មន្រ្តីជាន់ខ្ពស់កម្ពុជាជំរុញអោយរដ្ឋាភិបាលចិនអនុវត្តគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធបន្ទាន់នៅកម្ពុជា

ដោយ សុជាតា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក ហោ ណាំហុងឧបនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញឱ្យរដ្ឋាភិបាលចិនបន្តអនុគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ បន្ទាន់នៅគម្ពុជា ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ។

រំលឹកអំពីការអនុវត្តគម្រោងនានាជាបន្ទាន់ក្រោយពីប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន កាលពីថ្ងៃទី១៦ មិថុនា ២០២០ បញ្ជីគម្រោងដែលត្រូវអនុវត្តន៍បន្ទាន់(To Do List)  លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា គម្រោងសាងសង់ផ្លូវជាតិលេខ71C  គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ41 លេខ33 លេខ31 និងផ្លូវជាតិលេខ3 គម្រោងប្រព័ន្ធទឹកកខ្វក់ក្រុងព្រះសីហនុ ព្រមទាំងការកសាងខ្សែកាប្លិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី បានលើកថា ផែនការសកម្មភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបង្កើតសហគមន៍វាសនារួមកម្ពុជា-ចិន(២០១៩-២០២៣) ដែកទាក់ទងគ្រប់ស្ថាប័នរួមទាំងគណបក្សប្រជាជនកម្ពុជា និងនីតិប្បញ្ញត្តិ  តើគួរប្រជុំថ្នាក់អគ្គលេខាធិការគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាល ឬទេ ដើម្បីធ្វើបច្ចុប្បន្នភាពកិច្ចការអនុវត្តន៍បន្ដ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកថាគួរពិចារណារកពេលសមស្របរៀបចំការតាំងពិពណ៌អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសយើងទាំងពីរ ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើបញ្ចូលក្រសួងបរិស្ថាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលខាងកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណផងដែរចំពោះ រដ្ឋាភិបាលចិនដែលបាននាំចូលកសិផលកម្ពុជាយ៉ាងច្រើន ជាពិសេសអង្ករបានចំនួន615.612តោន ចេកបានចំនួន272.023តោន និងស្វាយបានចំនួន211តោន នាពេល8ខែកន្លងមក ដែលជាការរួមចំណែកដ៏ធំធេងដល់ប្រជាកសិករកម្ពុជា ជាពិសេសបានរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា ក្នុងពេលជំងឺកូវីដ-19 នឹងជួយដល់ពលករដែលត្រលប់មកពីប្រទេសថៃបានប្រកបការងារកសិកម្ម។ទន្ទឹមនេះលោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរអោយចិនជួយទិញកសិផលកម្ពុជាបន្ថែមទៀត ជាពិសេសផ្លែមៀនប៉ៃលិន ម្រេច ទុរេន និងស្ករ។

ក្នុងឱកាសនោះដែរឯកឧត្តម វ៉ាង យី បានឆ្លើយតបជម្រុញការសាងសង់ផ្លូវជាតិលេខ71C និងយកចិត្តទុកដាក់ និងជម្រុញបន្ថែមទៀតលើគម្រោងខ្សែកាបិ៍អុបទិកក្រោមបាតសមុទ្ររវាងទីក្រុងព្រះសីហនុ-ទីក្រុងហុងកុង និង បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ3 ដែលមានការខូចខាតប្រវែង20Km និងស្នើអោយសមត្ថកិច្ចកម្ពុជាជួយគ្រប់គ្រងCasino online ដើម្បីកុំប៉ះពាល់ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។

ពិធីប្រគល់ជំនួយសម្ភារៈបរិក្ខារពេទ្យដែលក្រុមហ៊ុនចិន នៅក្រុងសៀងហៃ ផ្ដល់ឱ្យកម្ពុជា ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩

Handover ceremony of Shanghai's donation of medical supplies to Cambodia to combat COVID-19

សុខុម

ភ្នំពេញ: ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ត្រ 3DMed Diagnostics ដែលមានមូលដ្ឋាននៅក្រុងសៀងហៃ ប្រទេសចិន បានផ្តល់ជំនួយសម្ភារៈបរិក្ខារពេទ្យគិតជាទឹកប្រាក់សរុបប្រមាណ២១៨.០០០ដុល្លារអាមេរិក ដល់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹង-វីរុសកូវីដ-១៩។

យោងតាមសារព័ត៌មាន PR Newswire ចុះផ្សាយកាលពីថ្ងៃទី១០ កញ្ញា ឱ្យដឹងថា ពិធីប្រគល់ជំនួយដ៏មានសារៈសំខាន់នេះត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រ ទី៣ កញ្ញា នៅទីក្រុងសៀងហៃ។ ជំនួយសម្ភារៈបរិក្ខារពេទ្យសម្រាប់ការធ្វើតេស្ត ការពិនិត្យតាមដាន និងការធ្វើរោគវិនិច្ឆ័យវីរុសកូវីដ-១៩ នេះនឹងជួយឱ្យប្រទេសកម្ពុជា មានលទ្ធភាពគ្រប់គ្រងវិបត្តិកូវីដ-១៩ បានកាន់ប្រសើរជាងមុន។

សហការជាមួយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលជាស្ថាប័នស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ ក្រុមហ៊ុន 3DMed Diagnostics មានគោលបំណងជួយបង្កើនប្រសិទ្ធភាពរបស់មន្ទីរពិសោធន៍នេះនៅក្នុងការធ្វើតេស្ត និងការពិនិត្យតាមដានវីរុសកូវីដ-១៩ នៅកម្ពុជា។ បើធៀបជាមួយវិធីធ្វើតេស្តធម្មតាដែលប្រើរយៈពេលវែងពី៤ទៅ៥ម៉ោង ដំណោះស្រាយធ្វើតេស្តរហ័ស (Rapid Test) ដោយក្រុមហ៊ុន 3DMed Diagnostics អាចទទួលបានលទ្ធផលតេស្តលឿនដោយប្រើពេលត្រឹមតែ៧០នាទីប៉ុណ្ណោះ ដែលមានសារៈសំខាន់ណាស់សម្រាប់ការធ្វើតេស្តនៅទាំងប្រទេសកម្ពុជា។    

ជំនួយបរិច្ចាគនេះក៏រួមបញ្ចូលទាំងឧបករណ៍ធ្វើតេស្ត ដែលមានសមត្ថភាពអាចរកឃើញវីរុសបំប្លែងខ្លួនថ្មី Delta និងវីរុសបំប្លែងខ្លួនថ្មីផ្សេងៗទៀតដែលនឹងជួយឱ្យអាជ្ញាធរសុខាភិបាលពិនិត្យ និងគ្រប់គ្រងការរីករាលដាលវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីបានដោយប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាផងដែរ។

រដ្ឋាភិបាលកម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធំនៅក្នុងការគ្រប់គ្រងស្ថានការណ៍ឆ្លងរីករាលដាលវីរុសកូវីដ-១៩ ខណៈករណីឆ្លងវីរុសបំប្លែងខ្លួនថ្មីបានកើនឡើងគួរឱ្យកត់សម្គាល់នៅរយៈពេលចុងក្រោយនេះ។

ក្នុងពិធីប្រគល់ជំនួយនេះ លោក នាង សំរិទ្ធកុមា អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងសៀងហៃ បានថ្លែងអំណរគុណប្រទេសចិន យ៉ាងជ្រាលជ្រៅចំពោះមិត្តភាពជាបងប្អូនដ៏ល្អ ហើយបានបង្ហាញជំនឿយ៉ាងមុតមាំថា កម្ពុជា នឹងអាចយកឈ្នះការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលវីរុសកូវីដ-១៩ ដ៏កាចសាហាវនេះដោយជោគជ័យ។   

លោក Caifu Chen ប្រធានផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុន 3DMed Diagnostics បានថ្លែងថា ចាប់តាំងពីការផ្ទុះការរីករាលដាលវីរុសកូវីដ-១៩ មក ក្រុមហ៊ុនរបស់លោកបានបន្តជួយគាំទ្រដល់ប្រទេសជាង៦០ និងតំបន់នានានៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនេះ។

លោកបានបន្ថែមថា “យើងមានមោទនភាពដែលបានជួយគាំទ្រដល់កម្ពុជា អំឡុងពេលដ៏លំបាកបំផុតនេះ ហើយយើងសង្ឃឹមថា កម្ពុជា នឹងអាចយកឈ្នះលើការរីករាលដាលវីរុសនេះក្នុងពេលឆាប់ៗខាងមុខនេះ”៕

សម្តេចតេជោៈកម្ពុជាកំពុងដាក់សំណើរសាងសង់ស្ពានទី៨ពីមិត្តចិន ស្របពេលដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីមកកម្ពុជា

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងថា ចិនបានផ្ដល់ជំនួយដល់កម្ពុជាជាច្រើនហើយ ជាពិសេសនោះគ្រាន់តែស្ពាន ចិនបានផ្ដល់ជំនួយចំនួន៧រួចហើយ និងកំពុងស្នើសុំឥណទានដើម្បីធ្វើស្ពានទី៨។

អ្វីដែលកាន់តែពិសេសនោះ ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសប្រមុខកាទូត ចិនបានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងដល់កម្ពុជា ក្នុងទឹកប្រាក់ប្រមាណ២៥០លានដុល្លារផងដែរ។

សម្តេចតេជោបានមានប្រសាសន៍ក្នុងពិធីប្រគល់ និងទទួលពហុកីឡដ្ឋានមរតកតេជោអំឡូងដំណើរទស្សនកិច្ចបស់លោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនកាលពីថ្ងៃទី១២ កញ្ញាកន្លងមកថា “សមិទ្ធផលដែលជាជំនួយ និងឥណទានរបស់ចិនជាច្រើននៅកម្ពុជា ប្រហែលជាមិនអាចកើតមានទេ បើសិនជាគ្មានទំនាក់ទំនងល្អរវាងកម្ពុជានិងចិន ជាក់ស្ដែងសមិទ្ធផលមួយដែលជាជំនួយរបស់ចិន ក៏បានលេចរូបរាងឡើងនិងមានតម្លៃជាង១១០០លានយន់ ស្មើនឹង១៥០លានដុល្លារ ហើយក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមវ៉ាង យី បានចុះហត្ថលេខាក្រោមជំនួយឥតសំណង ចំនួន១៧៥០លានយន់ ឬប្រហាក់ប្រហែលនឹង២៥០លានដុល្លារអាមេរិក”។

សម្ដេចបានបន្ថែមថា ខ្លួនសម្ដេចផ្ទាល់ក៏មិននឹកស្មានថា កម្ពុជាអាចមានសមិទ្ធផលដ៏អស្ចារ្យដូចពហុកីឡដ្ឋានជាតិនេះដែរ ហើយបើពុំមានចិនក៏ពិបាក ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើនដូចនេះដែរ ។ ចិននឹងនៅតែជាដៃគូរបស់កម្ពុជា និងជាមិត្តដែកថែបដូចអ្វីដែលរដ្ឋមន្ត្រីការបរទេសវ៉ាង យីបានមានប្រសាសន៍នេះដែរ ។

ក្រៅពីជំនួយ និងឥណទានដែលចិនបានផ្ដល់ជូនកម្ពុជា ចិនក៏ជាប្រទេសដែលមានវិនិយោគិនច្រើនជាងគេ បណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយអគារធំៗខ្ពស់ និងគម្រោងវិនិយោគជាច្រើនទៀត ក៏ជាគម្រោងរបស់វិនិយោគិនចិនផងដែរ។

សម្តេចបន្តថា “ចិននៅតែបន្តដាក់ទុនវិនិយោគ នៅក្នុងវិបត្តិកូវីដ១៩ ដោយក្រុមហ៊ុនខ្លះ មានគម្រោងដាក់ទុនរាប់ពាន់លានដុល្លារអាមេរិក បង្កើតគម្រោងទីក្រុងរណប អគារពាណិជ្ជកម្ម ខុនដូជាដើម”៕

លោកធួន ស៊ីណានៈ ការដាក់រូបប្រាសាទអង្គរលើថ្នាំលាប Temple Paint តំណាងឲ្យមោទនភាពផលិតផលជាតិ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងគោលដៅលើកកំពស់ផលិតផលជាតិ សម្រាប់ជាអត្តសញ្ញាណជាតិមួយ Temple Paint ត្រូវបានផលិតឡើង ដើម្បីបង្ហាញពីសមិទ្ឋផលតំណាងឲ្យគុណតម្លៃ និងមោទនភាពជាតិ។

លោកធូន ស៊ីណាន អគ្គនាយកក្រុមហ៊ុន IMCT ដែលកំពុងផលិតថ្នាំលាបម៉ាក Temple Paint បានមានប្រសាសន៍ឱ្យដឹងកាលពីពេលថ្មីៗនេះថា សម្រាប់ថ្នាំលាប Temple Paint ដែលប្រើប្រាស់រូបមន្តចុងក្រោយបង្អស់ នៃបច្ចេកវិទ្យាទំនើប មានការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដោយសារគុណភាព និងរយៈពេលប្រើប្រាស់បានយូឆ្នាំ។ ជាពិសេសទៅទៀតនោះគឺបរិមាណ ហើយអត្ថប្រយោជន៍មួយទៀតនោះ គឺគ្មានក្លិនប៉ះពាល់ដល់សុខភាពទៀតផង និងធ្វើឱ្យគេហដ្ឋានរបស់លោកអ្នក មានភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញ។

លោកបន្តថា “ដោយសារយើងផ្តោតលើគុណភាព និងការលើកកំពស់បរិស្ថាន ទើបយើងប្រើប្រាស់ថ្នាំលាបនេះ ជាផលិតផលបៃតងដែលរួមចំណែកដល់ការលើកកំពស់មោទនភាពជាតិ”។លោកបន្តថា “យើងបានស្នើសុំទទៅកាន់ក្រសួងពាណិជ្ជកម្ម ជាមួ​យសំណើរដាក់អច្ចឆរិយៈវត្ថុខ្មែរលើថ្នាំលាបនេះ ព្រោះយើងចង់ឲ្យផលិតផលនេះមានគុណតម្លៃស័ក្តិសមនឹងរូបសញ្ញារបស់ខ្លួន”។

ផលិតផលថ្នាំលាប ថេមភល ផេន (Temple Paint) របស់ក្រុមហ៊ុន IMCT Co., Ltd ដែលជាផលិតផលបង្កើតឡើងដោយស្នាដៃកូនខ្មែរ បាននិងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ដោយសារគុណភាព និងការបង្កើនសោភ័​ណភាពគេហដ្ឋាន។

លោកធួន ស៊ីណានបានបន្តថា “ផលិតផលនេះបានផលិតតាមរូបមន្ត ផ្សំចុងក្រោយបង្អស់នៃបច្ចេកវិទ្យាទំនើប ដែលមានសមត្ថភាពខ្ពស់ ក្នុងការការពារផ្ទៃជញ្ជាំងឱ្យមានភាពរឹងមាំ និងរលោង”។

ជាងនេះទៅទៀត វាជាប្រភេទថ្នាំ ដែលធន់នឹងទឹក និងអាចលាងសម្អាត ដើម្បីធ្វើឱ្យផ្ទៃជញ្ជាំងទាំងមូលរក្សានូវភាពស្អាត និងរឹងមាំបានយូរអង្វែង ហើយគ្មានធាតុផ្សំ APEO ដែលបង្កផលប៉ះពាល់ទៅដល់បរិស្ថាន។

ក្រុមហ៊ុន IMCT Co., Ltd បានទទួលការអនុញ្ញាតិ ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីបានប្រើឈ្មោះប្រាសាទអង្គរវត្ត ជាទីគោរពសក្ការៈ នៅក្នុងម៉ាកយីរហោ ផលិតផលថ្នាំលាប របស់ក្រុមហ៊ុន IMCT Co., Ltd៕

ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវដែកជប៉ុន Japan Freight Railway បើកការិយាល័យតំណាងនៅក្រុងបាងកក

ដោយៈសុខុម

បាងកក: ក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមផ្លូវដែកជប៉ុន Japan Freight Railway Co បានបើកការិយាល័យតំណាងនៅទីក្រុងបាងកក ដើម្បីពង្រីកការសិក្សាសមិទ្ធលទ្ធភាពអំពីឱកាសអាជីវកម្មក្នុងប្រទេសថៃ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃទី១០ កញ្ញា។

ក្រុមហ៊ុននេះអះអាងថា ខ្លួនទទួលបានការអនុម័តពីរដ្ឋាភិបាលថៃ នៅថ្ងៃទី០២ កញ្ញា សម្រាប់ការបើកការិយាល័យតំណាងក្នុងសង្កាត់ Wattana ក្រុងបាងកក ដែលជាការិយាល័យដំបូងរបស់ខ្លួន នៅខាងក្រៅប្រទេសជប៉ុន។ ការិយាល័យតំណាងនេះ មានបុគ្គលិក២នាក់ រួមទាំងបុគ្គលិកក្នុងស្រុកម្នាក់ផងដែរ។

ក្រុមហ៊ុន Japan Freight Railway បាននិងកំពុងផ្តល់ការគាំទ្រដល់សេវាកម្មដឹកជញ្ជូនទំនិញតាមផ្លូវដែក ក្នុងស្រុកចាប់តាំងពីឆ្នាំ២០១៥ ក្រោមកិច្ចព្រមព្រៀងមួយរវាងអាជ្ញាធរដឹកជញ្ជូនជប៉ុន និងអាជ្ញាធរដឹកជញ្ជូនថៃ ខណៈកំពុងស្វែងរកកន្លែងឈរជើងដ៏រឹងមាំនៅក្នុងប្រទេសក្បែរខាងរបស់កម្ពុជាមួយនេះ។

ការិយាល័យតំណាងថ្មីនេះ នឹងផ្ដល់លទ្ធភាពឱ្យក្រុមហ៊ុនខាងលើ ប្រមូលព័ត៌មាន និងធ្វើសកម្មភាពផ្សេងៗទៀត កាន់តែទូលំទូលាយជាងមុន តាមរយៈការទាញយកអត្ថប្រយោជន៍ ពីចំណេះជំនាញរបស់ខ្លួនផ្នែកដឹកជញ្ជូន និងដំណើរការជួសជុលថែទាំ។

រដ្ឋាភិបាលថៃ កំពុងពិចារណាផ្តល់សម្បទានប្រតិបត្តិការ ដល់ស្ថាប័នឯកជននានា ខណៈកំពុងជួសជុលកែលម្អ ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យកាន់តែល្អប្រសើរ ខណៈខ្លួនមានគម្រោងរៀបចំរចនាសម្ព័ន្ធប្រព័ន្ធផ្លូវដែក ដែលគ្រប់គ្រងដោយរដ្ឋ ហើយនេះជាចំណាត់ការមួយ ដែលអាចជួយត្រួសត្រាយផ្លូវ សម្រាប់ការពង្រីកអាជីវកម្មដ៏ធំដោយក្រុមហ៊ុន Japan Freight Railway៕

ក្រុមហ៊ុនអចលនទ្រព្យ R&F Cambodia ចាប់ផ្តើមពង្រីកយុទ្ឋសាស្រ្តលើការលក់ថ្មីតាមរយៈការហការជាមួយស្ថាប័នហិរញ្ញវត្ថុ

ដោយៈសជាតា

ភ្នំពេញ: ក្រុមហ៊ុន អ&អេហ្វ ខេមបូឌា ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំ​មួយនៅប្រទេសកម្ពុជា និងប្រទេសចិន បានធ្វើការរៀបចំពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀមសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយធនាគារ ប្រ៊េដប៊ែង ខេមបូឌា។

លោក Zhang Pu ប្រធានហិរញ្ញវត្ថុនៃក្រុមហ៊ុន អ&អេហ្វ ខេមបូឌា បានថ្លែងក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃចុងសប្តាហ៍មុន ដោយលើកឡើងអំពីវឌ្ឍភាពរបស់គម្រោង R&F City ដែលទើបតែបញ្ចប់ការសាងសង់ជាស្ថាពរ ក្នុងខែមិថុនា និងគម្រោង R&F Miro ដែលគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៣ផងដែរ។ លោកក៏បានសម្ដែងការរីករាយ ដែលមានដៃគូសហការដូចជា ធនាគារ Bred Bank ជាដើមក្នុងការឆ្ពោះទៅមុខជាមួយគ្នា។

ចំណែកឯ លោក មិន សុផា នាយកប្រតិបត្តិរងធនាគារ Bred Bankបានបង្ហាញអំពីសេចក្ដីត្រេកអរ ដែលបានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យល្បីមួយនេះ បានជ្រើសរើសជាដៃគូសហការជាមួយខាងធនាគារ ក្នុងការផ្ដល់ជូនលក្ខខណ្ឌងាយៗ ទៅដល់អតិថិជន ដែលនេះមើលឃើញថា គឺជាការរីកចម្រើនជាមួយគ្នាតទៅមុខយ៉ាងពិតប្រាកដ។

ជាមួយគ្នានេះ លោកស្រី មាស គន្ធា នាយិកាគ្រប់គ្រងបណ្ដាញសាខា ផ្នែកហិរញ្ញវត្ថុបុគ្គលនៃធនាគារប្រ៊េដប៊ែង ក៏បានលើកបង្ហាញអំពី លក្ខខណ្ឌនានាដែលអតិថិជនអាចទទួលបានកម្ចីឥណទាន សម្រាប់ទិញខុនដូ នៅគម្រោង R&F City និង R&F Miro៕

លោកគាម សៀកឡុង បង្ហាញពីទស្សនៈផ្ទាល់ខ្លួនលើវិស័យអចលនទ្រព្យយ៉ាងដូចម្តេច?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ លោកគាម សៀកឡុងជាអ្នកជំនាញនិងវិនិយោគិន អចលនទ្រព្យមួយរូបនៅកម្ពុជា បានបង្ហាញអំពីទស្សនៈផ្ទាល់ខ្លួនរបស់លោក ពីវិស័យអចលនទ្រព្យនៅក្នុងវិបត្តិកូវីដ១៩ និងចែកចាយជាបទ ពិសោធន៍ក្នុងសៀវភៅ សម្រាប់បណ្ដាវិនិយោគិននិងអ្នកប្រឡូកក្នុងវិស័យអចលនទ្រព្យផងដែរ។

លោកបានបង្ហាញសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ប្រទេសនានាលើពិភពលោក បាននិងកំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាហេតុនាំឱ្យកំនើនក្នុងឆ្នា២០២០ សម្រេចបានអវិជ្ជមានក្នុងកម្រិត៣,១ភាគរយក្រោមសូន្យ ហើយការព្យា​ករកំណើនសម្រាប់ឆ្នាំ២០២១នេះ និងបណ្ដាឆ្នាំខាងមុខក៏មិនទាន់ មានភាពប្រាកដប្រជានៅឡើយ ដោយវាអាស្រ័យតាមការវិវត្តន៍ថ្មីៗ និងការគ្រប់គ្រងបានទាំងស្រុងនៃជំងឹកូវីដ១៩ ។

លោកបន្តថា ការធ្លាក់នៃកំនើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២០ បណ្ដាលមកពីការធ្លាក់ចុះនៃវិស័យដែលពឹងផ្អែកលើតម្រូវការខាងក្រៅ ដូចជា វិស័យទេសចរណ៍ កម្មន្តសា​ល ដឹកជញ្ជូន សំណង់ និងអចលនទ្រព្យ ខណៈដែលវិស័យកសិកម្មបន្តកើនឡើងយ៉ាងល្អ ។ និយាយដោយឡែកវិស័យអចលនទ្រព្យ តើមានអ្វីជាអំ ណះអំណាងដែលថាវិបត្តិកូវីដ១៩បានធ្វើឱ្យវិស័យអចលទ្រព្យមានការធ្លាក់ចុះ? ហើយការធ្លាក់ចុះក្នុងកម្រិតណា?។

ជាទស្សនៈផ្ទាល់លោកថា យើងគួរពិនិត្យមើលទឡ្ហីករណ៍ចំនួន៥ដូចជា ទី១របាយការណ៍របស់ក្រសួងរៀបចំដែនដី នរូបនីយកម្ម និងសំណង់ ទី២ សង្កេតមើលស្ថានភាពជាក់ស្ដែង ទី៣ លំហូរវិនិយោគិនបរទេស ទី៤ អំណាងទិញរបស់វិនិយោគិនក្នុងស្រុក និងទី៥ ទំហំទឹកប្រាក់កម្ចីពីស្ថាប័នធនាគារលើវិស័យអចលនទ្រព្យ។

លោកថា “បើយើងក្រលេកមើលរបាយការណ៍ របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ តម្លៃប៉ាន់ស្មានទុនវិនិយោគ ក្នុងឆ្នាំ២០២០មានទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លាអាមេរិក ធ្លាក់ចុះ៣២,២១ភាគរយ ធៀបនឹងមុនវិបត្តិ និងបានប្រមូលពន្ធប្រថាប់ត្រាចូលថវិកាជាតិ ប្រមាណ៩០លានដុល្លារអាមេរិកថយចុះ២,៤១ភាគរយ។

លោកគាម សៀកឡូងបានបន្ថែមថា នៅពេលកម្ពុជាជួបវិបត្តិកាន់តែធ្ងន់ធ្ងរដោយ​សារកូវីដ១៩ ចាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ ឃើញថាការដាក់ស្លាកលក់ ឬជួលអចលនទ្រព្យច្រើនជាងមុន។ ចំណែកឯការទិញលក់ជួល ពីសំណាក់ជនបរទេសស្ទើរតែគ្មានទាំងស្រុងដោយសារតែមិនអាច ឬពិបាកក្នុងការធ្វើដំណើរចូលមកកម្ពុជា។

លោកបញ្ជាក់ថា វិបត្តិកូវីដ១៩បានធ្វើឱ្យប៉ះពាល់ដល់ជីវភាព និងចំណូលរបស់យើងគ្រប់គ្នា ដូច្នេះអំណាចទិញក៏មានការធ្លាក់ចុះដែរ ។ ដោយឡែកវិស័យធនាគារវិញនៅតែមានស្ថិរភាពរឹងមាំ ព្រមទាំងបានរួមចំណែកយ៉ាងសកម្ម ក្នុងការគាំទ្រសកម្មភាពសេដ្ឋ​កិច្ច ជាពិសេសគឺឥណទាន សម្រាប់គាំទ្រវិស័យអចលនវត្ថុ។

យោងតាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា នៅក្នុងឆ្នាំ២០២០ ឥណទានសរុបមានទឹកប្រាក់ប្រមាណ៣០,២ពាន់លានដុល្លារអាមេរិក ខណៈឆ្នាំ២០១៩មានទំហំទឹកប្រាក់៤១,៨ពាន់លានដុល្លារអាមេរិក ក្នុងនោះឆ្នាំ២០២០កម្ចីទិញផ្ទាល់ខ្លួនមាន១៣ភាគរយនៃឥណទានសុរប ខណៈ២០១៩មាន១១ភាគរយ ។

លោកគាម សៀកឡុងបានបន្តថា “មកដល់ពេលនេះ ខ្ញុំមិនអាចវាយតម្លៃបានថាវិបត្តិកូវីដ១៩ នឹងបញ្ចប់ទាំងស្រុងនៅពេលណាមួយនោះឡើយ តែយ៉ាងណាយើងក៏មានសុទិដ្ឋិនិយម ចំពោះការទប់ស្កាត់របស់រាជរដ្ឋាភិបាលនៃយើង”៕

បណ្ដាខេត្តមួយចំនួនចាប់ផ្ដើមប្រកាសបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចនិងសង្គម

ដោយៈលក្ខិណា

ភ្នំពេញៈ រដ្ឋបាលតាមបណ្ដាខេត្តមួយចំនួន បានចាប់ផ្ដើមប្រកាសពីការបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានន័យប្រជាពលរដ្ឋ ក្នុងខេត្តទាំងនោះបានទទួលវ៉ាក់សាំងគ្រប់គ្នាឬស្ទើរតែគ្រប់គ្នាអស់ទៅហើយ។

ការបិទបញ្ចប់យុទ្ធនាការនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់ការបើកឡើងវិញនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា បន្ទាប់ពីបានរឹតបន្តឹងវិធានការ អស់រយៈពេលជិត១ឆ្នាំមកហើយជាពិសេសចាប់តាំងពីព្រឹត្តិការណ៍២០កុម្ភៈ ២០២១ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកែបឱ្យដឹងថា ខេត្តកែបបានបិទបញ្ចប់ នូវយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋ អាយុចាប់ពី១៨ឆ្នាំឡើងជាស្ថាពរ ដោយបានចាក់ជូនពលរដ្ឋ សរុបដូសទី២ប្រមាណ៩៦ភាគរយ ឬស្មើនឹងចំនួន២៦.៩២០នាក់ ។ ចំណែកការចាក់វ៉ាក់សាំងសម្រាប់កុមារ និងយុវវ័យអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំមានចំនួន៤.៧៨៣នាក់ ឬស្មើនឹង៧៦ភាគរយ។

ងាកទៅមើលខេត្តប៉ៃលិនវិញ ក៏បានប្រកាសបិទបញ្ចប់យុទ្ធនាការផងដែរ ក្នុងនោះលោកស្រីបាន ស្រីមុំ អភិបាលខេត្តប៉ៃលិនបានឱ្យដឹងថា ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិន អាយុ១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន៤២,០៥៣ ស្មើនឹង១០២,៥៧ភាគរយ កុមារអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំងដូសទី១ បានចំនួន ៨,៦១៣នាក់ ស្មើនឹង៨៦,០៥ភាគរយ។

ជាមួយគ្នានេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការបង្កើតឱ្យមាន នូវភាពស៊ាំក្នុងសហគមន៍ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើកដំណើរការជាប្រប្រតីឡើងវិញលើគ្រប់វិស័យ ហេតុនេះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានប្រកាស ផ្តល់ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង៩០%ហើយ នៅទូទាំងប្រទេស ដែលនេះ បង្ហាញឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋទូទាំងប្រទេស៕

ក្រុមហ៊ុនទីផ្សារលក់រាយ Big C របស់ប្រទេសថៃគ្រោងបើកទីផ្សារទំនើបខ្នាតធំនិងខ្នាតតូចរាប់រយនៅទីផ្សារកម្ពុជា

ដោយៈសុជាតា

ប្រទេសថៃៈ ក្រុមហ៊ុន Big C Supercenter Plc មានផែនការបង្កើនការវិនិយោគក្នុងការពង្រីកអាជីវកម្មលក់រាយ នៅទីផ្សារកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំខាងមុខ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post។

លោក Gary Hardy ប្រធានមន្រ្តីប្រតិបត្តិការ មានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា ជាមួយនឹងផែនការអាជីវកម្មប្រាំឆ្នាំរបស់យើង ក្រុមហ៊ុនមានគោលបំណងក្នុងការក្លាយទៅជាអ្នកលក់រាយលំដាប់លេខ១ នៅប្រទេសកម្ពុជា នៅក្នុងតម្លៃ ទំហំ និងភាគរយក្នុងចំណោមអតិថិជនកម្ពុជា។

លោកបញ្ជាក់ថា ក្រុមហ៊ុននឹងបើកហាង Big C រាប់រយនៅទំហំ និងទម្រង់ខុសៗគ្នា នៅរាជធានីភ្នំពេញ និងទីក្រុងធំៗដូចជាសៀមរាប និងបាត់ដំបង ដោយខ្នាតជា HyperMarkets ទីផ្សារទំនើប និង Big C ខ្នាតតូច។
ខណៈដែរតួលេខវិនិយោគ មិនត្រូវបង្ហាញជាសាធារណៈ លោកនិយាយបន្ថែមទៀតថា ការពង្រីកទីផ្សារតាមរយៈការលក់ Franchise ជាបន្តបន្ទាប់នៅថ្ងៃអនាគត។

ជាកស្តែង ក្រុមហ៊ុនបានពង្រីកអាជីវកម្ម នៅទីផ្សារកម្ពុជាលើកដំបូង នៅតាមបណ្តោយព្រំដែនអន្តរជាតិ ប៉ោយប៉ែតកាលពីប៉ុន្មានឆ្នាំមុន។

នាពេលបច្ចុប្បន្ននេះ ផ្សារទំនើប Big C បានបើកផ្សារ Mni Big C នៅផ្សារដេប៉ូតាមបណ្តោយមហាវិថី Nehru នៅរាជធានីភ្នំពេញផងដែរ។

លោក Hardy បានបញ្ជាក់ថា “ប្រទេសកម្ពុជា ប្រទេសទីបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុមហ៊ុនបានពង្រីកទៅដល់ បន្ទាប់បើកជោគជ័យនៅក្នុងប្រទេសឡាវ និងថៃ។ យើមានសុទិដ្ឋិនិយម ថាការបើកហាងនៅទីផ្សារកម្ពុជា នៅក្នុងអំឡុងវិបត្តិសកលនេះ ដោយសារតែសំឡឹងមើលសក្តានុពលទីផ្សាររយៈពេលវែង”។

សម្រាប់ប្រជាជនកម្ពុជាដែលមាន១៦លាននាក់ និងទីតាំងតំបន់ពាណិជ្ជកម្ម ដូចជា រាជធានីភ្នំពេញ ដែលផ្តល់អោយនូវរសជាតិផលិផលតដូចគ្នា សម្រាប់ប្រជាជនកម្ពុជា និង ថៃ ដែលកត្តាទាំងនេះ ផ្តល់ឱកាសវិនិយោគសម្រាប់ក្រុមហ៊ុន Big C ក្នុងការពង្រីកផលិតផល និងស្លាកសញ្ញា ដូចជា Happy Price និង Besico ផងដែរ។
ចំពោះការដឹកជញ្ជូន និងចង្វាក់់ផ្គត់ផ្គង់ ត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ដោយឆ្លងកាត់ព្រំដែនពីទីក្រុងបាងកក ទៅដល់ទីក្រុងប៉ោយប៉ែត និងប្រទេសវៀតណាម ទៅប្រទេសកម្ពុជាផងដែរ។

លោក Hardy មានប្រសាសន៍បន្ថែមទៀតថា ក្រុមហ៊ុនរំពឹងថានឹងពង្រីកអាជីវកម្មនៅទីផ្សារកម្ពុជា ដោយមិនគ្រាន់តែផ្តល់ចំណេះដឹង ទាក់ទងវិស័យលក់រាយប៉ុណ្ណោះនោះ​ទេ ប៉ុន្តែក្រុមហ៊ុននឹងផ្តល់ឱកាសការងារ រាប់ពាន់កន្លែងសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។

សម្រាប់ទីផ្សារលក់រាយនៅកម្ពុជា គឹមានការទាក់ទាញខ្លាំងដោយការអភិវឌ្ឍទីផ្សារនេះ ដូចគ្នានឹងប្រទេសថៃកាលពី២០ឆ្នាំមុន ពេលដែលប្រជាជនបានផ្លាស់ប្តូរទម្លាប់ពីដើរទំនិញតាមទីផ្សារប្រពៃណី ទៅជាដើរទិញទំនិញតាមទីផ្សារទំនើបលក់រាយវិញ។

ក្រុមហ៊ុន Big C មានផ្សារទំនើបខ្នាតធំ (hypermarket) ប្រមាណ១៥២ហាង ផ្សារទំនើបខ្នាតមធ្យមប្រមាណ៦១ហាង និងផ្សារខ្នាតតូចប្រមាណ១២៥៩ហាង និងហាងឱសថប្រមាណ១៤៤ហាងផងដែរ៕

លោកឧកញ៉ាលឹម ហេងៈអ្នកវិនិយោគចិនបានចាប់ផ្តើមមកកម្ពុជាវិញបណ្តើរៗហើយ

ដោយៈគង់ សុរិយា

ភ្នំពេញៈ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេងបានមានប្រ​សាសន៍ឲ្យដឹងថា អ្នកវិនិយោគចិនបានមកកម្ពុជាបណ្តើរៗហើយ ដោយយើងសង្ឃឹមថា ក្រោយដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីមកកម្ពុជា អ្នកវិនិយោគចិននឹងមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាម កាលពីរាត្រីថ្ងៃទី១០ កញ្ញាកន្លងមកថា ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន មកទស្សនកិច្ចនៅកម្ពុជាចាប់ពីថ្ងៃទី១២ ដល់១៣កញ្ញាខាងមុខនេះ មានភាពស្របគ្នាល្អណាស់ ដែលសភាជាតិរបស់កម្ពុជា បានអនុម័តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា​ ចិន ដែលនឹងដាក់ឲ្យប្រើប្រាស់ ក្រោយព្រះមហាក្សត្រឡាយ ព្រហស្ថលេខា វាជារឿងអបអរសាទរមួយហើយ។

ទី២ ការអញ្ជើញមកទស្សនកិច្ចរបស់ឯកឧត្តម គឺគាត់អញ្ជើញមកប្រគល់សំណង់អាគារពហុកីឡដ្ឋានមរតកតេជោជូនកម្ពុជា ដែលជាអំណោយដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានពីមិត្តចិន ដល់កម្ពុជា ដែលនឹងរៀបចំធ្វើម្ចាស់ផ្ទះកីឡស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខនេះ វាជាកិត្តិយសមួយទៀតសម្រាប់កម្ពុជា ដែលលើកមុខមាត់កម្ពុជានាពេលខាងមុខនេះ។

លោកឧកញ៉ាលឹម ហេងបានបន្តថា “ចំណងមិត្តភាពដូចដែកថែបរបស់កម្ពុជា និងភាពជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជា ចិន ដែលមិត្តចិនបានគាំទ្រកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយនេះ ក៏ជាការបង្ហាញឲ្យវិនិយោគចិនបរទេស ពិសេសវិនិយោគិន​ចិនកាន់តែមានទំនុកចិត្តមកវិនិយោគនៅកម្ពុជា”។ លោកបន្តថា “ខ្ញុំគិតថាដំណើរទស្សន​កិច្ចនេះ ជាផលចំណេញដ៏ធំសំរាប់កម្ពុជា ជាប្រទេសតូចមួយ ដែលមហាអំណាចដ៏ធំយក​ចិត្តទុកដាក់ក្នុងភាពជាដៃគូស្មើមុខ ស្មើមាត់លើកិច្ចសហប្រតិបត្តិការអន្តរជាតិ”។

ជាមួយគ្នានេះ លោកឃាង ភារម្យអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានមានប្រ​សាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា អ្នកវិនិយោគចិន ដែលបានវិនិយោគគំរោងនៅកម្ពុជា បានចាប់ផ្តើមវិលត្រលប់មកកាន់ ក្រុងព្រះសីហនុបណ្តើរៗឡើងវិញហើយ ខណៈជើងហោះហើររបស់អាកាសចរណ៍កាន់តែមានភាពសកម្មជាងមុន។
លោកបន្តថា “វត្តមានរបស់អ្នកវិនិយោគចិន ពិតជាបានឈានជើងមកកាន់ក្រុងព្រះសីហនុហើយ ពិសេសអ្នកវិនិយោគ ដែលបានបោះទុនវិនិយោគនៅខេត្តមួយនេះ”៕