វិភាគៈតើអ្នកវិនិយោគចិនត្រលប់មកកាន់ក្រុងព្រះសីហនុវិញទេ?

ដោយៈយិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia

ភ្នំពេញៈ ព្រះអាទិត្យថ្មី មិនទាន់រះនៅក្រុងព្រះសីហនុទេ ពពកខ្មៅក៏មិនទាន់បានរសាត់ចេញ ពីទឹកសមុទ្រខៀវស្រងាត់ នៅតាមបណ្តោយឆ្នេរដ៏វែងអន្លាយរបស់ខេត្តនេះនៅឡើយ។

ហេដ្ឋារចនាសម្ព័ន្ឋលើសពី៣៤ខ្សែបាន និងកំពុងសាងសង់បន្ត ដោ​យ​ប្រែក្លាយទីក្រុងនេះ ជាមួយនឹងសោភ័ណភាព របៀបរៀបរយជាមុន និងមានអគារកំពស់កម្រិតមធ្យម និងអគារកប់ពពក មានរហូតដល់១៦៦១គំរោង ដែលគំរោងទាំងនេះបានចាប់ផ្តើមពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។

តើស្ថានភាពក្រុងព្រះសីហនុបែបណានាពេលបច្ចុប្បន្ន?
ទីក្រុងដែលធ្លាប់តែស្ងប់ស្ងាត់ ប្រែក្លាយជាអូរអរ និងក្រោយមកស្ងប់ស្ងាត់ឡើងវិញ ប្រៀបដូចទឹកសមុទ្រជោរហើយនាចនេះ កំពុងគេងលង់លក់ជាមួយនឹងសុបិន ដ៏រវើរវាយមួយរបស់ម្ចាស់គំរោងនានា ដែលបានខ្ចីលុយធនាគារមកសាងសង់អាគារពាណិជ្ជកម្ម អគារសំរាប់ជួល និងកាស៊ីណូនានា។

ក្នុងចំណោមអគារ ដែលបានសាងសង់ចន្លោះឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ អាគារបានផ្អាកការសាងសង់ មានចំនួន៣៦៨អគារ អគារកំពុងដំណើរការសាងសង់មានចំនួន៧៨អគារ សំណង់ដែលបានបញ្ចប់ការសាងសង់ និងមិនដំណើរការមានចំនួន ២៥១អគារ និងអគារកំពុងដំណើរការអាជីវកម្មមានចំនួន ២៧៨អគារ។

ក្នុងស្ថានភាពជូបវិបត្តិផ្ទួនៗ លើការបិទហ្គេមអនឡាញរបស់រដ្ឋាភិបាលកាលពីដើមឆ្នាំ២០២០ យ៉ាងតក់ក្រហល់ គ្រោះទឹកជំនន់ ការកាត់ផ្តាច់ EBA ២០ភាគរយពីសហគមន៍អឺរ៉ុប ការមកដល់នៃវិបត្តិជំងឺកូវីដ១៩ រយៈពេលជាងពីរឆ្នាំ ការមកដល់នៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ី លើប្រទេសអ៊ុយក្រែន និងការជាប់ដៃ ក្នុងសង្រ្គាមពាណិជ្ជកម្មរវាងចិន និងអាមេរិកបានធ្វើឲ្យក្រុងព្រះសីហនុ បានលង់លក់ជាមួយនឹងក្តីសង្ឃឹមដែរ តែសង្ឃឹមតិចៗ។

តើស្ថានភាពប្រទេសចិនបែបណា?
ប្រទេសចិនបាន និងកំពុងរៀបចំគោលនយោបាយរបស់ខ្លួនឡើងវិញ ទាក់ទងនឹងខ្សែក្រវ៉ាត់១ ផ្លូវ១ ហើយប្រទេសនេះ បានរអិលធ្លាក់ចូលក្នុងវិបត្តិអចលនទ្រព្យ ដោយសារការដាក់ចេញ គោលនយោបាយប្រជានិយម បែ​បឆ្វេងនិយមរបស់ប្រធានាធិបតីចិនស៊ី ជីនពីង ដែលធ្វើឲ្យក្រុមហ៊ុន Evergande និងក្រុមហ៊ុនដទៃទៀត បានប្រឈ​មមុខនឹងការដួលរលំ ព្រោះវិស័យអចលនទ្រព្យ តំណាងឲ្យ៣៥ភាគរយ នៃផលទុនជាតិសរុបរបស់ចិន។

ជាមួយនឹងហានិភ័យដ៏ធំនេះ រដ្ឋាភិបាលចិនបានកែសម្រួលផែនការ និងគោលនយោបាយរបស់ខ្លួនឡើងវិញ ដោយអនុញ្ញាត្តឲ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានា អាចខ្ចីឥណទានយកមកអភិវឌ្ឍន៍៍ ហើយប្រជាពលរដ្ឋ អាចខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុ ដែលធ្វើឲ្យពួកគេអាចមានលទ្ឋភាពទិញ ឬវិនិយោគអចលនទ្រព្យឡើងវិញ។

ជាលទ្ឋផលវិស័យអចលនទ្រព្យរបស់ចិន បានងើបឡើងវិញបណ្តើរៗ ជាមួយនឹងសញ្ញាសុទិដ្ឋិនិយម ប៉ុន្តែយ៉ាងណាសេដ្ឋកិច្ចរបស់ប្រទេសនេះពិបាកសម្រេចបានកំណើន លើសពី៥,៥ភាគរយនៅឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់លោកលី ខឺឈាងនាយកដ្ឋមន្រ្តីចិន ដែលនឹងលាលែងចេញពីដំណែងនៅក្នុងខែមិនា ឆ្នាំ២០២៣។

ការកើនឡើងនូវវិបត្តិជំងឺកូវីដ របស់ចិន និងវិធានការណ៍រឹតបន្តឹងយ៉ាងម៉ត់ចត់របស់រដ្ឋាភិបាលចិន និងផលប៉ះពាល់ពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏បានធ្វើឲ្យប្រទេសចិនជួបបញ្ហាប្រឈមរបស់ខ្លូនផងដែរ។

គោលនយោបាយបិទខ្ទប់លំហូរសាច់ប្រាក់
ជាមួយនឹងការកាត់បន្ថយ លំហូរមូលធនចេញពីប្រទេស ជាថ្មីម្តងទៀត​រដ្ឋាភិបាលចិន បានកាត់បន្ថយ និងរឹតបន្តឹងក្រុមហ៊ុននានា មិនឲ្យប ញ្ចេ​ញសាច់ប្រាក់ច្រើន មកវិនិយោគនៅបរទេស ដែលរាប់បញ្ចូលទាំងកម្ពុជាផងដែរ។

ការកាត់បន្ថយលំហូរសាច់ប្រាក់ មកវវិនិយោគនៅបរទេស មិនមែនជាការបញ្ចប់នូវយុគមាសរបស់បណ្តាប្រទេស ដែលពឹងផ្អែកលើប្រទេសចិននោះទេ ព្រោះទី១ ដើម្បីកំណើនសេដ្ឋកិច្ចរបស់ខ្លូន រដ្ឋាភិបាលចិនត្រូវតែបើកចន្លោះណាមួយ ដើម្បីឲ្យក្រុមហ៊ុនចិនធំធាត់នៅបរទេស ដើម្បីពង្រីកឥទ្ឋិពលរបស់ខ្លួនផង និងដើម្បីបង្កើនប្រាក់ចំណូលពន្ឋរបស់ខ្លូនផង ទី២ គោលនយោបាយខ្សែក្រវ៉ាត់១ និងផ្លូវ១ ទោះបីជាមិនស្ថិតនៅក្នុងផែនការអាទិភាពទី១ក្តី ក៏វាស្ថិតក្នុងចំណោមអាទិភាពដទៃទៀត ដើម្បីចិនអាចពង្រីកឥទ្ឋិពលសេដ្ឋកិច្ច មនោគមន៍វិជ្ជានៅបរទេស។

ទី៣ ការបិទខ្ទប់លំហូរសាច់ប្រាក់ ស្មើនឹងការបិទខ្ទប់ដង្ហើមខ្លួនឯងផងដែរ និងទី៤ ការពង្រីកទំនាក់ទំនងអន្តរជាតិ និងមិត្តភាព កិច្ចសហប្រតិបត្តិការរបស់ចិន ដើម្បីមានសម្ព័ន្ឋមិត្តកាន់តែច្រើន និងអាចទុកចិនបានថែមទៀត ចិននឹងពង្រីកការវិនិយោគនៅបរទេស។

តើអ្នកវិនិយោគចិននឹងត្រលប់មកវិញឬទេ?
មុនឆ្លើយសំណួរដ៏រសើបនេះ យើងត្រលប់ទៅមើលកម្រិតទំនាក់ទំនងរវាងចិននិងកម្ពុជា និងភូមិសាស្រ្តរបស់កម្ពុជា តើមានភាពអំណោយផល និងគុណតម្លៃបែបណា ក្នុងទំនាក់ទំនង ដែលប្រធានាធិបតីចិនបានចាត់ទុក ជា “ទំនាក់ទំនងដែកថែប” ជាមួយប្រទេសចិន។

ដូចស្មេរធ្លាប់លើកឡើងជាច្រើនមកហើយ ពីការក្រាលវិថីលើព្រំមាសរបស់អតីតសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ជាមួយប្រធា​នាធិបតីចិនជាបន្តបន្ទាប់ដូចជា លោកម៉ៅ សេទុង ជូ អេនឡាយ លោកតេង ស៊ាវពីងជាដើម។ ទំនាក់ទំនងនេះបានធ្វើឲ្យមិត្តភាព និងកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ត្រូវបានពូនជ្រុំ និងពេលខ្លះក៏ជួបរឿងសោកសៅផងដែរ។

ប៉ុន្តែទំនាក់ទំនង និងការជួយប្រទេសចិន អាចចូលជាសមាជិកអចិន្រ្តៃយ៍របស់អង្គការសហប្រជាជាតិ ហើយតៃវ៉ាន់ត្រូវបានដកចេញដោយមហាក្សត្រកម្ពុជា គឺជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបាន ជាអ្វីដែលមេដឹកនាំចិន តាំងពីដើមរៀងមក រហូតដល់បច្ចុប្បន្នបានបន្តឲ្យតម្លៃតួនាទីរបស់មហាក្សត្រកម្ពុជា។

ការបើកផ្លូវហាយវេដ៏៏ធំ និងមានតម្លៃមហាសាលនៅឆ្នាំ២០១០ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែល​បានប្រែក្លាយពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមិត្តភាព មកកាន់កម្រិតមួយដ៏ខ្ពស់គឺ “ភាពជាដៃគូគ្រប់ជ្រុងជ្រោយ” និងក្រោយមកបានប្រសិទ្ឋនាម ភាពជាដៃគូយុទ្ឋសាស្រ្តនេះ មកជា “សហគមន៍ពីរ វាសនាតែមួយ” បានធ្វើឲ្យស្នាមញញឹមលេចឡើង លើផ្ទៃមុខមេដឹកនាំទាំងពីរ(ស៊ី ជីនពីង និងសម្តេចតេជោ) ដោយគ្មានមន្ទិស និងពោរពេញដោយទំនុកចិត្ត និងភាពជឿជាក់គ្នាទៅវិញទៅមក ក្នុងកម្រិតអន្តរជាតិ និងឆាកកាទូតពិភពលោក។

ចម្លើយសំរាប់សំណួរខាងលើ បានឆ្លើយត្រួសៗមកហើយ ប៉ុន្តែភាពដែលអាចទុកចិត្តបាន ឬមិនបានបន្ថែមទៀតថា អ្នកវិនិយោគចិននឹងវិលមកកម្ពុជាម្តងទៀតឬយ៉ាងណា ហើយក្រុងព្រះសីហនុ នឹងមានព្រះអាទិភ្យថ្មីរះម្តងទៀតឬទេ? យើងត្រូវវិភាគ និងឆ្លើយសំណួរនេះទាំងអស់គ្នា ទី១ ចិនបានមកដល់វិញបណ្តើរៗហើយ ប៉ុន្តែការបញ្ចេញសាច់ប្រាក់ មិនទាន់មានសញ្ញាល្អនៅឡើយទេ​ ទី២ ដោយសារទំនាក់ទំនងភាពជាដៃគូ យុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងមេដឹកនាំក៏ដូចជាប្រទេសទាំងពីរ ចិននឹងមិនចោលកម្ពុជានោះទេ។

ទី៣ ការវិនិយោគរបស់ចិននឹងកើនឡើង ប៉ុន្តែមានភាពច្បាស់លាស់ជាងមុន ទី៤ ទីផ្សារអចលនទ្រព្យ​នៅក្រុងព្រះសីហនុ ត្រូវការរយៈពេលយូរបន្ថែមទៀត ដើម្បីឲ្យវាវិលមកកាន់សភាពប្រសើរឡើង ប៉ុន្តែកម្រិតនៃភាពរីកចម្រើន នឹងដើរស្របជាមួយនិន្នា​ការសេដ្ឋកិច្ចសង្គមកម្ពុជា ទី៥ កម្ពុជានៅតែជាប្រទេសសំខាន់សំរាប់ចិន ក្នុងការពឹងអាស្រ័យ និងអាស្រ័យគ្នាទៅវិញទៅមក។

ទី៦ ទីផ្សារនាំចេញពីកម្ពុជាទៅចិន នឹងកាន់តែប្រសើរឡើងរាប់ចាប់តាំងពីឧស្សាហកម្ម កសិកម្ម ខណៈ FTA ប្រទេសទាំងពីរបានចូលជាធរមានរូចហើយ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ក៏បានចូលជាធរមានផងដែរ។

សាររបស់សម្តេចតេជោ និងក្តីសង្ឃឹម
សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែមីនាកន្លងមក បានសរសេរ នៅលើបណ្តាញសង្គមហ្វេសប៊ុកថា ប៉ុន្មានឆ្នាំចុងក្រោ​យនេះខេត្តព្រះសីហនុបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់​តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ។

សម្តេចបានមើលឃើញថា ទិដ្ឋភាពនៃខេត្តព្រះសីហនុរបស់កម្ពុជា គិតត្រឹមនៅខែមីនា ឆ្នាំ២០២២នេះ ពិតជាខុសគ្នាដាច់ស្រឡះពីអតីតកាល​។ សម្តេចបានសរសេរថា ក្រុងព្រះសីហនុទៅអនាគត ក៏នឹងកាន់តែរីកដុះដា​លច្រើន និងល្អៗជាងនេះថែមទៀត។

សម្តេចសរសេរថា “តាមរយៈទិដ្ឋភាពនេះ បានបង្ហាញឲ្យឃើញថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុបាន និងកំពុងផ្លាស់ប្តូរមុខមាត់យ៉ាងលឿន តាមរយៈវត្តមានអគារខ្ពស់ៗកប់ពពក ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ កាន់តែច្រើននៅក្នុងទីក្រុង នៃប្រទេសកំពុងមានការអភិវឌ្ឍមួយនេះ”។

សម្តេចបានសរសេរបន្តថា “ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនា​សម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់​តែ​ច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជា ដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក”។

ភ្ជាប់ជាមួយសារដ៏សុទិដ្ឋិនិយម និងស្នាមញញឹមនេះ មន្រ្តីជាន់ខ្ពស់ រដ្ឋាភិបាលកម្ពុជា លោកវង្ស៊ី វិស្សុតរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ធ្លាប់បានបង្ហើបឲ្យ​ដឹងកាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកំពុងរៀបចំផែនការ ដើម្បីឲ្យអគារជាប់គាំងនៅខេត្តព្រះសីហនុ ដំណើរការឡើងវិញផងដែរ។

ការឆ្លើយសំណួរដ៏ខ្លី ប៉ុន្តែចម្លើយដ៏វែងអន្លាយនេះ បានមកដល់ទីតាំងមួយ នៃការទន្ទឹងរង់ចាំ ជាមួយក្តីសង្ឃឹម សុទិដ្ឋិនិយមមួយ ដែលវាប្រៀបដូចផ្លែឈើមួយផ្លែ ដែលត្រូវការពេលវេលា ដើម្បីឲ្យវាទុំ និងអាចទទួលទានបាននាពេលអនាគត អនាគតដ៏រីករាយ និងភ្លឺស្វាងមួយ៕

ខេត្តរតនៈគិរីមានក្រុមហ៊ុនកំពុងវិនិយោគជិត២០០ ស្របពេលសភាពាណិជកម្មនឹងមាននៅទីនោះ

ដោយ: ម៉ាលីស

រតនគីរី: សភាពាណិជ្ជកម្មកម្ពុជា គ្រោងបង្កើតការិយាល័យតំណាងសភាពាណិជ្ជប្រចាំខេត្តរតនគីរី ខណៈខេត្តនេះមានក្រុមហ៊ុនវិនិយោគជិត២០០ក្រុមហ៊ុន។

ការលើកឡើងនេះក្នុង កិច្ចប្រជុំស្ដីពីការពិនិត្យលទ្ធភាពបង្កើតសភាពាណិជ្ជកម្មខេត្តរតនគិរី និងផ្សព្វផ្សាយអំពីយន្តការភាពជាដៃគូ រវាងរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្ត-ក្រុង ដែលបានប្រារព្វធ្វើឡើងនៅមន្ទីពាណិជ្ជកម្មខេត្តរតនគិរី កាលពីដើមសប្តាហ៍នេះ ក្រោមអធបតីភាពលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមន្រ្តីពាក់​ព័ន្ឋ។

យោងលើរបាយការណ៍ របស់លោកប្រធានមន្ទីពាណិជ្ជកម្មខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នខេត្តមានក្រុមហ៊ុន និងសាខាក្រុមហ៊ុនសរុបចំនួន១៧៩ ក្នុងនោះមានដូចជា ក្រុមហ៊ុនសេវាកម្ម ពាណិជ្ជកម្មមានចំនួន១៥០ក្រុមហ៊ុន។

ក្រុមហ៊ុនវិនិយោគលើដីសប្បទានសេដ្ឋកិច្ច២៧ ក្រុមហ៊ុនសឹក្សារុករករ៉ែមានចំនួន២ក្រុមហ៊ុន និងមានអាជីវកម្មខ្នាតតូច និងមធ្យមចំនួន២៣០៧មូលដ្ឋាន ចំពោះកសិផលសក្ដានុពល និងការវិនិយោគរួមមាន ដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមី សណ្ដែកសៀង សណ្ដែកបាយ អំពៅ ល្ងរខ្មៅ ថ្នាំជក់ កាហ្វេជាដើម ។

បើតាមទិនន័យខាងលើ អាចធ្វើការវាយតម្លៃបានថា ខេត្តរតនគិរីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការបង្កើតសភាពាណិជ្ជកម្មខេត្ត ហើយឯកឧត្តមរដ្ឋលេខាធិការ និងរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីដំណើរការរៀបចំសភាពាណិជ្ជកម្មតាមនិតិវិធី ។

ជាមួយគ្នានេះ លោក បួន សារៈមុនីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាន លើកឡើងពីយន្តការភាពជាដៃគូ រវាងរដ្ឋបាលរាជធានី-ខេត្ត និងសភាពាណិជ្ជកម្មខេត្ត-ក្រុង ដែលយន្តការនេះមានសារៈសំខាន់ណាស់ ដើម្បីជួយសម្រួលរាល់សំណូមពររបស់ពាណិជ្ជករ ដែលជួបបញ្ហាប្រឈមក្នុងការធ្វើពាណិជ្ជកម្មក្នុងខេត្ត៕

Land markets around two government development projects will continue to rise soon

By: Sophary

Phnom Penh: Two state development projects, the Moradok Techo National Stadium project, and the Techo International Airport project, have been pushing land prices to another level.

Since the start of the two major projects, land prices and odds have skyrocketed, especially in the nearby area. Real estate experts point out the potential and confirm that the land around the two development projects will rise further.

Oknha Kaing Sothy, CEO of Century 21 Land Station, said that just by leaking information about the emergence of investment projects somewhere, it has already boosted the buying and selling momentum. Next time, it will bring relief to those who have a lot of money, and rich people who will be looking to invest in the area in large amounts.

Oknha said that these factors will increase the movement of real estate sales and push the price of land around the area to another level because when any large project occurs, the government will build infrastructure projects there, for example, the Moradok Techo National Stadium project, and the Techo International Airport project.

“The land around the major development projects around 10 to 15 kilometers will have odds and prices will continue to rise, so the rich who invests in land for profit in the future is not wrong,” he added.

Ms. An Sothyta, CEO of PropNex Cambodia Real Estate Company, also said that the northern part of Phnom Penh has the project of Moradok Techo National Stadium and Victory Monument, which will attract investment in housing and will soon be transformed into a commercial area.

She also mentioned that in the south, there are projects such as Techo International Airport and the Third Ring Road, which are attractive to investors in the real estate sector, such as residential developers, shopping malls and high-rise buildings.

កំណាត់ផ្លូវចំនួន២ខ្សែភ្ជាប់ពីផ្លូវជាតិលេខ៦Aទៅមហាវិថីឈ្នះឈ្នះគ្រោងបញ្ចប់ការស្ថាបនានៅចុងឆ្នាំនេះ

ដោយ: ម៉ាលីស

ភ្នំពេញ: រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងស្ថាបនាកំណាត់ផ្លូវ២ខ្សែ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ពេលវេលានៃការស្ថាបនាចំនួន២ឆ្នាំ ចាប់ផ្តើមពីខែមករាឆ្នាំ២០២១ ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។

យោងតាមអាជ្ញាធររាជធានីភ្នំពេញបានឱ្យដឹងថា កំណាត់ផ្លូវចំនួន២ខ្សែនេះនឹងលើកសោភណភាពក្នុងរាជធានីភ្នំពេញ និងជួយរំដោះចរាចរណ៍ពីផ្លូវជាតិលេខ៦Aទៅមហាវិថីឈ្នះឈ្នះ ជាពិសេសដើម្បីសម្រួលចរាចរណ៍ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមនៅចុងឆ្នាំ២០២៣ខាងមុខនេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ បាននិងកំពុងស្ថាបនានេះរួមមាន ផ្លូវទី១ជាផ្លូវបេតុងឆ្អឹងដែក សាងសង់ចាប់ពីផ្លូវជាតិលេខ៦ ដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ កម្រាស់២០សង់ទីម៉ែត្រ ទទឹងផ្លូវ១៥ម៉ែត្រ រៀបខឿនទ្រូងផ្លូវបែងចែកចរាចរ រៀបបរឌៀរ និងការឺឡាសងខាងចិញ្ចើមផ្លូវទទឹង២,៥ម៉ែត្រ មានទទឹងសរុប២០ម៉ែត្រ ប្រវែងសរុប៨២៤០ម៉ែត្រ។

លោកបានបញ្ជាក់ថា ចំណែកផ្លូវទី២ ជាផ្លូវបេតុងឆ្អឹងដែកពីរជួរចាប់ពីមាត់ព្រែកតាគង់ ដល់ចំណុច ផ្លូវ ទំនប់ឧកញ៉ាលីយ៉ុងផាត់ កម្រាស់ ២០សង់ទីម៉ែត្រទទឹងផ្លូវ១៥ម៉ែត្ររៀប ខឿនទ្រូងផ្លូវបែងចែកចរាចរ រៀបបរឌៀរ និងការឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង២,៥ម៉ែត្រ មានទទឹងសរុប២០ម៉ែត្រ ប្រវែងសរុប៦៩១៦ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ត្រង់ចំណុចPK0+830ដល់មហាវិថីឈ្នះឈ្ន៕

ទីផ្សារដីធ្លីជុំវិញគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលចំនួនពីរនឹងហក់ឡើងបន្តទៀតនៅពេលខាងមុខ

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ គម្រោងអភិវឌ្ឍន៍របស់រដ្ឋចំនួនពីរ គឺគម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ និងគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ បាននិងកំពុងជំរុញតម្លៃដីធ្លីឱ្យកាន់តែមានសន្ទុះមួយកម្រិតទៀត។

ចាប់តាំងពីគម្រោងធំៗទាំងពីរបានចាប់ផ្ដើមអនុវត្តបានធ្វើឱ្យតម្លៃនិងហាងឆេងដីធ្លីហក់ងើបមួយកម្រិត ជាពិសេសបានទាក់ទាញការវិនិយោគជាច្រើនចូលទៅតំបន់ក្បែរនោះ។ អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងពីសក្ដានុពលនិងបញ្ជាក់ផងដែរថា ដីជុំវិញគម្រោងអភិវឌ្ឍន៍ទាំងពីរនឹងហក់ឡើងបន្ថែមទៀត ដោយមិននៅត្រឹមហ្នឹងនោះទេ។

លោកឧកញ៉ា កាំង សុធី អគ្គនាយកក្រុមហ៊ុនCentury 21 Land Stationបានមានប្រសាសន៍ថា គ្រាន់តែលេចលឺនូវព័ត៌មាននៃការកកើតឡើងនៃគម្រោងវិនិយោគនៅកន្លែងណាមួយ គឺវាបានធ្វើឱ្យសន្ទុះនៃការទិញលក់កក្រើកឡើងម្ដងរួចទៅហើយ។ នៅពេលបន្ទាប់វាធ្វើឱ្យអ្នកដែលមានជីវភាពធូរធា អ្នកដែលមានលុយច្រើននឹងស្វែងរកការវិនិយោគនៅតំបន់នោះយ៉ាងច្រើនកុះករ។

លោកឧកញ៉ាបន្តថា កត្តាទាំងនេះនឹងធ្វើឱ្យចលនានៃការទិញលក់អចលនទ្រព្យកើនឡើងជាបន្តបន្ទាប់និងជំរុញឱ្យតម្លៃដីនៅជុំវិញតំបន់នោះនឹងកើនឡើងមួយកម្រិតទៀតផងដែរ ដោយសារតែនៅពេលមានគម្រោងធំៗណាមួយកើតឡើង រាជរដ្ឋាភិបាលនឹងសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះដែរ ជាក់ស្ដែងគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ និងគម្រោងពហុកីឡដ្ឋានមរតកតេជោជាដើម។

លោកឧកញ៉ាបន្ថែមថា “ដីធ្លីនៅជុំវិញគម្រោងអភិវឌ្ឍន៍ធំៗ រង្វង់១០ទៅ១៥គីឡូម៉ែត្រនឹងមានហាងឆេង និងតម្លៃនឹងកើនឡើង ជាបន្តបន្ទាប់ ដូច្នេះអ្នកមានទុនអាចវិនិយោគលើដីធ្លីទុកយកចំណេញនៅពេលអនាគតពិតជាមិនខុសឡើយ”។

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យPropNex Cambodiaបានមានប្រសាសន៍ផងដែរថា តំបន់ខាងជើងភ្នំពេញមានគម្រោងពហុកីឡដ្ឋានជាតិមរតកតេជោ និងវិមានឈ្នះឈ្នះ ដែលជាកត្តាទាក់ទាញការវិនិយោគលើលំនៅឋាន ហើយនឹងកំលាយទៅជាតំបន់ពាណិជ្ជកម្មនៅពេលឆាប់ៗជាក់ជាមិនខាន។

លោកស្រីក៏បានលើកឡើងពីនៅខាងត្បូង ដែលមានគម្រោងព្រលានយន្តហោះអន្តរជាតិតេជោ និងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាកត្តាទាក់ទាញដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យ ដូចជា អ្នកអភិវឌ្ឍន៍លំនៅឋាន ផ្សារទំនើប និងអគារខ្ពស់ៗជាដើម៕

ខេត្តបាត់ដំបងគ្រោងរៀបចំតំបន់មួយដែលស្រដៀងទៅនឹងPub Street នៅខេត្តសៀមរាប

ដោយ៖ ម៉ាលីស

បាត់ដំបង៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា នៅពេលខាងមុខនេះរដ្ឋបាលខេត្តនឹងរៀបចំតំបន់មួយដែលស្រដៀងទៅនឹងPub Street នៅខេត្តសៀមរាប គឺជាតំបន់ដែលភ្ញៀវទេសចរអាចធ្វើដំណើរកំសាន្ត មានភោជនីយដ្ឋាន ឬអាហារដ្ឋានជាដើម។

លោកបញ្ជាក់ដូចនេះនៅក្នុងជំនួបជាមួយ លោកស្រី Aurelie Vincq អគ្គលេខាធិការសាលាសៀកអេសាក់តូ ដើម្បីរាយការណ៍អំពីសមាគមហ្វារពន្លឺសិល្បៈ ដែលកំពុងអនុវត្តន៍គម្រោងផ្លាស់ប្ដូរគរុកោសល្យរវាងសមាគមហ្វារពន្លឺសិល្បៈ និងសាលាសៀកបារាំង អេសាក់តូ នៅតំបន់អុកស៊ីតានី ប្រទេសបារាំងនៅ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

លោកអភិបាលខេត្តមានប្រសាសន៍ទៀតថា រដ្ឋបាលខេត្តនឹងធ្វើការសហការជាមួយសមាគមន៍ហ្វារពន្លឺសិល្បៈ ដើម្បីរៀបចំការសម្ដែងសិល្បៈផ្សេងៗនៅក្នុងថ្ងៃណាមួយ ដើម្បីឲ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរបានយល់ដឹង និងបានទស្សនាការសម្ដែងសិល្បៈពីសិល្បករក្នុងខេត្តរបស់យើង ។

លោកសង្ឃឹមថា អង្គការហ្វារពន្លឺសិល្បៈនឹងបន្តធ្វើការបណ្ដុះបណ្ដាលដល់យុវជន យុវនារី ជាពិសេសគឺផ្នែកសិល្បៈនេះដើម្បីលើកស្ទួយវិស័យសិល្បៈនៅក្នុងខេត្ត និងដើម្បីលើកទឹកចិត្តដល់អ្នកដែលស្រឡាញ់សិល្បៈ ដែលមានសាលាបណ្ដុះបណ្ដាលវិស័យសិល្បៈបែបនេះ៕

រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩នៅកម្ពុជានឹងចេញជារូបរាងនៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ

ដោយៈ សុធារី

ភ្នំពេញៈ លោកស្រីវេជ្ជបណ្ឌិតយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា រោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩ អាចនឹងចេញជារូបរាងនៅចុងឆ្នាំ២០២២នេះ ឬនៅដើមឆ្នាំ២០២៣ខាងមុខនេះ។

លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ បានអះអាងឲ្យដឹងបែបនេះ នៅក្នុងពេលអញ្ជើញ ទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទAstraZeneca ចំនួន៥២៣,១០០ដូសទៀត ដែលជំនួយរបស់រដ្ឋាភិបាលហុងគ្រី កាលពីយប់ថ្ងៃទី១៥ ខែមីនាអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ។

លោកស្រីបានបន្តថា “រាជរដ្ឋាភិបាល នឹងរៀបចំរោងចក្រវេខ្ចប់និងច្រកវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ហើយក្រសួងសុខាភិបាលបានជួបប្រជុំជាមួយតំណាងក្រុមហ៊ុន និងភាគីចិនជាបន្តបន្ទាប់ ដោយទទួលបានលទ្ធផលជាវិជ្ជមានមួយដំណាក់កាលហើយ។ ដូច្នេះ នឹងធ្វើការពិភាក្សាបន្តបន្ទាប់ទៀត”។ លោកស្រីសង្ឃឹមថា “ការវិនិយោគរោងចក្រវេចខ្ចប់ និងច្រកវ៉ាក់សាំងកូវីដ១៩នេះ អាចនឹងចេញជាលទ្ធផលនៅចុងឆ្នាំនេះ ឬនៅដើមឆ្នាំក្រោយ”។

មកដល់ពេលនេះ កម្ពុជាបានទទួលជំនួយវ៉ាក់សាំង និងបញ្ជាទិញវ៉ាក់សាំងចំនួន៤៣លាន៨សែនដូស និងត្រូវបានរំពឹងថា នឹងទទួលបានសរុបប្រមាណជាង៥០លានដូស នៅត្រឹមចុងឆ្នាំ២០២២នេះ។ ប្រទេស ដែលបានផ្តល់ជំនួយវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មកកម្ពុជា រួមមាន ចិន ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ឥណ្ឌា អ៊ីតាលី ហូឡង់ ប៉ូឡូញ និងហុងគ្រី ជាដើម។

សម្តេចតេជោហ៊ុន សែន កាលពីចុងឆ្នាំ២០២១កន្លងទៅ បានថ្លែងថា កម្ពុជាគ្រោងនឹងបើកដំណើរការ រោងចក្រផលិតវ៉ាក់សាំងការពារជំងឺកូវីដ១៩ប្រភេទ “ស៊ីណូហ្វាម” នៅក្នុងស្រុកឆាប់ៗនេះ  ដោយនៅពេលដែលកម្ពុជា មានរោងចក្រផលិតវ៉ាក់សាំងក្នុងស្រុក នោះក្តីកង្វល់អំពីបញ្ហាកង្វះវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋ ដែលជាទិសដៅអាទិភាព នឹងលែងជាបញ្ហាទៀតហើយ ពីព្រោះកម្ពុជានឹងអាចផ្គត់ផ្គងបានដោយខ្លួនឯងផ្ទាល់ និងអាចកាត់បន្ថយការដឹកជញ្ចូនតាមផ្លូវ៕

ទីផ្សារលំនៅដ្ឋាននៅហុងកុងបន្តរងសម្ពាធ ខណៈជនបរទេសនិងពលរដ្ឋកាន់លិខិតឆ្លងដែនអង់គ្លេសសម្រុកចាកចេញ

ដោយៈសុខុម

ហុងកុង: ការសម្រុកចាកចេញរបស់ជនបរទេស និងពលរដ្ឋកាន់លិខិ​តឆ្លងដែនអង់គ្លេស ពីហុងកុង បានបន្តដាក់សម្ពាធលើទីផ្សារលំនៅដ្ឋានក្នុងទីក្រុងនេះ ជាពិសេសនៅ Tung Chung។

ប្រឈមនឹងស្ថានភាពបែបនេះ តើលំនៅដ្ឋានទាំងនោះមានតម្លៃថោកល្មមដែលអាចទាក់ទាញអ្នកទិញដែរឬទេ?។

យោងតាមក្រុមហ៊ុនអចលនទ្រព្យ Centaline Property ឱ្យដឹងថា តម្លៃផ្ទះនៅ Tung Chung ក្នុងតំបន់ New Territories ដែលពេញនិយមសម្រាប់ក្រុមនាយកប្រតិបត្តិ នៃក្រុមហ៊ុនអាកាសចរណ៍ ដោយសារនៅជិតអាកាសយានដ្ឋានអន្តរជាតិនៃទីក្រុងនេះ បានធ្លាក់ចុះ៥%ចាប់តាំងពីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនមក។

គេរំពឹងថា ផ្ទះទាំងនោះនឹងបន្តធ្លាក់ថ្លៃនៅក្នុងត្រីមាសទី២ ដោយសារក្ដីព្រួយបារម្ភ អំពីការខាតបង់ក្នុងទីផ្សារភាគហ៊ុន និងការធ្លាក់ចុះនៃសេដ្ឋកិច្ច។

នៅតំបន់ Tseung Kwan O និង Sai Kung ព្រមទាំង Kennedy Town ស្លាកប្រកាសលក់ផ្ទះត្រូវបានលើកឡើង ឬបិទព្រោងព្រាតដោយដាក់ថា “ផ្ទះលក់ដើម្បីធ្វើអន្តោប្រវេសន៍” ឬ “ផ្ទះលក់បន្ទាន់” ជាដើម។

សារព័ត៌មានបានចុះផ្សាយកាលពីខែមុនថា ម្ចាស់ផ្ទះមួយចំនួនធំនៅតំបន់ Yuen Long និងតំបន់ Tuen Mun សុខចិត្តលក់ខាតក៏លក់ដែរឱ្យតែលក់ផ្ទះចេញ។

តួយ៉ាងផ្អែកតាមទិន្នន័យទីផ្សារបង្ហាញថា នារីបម្រើការងារលើយន្តហោះម្នាក់ ប្រចាំក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific កាលពីសប្ដាហ៍មុន បានលក់អាផាតម៉ិនរបស់នាង ដែលមានផ្ទៃក្រឡា៣៦ម៉ែត្រការ៉េនៅ Coastal Skyline ក្នុងតម្លៃ៧៥១.២០០ដុល្លារអាមេរិក ដើម្បីវិលត្រលប់ទៅប្រទេសឥណ្ឌាវិញ។

ការលក់នេះបង្ហាញពីតម្លៃទាបបំផុត សម្រាប់យូនីតដែលមានមួយបន្ទប់គេង នៅក្នុងទីផ្សារលំនៅដ្ឋានក្រុងហុងកុង ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ មក។

លោក Tommy Wong នាយកផ្នែកលក់ប្រចាំក្រុមហ៊ុនអចលនទ្រព្យ Centaline Property បានលើកឡើងថា “អ្នកទិញមានសុទិដ្ឋិនិយមចំពោះទីផ្សារលំនៅដ្ឋាន ហើយទិញវាទុកជួល”។ លោកបន្តថា “ពេលនេះជាពេលដ៏ល្អ ដែលអ្នកទិញអាចទិញបានក្នុងតម្លៃល្អ ស្របពេលទីផ្សារកំពុងប្រែប្រួលឡើងចុះមិនទៀង”៕ South China Morning Post៕

កម្ពុជាស្នើរJICAបន្តគាំទ្រប្រព័ន្ធភស្តុភារកម្មកម្ពុជាលើច្រកព្រំដែនកម្ពុជា ថៃ វៀតណាម

ដោយ: ម៉ាលីស

ភ្នំពេញ: រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រីកុយ សុដានី បានស្នើឱ្យ JICA បន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស នៅដំណាក់កាលបន្ទាប់ទៀតនៅឆ្នាំក្រោយ ដើម្បីគាំទ្រការអនុវត្តគោលនយោ​បាយវិស័យភស្តុភារកម្ម ដែលបានរៀបចំដាក់ចេញកន្លងមក និងធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែន កាន់តែមានភាពរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ការស្នើរបែបនេះក្នុងកិច្ចប្រជុំប្រចាំខែ ដើម្បីពិនិត្យពិភាក្សាឡើងវិញនូវវឌ្ឍនភាព នៃការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង ប្រព័ន្ធភស្តុភារកម្មកម្ពុជារបស់ក្រុមប្រតិបត្តិការងារ នៃគណៈកម្មការគ្រប់គ្រងគម្រោង (PMU) ដឹកនាំដោយលោកស្រីរដ្ឋលេខាធិការ កុយ សុដានី កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ទិសដៅសកម្មភាពដែលត្រូវអនុវត្តបន្តនៅ ខែបន្ទាប់ សំណូមពរ និងបញ្ហាប្រឈ​មនានា ដែលត្រូវពិភាក្សាជាមួយក្រុមការងារ PMU លើវឌ្ឍនភាពនៃ ការរៀបចំគោលនយោបាយ វិស័យភស្តុភារកម្ម និងការធ្វើឱ្យប្រសើរឡើងការដឹកជញ្ជូនឆ្លងកាត់ព្រំដែន។

អង្គប្រជុំបានស្តាប់ និងលើកយកមកពិភាក្សានូវរបាយការណ៍សង្ខេបស្តីអំពីវឌ្ឍនភាព នៃការអនុវត្តសកម្មភាពមួយចំនួន ក្នុងការធ្វើឱ្យប្រសើរឡើងច្រកទ្វារព្រំដែនបាវិត និងទំនាក់ទំនងព័ត៌មានពាក់ព័ន្ធ នឹងវឌ្ឍនភាព និងការរៀបចំបើកច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀន ។

បន្ថែមពីលើនេះ លោកស្រី បានលើកពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃគម្រោងការធ្វើឱ្យប្រសើរឡើង ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនបាវិត និងស្ទឹងបត់ និងបានស្នើឱ្យ JICA បន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស នៅដំណាក់កាលបន្ទាប់ទៀតនៅឆ្នាំក្រោយ ដើម្បីគាំទ្រការអនុវត្តគោលនយោបាយវិស័យភស្តុភារកម្ម ដែលបានរៀបចំដាក់ចេញកន្លងមក និងធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានភាពរលូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

បច្ចុប្បន្នភាគីកម្ពុជា កំពុងអនុវត្តការងារពង្រីកផ្លូវ ក្នុងតំបន់ទ្រនាប់ (Buffer Zone) ដែលជាចំណែកទទួលខុសត្រូវដោយភាគីកម្ពុជា នៅច្រកទ្វារបាវិត។

ជាមួយគ្នានេះផងដែរ ប្រធានក្រុម ជំនាញការ JICA ក៏បានស្នើសុំឱ្យមានការជួបប្រជុំ ក្រុមការងារចម្រុះផ្នែកដឹកជញ្ជូនកម្ពុជា-វៀតណាម   ដើម្បីជំរុញឱ្យភាគីវៀតណាម ធ្វើការពង្រីកផ្លូវក្នុងតំបន់ទ្រនាប់(Buffer Zone) ក្នុងចំណែកទទួលខុសត្រូវ របស់ភាគីវៀតណាមដើម្បីសម្រួល និងកាត់បន្ថយការកកស្ទុះចរាចរណ៍ រវាងប៉ុស្តិ៍ច្រកទ្វារព្រំដែនទាំងពីរ នៃប្រទេសទាំងពីរ៕

តម្លៃប្រេងលក់រាយឡើងថ្លៃ៥០០រៀលសម្រាប់សាំងធម្មតា និង៨០០រៀលសម្រាប់ម៉ាស៊ូត

ដោយ៖សុផារី

ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយ នៅក្នុងប្រទេសកម្ពុជាបន្ដឡើងថ្លៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ដោយសាំងធម្មតា៥៣០០រៀល (ឡើងចំនួន៥០០រៀល) និងម៉ាស៊ូត៥៣០០រៀល (ឡើងចំនួន៨០០រៀល)។

វិបត្តិសង្គ្រាមរុស្សីនិងអ៊ុយក្រែនធ្វើឱ្យតម្លៃប្រេងឥន្ធនៈលក់រាយលើទីផ្សារប្រទេសកម្ពុជាបានឡើងថ្លៃជាបន្តបន្ទាប់ ដែលធ្វើឱ្យពលរដ្ឋដែលប្រើប្រាស់ឥន្ធនៈជាចាំបាច់បានរអ៊ូរទាំពីផលប៉ះពាល់ដោយសារ តម្លៃសាំងឡើងថ្លៃផង។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ស្ដីពីតម្លៃលក់រាយនៃប្រេងឥន្ធនៈនៅលើទីផ្សារប្រទេសកម្ពុជាបានបង្ហាញកាលពីថ្ងៃទី១៦ ខែមីនា តម្លៃប្រេងសាំង ដែលក្រសួងកំណត់ឱ្យលក់គឺ៥៣០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងសាំងធម្មតា និង៥៣០០រៀលក្នុងមួយលីត្រ សម្រាប់ប្រេងម៉ាស៊ូត។

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មបានប្រកាសផ្លាស់ប្តូរសេចក្តីជូនដំណឹងស្តីពីការកំណត់ថ្លៃលក់រាយប្រេងពីរយៈពេល១៥ថ្ងៃ មកត្រឹម១០ថ្ងៃវិញម្តង ដើម្បីកំណត់ថ្លៃនៃការប្រែប្រួលតម្លៃប្រេឥន្ធនៈឲ្យទាន់នៃការឡើងចុះ៕