ដោយៈគង់ សូរិយា
ភ្នំពេញៈអ្នកជំនាញជើងចាស់ ក្នុងវិស័យអចលនទ្រព្យបានលើកឡើងថា និន្នាការវិនិយោគអគារការិយាល័យ គួរតែមានភាពបត់បែន ស្របពេលការប្រកួតប្រជែងមានការកើនឡើង។
អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី៩ មិនាកន្លងមកថា ដោយសារនិន្នាការប្រែប្រួលនៃទីផ្សារនេះ និងតម្រូវការប្រើប្រាស់ចម្រុះកើនឡើង អ្នកវិនិយោគសាងសង់ អគារការិយាល័យសម្រាប់ជួល គួរតែមានភាពបត់បែន និងវិនិយោគគំរោងដែលមានភាពចម្រុះ ដូចជា មានសណ្ឋាគារ អាផាតម៉ិន ខុនដូ និងផ្សារទំនើបជាដើម។
អ្នកស្រីបានបន្តថា “និន្នាការវិនិយោគបែបនេះ បានកើតមាននៅសឹង្ហបុរី ប្រទេសថៃជាដើម ដែលរបត់បែបនេះ ផ្តល់ឲ្យអ្នកវិនិយោគនូវការប្រើប្រាស់ទុនច្រើន និងដីមានតម្លៃសមរម្យ”។ អ្នកស្រីបន្តថា “ការវិនិយោគមជ្ឈមណ្ឌលការិយាល័យ និងអគារពាណិជ្ជកម្មចម្រុះបែបនេះ គួរតែងាកទៅកាន់ទីក្រុងរណបនានា ខណៈដីកណ្តាលក្រុង មិនមានទំហំសមល្មមនោះទេ”។
អ្នកស្រីអាន សុធីតាបានបន្តថា ដោយសារលំហូរទុនវិនិយោគពីបរទេសនៅមានកម្រិត បានធ្វើឲ្យទំហំតម្រូវការអគារការិយាល័យធ្លាក់ចុះ ពិសេសតម្លៃក៏មានការធ្លាក់ចុះ ក្នុងរង្វង់១០ទៅ១៥ភាគរយផងដែរ ដែលបញ្ហានេះ បណ្តាលមកពីការប្រកួតប្រជែងកើនឡើង ការផ្គត់ផ្គង់ក្នុងទីផ្សារកាន់តែច្រើនជាងមុន។
ចំណែកលោកបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍ឲ្យដឹងផងដែរថា និន្នាការទីផ្សារការិយាល័យ ពិតជាបត់ទៅរករបត់បែបនេះ ព្រោះការមានអគារការិយាល័យ តែម្យ៉ាងមិនគ្រប់គ្រាន់ទេ ព្រោះអ្នកប្រើប្រាស់ ត្រូវការសេវាកម្មដែលផ្តល់ភាពងាយស្រួលដល់ពួកគេ ដូចជាផ្សារទំនើប កន្លែងហាត់ប្រាណពេលចេញពីធ្វើការ អាផាតម៉ិន ខុនដូជាដើម។
លោកបន្តថា “ហេតុនេះអ្នកវិនិយោគគួរតែគិតពីបញ្ហានេះ ដើម្បីធ្វើយ៉ាងណាឲ្យគំរោងរបស់ខ្លួនបានទទួលជោគជ័យ”៕