កម្ពុជា អឺរ៉ុបពិភាក្សាលើបញ្ហា EBA និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ

ដោយៈលក្ខិណា

ភ្នំពេញៈ ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មអ្វីគ្រប់យ៉ាង លើកលែងអាវុធ (EBA) ដែលសហភាពអឺរ៉ុបបានដកផ្នែកខ្លះពីកម្ពុជា ដោយសារតែហេតុផលនយោបាយ ពេលនេះអឺរ៉ុប និងកម្ពុជាបានពិភាក្សាឡើងវិញព្រមទាំងពិភាក្សាលើកិច្ចការពាណិជ្ជកម្មជាច្រើនទៀត ដើម្បីជំរុញនិងស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញនៅក្រោយវិបត្តិកូវីដ ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១០ មីនា ២០២២កន្លងមកបានឲ្យដឹងថា កិច្ចប្រជុំរវាងកម្ពុជា និងភាគី អឺរ៉ុបបានធ្វើឡើងនៅថ្ងៃទី១០ និងទី១១ខែមីនា ២០២២ ក៏បានពិនិត្យមើលទៅលើពាណិជ្ជកម្មទ្វេភាគីកម្ពុជា អឺរ៉ុប និងបរិយាកាសវិនិយោគនៅកម្ពុជា។

កិច្ចប្រជុំនេះ ក៏បានពិភាក្សាផងដែរ អំពីវិធានការស្ដារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជាបណ្ដោះអាសន្ន នូវផ្នែកខ្លះនៃការអនុគ្រោះពន្ធ ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ក្រោមគម្រោងគ្រប់យ៉ាងលើកលែងអាវុធ ( EBA ) កិច្ចសហប្រតិបត្តិការបច្ចេកទេស បញ្ហានៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀត នូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាផងដែរ ។

សេចក្ដីប្រកាសឱ្យដឹងថា ភាគីទាំងពីក៏បានប្ដេជ្ញាពង្រឹងកិច្ចសហប្រតិ​បត្តិការបន្ថែមទៀត ដើម្បីធានាថាបរិយាកាស វិនិយោគរបស់កម្ពុជានៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អ មានលក្ខណៈប្រកួតប្រជែង និងអំនោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព។ កិច្ចប្រជុំបានផ្ដាស់ប្តូរទស្សនៈ អំពីការអភិវឌ្ឍពាណិជ្ជកម្មតំបន់ និងសកល ដែលក្នុងនោះរួមបញ្ចូលទាំងបច្ចុប្បន្នភាពស្ដីពី សមាហរណកម្មសេដ្ឋកិច្ចក្នុងអាស៊ាន និងនៅទូទាំងតំបន់អាស៊ី ប៉ាស៊ីហ្វិក ទំនាក់ទំនងពាណិជ្ជកម្មតំបន់អាស៊ាន សហភាពអឺរ៉ុបព្រមទាំងបច្ចុប្បន្នភាពស្ដីពី កំណែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកជាដើម៕

អគារការិយាយល័យចាស់ៗនៅបាងកកកំពុងប្រឈមហានិភ័យ ខណៈការផ្គត់ផ្គង់ថ្មីៗច្រើនលើសលប់

ដោយៈសុខុម

បាងកក: អគារការិយាល័យចាស់ៗ គួរតែធ្វើការជួសជុលកែលម្អឡើងវិញ ដើម្បីរក្សាអ្នកជួលកុំឱ្យបាត់បង់ ស្របពេលតម្រូវការធ្លាក់ចុះ ដែលបណ្ដាល មកការផ្គត់ផ្គង់អគារការិយាល័យថ្មីៗ ឈានដល់ទំហំជាង២លានម៉ែត្រការ៉េ ក្នុងរយៈពេល៥ឆ្នាំក្នុងចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ព្រមទាំងឥរិយាបថផ្លាស់ប្ដូរផងដែរ។

លោកស្រី Suphin Mechuchep ប្រធានក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Thailand ថ្លែងថា ម្ចាស់អគារការិយាល័យចាស់ៗ នៅទីតាំង ល្អៗ គួរតែធ្វើទំនើបកម្មអគារការិយាល័យរបស់ខ្លួន តាមរយៈការបន្ថែមភាពទាក់ទាញ ដូចជា ការបង្កើតហាងកាហ្វេ ក្លឹបហាត់ប្រាណ មណ្ឌលថែទាំសុខភាព ឬ បន្ទប់ទឹកដែលបំពាក់បច្ចេកវិទ្យា Touchless ជាដើម។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ មីនា។

លោកស្រីបានបន្ថែមថា “ការប្រកួតក្នុងប្រជែងទីផ្សារការិយាល័យនឹងកើនឡើងខ្លាំង ដោយសារកត្តារួមផ្សំមួយចំនួន ដែលមិនត្រឹមតែកំណើននៃតម្រូវការជួលអគារការិយាល័យ ដែលមានស្រាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណើន នៃការផ្គត់ផ្គង់អគារការិយាល័យថ្មីៗ សម្រាប់រយៈពេល៥ឆ្នាំខាងមុខផងដែរ”។

លទ្ធផលនៃការស្រាវជ្រាវទីផ្សារ ដែលធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Thailand បង្ហាញថា ការផ្គត់ផ្គង់ការិយាល័យ នៅក្រុងបាងកក មានចំនួនសរុបរហូតដល់ប្រមាណ៩,៩លានម៉ែត្រការ៉េ គិតត្រឹមឆ្នាំ២០២១។

ការផ្គត់ផ្គង់អគារការិយាល័យថ្មីៗប្រចាំឆ្នាំ បានកើនឡើងខ្ពស់ណាស់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដោយក្នុងឆ្នាំ២០២១ បានកើនឡើង៤៧០.០០០គីឡូម៉ែត្រការ៉េ ហើយក្នុងឆ្នាំ២០២០ កើនឡើង៣៥០.០០០ម៉ែត្រការ៉េ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL Thailand បានឱ្យដឹងថា អំឡុងឆ្នាំ២០២២-២០២៦ នឹងមានការផ្គត់ផ្គង់អគារការិយាល័យថ្មីៗប្រមាណ៤៤០.០០០ម៉ែត្រការ៉េក្នុងមួយឆ្នាំៗ ហើយការផ្គត់ផ្គង់ថ្មីៗនឹងឈានដល់ ចំនួនសរុប២,២លានម៉ែត្រការ៉េ ក្នុងរយៈពេល៥ឆ្នាំខាងមុខ៕ Bangkok Post៕

រដ្ឋាភិបាលឡាវរំពឹងសម្រេចបានអតិរេកពាណិជ្ជកម្មយ៉ាងតិច១,៥៥ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២២

ដោយៈសុខុម

វៀងចន្ទន៍: សារព័ត៌មានឡាវ Laotian Times បានចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១០ មីនាថា រដ្ឋាភិបាលឡាវ រំពឹងសម្រេចបានអតិរេកពាណិជ្ជកម្ម យ៉ាងតិច១,៥៥ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ទោះជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីការរីករាលដាលវីរុសកូវីដ-១៩ ក្ដី។

តាមរយៈរបាយការណ៍ពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវ កាលពីពេលថ្មីៗនេះបង្ហាញថា ទំហំនាំចេញត្រូវបានរំពឹងថា នឹងឈានដល់ ៧,៦ពាន់លានដុល្លារអាមេរិក ខណៈការនាំចូលនឹងមានទំហំ សរុប៦,០៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមការចុះផ្សាយរបស់ព័ត៌មានឡាវ Vientiane Times។

ដើម្បីសម្រេចបានអតិរេកពាណិញ្ជកម្មនេះ រដ្ឋាភិបាលឡាវបានប្តេជ្ញា​បង្កើនផលិតកម្មកសិកម្ម និងការកែច្នៃទំនិញសម្រាប់នាំចេញ ជាពិសេសនាំចេញទៅកាន់ទីផ្សារប្រទេសចិន ដែលពេលនេះអាចចូលទៅដល់បានកាន់តែងាយស្រួលតាមរយៈផ្លូវដែកចិន-ឡាវ។

ទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយថា វិស័យពាក់ព័ន្ធនានា ត្រូវបានផ្តល់ភារកិច្ចជួយបណ្ដាក្រុមហ៊ុន សហគ្រាសឱ្យទទួលបានហិរញ្ញប្បទាន ការអនុវត្តការសិក្សាស្រាវជ្រាវ និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងផលិតកម្ម ព្រមទាំងជួយសហគ្រាស ផលិតស្វែងរកទីផ្សារសមស្របផងដែរ។

រដ្ឋាភិបាលឡាវ បាននិងកំពុងព្យាយាមបង្កើនទុន បម្រុងអន្តរជាតិ (Foreign Exchange Reserves) តាមរយៈការជំរុញការនាំចេញ និងកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើការនាំចូល។

ប្រទេសឡាវបានអះអាងថា ខ្លួនសម្រេចបានអតិរេកពាណិជ្ជកម្មចំនួន១ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១ ដោយការនាំចេញមានទំហំ៧ពាន់លានដុល្លារអាមេរិក ហើយការនាំចូលមានទំហំ៦ពាន់លានដុល្លារអាមេរិក៕ Laotian Times៕

អ្នកជំនាញៈការវិនិយោគអគារការិយាល័យគួរផ្តោតលើអគារពាណិជ្ជកម្មចម្រុះ

ដោយៈគង់ សូរិយា

ភ្នំពេញៈអ្នកជំនាញជើងចាស់ ក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា និន្នាការវិនិយោគអគារការិយាល័យ គួរតែមានភាពបត់បែន ស្របពេល​ការប្រកួតប្រជែងមានការកើនឡើង។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៩ មិនាកន្លងមកថា ដោយសារនិន្នាការប្រែប្រួលនៃទីផ្សារនេះ និងតម្រូវការប្រើប្រាស់ចម្រុះកើនឡើង អ្នកវិនិយោគសាងសង់ អគារការិយាល័យសម្រាប់ជួល គួរតែមានភាពបត់បែន និងវិនិយោគគំរោងដែលមានភាពចម្រុះ ដូចជា មានសណ្ឋាគារ អាផាតម៉ិន ខុនដូ និងផ្សារទំនើបជាដើម។

អ្នកស្រីបានបន្តថា “និន្នាការវិនិយោគបែបនេះ បានកើតមាននៅសឹង្ហ​បុរី ប្រទេសថៃជាដើម ដែលរបត់បែបនេះ ផ្តល់ឲ្យអ្នកវិនិយោគនូវការប្រើប្រាស់ទុនច្រើន និងដីមានតម្លៃសមរម្យ”។ អ្នកស្រីបន្តថា “ការវិនិយោគមជ្ឈមណ្ឌលការិយាល័យ និងអគារពាណិជ្ជកម្មចម្រុះបែបនេះ គួរតែងាកទៅកាន់ទីក្រុងរណបនានា ខណៈដីកណ្តាលក្រុង មិនមានទំហំសមល្មមនោះទេ”។

អ្នកស្រីអាន សុធីតាបានបន្តថា ដោយសារលំហូរទុនវិនិយោគពីបរទេ​សនៅមា​នកម្រិត បានធ្វើឲ្យទំហំតម្រូវការអគារការិយាល័យធ្លាក់ចុះ ពិសេ​សតម្លៃក៏មានការធ្លាក់ចុះ ក្នុងរង្វង់១០ទៅ១៥ភាគរយផងដែរ ដែល​បញ្ហានេះ បណ្តាលមកពីការប្រកួតប្រជែងកើនឡើង ការផ្គត់ផ្គង់ក្នុងទីផ្សារកាន់តែច្រើនជាងមុន។

ចំណែកលោកបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រ​សាសន៍ឲ្យដឹងផងដែរថា និន្នាការទីផ្សារការិយាល័យ ពិតជាបត់ទៅរករបត់បែបនេះ ព្រោះការមានអគារការិយាល័យ តែម្យ៉ាងមិនគ្រប់គ្រាន់ទេ ព្រោះអ្នក​ប្រើប្រាស់ ត្រូវការសេវាកម្មដែលផ្តល់ភាពងាយស្រួលដល់ពួកគេ ដូចជាផ្សារទំនើប កន្លែងហាត់ប្រាណពេលចេញពីធ្វើការ អាផាតម៉ិន ខុនដូជាដើម។

លោកបន្តថា “ហេតុនេះអ្នកវិនិយោគគួរតែគិតពីបញ្ហានេះ ដើម្បីធ្វើយ៉ាងណាឲ្យគំរោងរបស់ខ្លួនបានទទួលជោគជ័យ”៕

អ្នកឧកញ៉ាលី ហួរៈវិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនធ្វើឲ្យការលក់លំនៅដ្ឋានធ្លាក់ចុះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា អ្នកឧកញ៉ាលី ហួរបានថ្លែងថា ទីផ្សារលំនៅដ្ឋានកំពុងស្ថិត នៅក្នុងស្ថានភាពលំបាក បន្ទាប់ពីវិបត្តិចំនួនពីរបានកើតឡើង។

អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីដើមសប្តាហ៍នេះថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឲ្យការលក់លំនៅដ្ឋានធ្លាក់ចុះ និងមានភាពយឺតយ៉ាវជាងមុន ពិសេសជំងឺកូវីដអូមីក្រុង ក៏ជាផ្នែកមួយកំពុងបង្អាក់ទីផ្សារនេះផងដែរ។

អ្នកឧកញ៉ាបានបន្តថា “ក្នុងដំណាក់កាលនេះ បុរីជាច្រើនបានបន្តគំរោងរបស់ពួកគេ ប៉ុន្តែការសាងសង់មានភាពយឺតយ៉ាវជាងមុន”។ លោកបន្តថា “វិបត្តិសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែនក៏បានធ្វើឲ្យម្លៃប្រេងសាំង កើនឡើងយ៉ាងគំហុក និងធ្វើឲ្យរំខានដល់ជីវភាពប្រជាពលរដ្ឋផងដែរ”។

អ្នកឧកញ៉ាលី ហួរបានលើកឡើងទាំងអសស់សំណើចថា ក្នុងស្ថានភាពនេះ បើមិនធ្វើយឺតៗ តើឲ្យមានលុយឯណាយកមកបង្វិល ស្របពេលស្ថានភាពលក់បានធ្លាក់ចុះយ៉ាងគំហុក។

លោកបន្តថា ទីផ្សាររបស់យើងទៅមុនគើម គើម វាជាអ្វីកើតចេញពីសង្រ្គាម ដែលគ្រប់គ្នាមានការព្រួយបារម្ភ និងកំពុងរង់ចាំមើលស្ថានភាពតើ​មានការវិវត្តបែបណា និងវិបត្តិអូមីក្រុងបញ្ចប់នាពេលណា៕

គ្រឹះតម្លៃជិត១០០លានដុល្លារនៃគំរោង Naga3 នឹងបញ្ចប់តាមផែនការ ខណៈការសាងសង់អគារនឹងចាប់ផ្តើមនៅឆ្នាំក្រោយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុន NagaCorp ដែលកំពុងវិនិយោគសណ្ឋាគារ និងកាស៊ីណូធំជាងគេនៅរាជធានីភ្នំពេញ​បានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តការសាងសង់ Naga3 នៅរាជធានីភ្នំពេញតាមផែនការ ដែលបានគ្រោងទុក។

គម្រោងសណ្ឋាគារ កាស៊ីណូ និងខុនដូប្រណីត Naga3 មានតម្លៃប្រមាណ៣៥០០លានដុល្លារ និងរចនាប្លង់ដោយក្រុមហ៊ុនអាមេរិក ដ៏ល្បីល្បាញឈ្មោះ Skidmore, Owings, and Merrill បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការងារបុកគ្រឹះជារួមសម្រេចបានជាង៥០ភាគរយ ខណៈការបុកគ្រឹះសសរស្ដម្ភធំៗ នៃអគារទី១ និងទី៣ ក៏ជិតបញ្ចប់ហើយដែរ។

ដោយឡែក ការដ្ឋានហេដ្ឋារចនាសម្ព័ន្ធក្រោមដី ក៏បានចាប់នៅកាលពីខែធ្នូ ឆ្នាំ ២០២១។

តាមផែនការ ការដ្ឋានសំណង់អគារខ្ពស់ៗទាំង៣ នៃគម្រោងនេះនឹងចាប់នៅដើមឆ្នាំ២០២៣ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធក្រោមដី ត្រូវបានបញ្ចប់តាមផែនការ។

ការសាងសង់ប៉ះពាល់បន្តិចបន្តួចពីវិបត្តិកូវីដ ប៉ុន្តែក្រុមហ៊ុនបានដាក់ចេញវិធានការបន្ថែម ដើម្បីធ្វើឱ្យការងារទាន់ពេលវេលា ខណៈគម្រោង Naga3 ទាំងមូល រំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៥។

នៅពេលសាងសង់រួចរាល់ Naga3 ដែលមានអគារកប់ពពកចំនួនបីនឹងមានបន្ទប់សណ្ឋាគាររួមគ្នាជាង៥០០០ បន្ទប់ តុហ្គេម១៣០០ តុ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិក៤៥០០ម៉ាស៊ីន បូកនឹងសេវាកម្មជាច្រើនទៀតផងដែរ៕

ទិញដីតម្លៃប៉ុន្មានងាយស្រួលលក់ចេញ និងមានឱកាសចំណេញខ្ពស់

ដោយៈវិវឌ្ឍន៍

ភ្នំពេញៈ ការវិនិយោគដីធ្លី ត្រូវបានគេមើលឃើញថា ជាការវិនិយោគមានភាពប្រាកដប្រជា និងមានផលចំណេញខ្ពស់ពីការវិនិយោគ ប៉ុន្តែអ្នកវិនិយោគឆ្លាតវៃ ពួកគេបានសិក្សាទៅលើកត្តាទីតាំង សិក្សាទិដ្ឋភាពច្បាប់ និងតម្លៃផងដែរ។

ប៉ុន្តែថ្ងៃនេះ យើងសូមលើកយកតែកត្តាតម្លៃប៉ុណ្ណោះ ដើម្បីបង្ហាញដល់សាធារណៈជន ក៏ដូចជាអ្នកនិយមគាំទ្រគេហទំព័រ Propertyarea។

អ្នកជំនាញ និងអ្នកតាមដានការវិវត្តន៍ក្នុងវិស័យនេះ លោកយិន លាងគង់ ទីប្រឹក្សាសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១០ មិនាថា ទីផ្សារអចលនទ្រព្យ ពិសេសដីធ្លីនៅតែមានកំនើន សម្រាប់តំបន់ខ្លះ ទោះរងផលប៉ះពាល់ពីវិបត្តិកូវីដក៏ដោយ។

តម្លៃដីទាបមានម៉ូយច្រើនងាយស្រួលលក់ចេញ
តម្លៃដីទាបៗនៅតំបន់ជាយក្រុង ដែលមានតម្លៃចន្លោះពី១ទៅ១០ ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះ ជាតម្លៃដីល្អ ដែលអ្នកមានជីវភាពមធ្យមអាចទិញបាន និងរកផលចំណេញបានលឿន ប្រសិនជាដីទាំងនោះមានទីតាំងល្អ ជាប់ផ្លូវធំ និងជាតំបន់់ស្ថិតក្នុងផែនការអភិវឌ្ឈន៍របស់រដ្ឋាភិបាល។

ដីតម្លៃចន្លោះពី ៥០ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ចាត់ទុកជាដីមានតម្លៃមធ្យមកម្រិតទាប ដែលអ្នកមានធនធានល្មមៗ ជីវភាពលើមធ្យមបន្តិចអាចវិនិយោគបាន និងងាយរកផលចំណេញ បើសិនជាដីនោះមានទីតាំងអាចប្រកបរបរ អាជីវកម្មនានាបាន។

ដីដែលមានតម្លៃចាប់ពី៣០០ទៅ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ
ដីប្រភេទនេះ ប្រសិនជាដីតូចៗ អាចស្រួលរកភ្ញៀវផងដែរ ប៉ុន្តែស្ថិតក្នុងស្ថានភាពលំបាកជាងដី ដែលមានតម្លៃដូចការលើកឡើងខាងលើ ព្រោះ អ្នកទិញ ពួកគេកម្រទិញទុកចំណេញណាស់ គឺពួកគេទិញអាចទុកធ្វើអ្វីមួយដូចជា សាងសង់ផ្ទះលក់ ឬធ្វើជាអគារពាណិជ្ជកម្មជាដើម ប៉ុន្តែដីស្ថិតនៅក្នុងតម្លៃនេះ អាចមានទីតាំងមិនទាន់មានភាពអំណោយផល ដល់ការវិនិ​យោគសាងសង់អគារពាណិជ្ជកម្មបាននៅឡើយទេ។

ផ្ទុយទៅវិញ ប្រសិនជាដីមានតម្លៃខាងលើជាដី មានទំហំធំចាប់ពី១០ហិកតាឡើងទៅ ក៏ពិបាកក្នុងការរកម៉ូយផងដែរ ព្រោះអ្នកទិញដីធំៗបែបនេះច្រើនតែជាឧកញ៉ាធំៗ ដែលពួកគេទិញយកមកសាងសង់បុរីលក់។

ដីដែលមានតម្លៃចាប់ពី៦០០ដល់១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ
ដីដែលមានតម្លៃក្នុងរង្វង់នេះ ពិតជាពិបាករកម៉ូយផងដែរ ព្រោះអ្នកទិញដីក្នុងតម្លៃនេះ ពួកគេមិនអាចយកសាងសង់បុរីបានឡើយ។ លើកលែងតែសាងសង់បុរី ដែលផ្តោតលើការសាងសង់ផ្ទះវីឡាប្រណីតៗ និងមានតម្លៃខ្ពស់ខ្ទង់៣០ទៅ១លានដុល្លារអាមេរិក។

អ្នករកដីប្រភេទនេះ មានតិចបើធៀបនឹងដីដែលមានតម្លៃទាបៗ ព្រោះអ្នកមានលទ្ឋភាពទិញដីបែបនេះ មិនមានចំនួនច្រើននោះទេ។ លើកលែងតែវាស្ថិតក្នុងតម្រូវការចាំបាច់ និងអ្នកវិនិយោគជាអ្នកវិនិយោគអន្តរជាតិ។
រីឯដីដែលមានតម្លៃលើសពី១០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ គឺសុទ្ឋតែជាដីដែលអាចស្ថិតនៅទីតាំងល្អ និងអំណោយផលដល់ការសាងសង់ខុនដូ អាផាតម៉ិន និងអគារពាណិជ្ជកម្មផ្សេងៗ៕

IFC ផ្តល់កម្ចី១០០លានដុល្លារដល់ធនាគារហត្ថាដើម្បីគាំទ្រដល់ស្រ្តី ក្នុងវិស័យSME

ដោយៈ សុផារី

ភ្នំពេញៈ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិកនៃធនាគារពិភពលោក បានផ្តល់ប្រាក់កម្ចីរហូតដល់១០០លានដុល្លារ ដល់ធនាគារហត្ថា សម្រាប់ផ្តល់ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម (WMSMEs) ដែលគ្រប់គ្រងដោយស្ត្រីនៅក្នុងប្រទេសកម្ពុជា។

យោងតាមសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិIFC បានឲ្យដឹងថា ប្រាក់កម្ចីនេះ រួមបញ្ជូលកម្ចីពីគណនីផ្ទាល់ខ្លួនរបស់IFC ដែលមានទឹកប្រាក់ប្រមាណ២៥ទៅ៥០លានដុល្លារ និងការកៀងគរពីសមាជិកចំនួន ប្រមាណ៥០ទៅ៧០លានដុល្លារអាមេរិក។

ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោននេះបាននិយាយថា “ការវិនិយោគរបស់IFC នឹងត្រូវបានប្រើប្រាស់ទាំ​ងស្រុង សម្រាប់ការផ្តល់ប្រាក់កម្ចីដល់វិស័យSME គ្រប់គ្រងដោយស្ត្រីនៅកម្ពុជា ដើម្បីគាំទ្រដល់កំណើននៃផលប័ត្រ នៃវិស័យរបស់ធនាគារហត្ថា ដែលត្រូវបានរំពឹងថា នឹងរួមចំណែកក្នុងការបង្រួមគម្លាត ហិរញ្ញប្បទានដល់SMEគ្រប់គ្រងដោយស្ត្រីនៅកម្ពុជា”។

កាលពីខែឧសភាឆ្នាំមុនIFC បានស្នើផ្តល់កម្ចីរហូតដល់ទៅ៤០លានដុល្លារដល់ធនាគារហត្ថា ដើម្បីគាំទ្រផលប័ត្រ និងកែលម្អលទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងអំឡុងពេលជំងឺកូវីដ១៩បច្ចុប្បន្ន។

IFC បានវិនិយោគលើធនាគារហត្ថា តាំងពីឆ្នាំ២០១៥។ ធនាគារ ហត្ថា គឺជាធនាគារមួយក្នុងចំណោមធនាគារ ឈានមុខផ្សេងទៀតនៅកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណ ធ្វើប្រតិបត្តិការធនាគារពាណិជ្ជពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម នៅខែសីហាឆ្នាំ២០២០ ដោយបានដំណើរការអស់រយៈពេលជាង២៦ឆ្នាំមកហើយ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ធនាគារមានទ្រព្យសកម្មសរុបប្រហែល២ពាន់លានដុល្លារ និងផលប័ត្រប្រាក់កម្ចីសរុបប្រហែល១,៧ពាន់លានដុល្លារ និងមានសាខាចំនួន១៧៧សាខា នៅក្នុង២៥រាជធានីខេត្តផងដែរ។

ធនាគារនេះ ត្រូវបានគ្រប់គ្រងទាំងស្រុងដោយធនាគារ Ayudhya Public Company Limited (BAY) ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងប្រទេសថៃ៕

អគារMesong នឹងក្លាយជាអគារខ្ពស់ជាងនៅកណ្ដាលក្រុងភ្នំពេញឬ?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ អគារពាណិជ្ជកម្ម Mesong ដែលកំពុងសាងសង់នៅ កណ្ដាលក្រុងភ្នំពេញ នៅទីក្រុងកោះពេជ្រ នឹងក្លាយជាអគារខ្ពស់ជាងគេនៅពេលសាងសង់រួច ខណៈបច្ចុប្បន្ននេះ អគារនេះបានចាប់ផ្ដើមដំណើរការសាងសង់បាតគ្រឹះ និងជាន់ក្រោមដី។
អគារនេះ ជាការវិនិយោគរបស់វិនិយោគិនហុងកុង និងបានសហការជាមួយក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ជាច្រើននៅខាងក្រៅប្រទេស ជាមួយនឹងការសហការលក់ ជាមួយក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាផងដែរ ។

លោកខន គង្គាអគ្គនាយកក្រុមហ៊ុន ERA Cambodia ដែលជាក្រុមហ៊ុនលក់គម្រោងខុនដូMesong បានឱ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១០ មិនានេះថា អគារមេសុងជាអគារ ដែលខ្ពស់ជាងគេនៅកម្ពុជា មានកំពស់រហូតដល់ជាង៧០ជាន់ឯណោះ។ ការវិនិយោគលើអគារខ្ពស់បែបនេះ នឹងនាំមកនូវបច្ចេកវិទ្យា កាន់តែទំនើបមកកាន់ប្រទេសកម្ពុជា ទៅលើការសាងសង់អគារខ្ពស់ បច្ចេកវិទ្យាដែលបំពាក់នៅក្នុងអគារ ក៏សុទ្ធសឹងតែជាបច្ចេកវិទ្យាទំនើបៗ។

លោកបន្តថា “អ្នកទិញខុនដូប្រណីត នៅក្នុងគម្រោងអគារនេះ មានទាំងជនជាតិខ្មែរ និងបរទេស ជាពិសេសវិនិយោគិនមកពីហុងកុង និងប្រទេសជាច្រើនទៀតក្នុងតំបន់”។ លោកបន្តថា “អគារនេះក៏នឹងនាំមកនូវអ្នកវិនិយោគកាន់តែច្រើន បន្ថែមទៀតមកកាន់កម្ពុជាលើទីផ្សារខុនដូ”។

លោកខន គង្គាបានឱ្យដឹងទៀតថា ផ្នត់គំនិតរបស់ប្រជាជនកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែមានការផ្លាស់ប្តូរបន្តបន្ទាប់ ដោយកាលពីមុនពួកគាត់ស្នាក់តែផ្ទះជាន់ផ្ទាល់ដី ហើយមិនសូវចាប់អារម្មណ៍លើខុនដូប៉ុន្មានទេ តែមកដល់ពេលនេះ ប្រជាជនកម្ពុជាកាន់តែច្រើន បានងាកទៅរកការស្នាក់នៅអគារសហកម្មសិទ្ធិដែលមានខុនដូ និងអាផាត់មិន។

ជាបទពិសោធន៍ប្រទេសជិតខាងរបស់កម្ពុជា ក៏ដូចជា  ក្នុងពេលខុនដូអភិវឌ្ឍន៍ដំបូងៗ អ្នកដែលស្នាក់នៅក្នុងខុនដូ គឺជាជនបរទេសតែយូរៗទៅអ្នកស្នាក់នៅក្នុងខុនដូ គឺជាអ្នកក្នុងស្រុកជំនួសវិញ។

បើតាមតំណាង ក្រុមហ៊ុនអភិវឌ្ឍអគារមេសុង បានឱ្យដឹងថា គម្រោងអគារនេះបានបុកគ្រឹះ និងសង់ជាន់ក្រោមដីរួចហើយ និងកំពុងចាប់ផ្ដើមឡើងជាន់ជាបណ្ដើរៗ ។ នៅពេលសំណង់អគារ បានចាប់ផ្ដើមឡើងជាន់ ការសាងសង់មានសកម្មភាពលឿន ហើយវាគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ ឬអាចដើមឆ្នាំ២០២៤។ នៅពេលនោះ អគារនេះនឹងក្លាយជាអគារ ខ្ពស់ជាងគេកណ្ដាលក្រុងភ្នំពេញ ជាពិសេសនឹងលើកកំពស់សោភណភាពរាជធានីភ្នំពេញ បានមួយកម្រិតទៀតផង៕

នាយករដ្ឋមន្ត្រីជប៉ុននឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានៅ ចុងខែមិនានេះ

ដោយៈ សុផារី

ភ្នំពេញៈ លោកFumio Kishida នាយករដ្ឋមន្ត្រីជប៉ុន នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២០និង២១ ខែមីនា ឆ្នាំ២០២២។នេះបើតាមសារព័ត៌មានក្នុងស្រុក Japan Times ដែលបានចេញផ្សាយនៅថ្ងៃនេះ។

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ធ្វើឡើងតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីពេលថ្មីៗកន្លងមក។

ប្រភពដដែលបានឱ្យដឹងថា ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន លោក ហ្វូមីអូ គីស៊ីដា នឹងស្នើសុំការគាំទ្រ ពីសំណាក់បណ្តាប្រទេសអាស៊ីអាគ្នេយ៍ លើបញ្ហាអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ប្រទេសអ៊ុយក្រែន។

យ៉ាងណាក្តី រហូតមកដល់ពេលនេះ ទាំងស្ថានទូតជប៉ុន និងក្រសួងការបរទេសកម្ពុជា នៅមិនទាន់មានការជូនព័ត៌មាន នៃកម្មវិធីលំអិតនៃដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងប្រទេសកម្ពុជានៅឡើយទេ។

ដំណើរទស្សនកិច្ចរបស់លោក ហ្វូមីអូ គីស៊ីដា នៅកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការអបអរសាទរខួប៣០ឆ្នាំ ដែលជប៉ុនបានបញ្ជូនកងកម្លាំងស្វយ័ការពារមកកាន់កម្ពុជា ហើយក៏ជាការអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ជប៉ុនផងដែរ ព្រមទាំងរួមចំណែកធ្វើឱ្យទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែល្អប្រសើរថែមមួយកម្រិតទៀត៕