ក្រុមហ៊ុនលំដាប់យក្សចិន Prince Holding Group គ្រោងបោះទុនវិនិយោគបន្ថែមទៀត បន្ទាប់ពីចំណាយ១០ពាន់លានដុល្លារនៅកម្ពុជា

ដោយៈសុខុម

ភ្នំពេញ: ដោយមើលឃើញសក្ដានុពលដ៏ខ្លាំងក្លារបស់កម្ពុជា ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួច ក្រុមហ៊ុនចិន លំដាប់យក្ស Prince Holding Group ដែលបានបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់រហូតដល់១០ពាន់លានដុល្លារអាមេរិក រួចមកហើយនៅកម្ពុជា គ្រោងបោះទុនវិនិយោគបន្ថែមទៀតនៅពេលអនាគតដ៏ខ្លីខាងមុខ។

ទុនវិនិយោគចំនួន១០ពាន់លានដុល្លារអាមេរិកនោះ បានចំណាយលើគម្រោងលំដាប់អន្តរជាតិធំៗចំនួន៤ នៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។

ក្រុមហ៊ុនចិន មួយនេះមានបុត្រសម្ព័ន្ធជាច្រើននៅកម្ពុជា ដែលធ្វើការផ្តោតលើវិស័យស្នូលចំនួន៣ គឺការអភិវឌ្ឍវិស័យអចលនទ្រព្យ សេវាហិរញ្ញវត្ថុ និងសេវាអតិថិជន។

ក្រុមហ៊ុនបុត្រសម្ព័ន្ធសំខាន់ៗទាំងនោះ រួមមាន ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំងក្រុមហ៊ុន Awesome Global Investment Group ផងដែរ។

តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ក្រុមហ៊ុនមេ Prince Holding Group មានអាជីវកម្មជាង៨០ប្រភេទនៅកម្ពុជា ដែលកំពុងប្រតិបត្តិការលើការ អភិវឌ្ឍវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភ័ស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និងភេសជ្ជៈ និងវិស័យមួយចំនួនទៀត។

ដោយមានការប្រើបណ្តាញក្រុមអ្នកជំនាញ ខាងឧស្សាហកម្មធុរកិច្ច និងហិរញ្ញវត្ថុទូទាំងទ្វីបអាស៊ី ក្រុមហ៊ុនមេ Prince Holding Group បានប្តេជ្ញាយ៉ាងមុតមាំចំពោះការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។

ជាតឹកតាង ក្រុមហ៊ុន Prince Holding Group កំពុងអភិវឌ្ឍទីក្រុងរាម ដែលជាគម្រោងទេសចរណ៍ និងលំនៅដ្ឋាននៅលើផ្ទៃដីទំហំប្រមាណ៨៣៤ហិកតា ដែលនឹងក្លាយជាគម្រោងអចលនទ្រព្យ ប្រកបដោយនិរន្តរភាពឈានមុខគេមួយ នៅប្រទេសកម្ពុជា ក្នុងគោលបំណងធានាបាននូវការវិនិយោគ សម្រាប់តំបន់នេះ ក្នុងទំហំវិនិយោគសរុបប្រមាណ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។

គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងចម្ងាយ៨នាទី ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ដែលមានគោលបំណងចូលរួមចំណែក ដល់ការស្តារសេដ្ឋកិច្ចនៅខេត្តព្រះសីហនុ ឡើងវិញ។

ក្រុមហ៊ុន Prince Holding Group នឹងបន្តបោះជំហានទៅមុខ ក្នុងការស្វែងរកឱកាស ដើម្បីដើរតួនាទីយ៉ាងសំខាន់នៅកម្ពុជា តាមរយៈការធ្វើការក្នុងភាពជាដៃគូ ឬការវិនិយោគដោយផ្ទាល់ ក្នុងឧស្សាហកម្មសំខាន់ៗ ដើម្បីនាំមកនូវភាពប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចក្នុងតំបន់។

ក្រៅពីការពង្រីកអាជីវកម្ម ដើម្បីបង្កើនប្រាក់ចំណេញ ក្រុមហ៊ុន Prince Holding Group ក៏បានបង្កើតមូលនិធិព្រីនស៍ (Prince Foundation) ដើម្បីធ្វើសកម្មភាពមនុស្សធម៌ផងដែរ ដោយបានចំណាយប្រាក់ជាច្រើនលានដុល្លារអាមេរិក ជួយដល់សង្គមកម្ពុជា។

គិតរហូតមកទល់ពេលនេះ មូលនិធិព្រីនស៍ បានរៀបចំសកម្មភាពមនុស្សធម៌ជាង២៥០សកម្មភាព ចែកប្រាក់ និងគ្រឿងបរិក្ខារផ្សេងៗ សរុបជាទឹកប្រាក់ជាង១៤លានដុល្លារអាមេរិក ដើម្បីជួយដល់ពលរដ្ឋខ្មែរ ប្រមាណ ៥០០.០០០នាក់។

មិនតែប៉ុណ្ណោះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងវីរុសកូវីដ-១៩ ក្រុមហ៊ុនក៏បានបរិច្ចាគប្រាក់៣លានដុល្លារអាមេរិក ចំនួន២លើកដើម្បីជួយកម្ពុជាផងដែរ។ លើសពីនេះ ក្រុមហ៊ុនក៏បានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជាច្រើននាក់សម្រាប់រយៈពេល៧ឆ្នាំ ជាមួយនឹងទំហំចំណាយជាង២លានដុល្លារអាមេរិកផងដែរ៕

វិបត្តិអចលនទ្រព្យក្នុងប្រទេសចិននៅតែខ្មៅងងឹតខណៈក្រុមហ៊ុនអភិវឌ្ឍន៍ចិនធំៗបីទៀតបង្ហាញពីបញ្ហាបំណុល

ដោយៈសុខុម

ប្រទេសចិន: វិបត្តិអចលនទ្រព្យក្នុងប្រទេសចិន ពេលនេះមិនទាន់បង្ហាញសញ្ញាធូរស្រាលនៅឡើយទេ ចាប់តាំងពីផ្ទុះវិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ដែលបានធ្វើឱ្យទីផ្សារពិភពលោក រងភាពរង្គោះរង្គើកាលពីខែកញ្ញា មកនោះ។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃទី១២ តុលា។

សារព័ត៌មានហិរញ្ញវត្ថុចិន Yicai បានចុះផ្សាយក្នុងថ្ងៃដដែលថា សមាគមក្រុមហ៊ុនអចលនទ្រព្យចិន (CREA) បានចេញមុខដោះស្រាយការលំបាក របស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហើយ ដោយសមាគមគ្រោងរៀបចំកិច្ចប្រជុំមួ យជាមួយសមាជិករបស់ខ្លួននៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីធ្វើការវាយតម្លៃអំពីការលំបាក ដែលបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ​ កំពុងជួបប្រទះនៅទូទាំងប្រទេស និងហានិភ័យពាក់ព័ន្ធនានា។

ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា តើវិបត្តិដ៏ធ្ងន់ធ្ងរនេះ នឹងត្រូវដោះស្រាយតាមវិធីណាឡើយ ហើយក៏គេមិនទាន់ឃើញការអន្តរាគមន៍ណាមួយ ពីសំណាក់រដ្ឋាភិបាលចិននៅឡើយដែរ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ធំៗដែលកំពុងជួបវិបត្តិសងបំណុលរហូតមកទល់ពេលនេះរួមមានដូចខាងក្រោម៖

*ក្រុមហ៊ុន Evergrande
ជាមួយនឹងបំណុលគរដូចភ្នំ ដែលមានទឹកប្រាក់រហូតដល់ទៅ៣០៥ពាន់លានដុល្លារអាមេរិក រួមទាំងថ្លៃសញ្ញាប័ណ្ណ ឬប័ណ្ណបំណុលអន្តរជាតិចំនួន២០ពាន់លានដុល្លារ ផងដែរនោះ ក្រុមហ៊ុន Evergrande ដែលមានមូលដ្ឋាននៅក្រុងស៊ឹនជិន (Shenzhen) ខេត្តគ័ងតុង (Guangdong) បានក្លាយជាក្រុមហ៊ុនអចលនទ្រព្យ ដែលជំពាក់បំណុលច្រើនបំផុតរបស់ប្រទេសចិន។ ដោយសារមានបញ្ហារំហូរសាច់ប្រាក់ ក្រុមហ៊ុននេះបានខកខានក្នុងការសងបំណុល និងបង់ការប្រាក់៣ទៅ៤លើកជាប់ៗគ្នារួចមកហើយ។

*ក្រុមហ៊ុន Fantasia
ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានប្រណីត Fantasia Holdings ដែលមានមូលដ្ឋាននៅក្រុងស៊ឹនជិន (Shenzhen) ខេត្តគ័ងតុង (Guangdong) បានខកខានសងបំណុល៣១៥លានដុល្លារអាមេរិកកាលពីសប្ដាហ៍មុន។ ពេលនេះ ភាគហ៊ុនរបស់ក្រុមហ៊ុននេះដែលមានតម្លៃ៤២០លានដុល្លារអាមេរិក នៅលើទីផ្សារបានដាំក្បាចុះ រហូតដល់ទៅជិត៦០%នៅឆ្នាំ២០២១ នេះ។

*ក្រុមហ៊ុន Modern Land
ក្រុមហ៊ុន Modern Land ដែលមានមូលដ្ឋាននៅក្រុងប៉េកាំង ពេលនេះក៏កំពុងជួបបញ្ហា ក្នុងការសងបំណុលឱ្យទាន់ពេលកំណត់ផងដែរ។ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ ក្រុមហ៊ុននេះ បានស្នើសុំពេលបន្ថែមពីបណ្ដាវិនិយោគ ឬម្ចាស់បំណុលដើម្បីសងបំណុលសញ្ញាប័ណ្ណ២៥០លានដុល្លារអាមេរិក ដែលដល់ពេលកំណត់ត្រូវសងនៅថ្ងៃទី២៥ តុលា។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានដាំក្បាលចុះជិត៥០%នៅឆ្នាំនេះ ដោយធ្វើឱ្យតម្លៃរបស់ក្រុមហ៊ុននេះ នៅក្នុងទីផ្សារធ្លាក់ចុះមកនៅត្រឹម១៦០លានដុល្លារប៉ុណ្ណោះ។

*ក្រុមហ៊ុន Sinic Holdings
ក្រុមហ៊ុន Sinic Holdings ក៏បានប្រកាសកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះដែរថា ខ្លួនប្រហែលជាខកខាន ក្នុងការសងបំណុលសញ្ញាប័ណ្ណ២៥០លានដុល្លារអាមេរិក របស់ខ្លួន។ ការសងបំណុលទាំងប្រាក់ដើម និងការប្រាក់ទាំងនោះនឹងដល់ពេលកំណត់ត្រូវបង់នៅថ្ងៃទី១៨ តុលា។

ភាគហ៊ុនរបស់ក្រុមហ៊ុននេះ បានដាំក្បាលចុះធ្ងន់ធ្ងរជាងគេ ក្នុងចំណោមក្រុមហ៊ុនទាំង៤ខាងលើ ដោយធ្លាក់ចុះស្ទើរតែ៩០%។ ពេលនេះតម្លៃរបស់ក្រុមហ៊ុននេះនៅលើទីផ្សារនៅសល់ត្រឹម២៣០លានដុល្លារប៉ុណ្ណោះ៕ CNN ៕

តើធ្វើដូចម្ដេចដើម្បីទទួលបានប្រាក់ចំណេញខ្ពស់ពីអចលនទ្រព្យ?

ដោយៈកុសមា

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅកម្ពុជា មានការរីកចំរើនខ្លាំង ដូចនេះអ្នកគួរយល់ដឹង ដើម្បីធ្វើយ៉ាងណាទិញ អោយចំគោលដៅវានឹងអាចហុចផលអោយខ្ពស់ នៃការធ្វើវិនិយោគរបស់លោកអ្នក ដែលអាចទទួលបានប្រាក់ចំនេញច្រើន។

យោងតាម សៀវភៅ “វិថីអចលនទ្រព្យ“ របស់ លោក គាម សៀកឡុងអគ្គនាយកក្រុមហ៊ុន Century21 Dream Property បានអោយដឹងថា ដើម្បីទទួលបានប្រាក់ចំនេញ ខ្ពស់ពីអចលនទ្រព្យ យើងគួរយល់ដឹងពីកត្តាសំខាន់ៗមួយចំនួន។

១ ដឹងពីផែនការមេរបស់រាជរដ្ឋាភិបាល
ព័ត៌មានគឺជាបេះដូងនៃការវិនិយោគ ប្រសិនបើយើងមានប្រភពព័ត៌មាន ដែលគួរ ឲ្យទុកចិត្តបាន ពីផែនការមេរបស់រាជរដ្ឋាភិបាល ឬទីក្រុងរណប ឬគម្រោងអភិវឌ្ឍន៍នានា នោះយើងមានឱកាសមុនគេ នឹងទទួលបានប្រាក់ចំណេញ ពីការវិនិយោគលើអចលនទ្រព្យ ព្រោះថាអចលនទ្រព្យតែងតែឡើងថ្លៃ នៅពេលដែលមានការអភិវឌ្ឍ នៅជុំវិញតំបន់នោះឡើងថ្លៃទី1 នៅពេលប្រកាសគម្រោង ទី2 នៅពេលកំពុងធ្វើ ទី3 នៅពេលធ្វើរួច។

២ ទិញនៅតម្លៃគេលក់បន្ទាន់ឬតម្លៃទាបជាងទីផ្សារ
ក្នុងករណីត្រូវការប្រាក់ ដើម្បីប្រើប្រាស់ជាចាំបាច់ ដូចជាព្យាបាលជំងឺ លែងលះគ្នា រឺទៅរស់នៅបរទេស ត្រូវការប្រាក់ ដើម្បីចាក់ចូលក្នុងអាជីវកម្ម ដែលកំពុងជួបបញ្ហា ឬបញ្ហានានាជាច្រើនទៀត ជាពេលដែលម្ចាស់អចលនទ្រព្យដាក់លក់បន្ទាន់ ក្នុងតម្លៃក្រោមទីផ្សារ។​ ដូចនេះយើងជាអ្នកទិញ នឹងទទួលបានប្រាក់ចំណេញ តាំងពីពេលទិញមកម្លេះ មិនចាំបាច់ទៅរង់ចាំ ឲ្យឡើងថ្លៃនៅពេលលក់ទៅវិញនោះទេ ទិញបានគឺចំណេញរួចទៅហើយ។

៣ ទិញអចលនទ្រព្យកំពុងជួលឬទុកជួល
សម្រាប់អ្នកដែលចង់បាន ចំណូលអកម្មប្រចាំខែ គឺគាត់ទិញជាអាគារឃ្លាំង ឬផ្ទះអាជីវកម្ម ឬផ្ទះសម្រាប់រស់នៅ ឬខុនដូនៅតំបន់ ដែលមានសក្ដានុពលខ្ពស់ ក្នុងការជួលឬទិញពីគម្រោង ដែលមានធានាជួលត្រឡប់ គឺគាត់បានចំណូលអកម្មប្រចាំខេត្តផង ងាយស្រួលក្នុងការទទួលបានប្រាក់កម្ចី ពីធនាគារសម្រាប់ចូលទៅវិនិយោគ លើអចលនទ្រព្យផ្សេងទៀត នឹងអាចលក់អចលនទ្រព្យនោះក្នុងតម្លៃខ្ពស់ផង។

៤ ទិញអចលនទ្រព្យដែលអាចកែលំអថ្មី
នេះក៏ជាជំនាញមួយ របស់អ្នកវិនិយោគ អចលនទ្រព្យផងដែរ គឺគាត់ទិញផ្ទះឬអគារចាស់ៗ ឬនៅទុកចោល​ ដែលមិនទាន់កែលំអរយកទៅកែលម្អថ្មី ហើយលក់ចេញទៅវិញបានចំណេញ ក្នុងរយៈពេលខ្លីមុនវិបត្តិកូវីដ19 មានក្រុមហ៊ុនបរទេសមួយជំនាញខាងទិញផ្ទះចាស់ៗ ដូចជានៅម្ដុំផ្សារចាស់ ផ្សារកណ្ដាល សម្រាប់ជួសជុលនិងដាក់លក់ទៅវិញ។

៥ ទិញពេលគម្រោងបើកលក់ដំបូង
គម្រោងដែលទើប ចាប់ផ្ដើមសម្ភោធ លក់តែងមានការបញ្ចុះតម្លៃពិសេស ជាមួយនឹងលក្ខខណ្ឌ បង់ប្រាក់បត់បែន ដូចនេះជាឱកាសសម្រាប់ យើងជាអ្នកវិនិយោគផងដែរ តែត្រូវជាគម្រោង ដែលអាចជឿទុកចិត្តបាន។

៦ ទិញដើម្បីអភិវឌ្ឍរឺសាងសង់
សម្រាប់អ្នកមានសមត្ថភាព និងមានធនធានគឺពួកគាត់ជ្រើសរើសយក វិនិយោគអចលនទ្រព្យ ដោយការសាងសង់ រឺអភិវឌ្ឍ មិនបានទិញដីទុកឲ្យដីឡើងថ្លៃលក់យកចំណេញទេ គឺគាត់ទិញរួច ធ្វើអោយដីឡើងថ្លៃតែម្ដង តាមរយៈការអភិវឌ្ឍរបស់គាត់ ហើយមហាសេដ្ឋី និងសេដ្ឋីអចលនទ្រព្យជាច្រើន នៅក្នុងប្រទេសកម្ពុជា គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យ។ ប្រសិនបើយើងមិនមានសមត្ថភាព ឬលទ្ធភាពបែបនេះទេយើងអាចក្លាយជាអ្នកមានយកមួយរូបនៅក្នុងគម្រោងរបស់គាត់៕

ការសិក្សាថ្មីៈ ទីផ្សារខុនដូបានបន្តធ្លាក់ចុះលើតម្លៃមូលដ្ឋាន ខណៈតម្លៃជួលរងភាពទ្រុឌទ្រោមខ្លាំង

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ យោងតាមការសិក្សាថ្មីមួយរបស់ក្រុមហ៊ុន CBRE Cambodiaបានរកឃើញថា ទីផ្សារខុនដូបានធ្លាក់ចុះនូវតម្លៃជួល និងតម្លៃលក់ជាមូលដ្ឋានរបស់ខ្លួន។

របាយការណ៍ដែលទើបបានចេញផ្សាយ កាលពីល្ងាចថ្ងៃទី១៣ តុលានេះបានឲ្យដឹងថា ទីផ្សារខុនដូនៅកម្ពុជាក្នុងអំឡុងត្រីមាសទី៣ ឆ្នាំនេះ បានបន្តរងសម្ពាធពីវិបត្តិកូវីដ១៩ ដោយតម្លៃលក់ និងតម្លៃជួបធ្លាក់ចុះគួរឱ្យកាត់សម្គាល់បើធៀបនឹងត្រីមាសមុន។

យោងតាមរបាយការណ៍របស់ CBRE Cambodia បានឲ្យដឹងទៀតថា តម្លៃលក់បាន​ធ្លាក់ចុះ១,៨ភាគរយ ៣ភាករយ ២,១ភាគរយរៀងៗគ្នា សម្រាប់ខុនដូប្រភេទតម្លៃសមរម្យ ប្រភេទមធ្យម និងលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះ តម្លៃជួលក៏បានធ្លាក់ចុះចន្លោះពី៧,៨ភាគរយ និង៥,៦ភាគរយរៀងៗគ្នា ដែលសម្រាប់ប្រភេទខុនដូទាំង៣ខាងលើ។

ការផ្គត់ផ្គង់លើសតម្រូវការ ការសាងសង់ចប់ក្រោយផែនការ និងកង្វះអ្នកទិញបរទេស នៅតែជា៣កត្តាធំៗ ទាញទីផ្សារខុនដូនៅកម្ពុជាឱ្យមាននិន្នាការធ្លាក់ចុះ។

ក្នុងកំឡុងត្រីមាសទី៣ មានការបញ្ចប់គម្រោងថ្មីចំនួន២ និងបើកលក់គម្រោងថ្មីចំនួន២ ដែលធ្វើឱ្យការផ្គត់ផ្គត់សរុបមានដល់ជាង ៣០,០០០យូនីត កើន៥,៦ភាគរយ បើធៀបនឹងត្រីមាសមុន។ នៅចុងឆ្នាំ ២០២១ ការផ្គត់ផ្គង់គឺអាចឈានដល់៣៥,០០០ យូនីត ប៉ុន្តែគម្រោងខ្លះនឹងត្រូវពន្យារពេល។

គម្រោងធំៗចំនួន២ ដែលត្រូវបានបញ្ចប់ការសាងសង់គឺ The Peak និង The Gateway ដោយបន្ថែមចំនួន១.៥៨៦ យូនីតទៅការផ្គត់ផ្គង់ខុនដូលំដាប់ខ្ពស់។ ទន្ទឹមនឹងនេះ គម្រោងដែលបើកលក់ថ្មីគឺ គម្រោង Odom Tower និងគម្រោង Residence H Sen Sok ដោយគម្រោងទាំងពីរនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៤។

អ្នកជំនាញផ្នែកទីផ្សារខុនដូលោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានលើកទឹកចិត្តដល់អ្នកវិនិយោគ គួរវិនិយោគអំឡុងពេលនេះ ដោយលោកបានមានប្រសាសន៍ថា ការវិនិយោគខុនដូនាពេលនេះ ទទួលបានផលចំណេញច្រើន ព្រោះអ្នកអភិវឌ្ឍន៍បានធ្វើការបញ្ចុះតម្លៃ ហើយអតិថិជនមានអាទិភាពច្រើនក្នុងការចចារ។

លោកបន្តថា “វាជាឱកាសមាស ដែលពេលវេលាបែបនេះ១០ឆ្នាំមានតែម្តងប៉ុណ្ណោះ”៕

ទីផ្សារលំនៅដ្ឋានក្នុងក្រុងភ្នំពេញចាប់ផ្តើមមានសញ្ញាល្អប្រសើរក្នុងអំឡុងត្រីមាសទី៣ឆ្នាំនេះ

ដោយៈ សុផារី

ភ្នំពេញៈ ការទិញលក់លំនៅដ្ឋានក្នុងក្រុងភ្នំពេញ បានចាប់ផ្តើមមានសញ្ញាល្អប្រ​សើរឡើងវិញ រាប់ចាប់តាំងពីខែទី៦ រហូតដល់ត្រីមាសទី៣ ឆ្នាំ២០២១ ដោយសង្គេតឃើញថា មានគម្រោងថ្មីចំនួន២២ បើកដំណើរការក្នុងកំឡុងពេលនេះ។

ទោះយ៉ាងណាក៏ដោយ មានការកើនឡើងនៃការប្រកួតប្រជែងយ៉ាងខ្លាំង ដែលអាចបង្កើនហានិភ័យនៅក្នុងវិស័យនេះ ជាពិសេសសម្រាប់វិនិយោគ ដែលមានអានុភាពខ្ពស់។ នេះបើយោងតាមរបាយការណ៍របស់ CBRE Cambodia នៅថ្ងៃទី ១៤ ខែតុលានេះ។

របាយការណ៍របស់ CBRE Cambodia បានឱ្យដឹងថា នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ការផ្គត់ផ្គង់អចលនទ្រព្យសរុប មានចំនួន៩២,៩៦២ ឯកតា ដែលកើនឡើង ០.៥% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២១។ នាចុងឆ្នាំនេះ មានការរំពឹងថានឹងកើនឡើងដល់ រហូតដល់៩៨,២៦១ឯកតា ។ ខណៈមើលឃើញថា ទីផ្សារអចលនទ្រព្យនៅតែមានភាពទាក់ទាញ ជាពិសេសក្នុងចំណោមអ្នកវិនិយោគ ដែលកំពុងស្វែងរកប្រាក់ចំណេញ។

នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ សម្បូរទៅដោយការសម្ភោធគម្រោង ដែលមានតម្លៃមធ្យមនិងតម្លៃសមរម្យ ដែលឆ្លុះបញ្ចាំងពីតម្រូវការក្នុងស្រុកភាគច្រើ ស្របពេលដែលវិនិយោគកំពុងរង់ចាំឱ្យកូវីដ ១៩ ធូរស្បើយឡើងវិញ។
តាមរបាយការណ៍ដដែលនេះបានឱ្យដឹងថា គេរំពឹងថានិន្នាការអភិវឌ្ឍនេះ នឹងបន្តរហូតដល់ឆ្នាំ២០២២។

អាស្រ័យលើឱកាសផលិតភាពនិងទីតាំង លំនៅដ្ឋានធម្មតាក្នុងមួយឯកតា មានតម្លៃចាប់ពី ១២៧,៧៦៦ ដុល្លារទៅ ២៥៦,៤០៤ ដុល្លារ។ វីឡាទោលមានតម្លៃជាមធ្យមខ្ពស់ជាង៥៥៧,៥៩៩ដុល្លារក្នុងមួយឯកតា ដែលនេះឆ្លុះបញ្ចាំងពីកម្លាំងទិញរបស់អ្នកមាននៅក្នុងក្រុងភ្នំពេញ៕

ធនាគារហត្ថា និងក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍បន្តភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិត

ដោយៈគង់ សូរិយា

ភ្នំពេញៈ ធនាគារហត្ថា និងក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ បានចុះហត្ថលេខាបន្តភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិត ដើម្បីបន្តភាពជាដៃគូ និងការខិតខំប្រឹងប្រែងរួមគ្នា ក្នុងការផ្តល់ជូនការការពារហិរញ្ញវត្ថុរបស់គ្រួសារកម្ពុជា។

តាមរយៈភាពជាដៃគូដ៏រឹងមាំនេះ បុគ្គលិកផ្នែកលក់ធានារ៉ាប់រង របស់ក្រុមហ៊ុន សុវណ្ណាភូមិ ឡាយហ្វ៍ ផ្តល់ព័ត៌មានលំអិតអំពីផលិតផលធានារ៉ាប់រងអាយុជីវិត ជូនដល់អតិថិជនរបស់ ធនាគារ ហត្ថា ដើម្បីឲ្យពួកគាត់អាចធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ចំពោះការការពារហិរញ្ញវត្ថុផ្ទាល់ខ្លួន និងហិរញ្ញវត្ថុគ្រួសាររបស់ពួកគាត់។ ភាពជាដៃគូអាជីវកម្មធានារ៉ាប់រងអាយុជីវិតជាមួយ ធនាគារ ហត្ថា ចាប់ពីខែមេសា ឆ្នាំ២០១៨ បានផ្តល់ភាពជោគជ័យយ៉ាងខ្លាំង ដល់សុវណ្ណាភូមិ ឡាយហ្វ៍ ដែលយើងទទួលបានអត្រាកំណើនសមាសប្រចាំឆ្នាំ (Compound Annual Growth Rate) ប្រមាណ៦០% ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។

លោក Loke Kah Meng អគ្គនាយករបស់ក្រុមហ៊ុនសុវណ្ណាភូមិ ឡាយហ្វ៍ បានមានប្រសាសន៍ក្នុងពិធីចុះហត្ថលេខាជាមួយលោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថានាព្រឹកថ្ងៃទី១៣ តុលាកន្លងមកថា “យើងពិតជាមានសេចក្តីសោមន្សក្រៃលែង ក្នុងការបន្តភាពជាគូជាមួយ ធនាគារ ហត្ថា។ ភាពជាដៃគូនេះ ផ្តល់ឱកាសឲ្យយើងបន្តការពារសុវត្ថិភាពហិរញ្ញវត្ថុ របស់អតិថិជនរបស់ ធនាគារ ហត្ថា តាមរយៈសេវាដ៏គួរឲ្យទុកចិត្តបំផុត និងហិរញ្ញវត្ថុរឹងមាំ”។

លោកបន្តថា “ឆ្នាំនេះជាគម្រប់ខួបរយៈពេល៥ឆ្នាំ ដែលក្រុមហ៊ុនយើងបានប្រតិ​បត្តិការនៅកម្ពុជា។ យើងបានផ្តល់ការការពារជូនប្រជាជនកម្ពុជាជាង១២ម៉ឺននាក់ (គិតត្រឹមខែតុលា ឆ្នាំ២០២១) ដែលមានទឹកប្រាក់ធានាសរុបជាង ១,៤ពាន់លាន ដុល្លារអាមេរិក។ ជាមួយគ្នានេះដែរ យើងបានទូទាត់សំណងសរុប ស្មើនឹងទឹកប្រាក់ជាង ៣,៣លាន ដុល្លារអាមេរិកផងដែរ”។

លោកអគ្គនាយកបានបន្ថែមទៀតថា នៅក្នុងឱកាសដ៏រីករាយនេះ យើងមានសេចក្តីរំភើប ក្នុងការប្រកាសលក់ផលិតផលធានារ៉ាប់រង អាយុជីវិតថ្មីមួយឈ្មោះ SMILE រីករាយសន្សំ សម្រាប់ធនាគារហត្ថាទូទាំងប្រទេស ព្រមជាមួយនឹងការបញ្ចុះតម្លៃពិសេសចំនួន១០០ដុល្លារអាមេរិក សម្រាប់អតិថិជន ៣០០នាក់ដំបូង។

ជាមួយគ្នានេះ លោកឧកញ៉ាហួត អៀងតុង ប្រធានអគ្គនាយករបស់ ធនាគារ ហត្ថា ក៏មានប្រសាសន៍ថា ការបន្តភាពជាដៃគូអាជីវកម្ម ធានារ៉ាប់រងអាយុជីវិតនេះ គឺជាសក្ខីភាពបញ្ជាក់ពីភាពជោគជ័យនៃភាពជាដៃគូ និងកិច្ចសហការរបស់ពួកយើង ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុជូនគ្រួសារកម្ពុជា។ ធនាគារហត្ថា មានបទពិសោធជិត៣០ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ ដែលមានទ្រព្យសកម្មសរុបប្រមាណជាង ១,៨ពាន់លានដុល្លារអាមេរិក និងគណនីអតិថិជនជិត៥០ម៉ឺននាក់ទូទាំងប្រទេស។

លោកឧកញ៉ាបន្តថា “ចក្ខុវិស័យរបស់យើងគឺក្លាយជាធនាគារ ដែលទទួលបានការកោតសរសើរខ្ពស់ និងជាជម្រើស ដែលអតិថិជនពេញចិត្ត តាមរយៈបុគ្គលិកប្រកបដោយវិជ្ជាជីវៈ៕

ទីក្រុងរណបធំៗបីតម្លៃជាង១០ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុន OCIC នៅតែបន្តឆ្ពោះទៅមុខ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ក្រុមហ៊ុនលំដាប់យក្សក្នុងស្រុក OCIC បាននិងកំពុងវិនិយោគទីក្រុងរណបធំៗចំនួនបី ដែលស្ថិតនៅចំណុចសំខាន់បំផុតនៃរាជធានីភ្នំពេញ ដែលជាទីក្រុងមានភាព​រីកចម្រើនយ៉ាងឆាប់រហ័ស។

ក្នុងចំណោមទីក្រុងរណបទាំងបី ទីក្រុងទី១ បានលេចចេញជារូបរាង និងមានសកម្មភាពពាណិជ្ជកម្ម ខណៈគំរោងទី២ បាននិងកំពុងចាប់ផ្តើមសកម្មភាពអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ ចំណែកទីក្រុងរណបទី៣ កំពុងកសាហហេដ្ឋារចនាសម្ព័ន្ឋរបស់ខ្លួន។

ទីក្រុងកោះពេជ្រ
​​​ទីក្រុងកោះពេជ្របាន និងកំពុងបន្តរីកចម្រើន ដោយបច្ចុប្បន្ន ទីក្រុងនេះបានលេចឡើងជាទីក្រុងស៊ីវិល័យមួយ ដោយមានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋានសហកម្មសិទ្ឋ ឬខុនដូ អាផាតម៉ិន សាលសន្និសីទ សាលារៀនអន្តរជាតិ ភោជនីយដ្ឋានជាតិ និងអន្តរជាតិជាដើម។

ប៉ុន្តែផ្ទៃក្រឡារបស់កោះ ដែលមានទំហំជាង១០០ហិកតានេះ បាននិងកំពុងប្រើប្រាស់អស់៥០ភាគរយប៉ុណ្ណោះ ខណៈការអភិវឌ្ឍនៅតែបន្ត ហើយទីក្រុងនេះនឹងមានផ្លូវថ្មើជើង និងផ្សាររាត្រព័ទ្ឋជុំវិញនាពេលអនាគត។

បើតាមលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុន OCIC បានឲ្យដឹងថា នាពេលអនាគតសាលពិព៌ណ និងសន្និបាតកោះពេជ្រ នឹងរើ​ចេញទៅកាន់ទីក្រុងរណបជ្រោយចង្វារ ប៉ុន្តែបច្ចុប្បន្នស្ថិតនៅក្នុងការសិក្សានៅឡើយទេ។

ទីក្រុងរណបជ្រោយចង្វារ
“ទីក្រុងនៃអនាគត” ជាពាក្យស្លោករបស់ទីក្រុង ដែលមានទំហំជាង១០០ហិកតានេះ ទីក្រុងនេះផែនការដំបូងឡើយ គ្រោងវិនិយោគទឹកប្រាក់តែ២៦០០លានដុល្លារប៉ុណ្ណោះ ប៉ុន្តែក្រោយមកត្រូវបានរៀបចំផែនការពង្រីក រហូតដល់ទំហំ៦០០០លានដុល្លា​រអាមេរិក។

បច្ចុប្បន្នទីក្រុងរណប ដែលមានភូមិសាស្រ្តដ៏ទាក់ទាញ ដោយមានទន្លេនៅព័ទ្ឋជុំវិញនេះ កំពុងមានសកម្មភាពរសរវើកបណ្តើរៗហើយទាំងពេលថ្ងៃ និងពេលរាត្រី ជាមួយសួនកំសាន្តដាយនូស័រ ហាងអាហារ ភោជនីយដ្ឋាន ផ្សារពាក់កណ្តាលទំនើប ហាងលក់សម្លៀកបំពាក់ កន្លែងលក់រថយន្តជាដើម។

បើតាមលោកទូច សំណាងបានឲ្យដឹងថា ក្រុមហ៊ុនបានរៀបចំទីក្រុងនេះ ជាទីក្រុងឆ្លាតវៃមួយ ដែលបំពេញនូវលក្ខខ័ណ្ឌពិសេសៗជាច្រើន ដូចជា បែងចែករវាងប្រព័ន្ឋទឹកលូ និងទឹកភ្លៀងដាច់ពីគ្នា បំពាក់អំពូល LED បង្កើតតំបន់បៃតងជាដើម។

បច្ចុប្បន្នទីក្រុងនេះ កំពុងសាងសង់ស្ពានយោង ដោយខ្សែកាបដ៏ស្រស់ស្អាតមកកាន់ផ្លូវជាតិលេខ៥ ដែលបច្ចុប្បន្នការសាងសង់សម្រេចបាន ប្រមាណ៥០ភាគរយហើយ។

ទីក្រុងរណបកោះនរា
ទីក្រុងនេះចាប់ផ្តើមប្រតិស្ថានបណ្តើរហើយ ខណៈការចាក់ដីបំពេញនឹងបញ្ចប់នៅចុងឆ្នាំនេះ ដោយចំណាយទុនរហូតដល់២៥០០លានដុល្លារអាមេរិក បើបូកទាំងហេដ្ឋារចនាសម្ព័ន្ឋដូចជា ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី និងបណ្តាញផ្លូវគមនាគមន៍។

តាមផែនការទីក្រុង ដែលមានទំហំ១២៥ហិកតានេះ នឹងសាងសង់អាគារកប់ពពក​មួយនាពេលឆាប់ៗខាងមុខនេះ ខណៈរូបរាងរបស់អាគារនេះបានបង្ហាញរួចហើយ ដោយគេហទំព័រ Propertyarea.asia ជាគេហទំព័រព៌តមានឈានមុខគេនៅកម្ពុជា។

លោកទូច សំណាង បានមានប្រសាសន៍ឲ្យដឹងថា តាមផែនការទីក្រុងនេះ នឹងរៀបចំទស្សនទាន នៃការអភិវឌ្ឍស្រដៀងគ្នា នឹងទីក្រុងកោះពេជ្របច្ចុប្បន្ន ខណៈហេដ្ឋារចនាសម្ព័ន្ឋ ពិសេសស្ពានតភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា និងស្ពានចេញពីទីក្រុងនេះ តភ្ជាប់ជាមួយផ្លូវជាតិលេខ១ សម្រេចបានប្រមាណ២០ភាគរយហើយ។

លោកបន្តថា ទោះជាយ៉ាងណាក៏ដោយការរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា ក៏ដូចជាទូទាំងសកលលោក បាននិងកំពុងធ្វើឲ្យល្បឿន និងផែនការកសាងទីក្រុងរណបនេះ មានដំណើ​រកាយយឺតយ៉ាវជាងមុន។ លោកបន្តថា បច្ចុប្បន្នក្រុមហ៊ុនកំពុងរៀបចំសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មជាលើកដំបូង ដែលបោះទុនវិនិយោគប្រមាណ៣០លាន​ដុល្លារអាមេរិក នៅលើទីក្រុងកោះនរាផងដែរ។

លោកទូច សំណាងបានបន្តឲ្យដឹងថា “ទោះជាសកម្មភាពសាងសង់យឺតយ៉ាវ ប៉ុន្តែយើងនៅតែឆ្ពោះទៅមុខ”៕

រយៈពេលបីត្រីមាសរដ្ឋាភិបាលអនុម័តគំរោងវិនិយោគមានទឹកប្រាក់៣៣០០លានដុល្លារអាមេរិក

ដោយៈជេស៊ីកា

ភ្នំពេញៈ រដ្ឋាភិបាលដែលមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជាសេនាធិការបានសម្រេចអនុម័តទុនវិនិយោគ៣៣០០លានដុល្លារអាមេរិក។ នេះបើតាមទិន្នដែលបានបង្ហាញដោយ CDC។

របាយការណ៍របស់ស្ថាប័ន ដែលទទួលបន្ទុកលើការត្រួតពិនិត្យ និងអនុម័តទុនវិនិយោគមានទំហំទឹកប្រាក់ ចាប់ពី១លានដុល្លារអាមេរិកឡើងបានឲ្យដឹងថា ក្នុងរយៈពេល ៩ ខែ នៃឆ្នាំ២០២១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន១៣៤គម្រោង ។

របាយការណ៍ដដែលបានបន្តថា ចំនួនគម្រោងវិនិយោគ បានថយចុះ២៨,៧% ខណៈទុនវិនិយោគក៏ថយចុះ៤៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ការអនុម័តគម្រោងវិនិយោគទាំងនេះ ក៏បានបង្កើតចំនួនការងារ ចំនួន៨៥,៥៧២កន្លែង ដល់ប្រជាពលរដ្ឋក្នុងស្រុក។

ក្នុងចំណោមគម្រោងទាំងអស់ ការវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន១០១គម្រោង សរុបទុនវិនិយោគ ១,៤ពាន់លានដុល្លារ និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៣៣គម្រោង សរុបទុនវិនិយោគ ១,៩ពាន់លានដុល្លារ។

របាយការណ៍ដដែលបញ្ជាក់ថា គម្រោងភាគច្រើនគឺផ្តោតលើវិស័យ កសិកម្ម និងកសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ។

កាលពីឆ្នាំ២០២០កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប២៣៨គម្រោង ជាមួយនឹងទុនវិនិយោគសរុប៨,២ពាន់លានដុល្លារ ធ្លាក់ចុះ ១២% ធៀបនឹងឆ្នាំ២០១៩៕

កម្ពុជានឹងទទួលបានចំណែកនៃកញ្ចប់ថវិកា១០០ពាន់លានដុល្លារពីADBក្នុង គំរោងកាត់បន្ថយការប្រែប្រួលអាកាសធាតុ

         ដោយៈគង់ សិរីជេស៊ីកា

         ភ្នំពេញៈ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ​បានប្រកាស​ថា ​ខ្លួន​កំពុង​បង្កើន​មហិច្ឆតា​ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ​ ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជាសមាជិក​របស់​ខ្លួន​រួមទាំង​កម្ពុជា​ផង​ដែរ ​ដល់ ១០០ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៩​-២០៣០។

មន្រ្ដី​នាំពាក្យ​ក្រសួង​បរិស្ថា​កម្ពុជា ​ស្វាគមន៍​ចំពោះ​ការផ្តល់​ហិរញ្ញ​វត្ថុ​នេះ ​និង​ចាត់ទុក​ជា​ការចូលរួម​ដ៏ធំធេង ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ ​នៅ​អាស៊ី​និង​ប៉ាស៊ី​ហ្វិក។ នេះ​បើ​តាម​សេចក្តី​ប្រកាស​នា​ថ្ងៃទី ១៣ ​តុលា។

លោក ​Masatsugu Asakawa ​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ថ្លែង​ថា ​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាស​ធាតុ​នៅ​អាស៊ី​ និង​ប៉ាស៊ី​ហ្វិក​នឹង​ឈ្នះ​ឬ​ក៏​ចាញ់។ វិបត្តិ​អាកាសធាតុ​ កាន់តែ​អាក្រក់​ទៅៗ​ជារៀងរាល់​ថ្ងៃ ​ដែល​ជំរុញ​ឱ្យ​អ្នក​ពាក់ព័ន្ធ​ជាច្រើន​អំពាវនាវ​ឱ្យ​មានការ​បង្កើន​ហិរញ្ញវត្ថុ​គាំទ្រ​ផ្នែក​​អាកាស​ធាតុ។

លោក​ថ្លែង​ថា​ “យើង​កំពុង​ចាត់​វិធានការ ​ដើម្បី​ឆ្លើយតប​តាម​ការអំពាវនាវ​នេះ ​ដោ​យ​​បង្កើន​មហិច្ឆតា​របស់​យើង​ដល់​ ១០០ ពាន់​លាន​ដុល្លារ ​សម្រាប់​ហិរញ្ញ​វត្ថុ​អាកាស​ធាតុ​ត្រឹម​ឆ្នាំ ២០៣០ ​ដោយ​ប្រើ​ធនធាន​របស់​យើង​ផ្ទាល់”។

លោក នេត្រ ភក្ត្រា​ អ្នក​នាំពាក្យ​ក្រសួង​បរិស្ថានថ្លែង​នៅ​ថ្ងៃទី១៣​តុលាថា ​កម្ពុជា​សូម​ស្វាគមន៍ ​ចំពោះ​ការផ្តល់​ហិរញ្ញវត្ថុ​ គាំទ្រ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ទាក់ទង​នឹង​អាកាស​ធាតុ ​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​១០០ពាន់​លាន​ដុល្លារ ​សហរដ្ឋ​អាមេរិក ​សម្រាប់​ឆ្នាំ​ ២០១៩​ ដល់​ឆ្នាំ ២០៣០។ នេះ​គឺជា​ការចូលរួម​ដ៏ធំធេង​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការប្រែប្រួល​អាកាស​ធាតុ​នៅ​អាស៊ី​និង​ប៉ាស៊ី​ហ្វិក។

លោកបានបន្តថា “កម្ពុជា​មិនមែន​ជា​ប្រទេស ​ដែល​បង្កឱ្យ​មាន​ការប្រែប្រួល​អាកា​ស​ធាតុ​ទេ​ តែ​ជាប្រទេសដែល​ងាយ​នឹង​រងគ្រោះ ​ពី​ការប្រែប្រួល​អាកាស​ធាតុ។​ តាមរយៈ​ការគាំទ្រ​ថវិកា​មួយចំនួន ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​នឹង​ធ្វើឱ្យ​កម្ពុជា​កាន់តែ​មាន​លទ្ធភាព​ច្រើន​បន្ថែម​ទៀត ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​បន្ថែម ​ពី​លើ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេង​ទៀត”។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន ​នៅ​ឆ្នាំ២០១៨ ​បានឲ្យដឹងថា ADB ​បាន​ប្តេជ្ញា​ធានា​យ៉ាង​ហោច​ ៧៥% ​នៃ​ចំនួន​ប្រតិបត្តិការ​សរុប​របស់​ខ្លួន​ គាំទ្រ​សកម្មភាព​ទាក់ទង​នឹង​អាកាសធាតុ​ ហើយ​ធនធាន​ហិរញ្ញវត្ថុ​អាកាស​ធាតុ​របស់​ខ្លួន ​ឈាន​ដល់​យ៉ាងហោច​ណាស់៨០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ២០៣០។​

ការប្រកាសកាលពី​ថ្ងៃ​ទី ១៣ ​តុលា ​បង្កើន​មហិច្ឆតា ​នៃ​ការផ្តល់​ហិរញ្ញប្បទាន​ទាំង​នេះ។ ADB ​រំពឹង​ថា ​ហិរញ្ញប្បទាន​អាកាស​ធាតុ​សរុប ​ដោយ​ប្រើ​ធនធាន​របស់​ខ្លួន​សម្រាប់​​ឆ្នាំ ២០១៩​-២០២១​ នឹង​ឈាន​ដល់​ប្រមាណ​១៧ពាន់​លាន​ដុល្លារ៕

 

ខេត្តកណ្ដាលទាក់ទាញទុនវិនិយោគជាង១៧៥លានដុល្លារលើគំរោងជាង២០

         ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ខេត្តកណ្ដាលជាខេត្តមួយ ទទួលបានគម្រោងវិនិយោគច្រើនជាងគេមួយក្នុងប្រទេសកម្ពុជា ជាពិសេសលើគម្រោងវិនិយោគ លើរោងចក្រ ឧស្សាហកម្ម ជាក់ស្ដែងក្នុងរយៈពេល៩ខែខេត្តនេះ ទទួលបានគម្រោងវិនិយោគចំនួន២៤គម្រោងនេះ ។

 

យោងតាមរបាយការណ៍របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គិតចាប់ពីខែមករា ដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១ បានបង្ហាញថា ខេត្តកណ្តាលទទួលបានគម្រោងវិនិយោគ២៤គម្រោង។ គម្រោងទាំងនេះ បូកបញ្ចូលគ្នាមានទុនវិនិយោគប្រមា​ណ១៧៥លានដុល្លារ ហើយអាចបង្កើតឱកាសការងារដល់ទៅជាង២២.០០០នាក់។

គម្រោងទាំងនេះ ភាគច្រើនផ្តោតលើរោងចក្រ ឧស្សាហកម្ម ដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់ កាបូប និងស្បែកជើង ហើយគម្រោងទាំងនេះបានបោះទីតាំងវិនិយោគក្នុងតំបន់មួយចំនួនដូចជា ក្រុងតាខ្មៅ ស្រុកអង្គស្នូល ស្រុកកណ្តាលស្ទឹង ស្រុកកៀន​ស្វាយ និងស្រុកពញាឮជាដើម ។

អ្នកជំនាញនៃវិស័យអចលនទ្រព្យបានលើកឡើងថា កត្តាដែលជំរុញឱ្យខេត្តកណ្ដា​លទទួលបានការទាក់ទាញ លើការវិនិយោគជាបន្តបន្ទាប់បែបនេះ ដោយសារតែខេត្តកណ្ដាលមានទីតាំងនៅជុំវិញរាជធានីភ្នំពេញ ហើយរដ្ឋាភិបាលក៏បានកសាងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងជាច្រើនទៀត នៅក្នុងខេត្តកណ្ដាលនេះដែរ។ អ្វីដែលពិសេសតម្លៃដីធ្លីនៅខេត្តកណ្ដាលក៏មានកម្រិត បើធៀបនឹងដីធ្លីនៅរាជធានីភ្នំពេញ ដែលធ្វើឱ្យវិនិយោគិនអាចបណ្ដាក់ទុនវិនិយោគលើគម្រោងរបស់ខ្លួនបានផងដែរ ។

លោកស៊ូ ប៊ុនសុង ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding ប្រចាំខេត្តកណ្តាល បានបញ្ជាក់ថា ខេត្តកណ្តាល មិនត្រឹមតែមានកំណើនលើការវិនិយោគឧស្សាហកម្មប៉ុណ្ណោះទេ តែគម្រោងលំនៅឋានធំៗ ក៏កំពុងបង្ហាញវត្តមានកាន់តែច្រើនឡើងក្នុងខេត្តនេះផងដែរ ដែលបច្ចុប្បន្នមាន៩គម្រោង។

លោកបន្តថា ទីតាំងដីដែលមានតម្លៃខ្ពស់ជាងគេ ក្នុងខេត្តកណ្តាលគឺស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២១ ដែលមានតម្លៃចន្លោះពី២០០ រហូតដល់ ១ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទីផ្សារដីធ្លីនៅតាមបណ្តោយផ្លូវជាតិលេខ ៥មានតម្លៃទាបជាងគេក្នុងខេត្តកណ្តាល ដែលមានតម្លៃចន្លោះពី២៥០ ទៅ៤០០ដុល្លារក្នុងមួយម៉ែត្រការ៉េ៕