ក្រុមហ៊ុនអាកាសចរណ៍AirAsia រំពឹងការងើបឡើងនូវអាជីវកម្មអាកាសចរណ៍ ក្នុងរយៈពេល៣ខែខាងមុខ

ដោយៈ សុផារី

ប្រទេសថៃៈ ក្រុមហ៊ុន AirAsia Group ព្យាករណ៍ថា អាជីវកម្មអាកាសចរណ៍នឹងវិលមករកភាពប្រក្រតីវិញក្នុងរយៈពេលបីខែ ក្រោមលក្ខខណ្ឌការបើកឡើងវិញព្រំដែនកាន់តែច្រើនក្នុងតំបន់ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក និងការធ្វើតេស្ត RT-PCR។

នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group លោក Tony Fernandes បាននិយាយថា ក្រុមហ៊ុនបានត្រៀមយន្តហោះ និងកម្លាំងការងាររួចហើយ ខណៈដែលតម្រូវការបានកើនឡើង។ ក្នុងនោះគ្រាន់តែការបើកឡើងវិញនៅ Langkawi ក្រុមហ៊ុន AirAsia លក់សំបុត្របានជាង៣០០,០០០។

លោកបាននិយាយថា “ប្រសិនបើព្រំដែនបើកឡើងវិញ ដោយគ្មានការធ្វើចត្តាឡីស័ក និងការធ្វើតេស្ត RT-PCR ស្ថានការណ៍នឹងត្រលប់ទៅធម្មតាវិញ ក្នុងរយៈពេលបីខែខាងមុខ”។

ទោះជាយ៉ាងណាក៏ដោយ ការបើកដំណើរការឡើងវិញភាគច្រើនអាស្រ័យលើការសម្រេចចិត្តរបស់រដ្ឋាភិបាលនីមួយៗ ដែលត្រូវតែមានភាពក្លាហានគ្រប់គ្រាន់ ដើម្បីរស់នៅជាមួយកូវីដ-១៩ ដូចដែលធ្លាប់បានប្រឈមមុខជាមួយជំងឺSars និងជំងឺផ្សេងៗទៀតកាលពីអតីតកាល។ ជាពិសេសបន្ទាប់ពីវ៉ាក់សាំង ត្រូវបានចែកចាយទូទាំងពិភពលោក ហើយថ្នាំព្យាបាលកូវីដ១៩កំពុងត្រូវបានបង្កើតឡើង។

លោក Tony Fernandes បាននិយាយថា “អាស៊ីប៉ាស៊ីហ្វិកដើរនឹងងើបឡើងវិញក្រោយអឺរ៉ុប និងសហរដ្ឋអាមេរិក។ ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយម នៅពេលដែលសិង្ហបុរី ថៃ និងប្រទេសជាច្រើនទៀតបានចាប់ផ្តើមបើកឡើងវិញ”។

លោកបាននិយាយថា ក្រុមហ៊ុននឹងចំណាយពេលប្រហែល៦-៩ ខែ ដើម្បីត្រលប់ទៅមានស្ថានភាពដូចមុនកូវីដ១៩ ខណៈដែលប្រទេសចិនរក្សាគោលនយោបាយ គ្មានកូវីឌ១៩ដល់ចំណុចសូន្យ ហើយនឹងក្លាយជាទិសដៅចុងក្រោយ ដែលបើកប្រទេសឡើងវិញ។

វិស័យទេសចរណ៍ក្នុងតំបន់ មានហានិភ័យនៃការបាត់បង់បុគ្គលិកបន្ថែមទៀត ដោយមិនអាចស្តារឡើងវិញ ពីព្រោះកម្មករនឹងស្វែងរកការងារផ្សេងទៀត និងមិនវិលត្រឡប់ទៅកាន់ឧស្សាហកម្មវិញ។ ស្ថានភាពនេះ នឹងបង្កបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ការងារ ជាពិសេសសម្រាប់សណ្ឋាគារ និងសួនកម្សាន្ត។

លោក Tony Fernandes បាននិយាយថាក្រុមហ៊ុនប្តេជ្ញា បន្តអត្រាប្រាក់ឈ្នួលធម្មតា សម្រាប់និយោជិតរបស់ខ្លួនក្នុងខែក្រោយ ខណៈអ្នកដែលត្រូវបានដកចេញអាចនឹងត្រលប់ទៅកាន់តំណែងរបស់ពួកគាត់វិញ នៅខែមករាឆ្នាំក្រោយ។

ក្នុងអំឡុងពេលនោះ ក្រុមហ៊ុន AirAsia បានបង្កើតក្រុមហ៊ុនឌីជីថលថ្មីចំនួនបី និងក្រុមហ៊ុនវិស្វកម្មមួយ។ ទោះបីក្រុមហ៊ុននេះ គ្រោងបង្កើនប្រាក់ចំណូល៥០% ពីអាជីវកម្មឌីជីថលនៅឆ្នាំ២០២៥ក៏ដោយ ផ្នែកអាកាសចរណ៍នៅតែជាអាជីវកម្មស្នូល ដែលនឹងបន្តរីកចម្រើន។

លោក Fernandes បាននិយាយថា “មានផ្លូវដ៏វែងឆ្ងាយដែលត្រូវទៅ ប៉ុន្តែយើងត្រឡប់មកវិញហើយ”។

លោក Colin Currie ប្រធានផ្នែកពាណិជ្ជកម្មថ្មីនៃក្រុមហ៊ុន AirAsia Group បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ ការផ្តល់ជូនរបៀបរស់នៅក្នុងអាជីវកម្មឌីជីថលនឹងកើនឡើងក្នុងអត្រាលឿនជាងមុន។ លោកនិយាយថា ទិន្នន័យនឹងត្រូវបានប្រើ ដើម្បីជួយស្វែងយល់ពីតម្រូវការរបស់អ្នកប្រើប្រាស់ និងបង្កើតយុទ្ធសាស្ត្រផ្តោតលើអ្នកប្រើប្រាស់៕

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍៦ចំណុច ដើម្បីជំរុញការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអាស៊ាន

ដោយ៖ សុធារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្តល់អនុសាសន៍៦ចំណុច ទៅកាន់រដ្ឋមន្ត្រីដឹកជញ្ជូនប្រទេសអាស៊ាន ឱ្យប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការអនុវត្ត ដើម្បីជំរុញដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូននៅតំបន់អាស៊ាន។

អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានផ្តល់ជូនរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ក្នុងពេលសម្តេចអញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ជាម្ចាស់ផ្ទះនៃការរៀបចំកិច្ចប្រជុំ។

សម្តេចតេជោ បានគូសរំលេចថា ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រកបដោយវិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាននោះ អាស៊ានត្រូវប្រកាន់ខ្ជាប់នូវទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ យើងរីកចម្រើន (We Care, We Prepare, We Prosper)»។
ដើម្បីកសាងបណ្តាញតភ្ជាប់នៅក្នុងតំបន់អាស៊ាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់នូវអនុសាសន៍ចំនួន៦ចំណុច រួមមាន៖

ទី១៖ ជំងឺកូវីដ១៩ នឹងបន្តបង្អាក់ប្រតិបត្តិការដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់សកល ក្នុងរយៈពេល វែងខាងមុខ។ ដូច្នេះ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន គួរបន្តតាមដាន និងត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ លើដំណើរការនៃការអនុវត្តផែនការសកម្មភាព ក្រោមក្របខណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់ អាស៊ាន ដោយសង្កត់ធ្ងន់លើការពង្រឹងការតភ្ជាប់ក្នុងតំបន់ ដើម្បីពង្រឹងសក្តានុពលនៃទីផ្សារអាស៊ាន និងភាពធន់សង្គម-សេដ្ឋកិច្ច។ ក្នុងន័យនេះ ការជំរុញការដឹកជញ្ជូនឆ្លងដែនរវាងបណ្តាប្រទេសជា សមាជិកអាស៊ាន ប្រកបដោយភាពរលូន និងរហ័សទាន់ចិត្ត នឹងចូលរួមលើកស្ទួយខ្សែច្រវាក់ផលិតកម្ម ក្នុងតំបន់ ប្រកបដោយភាពរឹងមាំ និងនិរន្តភាព។

ទី២៖ អាស៊ានត្រូវបន្តជំរុញធ្វើសកម្មភាពបន្ថែមទៀត ក្នុងគ្រប់ផ្នែកទាំងអស់នៃវិស័យដឹកជញ្ជូន ដើម្បីសម្រេចឱ្យបានជោគជ័យនូវការអនុវត្តផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ រួមទាំងសកម្មភាពអាទិភាពនៃការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិរបស់ផែនការនេះ ដែលជា ឆ្អឹងខ្នងនៃចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ ។

ទី៣៖ អាស៊ានត្រូវខិតខំពន្លឿនការចុះហត្ថលេខា និងដាក់ឱ្យអនុវត្តឱ្យបានឆាប់រហ័សនូវកិច្ចព្រមព្រៀងទូលំទូលាយ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-សហភាពអឺរ៉ុប (AECATA) កិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-នូវែលសេឡង់ (ANZ-ASA) និងកិច្ចព្រមព្រៀងសេវាកម្ម ដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-កូរ៉េ (AKASA) ជាដើម។ កិច្ចព្រមព្រៀងទាំងនេះ ជាមូលដ្ឋានគ្រឹះ ដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការសង្គម-សេដ្ឋកិច្ច និងជាស្ពានតភ្ជាប់អាស៊ានទៅពិភពលោក។

ទី៤៖ អាស៊ានត្រូវពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ, ស្វែងរកមូលនិធិ និងជំនួយបច្ចេកទេស ព្រមទាំងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត នៅក្នុងតំបន់អាស៊ាន ។ ខ្ញុំសូមបញ្ជាក់ជូនអង្គពិធីផងដែរថា ក្រោយពីកម្ពុជា បានចូលជាសមាជិកវេទិកាដឹកជញ្ជូនអន្តរជាតិ ខ្ញុំសង្ឃឹមថា កម្ពុជានឹងអាចទទួលបាន និងចូលរួមចែករំលែកបទពិសោធ និងចំណេះដឹងល្អៗ ជាមួយសមាជិកដទៃទៀត សម្រាប់ជាទុនមួយក្នុងដំណើរអភិវឌ្ឍន៍វិស័យដឹកជញ្ជូនរបស់អាស៊ានទាំងមូល។

ទី៥៖ វិស័យដឹកជញ្ជូនបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីដ ប្រមាណ ២០ភាគរយ ដែលជាប្រភពចម្បងមួយនៃការប្រែប្រួលអាកាសធាតុ។ ក្នុងន័យនេះ សម្តេចស្នើឱ្យអាស៊ាន បន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវផែនការយុទ្ធសាស្ត្រដឹកជញ្ជូនអាស៊ាន ២០១៦-២០២៥ និងលើកទឹកចិត្តចំពោះការប្រើប្រាស់យានយន្តដែលមានមេត្រីភាពបរិស្ថាន ព្រមទាំងជំរុញសមាហរណកម្ម ការធ្វើផែនការប្រើប្រាស់ ដីធ្លី និងផ្លូវថ្នល់ ដើម្បីដោះស្រាយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីការប្រើប្រាស់ថាមពល ការកកស្ទះចរាចរ ឧស្ម័ន ផ្ទះកញ្ចក់ និងសារធាតុបំពុលផ្សេងៗទៀត។ ការជំរុញអនុវត្តការងារទាំងនេះ នឹងចូលរួមកាត់បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ ដែលកំពុងគំរាមកំហែងដល់ពិភពលោក យើងទាំងមូល។

ទី៦៖ អាស៊ានត្រូវបន្តខិតខំដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលនៅតែជាបញ្ហាប្រឈម ដ៏សំខាន់នៅក្នុងតំបន់អាស៊ាន និងពិភពលោក ពិសេសតាមរយៈការជំរុញការអនុវត្តនូវលិខិតុបករណ៍ គតិយុត្ត ដូចជា៖ (១). សេចក្តីណែនាំស្តីពីការកែលម្អស្ដង់ដាររបាយការណ៍ សម្រាប់រាយការណ៍អំពី គ្រោះថ្នាក់ចរាចរណ៍ ដោយផ្អែកទៅលើស្ដង់ដាររបាយការណ៍របស់អង្គការសហប្រជាជាតិ, (២). សេចក្តីប្រកាសព្រុយណេដារ៉ូស្សាឡាម ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ ២០២០ និងទិសដៅថ្មី ឆ្នាំ២០៣០ ដែលកំណត់គោលដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យ៉ាងតិច ៥០% ពីឆ្នាំ ២០២១ ទៅឆ្នាំ២០៣០។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ដែរថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ក្នុងកិច្ចសហការជិតស្និទ្ធជាមួយបណ្តាប្រទេសជាសមាជិក និងដៃគូដទៃទៀត ក្នុងការសម្រេចបាននូវអាទិភាពផ្សេងៗរបស់អាស៊ានឆ្ពោះទៅរកការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច អាស៊ាន ព្រមទាំងការលើកកម្ពស់សហគមន៍អាស៊ាន នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របតាម មូលបទ «អាស៊ានរួមគ្នាធ្វើ – ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា) ASEAN A.C.T. Addressing Challenges Together)» ដើម្បីភាពសុខដុមរមនា សន្តិភាព និងវិបុលភាព ក្នុងតំបន់ទាំងមូល៕

អនុវត្តន៍តាមវិធីសាស្ត្រទាំង៥នេះ នឹងធ្វើឲ្យអ្នកទិញផ្ទះបានតម្លៃល្អ

ដោយ: ម៉ាលីស

ភ្នំពេញៈ ក្នុងនាមជាអតិថិជន តែងតែចង់ទិញផ្ទះក្នុងតម្លៃថោក ដើម្បីពួកគេមានលទ្ធភាពអាចចំណេញបានច្រើន។ ថ្ងៃនេះយើងនិយាយអំពីវិធីសាស្រ្តចរចា ទិញផ្ទះបានថោក ដូចនេះសូមពិចារណាចំណុចមួយចំនួនដូចខាងក្រោម។

១ ស្វែងរកចំណុចខ្សោយនៃផ្ទះ
មុននឹងសម្រេចចិត្តទិញអ្នកគួរតែ ដើរពិនិត្យឲ្យបានល្អគ្រប់ជ្រុងជ្រោយជាមុនសិន។ ជាពិសេសស្វែងរកចំណុចខ្សោយនៃផ្ទះនោះ រួមមាន ដូចជាទីធ្លាតូច អ្នកជិតខាងមិនល្អ បន្ទប់តូច ប្រព័ន្ធភ្លើងមិនគ្រប់គ្រាន់ ប្រព័ន្ធបង្ហូរលូមិនរលូន ថ្នាំលាបមិនល្អ អគារចាស់ ម៉ូតអន់ហួសសម័យ ផ្ទះនៅជិតផ្លូវពេក ឬឆ្ងាយផ្លូវពេក មានរបងការពារ។ល។ យ៉ាងណាត្រូវស្វែងរកចំណុចខ្សោយពិតប្រាកដ ដែលម្ចាស់ផ្ទះមើលឃើញដូចយើងដែរ។

យើងមិនត្រូវបង្អាប់ចំណុចខ្សោយនៃផ្ទះនោះទេ យើងគ្រាន់តែបង្ហាញឲ្យពួកគេបានឃើញតែប៉ុណ្ណោះ នៅពេលពួកគេបានឃើញ ពួកគេនឹងមានអារម្មណ៍ចុះថ្លៃដោយស្វ័យប្រវត្តិ។

២ ស៊ើបតម្លៃទីផ្សារ
អ្នកត្រូវស៊ើបសួរ រឺស្ទាបស្ទង់ តម្លៃទីផ្សារនៃអចលនទ្រព្យ ដែលនៅតំបន់នោះ ដើម្បីអាចដឹងអំពីតម្លៃពិតប្រាកដនៃផ្ទះនោះ ហើយប្រសិនបើម្ចាស់ផ្ទះបានដឹងថា យើងបានដឹងតម្លៃទីផ្សារ គាត់ក៏មិនហ៊ានកាត់ថ្លៃខ្ពស់ដែរ។ វាមិនសូវជាមានតម្លៃខុសគ្នាប៉ុន្មានទេ រវាងតម្លៃទីផ្សារ ហើយការធ្វើឲ្យរយាលពេល នៃការសម្រេចចិត្តទិញរបស់អ្នក អាចនឹងធ្វើឲ្យម្ចាស់ផ្ទះជំរុញឱ្យអ្នកទិញ ដែលយល់ព្រមបញ្ចុះតម្លៃក្រោមទីផ្សារ។

៣ កុំតក់ក្រហល់ចង់ទិញពេក
ចំណុចខ្សោយមនុស្សគ្រប់រូប គឺចំណង់តក់ក្រហល់នេះហើយ អ្នកមិនគួរបង្ហាញចំណង់ថាចង់ទិញផ្ទះនោះទេ ទុកវានៅក្នុងចិត្តចុះ ហើយធ្វើវាធម្មតាហាក់ដូចជាថាបានក៏បានមិនបានក៏មិនថ្វី។ ប្រសិនបើយើងបង្ហាញអារម្មណ៍ចង់បានពេក ម្ចាស់ផ្ទះនៅតែរឹងតម្លៃ គេមិនព្រមចុះឡើ ផ្ទុយទៅវិញប្រសិនបើយើងព្រងើយកន្តើយ គេខ្លាចយើងបែកចិត្តសាវ៉ា គេអាចនឹងបញ្ចុះតំលៃ ដើម្បីអោយមានការព្រមព្រៀង។

៤ ត្រូវដើរមើលផ្ទះឲ្យបានច្រើន
ដូណាល់ត្រាំ (Donald Trump) មហាសេដ្ឋីអចលនទ្រព្យ និងជាអតីតប្រធានា​ធិបតី នៃUSA បាននិយាយថា “មុននឹងសម្រេចចិត្ត ទិញអចលនទ្រព្យណា គួរតែដើរមើលអចលនទ្រព្យ នៅម្ដុំនោះអោយបាន១០០០ដងសិន” ។ វានឹងផ្ដល់អោយអ្នកនូវជម្រើសល្អមួយក្នុងចំណោមច្រើន ហើយអ្នកនឹងទិញវាបានក្នុងតម្លៃថោកបំផុត ក្នុងចំណោមអ្វីដែលអ្នកបានឃើញ អ្នកមិនគួរទៅជួបភ្លាមស្រលាញ់ភ្លែត នឹងចរចាទិញក្នុងមួយពព្រិចភ្នែកនោះទេ អ្នកត្រូវស្គាល់ទាំងអស់ ហើយជ្រើសយកមួយណាដែលល្អបំផុត។

៥ ត្រូវប្រើប្រាស់ភ្នាក់ងារអចលនទ្រព្យ
ប្រហែលជាភ្នាក់ងារអចលនទ្រព្យមានជំនាញ ខាងការបញ្ចុះបញ្ចូលតម្លៃជាងយើង គួរតែប្រគល់ភារកិច្ចនេះទៅកាន់គេចុះ ត្បិតថាគេក៏ចង់បានប្រាក់កម្រៃជើងសារ ដូច្នេះគឺចង់ឲ្យមានការលក់ដូរមួយ ក្នុងតម្លៃថោកសមរម្យ ទៅតាមអតិថិជនចង់បាន។ ម្ចាស់ផ្ទះក៏ជឿជាក់ទៅលើសំដីរបស់ភ្នាក់ងារអចលនទ្រព្យច្រើនជាង៕

ផ្លូវជាតិលេខ៣ គ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមីនាឆ្នាំ២០២២

ដោយៈ សុផារី

ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៣ (NR3) ប្រវែងជាង១៣៥គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលចោមចៅ ទៅក្រុងកំពត គ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមីនា ឆ្នាំក្រោយ។

នេះបើតាមការលើកឡើងរបស់លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ ខណៈដឹកនាំគណៈប្រតិភូ ចុះពិនិត្យការដំឡើងកាមេរ៉ាសុវត្ថិភាព តាមផ្លូវជាតិលេខ៣ នៅថ្ងៃទី៨ ខែវិច្ឆិកាកន្លងមកនេះ។

លោកបានមានប្រសាសន៍ឱ្យដឹងថា “សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ”។

ការសាងសង់ និងកែលម្អផ្លូវជាតិលេខ៣ ចែកចេញជាពីរដំណាក់កាល គឺដំណាក់កាលទី១ ប្រវែង៧០គីឡូម៉ែត្រ ចាប់ពីចោមចៅ រាជធានីភ្នំពេញ ដល់តំបន់បែកគុស ខេត្តតាកែវ មាន៤គន្លង និងទី២ ដំណាក់កាលទី៦៤,៨គីឡូម៉ែត្រ ពីតំបន់បែកគុសដល់ក្រុងកំពតមានផ្លូវពីរគន្លងទៅ និងមក។

ផ្លូវនេះ ត្រូវបានសាងសង់ដោយក្រុមហ៊ុន China Bridge and Road Corporation ក្រោមការត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន Guangzhou Construction Technical Consulting Co., Ltd. ជាមួយនឹងថវិកាសរុបចំនួន២១៩,៩ លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទាន ពីសាធារណៈរដ្ឋប្រជាមានិតចិន។

ផ្លូវជាតិដ៏សំខាន់នេះ បានត្រូវបើកឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន បន្ទាប់ពីការសាងសង់រួចរាល់នៅពាក់កណ្តាលឆ្នាំនេះ៕

អ្នកឧកញ៉ាគិត ម៉េងចែករំលែកទស្សនទាននៃការ “យកចិត្តគេ ដាក់ចិត្តយើង”

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ផ្នត់គំនិតនៃ “ការយកចិត្តគេដាក់ចិត្តយើង” មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែពេលខ្លះ យើងមិនបានគិតដល់ចំណុចនេះ ឱ្យបានជាក់លាក់នោះទេ។

ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Royal Group ដែលបានចាប់ផ្តើមបញ្ចេញទស្សនទាន និងផ្នត់គំនិតល្អៗជាច្រើនលើបណ្តាញទំនាក់ទំនងសង្គមបានសរសេរថា “ថ្ងៃនេះ ខ្ញុំបានលើកយកគតិបែបចិត្តវិទ្យាមួយនេះ មកគិតម្តងទៀត ដើម្បីរំលឹកខ្លួនខ្ញុំផ្ទាល់ពីសារៈសំខាន់នៃផ្នត់គំនិតនេះ ក្នុងការប្រាស្រ័យទាក់ទង និងការគ្រប់គ្រងអាជីវកម្ម ក្នុងនាមជាអ្នកដឹកនាំម្នាក់”។

អ្នកឧកញ៉ាបានបន្តថា ការបកស្រាយដ៏សាមញ្ញបំផុតនៃផ្នត់គំនិត “ការយកចិត្តគេដាក់ចិត្តយើង” សំដៅលើសមត្ថភាព ក្នុងការទទួលស្គាល់អារម្មណ៍ពីអ្នកដទៃ និងយល់ពីទស្សនៈរបស់អ្នកដទៃលើស្ថានភាពមួយ។ បើពន្យល់ក្នុងន័យសម្រាយជាងនេះទៀតនោះ គឺមានន័យថា “ដាក់ខ្លួនអ្នកនៅក្នុងការគិតរបស់អ្នកដទៃ ហើយស្វែងយល់ពីអារម្មណ៍របស់ពួកគេក្នុងពេលនោះ” ទាំងអារម្មណ៍ ទាំងពុទ្ធិ និងទាំងក្ដីមេត្តា។

អ្នកឧកញ៉ាគិត ម៉េងបានបន្តថា ក្នុងនាមជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អស់រយៈពេលជាង៣០ឆ្នាំ ការសិក្សាចំណេះដឹង ដែលនៅពីក្រោយការរក្សាផ្នត់គំនិត “ការយកចិត្តគេដាក់ចិត្តយើង” គឺមានសារៈសំខាន់ ដូចជាការធ្វើឱ្យកិច្ចការសំខាន់ៗសម្រេចបានផងដែរ។

លោកបញ្ជាក់ថា ការជំរុញឱ្យរក្សាផ្នត់គំនិត “ការយកចិត្តគេដាក់ចិត្តយើង” ក្នុងការដឹកនាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានជួយខ្ញុំឱ្យយល់ពីមូលហេតុ ដែលនៅពីក្រោយការប្រតិ​បត្តិការងារមិនល្អ ជួយបង្កើតអារម្មណ៍នៃការជឿទុកចិត្ត ជួយបុគ្គលិកដែលកំពុងខិតខំឱ្យមានភាពប្រសើរឡើងក្នុងការបំពេញការងារ ពង្រឹងទំនាក់ទំនង ហើយជាលទ្ធផល វានាំក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ទៅរកកិច្ចសហការកាន់តែច្រើន និងផលិតភាពកាន់តែខ្ពស់។

សូមចងចាំថា សម្តីបង្កើតសកម្មភាព ទង្វើ បង្កើតទម្លាប់។ ចំពោះខ្ញុំផ្ទាល់ ផ្នត់គំនិត”ការយកចិត្តគេដាក់ចិត្តយើង” គឺជាលក្ខណៈសម្បត្តិដ៏សំខាន់បំផុតមួយ សម្រាប់អ្នកដឹកនាំដែលត្រូវមាន និងដើម្បីបង្ហាញទៅមនុស្សជុំវិញយើងថា “យើងគ្រាន់តែជាមនុស្សធម្មតា”។

អ្នកឧកញ៉ាបានបន្ថែមថា “ពេលខ្លះយើងបង្កើតកំហុស” ហើយយើងខិតខំប្រឹងប្រែងស្វែងយល់គ្នាទៅវិញទៅមក និងស្វែងយល់ពីបញ្ហាទាំងនោះ៕

ដំណឹងល្អៈស្ពានមិត្តភាពកម្ពុជា-ចិននឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ វិច្ឆិកាខាងមុខនេះហើយ

ដោយៈ សុផារី

កំពង់ចាមៈ រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងពិធីបើកការដ្ឋានគម្រោងសាងសង់ ផ្លូវជាតិលេខ៧១C ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះនឹងត្រូវរៀបចំនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ៧:០០នាទី នៅត្រើយខាងលិចស្ពានស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់ ក្រូចឆ្មារ ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

កាលពីចុងខែមីនា ឆ្នាំ២០២១នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នូវស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលឆ្លងកាត់ទន្លេមេគង្គ​។

ផ្លូវ និងស្ពាននេះជាគម្រោង ដែលអនុវត្តដោយក្រុមហ៊ុនសំណង់ចិន និងក្រុមហ៊ុនសំណង់ជប៉ុន ក្រោមហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិត ចិន និងរាជរដ្ឋាភិបាលជប៉ុន។

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅត្រង់ចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់ទន្លេមេគង្គទៅត្រើយខាងកើត ស្ថិតនៅភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ស្ពាននេះមានប្រវែងសរុប១១៣១ ម៉ែត្រ និងទទឹង ១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងអាមេ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១ខែ ធ្នូ ឆ្នាំ ២០១៧៕

FDI នៅតែមានសារសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាទោះបីវិនិយោគិនក្នុងស្រុកមានកំណើនក្ដី

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ លំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) នៅតែមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចប្រទេសមួយ មិនថាកាលៈទេសៈណាក៏ដោយ ពិសេសវិស័យអចលនទ្រព្យនៅកម្ពុជា។

នៅក្នុងរយៈពេលប្រមាណជិត២ឆ្នាំចុងក្រោយនេះ កំណើនវិនិយិោគិនក្នុងស្រុកបណ្ដាក់ទុនវិនិយោគ លើវិស័យអចលនទ្រព្យនៅកម្ពុជា ចាប់ផ្ដើមកើនឡើង ដោយសារតែជនបរទេស មិនអាចចូលមកទូលំទូលាយ ដូចមុនបានទៀតពីព្រោះតែជំងឺកូវីដ១៩ ប៉ុន្តែទោះជាវិនិយោគិន ក្នុងស្រុកចាប់ផ្ដើមមានសកម្មភាពខ្លាំងជាងមុនក្ដី ក៏ជនបរទេសនៅតែមានសារសំខាន់ ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជាដដែល។

លោកស៊ឹម ស៊ីសាវុត្ថារ៉ានាយកប្រតិបត្តិក្រុមហ៊ុន Zillion Trust Plc បានឱ្យដឹងថា នៅពេលបច្ចុប្បន្នវិនិយោគិន នៅក្នុងស្រុកបានចូលរួមធំមួយដែរ ក្នុងការជំរុញវិស័យអចលនទ្រព្យរបស់យើង ហើយវិនិយោគិនបរទេស នៅតែមានឥទ្ធិពលក្នុងការនាំលុយពីក្រៅប្រទេសចូលមកកម្ពុជា ។

លោកបន្តថា លំហូរសាច់ប្រាក់របស់វិនិយោគិនបរទេស ដែលចូលមកកម្ពុជាមិនត្រឹមតែវិនិយោគ នៅក្នុងវិស័យអចលនទ្រព្យប៉ុណ្ណោះទេ តែពួកគាត់អាចបំបែកទៅវិនិយោគលើវិស័យកសិកម្មនិងទេសចរណ៍ជាដើម”។ លោកបន្តថា “ការបំបែកនេះដែរនឹងធ្វើឱ្យសកម្មភាពវិនិយោគនៅកម្ពុជា កាន់តែមានសន្ទុះឡើង ប៉ុន្តែដូចបានដឹងហើយនៅអំឡុងពេលកូវីដ១៩ មិនមានវិនិយោគិនចូលមកថ្មីៗច្រើននោះទេ ដូច្នេះរាល់ការវិនិយោគមួយចំនួនធំគឺជាវិនិយោគិនក្នុងស្រុក”។

លោកបន្ថែមថា ជនបរទេសមិនមានសិទ្ធិ ក្នុងការទិញដី ឬក៏ផ្ទះនៅជាប់ដីឡើយ តែជនបរទេស ដែលមកវិនិយោគនៅកម្ពុជាគឺមានទំហំទឹកប្រាក់ធំៗ ជាក់ស្ដែងដូចបានដឹងហើយ ការវិនិយោគរបស់បរទេសកន្លងមកនៅកម្ពុជា គឺមានទំហំទឹកប្រាក់ច្រើននិងជាគម្រោងធំៗ លេចធ្លោ។

បើយើងក្រលេកទៅមើលគម្រោងអភិវឌ្ឍន៍ធំៗ នៅក្នុងរាជធានីភ្នំពេញគម្រោងធំៗនៅតាមដងវិថីសំខាន់ៗ គឺភាគច្រើនកាប់កាន់ដោយវិនិយោគិនបរទេស ក្នុងនោះវិនិយោ​គិនចិនមានចំនួនច្រើនជាងគេ ដែលសបញ្ជាក់ថា វិនិយោគិនបរទេសនៅតែមានឥទ្ធិពលលើវិស័យអចលនទ្រព្យនៅកម្ពុជា ។

សម្រាប់ការបើកប្រទេសឡើងវិញ បន្ទាប់ពីកូវីដ១៩បានវាយលុក អ្នកជំនាញអចលនទ្រព្យ មិនទាន់រំពឹងពីការហូរចូលមកភ្លាមៗនោះទេ ដោយរង់ចាំមើលពីស្ថានភាពនៃកូវីដ១៩ជាមុនសិន ហើយវិនិយោគិនបរទេសនឹងចូលមកកម្ពុជា នៅអំឡុងពាក់ក​ ណ្ដាលត្រីមាសទី១នៃឆ្នាំ២០២២ខាងមុខនេះ ។

ជាមួយគ្នានេះលោកឌឹត ចណ្ណាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គីបានឱ្យដឹងថា ការបើកប្រទេសឡើងវិញ យើងមិនទាន់រំពឹងពីការហូរចូលពីវិនិយោគិនបរទេសភ្លាមៗទេ ដោយសារតែស្ថានភាពនៅប្រទេសមួយចំនួន មិនទាន់ធូរស្រាលនៅឡើយ និងមានការរឹតបន្តឹងដដែល ដូច្នេះវិនិយោគិនក៏មិនអាចចេញក្រៅ ដើម្បីស្វែងរកការវិនិយោគរបស់ពួកគេបានទូលំទូលាយដែរ។

ចំណែកលោកស្រីអាន សុធីតាអគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា អ្នកវិនិយោគបរទេសដើរតួនាទីសំខាន់ណាស់ នៅក្នុងវិស័យអចលនទ្រព្យកម្ពុជា ដើម្បីជម្រុញឲ្យវិស័យនេះឈានឡើងមួយកម្រិតទៀត ព្រោះវិនិយោគិនបរទេស ពួកគេចំណាយទុនធំ នាំមកនូវចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗដល់ទីផ្សារ។

លោកស្រីបានបន្តថា “វិនិយោគិនក្នុងស្រុក ទោះបីជាមានការបោះទុនវិនិយោគច្រើនក្តី ប៉ុន្តែវាមិនធ្វើឲ្យទីផ្សារលេចត្រដែតខ្លាំង និងទាក់ទាញទំនុកចិត្តខ្លាំងដូចជាអ្នកវិនិយោគបរទេសនោះទេ”៕

ក្រុមហ៊ុនដ៏ធំមួយទៀតរបស់ថៃគ្រោងឈានជើងមកកាន់ទីផ្សារកម្ពុជា

ដោយៈជេស៊ីកា

ភ្នំពេញៈ ក្រុមហ៊ុនសាជីវកម្មដ៏ធំមួយរបស់ថៃ Bangchak Corporation (BCP) ដែលជាក្រុមហ៊ុនប្រេងឥន្ទនៈ និងថាមពល បាននិងកំពុងស្វែងរកឱកាសវិនិយោគ និងពង្រីកអាជីវកម្ម ក្នុងវិស័យប្រេងឥន្ធនៈ និងថាមពលបៃតងនៅកម្ពុជា។

លោក Ittikhun Sihsobhon អនុប្រធានជាន់ខ្ពស់ផ្នែកធុរកិច្ចប្រេង និងទីផ្សារ នៃក្រុមហ៊ុនសាជីវកម្ម Bangchak Corporation ក្នុងជំនួបជាមួយឯកលោកអ៊ូក សោភ័ណ ឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសថៃ កាលពីដើមសប្តាហ៍នេះ។

លោក Ittikhun Sihsobhon បានសន្យាដឹកនាំសហការីមកធ្វើទស្សនកិច្ច សិក្សាទៅកាន់ប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីស្វែងយល់បន្ថែមពីកាលានុវត្តភាពធុរកិច្ច វិស័យប្រេងឥន្ធនៈ និងថាមពលបៃតង។

ទន្ទឹមនឹងនេះ លោកឯកអគ្គរាជទូត បានជម្រាបជូនប្រតិភូក្រុមហ៊ុន BCP អំពីគោលនយោបាយការទូតសេដ្ឋកិច្ច ស្តីពីពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌ យុទ្ធសាស្ត្រថៃបូក១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលមានភាពបត់បែន តម្លាភាព និងផ្តល់ការលើកទឹកចិត្តខ្ពស់ជូនវិនិយោគិនបរទេស។

ក្រុមហ៊ុនសាជីវកម្ម Bangchak Corporation (BCP) ជាក្រុមហ៊ុនធំនៅប្រទេសថៃ ដែលមានសមត្ថភាពចម្រាញ់ប្រេងបាន១២ម៉ឺនប៉ារែល ក្នុង១ថ្ងៃ និងមានស្ថានីយសាំងចំនួនរហូតដល់១២០០កន្លែង ទូទាំងប្រទេសថៃ៕

តើប្លង់គោលទីក្រុងបូកគោផ្តោតលើទស្សនទាននៃការអភិវឌ្ឈបែបណាខ្លះ?

ដោយៈសិរី ជេស៊ីកា

កំពតៈ រដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់ប្លង់គោល ប្រើប្រាស់ដីគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគតក្នុងតំបន់ប្រវត្តិសាស្ត្រមួយនេះ។

យោងតាមអនុក្រឹត្យស្តីពី ការដាក់ឱ្យប្រើប្រាស់ប្លង់គោលប្រើប្រាស់ដី គម្រោងអភិ​វឌ្ឍន៍ក្រុងបូកគោ ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១បានឲ្យដឹងថា ដោយពិនិត្យទៅលើសក្តានុពល ក៍ដូចជាប្រវត្តិសាស្ត្រ ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះធ្វើការសិក្សាស្រាវជ្រាវ ក្នុងភូមិសាស្ត្រឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ឃើញថា ទីតាំងនេះជាអតីតទីក្រុងប្រវត្តិសាស្ត្រនៅឆ្នាំ ១៩២៥-១៩៦២ ដ៍មានសក្ដានុពល ដែលមានអាកាសធាតុ ត្រជាក់ល្អបរិសុទ្ធ ទេសភាពធម្មជាតិតំបន់ភ្នំ-សមុទ្រដ៏ពិសិដ្ឋគ្មានពីរនៃព្រះរាជាណាចក្រកម្ពុជា និងជាគោលដៅទេសចរណ៍ប្រណីតកម្រិតខ្ពស់ និងមានហេដ្ឋារចនាសម្ព័ន្ធជាទីក្រុងរដ្ឋបាល ដែលបានបន្សល់ទុកតាំងពីសម័យអាណានិគ​មរហូតមកដល់បច្ចុប្បន្ន។

ហេដ្ឋារចនាសម្ព័ន្ឋទាំងនោះមានដូចជា អគាររដ្ឋបាល ព្រះរាជដំណាក់ លំនៅឋាន អគារសេវាកម្ម សាលាក្រុង ប្រៃសណីយ៍ អគារសុរិយោដី សាលារៀន វត្តអារាម ព្រះវិហារកាតូលិក គិលានដ្ឋាន ប៉ុស្តិ៍នគរបាល ទីបញ្ជាការយោធា សណ្ឋាគារ ស្ថានីយទឹកស្អាត ស្ថានីយ អគ្គិសនី ទំនប់ទឹកបារាំង។ល។

ផ្អែកតាមរបកគំហើញនៃការសិក្សាស្រាវជ្រាវនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិជាសេនាធិការ បានផ្តួចផ្តើម សិក្សា និងរៀបចំប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោ មានទីតាំងស្ថិតក្នុងឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” នៃភូមិសាស្ត្រខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ មានផ្ទៃក្រឡាប្រមាណ២៧ ៩៤៣ ហិកតា ស្មើនឹង១៨,០៩% នៃផ្ទៃឧទ្យានជាតិព្រះមុនីវង្ស “បូកគោ” ទំហំ១៥៤ ៥៤២ហិកតា អនុលោមតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកំណត់តំបន់ការពារធម្មជាតិ និងអនុក្រឹត្យ លេខ ១៧១ អនក្រ.បក ចុះ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស”បូកគោ” និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ “គិរីរម្យ” ក្នុងគោលដៅធានាការគ្រប់គ្រង និងអភិវឌ្ឍន៍ក្រុងបូកគោប្រកបដោយចីរភាព។

ប្លង់គោលប្រើប្រាស់ដីនេះត្រូវបានកសាងឡើង ដោយការសិក្សាច្បាស់លាស់លើកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន ទេសចរណ៍ និងវប្បធម៌ ព្រមទាំងគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សំខាន់ៗមួយចំនួនពាក់ព័ន្ធនឹងការរៀបចំដែនដី និងនគរូបនីយកម្មនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដូចជា ច្បាប់ ភូមិបាល ច្បាប់ស្តីពីការរៀបចំទឹកដី នគរូបនីយកម្ម និងសំណង់ ច្បាប់ស្ដីពីកិច្ចការពារបរិស្ថាននិងធនធានធម្មជាតិ ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ច្បាប់ស្តីពីកិច្ចការពារបេតិ​កភណ្ឌវប្បធម៌ ច្បាប់ស្តីពីទេសចរណ៍ ច្បាប់ស្ដីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីផ្លូវថ្នល់ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ព្រះរាជក្រឹត្យ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ស្តីពីការកំណត់តំបន់ការពារធម្មជាតិ អនុក្រឹត្យស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស ”បូកគោ” និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ “គិរីរម្យ” អនុក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ និងអនុក្រឹត្យស្តីពី នគរូបនីយកម្មរាជធានី ក្រុង និងទីប្រជុំជនជាដើម។

ចក្ខុវិស័យនៃប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោនេះ ត្រូវបានរៀបចំឡើងដោយមានលក្ខណៈ ទូលំទួលាយគ្របដណ្តប់ទាំងទិដ្ឋភាពគតិយុត្ត និងបច្ចេកទេស សម្រាប់ធ្វើការ សម្របសម្រួលរវាងវិស័យនានាដែល ជាកម្លាំងចលករសេដ្ឋកិច្ច សំដៅធ្វើការតម្រង់ទិសការអភិវឌ្ឍប្រកបដោយចីរភាព ឆ្លើយតបទៅនឹងកំណើនប្រជាសាស្ត្រ តម្រូវការក្នុងការប្រើប្រាស់ដី ការអភិវឌ្ឍលំនៅឋាន និងការអភិវឌ្ឍគ្រប់កម្រិតក្នុងពេលបច្ចុប្បន្ននិងទៅអនាគត ដោយធានាបាននូវការការពារធនធានដី ធនធានក្រោមដី ប្រព័ន្ធអេកូឡូស៊ី បរិស្ថាន និងធនធានធម្មជាតិ ជាពិសេសអភិរក្សតំបន់ទីក្រុងប្រវត្តិសាស្ត្រ។

ខេត្តកំពតស្ថិតនៅទិសនិរតី ក្នុងតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរមណីយដ្ឋានឋានសួគ៌ បូកគោ និងជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិល្អឯកពេញនិយមបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ ខេត្តនេះមានព្រំប្រទល់ជាប់នឹងសមុទ្រ ខេត្តព្រះសីហនុ ខេត្ត កំពង់ស្ពឺ ខេត្តតាកែវ ខេត្តកែប និងប្រទេសវៀតណាម។

សក្តានុពលធនធានធម្មជាតិជាច្រើន ដូចជា ព្រៃភ្នំ សត្វព្រៃ ទឹកធ្លាក់ កោះ សត្វសមុទ្រ ស្មៅសមុទ្រ ផ្កាថ្ម ព្រៃកោងកាង ឆ្នេរខ្សាច់ ស្រែអំបិល រ៉ែថ្មកំបោរ ដីកសិកម្ម និងមានសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនមាន ដូចជាសំណង់បេតិកភណ្ឌក្រុងកំពត រមណីយដ្ឋានទេសចរណ៍ធម្មជាតិឋានសួគ៌បូកគោ ល្អាងភ្នំកំពង់ត្រាច ព្រែកត្នោត ភ្នំសិដាឱន ទឹកឈូ។

ប្រាសាទភ្នំឈ្ងោក សួនសត្វទឹកឈូ ទឹកធ្លាក់ បីថ្នាក់ ទំនប់ប្រទាក់ក្រឡា ទំនប់ម្លិច និងរមណីយដ្ឋានភ្នំដូង សហគមន៍ទេសចរណ៍ព្រែកត្នោត ត្រពាំងសង្កែ កែបថ្មី សហគមន៍ទេសចណ៍លក និងតំបន់កម្សាន្តឆ្នេរសមុទ្រព្រែកអំពិល។ សក្តានុពលទេសចរណ៍ទាំងអស់នេះ បានធ្វើឲ្យខេត្តកំពតមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ស្ទើរគ្រប់វិស័យ ដូចជា វិស័យសំណង់ កសិកម្ម ឧស្សាហកម្ម សិប្បកម្ម រ៉ែ ថាមពល សេដ្ឋកិច្ច ទេសចរណ៍ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត៕

ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋនៃគម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្នុងខេត្តពោសាត់ស្ថិតក្នុងផែនការអាទិភាព

ដោយ: ម៉ាលីស

ភ្នំពេញៈ អភិបាលខេត្តពោធិសាត់ លោកជាវ តាយ បានចាប់ផ្តើមផ្តោតអាទិភាពលើការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ឋក្រុងជុំវិញបឹងទន្លេសាប ក្នុងខេត្តពោធិសាត់ត្រូវបានដាក់ក្នុងផែនការអាទិភាព។

រដ្ឋបាលខេត្តពោធិ៍សាត់អោយដឹងថា លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញបើកការដ្ឋាន ស្ថាបនា«ផ្លូវក្រាលកៅស៊ូ DBST ផ្លូវលេខ២០៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវ លេខ២០៥+២០៦+១០៣» ដែលជាផ្លូវអាទិភាព ក្នុងចំណោមផ្លូវដទៃទៀតនៃគម្រោងគ្រប់គ្រងកែលម្អបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ពិធីនេះត្រូវបានធ្វើឡើង នៅលើផ្លូវលេខ២០៩ ទល់មុខពហុកីឡដ្ឋានខេត្ត ដោយបានការអញ្ជើញចូលរួមពី លោកម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានគម្រោងទីប្រឹ ក្សាបច្ចេកទេសគម្រោង ក្រុមហ៊ុនគិរីដងរែក អាជ្ញាមូលដ្ឋាន និងបងប្អូនពុកម៉ែប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា គម្រោង គ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប បានរៀបចំសិក្សាចាប់តាំងពីឆ្នាំ២០១៤មក ម្ល៉េះហើយចាប់ផ្តើមអនុវត្តន៍ នៅដើមឆ្នាំ២០២០កន្លងទៅ។

គម្រោងនេះទទួលកញ្ចប់ថវិកាជា កម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹក ជញ្ជូន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សា ត់ដែលក្នុងនោះរួមមាន “អាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង, ទំនប់ការពារទឹកជំនន់ ទីលានចាក់សម្រាម និងការធ្វើឱ្យប្រសើរឡើង ផ្លូវកៅស៊ូថ្មីក្នុងក្រុងពោធិ៍សាត់”។

បច្ចុប្បន្នអនុគម្រោងប្រព័ន្ធលូរំដោះ ទឹកភ្លៀង ទឹកស្អុយ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់សម្រេចបាន៨០%ហើយ គ្រោងនឹងបញ្ចប់ នៅខែមីនា ឆ្នាំ២០២២ខាងមុខ។

ដោយឡែកអនុគម្រោងទីលានចាក់សម្រាម សម្រេចបាន៨៥%ហើយ គ្រោងនឹងបញ្ចប់ នៅខែ កុម្ភៈឆ្នាំ២០២២ខាងមុខនេះ។ ថ្ងៃនេះគឺជាមោទនភាពសម្រាប់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ ដែលត្រូវបានថ្នាក់ដឹកនាំ អញ្ជើញបើកការដ្ឋានស្ថាបនា «ផ្លូវក្រាលកៅស៊ូ DBST ផ្លូវលេខ២០ ៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវលេខ២០៥+២០៦+១០៣» ដែលជាផ្លូវអាទិ ភាពមួយ ក្នុងចំណោមផ្លូវដទៃទៀត ត្រូវបានរៀបចំប្រព័ន្ធលូរួចរាល់ ដើម្បីជាគុណប្រយោជន៍ ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋបានប្រើប្រាស់។

លោក ជាវ តាយ បានមានប្រសាសន៍ថា ដើម្បីលើកកម្ពស់សោភ័ណភាព សុខសុវត្ថិភាពប្រជាពលរដ្ឋ និងដើម្បីលើកស្ទួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជា សេដ្ឋកិច្ចខេត្ត ឱ្យមានការរីកចម្រើននោះ ក៏បានរៀបចំតបណ្តាញភ្លើងបំភ្លឺផ្លូវសាធារណៈ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ ដែលគិតមកទល់ពេលនេះ បានចំនួន៣៥០អំពូលហើយ នឹងឈានទៅតម្លើងបន្ថែមដល់៥០០អំពូល ក្នុងជំហានទី១ សម្រាប់ជំហានទី២បន្តទៀត”។

លោកនឹងរៀបចំដំឡើងបន្ថែម រហូតដល់១០០០អំពូលLED ធ្វើយ៉ាងណាឱ្យគ្រប់ផ្លូវទាំងអស់ភ្លឺលែងងងឹត៕