តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣១៣,៣៥ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៥ភាគរយដល់៣៣១៨,១៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៥ភាគរយដល់៣.៣២៦ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់៩៧,៣៨ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៥៦ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ៕

លំហូរទុនវិនិយោគបរទេស FDI ចូលវិស័យអចលនទ្រព្យវៀតណាមហក់ឡើងជិតដល់៥ពាន់លានដុល្លារអាមេរិកនៅឆមាសទី១

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យថ្មីចុងក្រោយបានបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ចូលវិស័យអចលនទ្រព្យរបស់ប្រទេសវៀតណាមបានកើនឡើងចំនួន២,៤ដងដល់ទំហំទឹកប្រាក់៤,៨ពាន់លានដុល្លារអាមេរិកនៅក្នុងឆមាសទីមួយឆ្នាំនេះ។

តួលេខខាងលើនេះរួមមានដើមទុនវិនិយោគ ដែលត្រូវបានចុះបញ្ជីថ្មីចំនួន២៤ភាគរយ នៃលំហូរ FDI សរុប។នេះបើយោងតាមរបាយការណ៍ពីក្រសួងផែនការ និងវិនិយោគវៀតណាម ដែលបានដកស្រង់ចុះផ្សាយដោយកាសែត Vnexpress។

ក្រុមអ្នកវិភាគបានលើកឡើងថា ទោះជាមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកលយ៉ាងណាក្តី ក៏ប្រទេសវៀតណាមនៅតែជាគោលដៅលេចធ្លោក្នុងតំបន់ ដោយសារកត្តាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយបើកចំហជាបន្តបន្ទាប់ និងសក្តានុពលកំណើនសេដ្ឋកិច្ចរយៈពេលវែង។

លោកស្រី Nguyen Hoai An នាយិកាជាន់ខ្ពស់នៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Hanoi បានសង្កត់ធ្ងន់ថា ការកែទម្រង់ច្បាប់សំខាន់ៗចំនួន៣ រួមមានច្បាប់ដីធ្លី ច្បាប់អាជីវកម្មអចលនវត្ថុ និងច្បាប់លំនៅដ្ឋាន ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានចូលរួមចំណែកបង្កើតក្របខ័ណ្ឌច្បាប់ប្រកបដោយតម្លាភាព និងសុវត្ថិភាពសម្រាប់បណ្តាអ្នកវិនិយោគ។

ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក៏ជាកត្តាជំរុញដ៏សំខាន់នៃលំហូរវិនិយោគផ្ទាល់ពីបរទេសចូលទៅក្នុងវិស័យអចលនទ្រព្យវៀតណាមផងដែរ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ រួមមានផ្លូវដែកល្បឿនលឿនតភ្ជាប់រវាងរដ្ឋធានីហាណូយ និងទីក្រុងហូជីមិញអាកាសយានដ្ឋានអន្តរជាតិ Long Thanh និងការសាងសង់ផ្លូវក្រវ៉ាត់ក្រុងនៅក្នុងទីក្រុងហាណូយ និងទីក្រុងហូជីមិញ បាននិងកំពុងជួយជំរុញកំណើននៃការវិនិយោគអចលនទ្រព្យ។

លោកស្រី Nguyen បានបន្ថែមថា បណ្តាអ្នកវិនិយោគបរទេសកំពុងពង្រីកវត្តមានកាន់តែច្រើនឡើងទៅក្នុងតំបន់ទីក្រុងរណប ដោយសារតំបន់ទាំងនោះមានដីធ្លីធំទូលាយ និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនយ៉ាងរឹងមាំ៕ប្រភព: Vnexpress៕

កម្ពុជាចង់រួមចំណែកលើកកំពស់តួនាទីរបស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក ស្របពេលអាពាហ៍ពិពាហ៍ខ្មែរត្រូវបានស្នើសុំចុះបញ្ជីរបេតិកភ័ណ្ឌអរូបិយ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់កម្ពុជាបានបង្ហាញពីបំណងចង់រួមចំណែកលើកកំពស់តួនាទី របស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក ស្របពេលអាពាហ៍ពិពាហ៍ខ្មែរ ត្រូវបានស្នើសុំចុះបញ្ជីរបេតិកភ័ណ្ឌអរូបិយមនុស្សជាតិ។

ព័ត៌មាននេះត្រូវបានលើកឡើង ដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពេលជួបសម្តែងការគួរសម ជាមួយប្រធានគណ:កម្មាធិការបេតិកភណ្ឌពិភពលោកលើកទី៤៧។

ក្នុង​ឱកាសជួបពិភាក្សាជាមួយលោកសាស្ត្រាចារ្យ  Nikolay Nenov ដើម្បីបង្ហាញអំពីបំណងល្អរបស់កម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់តួនាទី របស់គណ:កម្មាធិការបេតិកភណ្ឌពិភពលោក ក៏ដូចជាការជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេរភាគី លើផ្នែកវប្បធម៌ និងបេតិកភណ្ឌ។

លោកសាស្ត្រាចារ្យ  Nikolay Nenov បានរំលឹកអំពីទំនាក់ទំនងល្អរវាងកម្ពុជា និងប្រទេសប៊ុលហ្គារីកាលពីអតីតកាល និងបានសន្យាគាំទ្រ ព្រមទាំងជំរុញឱ្យមានកិច្ចសហការជាមួយកម្ពុជា លើវិស័យវប្បធម៌ និងបេតិកភណ្ឌផង៕

តើប្រើប្រាស់ការិយាល័យនៅរាជធានីភ្នំពេញមានសភាពដូចម្តេច ខណៈមានការបារម្ភពីការផ្គត់ផ្គង់លើសតម្រូវការ

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ តាមការប៉ាន់ប្រមាណនៅដើមឆ្នាំ2025 កន្លែងកាន់កាប់ ឬអត្រាគ្របដណ្តប់ការប្រើប្រាស់សរុប ក្នុងទីផ្សារការិយាល័យនៅរាជធានីភ្នំពេញ មានក្នុងចន្លោ៦៥ភាគរយ នៃការផ្គត់ផ្គង់សរុប។

១ កំណើនការផ្គត់ផ្គង់ និងនិន្នាការទំនេរ

ទំហំការិយាល័យសរុប ដែលបានផ្គត់ផ្គង់ចូលទីផ្សារកាលពីដំណា​ច់ឆ្នាំ២០២៤ បានកើនឡើងដល់ប្រហែល១,១លានម៉ែត្រការ៉េ ជាមួយនឹងកំណើនដែលបានព្យាករណ៍ នឹងកើនដល់១,៣៨លានម៉ែត្រការ៉េនៅឆ្នាំ២០២៥នេះ ជាមួយអត្រាកើនឡើង២៥ភាគរយធៀបនឹងឆ្នាំមុន។

ក្រុមហ៊ុនKnightFrank បានព្យាករណ៍ថា ទីតាំងឬទំហំការិយា​ល័យជួលនឹង កើនដល់158,000ម៉ែត្រការ៉េ នៃទំហំដីឡូតិ៍សុទ្ធថ្មីនៅឆ្នាំ2025 ដែលជំរុញការផ្គត់ផ្គង់សរុបឱ្យកាន់តែខ្ពស់។

ការពង្រីកការផ្គត់ផ្គង់យ៉ាងឆាប់រហ័សនេះ បាននិងកំពុងបន្តដាក់សម្ពាធដល់កម្រិតទំនេរ និងកំណត់និន្នាការជួលកើនឡើង។

តម្លៃជួល និងបរិបទទីផ្សារ

  • ជាមួយនឹងកំនើននៃការផ្គត់់ផ្គង់នេះ បានធ្វើឲ្យតម្លៃនៃការជួលការិយាល័យបានធ្លាក់ចុះ៖ អត្រា GradeA មានប្រហែល$25/​sqm/month, GradeB ស្ថិតនៅតម្លៃចន្លោះពី$20 ទៅ22 និង GradeC ចន្លោះ $10–15ក្នុងមួយម៉ែត្រការ៉េ។
  • ក្រុមហ៊ុនCBRE Cambodia បានកត់សម្គាល់ការថយចុះសរុប 7% នៃការជួលនៅទូទាំងថ្នាក់ក្នុងឆ្នាំ2024។

ប៉ុន្តែទោះបីជាតម្លៃធ្លាក់ចុះក៏ដោយ ការកាន់កាប់មានការថយចុះយ៉ាងខ្លាំង នៅពីក្រោយទីផ្សារក្នុងតំបន់សំខាន់ៗ ដែលបង្ហាញពីបញ្ហាប្រឈមដែលកំពុងបន្ត៕

សភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរចុះអនុស្សរណៈសហប្រតិបត្តិការសម្រាប់អភិវឌ្ឍន័វិស័យSMEs

0

ដោយៈ ម៉ាល័យ

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា(CCC) និងសហគ្រិនខ្មែរ (KE) បានចុះអនុស្សរណៈយោគយល់គ្នា ដែលមានគោលបំណងជំរុញកិច្ចសហការ និងការអភិវឌ្ឍសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។

អនុស្សរណៈយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលនៃ វេទិកាធុរកិច្ច និងនវានុវត្តន៍ឆ្នាំ២០២៥ ដែលជាផ្នែកមួយនៃព្រឹត្តការណ៍ប្រចាំឆ្នាំ ដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា។

ភាគីហត្ថលេខីនៃអនុស្សរណៈនេះ រួមមាន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោ​បល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកប្រតិបត្តិនៃសហគ្រិនខ្មែរ។

ថ្លែងក្នុងឱកាសនោះដែរ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់ថា អនុស្សរណៈនេះ គឺដើម្បីផ្តល់នូវក្របខ័ណ្ឌទូទៅ និងវិសាលភាពសម្រាប់ទំនាក់ទំន​ងសហប្រតិបត្តិការ និងសកម្មភាពរវាងសភាពាណិជ្ជកម្មកម្ពុជា និងសហគ្រិនខ្មែរ ក្នុងការប្តេជ្ញាចិត្តទៅវិញទៅមក ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ី ប្រកបដោយនិរន្តរភាព និងផ្ដល់ផលប្រយោជន៍ដល់សហគ្រិន អ្នកចាប់ផ្តើមអាជីវកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ជាមួយគ្នានេះលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសា​សន៍ថា “កិច្ចសហប្រតិបត្តិការនេះ បានឱ្យសហគ្រិនខ្មែរ មានឱកាសជំរុញគោលនយោបាយ និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបណ្តាញដ៏ធំទូលំទូលាយ របស់សភាពាណិជ្ជកម្មកម្ពុជា ដូចជា សភាពាណិជ្ជកម្មខេត្ត ដែលផ្តល់ជាប្រយោជន៍ ដល់សមាជិករបស់ខ្លួន និងសហគ្រាសធុនតូច និងមធ្យមនៅ ទូទាំងប្រទេស”។

អនុស្សរណៈខាងលើនេះ មានគោលបំណងសំខាន់ជំរុញកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងសភាពាណិជ្ចកម្មកម្ពុជា និងសហគ្រិនខ្មែរ។ អនុស្សរណៈនេះ មានសារៈសំខាន់ក្នុងការគូសបញ្ជាក់ថា ភាគីទាំងពីរ បានសហការគ្នាលើកម្មវិធីផ្សេងៗ តាំងពីឆ្នាំ២០២២ មកម្ល៉េះ​។ កម្មវិធីទាំងអស់នោះ បានជួយដល់ម្ចាស់អាជីវកម្មប្រមាណ៤៦២៩នាក់ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពង្រីកបណ្តាញ ដើម្បីពង្រីកឱកាសទីផ្សារ៕

កង្វះខាតកម្លាំងពលកម្មកំពុងបង្កការរាំងស្ទះដល់វិស័យអចលនទ្រព្យរបស់ប្រទេសជប៉ុន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសជប៉ុនកំពុងរីកចម្រើន។ ប៉ុន្តែ កង្វះខាតកម្លាំងពលកម្មកំពុងបង្កឱ្យមានការពន្យារពេលនៃការសាងសង់ និងការវិនិយោគថ្លៃដើមខ្ពស់នៅគ្រប់គម្រោងអភិវឌ្ឍន៍ទាំងអស់ ដូចជាអគាររដ្ឋាភិបាល អាផាតមុិន និងឃ្លាំង។

ជាក់ស្តែង ស្ថាប័ន ESR ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ខាង​ផ្នែកភស្តុភារ​ដ៏​ធំ​មួយ​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង កំពុង​ប្រឈមមុខនឹងសម្ពាធនេះ។

លោក Stuart Gibson សហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន ESR បានមានប្រសាសន៍ឱ្យដឹងថា “អត្រាកំណើនថ្លៃដើមសំណង់ និងកង្វះខាតកម្លាំងពលកម្ម ជាបញ្ហាប្រឈមដ៏ធំបំផុតចំនួន២ នៅក្នុងប្រទេសជប៉ុន”។

ដោយសារតែថ្លៃដើមសំណង់កើនឡើងខ្ពស់ បណ្តាអ្នកអភិវឌ្ឍន៍កំពុងដំឡើងថ្លៃជួល ជាពិសេសសម្រាប់ថ្លៃជួលឃ្លាំង។ ឃ្លាំងទាំងនោះភាគច្រើនត្រូវបានសាងសង់ ក្នុងអំឡុងពេលមានការរីកចម្រើនផ្នែកពាណិជ្ជកម្មអេឡិចត្រូនិក(E-commerce)។

នៅដើមឆ្នាំ២០២៥ អត្រាឃ្លាំងទំនេរ(Vacancy Rate)នៅជុំវិញទីក្រុងតូក្យូ បានហក់ឡើងដល់ចំនួន១១,១ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល១៥ឆ្នាំ។ អត្រាឃ្លាំងទំនេរមានកម្រិតទាបនៅកណ្តាលក្រុងតូក្យូ ខណៈអត្រាឃ្លាំងទំនេរនៅជាយក្រុងមានកម្រិតខ្ពស់។

លោក Gibson បានលើកឡើងថា “ឃ្លាំងនៅក្នុងប្រទេសជប៉ុនពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលកម្ម។ ប៉ុន្តែ បច្ចុប្បន្ន ប្រទេសនេះកំពុងជួបប្រទះការខ្វះខាតកម្លាំងពលកម្ម ដែលជាកត្តាធ្វើឱ្យបណ្តាអ្នកវិនិយោគមិនសូវចាប់អារម្មណ៍លើការជួល ឬទិញឃ្លាំង”។

ការផ្គត់ផ្គង់ឃ្លាំងលើសតម្រូវការនៅក្នុងប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងថយចុះនៅឆ្នាំ២០២៧ខាងមុខ ដោយសារការកាត់បន្ថយការអភិវឌ្ឍន៍ឃ្លាំងថ្មី ហើយតម្រូវការពាណិជ្ជកម្មអេឡិចត្រូនិកនៅតែមានភាពរឹងមាំ។ នៅចុងឆ្នាំ២០២៦ អត្រាឃ្លាំងទំនេរនៅជុំវិញទីក្រុងតូក្យូត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់ចុះមកនៅត្រឹមចំនួន៩,៧ភាគរយ៕ប្រភព: Nikkei Asia៕

ក្រសួងចាប់ផ្តើមពង្រឹងការប្រើប្រាស់យានយន្ត និងគ្រប់គ្រងយានយន្តអគ្គិសនីនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកពៅ ម៉ាលី រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងក្រុមហ៊ុន Very Words ដោយផ្តោតលើការប្រើប្រាស់ និងគ្រប់គ្រងយានយន្តអគ្គិសនីនៅកម្ពុជា។

កិច្ចប្រជុំនេះ រៀបចំឡើងដោយផ្តោតលើចំណុច សំខាន់ៗចំនួន២ រួមមាន ទី១ សិក្សាស្វែងយល់ឱ្យកាន់តែច្បាស់ ពីគម្រោងរបស់ក្រុមហ៊ុន ក្នុងការវិនិយោគលើវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ជាពិសេ​សម៉ូតូអគ្គិសនី និងការស្នើសុំរៀបចំស្ថានីយសាក និងផ្លាស់ប្តូរអាគុយម៉ូតូនៅទីស្តីការក្រសួង និងទី២ កិច្ចសហប្រតិបត្តិការជាមួយក្រសួង ក្នុងការបង្កើតប្រព័ន្ធស្តង់ដារគ្រប់គ្រងអាគុយ (battery Lifecycle management system) នៅក្នុងប្រទេសកម្ពុជា ក្រោមជំនួ​យគាំទ្ររបស់ វិទ្យាស្ថានជាតិបៃតង និងបច្ចេកវិទ្យាកូរ៉េ (National Institute Of Green Technology Republic of Korea)៕

ក្រុមហ៊ុនលំដាប់អន្តរជាតិមួយវិនិយោគសណ្ឋាគារតម្លៃកប់ពពកនៅលើអគារខ្ពស់ជាងគេលំដាប់ទី២របស់ពិភពលោក

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនបដិសណ្ឋារកិច្ចយក្ស Park Hyatt គ្រោងបើកដំណើរការសណ្ឋាគារ នៅខែសីហាខាងមុខ នៅជាន់កំពូលនៃអគារកប់ពពកMerdeka 118 ។

Merdeka118 ជាអគារខ្ពស់ជាងគេនៅតំបន់អាស៊ី ស្ថិតក្នុងទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ី និងខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក។

សណ្ឋាគារនេះ នឹងមានបន្ទប់ទទួលភ្ញៀវធំទូលាយ ចំនួន២៥២បន្ទប់ ដោយក្នុងនោះរួមមានបន្ទប់Suiteចំនួន២៧បន្ទប់ ហើយច្របាច់បញ្ចូលគ្នា រវាងបេតិកភណ្ឌវប្បធម៌យ៉ាងសម្បូរបែប របស់ប្រទេសម៉ាឡេស៊ី និងសិល្បៈហត្ថកម្មប្រពៃណី ជាមួយនឹងការរចនាទំនើបទាន់សម័យ។

យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Park Hyatt បានឱ្យដឹងថា ការស្នាក់នៅបន្ទប់ស្តង់ដារ ដែលលមានគ្រែប្រភេទKing មានតម្លៃជាមធ្យមចំនួន២.៤៥៥រីងហ្គីត (ប្រមាណ៥៧៩ដុល្លារ) ក្នុងមួយយប់ ខណៈការស្នាក់នៅបន្ទប់ស្ថិតនៅកាច់ជ្រុង ដែលមានគ្រែប្រភេទ King មានតម្លៃជាមធ្យមចំនួន៣.១៦៥រីងហ្គីត (ប្រមាណ៧៤៦ដុល្លារ)ក្នុងមួយយប់។

ភ្ញៀវទេសចរណ៍ ដែលមកស្នាក់នៅសណ្ឋាគារ របស់ក្រុមហ៊ុន Park Hyatt ក្នុងអគារកប់ពពក Merdeka 118 នឹងអាចទទួលបានបន្ទប់យ៉ាងស្ងប់ស្ងាត់ និងភាពឆើតឆាយ ជាមួយនឹងបង្អួចពីឥដ្ឋដល់ពិដាន ដែលផ្តល់នូវទិដ្ឋភាពបែប Panoramic នៃទីក្រុងគូឡាឡាំពួរ។

ក្រុមហ៊ុនPark Hyatt ក៏គ្រោងបើកដំណើរការសណ្ឋាគារ Hyatt Regency ស្ថិតនៅតំបន់ចំកណ្តាលក្រុង គូឡាឡាំពួរនៅថ្ងៃទី២៦ ខែសីហាខាងមុខ ដោយក្លាយជាសណ្ឋាគារទី៧ របស់ក្រុមហ៊ុននៅក្នុងទីក្រុងមួយនេះ។

ដោយមានទីតាំង ស្ថិតនៅទល់មុខមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍អន្តរជាតិម៉ាឡេស៊ី សណ្ឋាគារទី៧ថ្មីនោះ នឹងមានបន្ទប់ចំនួន៤៥០បន្ទប់ ស្ថិតនៅតំបន់ចំកណ្តាលក្រុងគូឡាឡាំពួរ ដែលជាមជ្ឈ​មណ្ឌលសំខាន់សម្រាប់អ្នកធុរកិច្ច និងអ្នកធ្វើដំណើរកម្សាន្ត៕ប្រភព: New​ Strait Times៕

មូលនិធិខ្នាតយក្សមួយបោះទុនលើគម្រោងសាងសង់អគារការិយាល័យកប់ពពកនៅទីក្រុងញូវយ៉ក

0

ដោយ: គង់ លាងហួរ

អគារនេះគ្រោងសាងសង់លើដីមួយកន្លែង ដែលជាកម្មសិទ្ធិរបស់ក្អន្តរជាតិ: មូលនិធិគ្រប់គ្រងការវិនិយោគសាធារណៈរបស់រដ្ឋាភិបាលនៃប្រទេសអារ៉ាប៊ីសាអូឌីត (PIF) គ្រោងបោះទុនដើម្បីកាន់កាប់ភាគហ៊ុនចំនួន២ភាគ៣នៅក្នុងគម្រោងសាងសង់អគារកប់ពពកមួយនៅចំកណ្តាលសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិក។រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអាមេរិក Related Companies។ដីនោះមានទីតាំងស្ថិតនៅលើផ្លូវ 625 Madison Avenue នៅក្បែរឧទ្យាន Central Park ដ៏ល្បីល្បាញក្នុងទីក្រុងញូវយ៉ក។

គិតមកទល់ពេលនេះ មូលនិធិ PIF បានបណ្តាក់ទុនវិនិយោគប្រមាណ២០០លានដុល្លាររួចហើយ និងគ្រោងបន្តចាក់បញ្ចូលទុនបន្ថែមទៀត។ គម្រោងអគារកប់ពពកនេះមិនទាន់មានឈ្មោះជាផ្លូវការនៅឡើយ ខណៈតម្រូវការទុនវិនិយោគសរុបត្រូវបានរំពឹងថា នឹងមានទំហំលើសពី១ពាន់លានដុល្លារ។

យោងតាមកាសែត The Business Times បានរាយការណ៍ថា អគារកប់ពពកនេះនឹងមានកំពស់៣៦៦ម៉ែត្រ និងមាន៦៨ជាន់។ដើមឡើយ អ្នកអភិវឌ្ឍន៍គ្រោងរួមបញ្ចូលខុនដូ សណ្ឋាគារ និងហាងលក់រាយទៅក្នុងគម្រោងតែមួយដើម្បីប្រែក្លាយជាអគារប្រើប្រាស់ចម្រុះ(Mixed-use)។

ទោះជាយ៉ាងណា ថ្មីៗនេះ ក្រុមហ៊ុន Related Companies បានអះអាងថា ខ្លួនកំពុងពិចារណាសាងសង់អគារការិយាល័យ១០០ភាគរយ ដើម្បីទាញយកសក្តានុពលពីការកើនឡើងនៃតម្រូវការការិយាល័យលំដាប់ខ្ពស់នៅសង្កាត់ Manhattan។

លំហូរវិនិយោគផ្ទាល់ពីបរទេសចូលទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់សង្កាត់ Manhattan បានស្ទុះងើបឡើងវិញយ៉ាងគំហុក ខណៈការបោះទុនវិនិយោគតាមរយៈទម្រង់នៃការទិញយក (Acquisition) មានទំហំទឹកប្រាក់លើសពី២,១ពាន់លានដុល្លារក្នុងអំឡុងចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥៕ប្រភព: Business Times៕

តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ក្រោយពេលតម្លៃមាសប្រភេទ Spot Gold បានជួញដូរក្នុងទំហំទឹកប្រាក់ចំនួន៣៣០០,៤៤ដុល្លារអាមេរិកក្នុងមួយអោនគិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២២ភាគរយដល់៣.២៩៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៥ភាគរយមកនៅត្រឹម៣៣០០,៣ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:២៦នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៣,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ចំណែក សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយបណ្ណសំខាន់ៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់៩៧,៦៨ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម៩៧,៥២ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ៕