សម្ដេចតេជោផ្តល់ទស្សនទានរូបមន្ត១បូក ក្នុងការទ្រទ្រង់សេដ្ឋកិច្ចនិងវិនិយោគពេលប្រទេសជួបវិបត្តិ

ដោយៈ ម៉ាលីស

ភ្នំពេញ: សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានផ្ដល់ទស្សនៈជូន លោក Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) ថា រូបមន្ត១បូក ឬការវិនិយោគមិនប្រមូលផ្ដុំ ក្នុងការដោះស្រាយនៅពេលដែលប្រទេសមួយជួបនូវវិបត្តិ។

រូបមន្ត១បូក គឺជាការវិនិយោគមិនប្រមូលផ្ដុំ មានន័យថាការវិនិយោគនៅប្រទេសមួយហើយ គប្បីណាវិនិយោគនៅប្រទេសជាប់នោះមួយទៀត ដើម្បីដោះស្រាយនៅពេលដែលប្រទេសមួយជួបនូវវិបត្តិ។

ជាក់ស្តែង បញ្ហាជំងឺកូវីដ១៩ រីករាលដាលជាដើម ប្រទេសមួយទៀតអាចបំពេញនូវតម្រូវការ ប្រទេសមួយទៀត ដើម្បីរក្សានូវស្ថិរភាព ការផ្គត់ផ្គង់ទំនិញ ក៏ដូចជាការទាញចំណាប់អារម្មណ៍ទៅលើការវិនិយោគ លើវិស័យ ឌីជីថល ដែលកន្លងមកនេះវិស័យឌីជីថល មិនត្រឹមតែមិនមានការប៉ះពាល់ជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩ទេ ផ្ទុយទៅវិញវិស័យនេះបាននឹងកំពុងតែវិវត្តន៍ រីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

ទស្សនទាននេះ ត្រូវបានផ្តល់ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Joo Ok Lee ប្រធានកម្មវិធីតំបន់ ប្រចាំអាស៊ីប៉ាស៊ីហ្វិក និងជាសមាជិកគណៈកម្មការប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

លោក Joo Ok Lee បានមានប្រសាសន៍ថា លោកបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំ២០១៧ ហើយនៅពេលនេះ ឃើញថាប្រទេ​សកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំង ទោះបីស្ថិតនៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលនេះក៏ដោយ។

លោកបញ្ជាក់ថា ប្រសិនបើគ្មានការរីករាលដាល នៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជាពិតជាមានការអភិវឌ្ឍរីកចម្រើនជាងនេះទៅទៀត។

លោក Joo Ok Lee បានគោរពជម្រាបជូនសម្តេចតេជោ អំពីដំណើរការរៀបចំ កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលនឹងប្រព្រឹត្តទៅនៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ហើយឯកឧត្តមនឹងទទួលទស្សនៈ ក៏ដូចជាអនុសាសន៍ល្អៗ ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ទាក់ទងទៅនឹងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងនាមសម្ដេចតេជោជាប្រធានអាស៊ាន។

ឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយ លោក Joo Ok Lee ដែលលើកឡើងថា ប្រសិនបើគ្មានការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ជាសកលនោះទេ កម្ពុជានឹងមានការរីកចម្រើនជាងនេះ ជាមួយនឹងការកាត់បន្ថយភាពក្រីក្រ កាន់តែច្រើនបន្ថែមទៀត ។

ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោក Joo Ok Lee ផងដែរថា កម្ពុជាបានចាក់ស្រោចវ៉ាក់សាំកូវី១៩ ទៅដល់ប្រជាពលរដ្ឋកម្ពុជា ហើយក៏បានបើកប្រទេសជាតិឡើងវិញ កាលពីថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានការកើនឡើង ប្រមាណ៥,៦% សម្រា​ប់ឆ្នាំ២០២២ នេះ។

ក្នុងនាមជាប្រធានអាស៊ាន សម្ដេចតេជោ បានមានប្រសាសន៍ថា អ្វីដែលសម្ដេចចង់បាន គឺអាស៊ានសហការគ្នាបើកប្រទេសឡើងវិញ ព្រមគ្នា ជំរុញទំនាក់ពាណិជ្ជកម្មក្នុងតំបន់ និងបំពេញឲ្យគ្នាទៅវិញទៅមក ជាពិសេ​សនៅពេលដែលទាំងអស់គ្នា រស់នៅក្នុងបរិបទថ្មីនៃសម័យកូវីដ១៩ នោះ៕

ថ្លៃឈ្នួលផ្ទះនៅសិង្ហបុរី ហក់ឡើងខ្ពស់មិនធ្លាប់មាននៅដើមឆ្នាំ២០២២

ដោយ: សុខុម

សិង្ហបុរី: ថ្លៃឈ្នួលផ្ទះបានហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងពេល៧ឆ្នាំមកនេះនៅសិង្ហបុរី ដែលស្ថិតក្នុងចំណោមទីក្រុងមានថ្លៃចំណាយជីវភាពខ្ពស់បំផុតរបស់ពិភពលោក ទាំងដែលចំនួនប្រជាជនក្នុងប្រទេសនេះបានធ្លាក់ចុះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះក្ដី។

សារព័ត៌មាន Bangkok Post បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣ មីនា នេះថា យោងតាមទិន្នន័យរបស់រដ្ឋាភិបាលសិង្ហបុរី បង្ហាញថា សន្ទស្សន៍ថ្លៃឈ្នួលផ្ទះឯកជនបានហក់ឡើងដល់១១៤,២ពិន្ទុក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ស្មើនឹង៩,៩%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ ការហក់ឡើងខ្ពស់នេះគឺដោយសារតម្រូវការលើសការផ្គត់ផ្គង់ដែលបានទទួលរងផលប៉ះពាល់ដោយការពន្យារពេលសាងសង់ព្រោះតែវិធានការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។

ស្ត្រីជនជាតិអាមេរិក ឈ្មោះ Aimee Yager ដែលកំពុងស្វែងរកជួលផ្ទះនៅសិង្ហបុរី ច្រើនសប្ដាហ៍មកហើយសម្រាប់គ្រួសារគាត់ដែលមានសមាជិក៤នាក់និយាយថា “ទាល់តែខ្ញុំត្រូវឆ្នោតទើបមានលុយជួលផ្ទះ។ វាថ្លៃណាស់ ពួកយើងគ្មានលទ្ធភាពជួលទេ”។

អ្នកផ្សេងៗទៀតមិនថាពលរដ្ឋសិង្ហបុរី មិនថាជនបរទេសក៏បានត្អូញត្អែរមិនខុសពីអ្នកស្រី Aimee Yager ដែរ។

កង្វះកម្មករ និងសម្ភារៈសំណង់ដោយសារវិបត្តិកូវីដ-១៩ បានធ្វើឱ្យការសាងសង់ខុនដូឯកជន និងអាផាតម៉ិនសាធារណៈប្រភេទ HDB ត្រូវពន្យារពេល។ ទន្ទឹមនឹងនេះ តម្រូវការជួលកំពុងកើនឡើងដែលក្រុមអ្នកវិភាគមើលឃើញថាបណ្ដាលមកពីកត្តារួមផ្សំជាច្រើន។

ប្រជាជនសិង្ហបុរី មួយចំនួនជួលនៅបណ្ដោះអាសន្នដោយសារពួកគេរង់ចាំអាផាតម៉ិនរបស់ពួកគេសាងសង់រួចរាល់ ខណៈអចលនទ្រព្យហក់ឡើងថ្លៃខ្ពស់បានជំរុញឱ្យម្ចាស់ផ្ទះមួយចំនួនលក់ផ្ទះរបស់ខ្លួនចេញបានចំណេញ និងមានកត្តារួមផ្សំជាច្រើនទៀត។

ទីផ្សារអចលនទ្រព្យដែលកំពុងហក់ឡើងថ្លៃ កំពុងធ្វើឱ្យថ្លៃចំណាយជីវភាពកាន់តែខ្ពស់នៅសិង្ហបុរី ដែលត្រូវស្ថាប័នស្រាវជ្រាវ និងវិភាគ Economist Intelligence Unit ដាក់ចំណាត់ថ្នាក់ជាទីក្រុងដែលមានថ្លៃចំណាយជីវភាពខ្ពស់បំផុទី២ ក្នុងពិភពលោករួមជាមួយក្រុងប៉ារីស។

អតិផរណាក៏បានហក់ឡើងខ្ពស់មិនធ្លាប់មានដែរនៅឆ្នាំនេះ ខណៈតម្លៃប្រេង និងអគ្គិសនីត្រូវបានព្យាករថានឹងហក់ឡើងបន្ថែមទៀត៕

អ្នកជំនាញរំពឹងថា ផ្នែកខ្លះនៃខេត្តកំពង់ចាមនឹងក្លាយជាតំបន់អភិវឌ្ឍន៍សក្ដានុពលថ្មី

ដោយ: វឌ្ឍនៈ

ភ្នំពេញ ៖ ការរីកចម្រើននៃទីក្រុងភ្នំពេញបានរាលដាលកាន់តែខ្លាំងទៅកាន់តំបន់នៃបណ្ដាខេត្តជាប់ៗ ដែលធ្វើឱ្យតំបន់ទាំងនោះទទួលបានការចាប់អារម្មណ៍លើការវិនិយោគជាបន្តបន្ទាប់។ ក្នុងនោះដែរ ផ្នែកខ្លះនៃខេត្តកំពង់ចាមក៏កំពុងទទួលបានការអភិវឌ្ឍ និងក្លាយជាតំបន់អភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយផងដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រសាសន៍ថា ការរីកចម្រើននៃទីក្រុងភ្នំពេញបានជះឥទ្ធិពលដល់ការអភិវឌ្ឍតំបន់ជាប់ៗនឹងរាជធានីភ្នំពេញក្នុងនោះខេត្តកំពង់ចាម នឹងក្លាយជាតំបន់មួយដែលមានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនក្នុងការអភិវឌ្ឍ។

លោកបន្តថាក្រៅពីតំបន់នេះ ក៏មានតំបន់ជាច្រើនទៀត នៅជុំវិញរាជធានីភ្នំពេញនិងក្លាយជាតំបន់សក្ដានុពលនិងទទួលបានផលប្រយោជន៍ពីការពង្រីករាជធានីភ្នំពេញផងដែរ ដូចជាតំបន់នៃខេត្តកណ្ដាលតំបន់ខេត្តកំពង់ស្ពឺជាដើម។

លោក ច្រឹក សុខនីម បានមានប្រសាសន៍ផងដែរថា ការវិនិយោគលើវិស័យដីធ្លី នៅតែមានឱកាសនិងទទួលបានប្រាក់ចំណេញ ក៏ប៉ុន្តែអ្នកវិនិយោគក៏គួរតែចេះសំលឹងមើលពីទីតាំងសក្ដានុពលក្នុងការវិនិយោគផងដែរ។

លោកបានផ្ដល់ជាទស្សនថា តំបន់តាមបណ្ដាខេត្តគឺជាឱកាសនៃការទទួលបានប្រាក់ចំណេញពីការវិនិយោគដីធ្លី ហើយតំបន់នៅជិតៗរាជធានីភ្នំពេញនឹងមិនទទួលបានប្រាក់ចំណេញខ្ពស់ទេ បើសិនជាទិញដើម្បីទុកវិនិយោគលក់បន្ត តែដីនៅកណ្ដាលក្រុងគឺគេទិញដើម្បីអភិវឌ្ឍន៍ជាអគារខ្ពស់សង់បានច្រើនជានជាដើម ។

លោក វេង វីរៈ ប្រធានសាខានៃក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកំពង់ចាម បានឱ្យដឹងថា ថ្មីៗនេះ កំពង់ចាមហាក់ទទួលបានការចាប់អារម្មណ៍លើការវិនិយោគជាបន្តបន្ទាប់ ដោយមានគម្រោងវិនិយោគឧស្សាហកម្មរោងចក្រ នៅតាមបណ្ដោយផ្លូវលេខ៧ និងលេខ៦ ដែលការវិនិយោគនេះនឹងហុចផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងខេត្តនេះផ្ទាល់តែម្ដង។

លោកបន្តថា សម្រាប់ទីតាំងនៅជិតក្រុងកំពង់ចាមក៏ឃើញថាមានការចាប់អារម្មណ៍ និងមានការវិនិយោគលើលំនៅឋានមួយចំនួនផងដែរ ដែលធ្វើឱ្យតម្រូវការដីធ្លីនៅក្នុងខេត្តនេះកាន់តែមានកំណើនខ្ពស់ជាពិសេសនៅក្រោយពេលរដ្ឋាភិបាលកម្ពុជាប្រកាសពីការបើកប្រទេសឡើងវិញ ។

លោកស្រី ក្រី ម៉ាយ៉ាន តំណាង KW Cambodia ប្រចាំខេត្តនេះក៏បានលើកឡើងថា ទីតាំងភូមិសាស្ត្រខេត្តកំពង់ចាម ក៏ជាកត្តាមួយ ជំរុញឱ្យមានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគិនដីធ្លី។

អ្នកស្រីបន្តថា អ្នកដំណើរដែលត្រូវធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង មណ្ឌលគីរី រតនគីរីត សៀមរាប កំពង់ធំ ក្រចេះត្រូវឆ្លងកាត់ខេត្តកំពង់ចាម ដូច្នេះ គេអាចមើលឃើញពីឱកាសនៃការវិនិយោគនៅក្នុងខេត្តនេះមុនគេ៕

រដ្ឋាភិបាលចិនពិចារណាគាំទ្រគម្រោងកែលម្អផ្លូវជាតិសំខាន់ចំនួន៣បន្ថែមទៀត

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ គម្រោងកែលម្អផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ ពី DBST ទៅ AC ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំនេះ ក្រោមការគាំទ្រពីប្រទេសចិន។

ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ ៣ ភ្នំពេញ-កំពត ដែលផ្តល់មូលនិធិដោយប្រទេសចិន នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២នេះ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានមានប្រសាសន៍ថា រដ្ឋាភិបាលចិនកំពុងពិចារណា ក្នុងការគាំទ្រប្រទេសកម្ពុជា លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ និងស្ពាន។

លោក វ៉ាង វិនធាន បានគូសបញ្ជាក់ថា ប្រទេសចិននឹងបន្តផ្តល់ជំនួយដើម្បីជួសជុលបណ្តាញផ្លូវថ្នល់ទូទាំងប្រទេសកម្ពុជា តាមលទ្ធភាពដែលប្រទេសចិនអាចធ្វើបាន។
លោកបានបន្តថា “ផ្លូវជាតិលេខ៣១ ៣៣ និង៤១ ដែលរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់សង្ឃឹមថានឹងបើកការដ្ឋាននៅក្នុងឆ្នាំនេះ”។

ផ្លូវជាតិលេខ៤១ គឺជាផ្លូវដឹកជញ្ជូនផ្លូវគោកដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ៣ និងលេខ៤។ ទន្ទឹមនឹងនោះ ផ្លូវជាតិលេខ៣១ កំពុងតភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅកាន់ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈផ្លូវជាតិលេខ៣៣ ក៏ជាផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីទីរួមខេត្តកែប ទៅស្រុកកំពង់ត្រាចផងដែរ។

លោកបានមានប្រសាសន៍ថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ផ្លូវថ្នល់បែបនេះ គឺទាក់ទងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងសុខុមាលភាពប្រជាជនកម្ពុជា។
លោកបានបន្ថែមថា រដ្ឋាភិបាលចិនក៏កំពុងពិចារណាជួយជួសជុលផ្លូវមួយខ្សែរវាងខេត្តកំពត និង ខេត្តព្រះសីហនុផងដែរ។

មកដល់ពេលនេះ ចិនបានផ្តល់ថវិកាសាងសង់ផ្លូវរួចរាល់នៅកម្ពុជាមានចំនួន២៩ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ផ្លូវកំពុងសាងសង់ចំនួន ៣ខ្សែ ប្រវែង ៣៦៩គីឡូម៉ែត្រ សាងសង់ស្ពានរួចរាល់ចំនួន ៩ស្ពាន ប្រវែង៨៥៦៥ម៉ែត្រ។

ស្ពានកំពុងសាងសង់ មានចំនួន១ គឺស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ ប្រវែង៩៩៦ម៉ែត្រ តម្លៃ ៥៦លានដុល្លារ ហើយថវិកាដែលរដ្ឋាភិបាលចិនផ្តល់សម្រាប់សាងសង់ផ្លូវ និងស្ពាន មានចំនួនជិត ៣ពាន់លានដុល្លារអាមេរិក៕

រដ្ឋាភិបាលរឹតបន្តឹងលើការសាងសង់ និងរុះរើសំណង់ត្រូវមានលិខិត អនុញ្ញាតច្បាស់លាស់

ដោយ: ម៉ាលីស

ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ប្រកាសជូនដំណឹងដល់ប្រធានក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់នៅកម្ពុជា មិនអនុញ្ញាតឱ្យសាងសង់ ឬរុះរើសំណង់ ដែលមិនទាន់ទទួលបានលិខិតអនុ​ ញ្ញាតឡើយ។

យោងតាមសេចក្តីជូនដំណឹង ធ្វើឡើងនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ដោយក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ មិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការ សាងសង់ឬសំណង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីអាជ្ញាធរមន្ត្រីមានសមត្ថកិច្ចឡើយ។

ការមិនអនុញ្ញាត្តនេះ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្ដីពី ធ្លាគំលាត សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខមាលភាព របស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឲ្យមានវិវាទ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ នឹងចាត់មន្ត្រីអធិការកិច្ចសំណង់ ចុះត្រួតពិនិត្យបទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការដកហូតអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្មសាងសង់ និងដាក់ទណ្ឌកម្មផ្សេងៗទៀត ចំពោះក្រុមហ៊ុនឬក្រុមជាង ដូចជា ការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីស្រឹបអូស ស្នើរសុំសម្ភារៈបរិក្ខា និងឧបករណ៍ផ្សេងៗទៀត ការផ្តន្ទាទោសពិន័យជាប្រាក់ រឺដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុនឬក្រុមជាង ការដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្ដេញចេញពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសម្រេចសេចក្តីផ្ដន្ទាទោស និងការផ្សាយសេចក្តីសម្រេចផ្ដន្ទាទោសជាសាធារណៈ៕

៥សំណួរសំខាន់ៗឈ្វេងយល់ពីគោលដៅរបស់លោកវ្លាឌីមៀ ពូទីន!

  ដោយៈសហសេវិក

       ភ្នំពេញៈ ស្របពេលបុរសខ្លាំងគឺប្រធានាធិបតីវ្លាឌីមៀ ពូទីនកំពុងដឹកនាំការវាយលុកលើប្រទេសអ៊ុយ ក្រែនដែលមានទំនោរទៅកាន់លោកខាងលិច យើងសាកល្បងឈ្វេងយល់ពីបុរសខ្លាំងរូបនេះ។

១ សំណួរៈ តើហេតុអ្វីបានជារុស្ស៊ី ឈ្លានពានរដ្ឋGeorgia នៅឆ្នាំ២០០៨?

ចម្លើយៈ ព្រោះរដ្ឋនេះទទួលជំនួយពីសហរដ្ឋអាមេរិកប្រមាណ១ពាន់លានដុល្លារ និងចង់ចូលជាមួយសហភាពអឺរ៉ុប និងNATO ។

២ សំណួរៈ តើហេតុអ្វីបានជាប្រទេសអឺរ៉ុបខាងកើតបានចូលជាមួយសហភាពអឺរ៉ុប និងNATO រុស្ស៊ីមិនវាយប្រហារ?

ចម្លើយៈ ព្រោះពេលនោះរុស្ស៊ីកំពុងធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីដួលរលំសង្គ្រាមត្រជាក់។ ម្យ៉ាងទៀតនៅឆ្ងាយពីព្រំដែនរុស្ស៊ី។

៣.តើហេតុអ្វីបានជាប្រធានាធីបតីBelarus គាំទ្រលោកពូទីន ឈ្លានពាន Ukraine?

ចម្លើយៈ ព្រោះប្រធានាធិបតីរូបនេះ ជាអតីតកងទ័ពរុស្ស៊ីនិងជាមនុស្សជំនិតរបស់លោកពូទីន ដែលរុស្ស៊ីគាំទ្រឱ្យធ្វើប្រធានាធិបតី Belarus តាំងពីឆ្នាំ១៩៩៤មក។ បច្ចុប្បន្ន លោក Lukashenko ជាមេដឹកនាំផ្តាច់ការនៅ Belarus បានបាញ់សម្លាប់ ចាប់អ្នកនយោបាយគណបក្សប្រឆាំងដែលមានប្រជាប្រិយភាពដាក់គុកចំនួន៣៥.០០០នាក់។

៤.តើហេតុអ្វីបានដឹងពីផែនការរបស់លោក ពូទីន?

ចម្លើយៈ ព្រោះនៅថ្ងៃទី២៨ ខែកម្ភៈ បានបែកធ្លាយការសម្ងាត់របស់លោកពូទីន ចង់វាយយកប្រទេសUkraine មកដាក់ក្រោមចំណុះរបស់ខ្លួនវិញ ប៉ុន្តែព័ត៌មានត្រូវបានភ្នាក់ងាររុស្ស៊ីលុបចេញវិញភ្លាមៗដែរ។

៥.តើហេតុអ្វីបានជាពូទីន ចង់យករដ្ឋទាំងនោះមកដាក់ក្រោមចំណុះរបស់ខ្លួន?

ចម្លើយៈ ព្រោះការដួលរលំសហភាពសូវៀតនៅឆ្នាំ១៩៨៩ គឺជាការបាត់បង់យ៉ាងធំធេងរបស់រុស្ស៊ី ដែលមានរដ្ឋក្រោមចំណុះប្រមាណជា១៥រដ្ឋ បានប្រកាសឯករាជ្យពីសហភាពសូវៀត។

ដោយលោកអ៉ិន សុផលៈទីក្រុងឡុងដ៍ ០៣ មីនា ២០២២៕

សក្ដានុពលនិងតម្លៃដីធ្លីអរិយក្សត្រនឹងមានសន្ទុះមួយកម្រិតទៀតក្រោយដឹងពីទីតាំងស្ពានតភ្ជាប់ពីភ្នំពេញត្រូវបានបង្ហាញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ស្ពានឆ្លងទន្លេពីភ្នំពេញទៅកាន់តំបន់អរិយក្សត្រ ត្រូវបានជ្រើសរើសទីតាំងរួចជាស្រេច សម្រាប់ត្រៀមរៀបចំដំណើរការសាងសង់ដែ​លចំណុចតភ្ជាប់គឺពីចំណុចផ្សារចាស់ ( ផ្សាររាត្រី) ឆ្ពោះទៅកាន់តំបន់អរិយក្សត្រផ្ទាល់តែម្ដង ។

ព័ត៌មានជុំវិញចំណុចតភ្ជាប់នេះ នឹងធ្វើឱ្យសក្ដានុពល និងតម្លៃដីធ្លីនៅក្នុងតំបន់អរិយក្សត្រនឹងហក់ឡើងមួយកម្រិតទៀត។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងនាព្រឹកថ្ងៃទី៣ មិនានេះថា អរិយក្សត្រជាតំបន់ដែលមិនឆ្ងាយពីភ្នំពេញប៉ុន្មាននោះទេ គឺវាបាំងតែទន្លេមួយប៉ុណ្ណោះ គ្រាន់តែការឆ្លងកាត់មកភ្នំពេញ និងពីភ្នំពេញ ទៅអរិយក្សត្រត្រូវឆ្លងកាត់ ដោយធ្វើដំណើរតាមសាឡាង។

អ្នកស្រីបន្តថា “ដូច្នេះបើសិនជាតំបន់ទាំងពីរ មានស្ពានតភ្ជាប់ត្រង់ នឹងធ្វើឱ្យតំបន់ទាំងពីរកាន់តែខិតជិតគ្នា ហើយនឹងភ្ជាប់តំបន់ទាំងនេះតែមួយ”។លោកស្រីបន្តថា “មិនយូរមិនឆាប់នៅតំបន់អរិយក្សត្រ នឹងមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធបន្ថែម ការអភិវឌ្ឍទៅលើលំនៅឋាន ក៏ដូចជាវិស័យដីធ្លីនៅតំបន់នោះផងដែរ ខណៈតំបន់នេះក៏ឃើញថាមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនក្នុងនិងក្រៅប្រទេស”។

តម្លៃដីធ្លី នៅតំបន់អរិយក្សត្រ ត្រូវបានហក់ឡើងម្ដងរួចទៅហើយកាលពីអំឡុងមុនកូវីដ១៩ ដោយកាលនោះវិនិយោគិនចិន និងភ្នាក់ងារអចលនទ្រព្យក្នុងស្រុកជាច្រើន បានស្វែងរកដីនៅតំបន់នោះ ដើម្បីត្រៀមទុកវិនិយោគដោយរំពឹងពីការតភ្ជាប់ស្ពានភ្នំពេញ អរិយក្សត្រ ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Advance ក៏បានឱ្យដឹងថា តំបន់អរិយក្សត្រជាតំបន់មួយ ដែលមានសក្ដានុពលមួយនៅជិតរាជធានីភ្នំពេញ ហើយបើទោះបីជាតំបន់នេះ ស្ថិតនៅក្នុងខេត្តកណ្ដាលក៏ដោយក៏តំបន់នេះ មិនឆ្ងាយពីភ្នំពេញទេ ដូច្នេះបើសិនជាវាមានស្ពានឆ្លងពីភ្នំពេញ ដោយមិនបាច់ឆ្លងសាឡាង នោះតំបន់អរិយក្សត្រនឹងកាន់តែមានសន្ទុះទៅលើដីធ្លីនិងការអភិវឌ្ឍ ។

តំបន់អរិយក្សត្រ មានគម្រោងមួយចំនួនកំពុងត្រៀមរៀបចំ ក្នុងការអភិវឌ្ឍផងដែរ ដោយបានរៀបចំទីតាំងរួចហើយផងដែរ ហើយតំបន់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ នឹងទទួលបានផលប្រយោជន៍ជាច្រើន ពីការអភិវឌ្ឍនៅក្នុងតំបន់អរិយក្សត្រ ជាពិសេសពីការតភ្ជាប់ស្ពានភ្នំពេញ អរិយក្សត្រនេះ៕

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចាប់ផ្តើមស៊ើបអង្កេតលើសកម្មភាពឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនហើយ

ដោយៈសុខុម

មូស្គូ: លោក Karim Khan រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលលំអៀងទៅរកលោកខាងលិចបានប្រកាសថា តុលាការអន្តរជាតិមួយនេះបានចាប់ផ្តើមស៊ើបអង្កេត លើសកម្មភាពឈ្លានពានរបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែនហើយ។ នេះបើយោងតាមសារព័ត៌មាន The Edge Markets ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៣ មីនា នេះ។

សារព័ត៌មាន Sputnik បានចុះផ្សាយថា លោក Karim Khan បានចេញសេចក្តីថ្លែងការណ៍ថា “ខ្ញុំបានជូនដំណឹងទៅប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅមុននេះបន្តិច អំពីការសម្រេចចិត្តរបស់ខ្ញុំ ដើម្បីបន្តការស៊ើបអង្កេតយ៉ាងសកម្មលើស្ថានភាពនេះ។ ការងាររបស់យើងនៅក្នុងការប្រមូលភ័ស្តុតាងឥឡូវនេះបានចាប់ផ្តើមហើយ”។

រដ្ឋអាជ្ញារូបនេះបានលើកឡើងបន្ថែមទៀតថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នឹងផ្តោតលើគោលបំណងសំខាន់ៗរបស់ស្ថាប័ននោះ គឺការធានាបាននូវការទទួលខុសត្រូវ ចំពោះឧក្រិដ្ឋកម្មដែលស្ថិតនៅក្រោមយុត្តាធិការរបស់តុលាការ។

កាលពីសប្តាហ៍មុន ប្រទេសរុស្ស៊ី បានចាប់ផ្តើមបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន បន្ទាប់ពីអះអាងថា សាធារណរដ្ឋ Donetsk និងសាធារណរដ្ឋ Luhansk ដែលទើបបំបែកខ្លួនចេញពីអ៊យក្រែន បានស្នើសុំជំនួយពីរុស្ស៊ី ដើម្បីការពារខ្លួនពីការវាយប្រហារ ដែលកំពុងបន្តពីសំណាក់កងទ័ពអ៊ុយក្រែន។

បណ្តាប្រទេសលោកខាងលិច បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការឈ្លានពានដោយយោធារុស្ស៊ី ចូលក្នុងប្រទេសអ៊ុយក្រែន ហើយបានបង្កើនការដាក់ទណ្ឌកម្មធ្ងន់ៗ ជាបន្តបន្ទាប់លើក្រុងម៉ូស្គូ៕  The Edge Markets៕

តើសេដ្ឋកិច្ចរុស្ស៊ី នឹងអាចដួលរលំទេ ហើយប្រទេសនេះងាកទៅខាងណាដើម្បីសេដ្ឋកិច្ចរបស់ខ្លួន?

ដោយ សុខុម

ក្រុងឡុងដ៍: លោកខាងលិចបានដាក់ទណ្ឌកម្មធ្ងន់ៗជាបន្តបន្ទាប់ទៅលើប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់ប្រទេសនេះចូលអ៊ុយក្រែន។ ហើយការដាក់ទណ្ឌកម្មជុំចុងក្រោយធ្វើឡើងដើម្បីបង្កឱ្យមានវិបត្តិធនាគារ ផ្ដួលការការពារផ្នែកហិរញ្ញវត្ថុរបស់ក្រុងមូស្គូ និងរុញច្រានសេដ្ឋកិច្ចរុស្ស៊ី ឱ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចយ៉ាងជ្រៅ។

ក្រុមអ្នកវិភាគបានលើកឡើងថា ក្នុងប្រវត្តិសាស្ត្រគេមិនធ្លាប់ឃើញប្រទេសរុស្ស៊ី ទទួលរងការដាក់ទណ្ឌកម្មច្រើន និងធ្ងន់ធ្ងរដូចពេលនេះឡើយ។ អ្នកវិភាគនិយាយទៀតថា មានហានិភ័យខ្ពស់ដែលប្រទេសរុស្ស៊ី អាចប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុ ដែលកំពុងរុញច្រានឱ្យធនាគារធំៗបំផុតរបស់ខ្លួនស្ថិតលើមាត់ជ្រោះមរណៈ ពោលគឺការដួលរលំ។

ក្រុមមន្ត្រីលោកខាងលិចបានចាត់ទុកយុទ្ធនាការដាក់ទណ្ឌកម្មរបស់ពួកគេថាជាសង្រ្គាមសេដ្ឋកិច្ច ដែលធ្វើឡើងក្នុងបំណងដាក់ទណ្ឌកម្មប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយរុញច្រានប្រទេសរុស្ស៊ី ឱ្យដួលរលំ បើទោះបីជាការដាក់ទណ្ឌកម្មនានាអាចនឹងត្រូវការពាររាប់ឆ្នាំទម្រាំបំផ្លាញការការពារសេដ្ឋកិច្ចរបស់រុស្ស៊ី បានយ៉ាងណាក៏ដោយ។

លោក Bruno Le Maire រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបារាំង បានប្រាប់បណ្តាញព័ត៌មានក្នុងស្រុកកាលពីថ្ងៃអង្គារ ទី០១ មីនា ថា “យើងនឹងធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី ដួលរលំ”។

ទោះជាយ៉ាងណា ដោយសាររុស្ស៊ី ជាប្រទេសផ្គត់ផ្គង់ថាមពលពិភពលោក ការធ្វើឱ្យសេដ្ឋកិច្ចរុស្ស៊ី ដួលរលំគឺមិនងាយស្រួលឡើយ។

ទិន្នន័យបង្ហាញថា ជិត៤០%នៃឧស្ម័នធម្មជាតិ និង២៥%នៃប្រេងដែលអឺរ៉ុប ប្រើប្រាស់ គឺទទួលបានការផ្គត់ផ្គង់ពីប្រទេសរុស្ស៊ី ហើយការរាំងស្ទះណាមួយចំពោះការនាំចេញទាំងនោះនឹងធ្វើឱ្យតម្លៃប្រេង និងឧស្ម័នទូទាំងពិភពលោកហក់ឡើងកាន់តែខ្ពស់។

* តើប្រទេសរុស្ស៊ី ងាកទៅខាងណាដើម្បីសេដ្ឋកិច្ចរបស់ខ្លួន?

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃទី០១ មីនា ឱ្យដឹងថា ប្រទេសចិន និងរុស្សី កាន់តែមានភាពស្និទ្ធស្នាលខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងជាដៃគូពាណិជ្ជកម្មផងដែរ ហើយទំនាក់ទំនងនាំមកនូវទាំងឱកាស និងហានិភ័យ នៅពេលរុស្ស៊ី កំពុងប្រឹងរើខ្លួនចេញពីទណ្ឌកម្មថ្មីៗ និងធ្ងន់ៗដែលដឹកនាំដោយលោកខាងលិចនៅក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ី ចូលប្រទេសអ៊ុយក្រែន។

ទិន្នន័យគយរបស់ប្រទេសចិន បង្ហាញថា ពាណិជ្ជកម្មសរុបរវាងប្រទេសចិន និងប្រទេសរុស្ស៊ី បានកើនឡើង៣៥,៩%កាលពីឆ្នាំមុន ដល់១៤៦,៩ពាន់លានដុល្លារអាមេរិក ដោយប្រទេសរុស្ស៊ី ជាប្រភពដ៏ធំនៃប្រេង ឧស្ម័ន ធ្យូងថ្ម និងទំនិញកសិកម្មផ្សេងៗសម្រាប់ប្រទេសចិន។

ដូចនេះសរបង្ហាញឱ្យឃើញថា ខណៈលោកខាងលិចសម្រុកបង្កើនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ខ្លួន ប្រទេសរុស្ស៊ី មានប្រទេសចិន ជាខ្នងបង្អែកសេដ្ឋកិច្ច ព្រោះជាដៃគូពាណិជ្ជកម្មយក្សដែលអាចជួយឱ្យសេដ្ឋកិច្ចរបស់ខ្លួនបន្តរស់រាន៕ CNN៕

កំណើនក្រុមហ៊ុននិងអាជីវកម្មថ្មីៗ ជំរុញឱ្យមានតម្រូវការការិយាល័យងើបឡើងវិញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុននិងអាជីវកម្មដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ បានចាប់ផ្ដើមដំណើរការឡើងវិញ និងក្រុមហ៊ុនខ្លះក៏បានបើកថ្មីក្រោយពីវិបត្តិបានស្ងប់ស្ងាត់។

ការបើកដំណើរការឡើងវិញ និងការបើកថ្មីៗ នៃក្រុមហ៊ុននៅក្នុងប្រ​ទេសកម្ពុជា ធ្វើឱ្យតម្រូវការការិយាល័យ ក៏មានសន្ទុះកើនឡើងវិញផងដែរជាពិសេសការិយាល័យកម្រិត B និង កម្រិត C។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការផ្គត់ផ្គង់ទៅលើការិយាល័យ នៅក្នុងឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់នឹងមានសក្ដានុពលខ្ពស់ ហើយទីផ្សារនឹងមានតម្រូវការខ្ពស់នៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ផងដែរ ជាពិសេសការិយាល័យកម្រិត B និង កម្រិត C ជាទីផ្សារដែលមានសក្ដានុពលខ្ពស់ ។

លោកបន្តថា កំណើនតម្រូវការការិយាល័យទាំងនេះ ដោយសារតែកំណើននៃក្រុមហ៊ុនថ្មីៗ និងក្រុមហ៊ុនដែលបានផ្អាកដំណើរការ និងបើកវិញក្នុងឆ្នាំ២០២២នេះ ។ ក្រុមហ៊ុនទើបតែបើកថ្មីៗ បានស្វះស្វែងរកការិយាល័​យដែលមានស្តង់ដារ តែស្ថិតនៅក្នុងតម្លៃមួយសមរម្យ ក្នុងនោះកម្រិត B និង កម្រិត C ជាប្រភេទដែលមានការពេញនិយមខ្ពស់ ខណៈកម្រិត A ជាប្រភេទការិយាល័យ ដែលមានតម្លៃខ្ពស់ និងសម្រាប់ក្រុមហ៊ុនអន្តរជាតិចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា ពីមុនក្រុមហ៊ុនមួយចំនួន បានប្រើប្រាស់ផ្ទះវីឡា ឬផ្ទះល្វែង សម្រាប់ជាការិយាល័យរបស់ពួកគេ ប៉ុន្តែមួយរយៈចុងក្រោយនេះ ពួកគេក៏បានផ្លាស់ប្តូរឥរិយាបថ ដោយបានជួលការិយាល័យ នៅតំបន់ពាណិជ្ជកម្មដូចជាអគារពាណិជ្ជកម្ម ដែលជាបណ្ដុំការិយាល័យ និងក្រុមហ៊ុនជាដើម។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមួយបានឱ្យដឹងថា ឆ្នាំ២០២២នេះ ម្ចាស់ទីតាំងអាជីវកម្មួមួយចំនួនបានទម្លាក់តម្លៃ នៃការជួលរបស់ខ្លួន ដើម្បីសម្រួលដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មក្រោយងើបពីវិបត្តិ ហើយបើសិនជាកាលណាម្ចាស់ទីតាំងជួលក្នុងតម្លៃខ្ពស់ ឬដូចនឹងមុនវិបត្តិគឺពិបាក ក្នុងការរកអ្នកមកជួល ដែលធ្វើឱ្យអគារមួយៗមិនមានអ្នកជួលនៅសល់ទំនេរច្រើន ។

អ្នកនាងបន្តថា សម្រាប់អ្នកជួលទីតាំងអាជីវកម្ម ក្នុងឆ្នាំ២០២២នេះ ក៏ភាគច្រើនជាអ្នកក្នុងស្រុកដែរ ខណៈបរទេសមិនទាន់រំពឹង ឬមិនទាន់ច្បាស់ថានឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគ ឬក៏មកបង្កើតក្រុមហ៊ុនថ្មីៗនៅឡើយ ស្របពេលមេរោគកូវីដ១៩បំប្លែងថ្មីកំពុងរាលដាល ទូទាំងសកលលោក៕