សម្តេចតេជោអនុញ្ញាតឱ្យពលរដ្ឋតាមខេត្តអាចឡើងមកចាក់វ៉ាក់សាំង Pfizer នៅភ្នំពេញបាន

ដោយ៖សុផារី

បាត់ដំបង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានប្រកាសជាសាធារណៈឱ្យពលរដ្ឋដែលរស់នៅតាមខេត្តអាចឡើងមកភ្នំពេញ ដើម្បីចាក់វ៉ាក់សាំង Pfizer នៅភ្នំពេញបាន។

សម្តេច ហ៊ុន សែន បានថ្លែងយ៉ាងនេះស្របពែលដែលកម្ពុជាបានរកឃើញមេរោគបំប្លែងថ្មី អូមីក្រុង កើតក្នុងសហគមន៍កម្ពុជា ៣នាក់បន្ថែមទៀត គិតត្រឹមថ្ងៃទី២០ ខែមករានេះ។
សម្តេចមានប្រសាសន៍ដូច្នេះថា “បងប្អូនព្រួយបារម្ភខ្លាចថាក្រែងនាំគ្នាផ្អើលមកចាក់នៅភ្នំពេញ។ ឥឡូវខ្ញុំសូមប្រាប់ទៅចេះ វិធីដែលល្អជាងគេ ផ្អើលទៅណាទៅៗ ខ្មែរដូចតែគ្នាទេ កុំឆ្ងល់ពេក បើគេសុខចិត្តជិះពីបាត់ដំបងទៅចាក់នៅភ្នំពេញ ចាក់ឲ្យគេទៅ កុំខ្វល់ពេក ព្រោះខ្មែរដូចតែគ្នា គង់តែចាក់ដូចគ្នាទេ ចាក់ Pfizer ឲ្យអស់ទៅ”។

លើសពីនេះទៀត សម្តេចតេជោ បានប្រាប់ទៅលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលថា អ្នករស់នៅភ្នំពេញអ្នកណាចង់ចាក់វ៉ាក់សាំង Pfizer ក៏ចាក់ទៅ ព្រោះវ៉ាក់សាំងនេះដឹកយកទៅខេត្តអាចខូច ព្រោះអត់មានប្រព័ន្ធរក្សាទុក ៨០អង្សាក្រោមសូន្យ ដូច្នេះទាំងអ្នកខេត្ត និងភ្នំពេញ អាចចាក់បានទាំងអស់គ្នានៅរាជធានីភ្នំពេញ។

សម្តេចតេជោក៏បានសង្កាត់ធ្ងន់ថា “ខ្ញុំចង់ឱ្យទៅដណ្តើមនឹងហើយ យើងមិនពិបាកដឹកមនុស្ស ដឹកគ្រូពេទ្យយកមកចាក់នៅតាមខេត្ត”។
សម្តេចបញ្ជាក់ច្បាស់ៗថា ប្រទេសកម្ពុជា មិនបានបែងចែកតំបន់នោះទេ អ្នកណាចង់ចាក់វ៉ាក់សាំង គឺបើកសេរី អ្វីដែលសម្តេចបារម្ភ គឺមេរោគបំប្លែងអូមីក្រុងមកដល់រាយពេញប្រទេស។

ក្រសួងសុខាភិបាលនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ ដល់ក្រុមគោលដៅ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ខែ មករាឆ្នាំ២០២២២ខាងមុខតទៅ៕

ក្រុមហ៊ុនលំដាប់យក្សជប៉ុន AEON Group គ្រោងវិនិយោគមជ្ឈមណ្ឌលដឹកជញ្ជូនកម្រិតអន្តរជាតិនៅកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សជប៉ុន Aeon គ្រោងនឹងសាងសង់មជ្ឈមណ្ឌលដឹកជញ្ជូនខ្នាតអន្តរជាតិធំមួយ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែក្រុងព្រះសីហនុ។

ការវិនិយោគនេះ ធ្វើឡើងដើម្បីផ្ដល់សេវាកម្មស្តុកទំនិញ នាំចូល សម្របសម្រួលនីតិវិធីគយ និងគាំទ្រការលក់ទំនិញអនឡាញឆ្លងដែន។

យោងតាមសារព៌តមាន Nikkei Asia បានរាយការណ៍ថា មជ្ឈមណ្ឌ​លនេះ នឹងមានទំហំជាង៣០,០០០ម៉ែត្រការ៉េ ហើយរំពឹងថានឹងបើកដំណើ រការនៅឆ្នាំ ២០២៣។

មជ្ឈមណ្ឌលនេះ គឺឃ្លាំងស្ដុកលើកលែងការបង់ពន្ធនាំចូល ឬ (bonded warehouse)។ មានន័យថា ក្រុមហ៊ុននានាអាចរក្សាទុកទំនិញនាំចូលពីបរទេសក្នុងឃ្លាំងនេះសិន នៅពេលមកដល់កម្ពុជា ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីគយ និងបង់ពន្ធភ្លាមៗ។

ក្រុមហ៊ុនតម្រូវឱ្យបង់ពន្ធនាំចូល នៅពេលដែលដកទំនិញចេញពីឃ្លាំងយកទៅលក់ ហើយអត្រាពន្ធគឺគិតទៅតាមចំនួនទំនិញ ដែលនាំចេញពីឃ្លាំងជាក់ស្ដែង។ ការធ្វើបែបនេះ គឺអាចជួយសន្សំសំចៃ បានយ៉ាងច្រើន ដោយក្រុមហ៊ុននានា មិនចាំបាច់បង់ពន្ធសរុបម្ដងទាំងអស់។

ការវិនិយោគលើវិស័យនេះ គឺផែនការរបស់ Aeon Group ក្នុងការរកប្រភពចំណូលថ្មី ខណៈដែលតម្រូវការឃ្លាំងប្រភេទនេះ កំពុងកើនឡើងទូទាំងពិភពលោក៕

អ្នកជំនាញៈតំបន់ភាគខាងជើងកាន់តែមានសក្តានុពលខ្លាំងសម្រាប់វិស័យអចលនទ្រព្យ

ដោយៈ សុផារី

ភ្នំពេញៈ កត្តាជាច្រើនបាននិងកំពុងអូសទាញការរវិនិយោគ ឆ្ពោះទៅទិសខាងជើងរាជធានី ដែលមួយផ្នែកស្ថិតនៅលើផ្លូវជាតិលេខ៥​ ផ្លូវជាតិលេខ៥ និងផ្នែកមួយចំនួននៃមហាវិថីឈ្នះ ឈ្នះ។

យោងតាមអនុក្រឹត្យស្ដីពី “ការដាក់ឱ្យអនុវត្តប្លង់គោល ប្រើប្រាស់ដីនៅរាជធានីភ្នំពេញឆ្នាំ២០៣៥” ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រាជធានីភ្នំពេញនឹងពង្រីកវិសាលភាព ភូមិសាស្ត្រកាន់តែធំ នៅក្នុងទម្រង់ជាកាំរង្វង់ចម្ងាយ១០០គីឡូម៉ែត្រជុំវិញ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២២នេះ តំបន់ប៉ែកខាងជើងត្រូវបានអ្នកជំនា​ញមើលឃើញថា ជាតំបន់ដែលកាន់តែមានសក្តានុពល សំរាប់ការវិនិយោគអចលនទ្រព្យខ្លាំង។

អ្នកឧកញ៉ា លី ហួរ ដែលជាអ្នកអភិវឌ្ឍអចលនទ្រព្យដ៏ល្បីល្បាញនៅកម្ពុជា បានអះអាងថា នៅភាគខាងជើងរាជធានីភ្នំពេញ គឺជាតំបន់នេះមានខ្យល់អាកាស និងទឹកគ្រប់គ្រាន់ ដែលអំណោយផលដល់ការរស់នៅ និងប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀតនៅតំបន់នោះ វាបណ្តុំដោយអាគារពាណិជ្ជកម្ម ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ និងស្ថាប័នរដ្ឋមួយចំនួនទៀត ជាសក្ដានុពលខ្ពស់សម្រាប់ការអភិវឌ្ឍ។

ចំណែកលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នា​ក់ងារអចលនវត្ថុមើលឃើញថា ក្រុមហ៊ុនអភិវឌ្ឍន៍អគាពាណិជ្ជកម្ម និងលំនៅឋានធំៗមួយចំនួន បាននាំគ្នាបោះទុនវិនិយោគលើការអភិវឌ្ឍន៍អគារ និងសំណង់ផ្សេងៗ នៅប៉ែងខាងជើងរាជធានីភ្នំពេញ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបន្តថា “តាមរយៈការអភិវឌ្ឍរបស់ក្រុមហ៊ុនធំៗទាំងនេះ រួមជាមួយវត្តមានក្រសួង ស្ថាប័នរដ្ឋមួយចំនួន អ្នកជំនាញរូបនេះជឿជាក់ថា វានឹងធ្វើឱ្យតម្លៃអចលនទ្រព្យ និងការអភិវឌ្ឍន៍នៅតំបន់នោះ នឹងមានការរីកចម្រើនខ្លាំងនាពេលអនាគត”។

ជាមួយគ្នានេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានមានប្រសាសន៍ថា ប្រសិនបើចង់អភិវឌ្ឍអ្វីម្យ៉ាង ធ្វើអ្វីមួយភ្លាមៗ ទិញដីទុកលក់ភ្លាម រយៈពេល២ទៅ៣ឆ្នាំ ឬចង់សាងសង់ផ្ទះសម្រា​ប់រស់នៅលក្ខណៈស៊ីវីល័យ ទំនើប គឺទិសខាងជើង។ តំបន់ទិសខាងជើង ជាពិសេសខណ្ឌសែនសុខ ជាតំបន់ដែលប្រមូលផ្តុំ ទៅដោយមជ្ឈមណ្ឌលនានា មានដូចជា ផ្សារទំនើបអ៊ីអនម៉ល២ ផ្សារក្លូបល ផ្សារម៉ាក្រូ ផ្សារជីប ម៉ុង និងបុរីជាច្រើន។

លោកឧកញ៉ាសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល (GRA) និងជាប្រធានក្រុមហ៊ុន សេម អេស អិន បានមានប្រសាសន៍ថា តំបន់ប៉ែកខាងជើងនៃរាជធានីភ្នំពេញ ដូចជាតំបន់បឹងទំនប់កប់ស្រូវ គឺជាតំបន់ ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងដែរ ព្រោះតំបន់នេះមិននៅឆ្ងាយពីតំបន់ពាណិជ្ជកម្មនាពេលបច្ចុប្បន្ន។

ជាក់ស្តែង ផ្សារទំនើបអ៊ីអនម៉ល២ ក្នុងខណ្ឌសែនសុខ ដែលនាំឱ្យដីធ្លីក្នុងខណ្ឌនេះ មានការឡើងថ្លៃរហូតដល់១៥០០ ទៅ២០០០ដុល្លាអាមេរិកក្នុងមួយម៉ែត្រការ៉េតាមដងផ្លូវសំខាន់ៗ។ ការណ៍នេះ បណ្តាលឱ្យតំបន់នេះមានការរីកដុះដាលយ៉ាងខ្លាំង លើផ្នែកលំនៅដ្ឋានបែបស៊ីវិល័យ អគារខុនដូក៏បាននិងកំពុងតែរីកបណ្តើរៗផងដែរ។
លោកឧកញ៉ាព្យាករណ៍ថា “មិនយូរមិនឆាប់ទេ បឹងតាមោកនិងតំបន់ក្បែរបឹងតាមោក នឹងក្លាយជាតំបន់ពាណិជ្ជកម្មមួយ ឬការស្នាក់នៅយ៉ាងល្អប្រសើរខ្លាំងមែនទែនសម្រាប់ការវិនិយោគក្នុងតំបន់នេះ”។

បន្ថែមលើសនេះ តំបន់មួយទៀតដែលលោកឧកញ៉ា មើលឃើញថាជាតំបន់មានសក្តានុពលផងដែរនោះ គឺតំបន់ផ្លូវលី យ៉ុងផាត់ ដែលមានទីតាំងមិនឆ្ងាយពីបឹងតាមោកនោះទេ និងស្ថិតក្នុងប៉ែកខាងជើងឆៀងខាងកើតនៃរាជធានីភ្នំពេញ។ លោកជឿជាក់ថា តំបន់នេះមានសក្តានុពលទាក់ទាញវិនិយោគិនខ្លាំង នឹងក្លាយទៅជាតំបន់ អភិវឌ្ឍន៍លំនៅដ្ឋានយ៉ាងល្អប្រសើរបំផុត ដោយយើងសង្គេតឃើញមាន ស្តាតសម្តេចតេជោហ៊ុនសែន មហាវិថីឈ្នះ ឈ្នះ ការអភិវឌ្ឍបុរី ខុនដូខ្លះៗ។

រីឯឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ CPL បានគូសបញ្ជាក់ថា កត្តាដែលធ្វើឱ្យតំបន់ប៉ែកខាងជើង រាជធានីភ្នំពេញមានការទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគ គឺដោយសារតំបន់នោះមានដីធំៗទំនេរច្រើន ដែលអំណោយផល ដល់ការអភិវឌ្ឍអគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប និងអគារលំនៅឋានធំៗ។

លោកបន្តថា ការផ្លាស់ប្តូរទីតាំងក្រសួង ស្ថាប័នរដ្ឋមួយចំនួនទៅប៉ែកខាងជើងនៅមួយរយៈចុងក្រោយ ក៏ជាកត្តាធ្វើឱ្យតំបន់នោះ មានការទាក់ទាញខ្លាំងផងដែរ។

ជាក់ស្តែង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រ​សួងសាធារណការ និងដឹកជញ្ជូន រួមជាមួយពហុកីឡដ្ឋានជាតិមរតកតេជោ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនទៀត ត្រូវបានលេចត្រដែតឡើងនៅប៉ែកខាងជើងរាជធានីភ្នំពេញ៕

លោកជំទាវគង់សំណាង លើកបង្ហាញពីសក្តានុពលនៃបុរីវិមានសំណាង

ដោយៈ កុសមា

ភ្នំពេញៈ ខណៈដែលប្រទេសកម្ពុជា កំពុងមានការរីកចម្រើននៅលើគ្រប់វិស័យជាពិសេសវិស័យសំណង់ និងអចលនទ្រព្យ គម្រោងថ្មីៗជាច្រើនបានរីកដុះដាលនៅទូទាំងប្រទេស។

ទន្ទឹមនឹងនេះ បុរីវិមានសំណាងក៏កំពុងត្រដែតខ្លួន នៅភាគខាងជើងភ្នំពេញ ដែលជាតំបន់មានសក្តានុពលមួយផងដែរ។ ដូចនេះតើបុរីវិមានសំណាងមានភាពប្រណីត និងស្តង់ដាបែបណាខ្លះ?។

លោកជំទាវឧកញ៉ាគង់ សំណាង អគ្គនាយិកានៃបុរីវិមានសំណាង នៅប៉ែកខាងជើងរាជធានីភ្នំពេញ បានមានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ជាមួយគេហទំព័រ Property Area Asia កាលពីពេលថ្មីៗនេះថា កាលពីអតីត លោកជំទាវគ្រាន់តែជាភ្នាក់ងារលក់ អចលនទ្រព្យមួយរូបប៉ុណ្ណោះ ប៉ុន្តែដោយសារតែបទពិសោធន៍ និងការងារជាមួយនឹងអចលនទ្រព្យយូរឆ្នាំទៅ ហើយជំនឿជាក់ផងនោះ ធ្វើឱ្យលោកជំទាវក៏សម្រេចចិត្ត ក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។

លោកជំទាវបានមានប្រសាសន៍ថា “មុនដំបូងឡើយ ក្រុមហ៊ុនលោកជំទាវ គឺជាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ដែលជាអ្នកលក់គម្រោងឱ្យទៅដៃគូ និងម្ចាស់អភិវឌ្ឍន៍នានា តែដោយសារតែការស្រលាញ់ជាមួយនឹងអាជីពមួយនេះ លោកជំទាវក៏បានសម្រេចបោះទុនវិនិយោគ អភិវឌ្ឍន៍បុរីនៅភ្នំពេញ”។

បុរីដំបូងដែលក្រុមហ៊ុនគឺ បុរី KS Resident ដែលលោកជំទាវបានវិនិយោគ និងអភិវឌ្ឍន៍ មានទីតាំងនៅស្រុកកៀនស្វាយ ហើយជាប្រភេទលំនៅឋាន ដែលមានតម្លៃសមរម្យមួយ រីឯគម្រោងទី២គឺបុរីវិមានសំណាង ដែលមានទីតាំងនៅជិត ក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងសំណង់ ដែលស្ថិតនៅប៉ែកខាងជើងនៃរាជធានីភ្នំពេញ និងជាតំបន់មានសក្ដានុពលខ្ពស់មួយផងដែរ។

លោកជំទាវឧកញ៉ាគង់ សំណាងបានបន្តថា នៅក្នុងបុរីវិមានសំណាង មានទំហំដីសរុបប្រមាណ២៥ហិចតា ដោយអភិវឌ្ឍន៍ជាផ្ទះអាជីវកម្ម វីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង និងកំពុងរៀបចំអភិវឌ្ឍន៍ជាផ្ទះវីឡា រ៉ូយ៉ាល់ ដែលផ្ទះប្រភេទនេះ ផ្ដោតទៅលើអតិថិជន ដែលមានប្រាក់ចំណូលខ្ពស់បែបអភិជន ។

លោកជំទាវបន្តថា ”អ្វីដែលជាចំនុចពិសេសរបស់បុរីវិមានសំណាង គឺស្ថិតនៅទីតាំងដែលមានសក្ដានុពល ដូចជា មានទីតាំងបុរីគឺស្ថិតនៅលើផ្លូវមេ ជាផ្លូវធំ ហើយមួយវិញទៀត នៅក្នុងគម្រោងក៏មានរៀបចំជាសួនច្បារធំៗ ផ្លូវធំៗ មានក្លឹបហាត់ប្រាណ សួនកុមារ និងជាពិសេសរាល់ផ្ទះរបស់វីឡាឃ្វីន និងវីឡាឃីង សុទ្ធតែបែរទៅរកមាត់ទឹក ដែលផ្ទះប្រភេទនេះពិបាករកណាស់នៅក្នុងភ្នំពេញ”។

លោកជំទាវបន្ថែមថា បុរីវិមានសំណាង ដែលក្រុមហ៊ុនអភិវឌ្ឍន៍ឡើងមកនេះ គឺផ្ដោតទៅលើអតិថិជនកម្រិតមធ្យមឡើងទៅ ដោយសារតែក្នុងបុរីសង់ឡើងសុទ្ធតែជាវីឡា ដោយវីឡានីមួយៗសង់ឡើង ដោយផ្ចិតផ្ចង់ជាទីបំផុត។

លោកជំទាវនៅតែមានការជឿជាក់ខ្ពស់ ទៅលើទីផ្សារលំនៅឋានក្នុងបុរី ជាពិសេសនៅពេលកំណើនប្រាក់ចំណូល ពលរដ្ឋកាន់តែកើនឡើង ការផ្គត់ផ្គង់លំនៅឋានតម្លៃខ្ពស់ៗ ក៏កាន់តែមានតម្រូវការ ពីព្រោះថាប្រជាពល​រដ្ឋកម្ពុជា នៅតែមានទំនោរទៅរកការរស់នៅ ក្នុងផ្ទះជាលក្ខណៈបុរី ច្រើនជាងការរស់នៅ ក្នុងអគារសហកម្មសិទ្ធិ ហើយបុរីដែលមានការអភិវឌ្ឍកាន់​តែទំនើប កាន់តែមានការទាក់ទាញដល់អតិថិជន ក្នុងប្រទេសកម្ពុជាផងដែរ៕

តើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុមានទីតាំងឈប់សំរាកនិងផ្លូវបំបែកចំនួនប៉ុន្មានទីតាំង

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុគ្រោងចំណាយទឹកប្រាក់២០១៩លានដុល្លារអាមេរិក និងគ្រោងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។

យោងតាមឯកសារបានបង្ហាញថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អនុវត្តនការស្ថាបនាដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនវិនិយោគបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន(CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាប្រមាណ ២០១៩ លានដុល្លារអាមេរិក។

ផ្លូវនេះមានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន៤កន្លែង។ ផ្លូវល្បឿនលឿននេះ បានឆ្លងកាត់ខេត្តកំពង់ស្ពឺ ប្រវែង៨០,៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩,៨៩គីឡូម៉ែត្រ។

ឯកសារដដែលបានបន្តថា គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ក្រុង ព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលា ធ្វើដំណើរពីរាជធានីភ្នំពេញ ទៅកំពង់ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងថយមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនផងដែរ៕

លោកស៊ុន ចាន់ថុល បង្ហើបទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីភ្នំពេញ ទៅស្វាយជ្រុំ

ដោយ: សុផារី

សៀមរាបៈ លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា​រណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២កន្លងមកនេះបានបញ្ជាក់អំពីទីតាំង នៃការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូងឬស្ពា​នស្វាយជ្រុំ ដែលគ្រោងនឹងចាប់ផ្តើម នៅឆ្នាំ២០២៣ខាងមុខនេះ ខណៈពេលនេះការសិក្សាជិតចប់សព្វគ្រប់អស់ហើយ។

លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍បញ្ជាក់ថា ចំពោះទីតាំងតភ្ជាប់ក៏កំពុងស្ថិតក្នុងការសម្រេចផងដែរ ដោយមានជម្រើសពីរ គឺទី១ ភ្ជាប់ពីទីតាំងរដ្ឋាករទឹក ផ្លូវកែវចិន្តា ខណ្ឌជ្រោយចង្វារ ទៅកាន់ស្វាយជ្រុំតែម្តង និងទី២ ភ្ជាប់ពីម្តុំផ្សារចាស់ ទៅសណ្ឋាគារសុខា រួចទៅកាន់តំបន់អរិយក្សត្រ ដែ​លត្រូវសង់ស្ពានចំនួន២។ ដូច្នេះទីតាំងណា ដែលមានផលប៉ះពាល់តិច ចំណាយថវិកាតិចជាជម្រើសល្អ។

លោករដ្ឋមន្ត្រីបន្តថា “ស្ពានឆ្លងទន្លេមេគង្គ នៅភ្នំពេញ គឺស្ពានស្វាយជ្រុំ ឥឡូវនេះសិក្សាជិតចប់សព្វគ្រប់ហើយ ដែលមានជម្រើសស្ពាន៣ប្រភេ​ទមានស្ពានធម្មតា មានស្ពានខ្សែកាបិ៍ ដូច នៅអ្នកលឿង យើងកំពុងពិនិត្យចុងក្រោយ ដើម្បីរៀបចំដាក់ចេញថ្លៃសាងសង់”។លោកបន្តថា “ខ្ញុំគិតថាទាល់ឆ្នាំ២០២៣ ទើបយើងអាចបើកការដ្ឋានសាងសង់ស្ពាន ស្វាយជ្រុំនេះបាន”។

ការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ធ្វើឡើងក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២២នេះ។

ថ្លែងក្នុងឱកាសចូលរួម ក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ ប្រវែង១៤៨គីឡូម៉ែត្រ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងការអបអរសាទរ ចំពោះសមិទ្ធផលស្ពានថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរាជធានីភ្នំពេញ ក៏ដូចជាប្រជាជនកម្ពុជាទាំងអស់។

បើតាមសម្តេចតេជោ ហ៊ុន សែន ស្ពានថ្មីនេះឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ ដែលនឹងជួយឲ្យតំបន់នោះ នៅក្លាយជាទីក្រុងរណប នៅពេលខាងមុខ៕

ក្រុមហ៊ុនចិនកាន់តែច្រើនចាប់អារម្មណ៍វិនិយោគនៅក្នុងខេត្តស្វាយរៀង

ដោយៈគង់ ម៉ាលីន

ស្វាយរៀងៈ ក្រុមហ៊ុនវិនិយោគចិន កំពុងសម្លឹងមើលវិស័យអចលនទ្រព្យ ក្នុងទឹកដីខេត្តស្វាយរៀង ក្រោយពេលសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញជាបណ្តើរៗចាប់ពីចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២នេះ។

លោក ម៉ែន វិបុល កាលពីចុងឆ្នាំ ២០២១ បានថ្លែង​គាំទ្រ និង​លើកទឹកចិត្ត ដល់​វិស័យ​ឯកជន​ទាំងអស់ នៅក្នុង​ខេត្តស្វាយរៀង ដែល​វិនិយោគ​វិស័យ​អចលនទ្រព្យ​ដីធ្លី ស្រប​ពេលដែល​ប្រទេសជាតិ មាន​សុខសន្តិភាព និង​ការអភិវឌ្ឍលើ​គ្រប់​វិស័យ ដែលជា​ឱកាស​មួយ សម្រាប់​អ្នកវិនិយោគទុន​ទាំងអស់ មក​បណ្តាក់ទុន​រកស៊ី​នៅ​ខេត្ត ដែលមាន​ទីតាំង​ដី អំណោយផល​ជាច្រើន សម្រាប់​អ្នកវិនិយោគ។

លោក​អភិបាលខេត្ត តែងតែ​ជំរុញ និង​សហការ ក្នុង​ការផ្តល់​ទំនុកចិត្ត ចំពោះ​ការអភិវឌ្ឍ ហើយ​រាល់​ការវិនិយោគ វិស័យ​ឯកជន ពិតជា​បានរួម​ចំណែក នូវ​គោលនយោបាយ កាត់បន្ថយ​ភាព​ក្រី​ក្រី ជាមួយ​រាជរដ្ឋាភិបាល បាន​មួយកម្រិត ដូចជា បានផ្តល់​នូវ​លំនៅឋាន និងដីមានតម្លៃ​សមរម្យ ជាពិសេសបានផ្តល់​ការងារ ដល់​ប្រជាពលរដ្ឋផងដែរ​។​

ជាក់ស្តែងកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគម្រោងអចលនទ្រព្យ ភូមិមរតក ក្នុងខេត្តស្វាយរៀង ក៏បានទទួលស្វាគមន៍ក្រុមហ៊ុនដៃគូរ ACCI ដែលដឹកនាំដោយលោក Zhigang Wang សហការជាមួយដៃគូរវិនិយោគិនចិន។

លោកសោម សុធា អគ្គនាយកគម្រោងភូមិមរតក បានមានប្រសាសន៍ឲ្យដឹងថា គម្រោងអចលនទ្រព្យភូមិមរតក បានលរួមនៅក្នុងការងារសង្គម ដូចជា បានស្ថាបនាផ្លូវ និងតែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រជាដើម។

លោកបន្តថា ក្រុមហ៊ុននឹងពង្រីកទីតាំងបន្ថែមទៀត នៅស្រុកស្វាយជ្រំដែលមានដីជាង១០០ហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់លិចក្រុងស្វាយរៀង ក្លាយទៅជាតំបន់ដែលមានមនុស្សរស់នៅអ៊ូអរ ស៊ីវិល័យ ទាក់ទាញ និងមានដី ផ្ទះ តូបផ្សារ ក្នុងតម្លៃសមរម្យ៕

រដ្ឋាភិបាលគ្រោងរៀបចំផែនការស្តារនិងសាងសង់ព្រលានយន្តហោះនៅខេត្តចំនួន៤ទៀត

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្នុងគោលដៅពង្រីកការតភ្ជាប់់ផ្លូវអាកាស និងសម្រួលរយៈពេលធ្វើដំណើរ រដ្ឋាភិបាលគ្រោងនឹងស្តារ សាងសង់ព្រលានយន្តហោះនៅខេត្តចំនួន៤ទៀតនាពេលខាងមុខនេះ។

តាមផែនការ រដ្ឋាភិបាលបានបង្ហាញផែនការ ចង់សាងសង់អាកាសយានដ្ឋានថ្មី២កន្លែង និងស្តារកែលម្អអាកាសយានដ្ឋានមានស្រាប់ ២ កន្លែ​ងទៀត។ នេះបើយោងតាមរបាយការណ៍ការគ្រប់គ្រងឆ្នាំ២០២២ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ។

គម្រោងស្តារ និងសាងសង់ព្រលានយន្តហោះទាំង៤នោះ រួមមាន គម្រោងសាងសង់អាកាសយានដ្ឋានព្រះវិហារថ្មី (សម្រាប់ទីតាំងថ្មី កម្រិត៣C) គម្រោងសាងសង់អាកាសយានដ្ឋានរតនគីរីថ្មី (កម្រិត៣C) គម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានបាត់ដំបង (កម្រិត៣C) និងគម្រោងស្តារ និងកែលម្អអាកាសយានដ្ឋានស្ទឹងត្រែង (កម្រិត៤C)។

ទោះជាយ៉ាងណាគម្រោងទាំង៤ខាងលើនេះ រដ្ឋាភិបាលមិនទាន់មានថវិកាសម្រាប់អនុវត្តនៅឡើយទេ ដោយបញ្ជាក់ថានឹងត្រូវចំណាយមូលធនដោយហិរញ្ញប្បទានពីក្រៅប្រទេស។

អាកាសយានដ្ឋាន កម្រិត៣C គឺជាអាកាសយានដ្ឋានដែលបម្រើតែប្រតិបត្តិការ (Scheduled flight) នៃយន្តហោះខ្នាតតូចប៉ុណ្ណោះ កម្រិង៤C គឺមានផ្លូវរត់ មានប្រវែង១៨០០ម៉ែត្រ ឬលើសពីនេះ ហើយទទួលយន្តហោះដែលមានស្លាបប្រវែងត្រឹម៣៦ម៉ែត្រប៉ុណ្ណោះ៕

ដំណឹងល្អៈគម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាបបានបញ្ចប់ការសាងសង់១០០ភាគរយហើយ

ដោយៈ សុផារី

សៀមរាបៈ គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ខ្សែនេះ មានប្រវែងសរុប១០៦,៤២គីឡូម៉ែត្រ បានបញ្ចប់ការសាងសង១០០% តាមផែនការដែលបានគ្រោងទុក តាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅសល់តែការងារសម្អាត និងរៀបចំសោភ័ណភាពតែប៉ុណ្ណោះ។

នេះបើតាមការបញ្ជាក់របស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាព គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០២២ នេះ។

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្ថាបនាផ្លូវចំនួន៣៨ខ្សែនេះ រួមមាន ការងារស្ថាបនាកម្រាលផ្លូវ ដោយបេតុងសរសៃដែក ការងារកម្រាលផ្លូវដោយអ៊ុតបេតុងកៅស៊ូ(AC) ការងារប្រព័ន្ធបណ្ដាញលូមេទឹកភ្លៀង-ទឹកកខ្វក់ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារកម្រាលក្រានីត បានបញ្ចប់ការសាងសង១០០% ផងដែរ។

ដោយឡែក ការងារបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន២០០ទីតាំង ការងារដំឡើងបង្គោលភ្លើង បំភ្លឺផ្លូវចំនួន៥០០៣ដើម ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ចំនួន២០ទីតាំង ការងារដាំដើមឈើចំនួន៣១២៥ដើម និងការ​ងារបំពាក់បរិក្ខារចរាចរណ៍ លើខ្សែផ្លូវដែលស្ថិត ក្នុងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ ជាលទ្ធផលសម្រេចបាន៧២,៧៤%។

គម្រោងនេះ ប្រើប្រាស់ថវិកាជាតិសរុប ប្រមាណ១៤៩លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិក ចំណាយលើការងារចាំ​បាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន១៣ខែ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះ អនុវត្តដោយអង្គភាពសាងសង់ចំនួន០៨ រួមមាន១) កងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ នៃនាយកដ្ឋានវិស្វកម្ម ២) កងវិស្វកម្មសម្តេចតេជោ ខេត្តសៀមរាប ៣) កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋានសាធារណការ ៥) អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ៦) នាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៧) នាយកដ្ឋាន ជួសជុល និងថែទាំផ្លូវថ្នល់ និង ៨) មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងត្រួតពិនិត្យបច្ចេកទេស ដោយក្រុមការងារអន្តរក្រសួងចំនួន៩ក្រុម ដើម្បីធានាបាននូវគុណភាពជាប់រឹងមាំ ប្រើប្រាស់បានយូរអង្វែង តាមអាយុកាល និងសម្រេចការងារឱ្យបានទាន់ពេលវេលា។

ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន ១) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើកម្រាស់៥សង់ទីម៉ែត្រ ប្រវែងសរុប៣១,៧៧គីឡូម៉ែត្រ ២) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់២០សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ(AC)ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៧,៨៦ គីឡូម៉ែត្រ ៣) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ(AC) ពីលើ កម្រាស់៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប១៣,៧៣ គីឡូម៉ែត្រ ៤) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប៥០,៨៦ គីឡូម៉ែត្រ និងការរៀបចំចិញ្ចើមផ្លូវ EN-០៣ ប្រវែង២,១៩គីឡូម៉ែត្រផងដែរ។

ដោយឡែកការងារសាងសង់ប្រព័ន្ធបណ្ដាញបង្ហូរទឹក មានប្រវែងសរុប២៤៨,៧២គីឡូម៉ែត្រ ការងារសាងសង់ប្រព័ន្ធបណ្ដាញលូទឹកភ្លៀង ប្រវែងសរុប១៤៧,០០គីឡូម៉ែត្រ និងការងារសាងសង់ប្រព័ន្ធ បណ្ដាញលូទឹកកខ្វ​ក់មានប្រវែង១០១,៧១គីឡូម៉ែត្រ និងការងារដំឡើងបរិក្ខារផ្លូវថ្នល់រួមមាន ការងារបំពាក់កាមេរ៉ាសុវត្ថិភាព ដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ការងារបំពាក់បរិក្ខារចរាចរណ៍ ការងារដំឡើងភ្លើងសញ្ញាចរាចរណ៍ ការងារដាំដើមឈើលើខ្សែផ្លូវ៕

ចំណេះដឹង: សិក្សាលើកត្តាមួយចំនួនដើម្បីក្លាយជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យ

ដោយ:ម៉ាលីស

ភ្នំពេញ: ការវិនិយោគអចលនទ្រព្យជាមុខរបរពេញនិយមនៅទូទាំងពិភពលោក ជាពិសេសនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ន។ ដូចនេះតើត្រូវធ្វើយ៉ាងណា ទើបក្លាយជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យ?

យោងតាមសៀវភៅ ”វិថីអចលនទ្រព្យ” របស់លោក គាម សៀកឡុង បានបកស្រាយឱ្យដឹងថា ដើម្បីក្លាយជាអ្នកវិនិយោគអចលនទ្រព្យជោគជ័យ គួរសិក្សាលើកត្តាមួយចំនួនដូចខាងក្រោម៖

១.រៀនសិនមុនចាប់ផ្ដើមកម្មវិធីនិយោគ: កុំធ្វើអ្វីមួយដែលគ្មានចំណេះដឹង វាប្រឈមមុខនឹងការខាតបង់ ហើយពិបាកនឹងស្តារឡើងវិញណាស់ ដូចនេះបងប្អូនទៅរៀនសូត្រសិនមុនចាប់ផ្ដើមវា។ ការរៀននិងបន្តអភិវឌ្ឍចំណេះដឹងគ្មានទីបញ្ចប់រៀនផង អនុវត្តផង ដើម្បីក្លាយជាអ្នកជំនាញទើបរីកចម្រើននឹងមានឱកាសទទួលបានប្រាក់ចំណេញជាអតិបរមា។

២.គោលបំណងជាក់លាក់ដើម្បីទទួលបានផលចំណេញជាអតិបរមា: ត្រូវមានគោលបំណងជាក់លាក់ ដើម្បីអោយការវិនិយោគនេះទទួលបានប្រាក់ចំណេញច្រើនតាមតែអាចធ្វើទៅបាន មិនមែនវិនិយោគព្រោះតែចង់មានដី ឬផ្ទះលំហែ សម្រាប់ថ្ងៃចុងសប្តាហ៍ ឬថ្ងៃឈប់សម្រាកឲ្យតែមានអចលនទ្រព្យនឹងគេដែរនោះទេ។ នៅពេលដែលយើងមានគោលបំណងត្រឹមតែលំហែ ឬជាចំការ ប្រាកដណាស់អចលនទ្រព្យដែលយើងទិញ មិនមានការទទួលបានប្រាក់ចំណេញខ្ពស់នោះទេ ការដឹងពីព័ត៌មានច្បាស់លាស់ វិភាគចំនេញ ខាត ដោយប្រើខួរក្បាល រឺប្រើតួរលេខ មិនប្រើអារម្មណ៍ ឬប្រើបេះដូងដើម្បីទិញនោះ ប្រាកដណាស់យើងនឹងមានឱកាសចំណេញបានច្រើន។

៣. ជ្រើសរើសតំបន់ ឬគម្រោងដែលមានសក្កានុពលខ្ពស់ហើយផ្ដោត: ជាអ្នកវិនិយោគ ក៏មិនខុសពីភ្នាក់ងារអចលនវត្ថុដែរ នៅពេលចាប់ផ្ដើម ត្រូវផ្តោតតំបន់ណាមួយអោយច្បាស់ហើយ ចងបណ្ដាញនៅតំបន់នោះ ប្រើយុទ្ធសាស្ត្រផ្ការីក។ ចង់បានអចលនទ្រព្យល្អ តម្លៃក្រោមទីផ្សារ មិនមានយើងមានលុយ ហើយចុះទៅទិញដូចទិញត្រី ឬបន្លែពីផ្សារមកទេ គឺត្រូវអត់ធ្មត់រង់ចាំទើបឍឱកាសល្អនឹងមកដល់។ ម្យ៉ាងទៀតដោយសារកត្តាធនធាននិងពេលវេលាមានកំណត់ ដូចនេះហើយអ្នកវិនិយោគត្រូវតែផ្តោត តាមតំបន់សក្តានុពលដែល យើងបានកំណត់។

៤.ចងបណ្តាញ: ចងក្រងបណ្ដាញក្នុងតំបន់គោលដៅ របស់យើងដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ ដូចជាជាមួយនឹងអាជ្ញាធរមូលដ្ឋាន អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ភ្នាក់ងារអចលនវត្ថុជំនាញ រឺអ្នកគួកជេរដែលអាចជឿទុកចិត្តបាន ដើម្បីដឹងពីគម្រោងអភិវឌ្ឍន៍នានា និងអចលនទ្រព្យ ដែលដាក់លក់បន្ទាន់ រឺអចលនទ្រព្យនៅទីតាំងល្អៗ។

៥. មានផែនការរយៈពេលវែងនិងផែនការហិរញ្ញវត្ថុ: សម្រាប់អ្នកវិនិយោគផ្ទះត្រូវការពេលវេលាពី ២ទៅ ៣ឆ្នាំ ឯដីធ្លី ត្រូវការរយៈពេលវែងចាប់ពី ៥ឆ្នាំឡើង រហូតដល់១០ទៅ ១៥ឆ្នាំឬលើសនេះទៀតក៏មាន ដូចនេះត្រូវមានផែនការហិរញ្ញវត្ថុឲ្យសមស្របនិងពេលវេលា ដែលយើងបានកំណត់នោះដែរ។ ប្រសិនបើគ្មានផែនការជាក់លាក់ គ្មានផែនការហិរញ្ញវត្ថុសម្រាប់រយៈពេលវែង ប្រាកដជាត្រូវបង្ខំចិត្តលក់វិញ ជាមួយនឹងតម្លៃដើម ឬចំណេញតិចតួច នៅពេលខ្លះលក់ខាតផងក៏មានដែរ។

៦. ដឹងពីពេលវេលាត្រូវទិញ និងពេលវេលាចាកចេញ: ទិញនៅពេលទីផ្សារស្ងាត់ ហើយលក់វិញនៅពេលទីផ្សារឈូឆរ រឺដល់ចំណុចខ្ពស់។ ជាធម្មតាសម្រាប់អ្នកជួញដូរអចលនទ្រព្យ គឺពួកគាត់ទៅទិញនៅពេលដែលគេផ្អើលហើយប៉ុណ្ណោះ ព្រោះតែគាត់គ្មានបណ្ដាញ រឺប្រភពព័ត៌មាន។ បន្ថែមលើផែនការរយៈពេលវែងខាងលើ យើងត្រូវដឹងពីទីផ្សារតំបន់និងដល់ចំណុចកំពូលហើយពេលណា ត្រូវចាកចេញពេលណា អ្នកខ្លះមិនព្រមលក់ទេ ទោះជាទីផ្សារជិតដល់កំពូល រឺដល់កំពូលហើយ ដែលវាដល់ពេលនឹងឡើងយឺត ឬចិត្តដល់ពេលធ្លាក់ចុះមកវិញហើយ។ សូមប្រុងប្រយ័ត្នទីផ្សារនៅស្រុកយើង ពិបាកនឹងទុកចិត្តណាស់ នៅពេលដែលអាចជាយុទ្ធសាស្ត្រ ដែលអ្នកមានដីធំៗប្រើសំរាប់លក់ដីគេចេញវិញក៏មានដែរហើយ យើងទិញគឺមានតម្លៃថ្លៃបាត់ទៅហើយ បន្ទាប់ពីផ្អើលហើយ ទីផ្សារអាចនឹងចាប់ផ្ដើមស្ងាត់វិញក៏មាន៕