កំណើនក្រុមហ៊ុននិងអាជីវកម្មថ្មីៗ ជំរុញឱ្យមានតម្រូវការការិយាល័យងើបឡើងវិញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ក្នុងឆ្នាំ២០២២នេះ ក្រុមហ៊ុននិងអាជីវកម្មដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ១៩ បានចាប់ផ្ដើមដំណើរការឡើងវិញ និងក្រុមហ៊ុនខ្លះក៏បានបើកថ្មីក្រោយពីវិបត្តិបានស្ងប់ស្ងាត់។

ការបើកដំណើរការឡើងវិញ និងការបើកថ្មីៗ នៃក្រុមហ៊ុននៅក្នុងប្រ​ទេសកម្ពុជា ធ្វើឱ្យតម្រូវការការិយាល័យ ក៏មានសន្ទុះកើនឡើងវិញផងដែរជាពិសេសការិយាល័យកម្រិត B និង កម្រិត C។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចល​នវត្ថុកម្ពុជាបានមានប្រសាសន៍ថា ការផ្គត់ផ្គង់ទៅលើការិយាល័យ នៅក្នុងឆ្នាំ២០២២ និងឆ្នាំបន្តបន្ទាប់នឹងមានសក្ដានុពលខ្ពស់ ហើយទីផ្សារនឹងមានតម្រូវការខ្ពស់នៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ផងដែរ ជាពិសេសការិយាល័យកម្រិត B និង កម្រិត C ជាទីផ្សារដែលមានសក្ដានុពលខ្ពស់ ។

លោកបន្តថា កំណើនតម្រូវការការិយាល័យទាំងនេះ ដោយសារតែកំណើននៃក្រុមហ៊ុនថ្មីៗ និងក្រុមហ៊ុនដែលបានផ្អាកដំណើរការ និងបើកវិញក្នុងឆ្នាំ២០២២នេះ ។ ក្រុមហ៊ុនទើបតែបើកថ្មីៗ បានស្វះស្វែងរកការិយាល័​យដែលមានស្តង់ដារ តែស្ថិតនៅក្នុងតម្លៃមួយសមរម្យ ក្នុងនោះកម្រិត B និង កម្រិត C ជាប្រភេទដែលមានការពេញនិយមខ្ពស់ ខណៈកម្រិត A ជាប្រភេទការិយាល័យ ដែលមានតម្លៃខ្ពស់ និងសម្រាប់ក្រុមហ៊ុនអន្តរជាតិចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា ពីមុនក្រុមហ៊ុនមួយចំនួន បានប្រើប្រាស់ផ្ទះវីឡា ឬផ្ទះល្វែង សម្រាប់ជាការិយាល័យរបស់ពួកគេ ប៉ុន្តែមួយរយៈចុងក្រោយនេះ ពួកគេក៏បានផ្លាស់ប្តូរឥរិយាបថ ដោយបានជួលការិយាល័យ នៅតំបន់ពាណិជ្ជកម្មដូចជាអគារពាណិជ្ជកម្ម ដែលជាបណ្ដុំការិយាល័យ និងក្រុមហ៊ុនជាដើម។

អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមួយបានឱ្យដឹងថា ឆ្នាំ២០២២នេះ ម្ចាស់ទីតាំងអាជីវកម្មួមួយចំនួនបានទម្លាក់តម្លៃ នៃការជួលរបស់ខ្លួន ដើម្បីសម្រួលដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្មក្រោយងើបពីវិបត្តិ ហើយបើសិនជាកាលណាម្ចាស់ទីតាំងជួលក្នុងតម្លៃខ្ពស់ ឬដូចនឹងមុនវិបត្តិគឺពិបាក ក្នុងការរកអ្នកមកជួល ដែលធ្វើឱ្យអគារមួយៗមិនមានអ្នកជួលនៅសល់ទំនេរច្រើន ។

អ្នកនាងបន្តថា សម្រាប់អ្នកជួលទីតាំងអាជីវកម្ម ក្នុងឆ្នាំ២០២២នេះ ក៏ភាគច្រើនជាអ្នកក្នុងស្រុកដែរ ខណៈបរទេសមិនទាន់រំពឹង ឬមិនទាន់ច្បាស់ថានឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគ ឬក៏មកបង្កើតក្រុមហ៊ុនថ្មីៗនៅឡើយ ស្របពេលមេរោគកូវីដ១៩បំប្លែងថ្មីកំពុងរាលដាល ទូទាំងសកលលោក៕

រដ្ឋាភិបាលចិនបញ្ជាឱ្យបណ្ដាសហគ្រាសរដ្ឋពង្រឹងការគ្រប់គ្រងលើការវិនិយោគអចលនទ្រព្យ និងហិរញ្ញវត្ថុ

ដោយៈសុខុម

ប៉េកាំងៈ រដ្ឋាភិបាលចិន បានបញ្ជាឱ្យបណ្ដាសហគ្រាសរដ្ឋ ពង្រឹងការគ្រប់គ្រងរបស់ខ្លួន លើការវិនិយោគក្នុងវិស័យដូចជា អចលនទ្រព្យ ហិរញ្ញវត្ថុ ការច្របាច់អាជីវកម្មបញ្ចូលគ្នា និងការទិញយកអាជីវកម្ម នៅក្រៅប្រទេស គម្រោងក្នុងបណ្ដាប្រទេស និងតំបន់ដែលមានហានិភ័យខ្ពស់ជាដើម។

លោក Weng Jieming នាយករងនៅគណៈកម្មាធិការត្រួតពិនិត្យ និងគ្រប់គ្រងទ្រព្យសកម្មរដ្ឋ របស់រដ្ឋាភិបាលចិន បានលើកឡើងថា បណ្ដាសហគ្រាសរដ្ឋ ត្រូវតែគ្រប់គ្រងឱ្យបានតឹងរ៉ឹងនូវទិសដៅ និងទំហំនៃការវិនិ​យោគ ក្នុងអាជីវកម្ម ដែលមិនមែនជាអាជីវកម្មស្នូលរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃពុធ ទី០២ មីនា។

សារព័ត៌មានហិរញ្ញវត្ថុចិន Yicai បានដកស្រង់សម្តីលោក Weng Jieming ដែលបានលើកឡើង កាលពីថ្ងៃអង្គារ ទី១ មីនា ថា ការទទួលយកបំណុលលើសពីលទ្ធភាពសងរបស់ខ្លួន ដើម្បីយកប្រាក់ទៅវិនិយោគ ត្រូវបានហាមឃាត់ដាច់ខាត។

ប្រទេសចិន កំពុងធ្វើការរឹតបន្តឹងលើការវិនិយោគ ដែលមានហានិភ័យ ការជំពាក់បំណុល និងភាពកម្សោយនៃការគ្រប់គ្រង ក្នុងចំណោមបណ្ដាសហគ្រាសរដ្ឋ ហើយនេះគឺជាផ្នែកមួយ នៃការធ្វើកំណែទម្រង់ហិរញ្ញវត្ថុរយៈពេលវែង។

កាលពីខែមុន ស្ថាប័នប្រឆាំងអំពើពុករលួយ កំពូលរបស់ប្រទេសចិន បានរកឃើញបញ្ហាមិនប្រក្រតីជាច្រើន ដូចជា ការត្រួតពិនិត្យហិរញ្ញវត្ថុមិនបានគ្រប់ជ្រុងជ្រោយជាដើម បន្ទាប់ពីធ្វើការស៊ើបអង្កេតជាច្រើនខែ លើស្ថាប័នចំនួន២៥ រួមទាំងផ្សារភាគហ៊ុន និងស្ថាប័នផ្តល់ឥណទានពាណិជ្ជកម្មផងដែរ។

លោក Weng Jieming ព្រមានថា បណ្ដាសហគ្រាសរដ្ឋ មិនត្រូវវិនិយោគទាំងងងឹតងងុល នៅក្នុងវិស័យដែលខ្លួនឯង មានមូលដ្ឋានទន់ខ្សោយ ឬ ខ្វះសមត្ថភាពប្រកួតប្រជែងនោះឡើយ៕ Reuters៕

តើហេតុការណ៍សំខាន់ៗអ្វីខ្លះបានកើតឡើងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន?

ដោយៈសុខុម

អន្តរជាតិ: យោធារុស្ស៊ី អះអាងថា ខ្លួនបានគ្រប់គ្រងទីក្រុងដ៏សំខាន់ជាយុទ្ធសាស្ត្រ Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និយាយថា កងទ័ពអាកាសរុស្ស៊ី បានចុះចតក្នុងទីក្រុងធំបំផុតទី២ Kharki របស់អ៊ុយក្រែន ហើយបានឈានដល់ការប៉ះទង្គិចគ្នាភ្លាមៗ។

ខាងក្រោមនេះ ជាព្រឹត្តិការណ៍សំខាន់ៗគិតត្រឹមថ្ងៃពុធ ទី២ ខែមីនា ជាថ្ងៃទី៧ នៃការចូលឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី ចូលប្រទេសអ៊ុយក្រែន៖

*ក្រុង Kherson
យោធារុស្ស៊ី អះអាងថាបានគ្រប់គ្រងទាំងស្រុងលើ Kherson ដែលជាទីក្រុងកំពង់ផែដ៏សំខាន់របស់អ៊ុយក្រែន នៅសមុទ្រខ្មៅ។ រូបភាពវីដេអូបង្ហាញពីកងកម្លាំង និងរថក្រោះរបស់រុស្ស៊ី នៅកណ្តាលទីក្រុងនេះ ចំពេលមានសេចក្ដីរាយការណ៍ អំពីការដំឡើងប៉ុស្តិ៍ត្រួតពិនិត្យជុំវិញទីក្រុងនេះ។

*ការប្រយុទ្ធគ្នាក្នុងទីក្រុង Kharkiv
ទាហានឆត្រយោងរុស្ស៊ី បានចុះចតនៅទីក្រុងទី២ របស់អ៊ុយក្រែន ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា។ ក្រុមមន្ត្រីអ៊ុយក្រែន និយាយថា មន្ទីរពេទ្យមួយត្រូវបានវាយប្រហារ ហើយបន្ទាយនៃសាលាហ្វឹកហាត់ បើកយន្តហោះមួយត្រូវបានឆេះ បន្ទាប់ពីការវាយឆ្មក់តាមអាកាស។

*ប្រធានាធិបតី ចូ បៃឌិន ហៅលោក ពូទីន ថាជាជនផ្តាច់ការ
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានហៅប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ថាជា “ជនផ្តាច់ការ” ក្នុងសុន្ទរកថាប្រចាំឆ្នាំរបស់លោកនៅសភាអាមេរិក ហើយបានប្រកាសហាមឃាត់ យន្តហោះរុស្ស៊ី មិនឱ្យប្រើប្រាស់ដែនអាកាសអាមេរិក។

*រុស្ស៊ី ជំរុញប្រជាជនក្នុងរដ្ឋធានីគៀវ ភៀសខ្លួនចេញ
ក្រសួងការពារជាតិរបស់រុស្ស៊ី បានជំរុញឱ្យប្រជាជន ក្នុងរដ្ឋធានីគៀវ ប្រញាប់ភៀសខ្លួនចេញ ហើយនិយាយថា ខ្លួននឹងបើការវាយប្រហារដោយមិនរើសមុខ ឱ្យតែតំបន់ណា ដែលប្រើប្រាស់ដោយកងទ័ពអ៊ុយក្រែន។

រុស្ស៊ី បានហៅការវាយប្រហាររបស់ខ្លួន លើប្រទេសអ៊ុយក្រែនថាជា “ប្រតិបត្តិការពិសេស” មិនមែនជាការឈ្លានពាន ដើម្បីដណ្ដើមទឹកដីនោះឡើយ។

*ជួរកងរថពាសដែក
មន្ត្រីអាមេរិកម្នាក់និយាយថា កងរថពាសដែកមួយជួរប្រវែងរាប់គីឡូម៉ែត្រ ដែលតម្រង់ចូលទៅកាន់រដ្ឋធានីគៀវ មិនបានរុលរុលទៅមុខទេក្នុងរយៈពេ២៤ម៉ោងកន្លងមកនេះ ដោយបានជាប់គាំងដោយបញ្ហាដឹកជញ្ជូ​ន កង្វះខាតប្រេងឥន្ធនៈ និងស្បៀងអាហារ ហើយប្រហែលជាផ្អាកដើម្បីវាយតម្លៃយុទ្ធសាស្ត្រឡើងវិញ។

*ជនស៊ីវិលរត់ភៀសខ្លួន
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិនិយា​យថា មនុស្សជាង៦៧៧.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ី ចូលឈ្លានពាន ហើយចំនួននេះ នឹងកើនឡើងយ៉ាងឆាប់រហ័ស។

*តុលាការ ICJ របស់អង្គការសហប្រជាជាតិ នឹងបើកសវនាការសង្គ្រាម
តុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់អង្គការសហប្រជាជាតិនិយា​យថា ខ្លួននឹងបើកសវនាការជាសាធារណៈនៅថ្ងៃទី៧ និងទី៨ ខែមីនា ខាងមុខនេះ ជុំវិញការចោទប្រកាន់របស់អ៊ុយក្រែន អំពី “អំពើប្រល័យពូជសាសន៍” ប្រព្រឹត្តដោយប្រទេសរុស្ស៊ី ខណៈមហាសន្និបាតអង្គការសហប្រជាជាតិនឹងត្រូវបោះឆ្នោតនៅថ្ងៃពុធ ទី២ មីនា នេះថា តើត្រូវបញ្ជាឱ្យរុស្ស៊ី ដកកងទ័ពរបស់ខ្លួនចេញ ពីប្រទេសអ៊ុយក្រែន ឬយ៉ាងណា។

*ក្រុមហ៊ុននានាសម្រុកចាកចេញពីប្រទេសរុស្ស៊ី
ក្រុមហ៊ុនលោកខាងលិចជាច្រើននិយាយថា ខ្លួននឹងផ្អាក ឬកាត់បន្ថ​យការធ្វើពាណិជ្ជកម្ម ជាមួយប្រទេសរុស្ស៊ី រួមទាំងក្រុមហ៊ុន Apple ក្រុមហ៊ុន Eni ក្រុមហ៊ុន ExxonMobil និងក្រុមហ៊ុន Boeing ផងដែរ។

*គម្រោងបំពង់បញ្ជូនឧស្ម័ន Nord Stream 2 ក្ស័យធន
គម្រោងបំពង់បញ្ជូនឧស្ម័ន Nord Stream 2 របស់រុស្ស៊ី បានក្ស័យធន បន្ទាប់ពីប្រទេសអាល្លឺម៉ង់ បញ្ឈប់ការដំណើរការបំពង់បង្ហូរឧស្ម័នដ៏ធំនេះ បន្ទាប់ពីការក្រុងមូស្គូ ចូលឈ្លានពានប្រទេសអ៊ុយក្រែន។ ក្រុមហ៊ុនបុត្រនៃធនាគាររុស្ស៊ី Sberbank នៅអឺរ៉ុប ក៏កំពុងត្រៀមក្ស័យធនផងដែរ។

*តម្លៃប្រេងហក់ឡើងខ្ពស់យ៉ាងគំហុក
តម្លៃប្រេងបានឡើងលើស១១០ដុល្លារអាមេរិក ក្នុងមួយបារ៉ែល បើទោះបីជាបណ្ដាសមាជិក នៃទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) យល់ព្រមព្រៀងបញ្ចេញស្តុកប្រេង រហូតដល់ទៅ៦០លានបារ៉ែល ដើម្បីទប់តម្លៃក៏ដោយ។

*បណ្តាញដឹកជញ្ជូនរបស់ពិភពលោកឈប់ដឹកទំនិញឱ្យរុស្ស៊ី
ក្រុមហ៊ុនដឹកជញ្ជូនយក្សរបស់ដាណឺម៉ាក Maersk ក្រុមហ៊ុនស្វីស MSC និងក្រុមហ៊ុនបារាំង CMA CGM បាននិយាយថា ពួកគេនឹងលែងទទួលយកការកក់ទំនិញ ពីប្រទេសរុស្ស៊ីទៀតហើយ ហើយនឹងផ្អាកការដឹកជញ្ជូនទំនិញភាគច្រើន។

*ជំនួយរបស់ធនាគារពិភពលោក
ធនាគារពិភពលោក (World Bank) បានត្រៀមកញ្ចប់ជំនួយចំនួន៣ពាន់លានដុល្លារអាមេរិក សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន រួមទាំង​មូលនិធិភ្លាមៗ យ៉ាងហោចណាស់៣៥០លានដុល្លារផងដែរ៕ Aljazeera៕

រដ្ឋាភិបាលតម្រូវឲ្យរាល់ការសាងសង់ឬរុះរើសំណង់នានាត្រូវមានការអនុញ្ញាតពីអាជ្ញាធរ

ដោយ: សុផារី

ភ្នំពេញ: ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានប្រកាសមិនអនុញ្ញាតឱ្យធ្វើការសាងសង់ ឬរុះរើសំណង់ទាំងឡាយណា ដែលមិនទាន់ទទួលបានការអនុញ្ញាត ពីអាជ្ញាធរឬមន្ត្រីមានសមត្ថកិច្ចឡើយ។

តាមរយៈលិខិតចុះផ្សាយថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មិនអនុញ្ញាតឱ្យធ្វើការចុះកិច្ចសន្យាម៉ៅការ សាងសង់ឬរុះរើសំណង់ ដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិ​តអនុញ្ញាត បើកការដ្ឋានសំណង់ពីអាជ្ញាធរ ឬមន្ត្រីមានសមត្ថកិច្ចឡើយ។

ក្រសួងចាត់ទុក សកម្មភាពទាំងនេះជាអំពើខុសច្បាប់ ព្រោះគម្រោងសាងសង់សំណង់នោះ មិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំសំណង់ដែលទទួលបានការយល់ព្រមពីអាជ្ញាធរ ឬមន្ដ្រីមានសមត្ថកិច្ច។ នេះអាចបង្កឱ្យ ប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាម្លាត សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គុណភាព សុវត្ថិភាពសំណង់ សោភណភាព ទ្រព្យសម្បត្តិ និងសុខុ​មាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងអាចបង្កឱ្យមានវិវាទ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាត់មន្ត្រីអធិការកិច្ចសំណង់ចុះត្រួតពិនិត្យ បទល្មើសតាមការដ្ឋានសំណង់ ដើម្បីចាត់វិធានការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម សាងសង់ និងការដាក់ទណ្ឌកម្មផ្សេងៗទៀត ចំពោះក្រុមហ៊ុនឬក្រុមជាងរបស់ក្រុមហ៊ុន។

ទណ្ឌកម្ម មានដូចជា ការកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីស្នើសុំការរឹបអូសសម្ភារៈ បរិក្ខារ និងឧបករណ៍ផ្សេងៗទៀត ការផ្តន្ទាទោសពិន័យជាប្រាក់ ការផ្តន្ទាទោសដាក់ពន្ធនាគារ ការរំលាយក្រុមហ៊ុនឬក្រុមជាងការដាក់ឱ្យ ស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដានរបស់តុលាការ ការហាមឃាត់ចំពោះការធ្វើសកម្មភាព ការបណ្ដេញ ចេញពីលទ្ធកម្មសាធារណៈ ការបិទផ្សាយសេចក្ដីសម្រេចផ្ដន្ទាទោស និងការផ្សាយសេចក្តីសម្រេចផ្តន្ទា ទោសជាសាធារណៈ៕

អ្នកទិញគំរោង The Palm តម្លៃ១០០លានដុល្លាររបស់អ្នកឧកញ៉ា សៀ រិទ្ធី សម្តែងការខកចិត្ត

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ រហូតមកទល់ពេលនេះ លំនៅដ្ឋានបានសាងសង់រួចស្ទើរអស់១០០ភាគរយហើយ ប៉ុន្តែអ្វីដែលអ្នកទិញគម្រោងនេះ មិនសប្បាយចិត្ត គឺការខកចិត្តមួយដ៏ធំ។

គំរោងដែលបានបោះទុនវិនិយោគតម្លៃ​ ១១០លាន​ដុល្លារ​អាមេរិក​បានប្រកាស​លក់​ជា​ផ្លូវការ​ តាំងពី​ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧កន្លងមកនេះ។

អ្នកទិញលំនៅដ្ឋានមួយរូប ដែលបាននិយាយឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សហភាគហ៊ុនិកគេហទំព័រ Propertyarea.asia ដឹងកាលពីសប្តាហ៍មុនថា លោកបានទិញផ្ទះនៅក្នុងគំរោងខាងលើនេះ ដោយផ្ទះរបស់លោកស្ថិតនៅជួរក្រោយគេ ជាប់ទន្លេធំ ជាទីតាំងដែលលោកអាចគយគន់ទិដ្ឋភាពដងទន្លេមេគង្គ និងប្រជុំទន្លេចតុមុខ។

លោកបន្តថា “ការទិញលំនៅដ្ឋាននេះ ដើមឡើយវាជាក្តីស្រម័័យមួយ ប៉ុន្តែពេលនេះវាជាការខកចិត្តមួយ ដោយសារទាំងតាំងផែ និងទូកជិះកំសាន្តត្រូវបានរួមតូច និងមិនអាចមើលឃើញអ្វីទាំងអស់ ពេលទីក្រុងកោះនរាសាងសង់សំណង់ផ្សេងៗរួច”។

លោកបាននិយាយឲ្យដឹងថា វាជាការខកចិត្តមួយធំណាស់់ សម្រាប់ខ្ញុំ ដែលនេះជាអ្វីដែលអ្នកឧកញ៉ា សៀ រិទ្ឋីបានធ្វើនិងសន្យាគឺស្មើសូន្យ ប៉ុន្តែរហូតមកទល់ពេលនេះ យើងពិបាកបន្ទោសគាត់ដែរ ដោយសារតែរាជរដ្ឋាភិបាលបានអនុញ្ញាត្តឲ្យក្រុមហ៊ុន OCIC សាងសង់ទីក្រុងកោះនរាឡើង។

ទោះជាយ៉ាងណាលោកបានហៅអ្នកឧកញ៉ាសៀ រិទ្ឋីជាមនុស្សអំណួត និងមិនក្តាប់ព៌តមានច្បាស់លាស់ មុនពេលគាត់ចាប់ផ្តើមគំរោងនេះ។

គម្រោង​បុរី​លំនៅដ្ឋាន The Palm ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ ចម្ងាយ​ប្រមាណ ៤គីឡូម៉ែត្រ ពី​គល់ស្ពាន​ព្រះមុនីវង្ស ដែល​ត​ភ្ជាប់​រហូតដល់​មាត់ទន្លេ ក្នុងភូមិ​ក្តី​តា​កុយ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង​ជា​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ប្រណីត​ប្លែក​ពី​គេ មិន​ធ្លាប់​មាននៅ​កម្ពុជា ដោយមាន​ការសហការ​ជាមួយ​ដៃគូ​វិនិយោគ​មកពី​ប្រទេស​សិង្ហ​បុរី។

យោងតាមសេចក្តីប្រកាសព៌តមានកន្លងមកបានឲ្យដឹងថា គម្រោង​នេះ​នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់ ជា​ផ្លូវការតាំងពី​ដើមឆ្នាំ២០១៨នេះហើយអាមេរិក។

អ្នក​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើ​ល​ប្រ៊ី​ដ គ្រុបជាម្ចាស់គម្រោងនេះ។

អ្នក​ឧកញ៉ា​ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា គម្រោង The Palm នេះ សាងសង់​នៅលើ​ផ្ទៃដី​ចំនួន៣,៧ហិកតា។
ការទាក់ទងសុំការបំភ្លឺពីអ្នកឧកញ៉ាសៀ រិទ្ឋីមិនទទួលបានជោគជ័យនោះទេ៕

ខណ្ឌសែនសុខក្លាយទីតាំងលក់រាយថ្មីមួយ នៅរាជធានីភ្នំពេញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខណ្ឌសែនសុខ បាននិងកំពុងក្លាយជាទីតាំងលក់រាយនៃទំនិញជាច្រើននៅក្នុងរាជធានីភ្នំពេញ ខណៈតំបន់មួយនេះ ក៏បាននិងកំពុងមានការអភិវឌ្ឍ លំនៅឋានតម្លៃខ្ពស់ៗដ៏មានសក្ដានុពល នៅក្នុងរាជធានីភ្នំពេញផងដែរ។

តំបន់មួយចំនួនក្នុងមូលដ្ឋាននេះ ត្រូវបានមើលឃើញថា មានការអភិវឌ្ឍលើផ្សារទំនើបធំៗជាច្រើន ដូចជាផ្សារទំនើបអ៊ីអន ផ្សារទំនើបគ្លូបលហៅស៍ ផ្សារទំនើបម៉ាក្រូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយចំនួនផងដែរ ។តំបន់នេះក៏មានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ ខ្វាត់ខ្វែងផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលធ្វើឱ្យវិនិយោគិនក្នុង និងក្រៅប្រទេសជាច្រើនបានសម្លឹងទៅលើតំបន់មួយនេះ ។

លោកបណ្ឌិតគីម ហ៊ាង វិនិយោគិនអចលនទ្រព្យមួយនៅក្នុងប្រទេសកម្ពុជាបានមានប្រសាសន៍កន្លងមកថា តំបន់ខណ្ឌសែនសុខ មានការប្រែប្រួលខ្លាំង នៅក្នុងរយៈចុងក្រោយនេះ ទាំងតម្លៃដីធ្លី និងការអភិវឌ្ឍអចលនទ្រព្យ។ កត្តាដែលជំរុញឱ្យតំបន់នេះ មានការអភិវឌ្ឍលឿនបែបនេះយើងឃើ​ញថា មានគម្រោងធំៗរបស់រដ្ឋជាច្រើន បានបោះទីតាំងនៅតំបន់នោះ ដូចជាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ធនាគារជាតិ និង គម្រោងផ្សារទំនើបធំៗជាច្រើន។

នៅក្នុងតំបន់នេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កាន់តែច្រើនផងដែរ ដែលជាការសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងវិនិយោគិនជាដើម ហើយតំបន់នេះ នឹងកាន់តែមានសក្ដានុពលបន្ថែមទៀតនៅពេលអនាគតខាងមុខនេះ ។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងផងដែរថា ទីតាំងមានមនុស្សរស់នៅច្រើន ទីនោះនឹងមានតម្រូវការប្រើប្រាស់សម្ភារៈនៅក្នុងផ្ទះ និងប្រើប្រាស់ផ្ទាល់ខ្លួន ដូច្នេះទើបមានការវិនិយោគទៅលើផ្សារទំនើប និងហាងលក់រាយ ជាក់ស្ដែងតាមបទពិសោធន៍នាពេលកន្លងមក ទីណាមានបណ្ដុំមនុស្សរស់នៅកាន់តែច្រើនទីតាំងលក់រាយក៏មានច្រើនដូចគ្នាដែរ៕

គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែបចំនួន៣គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣

ដោយៈ ម៉ាលីស

កែបៈ អភិបាលខេត្តកែប លោកបណ្ឌិតសោម ពិសិដ្ឋ បានលើកឡើងថា គម្រោងសាងសង់ហេដ្ឋារចនាសម្ពន័្ធខេត្តកែប ចំនួន៣គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣។

លោកបានបានលើកឡើងបែបនេះ នៅក្នុងពិធីក្រុងពលី បើកការដ្ឋានសាងសង់ផ្លូវ កៅស៊ូអាសេ ប្របមាត់សមុទ្រខេត្តកែប ប្រវែង១២គីឡូម៉ែត្រ ៧៥០ម៉ែត្រ ដែលពីធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកសំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោកបណ្ឌិតសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប ថ្ងៃទី១ មិនា ឆ្នាំ២០២២នេះ។

សម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ជំហានទី២ ដែលខេត្តកែបទទួលបានមានបីគម្រោង ដូចជា ទី១-គម្រោងសាងសង់ទីលានកប់សម្រាម ក្នុងនោះមានការកសាងហេដ្ឋារចនាសម្ព័ន្ធមួយ ផ្លូវបេតុប្រវែង ៣.៥គឺឡូម៉ែត្រ ទី២- គម្រោងសាងសង់ផ្លូវប្របមាត់សមុទ្រ ប្រវែងជាង១២គីឡូម៉ែត្រ និងទី៣ គម្រោងសាងសង់ ផែទេសចរណ៍នៅកោះទន្សាយ ដែលគ្រោងនិងបច្ចប់នៅឆ្នាំ២០២៣ខាងមុខ។

ចំណែកផ្លូវប្របមាត់សមុទ្រប្រវែងជាង១២គីឡូម៉ែត្រ គឺជាអនុគម្រោ​ងទី២ នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ខេត្តកែប សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ផ្លូវនេះតភ្ជាប់ពីចំណុច កំពង់ផែទេសចរណ៍កោះទន្សាយ ក្នុងក្រុងកែប ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១៣៣២ ស្ថិតនៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយសារស្ថានភាពភូមិសាស្ត្រ ការស្ថាបនាផ្លូវនេះ ត្រូវបានចែកចេញជា៤ផ្នែក គឺ
-ផ្នែកដំបូងចាប់ចំណុចផែកោះទន្សាយ K0+00 ដល់ K1+200ម ប្រវែង១២០០ម៉ែត ទទឹង៩ម៉ែត្រ គន្លងជិះកង់ទទឹង ២ម៉ែត្រផ្នែកខាងស្តាំ។

– ផ្នែកសំខាន់ចាប់ពី K1+200ម ដល់K9+500ម ប្រវែង៨៣០០ម៉ែត្រ ទទឹង១៥ម៉ែត្រ គន្លងជិះកង់ ២.៥ម៉ែត្រផ្នែកខាងស្តាំ។

-ផ្នែកទី៣ តភ្ជាប់ពីផ្លូវ លេខ១៣៣២ ពីK9+669ម ដល់ K11+620ម ប្រវែង ១០៩៩ម៉ែត្រ ទទឹង៩ម៉ែត្រ ចញ្ចើមផ្លូវ១.៥ម៉ែត្រសងខាង និងផ្នែកទី៤ ចាប់ពី K9+669ម ដល់ K10+00 ទទឹង ១៥ម៉ែត្រ ផ្នែកស្តាំ ២.៥ម៉ែត្រ សម្រាប់ជិះកង់ និងផ្នែកឆ្វេង ១.៥ម៉ែត្រសម្រាប់ថ្មើរជើង។ ដោយឡែកសម្រាប់សំណង់សិល្បៈការ្យរួមមាន ធ្វើលូប្រអប់១៣កន្លែប លូមូល ២៦កន្លែង សាងសង់ជញ្ជាំងថ្មទប់ដីប្រវែប១២០០ម៉ែត្រ បំពាក់បង្គោលភ្លើងLED ប្រើពន្លឺព្រះអាទិត្យ លើផ្លូវប្រវែង ៣៥០០ម៉ែត្រ។

លោកអភិបាលបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តកំពុង ធ្វើការពង្រីក និងកែលម្អឆ្នេរជ្រោយដូង មុខសាលាខេត្ត, សម្របសម្រួលការកសាងឆ្នេរកំសាន្តសាធារណៈប្រវែង២៧០០ម៉ែត្រ ចាប់ពីផ្សារក្តាម ដល់ព្រៃកោងកាង។

លោកវង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានគម្រោងហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ជំហានទី២ បានគូបញ្ជាក់ថា ផ្លូវនេះនិងបានជាសមិទ្ធផលថ្មីបន្ថែមទៀត សម្រាប់ខេត្តកែប ក្នុងការបំពេញសម្បទាទេសចរណ៍ ពិសេសនិងប្រែក្លាយតំបន់ទេស​ចរណ៍ឆ្នេរអង្កោលនេះ អោយកាន់តែមានសោភណភាព ងាយស្រួសដល់ការធ្វើដំណើររបស់ភ្ញៀវទសចរណ៍ជាតិ អន្តរជាតិ មកកាន់តំបន់នេះ៕

ទីភ្នាក់ងារថាមពលអន្តរជាតិព្រមានពីសន្តិសុខថាមពល ខណៈតម្លៃប្រេងឆៅហក់ឡើងលើស១១០ដុល្លារក្នុង១បារ៉ែល

ដោយៈសុខុម

អន្តរជាតិ: ពេលនេះតម្លៃប្រេងឆៅ លើទីផ្សារអន្តរជាតិបានបន្តហក់ឡើងរហូតលើស១១០ដុល្លារអាមេរិកទៅហើយ នៅមុនកិច្ចប្រជុំរបស់អង្គការប្រេង OPEC+ ស្របពេលទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) ព្រមានថា សន្តិសុខថាមពលពិភពលោក កំពុងស្ថិតក្រោមការគំរាមកំហែង បន្ទាប់ពីរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Edge Markets នៅថ្ងៃពុធ ទី០២ មីនា នេះឱ្យដឹងថា ការជួញដូរប្រេង ទាំងនៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស និងក្រុងញូវយ៉ក ក្នុងសហរដ្ឋអាមេរិក សុទ្ធតែបានហក់ឡើងជាង៥%។

នាយកប្រតិបត្តិ IEA លោក Fatih Birol បានប្រកាសកាលពីថ្ងៃអង្គារ ទី០១ មីនា ថា ស្ថានភាពនៅក្នុងទីផ្សារថាមពលនានា គឺធ្ងន់ធ្ងរណាស់ពេលនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចធំៗផ្សេងទៀតបានព្រមព្រៀងបញ្ចេញស្តុកប្រេង។

លោកបានលើកឡើងបន្ថែមទៀតថា បណ្ដាវិនិយោគិននឹងរង់ចាំមើលការឆ្លើយតបពីអង្គការប្រេង OPEC+ នៅពេលក្រុមនេះ ជួបប្រជុំនៅថ្ងៃពុធទី០២ មីនា នេះដើម្បីពិភាក្សាអំពីការផ្គត់ផ្គង់សម្រាប់ខែមេសា។

ទីផ្សារប្រេងពិភពលោក បានធ្វើការរឹតបន្តឹងរួចទៅហើយនៅមុនពេលប្រទេសរុស្ស៊ី ចូលឈ្លានពានប្រទេសអ៊ុយក្រែន បន្ទាប់ពីសេដ្ឋកិច្ចនានាបានស្ទុះងើបឡើងវិញយ៉ាងរឹងមាំពីវិបត្តិកូវីដ-១៩ ហើយការរាំងស្ទះដល់ការនាំចេញរបស់ប្រទេសរុស្ស៊ី ក៏អាចជំរុញឱ្យតម្លៃប្រេងឆៅ កាន់តែហក់ឡើងខ្ពស់ផងដែរ។

រដ្ឋាភិបាលនានានៅទូទាំងពិភពលោក កំពុងប្រឈមនឹងការកើនឡើងនូវសម្ពាធអតិផរណា ខណៈការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី បានជំរុញឱ្យតម្លៃថាមពល លោហៈ និងធញ្ញជាតិហក់ឡើងថ្លៃកាន់តែខ្ពស់។

កត្តានោះបានជំរុញឱ្យសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តបញ្ចេញស្តុកប្រេងជាយុទ្ធសាស្ត្រ រហូតដល់ទៅ៦០លានបារ៉ែល ដើម្បីទប់ការឡើងថ្លៃ ទោះបីជាវិធានការស្រដៀងគ្នា កាលពីចុងឆ្នាំ២០២១ មានប្រសិទ្ធភាពតិចតួចយ៉ាងណាក្ដី៕  The Edge Markets៕

សកម្មភាពវិនិយោគដីធ្លី ក្រោយវិបត្តិកូវីដ១៩មិនទាន់ប្រសើរ ឡើងនៅឡើយ

 ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេ​សបើកសេដ្ឋកិច្ចឡើងវិញកាលពីចុងឆ្នាំមុន សកម្មភាព នៃការធ្វើអាជីវកម្ម ការវិនិយោគដីធ្លី និងអភិវឌ្ឍន៍វិស័យផ្សេងទៀត ហាក់មានកំណើនបន្តិចឡើងវិញ តែបើធៀបនឹងអំឡុងពេលនៃមុនវិបត្តិកូវិដ១៩ គឺទើបតែបានតិចតួចប៉ុណ្ណោះ។

លោក វ៉ែន ឈុនហ៊ាត អ្នកអភិវឌ្ឍន៍និងភ្នាក់ងារដីធ្លីមួយរូបនៅកម្ពុជាបានឱ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២ មិនានេះថា រហូតមកដល់ពេលនេះស្ថានភាពនៃការវិនិយោគដីធ្លីនៅកម្ពុជា មិនទាន់ប្រសើរឡើងនៅឡើយទេ តែយើងក៏មិនអាចនិយាយថា វាគាំងរហូតដល់អត់មានដំណើរការសោះនោះទេ។

លោកបន្តថា បើធៀបនឹងមុនកូវីដ១៩ សកម្មភាពនៃការវិនិយោគដីធ្លីនៅកម្ពុជាគឺទើបតែទទួលបាន១០ ទៅ១៥ភាគរយប៉ុណ្ណោះ វាមិនមែនងើបខ្លាំងៗ ដូចអ្វីដែលអ្នកជំនាញ និងអ្នកធ្វើការនៅក្នុងវិស័យនេះ មួយចំនួននិយាយនោះទេ ។ សម្រាប់រូបលោក រហូតមកដល់ពេលនេះ គម្រោងដីមួយចំនួន ដែលលោកទទួលលក់គឺនៅគាំងនៅឡើយ មិនទាន់មានការសួរនាំពីវិនិយោគិនដីធ្លីនៅឡើយ ។

លោកឈុនហ៊ាតបានបន្តថា មិនយូរទេ សកម្មភាពដីធ្លីនៅកម្ពុជានឹងអាចប្រសើរឡើងវិញ ជាពិសេសនៅអំឡុងពាក់កណ្ដាលឆ្នាំ២០២២នេះ ឬចុងឆ្នាំនេះ ដោយរំពឹងពីការវិនិយោគមកពីក្រៅប្រទេស និងតម្រូវការនៃការប្រើប្រាស់ដីធ្លីនៅក្នុងវិស័យអចលនទ្រព្យ ។

ដោយឡែកលោកសុខ គែន អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ Kampot street Real Estate បានឱ្យដឹងផងដែរ សកម្មភាពអភិវឌ្ឍន៍ដីធ្លី នៅក្នុងខេត្តកំពត យើងមើលឃើញថាមានការកម្រើកច្រើនមែន ប៉ុន្តែបើយើងក្រលេកទៅមើល គម្រោងវិនិយោគដីធ្លីមួយចំនួន នៅក្នុងខេត្តនេះ ហាក់មិនដំណើរការទេ ។

លោកបន្តថា គម្រោងអភិវឌ្ឍន៍ដីធ្លី ដែលយើងមើលឃើញថាហាក់មិនសូវមានដំណើរការ គឺគម្រោងដីឡូត៏មិនថាដីឡូត៏លំហែ ឬដីឡូត៏លំនៅឋានឡើយ តែសម្រាប់ដីមិនទាន់អភិវឌ្ឍន៍ដូចជាដីអ្នកភូមិ អ្នកស្រុក និងលក់ក្រោមទីផ្សារ ឃើញថាមានការទិញលក់ជាហូរ និងមានតម្រូវការច្រើន តែសម្រាប់អ្នកដែលអភិវឌ្ឍន៍ហើយគឺនៅបន្តលូតលាស់យឺតៗ ។

យ៉ាងណាក្ដីអ្នកជំនាញ នៃវិស័យអចលនទ្រព្យជាច្រើនទៀត បានផ្ដល់ជាមតិថា ក្នុងវិស័យអចលនទ្រព្យ ការវិនិយោគដីធ្លីនៅតែទទួលបានឱកាសខ្ពស់ក្នុងាករទទួលបានប្រាក់ចំណេញ ជាពិសេសដីដែលនៅឆ្ងាយពីទីក្រុង ទីប្រជុំជន  ។ ដីនៅឆ្ងាយពីក្រុង ជាដីដែលមានតម្លៃទាប ដូច្នេះវិនិយោគិនអាចទិញដីទាំងនោះ ទុកសម្រាប់យកចំណេញនៅក្នុងរយៈ២ឆ្នាំ ៣ឆ្នាំឬយូរជាងនេះ អាស្រ័យលើម្ចាស់ដី។

ទោះជាយ៉ាងណាអ្នកស្រីតាំាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltdបានមានប្រសាសន៍ឲ្យដឹងថា សកម្មភាពទិញ​លក់ដិធ្លីមានសកម្មភាពខ្លះៗ នៅក្នុងក្រុង និងតំបន់ជាយក្រុង ប៉ុន្តែសកម្ម​ភាពទិញលក់ មិនមានសភាពពុះកញ្រ្ជោលដូចមុនវិបត្តិនៅឡើយទេ៕

រដ្ឋាករទឹកស្វ័យតភ្នំពេញ: ដើមឆ្នាំ២០២៤ រាជធានីភ្នំពេញលែងមានបញ្ហាខ្វះទឹកប្រើប្រាស់ហើយ

ដោយៈ សុផារី

ភ្នំពេញៈ ស្របពេលការសាងសង់រោងចក្រ ផលិតទឹកស្អាតបាក់ខែង សម្រេចបាន60% នឹងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២​៣ខាងមុខ ដូចនេះប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ នឹងអាចមានទឹកប្រើបា្រស់គ្រប់គ្រាន់តាមតម្រូវការ។

នេះបើតាមលោកឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វ័យតភ្នំពេញ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី”វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅទី០១ខែមីនាឆ្នាំ២០២២នៅទីស្តីការគណ:រដ្ឋមន្ត្រី។

លោកបានមានប្រសាសន៍ឱ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងជំរុញពន្លឿន ការសាងសង់រោងចក្រប្រព្រឹត្តិកម្ម ទឹកស្អាតបាក់ខែង ដែលមានសមត្ថភាពផលិត បាន៣៩០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ(ជំហានទី១ ១៩៥,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ និងជំហានទី២ ១៩៥ម៉ឺន​​​ម៉ែត្រគូបក្នុងមួយថ្ងៃ) សម្រេចបានប្រមាណជា៦០% នៃគម្រោងសាងសង់ជំហានទី១ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញសេចក្តីត្រូវការនិងការប្រើប្រាស់ របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទំាងមូល ឱ្យបានគ្រប់គ្រាន់។

តាមប្រភពដដែលដដែលបានឲ្យដឹងថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០% នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឲ្យឡើងរហូតដល់១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ ។

លោកមានប្រសាសន៍ថា ក្នុងនោះដែរគឺរោងចក្របាក់ខែង ដែលទទួ​លបានការសម្ពោធ បើកការដ្ឋានពីសម្តេចតេជោ កាលពីខែ០១ឆ្នាំ២០២០កន្លងមកនោះ គឺយើងបានសំណង់ជំហានទី១ រហូតមកទល់ពេលនេះ បាន៦០%ហើយ អ៊ីចឹងសំណង់នេះតាមផែនការ បើទោះជាជួបប្រទះកូវីដ-១៩បែបណាក៏ដោយ ក៏យើងទាន់តាមការគ្រោងទុករបស់យើង គឺជាចុងឆ្នាំ២០២៣។

លោកឡុង ណារ៉ូបានបន្តថា “យើងនឹងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដើមឆ្នាំ២០២៤ គឺធានាថាទឹកនៅក្នុងរាជធានីភ្នំពេញ លែងមានបញ្ហាគឺគ្រប់គ្រាន់ទាំងអស់ហើយ”។លោកបន្ថែមថា “សព្វថ្ងៃនេះ ក្រុមការងារសាងសង់រោងចក្រផលិតទឹក ក្រុមសាងសង់ពង្រីកបំពង់មេនាំទឹក ដែលយើងដាក់បំពង់រហូតទៅដល់២ម៉ែត្រ យើងដាក់ឆ្លងទៅបាតទន្លេសាប ហើយបាតទន្លេសាបនេះ គឺជាសំណង់ប្រវត្តិសាស្ត្រ ដែលយើងមិនដែលមានទេ គឺដាក់បំពង់ក្រោមបាតទន្លេសាប ដោយចាប់ផ្ដើមការសាងសង់ នៅក្នុងខែ៤ខែ៥ឆ្នាំ២០២២នេះ នេះជាសំណង់មួយ ដែលជាសមិទ្ធផលរបស់សម្តេចតេជោ”។

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង មានស្ថានីយបូមទឹក ស្ថិតនៅទន្លេមេគង្គ និងការដំឡើងបំពង់មេនាំទឹក ដែលមានអង្កត់ផ្ចិតទំហំពីរម៉ែត្រ តាមបណ្ដោយមហាវិថីឈ្នះ-ឈ្នះ និងខួងដាក់បំពង់កាត់តាមបាតទន្លេសាប ដែលមានប្រវែង៨០០ម៉ែត្រ។ គម្រោងខ្នងដាក់បំពង់នៅបាតទន្លេសាបនេះ គឺជាគម្រោងធំបំផុតដែលនឹងត្រូវអនុវត្ត នៅកម្ពុជា៕