ក្រសួងដែនដីដាក់ចេញ​​នីតិវិធីគ្រប់គ្រងសំណង់មានសភាពគ្រោះថ្នាក់ ដើម្បីធានាសុវត្ថិភាព​សាធារណជន

ដោយ៖ សុធារី

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ០១ ខែកុម្ភៈ កន្លងទៅ បានដាក់ចេញប្រកាសថ្មី រឹតបន្ដឹងការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់ទូទាំងប្រទេស ទិសដៅដើម្បីធានាសុវត្ថិភាពដល់សាធារណជន និងសំណង់ជិតខាង។

ប្រកាសនេះ ផ្ដោលលើ៣ចំណុចសំខាន់ៗគឺ កម្រិតសភាពគ្រោះថ្នាក់នៃសំណង់ វិធានការបញ្ចៀសគ្រោះថ្នាក់ និងនីតិវិធីនៃការគ្រប់គ្រងសំណង់ដែលមានសភាពគ្រោះថ្នាក់។

បើយោងតាមប្រកាស សំណង់ដែលមានសភាពគ្រោះថ្នាក់ គឺសំណង់ណាដែលផ្នែកណាមួយនៃសំណង់ ឬសម្ភារសំណង់ ឬបរិក្ខារដែលបំពាក់លើសំណង់ អាចបង្កគ្រោះថ្នាក់ដល់សំណង់ជិតខាង ដល់អាយុជីវិត រាងកាយ សុខភាពរបស់អ្នកប្រើប្រាស់សំណង់ អ្នកជិតខាង និងសាធារណជន។

ប្រកាសថ្មីនេះ ក៏បានកម្រិតសភាពគ្រោះថ្នាក់របស់សំណង់ជា ២ គឺ ប្រភេទគ្រោះថ្នាក់អាចកើតឡើងភ្លាមៗ និងប្រភេទគ្រោះថ្នាក់មិនអាចកើតឡើងភ្លាមៗ។ ដោយឡែក ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំង ២ ប្រភេទនេះ ប្រកាសនេះក៏បានដាក់ចេញវិធានការមួយចំនួនដូចជា ការជម្លៀសមនុស្ស ការហ៊ុមព័ន្ធសំណង់ ការរុះរើ ការកែប្រែ ការជួសជុលផ្នែកណាមួយនៃសំណង់ និងការបិទផ្សាយជាសាធារណៈអំពីការអនុវត្តវិធានការបញ្ចៀសគ្រោះថ្នាក់ជាដើម។

បន្ថែមពីនេះ ប្រកាសក៏បានផ្តល់សិទ្ធិអំណាចដល់មន្ត្រីមានសមត្ថកិច្ចចាប់ពីថ្នាក់ក្រសួង ដល់រាជធានី-ខេត្ត ក្រុងស្រុក ខណ្ឌ ចុះត្រួតពិនិត្យ និងបញ្ជាក់សំណង់ ដែលមានសភាពគ្រោះថ្នាក់។ មន្ត្រីទាំងនេះ មានសិទ្ធិធ្វើរបាយការណ៍អំពីការចុះត្រួតពិនិត្យសំណង់ ជូនប្រធានស្ថាប័នមានសមត្ថកិច្ច ក្រោយទទួលបានបណ្តឹង ឬព័ត៌មានអំពីសំណង់មានសភាពគ្រោះថ្នាក់។

មន្ត្រីខាងលើក៏ត្រូវបង្កើតបញ្ជីសំណង់ដែលមានសភាពគ្រោះថ្នាក់ ដើម្បីធ្វើការត្រួតពិនិត្យ តាមដាន និងពង្រឹងការអនុវត្តច្បាប់ផងដែរ៕

សេដ្ឋកិច្ចអាមេរិកដុនដាបខ្លាំង ខណៈបំណុលជាតិកើនលើស ៣០ទ្រីលានដុល្លារ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ

ដោយសុខុម

វ៉ាស៊ីនតោន: វាពិតជាគួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលធ្លាយដំណឹងថា ពេលនេះសហរដ្ឋអាមេរិក បានជាប់បំណុលជាតិច្រើនសម្បើមមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ព្រោះកន្លងមកធ្លាប់តែឮថា ប្រទេសនេះតែងតែដើរជួយប្រទេសនានាទូទាំងពិភពលោកដើម្បីរក្សាទំនាក់ទំនងការទូតល្អ និងឥទ្ធិពលរបស់ខ្លួនក្នុងឋានៈជាមហាអំណាចទី១ របស់ពិភពលោកទាំងផ្នែកសព្វាវុធ និងសេដ្ឋកិច្ច។

យោងតាមទិន្នន័យរបស់ក្រសួងរតនាគារអាមេរិក ចេញផ្សាយកាលពីថ្ងៃអង្គារ ទី០១ កុម្ភៈ បង្ហាញថា បំណុលសាធារណៈ ឬ បំណុលជាតិសរុបរបស់សហរដ្ឋអាមេរិក នៅពេលនេះបានកើនលើស៣០ទ្រីលានដុល្លារ ទៅហើយ ជាកម្រិតថ្មីមួយដែលគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្រុកខ្ចីបុលអំឡុងវិបត្តិរីករាលដាលវីរុសកូវីដ-១៩ ដើម្បីចំណាយជំរុញសកម្មភាពសេដ្ឋកិច្ច ក្នុងគោលបំណងជួយស្រោចស្រង់សេដ្ឋកិច្ចពីវិបត្តិកូវីដ-១៩។ ជាលទ្ធផលបំណុលជាតិបានកើនឡើងប្រមាណ៧ទ្រីលានដុល្លារ ចាប់តាំងពីដំណាច់ឆ្នាំ២០១៩ មក។

បន្ទាប់ពីរក្សាអត្រាការប្រាក់ឱ្យនៅកម្រិតទាបបំផុតអស់រយៈពេលជាច្រើនឆ្នាំមកនេះ ធនាគារកណ្តាលអាមេរិក (Federal Reserve) កំពុងប្ដូរយុទ្ធសាស្ត្រថ្មីដើម្បីទប់អតិផរណាដែលកំពុងកើនឡើង។ ជាវិធានការ ធនាគារកណ្តាលអាមេរិក មានគម្រោងដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៥ មក។ ប៉ុន្តែជាលទ្ធផល ការចំណាយកាន់តែខ្ពស់លើការខ្ចីបុលមិនត្រឹមតែមិនអាចជួយអ្វីបាននោះទេ ផ្ទុយមកវិញគឺធ្វើឱ្យខ្លួនកាន់តែពិបាកដោះបំណុលដែលគរដូចភ្នំ។

លោក David Kelly ប្រធានអ្នកធ្វើយុទ្ធសាស្រ្តទីផ្សារទូទាំងពិភពលោកនៃក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្ម JPMorgan Asset Management បានលើកឡើងថា “វាមិនមែនជាវិបត្តិរយៈពេលខ្លីឡើយ ប៉ុន្តែវានឹងធ្វើឱ្យយើងកាន់តែក្រីក្ររយៈពេលវែង”។

យោងតាមមូលនិធិ Peter G. Peterson Foundation ជាអង្គការមួយដែលផ្តោតលើការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្រឈមផ្នែកសារពើពន្ធឱ្យដឹងថា គ្រាន់តែការចំណាយលើការប្រាក់ត្រូវបានព្យាករណថានឹងមានចំនួនលើស៥ទ្រីលានដុល្លារ ក្នុងរយៈពេល១០ឆ្នាំខាងមុខ ហើយនឹងកើនឡើងជិតដល់ពាក់កណ្តាលនៃប្រាក់ចំណូលទាំងអស់របស់សហព័ន្ធ (ប្រាក់ចំណូលរបស់សហរដ្ឋអាមេរិក ទាំងមូល) នៅត្រឹមឆ្នាំ២០៥១។

លោក David Kelly បានគូសបញ្ជាក់ថា ការកើនឡើងថ្លៃចំណាយលើការខ្ចីបុលនឹងកំណត់ទំហំកញ្ចប់ថវិកាដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន អាចចំណាយបានទៅលើបញ្ហាអាទិភាពផ្សេងៗទៀតដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

ពេលនេះរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជំពាក់បំណុលបណ្ដាវិនិយោគិនបរទេស និងអន្តរជាតិដែលដឹកនាំដោយប្រទេសជប៉ុន និងមហាយក្សចិន សរុបជិត៨ទ្រីលានដុល្លារ ក្នុងចំណោមបំណុលជាតិទាំង៣០ទ្រីលានដុល្លារ។ ហើយនៅទីបំផុត បំណុលទាំងនោះនឹងត្រូវសងត្រលប់ទៅវិញបូករួមជាមួយនឹងការប្រាក់៕ CNN៕

ក្រុមប្រទេស OPEC+ នឹងរក្សាផែនការដំឡើងផលិតកម្មប្រេង​រហូត​ដល់​​ខែមីនា ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ពិភពលោក

ដោយ៖​សុធារី​

អង់គ្លេស​៖ ​ក្រុមប្រទេសផលិតប្រេងឆៅ OPEC+ ​នឹងប្រកាន់ខ្ជាប់ទៅនឹងគោលនយោបាយដំឡើងទិន្នផលប្រេង​របស់ខ្លួន បើទោះជាខ្លួនរំពឹងថាតម្រូវការនឹងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយនៅឆ្នាំនេះក៏ដោយ និងខណៈដែលតម្លៃប្រេងត្រូវបានជួញដូរក្នុងតម្លៃខ្ពស់បំផុតគិតចាប់ពីឆ្នាំ២០១៤ក្តី។

បើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចុះ​ផ្សាយ​នៅ​ក្នុង​ថ្ងៃទី​០២​ ខែ​កុម្ភៈ​នេះ​ បាន​ឱ្យ​ដឹង​ថា​ ក្រុមប្រទេសផលិតប្រេង OPEC+ ដែល​មានសមាជិករបស់អង្គការ OPEC និងក្រុមប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួន ដឹកនាំដោយប្រទេសរុស្ស៊ី និងផលិតប្រេងបានជាង ៤០% នៃការផ្គត់ផ្គង់ពិភពលោក។ ក្រុម​ប្រទេស​ទាំង​នេះ​បានប្រឈមនឹងសម្ពាធពីប្រទេសប្រើប្រាស់ប្រេងធំៗ ដូចជាសហរដ្ឋអាមេរិក និងឥណ្ឌាជាដើម ឱ្យបង្កើនការបូមប្រេងបន្ថែមទៀត។

ប៉ុន្តែក្រុមប្រទេស OPEC+ បានបដិសេធបង្កើនការបូមប្រេងឱ្យច្រើនជាងផែនការបច្ចុប្បន្នរបស់ខ្លួន ដោយលើកឡើងថា ពិភពលោកកំពុងប្រឈមនឹងកង្វះថាមពល ដោយសារប្រទេសប្រើប្រាស់ថាមពលគណនាមិនត្រឹមត្រូវចំពោះផ្លាស់ប្តូរថាមពលទៅរកឥន្ធនៈបៃតង។

ប្រទេសសមាជិកមួយចំនួនរបស់អង្គការ OPEC បានព្យាយាមបូមប្រេងបន្ថែមទៀតស្របតាមកូតារបស់ពួកគេ ដោយសារការវិនិយោគមិនគ្រប់គ្រាន់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេរំពឹងថា រដ្ឋមន្ត្រីក្រសួងថាមពលរបស់ក្រុមប្រទេសនេះនឹងឯកភាពគ្នាជាមួយនឹងផែនការដំឡើងទិន្នផលប្រេងចំនួន ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃដដែលសម្រាប់ខែមីនាខាងមុខ បើទោះជាតម្លៃប្រេងខ្ពស់ក៏ដោយ។

គណៈកម្មករបច្ចេកទេសរួម (JTC) បានរក្សារការព្យាករពីកំណើនតម្រូវការប្រេងពិភពលោកនៅដដែលសម្រាប់ឆ្នាំ២០២២ គឺ ៤,២លានប៉ារែលក្នុងមួយថ្ងៃ។

គណៈកម្មការ JTC រំពឹងថា តម្រូវការប្រេងនឹងកើនឡើងដល់កម្រិតមុនពេលមានការរាតត្បាតជំងឺនៅឆមាសទី២ ឆ្នាំនេះ។ តម្រូវការប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺជាង ១០០លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០១៩៕

ក្រុមហ៊ុន Ford គ្រោងវិនិយោគថ្មីរហូតដល់ ២០ពាន់លានដុល្លារអាមេរិក បង្កើតរថយន្តអគ្គិសនី

ដោយៈស្រីលីស

អន្តរជាតិៈ សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលម៉ិញនេះថា ក្រុមហ៊ុន Ford Motor Co គ្រោងនឹងវិនិយោគបន្ថែមរហូតដល់២០ពាន់លានដុល្លារអាមេរិក ក្នុងការបង្កើតរថយន្តអគ្គិសនីរបស់ខ្លួន ។

របាយការណ៍នេះបាននិយាយថា ការវិនិយោគពី១០ពាន់លានដុល្លារទៅ២០ពាន់លានដុល្លារនឹងធ្វើឡើង ចន្លោះរយៈពេល៥ ទៅ១០ ឆ្នាំខាងមុខ ហើយនឹងរួមបញ្ចូលការបំប្លែង រោងចក្របច្ចុប្បន្នរបស់ខ្លួននៅជុំវិញពិភពលោកទៅជាការផលិតរថយន្តអគ្គិសនី។

នៅក្រោមផែនការមួយដែលមានឈ្មោះថា “Ford+” មានន័យថា អ្នកវិនិយោគផ្នែកក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនផលិតរថយន្តលេខ២របស់សហរដ្ឋអាមេរិកបានសន្យារួចហើយថា នឹងចំណាយប្រាក់ជាង៣០ពាន់លានដុល្លារលើការបង្កើតរថយន្តអគ្គិសនី រួមទាំងការអភិវឌ្ឍន៍ថ្មីនៅឆ្នាំ ២០៣០។

របាយការណ៍បាននិយាយថា ការជំរុញចុងក្រោយបំផុត គឺត្រូវបានដឹកនាំដោយអតីតនាយកប្រតិបត្តិ Apple Inc និង Tesla ។

លោក Doug Field ដែលជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់Apple និងធ្លាប់ធ្វើការនៅTesla បានចូលរួមជាមួយក្រុមហ៊ុន Ford កាលពីឆ្នាំមុន ដើម្បីដឹកនាំការខិតខំប្រឹងប្រែង ផ្នែកបច្ចេកវិទ្យាទំនើប និងប្រព័ន្ធបង្កប់របស់ក្រុមហ៊ុនផលិតរថយន្ត។

ក្រុមហ៊ុនផលិតរថយន្តធំៗ មកពីក្រុមហ៊ុន General Motors Co, Ford និង Volvo Cars កំពុងធ្វើការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដើម្បីយកចចំណែកទីផ្សាររបស់ពួកគេ នៅក្នុងកន្លែងប្រកួតប្រជែងរថយន្តអគ្គិសនី និងប្រយុទ្ធប្រឆាំងនឹងគូប្រជែងរថយន្តអគ្គិសនី Tesla ។

របាយការណ៍បានបន្ថែមថា Ford បានវាយតម្លៃការបង្វិលផ្នែកតូចមួយ នៃអាជីវកម្មរថយន្តអគ្គិសនី របស់ខ្លួនជាផ្នែកនៃការរៀបចំឡើងវិញ ដើម្បីចាប់យកតម្លៃនៅក្នុងបរិយាកាស ចាប់ផ្តើមអាជីវកម្មអគ្គិសនី ដែលជំរុញដោយមនោសញ្ចេតនាវិនិយោគិន។

ផែនការថ្មីនេះក៏រួមបញ្ចូលផងដែរ នូវការជួលវិស្វករមួយចំនួនដែលមិនបានបញ្ជាក់ ដើម្បីធ្វើការលើការអភិវឌ្ឍន៍គោលគំនិត ដូចជា គីមីវិទ្យាថ្ម បញ្ញាសិប្បនិមិត្ត និងកម្មវិធីរថយន្តអគ្គិសនី ដែលបង្ហាញពីសារៈសំខាន់កើនឡើងនៃកម្មវិធី និងការតភ្ជាប់ឌីជីថលនៅក្នុងឧស្សាហកម្មរថយន្ត។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនបាននិយាយថា “យើងកំពុងអនុវត្តផែនការ Ford+ ដែលមានមហិច្ឆតារបស់យើង ក្នុងការផ្លាស់ប្តូរក្រុមហ៊ុន និងរីកចម្រើនក្នុងយុគសម័យថ្មី នៃរថយន្តអគ្គិសនី” ដោយបន្ថែមថា ពួកគេមិនធ្វើអត្ថាធិប្បាយលើពាក្យចចាមអារ៉ាម និងការរំពឹងទុកនោះទេ។

ការប្រកាសបង្កើនទំហំទុនវិនិយោគនេះ បានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Ford បានកើនឡើងដល់ទៅ ២.៧ ភាគរយកាលពីថ្ងៃអង្គារ៕

កីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃ ២លានដុល្លារ សម្រេចការសាងសង់ ៧០ភាគរយ ត្រៀមខ្លួនសម្រាប់​ SEAGAME ឆ្នាំ២០២៣

ដោយ៖ សុផារី

កំពង់​ស្ពឺ​៖ បើគិតត្រឹមខែមករា ឆ្នាំ២០២២ កីឡដ្ឋានខេត្តកំពង់ស្ពឹ ដែល​មាន​តម្លៃ២លានដុល្លារ សម្រេចការសាងសង់៧០ភាគរយ​ហើយ ខណៈបច្ចុប្បន្នក្រុមការងារសាងសង់កំពុងដំឡើងបង្គោលភ្លើងធំៗជុំវិញទីលានបាល់ទាត់​​។

លោក​ ហ៊ុន ម៉ានី តំណាងរាស្រ្តខេត្តកំពង់ស្ពឹ បានមាន​ប្រសាសន៍​កាលពី​សប្តាហ៍​មុន​​ថា ក្រុមការងារកំពុងត្រៀមតម្លើងបង្គោលភ្លើងធំៗចំនួន៤បង្គោលនៅជុំវិញទីលានបាល់ទាត់ ជាមួយសកម្មភាពសាងសង់ផ្សេងៗទៀតយ៉ាងសកម្ម ស្របតាមប្រព័ន្ធបច្ចេកទេសកម្រិតស្តង់ដារខ្ពស់​។

លោក​បាន​ថ្លែងថា “កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន គឺជាក្តីសង្ឃឹមថ្មីមួយទៀតនៃវិស័យកីឡារបស់ខេត្តកំពង់ស្ពឺ ជាពិសេសការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ SEAGAME ឆ្នាំ២០២៣ និងព្រឹត្តិការណ៍កីឡាផ្សេងៗទៀត”។
លោក​បន្តថា ប្រជាពលរដ្ឋនៅក្នុងខេត្ត និងតំបន់ជុំវិញនឹងទទួលបានសមិទ្ធផលថ្មីស្រឡាងមួយក្នុងពេលឆាប់ៗនេះ។

សាងសង់លើផ្ទៃដីប្រមាណ៤ហិចតា កីឡដ្ឋានស្តង់ដារអន្តរជាតិនេះ ធ្វើឡើងក្រោមជំនួយឧបត្ថម្ភជាង២លានដុល្លារ របស់មូលនិធិណាហ្គាវើល ដែលគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលក្នុងឆ្នាំ២០២២ នេះ៕

ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុត្រូវការពេលវេលា និងកែលំអរចំណុចមួយចំនួន

ដោយៈជេស៊ីកា

ព្រះសីហនុៈ ក្រុមអ្នកជំនាញអចលនទ្រព្យ និងវិភាគពីស្ថានភាពទីផ្សា​រ​បានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅខេត្តព្រះសីហនុ ត្រូវការពេលវេលាបន្ថែម ខណៈក្តីសង្ឃឹមចិនត្រលប់មកវិញ នឹងត្រូវចំណាយពេលបន្ថែមផងដែរ។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២ កុម្ភៈថា តម្លៃអចលនទ្រព្យ មុនពេលវិបត្តិនៅក្រុងព្រះសីហនុ បានហក់ឡើងខ្ពស់ពេក ស្របពេលការផ្គត់ផ្គង់ បានកើនហួសតម្រូវការនៅក្នុងទីផ្សារ ហេតុនេះទាម ទារឲ្យមានការកែប្រែ តម្លៃមួយចំនួនលើតម្លៃអចលនទ្រព្យ ដើម្បីឲ្យស្ថានភាពវិលមកកាន់ភាពប្រក្រតីវិញ។

អ្នកស្រីបន្តថា “អ្វីៗត្រូវការពេលវេលា ការកែប្រែតម្លៃ ស្របពេលបញ្ហាប្រឈម និងឱកាសក៏កើតមានព្រមគ្នាផងដែរ”។ អ្នកស្រីបន្តថា “ឱកាសនៅត្រង់ថា បើម្ចាស់អគារលក់ក្នុងតម្លៃសមរម្យ នឹងអាចមានអ្នកទិញយក ប៉ុន្តែ​បញ្ហាប្រឈមនៅត្រង់ថា តើពេលសាងសង់ចប់ តើជួល និងលក់ឲ្យអ្នកណា?”។

អ្នកស្រីអាន សុធីតា បានបន្តថា ការទន្ទឹងនូវការវិលត្រលប់មកវិញរបស់អ្នកវិនិយោគចិន អាចចំណាយពេលច្រើន ដោយសារស្ថានភាពនៅប្រទេសចិន ពិសេសវិស័យអចលនទ្រព្យក្នុងប្រទេសនេះ កំពុងមានបញ្ហា ពិសេសរដ្ឋាភិបាលចិន មិនអនុញ្ញាត្តឲ្យមានការបង្ហូរទុន ចេញក្រៅប្រទេសឡើយ។

ជាមួយគ្នានេះ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា ជាទូទៅស្ថានភាពក្រុងព្រះសីហនុមានភាពប្រសើរជាងមុន ដោយសារមានសកម្មភាពទិញលក់មួយចំនួន និងការដើរហើររបស់ភ្ញៀវទេសចរណ៍ច្រើនជាងមុនផងដែរ។

លោកបន្តថា “ប្រសិនជាស្ថាប័នហិរញ្ញវត្ថុ នៅបន្តផ្តល់ឥណទាន គឺទី​ផ្សារនឹងមិនមានវិ​បត្តិឡើយ ប៉ុន្តែតម្លៃ និងសកម្មភាពអភិវឌ្ឍន៍មិនងើបខ្លាំងឡើយ”។ លោកបន្តថា “ក្នុងទីផ្សារនៅតែមានចរន្តទិញលក់ធម្មតា ប៉ុន្តែវាជាការវិនិយោគក្នុងទំហំតូចៗប៉ុណ្ណោះ”។

ចំណែកអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះផងដែរថា ស្ថានភាពទីផ្សារបានវិលមកជាបណ្តើរៗ ដោយសារមានការហូរចូលនូវអ្នកវិនិយោគចិន ដែលធ្វើឲ្យសកម្មភាពទិញលក់កើនឡើង ពិសេសសំណង់អាគារមួយចំនួន ដែលបានផ្អាកនាពេលកន្លងមកបានចាប់ផ្តើមឡើងវិញបណ្តើរៗ៕

អ្នកជំនាញៈទីផ្សារ និងសកម្មភាពទិញលក់អចលនទ្រព្យនឹងងើបឡើងវិញខ្លាំងនៅចុងត្រីមាសទី១នេះ

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា នៅក្នុងអំឡុងដើមឆ្នាំនេះ សកម្មភាពទិញលក់អចលនទ្រព្យ មិនទាន់កំរើកឡើងវិញខ្លាំងនៅឡើយទេ ដោយសារបញ្ហាមួយចំនួន។

អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia អ្នកនាងអាន សុធីតា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី២ កុម្ភ៖កន្លងមកថា ទោះជាស្ថានភាពវឹកវរនៃ ជំងឺកូវីដអូមីក្រុងនៅតាមបណ្តាប្រទេសនានា មានភាពចលាចលខ្លាំងក្តី ប៉ុន្តែកម្ពុជាមានសភាពធម្មតា ដែលស្ថានភាពនេះល្អលើសពីការរំពឹងទុករបស់យើង។

អ្នកនាងបន្តថា “ ទោះជាយ៉ាងណាក្នុងស្ថានភាពនេះ សកម្មភាពទិញ លក់អចលនទ្រព្យ មិនហក់ឡើងខ្ពស់នោះទេ ដោយសារជាពេលវេលាដើមឆ្នាំ ដែលក្រុមហ៊ុននិមួយៗរៀបចំបិទបញ្ជីរ និងរៀបចំផែនការយុទ្ឋសាសស្រ្តសំរាប់ឆ្នាំថ្មី”។ អ្នកនាបន្តថា “ខ្ញុំគិតថានៅចុងត្រីមាសទី១ឆ្នាំនេះ អ្វីនឹងល្អប្រសើរឡើងវិញ ពិសេសសកម្មភាពទិញលក់ដីធ្លី និងគំរោងអភិវឌ្ឍន៍នានានឹងបង្ហាញឡើង”។

មានអ្នកជំនាញមួយចំនួន បានលើកឡើងស្រដៀងគ្នានេះ ដោយបាននិយាយថា ទីផ្សារពិតជាមានសភាពស្ងប់ស្ងាត់នៅដើមឆ្នាំនេះ។

អ្នកនាងអាន សុធីតា បានបន្តថា នេះជាស្ថានភាពឬជាននិន្នាការធម្មតានៃទីផ្សារ ដែលតែងតែមានសភាពស្ងប់ស្ងាត់ពេលដើមឆ្នាំ មានភាពសកម្មនៅពាក់កណ្តាលឆ្នាំ និងសកម្មភាពរាងថមថយមកវិញនៅចុងឆ្នាំ។

ចំណែកលោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ ដោយលើកឡើងស្រដៀងគ្នាថា ស្ថានភាពទិញលក់ នៅតែធម្មតា ប៉ុន្តែទីផ្សារនឹងហក់ឡើងខ្ពស់មកវវិញនៅអំឡុងចុងត្រីមាសទី១នៃឆ្នាំនេះ ហើយសកម្មភាពនឹងមានភាពលេចធ្លោគឺការវិនិយោគដីធ្លីនឹងបន្តកើនឡើង ដែលមានអត្រាចំណេញចន្លោះពី១០ទៅ១៥ភាគរយក្នុងមួយឆ្នាំ។

លោកបន្តថា “សកម្មភាពទិញលក់ដីធ្លី ពិតជាមានភាពពេញនិយមជាងគេ ដោយសារទីផ្សារ និងផលចំណេញមានប្រាកដប្រជាខ្ពស់ ខណៈផ្នែកដទៃទៀតដូចជាខុនដូ លំនៅដ្ឋាននឹងបន្តកើនឡើងផងដែរ”៕

សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជានិងនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ រៀបចំសិក្ខាសាលាស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ

ដោយ៖ សុធារី

ភ្នំពេញ៖ សមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា រួមជាមួយនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ បានរៀបចំសិក្ខាសាលា ស្តីពី “ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ការគ្រប់គ្រងអាជីវកម្មផ្តល់សេវាកម្មវាយតម្លៃ និង សេវាកម្មអចលវត្ថុ”។

កម្មវិធីនេះមានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីលោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ និងមន្ត្រីជំនាញមួយចំនួនទៀតផងដែរ។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៨:០០ ព្រឹក ដល់ម៉ោង ១២:00 ថ្ងៃត្រង់ នៅសណ្ឋាគារ Dyvith Hotel (សែនសុខ)។
គោលបំណងនៃកម្មវិធី ដើម្បីយល់ដឹងបន្ថែមអំពីព័ត៌មាន និងកាតព្វកិច្ចច្បាប់ក្នុងការប្រកបអាជីវកម្ម ពាក់ព័ន្ធនឹងវិស័យអចលនវត្ថុ រួមមាន អ្នកអភិវឌ្ឍន៍ដីឡូត៍ អ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ភ្នាក់ងារវិជ្ជាជីវៈ សេវាកម្មវាយតម្លៃ សេវាកម្មភ្នាក់ងារអចលនវត្ថុ និង សេវាកម្មគ្រប់គ្រងអចលនវត្ថុ ឱ្យយល់ដឹងកាន់តែច្បាស់អំពីបែបបទ និង ការស្នើសុំឯកសារផ្សេងៗពីនិយ័តករ។

វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសំណាក់បុគ្គលល្បីៗឈ្មោះដូចជា ឧកញ៉ា ម៉ន សុខា ឧកញ៉ា ផន វណ្ណិត ឧកញ៉ា សឿ សុវណ្ណ លោក ពៅ លីដា លោក រស់ សុវណ្ណថា លោក ជា ចំរើន លោក ជា សំអាន លោកប៉ុក សៅលី ជាដើម៕

ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគលើវិស័យសូត្រនិងទីក្រុងឆ្លាតវៃនៅក្នុងខេត្តបាត់ដំបង

ដោយៈ សុផារី 

បាត់ដំបងៈ ប្រទេសជប៉ុន គ្រោងដឹកនាំវិនិយោគិនជប៉ុនមកធ្វើទស្សនកិច្ចនៅខេត្តបាត់ដំបង ក្នុងកំឡុងខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីមកសិក្សាពីសក្តានុពល នៃសហគ្រាសធនតូច និងមធ្យម ជាពិសេសការវិនិ​យោគលើការធ្វើសូត្រ និងមួយទៀតគឺផ្តោតទៅលើគម្រោង ទីក្រុងឆ្លាតវៃនៅក្នុងខេត្តបាត់ដំបង។

លោក TAMURA Tsutomu នាយកសមាគមជប៉ុន-កម្ពុជា (JCA) និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន NIPPON KEI CO.,LTD ក្នុងជំនួបជាមួយលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង កាលនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២បានពិភាក្សាលើការងារនេះ ដោយបានសិក្សាអំពីការធ្វើសូត្រនៅក្នុងខេត្តបាត់ដំបង និងសិក្សាអំពីសក្ដានុពលក្នុងខេត្តបាត់ដំបង រួមមានផលិតផលកសិកម្មរបស់ប្រជាពលរដ្ឋ ដែលមិនទាន់មានការកែច្នៃ។

លោកTAMURA Tsutomu បានមានប្រសាសន៍ថា សមាគមជប៉ុនគ្រោងនឹងដឹកនាំអ្នកវិនិយោគទុនជប៉ុន មកធ្វើទស្សនកិច្ចនៅកម្ពុជា នឹងមកកាន់ខេត្តបាត់ដំបង ក្នុងកំឡុងខែ មេសា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីមកសិក្សាពីសក្តានុពលរបស់ខេត្ត ក៏ដូចជាវិស័យកសិកម្ម ផ្តោលើសហគ្រាសធនតូច និងមធ្យម ជាពិសេសការកាវិនិយោគលើការធ្វើសូត្រ នៅក្នុងខេត្តបាត់ដំបង  និងមួយទៀតគឺផ្តោតទៅលើគម្រោងទីក្រុងឆ្លាតវៃ (Smart city)។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានស្វាគមន៍ចំពោះលោក TAMURA Tsutomu នាយកសមាគមជប៉ុន-កម្ពុជា និងសហការី ដែលបានអញ្ជើញ មកទស្សនកិច្ចនៅខេត្តបាត់ដំបង និងបានសិក្សាស្វែងយល់អំពីសក្តានុពលរបស់ខេត្តបាត់ដំបង ជាពិសេសទៅលើការកែច្នៃផលិតផលកសិកម្ម និងការចិញ្ចឹមដង្កូវនាងដើម្បីផលិតជាសូត្រ នៅក្នុងខេត្តបាត់ដំបង។

លោកក៏បានមានប្រសាន៍ថ្លែងអំណរគុណ និងសំណូមពរដល់លោកនាយកសមាគមជប៉ុន-កម្ពុជា(JCA) ជួយជំរុញផ្សព្វផ្សាយព័ត៌មានពីសក្តានុពលរបស់ខេត្តបាត់ដំបង ជូនទៅដល់បណ្តាអ្នកវិនិយោគទុន និងក្រុមហ៊ុនរបស់ជប៉ុន ឱ្យមកធ្វើការវិនិយោគនៅខេត្តបាត់ដំបង៕

រដ្ឋាភិបាលរៀបចំតំបន់ការពារធម្មជាតិក្នុងខេត្តចំនួន៣ជាតំបន់អេកូទេសចរណ៍

ដោយ៖ សុផារី

សៀមរាប៖ ក្រសួងបរិស្ថាន ក្រោមក្របខណ្ឌគម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជាកំពុងធ្វើការសិក្សា និងរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់តំបន់ទេសភាពជួរភ្នំក្រវាញកម្ពុជា ដោយផ្តោតលើកលានុវត្តភាពនៃការរៀបចំជាតំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារ សម្រាប់ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានឱ្យដឹងថា តំបន់អេកូទេសចរណ៍នៅក្នុងតំបន់ការពារនោះរួមមាន (១) តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ”ភ្មំគូលែន” (២) ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងឧទ្យានជាតិភ្នំក្រវាញកណ្តាល និង(៣) តំបន់ដែនជម្រកសត្វព្រៃតាតៃ និងពាមក្រសោប។

គម្រោងនិរន្តភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា របស់ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ”ការរៀបចំចក្ខុវិស័យគោលដៅទេសចរណ៍ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍នៅតំបន់ទេសភាពជួរភ្នំក្រវ៉ាញ និងបឹងទន្លេសាបកម្ពុជា” ដែលបានរៀបចំឡើងពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី០៤ខែកុម្ភៈ ឆ្នាំ ២០២២ក្នុងខេត្តចំនួនបីគឺមានខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

សិក្ខាសាលានេះមានគោលបំណងជាចម្បង ដើម្បីស្វែងយល់ពីភាគីពាក់ព័ន្ធនានានូវគោលបំណងជាយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងតំបន់អេកូទេសចរណ៍ថ្នាក់តំបន់ និងផែនការវិនិយោគទេសចរណ៍សម្រាប់គោលដៅអេកូទេសចរណ៍ និងចូលរួមរៀបចំនូវសេចក្តីព្រាងចក្ខុវិស័យរួមស្រាប់គោលដៅអេកូទេសចរណ៍។

លើសពីនេះ ដើម្បីទទួលបាននូវព័ត៌មានត្រលប់ដែលជាអនុសាសន៍នានាសម្រាប់ការវិនិយោគគោលដៅអេកូទេសចរណ៍ដោយផ្សារភ្ជាប់នូវការធានាឲ្យមានការឆ្លើយតបទៅនឹងបញ្ហានានា ព្រមទាំងកំណត់នូវអាទិភាពនៃអនុសាសន៍បទអន្តរាគមន៍ដែលបានបញ្ជាក់ក្នុងការសិក្សាវិភាគស្ថានភាព៕