ផ្លូវជាតិលេខ៤៣ ក្លាយជាទីតាំងមានសក្តានុពលលើទីផ្សារលំហែ

ដោយៈ សុផារី

កំពតៈ តំបន់ស្ថិតនៅជុំវិញផ្លូវជាតិលេខ៤៣ បាននិងកំពុងទាក់ទាញការវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសលើទីផ្សារដីឡូតិ៍និងផ្ទះលំហែកាយ ខណៈតម្លៃដីធ្លីតំបន់នេះ កំពុងឡើងថ្លៃរួចទៅហើយ។

អ្នកអភិវឌ្ឍន៍ និងអ្នកជំនាញលើវិស័យអចលនទ្រព្យ បានមើលឃើញថា តំបន់នេះជាទីតាំងមានសក្តានុពលលើការអភិវឌ្ឍ ដោយសារផ្លូវជាតិលេខ៤៣នេះតភ្ជាប់ពីផ្លូវលេខ៤ ពីខេត្តកំពង់ស្ពឺត្រង់ចំណុចត្រែងត្រយឹង មកផ្លូវជាតិលេខ៣ ជិតទីរួមខេត្តកំពត។

លោក Coolor Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate និងជាម្ចាស់គម្រោងបូកគោលែន ដែលបានជ្រើសរើសទីតាំងផ្លូវជាតិលេខ៤៣ សម្រាប់គម្រោងដីឡូតិ៍លំហែរបស់លោក បានមានប្រសាសន៍កាលពីចុងខែកុម្ភៈនេះថា លោកជ្រើសរើសទីតាំងនេះ ព្រោះលោកមើលឃើញពីបរិយាកាសអំណោយផលពីធម្មជាតិ មានភ្នំ ព្រៃឈើ និងខ្យល់ធម្មជាតិ ដែលស័ក្តិសមកបំផុតសម្រាប់ការលំហែពិតប្រាកដ។

ជាមួយគ្នានេះ លោក សុខ គែន ប្រធានក្រុមហ៊ុនអចលនទ្រព្យ Kampot Street Real Estate បានលើកឡើងកាលពីពេលថ្មីៗនេះថា អ្នកភ្នំពេញចាប់ផ្តើមមាននិន្នាការថ្មីមួយ គឺការស្វែងរកផ្ទះលំហែ នៅតាមបណ្តាខេត្តទេសចរណ៍ ជាពិសេសនៅក្នុងខេត្តកំពត និងខេត្តកែបមានសម្ទុះខ្ពស់លើវិស័យនេះ។

លោកមើលឃើញពីកំណើន នៃអ្នកមានប្រាក់នៅភ្នំពេញ មកស្វែងរកទិញដីសម្រាប់សាងសង់ផ្ទះ ឬរីសតប្រភេទលំហែនៅក្នុងខេត្តកំពតច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

អ្នកស្រីហ៊ាង ពណ្ណរី ប្រធានផ្នែកលក់នៃគម្រោងបូកគោលែនបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសពិសេសជាមួយគេហទំព័រ Property Area Asia កាលពីថ្ងៃទី៩ ខែមីនានេះថា ផ្លូវជាតិលេខ៤៣ជាផ្លូវជាតិសំខាន់មួយតភ្ជាប់ពីខេត្តកំពតទៅកាន់ខេត្តកំពង់ស្ពឺ។

អ្នកស្រីមើលឃើញថា ក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ នៅក្នុងតំបន់នេះ នឹងមានសក្តានុពលលើបណ្តុំនៃការវិនិយោគដីឡូតិ៍និងផ្ទះលំហែ ដូចជា រីសត និងបឹងកាឡូ បូកផ្សំនឹងអំណោយទាន ពីធម្មជាតិ៣៦០ដឺក្រេជាតំបន់ភ្នំ មានអាកាសធាតុនិងបរិយាកាសល្អ ជាតំបន់ទេសចរណ៍ធម្មជាតិ។

អ្នកស្រីរំពឹងថា ទីផ្សារលំហែបច្ចុប្បន្ន និងនៅពេលអនាគត នៅតែបន្តរីកចម្រើន ព្រោះលោកស្រីមើលឃើញពីតម្រូវការការលំហែ ស្របពេលដែលអ្នកនៅក្នុងទីក្រុងធំៗ មានភាពតានតឹង ចំពោះបញ្ហាចរាចរណ៍ និងនៅតែមានតម្រូវការលំហែបែបធម្មជាតិ៕

អភិបាលខេត្តកោះកុងបង្កើតក្រុមការងារពិសេសដើម្បីទប់ស្កាត់និងបង្រ្កាបការំលោភយកដីធ្លីតំបន់ការពារធម្មជាតិ

ដោយៈវិវឌ្ឍន៍

       កោះកុងៈ អភិបាលខេត្តកោះកុង លោកជំទាវភូថង មិថុនាបានបង្កើតក្រុមការងារ ពិសេសមួយដើម្បីទប់ស្កាត់ និងបង្រ្កាបការរំលោភដីធ្លីខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិជាង១២ម៉ឺនហិកតា និងតំបន់គម្របព្រៃទំហំ ២ម៉ឺនហិកតា នៅខេត្តកោះកុង។

យោងតាមសេចក្តីសម្រេចចុះថ្ងៃទី៤ ខែមីនាកន្លងមកបានឲ្យដឹងថា ក្រុមការងារនេះ បង្កើតឡើងដើម្បីបង្កើនប្រសិទ្ធភាពអនុវត្តច្បាប់ ទប់ស្កាត់ និងបង្ក្រាបបទល្មើស កាប់រានទន្រ្ទានយកដីរដ្ឋខុសច្បាប់ ក្នុងតំបន់ការងារអនុក្រឹត្យលេខ៣០ អនក្រ.បក អនុក្រឹត្យលេខ៤៦ អនក្រ.បក និងដីរដ្ឋរបស់ខេត្ត។

ដីស្ថិតនៅតំបន់ការពារធនធានធម្មជាតិទាំងនោះ មួយចំណែកត្រូវបានរដ្ឋបាលខេត្តកោះកុង ចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន សម្រា​ប់រក្សាទុកជាគម្រោងរេដបូក តំបន់ជួរភ្នំក្រវាញខាងត្បូង និងមួយចំណែកទៀតត្រូវរក្សាទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ក្រុមការងារនេះ ដឹកនាំដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានសមភាពមន្ទីរពាក់ព័ន្ធ អង្គភាពកងកម្លាំងមានសមត្ថកិច្ច និងចៅសង្កាត់ និងមេឃុំ។

តាមសេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា ក្រុមការងារ នឹងចាប់ផ្ដើមចុះល្បាត ទប់ស្កាត់ និងបង្រ្កាបបទល្មើសជាក់ស្តែង និងកសាងសំណុំរឿងទៅតុលាការ ក្នុងករណីចាប់បានបទល្មើស៕

 

បុរី TLLផ្តល់លក្ខខ័ណ្ឌបង់គ្មានការប្រាក់គំរោងស្ថិតលើផ្លូវជាតិលេខ៥១ ជាតំបន់ដែលអ្នកជំនាញមើលឃើញផលចំណេញ

ដោយ: ម៉ាលីស

កណ្តាល/កំពង់ស្ពឺៈ អ្នកជំនាញ និងអ្នកអភិវឌ្ឍន៍នានាបានជម្រុញឲ្យមានការវិនិយោគលំនៅដ្ឋាន និងដីធ្លីនៅតំបន់ជាយក្រុង ដែលតំបន់នេះមានភាពទាក់ទាញ និងទទួលបានផលចំណេញខ្ពស់ពីការវិនិយោគនាពេលអនាគត។

លោកលឹម ហេង ប្រធានផ្នែកលក់គំរោង TLL បានប្រាប់គេហទំព័រ Property Areaថា សព្វថ្ងៃបុរី TLL មានលក់ជាប្រភេទ លំនៅស្ថាន ដីឡូតិ៍ និងគំរោងធ្វើជារោងចក្រផងដែរ ដែលអាចបំពេញគ្រប់តំរូវការរបស់អតិថិជនចង់បានតែម្តង។ សំរាប់លំនៅដ្ឋាននៃបុរីTLL ចែកចេញជា៣ប្រភេទ ដែលមានជាប្រភេទ Shop House, Link House(E1) និង E0។ ដោយឡែកសំរាប់ដីឡូតិ៍គឺមានទំហំចាប់ពី 4.5m x 18m, 5m x 20m, 10m x 20m។ រួមជាមួយនឹងហ្សូន ដែលទុកសំរាប់សាងសង់រោងចក្រ សហគ្រាស ហើយសព្វថ្ងៃ កំពុងមានរោងចក្រស្រាប់ ដែលកំពុងដំនើរការជាមួយនិយោជិកខ្ទង់ពាន់នាក់ផងដែរ។

លោកក៏បានគូសបញ្ជាក់ថា ក្រៅពីតំលៃសមរម្យ ខាងបុរីTLL ក៏បានផ្តល់ជូននូវការបង់ប្រាក់ងាយៗ សំរាប់គ្រប់គំរោងទាំងអស់ ដោយមានការផ្តល់ជូននូវការបង់រំលោះសុទ្ធ១០០% លើសពីនេះសំរាប់អ្នកទិញដីឡូតិ៍នឹងទទួលបានការរំលោះសុទ្ធ ដោយឥតការប្រាក់រយៈពេល៥ឆ្នាំផងដែរ។

លោកក៏បញ្ជាក់ដូចនេះ “ លក្ខណៈពិសេសជាច្រើនដែលបុរីTLL ផ្តល់ជូនធ្វើអោយគំរោងរបស់លោកមានការទាក់ទាញ និងគាំទ្រពីអតិថិជនច្រើន ជាក់ស្តែងបច្ចុប្ប្នន្ននេះ ផ្ទះប្រភេទShop House របស់គំរោង បានលក់អស់រហូតដល់ ៩០%ហើយ ព្រោះការទិញផ្ទះឥឡូវនេះ នៅបុរីTLL នឹងមានការផ្តល់ជូនពិសេសជាច្រើន ដូចជា សំភារៈមួយឈុតចំនួន១០មុខជាដើម”។

គំរោងរបស់បុរី TLL មានទីតាំងត្រឹម 15នាទីពីផ្លូវកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ51 ក្បែរសួនឧស្សាហកម្មគម្រោងអ្នកឧកញ៉ាឡេង ណាវ៉ាត្រា នៅចន្លោះផ្សារថ្នល់ទទឹង និងផ្សារបាត់ដឹង។

អ្នកឧកញ៉ាលី ហួរប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងជាអ្នកវិនិយោគដីធ្លីដ៏ជោគជ័យមួយរូបបានមានប្រសាសន៍ថា ការវិនិយោគដែលល្អ គឺនៅតំបន់ក្នុងទីក្រុង និងតំបន់ជាយក្រុង ប្រសិនជាដីមានតម្លៃធូរ និងលក្ខខ័ណ្ឌបង់ប្រាក់ប្រសើរ គួរតែវិនិយោគ។

លោកបន្តថា “ដីនៅក្នុងទីក្រុង និងជាយក្រុងទោះបីមានវិបត្តិសេដ្ឋកិច្ច ក៏ចុះថ្លៃតិច ប៉ុន្តែឡើងថ្លៃនិងទទួលបានផល​ចំណេញលឿន នៅពេលសេដ្ឋកិច្ចដំណើរការល្អប្រសើរឡើងវិញ”។

អតិថិជនចាប់អារម្មណ៍សូមទំនាក់ទំនងលេខទូរស័ព្ទ📲 Smart:     015 663 995📲 Cellcard: 089 663 995 📲 Metfone: 066 553 168៕

លោកឃួង ស្រេងបង្ហាញពីតួលេខបុរី និងសំណង់លំនៅដ្ឋាននិងអគារ ខ្ពស់ៗចំនួនជាង១៦០០នៅរាជធានី

ដោយៈគង់ សូរិយា

ភ្នំពេញៈ លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា គិតត្រឹមដើមឆ្នាំ២០២២នេះនៅរាជធានីភ្នំពេញ មានសំណង់បុរី និងបណ្ដុំផ្ទះល្វែងជាង ៣០០កន្លែង អគារខ្ពស់ៗជាង១៦០០អគារ និងមានគម្រោងសង់ថ្មីជាង ១ពាន់គម្រោង ដែលគិតជាទឹកប្រាក់សរុប មានតម្លៃចំនួនប្រមាណជាង ២,២៦ ពាន់លានដុល្លាអាមេរិក។

មានប្រសាសន៍នៅក្នុងពិធី បើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការលំនៅឋាន-ដីឡូត៍មួយ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ លោក ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារវឌ្ឍនភាព ក៏ដូចជានិន្នាការជាវិជ្ជមាន កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថា នឹងបន្តងើបឡើងវិញនាបណ្ដាឆ្នាំខាងមុខយ៉ាងឆាប់រហ័ស ស្របតាមការកើនឡើងនូវតម្រូវការសកល និងទំនុកចិត្តរបស់វិនិយោគគិនទាំងក្នុងស្រុក និងបរទេស ដែលជាសក្តានុពលដ៏ធំសម្រាប់ការវិនិយោគក្នុងវិស័យអចលនទ្រព្យ ជាពិសេស អគារពាណិជ្ជកម្ម សណ្ឋាគារៈសំណង់បុរី ដីឡូតិ៍ អគារស្នាក់នៅរួម និងខុនដូទំនើបៗ។

ជាពិសេសទោះបីជាស្ថិត ក្នុងបរិបទកូវីដ១៩យ៉ាងណាក៏ដោយ គិតត្រឹមដើមឆ្នាំនេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និង អគារខ្ពស់ៗចំនួន១.៦០៣អគារ ក្នុងនោះអគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅមានចំនួន ២២៥អគារ ខណៈឆ្នាំ២០២១ កន្លងទៅ កម្ពុជាទទួលបានគម្រោងសាងសង់ថ្មីៗពីវិស័យឯកជនចំនួន ១.០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង៤,៦៣ លានម៉ែត្រក្រឡា។ បន្ថែមទៀត ធ្វើឲ្យរាជធានីភ្នំពេញ កាន់តែមានភាពស្រស់បំព្រង មិនចាញ់បណ្តាទីក្រុងនៃប្រទេសក្បែរខាង និងក្នុងតំបន់អាស៊ានឡើយ។

លោកឃួង ស្រេងបានបន្តថា “ការបណ្តាក់ទុនវិនិយោគក្នុងវិស័យមួយនេះនៅរាជធានីភ្នំពេញ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគ​ជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្នុងការខិតខំទាក់ទាញការវិនិយោគទាំងក្នុងនិងក្រៅប្រទេស ជាពិសេសគឺការខិតខំបង្កើនជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ដើម្បីបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោកស្រី អ៊ាន អេឡែន នាយិកាគម្រោង តាមោកស៊ីធឺលែន បានមានប្រសាសន៍ថា គម្រោងនេះ មានផ្ទៃដីចំនួន៤៤ហិកតា ជាប់ផ្លូវ៦០ម៉ែត្រ និងមហាវិថីឈ្នះឈ្នះ មានចំងាយពីស្ពានព្រែកព្នៅ ៤គីឡូម៉ែត្រ។ លោកស្រីបានបន្តថា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាឲ្យកាន់តែរីកចម្រើន គម្រោងលំនៅដ្ឋាន និងដីឡូតិ៍តាមោក ស៊ីធីឡេនដែលមានផ្ទៃដីជាង ២៤ហិកតា ត្រូវបានចាប់ផ្ដើមដំណើរការសាងសង់ និងលក់ជូនអតិថិជនហើយ ជាទីតាំងដែលមានសក្តានុពលខ្ពស់ ធំទូលាយ បរិយាកាសល្អ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្មផ្សេងៗ។

លោកស្រីបន្ថែមថា ការបើកដំណើរការសាងសង់គម្រោងនេះ គឺក្នុងគោលបំណង ដើម្បីរួមចំណែកអភិវឌ្ឍន៍មូលដ្ឋាននេះ ឲ្យកាន់តែរីកចម្រើន ក៏ដូចជា រួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ឲ្យកាន់តែសម្បូរបែប ស្របពេលដែលកម្ពុជាកំពុងឋិត ក្នុងដំណាក់កាលមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរក្រោមការដឹកនាំដ៏ឆ្នើម និងឈ្លាសវៃបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

McDonald’s, Starbucks and Coca-Cola leave Russia

McDonald’s and Starbucks are shutting their restaurants and cafes in Russia, and Coca-Cola is suspending its operations there in response to Russia’s invasion of Ukraine. PepsiCo is also pulling some products from the country.

McDonald’s has decided to temporarily close all our restaurants in Russia and pause all operations in the market,” CEO Chris Kempczinski said in a statement Tuesday.

There were 847 locations of McDonald’s in Russia at the close of last year, according to an investor document.

Globally, most McDonald’s locations are operated by franchise operators. Russia’s restaurants, along with another 108 in Ukraine, all operated by McDonald’s, accounted for 9% of the company’s revenue in 2021, according to the document.

“In Russia, we employ 62,000 people who have poured their heart and soul into our McDonald’s brand to serve their communities. We work with hundreds of local, Russian suppliers and partners who produce the food for our menu and support our brand,” Kempczinski said. “And we serve millions of Russian customers each day who count on McDonald’s. In the thirty-plus years that McDonald’s has operated in Russia, we’ve become an essential part of the 850 communities in which we operate.”

But, he added, “at the same time, our values mean we cannot ignore the needless human suffering unfolding in Ukraine.”

Source: CNN

 

ក្រុមហ៊ុនMcDonald’s, Starbucks និង Coca-Cola កំពុង ចាកចេញពីប្រទេសរុស្ស៊ី

ដោយ: ម៉ាលីស

អន្តរជាតិ: ក្រុមហ៊ុនអាហាររហ័សទាន់ចិត្តដ៏ធំលើពិភពលោក រាប់ចាប់ពីMcDonald’s និង Starbucks កំពុងបិទហាងរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី ហើយក្រុមហ៊ុន Coca-Cola កំពុងផ្អាកប្រតិបត្តិការរបស់ខ្លួននៅទីនោះដែរ ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ខណៈក្រុមហ៊ុន PepsiCo ក៏បានទាញខ្លួនចេញពីប្រទេសនេះផងដែរ។

ក្រុមហ៊ុន“McDonald’s បានសម្រេចចិត្តបិទហាងទាំងអស់របស់ខ្លួនជាបណ្ដោះអាសន្ន នៅក្នុងប្រទេសរុស្ស៊ី និងផ្អាកប្រតិបត្តិការទាំងអស់នៅក្នុងទីផ្សារ” លោក Chris Kempczinski នាយកប្រតិបត្តិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ។

យោងតាមឯកសារនៃវិនិយោគិនបានឱ្យដឹងថា  ចំនួន McDonald’s មានទីតាំងចំនួន៨៤៧ នៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំទៅ។

ឯកសារដដែលបានឱ្យដឹងថា ភោជនីយដ្ឋាននៅរុស្ស៊ី រួមជាមួយនឹងភោជនីយដ្ឋានចំនួន១០៨ ផ្សេងទៀតនៅក្នុងប្រទេសអ៊ុយក្រែន ដែលជា ហ្រេ្វនឆាយ របស់McDonald’s មានទំហំ៩% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២១។

លោក Kempczinski បាននិយាយថា នៅក្នុងប្រទេសរុស្ស៊ី យើងមានបុគ្គលិកចំនួន៦២,០០០នាក់ ដែលបានប្រើបេះដូង និងព្រលឹងរបស់ពួកគេទៅក្នុងប្រេន McDonald’s  ដើម្បីបម្រើសហគមន៍របស់ពួកគេ យើងធ្វើការជាមួយអ្នកផ្គត់ផ្គង់ក្នុងស្រុករបស់រុស្សី និងដៃគូរាប់រយនាក់ ដែលផលិតអាហារសម្រាប់មុខម្ហូបគាំទ្រ ម៉ាកយីហោរបស់យើង ហើយយើងបម្រើអតិថិជនរុស្ស៊ីរាប់លាននាក់ជារៀងរាល់ថ្ងៃ តាមរយៈMcDonald’s ក្នុងរយៈពេលសាមសិបឆ្នាំប្លាយ ដែលMcDonald’s បានដំណើរការនៅក្នុងប្រទេ​សរុស្ស៊ី យើងបានក្លាយជាផ្នែកសំខាន់មួយ នៃសហគមន៍ចំនួន៨៥០កន្លែង ដែលកំពុងដំណើរការ។

លោកបានបន្ថែមថា “ដោយសារគុណតម្លៃរបស់យើង ដូចនេះក្នុងពេលជាមួយគ្នា យើងមិនអាចព្រងើយកន្តើយ ចំពោះទុក្ខវេទនារបស់មនុស្សជាតិដែលមានភាពខ្វះខាត កំពុងកើតមាននៅក្នុងប្រទេសអ៊ុយក្រែននោះទេ”៕ ប្រភព: CNN៕

សម្តេចក្រឡាហោមស្នើឱ្យយកចិត្តទុកដាក់បញ្ហាសន្តិសុខ ដើម្បីជម្រុញទំនុកចិត្តរបស់អ្នកវិនិយោគក្នុងខេត្តព្រះសីហនុឡើងវិញ

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ ស្នើឱ្យយកចិត្តទុកដាក់កែលម្អមុខមាត់ខេត្តព្រះសីហនុឡើងវិញ លើបញ្ហាសណ្តាប់ធ្នាប់ និងសន្តិសុខ ដើម្បីជម្រុញទំនុកចិត្តរបស់អ្នកវិនិយោគឡើងវិញ។

សម្តេចក្រឡាហោមបានមានប្រសាសន៍ថា កន្លងមកខេត្តព្រះសីហនុជាប់ឈ្មោះមិនល្អរឿងអសន្តិសុខ បទល្មើសឧក្រិដ្ឋនៅកើតមាន និងមានការលើកឡើងពីការបង្កភាពរញ៉េរញ៉ៃរបស់ជនជាតិចិន ធ្វើបាក់មុខមាត់ខេត្ត ជះឥទ្ធិពលមិនល្អដល់កិត្យានុភាពរបស់ខេត្ត អ្នកវិនិយោគមានការរារែកចិត្ត។

សម្តេចក្រឡាហោមបានមានប្រសាសន៍ថា “តើយើងត្រូវកែមុខមាត់ក្រុងព្រះសីហនុយ៉ាងដូចម្តេច? ទី១ កន្លងមកមានការចោទប្រកាន់ថា វត្តមានរបស់ជនជាតិចិននៅក្នុងក្រុងព្រះសីហនុបានរារាំងការវិនិយោគពីបណ្តាប្រទេសផ្សេងទៀត ដូចជា ប្រទេសជប៉ុន កូរ៉េ បណ្តាប្រទេសអាស៊ាន និងលោកខាងលិចជាដើម”។

សម្តេចក្រឡាហោមបានបន្តថា “យើងត្រូវខិតខំប្រឹងប្រែងដោះស្រាយបញ្ហានេះជាមួយអ្នកពាក់ព័ន្ធ ក្នុងការកែលម្អមុខមាត់”។ សម្តេចក្រឡាហោមបានបន្តថា “កត្តាទី២ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលបានកើតឡើងកន្លងមក ដែលដោះស្រាយមិនទាន់បានទោះបីជាមានការបង្ក្រាបជាបន្តបន្ទាប់ក្តី”។

សម្តេចក្រឡាហោមស្នើឱ្យភាគីពាក់ព័ន្ធទាំងឡាយរួមគ្នាក្នុងការដោះស្រាយបញ្ហាទាំងនេះឱ្យបានជាមូលដ្ឋាន។

សម្តេចក្រឡាហោមបានបន្ថែមថា រូបភាពនៃបទឧក្រិដ្ឋទាំងនោះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ខេត្តព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ទំនុកចិត្តនៃអ្នកវិនិយោគ។ សម្តេចក្រឡាហោមបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធក្នុងការរួមគ្នាបង្ក្រាបឱ្យបាននូវរាល់ឧក្រិដ្ឋកម្ម ដែលកើតមានឡើងនៅក្នុងក្រុងព្រះសីហនុ៕

រដ្ឋបាលរាជធានីនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ឋផ្លាស់ប្តូរតំបន់ស្ទឹងមានជ័យជាសហគមន៍គំរូមួយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងរៀបចំកែប្រែមុខមាត់ហេដ្ឋារចនាសម្ព័ន្ធសហគមន៍ស្ទឹងមានជ័យ ឱ្យក្លាយជាសហគមន៍រស់នៅគំរូ មានសណ្តាប់ធ្នាប់ និងមានរបៀបរៀបរយជាងមុន។

ហេដ្ឋារចសម្ព័ន្ធដែលនឹងត្រូវសាងសង់ រួមមាន លំហសាធារណៈ លំហប្រើប្រាស់រួម មជ្ឈមណ្ឌលសហគមន៍ ផ្លូវថ្មើរជើង កន្លែងហាត់ប្រាណ សួន ការដាំដើមឈើ និងរុក្ខជាតិបៃតងជាដើម។

គម្រោងនេះ មានទាំងការកែប្រែទម្រង់ខាងមុខ និងការរៀបចំប្លង់ផ្ទះដែលគ្មានសណ្ដាប់ធ្នាប់ឡើងវិញផងដែរ ដើម្បីបង្កើនសោភ័ណភាពក្រុង។

គម្រោងប្ដូរមុខមាត់តំបន់ស្ទឹងមានជ័យនេះ ជាជំនួយពីសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) សាលាក្រុងប៉ារីស និងសហភាពអឺរ៉ុប (EU) ដែលស្ថិតក្នុងគម្រោងរៀបចំផែនការ នគររូបនីយកម្ម និង ការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់សហគមន៍មិនទាន់រៀបរយ។

រដ្ឋបាលរាជធានីភ្នំពេញ ក៏ធ្លាប់បានដាក់ចេញនូវផែនទីយុទ្ធសាស្ត្របង្ហាញផ្លូវធំៗ៥ចំនុច ដើម្បីអនុវត្តន៍ ក្នុងទិសដៅប្រែក្លាយរាជធានីភ្នំពេញទៅជាទីក្រុងឆ្លាតវៃ ឬ Smart City នាពេលអនាគតផងដែរ។

យុទ្ធសាស្ត្រទទាំង៥នោះ រួមមាន ការធ្វើទំនើបកម្មប្លង់ប្រើប្រាស់ដីធ្លី ការរៀបចំប្រព័ន្ធសុវត្ថិភាព និងសន្តិសុខឡើងវិញ ការពង្រឹងសេវាដឹកជញ្ជូនក្នុងទីក្រុង ការថែទាំបរិស្ថាន និងការគ្រប់គ្រងបែបឌីជីថល៕

សាស្រ្តាចារ្យមួយរូបៈមហាយក្សចិននៅតែអាចវ៉ាឈ្នះអាមេរិកក្លាយជា មហាអំណាចសេដ្ឋកិច្ចទី១លើពិភពលោក

ដោយៈសុខុម

ប៉េកាំង: ពិតណាស់ថា វិបត្តិសង្រ្គាម ដែលកំពុងផ្ទុះឡើងនៅអ៊ុយក្រែន បានធ្វើឱ្យកក្រើកពិភពលោកទាំងមូល។ ទោះជាយ៉ាងណា វិបិត្តនេះនឹងមិនអាចរារាំងមហាយក្សចិន មិនឱ្យវ៉ាឈ្នះសហរដ្ឋអាមេរិក ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក នៅត្រឹមឆ្នាំ២០៣០បានឡើយ។

អតីតអនុប្រធានធនាគារពិភពលោក លោក Justin Lin Yifu ដែលបច្ចុប្បន្នជាសាស្ត្រាចារ្យ បង្រៀននៅសកលវិទ្យាល័យប៉េកាំង (Peking University) ព្រមទាំងមានឋានៈជាទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋាភិបាលក្រុងប៉េកាំង ផងនោះបានបង្ហាញសុទិដ្ឋិនិយម ដោយភាពជឿជាក់មោះមុតនៅស ប្ដាហ៍នេះថា គ្មានអ្វីអាចរារាំងមហាយក្សចិនបានឡើយ ទោះបីជាក្រុមវិនិយោគិន នៅក្រៅប្រទេសសម្រុកលក់ ចេញមូលបត្របំណុលរបស់ចិន កាលពីពេលថ្មីៗនេះយ៉ាងណាក្ដី។

យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃពុធទី៩ មីនា ឱ្យដឹងថា ក្រុមវិនិយោគិននៅក្រៅប្រទេសបានសម្រុកលក់ចេញមូលបត្របបំណុលចិន រហូតដល់ទៅ១០,៦ពាន់លានដុល្លារអាមេរិកកាលពីខែមុន។

ទីប្រឹក្សាជាន់ខ្ពស់រូបនេះបានលើកឡើងថា “ខ្ញុំជឿជាក់យ៉ាងមុតមាំលើការព្យាកររបស់ខ្ញុំថា ប្រទេសចិននឹងវ៉ាឈ្នះសហរដ្ឋអាមេរិក នៅត្រឹមឆ្នាំ២០៣០”។

លោកបានបន្ថែមទៀតថា “សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នឹងជះផលប៉ះពាល់មកលើប្រទេសចិន ប៉ុន្តែវាក៏នឹងជះផលប៉ះពាល់ លើសហរដ្ឋអាមេរិក ដូចគ្នា។ គ្រប់ប្រទេសទាំងអស់ នឹងមានសន្ទុះកំណើនសេដ្ឋកិច្ចយឺតជាងមុន”។

ការឈ្លានពានរបស់រុស្សី ចូលក្នុងប្រទេសអ៊ុយក្រែន កើតឡើងក្នុងគ្រាដែលសម្ពាធសេដ្ឋកិច្ចថមថយ និងភាពតានតឹងកើនឡើងជាមួយមហាអំណាចលោកខាងលិច សម្រាប់ប្រទេសចិន ព្រមទាំងស្ថានការណ៍មិនប្រាកដប្រជាទូទាំងពិភពលោក ដែលបណ្តាលមកពីសង្រ្គាមនៅអ៊ុយក្រែន និងការរាំងស្ទះនានា ដែលកំពុងកើតមាន ដោយសារការរីករាលដាលវីរុសកូវីដ-១៩ ផងដែរ៕ South China Morning Post៕

តើក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថៃកំពូលទាំង១០ប្រចាំឆ្នាំ២០២២មានក្រុមហ៊ុនណាខ្លះ

ដោយៈសុខុម

បាងកក: ក្រុមហ៊ុន AP (Thailand) បានជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យប្រចាំប្រទេសថៃ កំពូលទាំង១០ដែលបានបោះទុនវិនិយោគច្រើនបំផុត ក្នុងគម្រោងលំនៅដ្ឋានថ្មីៗប្រចាំឆ្នាំ២០២២។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី៩ មីនា។

មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (Real Estate Information Centre) នៃប្រទេសថៃ និយាយថា ចំនួនលំនៅដ្ឋានថ្មីៗក្នុងក្រុងបាងកក និងតំបន់ជាយក្រុង នឹងកើនឡើងខ្លាំងពី៤៦.៦០២យូនីត ក្នុងឆ្នាំ២០២១ ដល់៨១.១២៦យូនីត ដែលសាងសង់ដោយក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យកំពូលទាំង១០ ដោយផ្អែកលើគម្រោងរបស់ពួកគេដូចខាងក្រោម៖

*ចំណាត់ថ្នាក់លេខ១
ក្រុមហ៊ុន AP Thailand
គម្រោងចាប់ផ្ដើមថ្មីៈ មានគំរោងអភិវឌ្ឍន៍ចំនួន៦៥គម្រោង មានតម្លៃសរុបជាង២,៣៦ពាន់លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ២
ក្រុមហ៊ុន Sansiri
គម្រោងចាប់ផ្ដើមថ្មី ចាប់ផ្តើមមានចំនួន៤៦គម្រោង ដែលមានតម្លៃសរុបជាង១,៥ពាន់លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ៣
ក្រុមហ៊ុន Noble Development គម្រោងចាប់ផ្ដើមថ្មីមានគំរោងកំពុងអភិវ ឌ្ឍន៍១៨គម្រោង ដែលមានតម្លៃសរុបជាង១,៤ពាន់លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ៤
ក្រុមហ៊ុន Origin Property
គម្រោងចាប់ផ្ដើមថ្មីមានចំនួន៣១គម្រោង ដែលមានតម្លៃសរុបជាង១,២៧ពាន់លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ៥
ក្រុមហ៊ុន Supalai គម្រោងចាប់ផ្ដើមថ្មី៣៤គម្រោង ដែលមានតម្លៃសរុបជាង១,២១ពាន់លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ៦
ក្រុមហ៊ុន SC Asset Corporation មានគម្រោងចាប់ផ្ដើមថ្មីចំនួន២៧គម្រោង ដែលមានតម្លៃសរុបជាង១,២១ពាន់លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ៧
ក្រុមហ៊ុន Land and Houses Plc គម្រោងចាប់ផ្ដើមថ្មីមានចំនួន១៥គម្រោង ដែលមានតម្លៃសរុប៨៩៥លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ៨
ក្រុមហ៊ុន Frasers Property Thailand គម្រោងចាប់ផ្ដើមថ្មីចំនួន២៥គម្រោង ដែលមានតម្លៃសរុប៨៩៤លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ៩
ក្រុមហ៊ុន Ananda Development Plc គម្រោងចាប់ផ្ដើមថ្មី មានចំនួន៧គម្រោង ដែលមានតម្លៃសរុប៨៦១លានដុល្លារអាមេរិក។

*ចំណាត់ថ្នាក់លេខ១០
ក្រុមហ៊ុន Sena Development Plc គម្រោងចាប់ផ្ដើមថ្មីមានចំនួន៤៩គម្រោង ដែលមានតម្លៃសរុប៨៣៣លានដុល្លារអាមេរិក ៕ The Nation៕