លោក សុខ លូ បានថ្លែងថា ខេត្តបាត់ដំបងនឹងមាន Pub Street មួយកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិដូចជា នៅខេត្តសៀមរាបនាពេលខាងមុខនេះ។

លោក សុខ លូ បានមានប្រសាសន៍បែបនេះ នៅពេលលោកបានជួបពិភាក្សាជាមួយនឹង លោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូ ដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ ដែលកំពុងអនុវត្តន៍គម្រោងផ្លាស់ប្ដូរ គរុកោសល្យរវាងសមាគមហ្វារពន្លឺសិល្បៈ និងសាលាសៀកបារាំង អេសាក់តូ ។

លោក សុខ លូ បានមានប្រសាសន៍ថា នៅពេលខាងមុខនេះ រដ្ឋបាលខេត្តនឹងរៀបចំតំបន់មួយ ដែលស្រដៀងទៅនឹង Pub Street នៅខេត្តសៀមរាប គឺជាតំបន់ដែលភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ត មានភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម ហើយរដ្ឋបាលខេត្ត នឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗ នៅក្នុងថ្ងៃណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនាការសម្ដែងសិល្បៈពីសិល្បករក្នុងខេត្តរបស់យើង។

ទោះជាយ៉ាងណា លោមិនទាន់បញ្ជាក់ឲ្យដឹងថា គម្រោងនេះនឹងចាប់ផ្តើមរៀបចំនៅពេលណានៅឡើយទេ៕

សម្តេចតេជោលុបចោលគោលការណ៍បីប្រការ ដើម្បីកម្ពុជាឈានទៅកាន់ដំណាក់កាលថ្មីមួយ

ដោយៈ សុផារី

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានលើកឡើងថា សម្តេចបានសម្រេចលុបចោលចំណុចចំនួនបីសម្រាប់អ្នកដំណើរអន្តរជាតិ ក្នុងគោលដៅបន្ធូរបន្ថយលក្ខខណ្ឌតម្រូវចូលមកកម្ពុជា ក្នុងការសម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ ដែលចាប់អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះតទៅ។

ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសពិសេសមួយ ដោយប្រកាសកែសម្រួលលក្ខខណ្ឌមួយចំនួន ចំពោះអ្នកដំណើរមកពីបរទេស ពេលមកដល់ប្រទេសកម្ពុជា ដោយយោងតាមចំណារឯកភាព របស់សម្តេចតេជោ ហ៊ុន សែន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សម្រេ​ចដូចខាងក្រោម ទី១ លុបចោលលក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេសត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា។

ទី២ លុបចោលការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។  និងទី៣ អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។

សម្តេចបានបញ្ជាក់ថា “នេះធ្វើឡើងតាមការស្នើសុំ របស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជា កាន់តែច្រើនជាងមុន និងអាចឈានទៅកាន់ការស្តារវិស័យទេសចរ និងសេវាកម្មដែលទទួលរងនូវវផលប៉ះពាល់ច្រើនជាងគេ”។ សម្តេចតេជោបញ្ជាក់ថា “ការបន្ធូរបន្ថយលក្ខខណ្ឌតម្រូវ ចូលមកកម្ពុជានេះ ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគ ការធ្វើធុរកិច្ច និងទាក់ទាញទេសចរណ៍ រួមទាំងកាត់បន្ថយនូវការចំណាយធ្វើដំណើរ”។

សម្តេចតេជោបានបញ្ជាក់ថា ការលុបចោលលក្ខខណ្ឌតម្រូវធ្វើតេស្ត PCR និងតេស្តរហ័ស ក៏នឹងជួយសម្រួលដល់ការធ្វើដំណើរចេញចូល របស់បងប្អូនប្រជាជនខ្មែរ ទាំងការឈឺចាប់ដោយសាររុកច្រមុះ និងការចំណាយថវិកាសម្រាប់ធ្វើតេស្ត។

សម្តេចតេជោថ្លែងបន្តថា “យើងសម្រួលបញ្ហានេះ ដើម្បីទាក់ទាញការវិនិយោគ ការធ្វើធុរកិច្ច និងធ្វើទេសចរណ៍នៅកម្ពុជា។ ចំណុចអស់ទាំងនេះ គឺជាចំណុចដែលយើងនៅតែបន្ត ក្នុងការធ្វើសកម្មភាពឆ្ពោះទៅមុខ ដើម្បីគោលដៅនៃការអភិវឌ្ឍន៍រៀនរស់ ជាមួយនឹងកូវីដ១៩”។

សម្តេចតេជោបានបញ្ជាក់ថា តាមរយៈការធ្វើតេស្តនេះ ធ្វើរាជរដ្ឋាភិបាលចំណាយប្រាក់យ៉ាងច្រើន ក្នុង១ថ្ងៃៗ ទៅលើឧបករណ៍តេស្ត និងសម្លៀកបំពាក់គ្រូពេទ្យផងដែរ។

សម្តេចបានថ្លែងថា “ការខ្វេះចម្រុះធ្វើតេស្ត មិនមែនត្រឹមតែឈឺច្រមុះទេ វាអស់លុយ មួយថ្ងៃៗរាជរដ្ឋាភិបាលចាយលុយច្រើនណាស់ មានទាំងឧបករណ៍ធ្វើតេស្ត សម្លៀកបំពាក់ធ្វើតេស្ត”។

ចំពោះអ្នកដំណើរ ដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយ ក្រសួងសុខាភិបាលឬអាជ្ញាធរមានសមត្ថកិច្ច៕

សម្ដេចតេជោៈស្នើឲ្យប្រជាពលរដ្ឋកុំជេសម្តេចអី

 ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ជុំវិញបញ្ហាសាំងឡើងថ្លៃ នៅក្នុងប្រទេសកម្ពុជាបានននិងកំពុងក្លាយជាប្រធានបទក្ដៅ និងកំពុងធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងមានប្រជាពលរដ្ឋមួយចំនួន បានដាក់បញ្ហានេះទៅលើរដ្ឋាភិបាល។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា “សាំងឡើងថ្លៃ កុំជេរហ៊ុនសែនអី”។ សម្ដេចថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធ ជាផ្លូវការភូមិកុមារ អេស អូ អេស (SOS) ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២២។

សម្ដេចមានប្រសាសន៍ថា សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន វាបានបង្កើតជាបញ្ហាសម្រាប់សេដ្ឋកិច្ចសកលហើយ ។ អតិផរណានៅសហរដ្ឋអាមេរិក ដែលមិនធ្លាប់មានរយៈពេល៤០ឆ្នាំមកហើយនោះ ក៏បានកើតឡើងហើយ និងនៅអឺរ៉ុបក៏កំពុងរងផលប៉ះពាល់ ។ ពេលនេះប្រទេសជាច្រើននាំគ្នាឈប់ទិញប្រេងពីរុស្ស៊ី ដើម្បីជាការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។

សម្ដេចតេជោហ៊ុន សែនបន្តថា ប្រេងនឹងឡើងបន្តទៀត វាមិនមែននៅត្រឹមនេះទេ តែយ៉ាងណាក្ដីយើងក៏មានដំណោះស្រាយ សម្រាប់បញ្ហានេះដែរ ដូចជា ការកាត់បន្ថយការធ្វើដំណើរ ការធ្វើដំណើរដោយរួមគ្នាឬកាត់បន្ថយការប្រើប្រាស់យានយន្តច្រើន ដែលទាំងនេះអាចកាត់បន្ថយការប្រើប្រាស់សាំងបានមួយកម្រិតផងដែរ។

សម្ដេចតេជោបន្ថែមថា“អ្នកខ្លះរអ៊ូនៅតែរអ៊ូ តែស្ថានភាពចរាចរណ៍នៅតែស្ទះខ្លាំង អ្នកប្រើប្រាស់យានយន្តនៅតែប្រើ ពីព្រោះវាជាកាតព្វកិច្ចដែលត្រូវប្រើនិងមិនអាចទៅរារាំងបានឡើយ”។

តម្លៃប្រេងឥន្ធនៈលក់រាយ នៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដែលរដ្ឋាភិបាលកំណត់កាលពីថ្ងៃទី១៦ មីនា២០២២ ចំពោះសាំងធម្មតា និងប្រេងម៉ាស៊ូត មានតម្លៃ៥៣០០រៀលក្នុងមួយលីត្រ ខណៈសាំងស៊ុបពែរមានតម្លៃរហូតដល់៦០០០រៀលក្នុងមួយលីត្រ និងមានស្ថានីយ៍ប្រេងខ្លះទៀត មានតម្លៃខ្ពស់ជាងនេះ ពីព្រោះរដ្ឋាភិបាលមិនបានកំណត់តម្លៃ ប្រេងសាំងស៊ុបពែរនោះទេ ពោលគឺកំណត់តែសាំងធម្មតា និងប្រេងម៉ាស៊ូតប៉ុណ្ណោះ ដើម្បីសម្រួលដល់ជីវភាព ពលរដ្ឋមានប្រាក់ចំណូលទាបនិងមធ្យម៕

ធនាគារ ហត្ថា ម.កចុះMOUមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តាមប្រព័ន្ធអ៊ីនធឺណិត​

ដោយៈ វិច្ឆិកា

ភ្នំពេញៈ ធនាគារហត្ថា ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយ ក្នុងចំណោមធនាគារឈានមុខគេនៅកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយមជ្ឈមណ្ឌលធុរកិច្ច “តេជោ”តាមប្រព័ន្ខអ៉ីនធើណេត។

គោលបំណងនៃកិច្ចសហការនេះ នឹងផ្តល់នូវដំណោះស្រាយដោយ ការបំប្លែងរូបភាពឯកសារទៅជាអក្សរកែប្រែ (OCR) និងសម្គាល់អត្តសញ្ញា​ណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (e-KYC) សម្រាប់ការកែលម្អបទពិសោធន៍របស់អតិថិជន សម្រាប់ការបើកគណនីតាមរយៈ Smart Teller Machine (STM) និង Mobile Banking។

ពិធីចុះហត្ថលេខានេះបានធ្វើឡើងកាលពី ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ធនាគារ ហត្ថា ម.ក និង មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា តាមប្រព័ន្ធអ៊ីនធឺណិត​ ក្នុងគោលបំណងចូលរួមសកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ​OCR (Optical Character Recognition – ការបំប្លែងរូបភាពឯកសារទៅជាអក្សរកែប្រែ)  និង ​e-KYC (electronic Know Your Customer – សម្គាល់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក) តាមរយៈការប្រើប្រាស់កម្មវិធី CamDigiKey (Cambodia Digital Key) ។

កិច្ចសហការនេះ នឹងផ្តល់នូវដំណោះស្រាយ ដោយការបំប្លែងរូបភាពឯកសារទៅជាអក្សរកែប្រែ (OCR) និងសម្គាល់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (e-KYC) ក្នុងការកែលម្អបទពិសោធន៍របស់អតិថិជន ដោយផ្តល់ដំណោះស្រាយ ផ្ទៀងផ្ទាត់ព័ត៌មានរបស់អ្នកប្រើប្រាស់ សម្រាប់ការបើកគណនីតាមរយៈ Smart Teller Machine (STM) និង Mobile Banking។

លោកបណ្ឌិត តាំង ងួនលី នាយកនៃមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានលើកឡើងថា ការស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ​OCR និង ​e-KYC ពិតជាមានសារៈសំខាន់ ក្នុងការធ្វើទំនើបកម្មឌីជីថល និងគាំទ្រ បរិវត្តកម្មឌីជីថល ស្របទៅនឹងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេ​​​ជោ” ប្រមូលផ្តុំទៅដោយយុវជនឆ្នើមកម្ពុជា រួមគ្នាស្រាវជ្រាវ និងអភិវឌ្ឍ​ ហើយក៏ទទួលបានភាព​​ជោគជ័យជាបន្តបន្ទាប់ ជាក់ស្តែងទៅលើឌីជីថលូបនីយកម្មភាសាខ្មែរ​​ (Natural Language Processing)​​ ជាមួយនិងការផ្តល់​ដំណោះស្រាយដោយការបំប្លែងរូបភាពឯកសារ ទៅជាអក្សរកែប្រែ (OCR) និងសម្គាល់អត្តសញ្ញាណអតិថិជនតាមប្រព័ន្ធអេឡិចត្រូនិក (e-KYC) តាមរយៈការប្រើប្រាស់កម្មវិធី CamDigiKey។

លោកបន្តថា“ការប្រើប្រាស់ OCR និង e-KYC មានភាពទូលំទូលាយ ហើយពិតជាមានសារៈសំខាន់ ក្នុងការជួយគាំទ្រដល់វិស័យធនាគារ ក៏ដូចវិស័យផ្សេងៗទៀត ដើម្បីជំរុញបរិវត្តកម្មឌីជីថលប្រកបដោយចីរភាព”។

លោក នួន វីរៈដារ៉ា អគ្គនាយកឌីជីថលនៃធនាគារហត្ថា ម.ក តំណាង លោកឧញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក នៃធនាគារ ហត្ថា ម.ក បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំង ទៅលើសមិទ្ធផលរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាពិសេសបច្ចេកវិទ្យា OCR និង e-KYC។​ លោកបន្តទៀតថា លោកមានភាពជឿជាក់យ៉ាងខ្លាំង និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹងទៅលើផលិតផលឌីជីថល ដែលបង្កើតដោយស្នាដៃកូនខ្មែរ។

លោកបន្តថា ធនាគារហត្ថា បានវិវឌ្ឍខ្លួនពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារពាណិជ្ជ នៅថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២០ ដែលបានអនុម័តជាផ្លូវការដោយធនាគារជាតិនៃកម្ពុជា។ ធនាគារហត្ថា បានក្លាយខ្លួនជាធនាគា​រមួយ ក្នុងចំណោមធនាគារឈានមុខគេនៅកម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ​ ធនាគារហត្ថា និងមជ្ឈម​ណ្ឌ​លបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងអាចគាំទ្រ និងរួមសហការគ្នា ដើម្បីបន្តកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យា ​OCR និង e-KYC ឱ្យកាន់តែប្រសើរ។

តាមរយៈវត្តមានដ៏រឹងមាំរបស់ស្ថាប័នទាំងពីរ កម្មវិធីនេះគឺជាព្រឹត្តិកា​រណ៍ដ៏សំខាន់មួយ ដែលអនុញ្ញាតឱ្យមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” និង ធនាគារ ហត្ថា ធ្វើកិច្ចសហប្រតិបត្តិការ តាមជំនាញរបស់ខ្លួនរួមគ្នា ក្នុងគោលបំណង ចូលរួមសកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍ និងផ្តល់ជូននូវផលិតផល និងសេវាកម្មថ្មី បែបឌីជីថល ដើម្បីធានាបាននូវប្រសិទ្ធភាពកាន់តែល្អប្រសើរ និងអត្ថប្រយោជន៍កាន់តែសម្បូរបែប សម្រាប់អតិថិជន ក៏ដូចជាសង្គមជាតិយើងទាំងមូល។

អំពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” គឺជាស្ថាប័នរដ្ឋមួយ ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន សំដៅលើកកម្ពស់សមត្ថភាពយុវជនកម្ពុជា ក៏ដូចជា បណ្តុះធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា និងកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថល តាមរយៈកម្មវិធីគាំទ្រមួយចំនួន។ ស្ថាប័ននេះក៏ជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់កម្ពុជា។

អំពី ធនាគារ ហត្ថា ម.ក

ធនាគារហត្ថា គឺជាធនាគារមួយ ក្នុងចំណោមធនាគារឈានមុខគេផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ ជាធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា ចាប់ពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០២០។

ជាមួយបទពិសោធន៍ ក្នុងការបម្រើសេវាហិរញ្ញវត្ថុទៅកាន់ប្រជាជនកម្ពុជាអស់រយៈពេលជិត៣០ឆ្នាំ និងក្រោយការផ្លាស់ប្តូរមុខមាត់ថ្មីរបស់ខ្លួន, ធនាគារ ហត្ថា បានកែលម្អ និងដាក់ឱ្យប្រើប្រាស់បន្ថែមនូវសេវាហិរញ្ញវត្ថុជាច្រើនដែលមានដូចជា សេវាធនាគារចល័ត (Hattha Mobile) សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ឆ្លងធនាគារ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងបានត្រៀមខ្លួនក្នុងការផ្តល់ជូននូវសេវាសេវាហិរញ្ញវត្ថុថ្មីៗជាច្រើនទៀត៕

 

អ្នកជំនាញព្រមានឱ្យរដ្ឋបាលក្រុងហូជីមិញពិចារណាឡើងវិញចំពោះផែនការពង្រីកក្រុង

ដោយៈសុខុម

ហូជីមិញ: ក្រុមអ្នកជំនាញព្រមានថា រដ្ឋបាលក្រុងហូជីមិញគួរតែពិចារណាឡើងវិញឱ្យបានល្អិតល្អន់ ចំពោះផែនការពង្រីកខ្លួនទៅសង្កាត់ដែលនៅជាយៗរបស់ខ្លូន ព្រោះវានឹងផ្ដល់តែផលចំណេញ ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យប៉ុណ្ណោះ គឺមិនមែនពលរដ្ឋដែលរស់នៅទីនោះឡើយ។

លោក Ngô Viết Nam Sơn ស្ថាបត្យករជើងចាស់ដែលមានបទពិសោធន៍៣០ឆ្នាំនិយាយថា ផែនការពង្រីកក្រុងនេះ នឹងធ្វើឱ្យពលរដ្ឋកា​ន់តែគ្មានលទ្ធភាពទិញផ្ទះ ដែលមានតម្លៃផ្ទះបច្ចុប្បន្ន ថ្លៃលើសពីលទ្ធភាពរួចទៅហើយសម្រាប់ពលរដ្ឋភាគច្រើន។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ មីនា។

អ្នកជំនាញរូបនេះលើកឡើងទៀតថា “ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័ស មិនមែនជារឿងល្អឡើយសម្រាប់ហូជីមិញ ព្រោះទីក្រុងនេះចាំបាច់ត្រូវរក្សាទុកតំបន់កសិកម្ម និងអភិវឌ្ឍសង្កាត់ដែលនៅជាយៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ”។

លោកបានគូសបញ្ជាក់ថា វាក៏អាចជះផលប៉ះពាល់ដល់បរិស្ថានផងដែរ។

ការជជែកដេញដោលជាសាធារណៈ បានចាប់ផ្តើមយ៉ាងផុសផុល បន្ទាប់ពីរដ្ឋបាល នៃសង្កាត់ជាយៗក្រុងហូជីមិញ ដូចជាសង្កាត់ Binh Chánh សង្កាត់ Cần Giờ និងសង្កាត់ Củ Chi ជាដើមនិយាយថា ពួកគេក៏ចង់អភិវឌ្ឍខ្លួនទៅជាទីក្រុងដែរ។

*ដីកសិកម្មនឹងត្រូវប្រែក្លាយទៅជាដីក្រុង
បណ្ឌិត Võ Kim Cương អតីតនាយករងស្ថាបត្យករ នៃទីក្រុងហូជីមិញ ធ្លាប់បានលើកឡើងថា “ប្រហែលជាផែនការធ្វើនគរូបនីយកម្ម សង្កាត់ជាយៗនៃក្រុងហូជីមិញ មានបំណងប្រែក្លាយដីកសិកម្ម ទៅជាដីក្រុងហើយមើលទៅ។ ការធ្វើនគរូបនីយកម្ម សង្កាត់ជាយៗត្រូវតែបំពេញបានតាមលក្ខខណ្ឌបរិស្ថាន និងអេកូឡូស៊ី”។

អ្នកជំនាញរូបនេះគូសបញ្ជាក់ថា ដោយមានប្រព័ន្ធអេកូឡូស៊ី ព្រៃកោងកាងដ៏ល្អល្អះ និងមានឋានៈជាដែនជីវចម្រុះរបស់ពិភពលោក សង្កាត់ Cần Giờ គួរតែផ្តោតលើការអភិវឌ្ឍទេសចរណ៍ធម្មជាតិតំបន់ក្រុង។

យោងតាមក្រុមអ្នកជំនាញឱ្យដឹងថា ដើម្បីសម្រេចបានគោលដៅក្លា​យជាក្រុង នៅក្នុងទីក្រុងដូចសង្កាត់ Thủ Đức ជាដើម សង្កាត់ដែលនៅជាយៗក្រុង ត្រូវតែធ្វើការកែលម្អការគ្រប់គ្រងលើគ្រប់វិស័យ រួមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការចំណាយខ្ជះខ្ជាយផងដែរ។

ដោយមានផ្ទៃដីសរុបជាង២.០០០គីឡូម៉ែត្រការ៉េ ក្រុងហូជីមិញ នាពេលបច្ចុប្បន្ននេះ មានប្រជាជនរស់នៅរហូតដល់ទៅ១៣លាននាក់៕ Vietnam News៕

សឹង្ហបុរីជំរុញឱ្យមហាយក្សចិនប្រើឥទ្ធិពលដ៏មហិមាររបស់ខ្លួនដើម្បីបង្ខំឱ្យរុស្ស៊ី ឆាប់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

ដោយៈសុខុម

អន្តរជាតិ: មន្ត្រីការទូតកំពូលរបស់សឹង្ហបុរី បានលើកឡើងថា លោកសង្ឃឹមថា ប្រទេសចិននឹងប្រើ “ឥទ្ធិពលដ៏មហិមារ” របស់ខ្លួនបង្ខំឱ្យរុស្ស៊ី ឆាប់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ដើម្បីសង្គ្រោះសេដ្ឋកិច្ចពិភពលោក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធ ទី១៦ មីនា។

លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី ព្រមានថា សេចក្ដីសម្រេចរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានថ្ងៃខាងមុខនេះ ពិតជាសំខាន់ណាស់ ព្រោះវាអាចកំណត់មាគ៌ា សម្រាប់សេដ្ឋកិច្ចពិភពលោកនាថ្ងៃអនាគត។

ពេលផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មាន Bloomberg រដ្ឋមន្ត្រីរូបនេះថ្លែងថា “បញ្ហាធំនៅពេលនេះគឺថា តើប្រទេសចិន នឹងធ្វើការសម្រេចបែបណា និងចាត់វិធានការបែបណា”។

សិង្ហបុរី កាលពីខែមុនបានក្លាយជាប្រទេសដំបូងគេ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលហ៊ានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មជាឯកតភាគី លើប្រទេសរុស្ស៊ី ចំពោះការបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសអ៊ុយក្រែន ជាចំណាត់ការមួយ ដែលលោក Vivian Balakrishnan យល់ថាចាំបាច់ខ្លាំង។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានធ្វើការកត់សម្គាល់ថា ប្រទេសចិន មានសេដ្ឋកិច្ចធំជាងរុស្ស៊ី និងមានឥទ្ធិពលលើរុស្ស៊ី។

លោកនិយាយអំពីរដ្ឋាភិបាលក្រុងប៉េកាំង ក្រោមការដឹកនាំរបស់ប្រ​ធានាធិបតី ស៊ី ជីនភីង យ៉ាងដូច្នេះថា “ខ្ញុំសង្ឃឹមថា ពួកគេនឹងប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដែលមានចរិតលក្ខណៈចិន ពោលគឺធ្វើដោយស្ងាត់ៗ មិនសម្ញែង ប៉ុន្តែមានប្រសិទ្ធភាព”។

លោកបានបន្ថែមទៀតថា “ពេលនេះ គឺមានក្ដីសង្ឃឹម ហើយត្រង់ថានេះវាគ្រាន់តែជាអ្វីដែលខ្ញុំគិតតែឯង ឬយ៉ាងណា យើងនឹងមើលឃើញជាក់ស្ដែងនៅប៉ុន្មានសប្ដាហ៍ ឬ ប៉ុន្មានថ្ងៃខាងមុខ”៕ South China Morning Post៕

តើទិន្នផលជួលសរុបគឺជាអ្វី? អាចគណនាបានដោយរបៀបណា?

ដោយៈសុផារី

ភ្នំពេញៈ ទិន្នផលជួលសរុប (Gross rental yield) គឺជាប្រាក់ចំណូលដែលវិនិយោគិនទទួលបានពីអចលនទ្រព្យ ជាធម្មតាប្រចាំខែ ដូច្នេះជាធម្មតាវាមានសារៈសំខាន់ណាស់ ចំពោះវិនិយោគិនទាំងអស់ ហើយអាចជាកត្តាកំណត់ ក្នុងការជ្រើសរើសអចលនទ្រព្យមួយ លើអចលនទ្រព្យមួយផ្សេងទៀតនៅពេលទិញ។

ទិន្នផលជួលសរុបខ្ពស់មានន័យថា វិនិយោគិនទទួលបានប្រាក់ចំណូ​លកាន់តែច្រើនពីអចលនទ្រព្យ។ ប្រសិនបើអ្នកវិនិយោគ មានការចំណាយទាក់ទងនឹងអចលនទ្រព្យ ដូចជា ការប្រាក់កម្ចី ថ្លៃសាជីវកម្ម ថ្លៃគ្រប់គ្រងអចលនទ្រព្យ និងការថែទាំ ប្រាក់ចំណូលពីទិន្នផលជួលសរុបខ្ពស់នេះកាន់​តែខ្ពស់ នោះការចំណាយក្រៅហោប៉ៅ កាន់តែតិចសម្រាប់អ្នកវិនិយោគ។

ដើម្បីគណនាទិន្នផលការជួលសរុប វិនិយោគិនត្រូវយកចំណូលពីការជួលប្រចាំឆ្នាំចែក នឹងតម្លៃទិញអចលនទ្រព្យ ហើយគុណនឹង១០០ដើម្បីទទួលបានតួលេខភាគរយ។

ទិន្នផលជួលសរុប (%) = (ចំណូលពីការជួលប្រចាំឆ្នាំ/តម្លៃអចលនទ្រព្យ) x 100។

ឧទាហរណ៍ ពិសីមានអចលនទ្រព្យ ដែលមានតម្លៃ១០ម៉ឺនដុល្លារ ដែលរកចំណូល ពីការជួលចំនួន៥០០ដុល្លារក្នុងមួយខែ។

ដើម្បីទទួលបានការជួលប្រចាំឆ្នាំ គុណ៥០០ដុល្លារក្នុងមួយខែជាមួយ១២ខែ នោះអ្នកនឹងទទួលបានចំណូល ពីការជួល៦០០០ដុល្លារក្នុងមួយឆ្នាំ។ បន្ទាប់មកចែក៦០០០ដុល្លារ នឹង១០០.០០០ដុល្លា ដែលស្មើនឹង០,០៦ បន្ទាប់មកគុណនឹង១០០ ដើម្បីទទួលបាន៦ភាគរយ។ ដូច្នេះទិន្នផលជួលសរុប សម្រាប់អចលនទ្រព្យនេះគឺ៦ភាគរយ៕

ខេត្តកំពង់ស្ពឺបង្ហាញសក្តានុពលទាក់ទាញវិនិយោគិនម៉ាឡេស៊ីលើវិស័យសំខាន់ចំនួនប្រាំ

ដោយៈ សុផារី

កំពង់ស្ពឺៈ ដោយមើលឃើញពីសក្តានុពលខ្ពស់ នៃខេត្តកំពង់ស្ពឺ លោក ELDEEN HUSAINI HOHD HASHIM ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ីប្រចាំនៅប្រទេសកម្ពុជា បានសន្យាថា នឹងខិតខំជួយកៀរគរវិនិយោគិនមកបណ្តាក់ទុនរកស៊ីលើវិស័យ៥ នៅក្នុងខេត្តមួយនេះ។

វិស័យទាំងប្រាំនោះមានដូចជា វិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យអចលនទ្រព្យ វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ។

លោកឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី បានលើកឡើងក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ។

លោកឯកអគ្គរដ្ឋទូតរំពឹងថា នៅពេលដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមានចំណាប់អារម្មណ៍ហើយ មកបណ្ដាក់ទុននៅក្នុងខេត្តកំពង់ស្ពឺ ពេលនោះប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ នឹងមានប្រាក់ចំណូលបន្ថែមទៀត តាមរយៈ ឱកាសការងារ ដែលអ្នកវិនិយោគរបស់ម៉ាឡេស៊ីមកបណ្ដាក់ទុន។

លោក វ៉ី សំណាង បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី មកកាន់ខេត្តកំពង់ស្ពឺនាពេលនេះ ក្នុងគោលបំណង ដើម្បីសិក្សាស្វែងយល់ពីសក្តានុពល របស់ខេត្តកំពង់ស្ពឺ តាមការចង្អុលបង្ហាញរបស់សម្ដេចតេជោនាពេលកន្លងមក។

លោកអភិបាលខេត្ត បានថ្លែងអំណរគុណ ចំពោះលោកឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ដែលមានចំណាប់អារម្មណ៍ មកទស្សនកិច្ចនៅខេត្តកំពង់ស្ពឺ និងបានជួយជំរុញឱ្យអ្នកវិនិយោគ មកបណ្តាក់ទុកនៅខេត្តនាពេលខាងមុខ ដែលនឹងជួយលើកស្ទួយដល់សេដ្ឋកិច្ចខេត្ត ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែរីកចម្រើនថែមទៀត៕

កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសទទួលបានផលចំណេញពីការវិនិយោគអចលនទ្រព្យខ្ពស់លំដាប់លេខ៣នៅអាស៊ី

ដោយៈសុផារី

ភ្នំពេញៈ ជាប្រទេសដែលទទួលបានផលចំណេញ ពីការវិនិយោគអចលនទ្រព្យខ្ពស់លំដាប់ទី៣ នៅក្នុងប្រទេសអាស៊ី ក្នុងអត្រា៥,៣៣ភាគរយ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី។

ប្រទេសឥណ្ឌូនេស៊ី ទទួលបានផលចំណេញពីការវិនិយោគ ពិសេសកា​រជួលសរុបខ្ពស់បំផុតដល់ទៅ៧,០៩ភាគរយ និងប្រទេសហ្វីលីពីនក្នុងចំណាត់ថ្នាក់ទី២ ក្នុងអត្រា៦,១៣ភាគរយ។

យោងតាមគេហទំព័រ ឬវេបសាយវាយតម្លៃអចលវត្ថុពិភពលោកមួយ ឈ្មោះ Globalpropertyguide បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាលំដាប់ទី៣បែបនេះ ខណៈប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃ តាមពីក្រោយកម្ពុជា ក្នុងអត្រាចំណេញពីការវិនិយោគក្នុងកម្រិត៥,១៣ភាគរយ ប្រទេសវៀតណាមក្នុងអត្រា៤,៣៣ភាគរយ។

ប្រទេសនៅក្នុងតំបន់អាស៊ីផ្សេងទៀតមាន ប្រទេសម៉ាឡេស៊ីក្នុងអត្រា៣,៧៣ភាគរយ ប្រទេសសិង្ហបុរីក្នុងអត្រា៣៣ភាគរយ ប្រទេសជប៉ុនក្នុងអត្រា២,៦៦ភាគរយ ហុងកុងក្នុងអត្រា២,៣៥ភាគរយ ប្រទេសចិនក្នុងអត្រា២,១ភាគរយ និងតៃវ៉ាន់ ២,០៦ភាគរយ៕

បុរី ឡាក់គីវ័ន “The commercial Avenue” ត្រៀមសម្ពោធជាផ្លូវការរបស់ប្លុកថ្មី ជាមួយនឹងឱកាសចំនេញដ៏ច្រើន

ដោយសហការី

ភ្នំពេញ: ការទន្ទឹងរង់ចាំរបស់អតិថិជនបានមកដល់ហើយ! បុរី ឡាក់គីវ័ន “The commercial Avenue” នឹងរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ប្លុកថ្មីនៅថ្ងៃទី 26 27 ខែមីនា ឆ្នាំ ២០២២​ ខាងមុខនេះ ជាមួយនឹងឱកាសចំនេញដ៏ច្រើន។

បុរី ឡាក់ឃី វ័ន គឺជាគម្រោងលំនៅដ្ឋានដែលកំពុងតែលេចធ្លោមួយក្នុងទឹកដីខណ្ឌដង្កោ បន្ទាប់ពីទទួលបានជោគជ័យជាច្រើនគម្រោងរួចមកហើយ ជាពិសេសគម្រោងបានឈរលើទីតាំងដ៏មានសក្តានុពលខ្លាំងលើវិស័យពាណិជ្ជកម្មនាតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញទៀតផង។

រាជធានីភ្នំពេញមានខណ្ឌទាំងអស់ ១៤ ខណ្ឌ ដែលខណ្ឌនីមួយៗមានការអភិវឌ្ឍផ្សេងៗគ្នា។ ដោយឡែកភាគខាងត្បូងរាជធានីភ្នំពេញ ខណ្ឌដង្កោផ្ទាល់តែម្តងគឺ មានការអភិវឌ្ឍយ៉ាងឆាប់រហ័សស្ទើរគ្រប់វិស័យ ពិសេសគឺគម្រោងលំនៅដ្ឋាននេះតែម្តង ហើយបើយោងតាមការព្យាករណ៍របស់រាជរដ្ឋាភិបាលនាពេលកន្លងមក ខណ្ខនេះនឹងមានតម្រូវការលំនៅដ្ឋានប្រហែល ១០០,០០០ ផ្ទះនៅឆ្នាំ ២០៣០។

បន្ថែមពីលើនេះទៀតខណ្ខដង្កោជាខណ្ខមួយដែលមានលក្ខណៈពិសេសជាច្រើនដូចជា៖
• មានផ្ទៃដីធំជាងគេលំដាប់ទី២ បន្ទាប់ពីខណ្ឌព្រែកព្នៅ
• មានរបាយប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី 5
• មានព្រំប្រទល់ជាប់និងខណ្ឌមានជ័យ និងខណ្ឌពោធិ៏សែនជ័យដែលមានចំនួនប្រជាជនច្រើនជាងគេ
• មានទីក្រុងរណបដ៏ទំនើបនិងធំបំផុតឈ្មោះថា ទីក្រុងរណប ING
• មានប្រព័ន្ធផ្លូវក្រវ៉ាត់ក្រុងធំៗ ទី២ និង ទី៣ ដែលពិសេសជាងខណ្ឌផ្សេងៗទាំងអស់
• មានប្រព័ន្ធផ្លូវធំៗងាយចូលក្នុងទីប្រជុំជនក្រុងភ្នំពេញ
• ប្រជុំដោយតំបន់ពាណិជ្ជកម្ម ផ្សារទំនើបខ្នាតយក្ស៣ធំៗ និងផ្សារទំនើបផ្សេងៗទៀត​ ដូចជាផ្សារទំនើប AEON 3 ផ្សារទំនើប PH Diamond Place ផ្សារ ChipMong Mega Mall
• ជាខណ្ឌដែលជិតគម្រោងព្រលានយន្តហោះអន្តរជាតិថ្មី
• មានប្រព័ន្ធផ្លូវភ្ជាប់ទៅបណ្តាញផ្លូវជាតិសំខាន់ៗ ផ្លូវជាតិលេខ១, ២, ៣, ៤
• មានប្រព័ន្ធរំដោះទឹកធំៗព្រោះមានប្រព័ន្ធប្រឡាយ និងបឹងធំៗសំរាប់រំដោះទឹកភ្លៀង មិនងាយឲ្យមានទឹកជំនន់ឡើយ។

បុរី ឡាក់គីវ័ន “The commercial Avenue” បានអភិវឌ្ឍន៍ខ្លួនជាគម្រោងបុរីដែលមានឥទ្ធិពលខ្លាំងប្រចាំតំបន់ ដែលគម្រោងមានទីតាំងលើផ្លូវ ២១៧ចំការដូង កៀកទៅនឹងផ្សារព្រែកជ្រៃដែលជាផ្សារធំជាងគេក្នុងតំបន់។

ក្នុងនោះមានម៉ូដផ្ទះ៣ប្រភេទគឺ ផ្ទះអាជីវកម្ម ដែលមានបន្ទប់គេង 4 និងបន្ទប់ការិយាល័យ1 លើផ្ទូវរដ្ឋ២១៧ និង លើផ្លូវរដ្ឋប៉ែកខាងត្បូងបុរីជាផ្លូវធ្វើដំណើរដ៏មមាញឹករបស់ប្រជាជនរាប់ពាន់គ្រួសារ សាកសមបំផុតសម្រាប់ ការប្រកបអាជីវកម្មគ្រប់បែបយ៉ាង។
វីឡាភ្លោះ និងវីឡាទោលមាន 4 បន្ទប់គេង និង 5 បន្ទប់ទឹកដូចគ្នា ដែលរចនាឡើងតាមបែបស្តង់ដារទំនើប ផ្តល់នូវ Lifestyle នៃការរស់នៅបែបថ្លៃថ្នូរ និងអភិជន ។

ចំពោះទីតាំងរបស់បុរីគឺនៅក្នុងតំបន់ដែលមានសក្តានុពលខ្លាំងបំផុត ដោយអតិថិជនអាចធ្វើដំណើរទៅកាន់តំបន់សំខាន់ៗដូចជា:
– កៀកផ្សារព្រែកជ្រៃ
– ៣នាទីពី AEON 3 (តាមវិថីឈុនគង់ថ្មី)
– 5នាទី ពី ផ្សារ ជីបម៉ុង 60m
– 7នាទីពីផ្សារទំនើប ប៉េងហួត 60m

ក្នុងឱកាសនៃការបើសម្ពោធបើកលក់ជាផ្លូវការ បុរី ឡាក់ឃីវ័ន មានការផ្តល់ជូនពិសេសលើពិសេស គឺការបញ្ចុះតំលៃរហូតដល់ ១២% បង់ប្រាក់ត្រឹមតែ 600$ ជាងក្នុង១ខែដោយគ្មានការប្រាក់ និងការថែមជូនគ្រឿងអេឡិចត្រូនិចមួយឈុតធំ។
ការផ្តល់ជូនពិសេសនេះគឺសម្រាប់ឳកាសមុនសម្ពោធបើកលក់ជាផ្លូវការតែប៉ុណ្ណោះ!
កុំភ្លេចអញ្ចើញមកចូលរួមពិធីសម្ពោធជាផ្លូវការរបស់! បុរី ឡាក់គីវ័ន “The commercial Avenue” ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសក៏ដូចជាការថែមជូបផ្សេងទៀតដែលមានតក្នុងថ្ងៃកម្មវិធីតែប៉ុណ្ណោះ!

ទីតាំង៖ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ
ផែនទី៖https://goo.gl/maps/U65TopSj7eNYg75z5

ព័ត៌មានលំអិតសូមទំនាក់ទំនងលេខ: 092 92 65 66 | 086 92 65 66