ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រុមហ៊ុន NagaCorp ដែលកំពុងវិនិយោគសណ្ឋាគារ និងកាស៊ីណូធំជាងគេនៅរាជធានីភ្នំពេញបានបញ្ជាក់ថា ក្រុមហ៊ុននឹងបន្តការសាងសង់ Naga3 នៅរាជធានីភ្នំពេញតាមផែនការ ដែលបានគ្រោងទុក។
គម្រោងសណ្ឋាគារ កាស៊ីណូ និងខុនដូប្រណីត Naga3 មានតម្លៃប្រមាណ៣៥០០លានដុល្លារ និងរចនាប្លង់ដោយក្រុមហ៊ុនអាមេរិក ដ៏ល្បីល្បាញឈ្មោះ Skidmore, Owings, and Merrill បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ការងារបុកគ្រឹះជារួមសម្រេចបានជាង៥០ភាគរយ ខណៈការបុកគ្រឹះសសរស្ដម្ភធំៗ នៃអគារទី១ និងទី៣ ក៏ជិតបញ្ចប់ហើយដែរ។
ដោយឡែក ការដ្ឋានហេដ្ឋារចនាសម្ព័ន្ធក្រោមដី ក៏បានចាប់នៅកាលពីខែធ្នូ ឆ្នាំ ២០២១។
តាមផែនការ ការដ្ឋានសំណង់អគារខ្ពស់ៗទាំង៣ នៃគម្រោងនេះនឹងចាប់នៅដើមឆ្នាំ២០២៣ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធក្រោមដី ត្រូវបានបញ្ចប់តាមផែនការ។
ការសាងសង់ប៉ះពាល់បន្តិចបន្តួចពីវិបត្តិកូវីដ ប៉ុន្តែក្រុមហ៊ុនបានដាក់ចេញវិធានការបន្ថែម ដើម្បីធ្វើឱ្យការងារទាន់ពេលវេលា ខណៈគម្រោង Naga3 ទាំងមូល រំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២៥។
នៅពេលសាងសង់រួចរាល់ Naga3 ដែលមានអគារកប់ពពកចំនួនបីនឹងមានបន្ទប់សណ្ឋាគាររួមគ្នាជាង៥០០០ បន្ទប់ តុហ្គេម១៣០០ តុ និងម៉ាស៊ីនហ្គេមអេឡិចត្រូនិក៤៥០០ម៉ាស៊ីន បូកនឹងសេវាកម្មជាច្រើនទៀតផងដែរ៕