ទីផ្សារការិយាល័យចាប់ផ្តើមផ្លាស់ប្តូរនិន្នាការនៃតម្រូវការ និងទំហំ

ដោយៈវិវត្តន៍

ភ្នំពេញៈ ស្របពេលការផ្គត់ផ្គង់កំពុងកើនឡើង និងលំហូរចូលនៃទុនវិនិយោគផ្ទាល់ពីបរទេស ស្ថិតក្នុងសភាពទ្រឹង បានធ្វើឲ្យតម្រូវការនិងនិន្នា​ការជួលអគារការិយាល័យ ស្ថិតក្នុងសភាពទ្រឹង។

អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia អ្នកស្រីអាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នារសៀលថ្ងៃទី៩ មិនាកន្លងមកថា ទីផ្សារការិយាល័យ បានធ្លាក់ចុះទាំងតម្រូវការជួល និងតម្លៃបានធ្លាក់ចុះចន្លោះពី១០ទៅ១៥ភាគរយ ហើយទំហំនៃការជួលក៏រួមតូចជាងមុន ដែលពីមុនតម្រូវការស្ថិតក្នុងរង្វង់២០០ម៉ែត្រការ៉េឡើង ប៉ុន្តែបច្ចុប្បន្នទំហំនៃតម្រូវ​ការគឺ១០០ម៉ែត្រការ៉េជាមធ្យម។

អ្នកស្រីបន្តថា “ការធ្លាក់ចុះតម្លៃ និងទំហំនេះ ក៏ដោយសារកត្តាពីរគឺ មិនមានក្រុមហ៊ុនអន្តរជាតិចូលមក និងការផ្គត់ផ្គង់កើនឡើង ដែលធ្វើឲ្យទី​ផ្សារកាន់តែមានភាពប្រកួតប្រជែង”។ អ្នកស្រីបន្តទៀតថា “ក្នុងស្ថានភាពបែបនេះ តម្រូវការអគារការិយាល័យ បានផ្លាស់ប្តូរពី Grand A និង B ទៅកាន់កម្រិត Grand B និង C វិញផងដែរ”។

អ្នកស្រីអាន សុធីតា បានបន្តទៀតថា ទោះជាយ៉ាងណាតម្រូវការទីផ្សារការិយាល័យ មានសញ្ញាងើបឡើងវិញខ្លះផងដែរ សម្រាប់ការពង្រីកខ្លួន​របស់ក្រុមហ៊ុនក្នុងស្រុក ប៉ុន្តែមិនមានកំណើនជាដុំកំភួននោះទេ។

ជាមួយគ្នានេះ លោកច្រឹក ​សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា ស្ថានភាពទីផ្សារការិយា​ល័យ ពិតជាមានការងើបឡើងវិញ ប៉ុន្តែវាមិនមានសញ្ញាគួរឲ្យកត់សំគាល់នោះទេ ប៉ុន្តែលោកបានសម្តែងសុទិដ្ឋិនិយមថា ទីផ្សារនិងតម្រូវការនឹងងើបឡើងវិញនាពេលខាងមុខឆាប់ៗនេះ នៅពេលសេដ្ឋកិច្ចងើបឡើង ហើយវិបត្តិនានានឹងត្រូវបញ្ចប់។

លោកបន្តថា “ទោះជាយ៉ាងណាយើងឃើញថា តម្រូវការការិយាល័យកម្រិត B នៅតែមានតម្រូវការខ្ពស់ជាងផ្នែកដទៃទៀត ស្របពេលដែលតម្លៃបានធ្លាក់ចុះបន្តិចបន្តួច”៕

តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣មានសភាពទ្រឹងក្នុងរយៈពេល២ឆ្នាំចុងក្រោយ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ បានហក់ឡើងម្ដងរួចហើយ នៅពេលគម្រោងផ្លូវនេះ បានប្រកាសអភិវឌ្ឍន៍និងសាងសង់ដំបូង ហើយឡើងទៀតនៅពេលចាប់ផ្ដើមបើកការដ្ឋាន តែរយៈពេល២ឆ្នាំ មកនេះ តម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវនេះ មិនបានឡើងថ្លៃតទៀតទេ គឺមានសភាពទ្រឹងនៅឡើយ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance Realty បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៩ មិនាថា ផ្លូវក្រវ៉ាត់ក្រុងទី៣ វាបានហក់ឡើងម្ដងរួចហើយ ពេលដែលផ្លូវនេះប្រកាសសាងសង់ និងឡើងម្ដងទៀតនៅពេលវាចាប់ផ្ដើមសាងសង់ តែរយៈពេលចុងក្រោយនេះប្រមា​ណជាង២ឆ្នាំ និងនៅក្នុងវិបត្តិកូវីដ១៩ តំបន់តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣នេះ មិនមានការឡើងថ្លៃបន្ថែមឬក៏ធ្លាក់ចុះវិញដែរ ។

លោកបន្តថា កំណាត់ផ្លូវនេះ បានតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់ផ្លូវលេខ៤ និងទៅមហាវិថីឈ្នះឈ្នះ ដែលអាចតទៅផ្លូវជាតិលេខ៥ និងលេខ៦ ហើយផ្លូវនេះដែរ ក៏បានបែងចែកតម្លៃទៅតាមតំបន់នីមួយៗផងដែរ ក្នុងនោះប៉ែកខាងលិចភ្នំពេញ ដូចជា នៅផ្នែកខ្លះនៃខណ្ឌពោធិ៍សែនជ័យ គឺមានតម្លៃប្រមាណ១០០ ទៅ១៥០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ កំណា​ត់ផ្លូវនៅត្រង់ខណ្ឌកំបូល មានតម្លៃរង្វង់១០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ នៅប៉ែកខាងត្បូងក្នុងខណ្ឌដង្កោ និងស្រុកកណ្ដាលស្ទឹងមានតម្លៃចន្លោះ១២០ ទៅ១៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និងប៉ែកខាងកើតភ្នំពេញនៅស្រុកកៀនស្វាយ ដែលផ្លូវនេះរត់កាត់មានតម្លៃ ប្រមាណ៨០ដុល្លា​រទៅ១០០ដុល្លារអាមេរិក ។

លោកប៉ូ អ៊ាវគង់បានបន្ថែមថា តម្លៃដីនេះ យើងរាប់តែដីនៅជាប់ផ្លូវធំៗប៉ុណ្ណោះ ហើយអាស្រ័យទៅលើស្ថានភាពដីនីមួយៗផងដែរ ដូចជាដីបឹងដែលមានជំរាលជ្រៅៗ ក៏មិនអាចលក់ថ្លៃបានដែរ ពីព្រោះអ្នកអភិវឌ្ឍន៍ទិញដីនេះហើយត្រូវការចាក់បំពេញដីនោះ ឱ្យស្មើនឹងខ្ពស់ជាងផ្លូវ បើពុំនោះមិនអាចសាងសង់បានឡើយ។

ជាមួយគ្នានេះ អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia ក៏បានឱ្យដឹងថា ការអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ ក៏បានជំរុញឱ្យតម្លៃដីធ្លី និងអចលនទ្រព្យមានសន្ទុះ មួយកម្រិតទៀតដែរ ហើយក៏មានការទាក់ទាញ កាន់តែច្រើនលើវិនិយោគិនអចលនទ្រព្យ ដើម្បីបណ្ដាក់ទុនវិនិយោគអចលនទ្រព្យ។

អ្នកស្រីបន្តថា “តំបន់តាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី៣ ក៏ឃើញថា មានសកម្មភាព វិនិយោគកាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ”៕

អ្នកឧកញ៉ាលី ហួរបង្ហើបពីទីតាំងដីធ្លីដែលគួរវិនិយោគនិងមូលហេតុ

ដោយៈជេស៊ីកា

ភ្នំពេញៈ ទីផ្សារដីធ្លីនៅតែត្រូវបានអ្នកវិនិយោគក្នុងស្រុក ផ្តោតការចាប់អារម្មណ៍ ដោយសារពួកគេមើលឃើញផលចំណេញ មានភាពជាក់លាក់ និងចំណេញខ្ពស់ជាងគេ។

អ្នកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដ៏ជោគជ័យមួយរូបបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៩ មិនាថា ក្នុងស្ថានភាពនេះ បើសិនជាមានលុយទំនេរ គឺជាឱកាសល្អបំផុតសំរាប់វិនិយោគដីធ្លី ប៉ុន្តែត្រូវមើលផ្លូវ មើលទីតាំងឲ្យបានល្អផងដែរ។

អ្នកឧកញ៉ាបានបន្តថា “បើវិនិយោគដីធ្លី គួរវិនិយោគនៅក្នុងក្រុង និងតំបន់ជាយក្រុង ព្រោះបើមានវិបត្តិវាមិនសូវធ្លាក់ចុះតម្លៃច្រើន និងធ្វើឲ្យកើន​តម្លៃលឿន នៅពេលទីផ្សារមានភាពល្អប្រសើរ”។

អ្នកឧកញ៉ាបន្តថា “យ៉ាងណាក៏ដោយ បើមិនមានប្រាក់ទំនេរឬប្រាក់ក្នុងដៃ សូមកុំយកលុយធនាគារទៅវិនិយោគ”។

អ្នកឧកញ៉ាលី ហួរ បានបន្ថែមថា យើងមើលកូនឬមនុស្សកើតរាល់ថ្ងៃ ដែលឥលូវប្រជាជនខ្មែរ មានប្រមាណ១៧លាននាក់។ ចឹងបីឆ្នាំទៀតអាចកើនដល់២០លាននាក់ ប៉ុន្តែដីមិនកើនឡើងនោះទេ ហេតុនេះការវិនិយោគដីធ្លីនៅជាយក្រុង និងក្នុងក្រុង ដែលមានតម្លៃល្អ គេលក់ប្រញាប់ ជាការវិនិយោគល្អ ដើម្បីទទួលបានផលចំណេញខ្ពស់នាពេលអនាគត៕

កំណើនលំនៅឋានកាន់តែច្រើនធ្វើឱ្យតំបន់ជាយក្រុងមានវិបត្តិទឹកស្អាតកាន់តែធ្ងន់

ដោយៈ វឌ្ឈនៈ

ភ្នំពេញៈ បញ្ហាកង្វះទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ បានកើតឡើងជាយូរមកហើយ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិបត្តិទឹកស្អាតនៅជាយរាជធានីភ្នំពេញ បានកើតឡើងកាន់តែធ្ងន់ធ្ងរ។

សម្រាប់ឆ្នាំ២០២២នេះ វិបត្តិទឹកស្អាតបានកើតកាន់តែអាក្រក់ថែមទៀត ស្របពេលកំណើនផ្ទះ នៅតាមតំបន់ជាយក្រុង ក៏កាន់តែកើនឡើងច្រើន។

ប្រជាពលរដ្ឋដែលរស់នៅតំបន់ជាយក្រុងភ្នំពេញ ជាពិសេសនៅប៉ែកខាងលិចភ្នំពេញ រួមមានក្នុងខណ្ឌកំបូលផ្នែកខ្លះ នៃខណ្ឌពោធិ៍សែនជ័យ បាននាំគ្នារង់ចាំបូមទឹក​ ពីប្រព័ន្ធទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេ​ញ និងខ្លះទៀត ក៏បាននាំគ្នាដឹកទឹកពីស៊ីទែនទឹក ដែលអាជ្ញាធរនិងក្រុមហ៊ុនម្ចាស់បុរី បានដាក់នៅតាមសួនដោយបូមទឹកពីក្រោមដី មកដាក់ឬដឹកជញ្ជូនទឹកតាមឡាន ពីតំបន់ផ្សេងមកដាក់ក្នុងស៊ីទែននោះ។

លោកតុង ហួរ ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មី នៃខណ្ឌកំបូល បានឱ្យដឹងនាព្រឹកថ្ងៃទី៩ មិនាថា ឆ្នាំនេះកង្វះទឹកប្រើប្រាស់ បានកើនឡើងកា​ន់តែខ្លាំង សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មី ដោយសារតែកំណើនប្រ​ជាពលរដ្ឋមករស់នៅក្នុងបុរីកាន់តែច្រើន ហើយកំណើនលំនៅឋាននៅក្នុងតំបន់នោះក៏កាន់តែច្រើន ឡើងដល់រាប់ម៉ឺនល្វែងហើយមកដល់ពេលនេះ ។

លោកបន្តថារាល់ថ្ងៃ លោកត្រូវទិញពីក្រុមអ្នកដឹកទឹក ដើរលក់តាមផ្ទះក្នុងមួយស៊ីទែន​ ដែលមានចំណុះ១០០០លីត្រ ក្នុងតម្លៃ២ម៉ឺនរៀលមួយស៊ីទែននេះ លោកប្រើមិនគ្រប់ទេក្នុងមួយថ្ងៃ ដោយសារតែលោកជាអ្នកបើករបរបោកអ៊ុត គឺមានតម្រូវការទឹកច្រើន សម្រាប់បោកអ៊ុតជូនអតិថិជន ហើយពេលខ្លះ ដោយសារតែកង្វះខាតទឹក ធ្វើឱ្យការផ្ដល់សេវាជូនអតិថិជនមានការយឺតយ៉ាវ ។

ចំណែកកញ្ញាសោភណ ពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មីកំបូល​ក៏បានឱ្យដឹងផងដែរថា រៀងរាល់ថ្ងៃនៅពេលចេញពីធ្វើការ កញ្ញាត្រូវមកដឹកជញ្ជូនទឹកនៅតាមសួន ដើម្បីយកទៅប្រើប្រាស់ ពេលខ្លះម៉ោង១១យប់​ ឬ១២ទើបបានចូលគេង។ បើសិនជាមិនដឹកទឹកទុកប្រើប្រាស់ទេ ព្រឹកឡើងច្បាស់ជាអត់ទឹកងូតមុនទៅធ្វើការហើយ។ ការរស់នៅក្នុងបុរីពិតមែនតែវាមិនស្រួលបែបអ្នករស់នៅក្នុងបុរីឡើយ ។

ជាការកត់សម្គាល់ ឱ្យតែពលរដ្ឋរស់នៅក្នុងបុរីពិភពថ្មី តែងតែមានបញ្ហាទឹកប្រើប្រាស់ ជាពិសេសបុរីថ្មីៗដែលរចនាមកក្រោយៗ ប៉ុន្តែតំបន់នៅខាងកំបូលមានបញ្ហាទឹកស្អាតខ្លាំងជាង។ កន្លងមកខាងបុរី បានដាក់បន្ទុកទៅលើរដ្ឋាករទឹក ដែលមិនមានទឹកផ្គត់ ហើយខាងរដ្ឋាករទឹកវិញក៏បានប្រាប់ទៅអតិថិជន ដែលឡើងតវ៉ារឿងអត់ទឹកប្រើថា ពេលក្រុមហ៊ុនដាក់សំណើរមកសុំរដ្ឋាករ​ ដើម្បីតបណ្ដាញចូលបុរី ខាងរដ្ឋាករបានប្រាប់ថា មិនមានទឹកទេ តែបុរីបានប្រាប់វិញថា ឱ្យតែមានទុយោតចូល ឬឱ្យតែមានបណ្ដាញរដ្ឋចូលចាំក្រុមហ៊ុន ជាអ្នករកទឹកមកផ្គត់ផ្គង់ជូនអតិថិជនជំនួស។

ជាការពិតបច្ចុប្បន្នម្ចាស់បុរី ជាអ្នករកទឹកមកឱ្យអតិថិជនមែន តែដោ​យសារតែកំណើនពលរដ្ឋកាន់តែច្រើន តម្រូវការទឹកក៏មានកាន់តែច្រើន ដែលធ្វើឱ្យម្ចាស់បុរីមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់។

មន្ត្រីនៃរដ្ឋាករទឹកមួយរូបបានប្រាប់ឱ្យដឹងថា ដោយសារតែកំណើនអគារនិងលំនៅឋាននៅភ្នំពេញ និងក្រុងតាខ្មៅ ធ្វើឱ្យសម្ពាធទឹកប្រើប្រាស់ទៅតំបន់ជាយក្រុងកាន់តែខ្សោយ ហើយថាពេលនេះ រដ្ឋាករទឹកកំពុងព ន្លឿន ការសាងសង់អាងប្រព្រឹត្តិកម្មទឹកស្អាត ដើម្បីឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់បានគ្រប់គ្រាន់។ រដ្ឋាករទឹកក៏បានអំពាវនាវឱ្យពលរដ្ឋ នៅកណ្ដាលក្រុង ប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីទុកទឹកឱ្យបានដល់តំបន់ជាយក្រុងប្រើប្រាស់ផង៕

Hospitality, serviced apartment markets set to pick up

Viet Nam: The resumption of international flights and the borders reopening in March will not only benefit Việt Nam’s hospitality sector but also drive demand for serviced apartments, according to Savills Việt Nam.

According to the Việt Nam National Administration of Tourism, there were more than 6.1 million domestic tourists during the nine-day festival, generating revenue of VNĐ25 trillion. These numbers represent a genuine demand and an optimistic outlook for the revival of domestic tourism.

Matthew Powell, Director of Savills Hà Nội, said: “Northern Việt Nam has an interesting hospitality market. Apart from thriving tourist destinations like Hạ Long, we are witnessing development in Hà Nội’s suburbs and surrounding provinces like Hòa Bình and Thanh Hóa.”

“This trend is understandable, given that transportation links to these areas continue to improve, as such, people can easily travel to surrounding provinces for weekend trips.”
“While domestic travellers currently drive Việt Nam’s hospitality sector, we cannot forget how important foreign tourists are for the market. There are positive signs though, as Việt Nam’s vaccination rate is high and authorities plan to reopen the borders to international travellers from mid-March,” he added.
As part of Việt Nam’s plan to reopen to international guests, the authorities have announced that international flights will resume from March 15, 2022. This reopening will not only benefit the country’s tourism and hospitality segment but is forecast to benefit serviced apartments too.
Foreign experts are the predominant occupiers of serviced apartments in Hà Nội.

Japanese and Korean expatriates are the main tenants in Grade A serviced apartments, accounting for 84 per cent in the second half of 2021.

Neil MacGregor, Managing Director of Savills Vietnam, said: “There is a strong correlation between foreign direct investment (FDI) flows and serviced apartments. As such, it is no surprise that countries leading FDI investments, such as Japan and South Korea, also drive serviced apartment demand.”

“In 2021, many international experts could not enter Việt Nam due to strict border controls; however, once international flights resume, many foreign experts will be able to return, which will greatly enhance tenant pools for serviced apartments.”

According to a 2021 Global Buyer Survey, good healthcare, air quality, and green spaces are top priorities when selecting accommodation. As such, branded serviced apartments could take full advantage of global health initiatives that the brands rolled out, collaborating with sanitisation experts to create safer and healthier projects.

Currently, the outlook for hotels and serviced apartments is good, with the borders set to open in the middle of March. However, both sectors will continue to rely heavily on how well the pandemic is managed and the authorities’ strategies to do so, Savills Việt Nam reports.

After two dormant years, tourism in Việt Nam is slowly coming back to life. After social distancing restrictions eased in October 2021, Vietnamese airlines completed 8,383 flights in December, 538 per cent more than the 1,311 flights in September.

Hotel occupancy also improved in the last quarter of 2021, along with the average room rate, which reached VNĐ1.8 million, increasing 12 per cent compared to the last quarter of 2020.

Between 2022 and 2023, supply is also expected to increase with the entry of 2,900 rooms, demonstrating the rekindling of investor confidence in the hospitality sector, according to Savills Việt Nam.

Source: Vietnam News

រដ្ឋាភិបាលចាប់ផ្តើមកែលំអរនិងពង្រីកផ្លូវជាតិលេខ៤គ្រោងបញ្ចប់ក្នុង រយៈពេល៥ឆ្នាំ

ដោយៈ សុផារី

កណ្តាលៈ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

គម្រោងនេះបានទទួលប្រាក់កម្ចី សម្បទានពីធនាគារពិភពលោក តាមរយៈគម្រោងលេខ IDA Credit. 6279-KH: សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

រយៈពេលនៃការងារស្ថាបនាពង្រីក និងជួសជុលថែទាំផ្លូវជាតិលេខ៤នេះមានរយៈពេល៥ឆ្នាំ ចាប់ផ្តើមពីខែធ្នូ ឆ្នាំ២០២១ និងគ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។

ក្រសួងបានចាប់ផ្ដើមធ្វើការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល (គ.ម១៩ + ៧០០) និងបញ្ចប់ នៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (គ.ម២១៥ + ៨០០)។

ការងារស្ថាបនានិងពង្រីកនេះរួមមាន ការងារពង្រីកផ្លូវកៅស៊ូបច្ចុប្បន្នពីទទឹង៧ម៉ែត្រ ទៅទទឹងចាក់កៅស៊ូ១០ម៉ែត ការងារពង្រីកស្ពានបេតុងនិងលូចំនួន៤៦ទីតាំង និងការងារស្ថាបនាស្ពានថ្មីចំនួន៨ទីតាំង ដើម្បីធានាដល់ការធ្វើចរាចរណ៍គ្រប់រដូវកាល ដែលឆ្នាំខ្លះត្រូវទឹកជំនន់ជន់លិចកំណាត់ផ្លូវជាតិលេខ៤៕

ដំណឹងល្អៈរដ្ឋាភិបាលពន្យារអនុវត្តពន្ធលើចំណេញមូលធនរហូតដល់ដំណាច់ឆ្នាំ២០២៣

ដោយៈ

ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងផ្លូវការ បញ្ជាក់ពីការពន្យារអនុវត្តពន្ធលើចំណេញមូលធន រហូតដល់ដំណាច់ឆ្នាំ២០២៣។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចឱ្យព​ន្យារ កាលបរិច្ឆេទកំណត់ការដាក់ឱ្យអនុវត្តន៍ពន្ធ លើប្រាក់ចំណេញមូលធនរយៈពេលឆ្នាំទៀត ដោយកំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទនៃការអនុវត្តពន្ធនេះ។

ការពន្យានេះ យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីសំណើសុំពន្យារ ពេលការអនុវត្តពន្ធលើចំណេញមូលធន និងចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រភពដដែលបានឱ្យដឹងថា នេះដើម្បីចូលរួមអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ដើម្បីជំរុញការវិនិយោគ។

អគ្គនាយកដ្ឋានពន្ធដារ បានកំណត់ថាការប្រមូលចំណូលពន្ធ លើចំណេញមូលធន ត្រូវចាប់ផ្តើមអនុវត្តន៍ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២តទៅ បន្ទាប់ពីពន្ធនេះត្រូវបានពន្យា ពេលអនុវត្តន៍រយៈពេល១ឆ្នាំកន្លងមក។ ប៉ុន្តែពេលនេះត្រូវបន្តពន្យារពេល២ឆ្នាំទៀត ដែលចាប់ផ្តើមប្រមូលនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ៕

តម្លៃដីនៅលើផ្លូវ៦០ម៉ែត្រស្ថិតក្នុងសភាពទ្រឹងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ

ដោយៈជេស៊ីកា

       ភ្នំពេញៈ ផ្លូវ៦០ម៉ែត្រ ឬមហាវិថីសម្តេចតេជោ ដែលពុះចំកណ្តាលទីក្រុងរណបING CITYបាន និងកំពុងមានការអភិវឌ្ឍន៍យ៉ាងលឿន ប៉ុន្តែតម្លៃដីធ្លីកំពុងស្ថិតនៅក្នុងសភាពទ្រឹង។

អគ្គនាយិកាក្រុមហ៊ុនPropNex Cambodia អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី៩ មិនានេះថា ក្នុង  រយៈពេលពពីរឆ្នាំចុងក្រោយនេះ តម្លៃដីនៅលើផ្លូវ៦០ម៉ែត្រ និងផ្លូវរណបដទៃទៀត មិនមានតម្រូវការច្រើននោះទេ ហើយបើមានអ្នករកទិញក៏ស្ថិតក្នុងទំហំដីតូចៗ ប៉ុន្តែផ្លូវនេះដីភាគច្រើនមានទំហំធំៗ។

អ្នកស្រីបន្តថា “ក្នុងរយៈពេលចុងក្រោយនេះ ដីនៅតំបន់នេះស្ថិតក្នុងសភាពទ្រឹង ដោយសារតម្រូវការនៅមានកម្រិត ខណៈអ្នកត្រូវការដីធំៗសំរាប់អភិវឌ្ឍន៍មិនសូវមាននោះទេ”។អ្នកស្រីបន្តថា “តម្លៃដីនៅលើផ្លូវធំ មានតម្លៃចន្លោះពី២០០០ទៅ២៥០០ដុល្លារ ប៉ុន្តែដីនៅលើផ្លូវរណបដូចជាផ្លូវ៥០ម៉ែត្រ តម្លៃស្ថិតនៅចន្លោះពី១២០០ ទៅ១៣០០ដុល្លារអាមេរិកក្នុង​មួយម៉ែត្រការ៉េ”។

ជាមួយគ្នានេះ អ្នកស្រីរំពឹងថា ដីនៅតាមបណ្តោយផ្លូវនេះ អាចនឹងមានកំនើនឡើងវិញ នៅរយៈពេលពីរទៅ៣ឆ្នាំខាងមុខ នៅពេលសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរឡើងវិញ ពិសេសលំហូរចូលក្រុមហ៊ុនអន្តរជាតិធំៗ។

ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងស្រដៀងគ្នាថា ដីនៅតំបន់នេះមិនទាន់ឡើងថ្លៃទេ ដោយសារវិបត្តិរយៈពេលពីរឆ្នាំមកនេះ ប៉ុន្តែស្ថានភាពនឹងប្រសើរឡើងវិញ ពេលសេដ្ឋកិច្ចរបស់យើងល្អ។

លោកបន្តឲ្យដឹងផងដែរថា ដីនៅតំបន់នេះមានតម្លៃចន្លោះពី១៨០០ទៅ២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាតម្លៃស្ថិតនៅជាប់ផ្លូវ៦០ម៉ែត្រ ប៉ុន្តែដីនៅតាមផ្លូវតូចៗ មានតម្លៃចន្លោះពី១២០០ ទៅ១៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

មហាវិថីសម្តេចតេជោហ៊ុន សែនមានប្រវែងសរុបជាង៩គីឡូម៉ែត្រ ដែ​លតភ្ជាប់តំបន់ប្រសព្វ រវាងមហាវិថីព្រះមុនីវង្ស និងផ្លួវ២៧១ ឆ្ពោះទៅភ្ជាប់ជាមួយផ្លូវជាតិលេខ២៕

តម្លៃសាំងនៅកម្ពុជាអាចហក់ឡើងបន្តទៀត បើតម្លៃប្រេងឆៅឡើងដល់៣០០ដុល្លារក្នុង១បារ៉ែល?

ដោយៈសុខុម

ភ្នំពេញ: ខណៈតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានហក់ឡើងដល់ប្រមាណ១១៤ដុល្លារអាមេរិកក្នុង១បារ៉ែល តម្លៃប្រេងសាំងនៅកម្ពុជា បានហក់ឡើងដល់ប្រមាណ៥.០០០រៀលក្នុង១លីត្រ។

ដូចនេះ ប្រសិនបើតម្លៃប្រេងឆៅ នៅលើទីផ្សារអន្តរជាតិហក់ឡើងដល់៣០០ដុល្លារអាមេរិក ក្នុង១បារ៉ែលដូចការព្រមាន ខណៈរុស្ស៊ីបន្តទទួលរងទណ្ឌកម្មដូចទឹកបាក់ទំនប់ ដោយសារប្រទេសនេះបញ្ឆេះសង្គ្រាម ចូលឈ្លា​នពានប្រទេសអ៊ុយក្រែនមែននោះ តម្លៃប្រេងសាំងនៅកម្ពុជា អាចនឹងហក់ឡើងបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានព្រមានកាលពីថ្ងៃច័ន្ទ ទី៧ មីនា ថា បណ្ដាប្រទេសលោកខាងលិច អាចប្រឈមមុខនឹងតម្លៃប្រេងឆៅ លើសពី៣០០ដុល្លារក្នុង១បារ៉ែល ហើយអាចនឹងឈានទៅដល់ការបិទបំពង់បង្ហូរឧស្ម័នរុស្ស៊ី-អាល្លឺម៉ង់ ប្រសិនបើរដ្ឋាភិបាលនានាបន្តគំរាមកំហែងកាត់ផ្ដាច់ ការផ្គត់ផ្គង់ថាមពលពីប្រទេសរុស្ស៊ី។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៨ មីនា។

ការព្រមានថា តម្លៃប្រេងឆៅអាចហក់ឡើង ដល់៣០០ដុល្លារអាមេរិក ក្នុង១បារ៉ែលនេះ គឺមានលទ្ធភាពអាចទៅរួច ក្រោយពីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអង្គារ ទី៨ មីនា ដាក់បម្រាមលើគ្រប់ការនាំចូលប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី ដើម្បីដាក់គំនាបឱ្យប្រទេសនេះ បញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Arab News នៅថ្ងៃពុធ ទី៩ មីនា នេះ។

យោងតាមសារព័ត៌មានដដែលនេះឱ្យដឹងថា ពេលនេះតម្លៃជួញដូរប្រេងឆៅ នៅលើទីផ្សារអន្តរជាតិសម្រាប់ខែឧសភា ខាងមុខនេះបានឡើងលើស១៣០ដុល្លារហើយក្នុង១បារ៉ែល ក្រោយពីសហរដ្ឋអាមេរិក បានសម្រេ​ច ដាក់បម្រាមលើការនាំចូលប្រេងពីប្រទេសរុស្ស៊ី។

តម្លៃប្រេងឆៅនៅលើទីផ្សារអាមេរិក សម្រាប់ការជួញដូរក្នុងខែមេសា ខាងមុខនេះ បានឈានដល់១២៦ដុល្លារហើយក្នុង១បារ៉ែល៕

វៀតណាមត្រៀមបើកជើងហោះហើរអន្តរជាតិឡើងវិញនៅខែនេះ

ដោយៈសុខុម

ហាណូយ: ការបើកជើងហោះហើរអន្តរជាតិ និងការបើកព្រំដែនឡើងវិញនៅខែមីនា នេះនឹងមិនត្រឹមតែផ្តល់ផលល្អ ដល់វិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចរបស់វៀតណាមប៉ុណ្ណោះទេ បុន្តែថែមទាំងជួយជំរុញឱ្យតម្រូវការខុនដូ-អាផាតម៉ិនហក់ឡើងផងដែរ។

សារព័ត៌មាន Vietnam News បានចុះផ្សាយនៅថ្ងៃពុធ ទី៩ មីនា នេះថា ទេសចរណ៍ក្នុងស្រុក ទទួលបានកំណើននៅដើមឆ្នាំ២០២២ នេះដោយសារមានមនុស្សដើរលេងច្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម។

យោងតាមរដ្ឋបាលជាតិទេសចរណ៍វៀតណាមបានឱ្យដឹងថា អំឡុងបុណ្យចូលឆ្នាំថ្មី ដែលមានរយៈពេល៩ថ្ងៃនេះ មានភ្ញៀវទេសចរក្នុងស្រុកដើរលេងជាង៦,១លាននាក់ ដែលផ្ដល់ប្រាក់ចំណូល ដល់វិស័យទេសចរបាន១,១ពាន់លានដុល្លារអាមេរិក។ ចំនួននេះ ឆ្លុះបញ្ចាំងតម្រូវការពិតប្រាកដ និងទស្សនវិស័យ ប្រកបដោយសុទិដ្ឋិនិយម សម្រាប់ការរស់រានឡើងវិញនៃទេសចរណ៍ក្នុងស្រុក។

ជាផ្នែកមួយនៃផែនការបើកព្រំដែនឡើងវិញ ដើម្បីទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ អាជ្ញាធរវៀតណាមបានប្រកាសថា ជើងហោះហើរអន្តរជាតិនឹងចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃទី១៥ មីនា ឆ្នាំ២០២២ តទៅ។ ការបើកឡើងវិញនេះ នឹងមិនត្រឹមតែផ្តល់ផលប្រយោជន៍ ដល់ផ្នែកទេសចរណ៍ និងបដិសណ្ឋារកិច្ច របស់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវិស័យខុនដូ-អាផាតម៉ិនក៏ទទួលបានផលដូចគ្នាដែរ។

ជនបរទេសដែលជាអ្នកជំនាញ គឺជាអ្នកជួលខុនដូ-អាផាតម៉ិនច្រើនជាងគេនៅក្រុងហាណូយ ដោយក្នុងនោះជនជាតិជប៉ុន និងកូរ៉េ គឺជាអ្នកជួលខុនដូ-អាផាតម៉ិនកម្រិតA ច្រើនជាងគេដែលគ្របដណ្ដប់៨៤% នៅក្នុងឆមាសទី២ ចុងឆ្នាំ២០២១។

យោងតាមក្រុមហ៊ុនអចលនទ្រព្យ ដ៏ធំបំផុតរបស់វៀតណាម Savills Việt Nam ឱ្យដឹងថា បច្ចុប្បន្ននេះ ទស្សនវិស័យសម្រាប់សណ្ឋាគារ និងខុនដូ-អាផាតម៉ិន គឺមានភាពល្អប្រសើរ ដោយសារព្រំដែនគ្រោងនឹងបើកឡើងវិញនៅពាក់កណ្តាលខែមីនានេះ។

ទោះជាយ៉ាងណា វិស័យទាំងពីរនេះនឹងបន្តពឹងផ្អែកខ្លាំងថា តើអាជ្ញាធរគ្រប់គ្រងការរីករាលដាលវីរុសកូវីដ-១៩ បានល្អកម្រិតណា និងមានវិធីសាស្ត្របែបណាខ្លះ ក្នុងការគ្រប់គ្រងការរីករាលដាលវីរុសនេះ។

ក្រុមហ៊ុនដដែលនិយាយថា នៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ការផ្គត់ផ្គង់សណ្ឋាគារ ក៏ត្រូវបានរំពឹងថានឹងកើនឡើងផងដែរ ជាមួយនឹងការផ្គត់ផ្គង់បន្ទប់ថ្មីៗចំនួន២.៩០០បន្ទប់ ដែលនេះបង្ហាញពីការមានទំនុកចិត្តឡើងវិញ របស់បណ្ដាវិនិយោគិនលើវិស័យបដិសណ្ឋារកិច្ច៕ Vietnam News៕