អាផាតម៉ិនប្រណីតទទួលបាន​ការ​ពេញ​និយម​បំផុត​ក្នុង​ទីផ្សារអាផាតម៉ិនក្នុងក្រុងហូជីមិញក្នុង​ឆ្នាំនេះ

ដោយ សុខុម

ហូជីមិញ៖​ អាផាតម៉ិនប្រណីត និងអាផាតម៉ិនលំដាប់មធ្យមនឹងបន្តនាំមុខទីផ្សារនៅឆ្នាំ២០២២ នេះ ខណៈអាផាតម៉ិនតម្លៃធូរថ្លៃនឹងនៅតែក្សត់។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី១៥ មករា។

ផ្អែកតាមរបាយការណ៍របស់ក្រុមហ៊ុនផ្ដល់ប្រឹក្សាអចលនទ្រព្យ DKRA Vietnam Joint Stock Company ស្តីពីទីផ្សារលំនៅដ្ឋាននៅទីក្រុងហូជីមិញ និងបណ្ដាខេត្តជុំវិញក្នុងឆ្នាំ២០២១ បង្ហាញថា គម្រោងអាផាតម៉ិនដែលបានចូលក្នុងទីផ្សារមានចំនួន៤១គម្រោង ដែលគិតជាយូនីតសរុបប្រមាណ២១.១៣៨យូនីត ដោយភាគច្រើនស្ថិតនៅក្រុងហូជីមិញ និងខេត្ត Bình Dương។

យោងតាមទិន្នន័យបង្ហាញថា គម្រោងទាំងនោះលក់បានចំនួន១៧.១២២យូនីត។

នៅក្រុងហូជីមិញ ការផ្គត់ផ្គង់ និងតម្រូវការបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០២០ ហើយបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៥ មក។

អាផាតម៉ិនប្រណីតនៅក្នុងទីក្រុងបាននេះបានហក់ឡើងថ្លៃមួយកម្រិតទៀត រហូតដល់ទៅជិត៤០០លានដុង (១៧.៥៥៥ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ។

យោងតាមក្រុមហ៊ុនផ្តល់សេវាអចលនទ្រព្យមួយផ្សេងទៀតឈ្មោះ Cushman & Wakefield បង្ហាញថា តាមការរំពឹងទុក អាផាតម៉ិនថ្មីៗចន្លោះពី២៥.០០០យូនីតទៅ៣០.០០០យូនីតនឹងហក់ចូលក្នុងទីផ្សារក្រុងហូជីមិញ នៅឆ្នាំនេះ ដោយភាគច្រើនជាអាផាតម៉ិនលំដាប់ប្រណីត និងលំដាប់ខ្ពស់ ហើយការឆានែល ឬ បណ្ដាញលក់តាមប្រព័ន្ធអនឡាញនឹងនៅតែពេញនិយម។

តម្លៃជាមធ្យមនៃអាផាតម៉ិនប្រណីត និងលំដាប់ខ្ពស់បានកើនឡើងលើស១៤៣,៦លានដុង (៦.២៦៦ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េក្នុងត្រីមាសទី៤ ចុងឆ្នាំ២០២១ ដោយកើនឡើង២៣%។ ទន្ទឹមនេះអាផាតម៉ិនលំដាប់មធ្យមមានតម្លៃ៥៦,៧លានដុង (២.៤៧៤ដុល្លារអាមេរិក) ហើយយូនីតតម្លៃធូរថ្លៃមានតម្លៃ៤០,៩លានដុង (១,៧៨៥ដុល្លារអាមេរិក) ដោយកើនឡើង១៥%។

យោងតាមក្រុមហ៊ុន Cushman & Wakefield ឱ្យដឹងថា ចំនួនសរុបនៃអាផាតម៉ិនទាំងចាស់ទាំងថ្មីដែលលក់បានក្នុងត្រីមាសចុងក្រោយគឺមានចំនួនជិត៣.០០០យូនីត ដោយអាផាតម៉ិនលំដាប់មធ្យមមានចំណែក៨២% ហើយអាផាតម៉ិនលំដាប់ខ្ពស់មានចំណែក១១%។

ទោះជាយ៉ាងណា គ្មានគម្រោងអាផាតម៉ិនថ្មីៗត្រូវបានលក់ចេញទេ។

អាផាតម៉ិនលំដាប់ខ្ពស់គឺជាអាផាតម៉ិនដែលស្ថិតក្នុងទីតាំងល្អមានហាងឆេងខ្ពស់ ហើយមានតម្លៃលើសពី៣.០០០ដុល្លារអាមេរិក ចំណែកឯអាផាតម៉ិនលំដាប់មធ្យមស្ថិតនៅក្នុងទីតាំងងាយស្រួលចេញចូលដែលមានតម្លៃចន្លោះពី១.៨០០ដុល្លារអាមេរិក ដល់៣.០០០ដុល្លារអាមេរិក ហើយអាផាតម៉ិនតម្លៃធូរថ្លៃគឺលក់ក្រោម១.៨០០ដុល្លារអាមេរិក៕

អ្នកជំនាញ៖ ការវិនិយោគលើអចលនទ្រព្យគឺជាឱកាសក្នុងការសាងភាពមានបានខ្ពស់

ដោយ: វឌ្ឍនៈ

ភ្នំពេញ ៖ បច្ចុប្បន្ន មុខជំនួញដែល​កំពុងមានការពេញនិយមនិងមានការ​វិនិយោគច្រើននៅកម្ពុជា គឺជំនួញអចលនទ្រព្យ ព្រោះមាន​ផ្នត់​គំនិត​ថា​ការវិនិយោគលើអចលនទ្រព្យគឺជាឱកាសសាងភាពមានបានខ្ពស់។ អ្នកជំនួញអចលនទ្រព្យជាច្រើនបានផ្ដល់ជាទស្សននិងយោបល់ពាក់ព័ន្ធនឹងនឹងប្រឡូកវិស័យអចលនទ្រព្យ ដើម្បីក្លាយខ្លួនដែលមានភាពមានបាន បានឆាប់រហ័សនិងដល់គោលដៅ ខណៈបច្ចុប្បន្ននេះ អ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យ មាន​ចំនួន​កាន់តែ​ច្រើន​។

លោកឧកញ៉ាចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានលើកឡើងថាលោកមើលឃើញថា វិស័យអចលនទ្រព្យជាវិស័យមួយដែលអាចសាងភាពមានបាន បានលឿនរហ័សបើសិនជាដើរត្រូវនិងនិងមានផែនការច្បាស់លាស់ ក្នុងការប្រឡូកក្នុងវិស័យអចលនទ្រព្យ។

លោកឧកញ៉ាបន្តថានៅក្នុងជំនួញអចលនទ្រព្យ បានធ្វើឱ្យមនុស្សជាច្រើនបានក្លាយជាអ្នកមាន ក្លាយជាសេដ្ឋី ដោយវាមិនមែនមានតែក្នុងប្រទេសកម្ពុជានោះទេ ជាក់ស្ដែងមហាសេដ្ឋីធំៗនៅលើពិភពលោកភាគច្រើនក៏ប្រឡូកនៅក្នុងវិស័យអចលនទ្រព្យដែរ។

លោកហ៊ិន រស់ ម្ចាស់គម្រោងអភិវឌ្ឍន៍ ភូមិចំការដូងរីសត នៅក្នុងភូមិ ស្ពានដែក ឃុំឆ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក៏បានឱ្យដឹងផងដែរថា មុននឹងលោកសម្រេចប្រឡូកនៅក្នុងវិស័យនេះ លោកបានមើលឃើញថាអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យភាគច្រើនជាអ្នកមាន និងរកលុយបាន ហើយលោកក៏បានប្រឡុកក្នុងវិស័យនេះ ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះលោកក៏រកចំណូលបានពីការប្រឡូកនៅក្នុងវិស័យអចលនទ្រព្យដែរ។

លោកបន្តថាផ្ដើមចេញពីការប្រឡូកក្នុងវិស័យនេះដំបូងលោកមានទុនត្រឹមតែដី២ឡូត៏ប៉ុណ្ណោះ ប៉ុន្តែដោយសារតែឃើញថាការទិញលក់ដីកាន់តែសកម្មនិងទទួលបានបានផល់ចំណេញ លោកក៏បានធ្វើបែបនេះជាបន្តបន្ទាប់ ហើយក៏ទទួលបានលទ្ធផលល្អប្រសើរ និងអាចរកដីសម្រាប់អភិវឌ្ឍន៍ជាដីឡូត៏លំហែមួយកន្លែងដែលមានការវិនិយោគធំមួយក្នុងតំបន់៕

សិង្ហបុរី ចាប់ផ្ដើមប្រើធម៌ក្ដៅលើអ្នកមិនចាក់វ៉ាក់សាំង ដែលត្រូវប្រឈមការបាត់បង់ការងារ

ដោយ សុខុម

សិង្ហបុរី: ប្រទេសសិង្ហបុរី បានចាប់ផ្ដើមប្រើធម៌ក្ដៅលើអ្នកដែលមិនចាក់វ៉ាក់សាំងកូវីដ-១៩ ហើយពេលនេះ ដោយអ្នកដែលមិនបានចាក់ត្រូវប្រឈមនឹងការបាត់បង់ការងារ នៅពេលវិធានការរឹតបន្តឹងថ្មីលើការចេញចូលការិយាល័យធ្វើការចូលជាធរមាន។

យោងតាមក្រុមប្រឹក្សាមួយរបស់រដ្ឋាភិបាលឱ្យដឹងថា កាលពីមុននេះរដ្ឋាភិបាលបានផ្ដល់សម្បទានដោយអនុញ្ញាតឱ្យអ្នកធ្វើការដែលមិនទាន់ចាក់វ៉ាក់សាំងអាចចេញចូលកន្លែងធ្វើការបាន ឱ្យតែពួកគេធ្វើតេស្តអវិជ្ជមានកូវីដ-១៩។

ទោះជាយ៉ាងណា ចាប់ពីថ្ងៃសៅរ៍ ទី១៥ មករា នេះតទៅ សម្បទាននេះត្រូវបានដកចេញហើយ ដែលធ្វើឱ្យអ្នកមិនទាន់ចាក់វ៉ាក់សាំងប្រឈមហានិភ័យបាត់បង់ការងារ។

នៅក្នុងសេចក្ដីសម្រេចរបស់រដ្ឋាភិបាលបញ្ជាក់ថា និយោជកអាចអនុញ្ញាតឱ្យអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងធ្វើការងារពីផ្ទះ ឬឱ្យពួកគេឈប់សម្រាកដោយគ្មានប្រាក់បៀវត្សរ៍ ហើយជម្រើសចុងក្រោយគឺបណ្ដេញពួកគេចេញពីការងារតែម្ដង ប្រសិនបើពួកគេមិនអាចបំពេញការងារនៅខាងក្រៅការិយាល័យបាន។

សិង្ហបុរី ស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុតក្នុងពិភពលោក ហើយប្រទេសនេះបានអនុវត្តវិធីសាស្ត្រយ៉ាងតឹងរ៉ឹងទូទាំងប្រទេសប្រឆាំងអ្នកដែលមិនចាក់វ៉ាក់សាំង ដោយហាមឃាត់ពួកគេមិនឱ្យចូលបារ ភោជនីយដ្ឋាន ហាង ផ្សារទំនើបជាដើមដើម្បីទប់ស្កាត់ហានិភ័យរីករាលដាលវីរុសកូវីដ-១៩៕

រដ្ឋបាលខេត្តកោះកុងដកហូតផ្ទៃដីទំហំ១០២ហិកតា ស្ថិតនៅភូមិទួលគគីរទុកជាសម្បត្តិឯកជនរបស់រដ្ឋ

ដោយ សុផារី

កោះកុង៖ រដ្ឋបាលខេត្តកោះកុង កាល​ពី​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បាន​ចេញ​សេចក្តីសម្រេច ស្តីពីការដកហូតផ្ទៃដីទំហំ១០២ហិកតា ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ទុកជាសម្បត្តិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង។

តាម​រយៈ​សេច​ក្តី​សម្រេច​លេខ​ ០០៥/២២ ស.ស.រ ទុកជាមោឃៈនូវរាល់បណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី បណ្ណសម្គាល់សិទ្ធិកាន់កាប់ អចលនទ្រព្យ និងឯកសារផ្សេងៗទៀតដែលបញ្ជាក់ពីសិទ្ធិកាន់កាប់ដីមិនស្របច្បាប់ នៃដីក្នុងទីតាំងដីទំហំ១០២ហិកតា ស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមាន និយាមកាដូចខាងក្រោម៖

X. 287341 Y. 1278933; X. 287172 Y. 1278800; X. 287106 Y. 1278637; X. 287001 Y. 1278312; X. 287039 Y. 1278200; X. 286955 Y. 1278127; X. 286734 Y. 1278228; X. 286703 Y. 1278371; X. 286576 Y. 1278486; X. 286560 Y. 1278581; X. 286722 Y. 1278597; X. 286829 Y.1278749; X. 286683 Y. 1276926; X. 286459 Y. 1278960; X. 286366 Y. 1279166 X. 286326 Y. 1279384; X. 286415 Y. 1279607; X. 286836 Y.1279774 X. 287087 Y. 1279385

ផ្ទៃដីទំហំ១០២ហិកតាខាង​លើ​នេះ​នឹង​ស្ថិត​ក្រោម​អភិបាលកិច្ច​របស់​រដ្ឋបាលស្រុកមណ្ឌលសីមា រដ្ឋបាលឃុំទួលគគីរ ជាមួយមន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ក្នុង​ការ​ថែរក្សា ការពារទីតាំងដីនេះឱ្យបានគង់វង្ស។

កន្លងមក​កាលពី​ថ្ងៃ​ទី​០២ ខែមី​នា ឆ្នាំ២០២១ រដ្ឋបាលខេត្តកោះកុងធ្លាប់បាន​ចេញ​អនុក្រឹត្យ​លេខ​០៣ អនក្រ.បក ស្តីពីការធ្វើអនុប្បយោគផ្ទៃដីទំហំ ១២៦ ៩២៨,៣៩ហិកតា ក្នុងតំបន់ការពារធម្មជាតិចំនួន៨តំបន់ក្នុងភូមិសាស្ត្រខេត្តកោះកុង ជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដើម្បីធ្វើប្រទានកម្មជាកម្មសិទ្ធិជូន ប្រជាពលរដ្ឋ និងមួយចំណែកទុកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋកាន់កាប់ដោយរដ្ឋបាលខេត្តកោះកុង រួច​មក​ហើយ​៕

ក្រុម​ហ៊ុន​អចលនទ្រព្យ​ធំ​មួយ​កំពុង​ឈាន​ជើង​ចូល​ទីផ្សារ​បុរី​នៅ​កម្ពុជា

ដោយ៖ សុធារី

ភ្នំពេញ៖ ក្រុមហ៊ុន សូណាត្រា គ្រុប ដែលបានបណ្តាក់ទុនវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ បើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការនូវគម្រោងលំនៅឋាន របស់បុរីសូណាត្រា ដែលមានទីតាំង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។

ក្រុមហ៊ុន សូណាត្រា គ្រុប ជា​ក្រុម​ហ៊ុន​វិនិយោគ​ក្នុងវិស័យអចលនទ្រព្យ សំណង់ ហិរញ្ញប្បទាន គណនេយ្យ-សវនកម្ម និង ភោជនីយដ្ឋានជប៉ុន ព្រមទាំងការវិនិយោគមួយចំនួនទៀតមាន​មួលដ្ឋាន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។

ក្នុង​ឱកាស​នោះ លោក​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា​​ នេះពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវភាពជោគជ័យថ្មីមួយទៀតរបស់កម្ពុជា ក្នុងការទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស មកបណ្តាក់ទុន ធ្វើអាជីវកម្មនៅកម្ពុជា កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍរាជធានីភ្នំពេញឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក​បាន​​បញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋាន របស់បុរីសូណាត្រា​ នឹងក្លាយជា ជម្រើសថ្មីបន្ថែមទៀតសម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យ ជូនដល់ពាណិជ្ជករ ធុរជន វិនិយោគិន ជនបរទេស ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ស្របពេលដែល ប្រទេសជាតិយើង បានបើកដំណើរការសកម្មភាពសេដ្ឋកិច្ច-សង្គម ពេញលេញឡើងវិញលើគ្រប់វិស័យ។

លោក​បន្ត​ថា “បច្ចុប្បន្ន វិស័យអចលនទ្រព្យ គឺជាជន្ទល់ដ៏សំខាន់មួយ នៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្ល៉ោះហើយ ការសម្រេចចិត្តវិនិយោគក្នុងវិស័យសំណង់លំនៅឋាន និងពាណិជ្ជកម្ម ពិតជាមានតម្រូវការក្នុងអត្រាខ្ពស់ និងនៅមានភាពទូលំទូលាយដើម្បី គាំទ្រដល់ការលូតលាស់ផ្នែកអចលនទ្រព្យ និងដើម្បីបង្កើនភាពធន់ របស់វិស័យឯកជន ឱ្យកាន់តែរឹងមាំ និងប្រសើរឡើង”។

លោកឧកញ៉ាស៊ន សុខណា ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនសូណាត្រា គ្រុប បានមានប្រសាសន៍លើកឡើងថា ការបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការ គម្រោងលំនៅឋាននេះ ជាការបង្ហាញពីជ្រុងមួយនៃការរីកចំរើនរបស់កម្ពុជា។

លោកឧកញ៉ាបន្តថា អាជ្ញាធររាជធានីភ្នំពេញនិងរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងណាស់ក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩រហូតបានបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈដែលបានធ្វើអោយក្រុមហ៊ុនរបស់លោកអាចបើកការដា្ឋនសាងសង់ និងបើកលក់ជាផ្លូវការ៕

កង្វះកម្លាំងពលកម្មជំរុញឱ្យតម្លៃសំណង់និងតម្លៃអចលនទ្រព្យឡើងថ្លៃ៣ទៅ៥ភាគរយ

ដោយ៖ ស្រីលិះ

ភ្នំពេញ៖ បើទោះជាការចំណាយលើការគ្រប់គ្រងបានកាត់បន្ថយកាលពីឆ្នាំ២០២១ក៏ដោយ តែបញ្ហាការខ្វះខាតកម្លាំងពលកម្ម ជាលទ្ធផលនៃការកើនឡើងនៃតម្លៃកម្លាំងពលកម្ម បានធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើងពី ៣ ទៅ ៥ ភាគរយ។

នេះបើតាមការលើកឡើងរបស់លោកស្រី Apa Ataboonwongse នាយកប្រតិបត្តិក្រុមហ៊ុន Richy Place កាលពីថ្ងៃសុក្រ។ លោកស្រីថា ឥឡូវនេះអចលនទ្រព្យមួយចំនួននៅក្នុងស្តុកចាប់តាំងពីឆ្នាំ២០២២បានផ្លាស់ប្តូរ អ្នកអភិវឌ្ឍន៍នឹងត្រូវកែសម្រួលតម្លៃរបស់ពួកគេដើម្បីសម្របតាមតម្លៃនៃការសាងសង់ដែលបានកើនឡើងចាប់តាំងពីឆ្នាំមុន។

លោកស្រីបានបន្តថា “នៅឆ្នាំ ២០២២ យើងរំពឹងថានឹងឃើញតម្លៃអចលនទ្រព្យកើនឡើងពី ៣ ទៅ ៥ ភាគរយ។ អ្នកអភិវឌ្ឍន៍មិនអាចរក្សាតម្លៃដដែលបានទេ បើទោះជាការចំណាយលើការគ្រប់គ្រងបានកាត់បន្ថយកាលពីឆ្នាំមុនក៏ដោយ។ ដោយសារតែកូវីដ-១៩ ពលករចំណាកស្រុកភាគច្រើនបានត្រឡប់ទៅប្រទេសរបស់ពួកគេវិញ ដែលបណ្តាលឱ្យមានការខ្វះខាតកម្លាំងពលកម្ម។ នេះជាលទ្ធផលបានបង្កើនតម្លៃកម្លាំងពលកម្ម និងពន្យារពេលគម្រោងភាគច្រើនពី១០ទៅ២០ភាគរយពីការកំណត់របស់គម្រោង”។

លោក Uthai Uthaisangsuk នាយកប្រតិបត្តិនៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri មានប្រសាសន៍ថា បច្ចុប្បន្នតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងទីផ្សារអចលនទ្រព្យស្ថិតក្នុងស្ថានភាពមានតុល្យភាព។

លោកបាននិយាយថា “Sansiri មានខុនដូដែលមានតម្លៃតិចជាង១០ពាន់លានបាត និងផ្ទះដែលមិនទាន់លក់មានតម្លៃ ២ ពាន់លានបាត ដែលមានន័យថាមិនចាំបាច់មានអ្នកអភិវឌ្ឍន៍ដើម្បីចូលរួមក្នុងសង្គ្រាមតម្លៃដើម្បីកម្ចាត់ភាគហ៊ុននោះទេ។ ជំនួសមកវិញ នៅឆ្នាំនេះ យើងនឹងផ្តោតលើការកែលម្អសេវាកម្មក្រោយការលក់ និងកែលម្អគុណភាពនៃផលិតផល ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន”។

ទន្ទឹមនឹងនេះ លោក Wichai Wiratkaphan នាយកស្តីទីនៃមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យរបស់ធនាគារលំនៅដ្ឋានរដ្ឋាភិបាលបាននិយាយថា មជ្ឈមណ្ឌលប៉ាន់ស្មានថាតម្លៃអចលនទ្រព្យនៅឆ្នាំ២០២២នឹងកើនឡើងដោយសារតែការកើនឡើងនៃតម្លៃសម្ភារៈសំណង់ ទោះបីជាតម្លៃដីទំនងជានៅដដែលក៏ដោយ។

លោកបានមានប្រសាសន៍ថា “នៅឆ្នាំនេះ យើងក៏រំពឹងថានឹងឃើញអ្នកអភិវឌ្ឍន៍ដាក់ចេញនូវការបញ្ចុះតម្លៃ និងយុទ្ធនាការផ្សព្វផ្សាយតិចជាងមុន ខណៈដែលតម្រូវការក្នុងវិស័យអចលនទ្រព្យកំពុងចាប់ផ្តើមកើនឡើង និងកំពុងត្រូវគ្នានឹងការផ្គត់ផ្គង់”៕

ប៉ូលទេសចរណ៍ធំៗចំនួន៥ នឹងធ្វើឱ្យខេត្តមណ្ឌលគិរីជាប៉ូលសេដ្ឋកិច្ចថ្មីនៅកម្ពុជា

ដោយ៖ សុធារី

ខេត្តមណ្ឌលគិរី៖ រដ្ឋាភិបាលកម្ពុជាកាលពីខែ សីហា ឆ្នាំ២០២១ បានសម្រេចដាក់ឱ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ជាគោលដៅអេកូទេសចរណ៍លំដាប់អន្តរជាតិ។ រដ្ឋាភិបាលរំពឹងថា មណ្ឌលគិរី នឹងក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ បន្ទាប់ពីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

តាមរយៈផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ខេត្តមណ្ឌលគិរីអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជិត ៣លាននាក់ក្នុងមួយឆ្នាំៗចាប់ពីឆ្នាំ២០៣៥ ខណៈដែលខេត្តនេះនឹងក្លាយជាតំបន់ស្នូលក្នុងភូមិភាគឦសាន្តក្នុងការផ្គត់ផ្គង់ បន្លែ ផ្លែឈើ និងសាច់ សម្រាប់បំពេញតម្រូវការក្នុងប្រទេស និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។

ដើម្បីឈានទៅសម្រេចគោលដៅនេះ ប៉ូលទេសចរណ៍ធំៗចំនួន៥ ត្រូវបានបែងចែកទៅតាមទីតាំងភូមិសាស្ត្រ និងសក្ដានុពលផ្សេងគ្នាៗដូចជា៖

១ តំបន់ក្រុងសែនមនោរម្យ នឹងអភិវឌ្ឍទៅជាតំបន់អភិវឌ្ឍន៍ពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។
២ អាកាសយានដ្ឋានមណ្ឌលគិរីឋិតក្នុងស្រុកអូររាំង នឹងត្រូវអភិវឌ្ឍជាទីក្រុងរណបនៃក្រុងសែនមនោរម្យ។
៣ តំបន់សមាហរណកម្មច្រកទ្វារព្រំដែន ដែលមានច្រកទ្វារព្រំដែនទ្វេភាគីជាមួយវៀតណាមចំនួន ៤ កន្លែង នឹងជួយជំរុញឱ្យមានសកម្មភាពអភិវឌ្ឍន៍ និងទេសចរណ៍នៅតាមច្រកព្រំដែននេះ។
៤ តំបន់របៀងអេកូទេសចរណ៍ និងទេសចរណ៍ជនជាតិដើមភាគតិច នឹងត្រូវភ្ជាប់ពីតំបន់ប៊ូស្រាទៅកាន់តំបន់ដាក់ដាំ។
៥ និងប៉ូលទេសចរណ៍ចុងក្រោយគឺតំបន់ប្រជុំជនស្រុកកោះញែក ដែលមានសក្ដានុពលជាតំបន់កសិទេសចរណ៍៕

វិនិយោគិនបរទេសចាប់ផ្ដើមបង្កើនល្បឿនអភិវឌ្ឍន៍គម្រោងឡើងវិញ ក្រោយស្ងប់មួយរយៈ

ដោយៈវឌ្ឈនៈ

ភ្នំពេញៈ វិនិយោគិនបរទេស បានចាប់ផ្ដើមបង្កើនល្បឿនក្នុងការអភិវឌ្ឍគម្រោងរបស់ខ្លួនឡើងវិញ ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញ ក្នុងរយៈពេលជាង២ខែកន្លងមក។

ជាក់ស្ដែងគម្រោងអគារខ្ពស់ៗ ចំនួននៅក្នុងខណ្ឌចំការមន ដែលជាគម្រោងវិនិយោគរបស់វិនិយោគិនបរទេស បានចាប់ផ្ដើមធ្វើសកម្មភាពកាន់តែខ្លាំងជាងមុន។

គម្រោងអគារខុនដូ Mesong ដែលជាគម្រោងវិនិយោគរបស់វិនិយោគិនមកពីទីក្រុងហុងកុង នៅក្នុងទីក្រុងរណបកោះពេជ្រ បានបង្ហាញពីការបង្កើនល្បឿន ក្នុងការអភិវឌ្ឍគម្រោងនេះ កាន់តែលឿនបន្តទៀត ដោយបានសហការជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ នៅលើពិភពលោក ក៏ដូចជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈសំណង់ ដើម្បីឱ្យគម្រោងរបស់ខ្លួនបានដំណើរទៅមុខដោយរលូនជាមួយនឹងគុណភាពរឹងមាំ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនអភិវឌ្ឍន៍អគារខុនដូ Mesong ឱ្យដឹងនាថ្ងៃទី១៤ មករាកន្លងមកថា ការសហការរវាងក្រុមហ៊ុនធំៗ ដែលមានបទពិសោធន៍ ក្នុងការផ្គត់ផ្គង់សម្ភារៈបរិក្ខារ នៅក្នុងអគារនឹងជំរុញ ឱ្យការអភិវឌ្ឍរបស់ Mesong បានផ្ដល់ជូននូវប្រណីតភាព និងគុណភាពដល់ការអភិវឌ្ឍ សំណង់នៅក្នុងប្រទេសកម្ពុជា និងពន្លឿនដល់ការអភិវឌ្ឍរបស់ខ្លួនផងដែរ ។

ដោយឡែកគម្រោងមួយទៀត ក្រោមការវិនិយោគរបស់វិនិយោគិនបរទេសនៅតំបន់ទួលទំពូងក៏ឃើញថា បានចាប់ផ្ដើមយ៉ាងមមាញឹកឡើងវិញ ជាមួយនឹងស្វែងរកទីផ្សារលក់ និងការសាងសង់គម្រោងរបស់ខ្លួនផងដែរ ។

គម្រោង Royal skyland ក៏ត្រូវបានចាត់ទុកជាគម្រោងអគារខ្ពស់មួយនៅកម្ពុជា ត្រូវបានមើលឃើញថា បានបង្កើនល្បឿនអភិវឌ្ឍន៍ឡើងវិញក្រោយពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកប្រទេស ក្នុងនោះគម្រោងអគារខុនដូ រ៉ូយ៉ាល់ស្កាយលែន ក៏បានស្វះស្វែងរកដៃគូលក់គម្រោងរបស់ខ្លួនជាច្រើន ស្របពេលជាមួយនឹងការជំរុញការសាងសង់ ឱ្យបានបញ្ចប់ទៅតាមផែនការរបស់ខ្លួន ។

លោកប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Advance បាន ឱ្យ​ដឹងថា ក្រោយបើកប្រទេសគឺស្ថានភាពបានល្អប្រសើរ ហើយវិនិយោគិនដែលមានវត្តមាន ក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមបញ្ចេញសកម្មភាពរបស់ខ្លួនភ្លាម តែសម្រាប់វិនិយោគបរទេសថ្មីៗ នៅតែមិនទាន់ឃើញមានចូលមកកម្ពុជាស្វែងការវិនិយោគច្រើននោះទេ៕

វៀតណាមកំពុងរត់តាមប្រកិតកម្ពុជា ក្នុងការក្លាយជាប្រទេសដែលថ្លៃចំណាយប្រតិបត្តិការទាបបំផុតទី៣នៅអាស៊ី

ដោយៈសុខុម

ភ្នំពេញ: វៀតណាម បានក្លាយជាប្រទេស ដែលមានថ្លៃចំណាយប្រតិ​បត្តិការទាបបំផុតទី៣ ក្នុងចំណោមប្រទេសចំនួន៩នៅតំបន់អាស៊ី ដោយតាមប្រកិតពីក្រោយកម្ពុជា និងមីយ៉ាន់ម៉ា។ នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់ ផ្នែកការផ្លាស់ប្ដូរអាជីវកម្មឈានមុខ នៅអាស៊ី-ប៉ាស៊ីហ្វិក។

របាយការណ៍របស់ TMX ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះបង្ហាញថា ថ្លៃចំណាយប្រតិបត្តិការសរុប ជាមធ្យមសម្រាប់ក្រុមហ៊ុនផលិត​កម្មមួយនៅប្រទេសវៀតណាម គឺមានចាប់ពី៧៩.២៨០ដុល្លារអាមេរិក ដល់២០៩.០៨៧ដុល្លារអាមេរិកក្នុងមួយខែ បើធៀបនឹងសិង្ហបុរី ដែលថ្លៃជាងគេលេខ១ ជាមួយនឹងថ្លៃចំណាយ៣៦៦.៥៦១ដុល្លារអាមេរិក និងប្រទេសថៃ ថ្លៃបំផុតលេខ២ ជាមួយនឹងថ្លៃចំណាយ១៤២.៣៤៤ដុល្លារាមេរិក។

និយាយពីកម្លាំងពលកម្ម ដែលគ្របដណ្ដប់រហូតដល់ទៅ៥៥% នៃថ្លៃចំណាយសរុប ក្នុងប្រទេសទាំង៩ខាងលើនេះ វៀតណាមក្លាយប្រទេសដែលមានថ្លៃ កម្លាំងពលកម្មទាបបំផុតទី៤ តាមប្រកិតពីក្រោយកម្ពុជា មីយ៉ាន់ម៉ា និងហ្វីលីពីន ជាមួយនឹងអត្រាជាមធ្យម ត្រឹម១០៨.១៩៦ដុល្លារអាមេរិកក្នុងមួយខែ។

វៀតណាម ជាទីផ្សារការងារដែលមានទំហំធំ និងមានតម្លៃសមរម្យ។ ខណៈវៀតណាម ផ្តល់ឱកាសការងារច្រើន ប្រទេសនេះមានកម្មករជំនាញខ្ពស់ក្នុងចំនួនតិចតួចណាស់ នៅក្នុងវិស័យជាច្រើន ដោយទទួលបាន៣៥ពិន្ទុ សម្រាប់ការប្រកួតប្រជែងផ្នែកជំនាញ និងទេពកោសល្យ បើធៀបនឹង៤០ពិន្ទុសម្រាប់ហ្វីលីពីន និងថៃ។

បើនិយាយពីពិន្ទុប្រកួតប្រជែងវិញ វៀតណាម ជាប់ចំណាត់ថ្នាក់លេខ៥ តាមពីក្រោយសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌា និងថៃ។

ទាក់ទិននឹងការជួលឃ្លាំង វៀតណាម ក្លាយជាប្រទេសដែលមានតម្លៃជួលធូរថ្លៃបំផុតទី៤ ជាមួយនឹងអត្រាតម្លៃជាមធ្យម៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ សម្រាប់រយៈពេលមួយខែ តាមពីក្រោយប្រទេសថៃ មីយ៉ាន់ម៉ា និងកម្ពុជា៕ Vietnam News៕

អ្នកជំនាញអចលនទ្រព្យៈ ទីផ្សារដីឡូតិ៍កម្ពុជានៅឆ្នាំនេះនឹងមានដំណើរការល្អជាងឆ្នាំ២០២១

ដោយៈ សុធារី

ភ្នំពេញៈ ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងឆ្នាំ២០២១ បានធ្វើឱ្យចរន្តទិញ លក់ក្នុងវិស័យអចលនទ្រព្យ ក៏ទទួលរងផលប៉ះពាល់ផងដែរ ពិសេ​សការទិញលក់ដីឡូតិ៍។

ទោះយ៉ាងណាក្តី អ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយមថា ទីផ្សារដីឡូតិ៍កម្ពុជា នឹងមានដំណើរការល្អជាងឆ្នាំ២០២១ ទោះប្រឈមនឹងវិបត្តិកូវីដ១៩បន្តក្តី​។

លោក ម៉ាន់ ច័ន្ទឌី អ្នកជំនាញមួយរូបថ្លែងថា ឆ្នាំ២០២២ វិស័យដីឡូតិ៍នៅតែមានដំណើរការ ល្អជាងឆ្នាំ២០២១ ជាក់ស្ដែងដើមឆ្នាំ២០២២ ចូលមកដល់ភ្លាម ទីផ្សារដីឡូតិ៍មានភ្លាមតែម្ដង និងមានតម្រូវការច្រើន ព្រមទាំងល្អប្រសើរទៀតផង ដោយអតិថិជននៅតែមានតម្រូវការ និងចាប់អារម្មណ៍លើការទិញ-លក់ដីឡូតិ៍។

លោកបន្តថា “បញ្ហាប្រឈមមិនមាននោះទេ ប្រសិនបើរាជរដ្ឋាភិបាលអាចគ្រប់គ្រងជំងឺកូវីដ១៩បំប្លែងថ្មី អូមីក្រុង។ ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលបានចេញ នូវយុទ្ធសាស្រ្ដមួយចំនួន ដូចជា ចាប់ផ្ដើមចាក់ដូសជំរុញចំពោះអ្នកជួរមុខ និងអ្នកនៅក្នុងក្រុងភ្នំពេញ ដូច្នេះមិនមានបញ្ហាប្រឈមចំពោះវិស័យដីឡូតិ៍ឡើយ”។

លោកម៉ាន់ ច័ន្ទឌីបានបន្ដថា ទីផ្សារដីឡូតិ៍នៅតែមានតម្រូវការ ទោះបីតម្លៃមានការប្រែប្រួលតិចតួចក្ដី ដោយសារតែបន្ទាប់ពីទទួលរងបញ្ហាកូវីដ១៩ ដីធំពិបាកលក់ ព្រោះមិនមានវិនិយោគិនបរទេសមកវិនិយោគ ដូច្នេះបើដីធំពុះជាដីឡូតិ៍លក់ គឺមានចរន្ដទិញ-លក់ច្រើន ចរន្ដនៃការទិញលក់ដីឡូតិ៍ នៅតែមានភាពល្អប្រសើរ ក្នុងឆ្នាំ២០២២៕