រដ្ឋាភិបាលគ្រោងនឹងបើកដំណើរការសកម្មសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីចាក់ វ៉ាក់សាំងបានគ្រប់គ្នា

ដោយៈលក្ខិណា

ភ្នំពេញៈ បន្ទាប់ពីរដ្ឋាភិបាលអនុញ្ញាតឱ្យបើកគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនរួច រដ្ឋាភិបាលក៏គ្រោងនឹងបើកដំណើរការ សកម្មភាពសេដ្ឋកិច្ចឡើងវិញតាមគន្លងថ្មី ហើយបន្ទាប់ពីវិស័យអប់រំ គឺវិស័យទេសចរណ៍ក្នុងស្រុក និងទេសចរដែលបានទទួលការចាក់វ៉ាក់សាំងរួច។ នេះបើតាមលោកអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងជំនួបជាមួយអនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៣កញ្ញា ២០២១កន្លងទៅនេះ ។

លោកបន្តថា “គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ប្រមាណ៩០ភាគរយ ធៀបនឹងគោលដៅ១០លាននាក់ និងកុមារអាយុចាប់ពី១២ដល់ក្រោម១៨ឆ្នាំ ប្រមាណ១,៤លាននាក់ធៀបនឹងគោលដៅប្រមាណ២លាននាក់”។ លោកបន្តថា “កម្ពុជានឹងបើកដំណើរការឡើងវិញ នូវគ្រឹះស្ថា​នសិក្សាសាធារណៈនិងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល ទាំងអស់នាពេលឆាប់ៗនេះ លើកលែងតែកម្រិតបឋមសិក្សា”។

លោកបានស្នើសុំឱ្យធនាគារពិភពលោក ពិចារណាឡើងវិញ លើលក្ខខណ្ឌ ឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ដល់កម្ពុជា ដូចបណ្ដាដៃគូអភិវឌ្ឍន៍ផ្សេងទៀត និងពន្យាពេលអនុវត្តលក្ខខណ្ឌឥណទានថ្មី ដើម្បីឱ្យកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធធំៗ សម្រាប់គាំទ្រការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានសំណូមពរឱ្យធនាគារពិភពលោកជួយកៀរគរធនធានជាហិរញ្ញប្បទានឥតសំណង សម្រាប់ហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍ និងគាំពារសង្គមដូចជាគម្រោងអប់រំ អភិវឌ្ឍន៍ជំនាញនិងសុខាភិបាលជាដើម ដែលកំពុងមានតម្រូវការកាន់តែច្រើន ជាពិសេសក្នុងបរិការណ៍ក្រោយជំងឺកូវីដ១៩ ។

នៅថ្ងៃទី១៥ កញ្ញា២០២១ស្អែកនេះ អាជ្ញាធររាជធានីភ្នំពេញនឹងបើកដំណើរការសាលារៀនរដ្ឋ និងឯកជនឡើងវិញ ដោយអនុវត្តន៍ទៅតាមវិធានការការពារ របស់ក្រសួងសុខាភិបាល ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀនក្នុងសាលាឡើងវិញ។ ជាមួយគ្នានេះដែរ លោកគ្រូអ្នកគ្រូនិងសិស្សទាំងអស់ ក៏តម្រូវយកសំណាករកមេរោគកូវីដ១៩ជាមុនសិន មុនឹងអនុញ្ញាតចូលក្នុងសាលារៀន ហើយសិស្សដែលមិនទាន់ចាក់វ៉ាក់សាំង ក៏តម្រូវឱ្យនៅដាច់ឆ្ងាយពីគេដើម្បីការពារគាត់។ ចំណែកគ្រូមិនទាន់ចាក់វ៉ាក់សាំង ក៏មិនអនុញ្ញាតឱ្យចូលបង្រៀនផ្ទាល់ដែរ គឺតម្រូវឱ្យរៀនតាមអនឡាញដដែល៕

តើដំណើរការនៃការកាត់ប្លង់ដី ឬផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញត្រូវធ្វើតាមនិតិវិធីបែបណា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ដំណើរការនៃការកាត់ប្លង់ដី ផ្ទេរកម្មសិទ្ធិពីម្ចាស់ដីដើម មកឈ្មោះអ្នកទិញ ហើយអ្នកមិនចង់ចំណាយប្រាក់ច្រើន ក្នុងការស្នើរសុំភ្នាក់ងាសុរិយោដី អោយជួយរត់ការអោយ។ ករណីនេះចំពោះតែប្តីប្រពន្ធ ជាម្ចាស់ដី ដែលមានជីវិតរស់នៅតែប៉ុណ្ណោះ។

ចំពោះដំណើរការវិញ គឺមានដូចជា៖
១.អ្នកទិញត្រូវនាំម្ចាស់ដីដើមទាំងប្តីប្រពន្ធ និងសាក្សីម្នាក់ ដោយភ្ជាប់ជាមួយ (ប្លង់ដីច្បាប់ដើម អត្តសញ្ញាណប័ណ្ណ ឬសំបុត្រកំណើត និងសៀវភៅគ្រួសារថតចម្លង រួមទាំងអត្តសញ្ញាណប័ណ្ណអ្នកទិញ ទៅទីស្នាក់ការសុរិយោដីស្រុក ដើម្បីបំពេញលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ រួចផ្តិតមេដៃយល់ព្រមទាំងអស់គ្នា។ បុគ្គលិកសុរិយោដីស្រុកជាអ្នកបំពេញលើឯកសារពាក់ព័ន្ធទាំងអស់នេះ។

២.ក្រោយពីបំពេញលើលិខិតលក់ផ្តាច់ ឯកសារផ្ទេរសិទ្ធិ និងផ្តិតមេដៃ ចំពោះមុខបុក្គលិកសុរិយោដៃរួច។ បន្ទាប់មកម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិ ទៅជួបមេភូមិដើម្បីសុំហត្ថលេខាពីគាត់ រួចយកជួបមេឃុំ ដើម្បីសុំហត្ថលេខា បោះត្រា (មេភូមិ និងមេឃុំមានសិទ្ធិហត្ថលេខា និងបោះត្រាតែលើលិខិតផ្ទេរសិទ្ធិប៉ុណ្ណោះ ហើយលោកអ្នកអាចជូនប្រាក់ ដល់ពួកគាត់ខ្លះទៅតាមសន្តានចិត្ត នេះមិនមែនជាអំពើពុករលួយនោះទេ)។

បន្ទាប់មកទៀតត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិទៅប្រគល់ជូនប្រធានមន្ទីសុរិយោដីស្រុកវិញ ដើម្បីហត្ថលេខាសម្រេច និងបោះត្រាបញ្ចប់ការផ្ទេរសិទ្ធិត្រឹមស្រុក។ តម្លៃសេវាសុរិយោដីស្រុកគឺចំនួន២០ម៉ឺនរៀល ក្នុងដីមួយប្លង់ទោះបីធំ ឬតូចប៉ុណ្ណាក៏ដោយ ដែលជាប្រភេទដីកសិកម្ម។

ត្រឹមដំណាក់កាលនេះ អាចជាដំណាក់កាល៥០% នៃដំណើរការផ្ទេរសិទ្ធិ ប៉ុន្តែប្លង់ដីដដែល គឺនៅតែជាប់ឈ្មោះម្ចាស់ដីដើមនៅឡើយ តែគ្រាន់តែមានលិខិតផ្ទេរសិទ្ធិ និងលក់ផ្តាច់អមជាមួយ ដោយស្របច្បាប់។

មានន័យអំណះអំណាងថា អ្នកបានទិញរួចហើយ។ អ្នកអាចបន្តដំណើរការកាត់ប្លង់ដីមកជាឈ្មោះអ្នក ដោយបន្តដំណាក់កាលតទៅមុខទៀតដូចតទៅ៖

ចំពោះដំណាក់កាលចុងក្រោយ ប្រសិនបើអ្នកចង់បានឈ្មោះ នៅលើប្លង់ដីដែលអ្នកបានទិញពីម្ចាស់ដើម ដោយប្តូរឈ្មោះកម្មសិទ្ធិ ពីម្ចាស់ដើមមកជាឈ្មោះអ្នកវិញ គឹត្រូវអនុវត្តដូចខាងក្រោម៖

៣. ម្ចាស់ដី ឬក៏ជាអ្នកទិញ ត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិ ដែលបានធ្វើរួចរាល់ពីមន្ទីសុរិយោដីស្រុក យកទៅកាន់មន្ទីសុរិយោដីខេត្ត ដើម្បីត្រួតពិនិត្យឡើងវិញ និងបោះត្រាបញ្ជាក់ថាមានឯកសារ បញ្ជាក់លិខិតស្នាមគ្រប់គ្រាន់ និងអនុវត្តគ្រប់តាមនីតិវិធី។ រួចត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិទៅបង់ពន្ធប្រថាប់ត្រា ប្រាក់៤% នៃតម្លៃដីតាមច្បាប់កំណត់ នៅឯអគ្គនាយដ្ឋានពន្ធដាខេត្ត ដោយរងចាំរយៈពេលមួយខែ ដើម្បីវាយតម្លៃដីក្នុងតំបន់។

បន្ទាប់ពីវាយតំលៃដី និងគណនាពន្ធប្រថាប់ត្រារួច ខាងអគ្គនាយដ្ឋានពន្ធដាខេត្ត នឹងទាក់ទងទៅម្ចាស់ដី ឬអ្នកទិញដើម្បីមកបងពន្ធប្រថាប់ត្រា៤% រួចដកយកលិខិតលក់ផ្តាច់ប្លង់ដីច្បាប់ដើម និងឯកសារផ្ទេរសិទ្ធិត្រលប់មកវិញ។ បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច ម្ចាស់ដី ឬអ្នកទិញត្រូវយកលិខិតលក់ផ្តាច់ ប្លង់ដីច្បាប់ដើម និងលិខិតផ្ទេរសិទ្ធិនោះទៅមន្ទីសុរិយោដីខេត្តវិញ ដើម្បីចុះហត្ថលេខា និងបោះត្រាសម្រេចដោយជោគជ័យពីប្លង់ដីឈ្មោះម្ចាស់ដើម មកឈ្មោះអ្នកទិញ ដោយបង់ថ្លៃសេវាចំនួន២០ម៉ឺនរៀល ដើម្បីចេញជាប្លង់ដីថ្មី ជាឈ្មោះកម្មសិទ្ធិរបស់អ្នកទិញ។ រយៈពេលទទួលបានប្លង់ថ្មី អាចចន្លោះពីបីខែ ទៅ៦ខែ៕

រដ្ឋាភិបាលថៃគ្រោងបោះទុនវិនិយោគរហូតដល់ទៅ៦៧ពាន់លានដុល្លារ នៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត

ដោយៈសុខុម

បាងកក: ប្រទេសថៃ កំពុងកំណត់គោលដៅវិនិយោគ ក្នុងទំហំទឹកប្រាក់រហូតដល់ទៅ២,២ទ្រីលានបាត (៦៦,៨៧ពាន់លានដុល្លារ) នៅភាគខាងកើតប្រទេសក្នុងរយៈពេល៥ឆ្នាំខាងមុខ ពោលគឺចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ខណៈប្រទេសនេះព្យាយាមជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

លោក Kanit Sangsubhan ប្រធានការិយាល័យច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (Eastern Economic Corridor (EEC)) បានថ្លែងក្នុងសន្និសីទកាសែតកាលពីថ្ងៃច័ន្ទ ទី១៣ កញ្ញា ថា ការវិនិយោគនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) នេះនឹងមានទំហំ១០០ពាន់លានបាត (៣ពាន់លានដុល្លារ) ក្នុងគម្រោងទីក្រុងអាកាសចរណ៍ភាគខាងកើត និង៣ពាន់លានដុល្លារ ទៀតលើការអភិវឌ្ឍផ្លូវដែក។

លោកបានបន្ថែមទៀតថា ទឹកប្រាក់ប្រហែល៤០០ពាន់លានបាត (១២,១៧ពាន់លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំនឹងត្រូវវិនិយោគ ក្នុងឧស្សាហកម្មគោលដៅដូចជារថយន្តទំនើប គ្រឿងអេឡិចត្រូនិកឌីជីថល និងវេជ្ជសាស្ត្រទំនើបជាដើម។

ផ្អែកតាមផែនការបច្ចុប្បន្នឆ្នាំ២០១៨-២០២២ ការវិនិយោគនៅច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានឈានដល់១.៦ទ្រីលានបាត (៤៨,៧ពាន់លានដុល្លារ) គិតរហូតមទល់ពេលនេះ ហើយវាគួរតែឈាន ១,៧ទ្រីលានបាត (៥១,៧៣ពាន់លានដុល្លារ) នៅឆ្នាំនេះ ពោលលឿនជាងកាលវិភាគកំណត់មួយឆ្នាំ។

ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាលថៃ នៅក្នុងការជំរុញកំណើន និងលើកទឹកចិត្តការវិនិយោគ ជាពិសេសលើឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។ ជាការលើកទឹកចិត្ត បណ្ដាវិនិយោគិនត្រូវបានអនុញ្ញាតឱ្យជួលដីរហូតដល់៩៩ឆ្នាំ។

សេដ្ឋកិច្ចពឹងផ្អែកលើវិស័យទេសចរណ៍របស់ប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍ បានដាំក្បាលចុះ៦,១%កាលពីឆ្នាំមុន ហើយនោះជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតក្នុងរយៈពេលជាង២ទសវត្សរ៍ ដោយសារផលប៉ះពាល់នៃការរីករាលដាលវីរុសកូវីដ-១៩។ រដ្ឋាភិបាលថៃបានព្យាករថា នឹងទទួលបានកំណើនសេដ្ឋកិច្ចទាប ត្រឹមតែ០,៧%ទៅ១,២%ប៉ុណ្ណោះនៅឆ្នាំនេះ៕ CNA៕

​តើ​អ្វី​ទៅជា​កិច្ចសន្យា៨​ប្រភេទ​ដែល​គេ​យកមកប្រើ​ប្រាស់​សម្រាប់វិស័យ​អចលនទ្រព្យ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការទិញ​លក់​អចលនទ្រព្យ ទាមទា​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ខ្លាំង ជាពិសេស​នៅពេល​ធ្វើ​កិច្ចសន្យា ព្រោះថា​នៅ​ទីបំផុត​អ្វីដែល​អាចជួយ​អ្នកទិញ ឬ​អ្នក​លក់បានគឺ​ត្រូវតែ​ជា​អ្វីដែល​មានចែង​នៅក្នុង​កិច្ចសន្យា។

កិច្ចសន្យា​មាន​ច្រើន​ប្រភេទ និង​មានន័យផ្សេងៗគ្នា ទៅតាម​គោ​លប​ណង​នៃ​និមួយៗរបស់​វា។
ខាងក្រោម​នេះ​គឺជា​កិច្ចសន្យា៨ប្រភេទ ដែល​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ ឬ​អ្នកទិញ-លក់​អចលនទ្រព្យ​គួរស្វែងយល់៖

១ លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ
លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ការទិញ​លក់​អចលនទ្រព្យ ជា​សកម្មភាព​សំខាន់ ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​វា​ជាប់​ពាក់ព័ន្ធ នឹង​សិទ្ធិ​កាន់កាប់​របស់​អ្នកទទួល​សិទ្ធិ​តែម្តង។ ជាធម្មតា ការធ្វើ​លិខិត​នេះ​បញ្ជាក់​ច្បាស់​ពី​ឈ្មោះ និង​បុគ្គល​ដែលជា​អ្នក​ផ្ទេរសិទ្ធិ និង​បុគ្គល​ជា​អ្នកទទួល​សិទ្ធិ ហើយ​វា​គឺជា​ការធានា​ការផ្ទេរសិទ្ធិ កាន់កាប់​របស់​ម្ចាស់​សិទ្ធិ​ទៅកាន់​បុគ្គល​ផ្សេងទៀត​តាម​ការព្រមព្រៀង។

និយាយ​យ៉ាងខ្លី លិខិត​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នេះ គឺជា​ភស្តុ​ង​តាង​មួយ​ដើម្បី​បញ្ជាក់​ពី​ការប្រគល់សិទ្ធិ​កាន់កាប់ ដោយ​ព្រមព្រៀង​លើ​អចលនទ្រព្យ​មួយ។

២ កិច្ចសន្យា​ពី​ការការពារ​ប្រាក់កម្រៃ​ជើងសារ
កិច្ចសន្យា​ពី​ការការពារ​ប្រាក់កម្រៃ​ជើងសារ ប្រាក់កម្រៃ​ជើងសារ​ជា​ថ្លៃ​រត់ការ ឬ​ធ្វើ​កិច្ចការងារ​អ្វីមួយ។ កិច្ចព្រមព្រៀង​ប្រភេទ​នេះ បញ្ជាក់​ពី​ការព្រមព្រៀង​គ្នា រវាង​ភាគី​ពាក់ព័ន្ធ​នឹង​លក្ខខណ្ឌ​ផ្សេង ដែល​ភាគី​ទាំងពីរ​ត្រូវតែ​បំពេញ ដែល​លក្ខខណ្ឌ​ទាំងនោះ​អាស្រ័យ​តាម​ការព្រមព្រៀង​របស់​គូភាគី​ទាំងសងខាង។

នៅ​ឆ្នាំ២០១៧ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បានចេញ​ប្រកាស​ថ្មី​ស្តីពី“ថ្លៃ​សេវា​និង​កម្រៃជើងសារ វិជ្ជាជីវៈ​សម្រាប់​ការផ្តល់សេវា​វាយតម្លៃ និង​សេវាកម្ម​អចលនវត្ថុ ដែល​បានកំណត់​យក​ថ្លៃ​សេវាកម្ម៣% ។

៣ កិច្ចសន្យា​រក្សា​ការសំងាត់ និង​ការមិន​លូកលាន់​ការងារ
កិច្ចសន្យា​រក្សា​ការសំងាត់ និង​ការមិន​លូកលាន់​ការងារ កិច្ចសន្យា​ប្រភេទ​នេះ​ជា​កិច្ចសន្យា​ពិសេស ដែល​យើង​មិនសូវ​ឃើញ ក្នុង​ការរស់នៅ​ជាក់ស្តែង​នោះទេ ដោយសារតែ​វា​ពាក់ព័ន្ធ​នឹង​ការកំណត់ លក្ខខណ្ឌ​របស់​ភាគី​ទាំងសងខាង ក្នុងការ​រក្សា​ការសម្ងាត់​នូវ​រឿង​អ្វីមួយ ដែល​ទាក់ទង​នឹង​ការងារ​ពាណិជ្ជកម្ម​រប​ស់​ភាគី​ទាំងសងខាង។
ក្នុង​គោលការណ៍​នៃ​ច្បាប់ កិច្ចសន្យា​ប្រភេទ​នេះ មិនអាច​ធ្វើទៅ​បានទេ ប្រសិនបើ​លក្ខខណ្ឌ​ដែល​កំណត់​ក្នុង​កិច្ចសន្យា “ជាការ​បង្ខំ” ជាការ​ធ្វើ​អ្វីដែល​ខុសច្បាប់ ឬ​ជា​សកម្ម​ភាព​ដែល​ប៉ះពាល់​ដល់​ប្រពៃណី និង​សណ្ដាប់ធ្នាប់​សាធារណៈ។

៤ កិច្ចសន្យា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទិញ លក់​ដី ឬ​ផ្ទះ
កិច្ចសន្យា​ស្ដីពី​កិច្ចសហប្រតិបត្តិការ​ទិញ លក់​ដី ឬ​ផ្ទះ ដែលមាន​ភាពស្រដៀងគ្នា​ទៅនឹង​កិច្ចសន្យា ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ដែរ កិច្ចសន្យា​ស្តីពី​ការទិញ​លក់​ដី​ឬ​ផ្ទះ សំដៅ​ទៅលើ​ការ​ព្រមព្រៀងគ្នា​ទិញ ឬ​លក់​ដី ឬ​ផ្ទះ។ ចំណុច​ដែល​ខុសគ្នា​នោះ​គឺ កិច្ចសន្យា​ប្រគល់​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ មានកម្ម​វត្ថុ ជា​សិទ្ធិ​កាន់កាប់​ផ្ទាល់ ដែល​ខុសពី​កិច្ចសន្យា​ស្តីពី​ការទិញ​លក់ មានកម្ម​វត្ថុ​ជា​ដី​ឬ​ផ្ទះ។

ជាធម្មតា ក្នុង​កិច្ចសន្យា​ទិញ​លក់ ច្រើន ភា្ជ​ប់​ជាមួយនឹង​ការផ្ទេរសិទ្ធិ​កាន់កាប់ ឬ​កម្មសិទ្ធិ​ពី​អ្នកលក់​ទៅ​អ្នកទិញ ដែល​ត្រូវ​ធ្វើជា​លាយ​ល័​ក្ខ​អក្សរ។

កិច្ចសន្យា​ប្រភេទ​នេះ ធានា​គុណភាព​នៃ​ផ្ទះ និង​ដី ការប្រគល់​ផ្ទះ និង​ដី​ពី​អ្នកលក់​ទៅ​អ្នកទិញ។ ប៉ុន្តែ​កិច្ចសន្យា​ប្រភេទ​នេះ មិនអាច​បញ្ជាក់ថា​អ្នកទិញ នឹង​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើ​អចលនទ្រព្យ​នោះទេ លុះត្រាតែ​អ្នកទិញ​យក​ដី​នោះ​ទៅ​ចុះបញ្ជី ប្រសិនបើ​មានការ​កំណត់​តាមច្បាប់។

៥ កិច្ចសន្យា​កក់​ប្រាក់ (កក់​ប្រាក់​ទ្រនាប់​ដៃ)
កិច្ចសន្យា​កក់​ប្រាក់ (កក់​ប្រាក់​ទ្រនាប់​ដៃ) កិច្ចសន្យា​កក់​ប្រាក់​នេះ ច្រើន​កើតមាន​មុន​ការធ្វើ​កិច្ចសន្យា​ទិញ​លក់។ ប៉ុន្តែ​គេ​ក៏​អាចដាក់​បញ្ចូល​លក្ខខណ្ឌ​ប្រាក់​កក់​នេះ នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ផងដែរ។ ដូចគ្នា​ទៅនឹង​គោលការណ៍​ព្រមព្រៀងគ្នា​រវាង​គូភាគី ប្រាក់​កក់​ដែល​តម្រូវ​ស្របតាម​ការព្រមព្រៀងរ​បស់​ភាគី។ កិច្ចសន្យា​ប្រភេទ​នេះ អាច​ធានា​ប្រាក់​កក់​របស់​អ្នកទិញ ប្រសិនបើ​អ្នកលក់​ចង់​បញ្ឈប់​ការលក់​នោះ អ្នកលក់​អាច​សង​ការខូចខាត​ចំនួន២ដង​នៃ​ប្រាក់​កក់​នោះ​ដល់​អ្នកលក់។

ប៉ុន្តែ​ត្រង់ចំណុច​នេះ មិន​មានន័យថា ការសង​របស់​អ្នកលក់​ត្រូវធ្វើ ក្នុង​កម្រិត២ដង​នៃ​ប្រាក់​កក់​នោះទេ វា​អាចធ្វើ​ក្នុង​កម្រិត​ច្រើនជាង​នេះ តាម​ការព្រមព្រៀង។ ប៉ុន្តែ​ការកំណត់​នេះ គឺជា​កម្រិត​នៃ​ការសង​អប្បបរមា​របស់​អ្នកលក់។

៦ លិខិត​ប្រគល់​និង​ទទួល​ប្រាក់
លិខិត​ប្រគល់​និង​ទទួល​ប្រាក់ លិខិត​ប្រគល់ និង​ទទួល​ប្រាក់ គឺជា​លិខិតធានា​ឬ​បញ្ជាក់ថា​ភាគី​ទាំងសងខាង​បានប្រគល់ និង​ទទួល​ប្រាក់​ហើយ។ ប៉ុន្តែ​វា​មិនមាន​ការតម្រូវ​ឲ្យ​ធ្វើ​ដោយ​ច្បាប់​ជាលា​យ​ល័​ក្ខ​អក្សរ​នោះទេ។ ជា​គុណសម្បត្តិ​នៃ​លិខិត​នេះ សម្រាប់​ការទិញ​លក់​អចលនទ្រព្យ វា​ជួយ​បញ្ជៀ​សប​ញ្ហាផ្សេងៗ ដែល​អាច​កើតមានឡើង​ដោយ​បំណង​មិនល្អ​របស់​គូភាគី ទាក់ទង​នឹង​ការប្រគល់​ប្រាក់។

៧ កិច្ចព្រមព្រៀង​រួម​ស្តីអំពី​ការអនុញ្ញាតិ​ឲ្យ​សាច់ញាតិ​លក់​ដី
កិច្ចព្រមព្រៀង​រួម​ស្តីអំពី ការអនុញ្ញាតិ​ឲ្យ​សាច់ញាតិ​លក់​ដី កិច្ចព្រមព្រៀង​នេះ ជា​កិច្ចសន្យា ដែល​ធ្វើ​ដោយ​បុគ្គល​តែ​ម្នាក់​ដែលជា​អ្នកផ្តល់​ឲ្យ។ ការចាត់ចែង​ទិញ​លក់​ដី​អាចធ្វើ​ទៅបាន​សម្រាប់ តែ​អ្នកមាន​កម្មសិទ្ធិ​តែប៉ុណ្ណោះ លុះត្រាតែ​មានការ​អនុញ្ញាតិ​ដោយ​ម្ចាស់​កម្មសិទ្ធិ។

កិច្ចសន្យា​ប្រគល់​សិទ្ធិ​ឲ្យ​សាច់ញាតិ ក្នុងការ​ចាត់ចែង អាចធ្វើ​បាន​ដោយ​ឲ្យ​សិទ្ធិ​មួយ​ភាគ ឬ​ទាំងអស់​ទៅ​សាច់ញាតិ​នោះ។

៨ លិខិតបញ្ជាក់​បំណង​ទិញ​អចលនទ្រព្យ (សម្រាប់​អ្នកទិញ)
លិខិតបញ្ជាក់​បំណង​ទិញ​អចលនទ្រព្យ (សម្រាប់​អ្នកទិញ) លិខិត​នេះ ជាការ​ព្រមព្រៀង​បញ្ជាក់​ពី​បំណង ក្នុង​ការទិញ​អចលនទ្រព្យ​មួយ​របស់​អ្នកទិញ។ ក្នុង​បរិបទ​នៃ​ច្បាប់ ដើម្បី​បង្កើត​ឲ្យ​បាន​កិច្ចសន្យា​មួយ អ្នកទិញ​ត្រូវ​បញ្ជាក់​ពី​ការចង់បាន ​របស់​ណាមួយ​ពី​អ្នកលក់ ដែល​គេ​ហៅថា​ជា​សំណើ។

នៅពេលដែល​មានការ​បញ្ជា​ក់​បែបនេះ អ្នកលក់​អាច​យល់ព្រម​លក់ ឬ​មិន​លក់​តាមចិត្ត​ចង់​របស់គេ។ ដូច្នេះ​លិខិត​នេះ ជាការ​បញ្ជាក់​ពី​ការចង់​ទិញ​អចលនទ្រព្យ​នោះ៕

 

៤ចំណុច ចំណេះដឹងទាក់ទងនឹងការគ្រប់គ្រងគម្រោងសំណង់នានា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ គម្រោងសំណង់នៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ ស្របជាមួយការកើនឡើងនេះ តម្រូវការធនធានមនុស្សសម្រាប់វិស័យនេះក៏បានកើនឡើងផងដែរ ដែលជាកត្តាធ្វើឲ្យចំណេះដឹង ទាក់ទងទៅនឹងការគ្រប់គ្រងគម្រោងសំណង់គឺជារឿងមួយដែលចាំបាច់។

វិទ្យាស្ថានរ៉ូយ៉ាល់ ឆាធី អេខេឌិមី (RCA) ដែលជាវិទ្យាស្ថានកំពុងផ្តល់វគ្គសិក្សាទាក់ទងនឹងវិស័យនេះ បានចែករំលែកចំណេះដឹងមូលដ្ឋានមួយចំនួនរួមមាន៖

លទ្ធកម្ម (Procurement)
មានសារៈសំខាន់ក្នុងការគ្រប់គ្រងសំណង់ ពីព្រោះអ្នកសាងសង់គឺត្រូវដឹងអំពី ទំនាក់ទំនងនៃកិច្ចសន្យា (Contract Relationship) រវាងអ្នកអភិវឌ្ឍន៍ និងអ្នកម៉ៅការ។ កិច្ចសន្យានេះមានច្រើនប្រភេទ ដូចជា កិច្ចសន្យាការបង់ប្រាក់តែមួយលើក (a lump sum) កិច្ចសន្យាការរចនានិងសាងសង់ កិច្ចសន្យាគ្រប់គ្រងដើម្បីបំពេញតាមតម្រូវការដែលផ្អែកលើពេលវេលា ការចំណាយ និងគុណភាព។ លទ្ធកម្មសមរម្យនាំឲ្យមានការគ្រប់គ្រងសំណង់ល្អប្រសើរជាងមុន។

ការដេញថ្លៃ (Tendering)
ជាផ្នែកមួយនៃការគ្រប់គ្រងសំណង់ ដែលសិក្សាទៅលើទំនាក់ទំនង នៃកិច្ចសន្យា រវាងអ្នកអភិវឌ្ឍន៍ និងអ្នកម៉ៅការ និងកិច្ចសន្យារវាងអ្នកម៉ៅការ ជាមួយអ្នកម៉ៅការរងផងដែរ។ ក្នុងដំណាក់ការដេញថ្លៃនេះ រួមមានការសិក្សាលើ កត្តាដែលប៉ះពាល់ដល់ដំណើរការ និងការវាយតម្លៃនៃការដេញថ្លៃពីអ្នកម៉ៅការ និងអ្នកម៉ៅការរង។
ការដេញថ្លៃនឹងត្រូវផ្តល់ជូនទៅអ្នកម៉ៅការ ឬអ្នកម៉ៅការរង ដែលអាចធ្វើបានតាមលក្ខខណ្ឌនិងតម្រូវការ នៃដំណើរការនៃគម្រោងសំណង់ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។

បចេ្ចកវិទ្យាសំណង់ (Construction Technology)
ជាចំណេះដឹងមូលដ្ឋានមួយ សម្រាប់ឲ្យអ្នកពាក់ព័ន្ធនឹងផ្នែកសំណង់ ស្វែងយល់ពីសម្ភារៈសំណង់ វិធីសាស្ត្រសាងសង់អគារ។ ចំណេះដឹងនេះគឺជាតម្រូវការចាំបាច់សម្រាប់ធ្វើឲ្យការរចនា របស់ស្ថាបត្យករអោយក្លាយសំណង់ពិត។

ឧទាហរណ៍ដូចជា KLCC Twin Towers នៅប្រទេសម៉ាឡេស៊ី អគារបេតុងតៃប៊ិ១០១ និងអគារ Burj Khalifa ដែលជាអាគារខ្ពស់ជាងគេនៅក្នុង Dubai អគារទាំងនេះសុទ្ធសឹងតែឆ្លងកាត់ ការប្រើបចេ្ចកទេសវិទ្យាសម្ភារៈសំណង់ វិធីសាស្ត្រសាងសង់ និងការអភិវឌ្ឍន៍ក្នុងការសាងសង់។

ការគ្រប់គ្រងការដ្ឋាន (Site Management)
វាជាការងារមានសារសំខាន់ណាស់ សម្រាប់គ្រប់គ្រងកម្មករក្នុងការដ្ឋាន ការគ្រប់​គ្រងសម្ភារៈ ឧបករណ៍ ម៉ាស៊ីន និងលំដាប់ការងារ ដើម្បីសម្រេចគោលដៅឲ្យទាន់ពេលវេលា។ សុវត្ថិភាពក្នុងការដ្ឋានគឺជាកត្តាដ៏សំខាន់មួយទៀត ដែលត្រូវតែអនុវត្តឲ្យបានល្អបំផុត ដើម្បីជាការជួយឲ្យកម្មករធ្វើការដោយសុវត្ថិភាព៕

ធនាគារ Bank of Ayudhya គ្រោងពង្រីកអាជីវកម្មទូទាំងអាស៊ីអាគ្នេយ៍

ដោយៈសុខុម

បាងកក: ប្រភពបានទម្លាយឱ្យដឹងថា Bank of Ayudhya (BAY) ដែលជាធនាគារធំបំផុទី៥របស់ប្រទេសថៃ បើគិតពីទំហំទ្រព្យសកម្ម កំពុងរៀបគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនទូទាំងតំបន់អាស៊ីអាគ្នេយ៍ ហើយនឹងបង្កើនប្រាក់ចំណេញ ពីបរទេសឱ្យបាន១០ភាគរយនៅត្រឹមឆ្នាំ២០២៣។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

លោក Pairote Cheunkrut ដែលជានាយកប្រតិបត្តិជាន់ខ្ពស់មួយរូបនៃធនាគារខាងលើនេះ បានប្រាប់ក្រុមអ្នកយកព័ត៌មាន កាលពីថ្ងៃច័ន្ទ ទី១៣ កញ្ញា ថា “យើងនឹងប្រើប្រាស់ភាពខ្លាំងរបស់យើង ដើម្បីបង្កើតអាជីវកម្មថ្មី ធ្វើពិពិធកម្ម និងកសាងភាពធន់ទ្រាំ”។

បច្ចុប្បន្នប្រហែល៤% នៃប្រាក់ចំណេញរបស់ធនាគារដ៏ធំមួយនេះ បានមកពីខាងក្រៅប្រទេសថៃ។ ហើយការប្រកាសនេះធ្វើឡើង នៅពេលដែលធនាគារ និងក្រុមហ៊ុននានារបស់ថៃ សម្រុកពង្រីកអាជីវកម្មនៅបរទេស។
កាលពីខែសីហា ធនាគារ Bank of Ayudhya (BAY) បានប្រកាសថា ខ្លួននឹងទិញយកធនាគារវៀតណាម SHB Finance ក្នុងតម្លៃ១១៥លានដុល្លារអាមេរិក។

នៅឆ្នាំ២០១៩ ធនាគារ Bangkok Bank ដែលជាគូប្រជែងរបស់ខ្លួនបានទិញយកធនាគារឥណ្ឌូនេស៊ី PT Bank Permata ក្នុងតម្លៃប្រហែល២,៧ពាន់លានដុល្លារ។

លោក Pairote Cheunkrut បានលើកឡើងថា “យើងនឹងចាប់ផ្តើមជាមួយទីផ្សារលក់រាយដែលជាភាពខ្លាំងរបស់យើង ហើយបន្ទាប់មកនឹងឈាន ទៅផ្នែកពាណិជ្ជកម្ម ប្រសិនបើមានឱកាសល្អ”។

លោកបានបញ្ជាក់ថា នេះជាគំរូ (Model) ដែលធនាគារBank of Ayudhya (BAY) បានប្រើប្រាស់នៅប្រទេសកម្ពុជា ដែលជាទីផ្សារក្រៅប្រទេសធំបំផុតរបស់ខ្លួន នៅពេលដែលធនាគារនេះ បានទិញយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ក្នុងឆ្នាំ២០១៦។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ ទទួលបានការការអនុម័តកាលពីឆ្នាំមុនដោយក្លាយជាធនាគារពាណិជ្ជ ហើយត្រូវបានប្តូរឈ្មោះទៅជាធនាគារហត្ថា។

លោក Pairote Cheunkrut បានថ្លែងថា អត្ថប្រយោជន៍របស់ធនាគារ Bank of Ayudhya (BAY) ទទួលបានពីបណ្ដាញទូទាំងពិភពលោករបស់ខ្លួន និងផលិតផលនានានៃក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុជប៉ុន Mitsubishi UFJ Financial Group ដែលជាក្រុមហ៊ុនមេរបស់ខ្លួន។ ក្រុមសេវាកម្មហិរញ្ញវត្ថុជប៉ុន មួយនេះកាន់កាប់ភាគហ៊ុន៧៦,៩%នៅក្នុងធនាគារ Bank of Ayudhya (BAY)។

លោក Pairote Cheunkrut បានបញ្ជាក់ថា “កិច្ចការចុងក្រោយរបស់យើងគឺការឈានជើងចូលទីផ្សារ ក្នុងប្រទេសជាសមាជិកទាំងអស់របស់អាស៊ាន”។

បច្ចុប្បន្នធនាគារ Bank of Ayudhya (BAY) មានវត្តមាននៅក្នុងប្រទេសចំនួន៥ រួមមានទាំងនៅប្រទេសហ្វីលីពីន ប្រទេសមីយ៉ាន់ម៉ា និងប្រទេសឡាវ ផងដែរ៕ CAN៕

ប្រទេសកម្ពុជា និង ចិន ជំរុញធ្វើឱ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)

ភ្នំពេញ : នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន បានធ្វើជា សហប្រធានជាមួយ ឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-ចិន លើកទី៧ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS)។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ស្នើសុំឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនអោយកាន់តែច្រើន ដើម្បីឆ្លើយតប ទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។

អង្គប្រជុំបានរំឭកពីផែនការសកម្មភាព ដើម្បីអនុវត្តសេចក្តីប្រកាសជារួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន សម្រាប់សន្តិភាព និងវិបុលភាព ឆ្នាំ២០២១-២០២៥ ដែលដាក់ចេញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣។ អង្គប្រជុំបានបញ្ជាក់ជាថ្មីអំពីការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ព្រមទាំងការសម្រួលពាណិជ្ជកម្ម ស្បៀង និងផលិតផលកសិកម្ម។

អង្គប្រជុំបានកត់សម្គាល់លើពិធីសារធ្វើឱ្យប្រសើរឡើងនូវតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) រួមបញ្ចូលកម្មវិធីការងារនាពេលអនាគតរបស់ខ្លួន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្មអាស៊ាន-ចិន។

អង្គប្រជុំបានកត់សម្គាល់សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិន ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាវីរុស (កូវីដ-19) និងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីអាស៊ាន-ចិន(ACFTA) ដែលបានដាក់ចេញកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាត លើពាណិជ្ជកម្ម ការវិនិយោគក្នុងតំបន់ និងពិភពលោក។

អង្គប្រជុំបានកត់សម្គាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ាន-ចិន លើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) សម្រាប់ឆ្នាំ២០១៩-២០២០ ដោយពិចារណាពីបញ្ហាប្រឈមដែលបានជួបប្រទះដោយការរាតត្បាតសកលនៃជំងឺ កូវីដ-១៩។ យើងនៅតែប្តេជ្ញាចិត្តបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) រវាង អាស៊ាននិងចិន ដើម្បីសម្រួលដល់លំហូរស្បៀង និងផលិតផលកសិកម្ម ឆ្លងព្រំដែននៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។

អង្គប្រជុំបានស្វាគមន៍ចំពោះការបញ្ចប់នូវការរៀបចំអនុស្សរណៈយោគយល់ថ្មី ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ដើម្បីពង្រឹងកិច្ចហប្រតិបត្តិការក្នុងការអនុវត្តវិធានការពង្រឹងអនាម័យ និងភូតគាមអនាម័យ (SPS) និងធានាការធ្វើពាណិជ្ជកម្ម ស្បៀង និងផលិតផលកសិកម្មរវាងអាស៊ាន-ចិន អនុលោមតាមតម្រូវការ និងគោលការណ៍ នៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោកផ្នែក (WTO SPS) និងគ្រោងចុះហត្ថលេខានៅក្នុងឆ្នាំនេះ។ អនុស្សរណៈយោគយល់គ្នានេះនឹងរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន។

អង្គប្រជុំបានអនុម័តផែនការសកម្មភាពអាស៊ាន-ចិន ស្តីពីអនាម័យ និងភូតគាមអនាម័យ (SPS) សម្រាប់ឆ្នាំ២០២២-២០២៣ ដែលរួមមាន សកម្មភាពក្នុងការពារសុវត្ថិភាពស្បៀង រុក្ខជាតិ និងសុខភាពសត្វ និងផ្តោតសំខាន់ទៅលើ i) ការបង្កើតប្រព័ន្ធព័ត៌មានជូនដំណឹង និងប្រព័ន្ធទំនាក់ទំនង ii) ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ភាគីពាក់ព័ន្ធ iii) រៀបចំការបណ្តុះបណ្តាល, សិក្ខាសាលា, សន្និសីទ និងសកម្មភាពស្រដៀងគ្នាសម្រាប់ការកាត់បន្ថយគម្លាតការអភិវឌ្ឍនៅក្នុងអាស៊ាន និងប្រទេសចិន iv) ការសិក្សាស្រាវជ្រាវរួមគ្នា និង v) ការបង្កើតយន្តការសម្រាប់ពិគ្រោះយោបល់។

ការអភិវឌ្ឍផ្ទះលំហែកាយនៅកម្ពុជាកាន់តែពេញនិយម

ដោយ៖ សុវណ្ណវឌ្ឍនៈ

ភ្នំពេញ ៖ ផ្ទះលំហែកាយបាននិងកំពុងមានការអភិវឌ្ឍនិងរីករាលដាលជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា និងកំពុងមានការពេញនិយមជាបណ្ដើរៗ នៅក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា  ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាមួយចំនួន ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថាកាលពីដំបូងឡើយការអភិវឌ្ឍផ្ទះលំហែកាយនៅកម្ពុជា គឺគ្រាន់តែអភិវឌ្ឍន៍នៅតំបន់ជាយៗក្រុងនិងទុកសម្រាប់លំហែ ប៉ុន្តែមកដល់ពេលនេះ ការអភិវឌ្ឍផ្ទះលំហែកាយនៅកម្ពុជាបានរាលដាលទៅកាន់បណ្ដាខេត្តមួយចំនួនដូចជាខេត្តកំពត កែប និងក្រុងព្រះសីហនុ និងមានក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនចាប់ផ្ដើមអភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរហើយក៏មានគម្រោងមួយចំនួនទៅកាន់ទឹកដីខេត្តសៀមរាប   

លោកបន្តថា ជាទិសដៅនៅពេលអនាគតនឹងមាននៅបណ្ដាខេត្តផ្សេងទៀត ដូចជាខេត្តមណ្ឌលគីរី ពីព្រោះថាបណ្ដាខេត្តទាំងនេះជាទិសដៅនិងចក្ខុវិស័យ ដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើការអភិវឌ្ឍជាមុំបួននៅក្នុងប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការ និងមួយទៀតដើម្បីជួយរុញច្រានឱ្យខឿនសេដ្ឋកិច្ចជួបគ្នានៅកណ្ដាលរាជធានីភ្នំពេញ ក្នុងនោះមានកំពត កែប ក្រុងព្រះសីហនុ សៀមរាប និងមណ្ឌលគីរី ។ 

លោកបន្ថែមថា ផ្ទះលំហែ គឺគេចង់និយាយពីការភ្ជាប់ខេត្តនិងក្រុង ទៅនឹងតំបន់ដែលគេអាចធ្វើដំណើរទៅលំហែកាយបាននៅចុងសប្ដាហ៍ ហើយភាគច្រើននៃផ្ទះទាំងអស់នេះគេសម្រាកនិងស្នាក់នៅតែថ្ងៃចុងសប្ដាហ៍សម្រាប់អ្នកដែលមមាញឹកនឹងការងារហើយចង់លំហែខួរក្បាលនៅថ្ងៃសម្រាក ។ទន្ទឹមនឹងនោះផងដែរ បរិបទនៃការប្រើប្រាស់ផ្ទះលំហែកាយនៅបណ្ដាប្រទេសជឿនលឿន គេរៀបចំជាពីរប្រភេទទៀត គេឱ្យឈ្មោះ Public Holiday home ដែលមានន័យថាវិនិយោគិនអាចទិញផ្ទះនៅក្នុងរយៈពេលណាមួយ ទៅតាមកិច្ចសន្យាទិញផ្ទះនោះ ដូចជាការទិញរយៈពេលប៉ុន្មានថ្ងៃក្នុងមួយឆ្នាំ និងមួយទៀតគឺប្រភេទផ្ទះ Private Holiday home គឺទិញផ្ដាច់សម្រាប់ស្នាក់នៅពេលណាក៏បាន ។

លោក ឌិន ស៊ីថាអគ្គនាយកក្រុមហ៊ុន Forest Harmony Co.,Ltd បានឱ្យដឹងថា នៅពេលពលរដ្ឋមានផ្ទះមួយជាអចិន្ត្រៃយ៍ ពួកគាត់នឹងចង់បានផ្ទះមួយទៀតក្នុងក្ដីសុបិន្ត ឬហៅថាផ្ទះលំហែកាយសម្រាប់សម្រាកលំហែនៅពេលថ្ងៃឈប់សម្រាក ។ 

លោកបន្តថា នៅពេលបច្ចុប្បន្ននេះ យើងមើលឃើញថាមានវិនិយោគិនជាច្រើនចាប់ផ្ដើមសម្លឹងមើលទៅរកផ្ទះទី២ ហើយពួកគេកំពុងសម្លឹងមើលទីតាំងសក្ដានុពលណាមួយសម្រាប់ទិញផ្ទះប្រភេទនេះទុកសម្រាកនៅពេលចុងសប្ដាហ៍ ហើយក្នុងនោះដែរខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជាក៏កំពុងតែទទួលបានការអភិវឌ្ឍផ្ទះប្រភេទនេះសម្រាប់បំពេញតម្រូវការផងដែរ ៕

ទីផ្សារអចលនទ្រព្យសិង្ហបុរីបានងើបមកវិញបណ្តើរឡើងវិញ ស្របពេលដែលអ្នកទិញជាបរទេសបានសំរុកទិញអចលនទ្រព្យនៅទីនោះ

ដោយ សុជាតា

ខណៈដែរគំរូអចលនទ្រព្យស៊ីវិល័យរបស់ទីក្រុងសិង្ហបុរីបានបន្តលេចរូបរាងឡើង ការលក់ត្រូវបានអះអាងថា អ្នកទិញបានត្រឡប់ទៅកាន់ទីផ្សារអចលនទ្រព្យដែលមានសក្តានុពលនេះវិញហើយ

បើយោងតាមក្រុមហ៊ុនអចលនទ្រព្យពិភពលោក knight Frank បានលើកឡើងថា ការទិញបណ្តុំអចលនទ្រព្យ Eden ដោយគ្រួសារ Tsai ពីក្រោយហាងម្ហូបអាហារ អាស៊ីដែលមានឈ្មោះ Wang បានធ្វើអោយការលក់កើនឡើង១១៩ ក្នុងទំហំទឹកប្រាក់ ១០ លានដុល្លារនៅឆមាសទីមួយ ឆ្នាំ ២០២១ ដោយច្រើនជាង ៤ ដងជាមួយនឹងគម្រោង ២៩ នៅឆមាសទីមួយ ឆ្នាំ ២០២០ ។

ជាមួយនឹងសេ្ថរភាពរូបិយបណ្ណ បទប្បញ្ញត្តិរឹងមាំ និង ពន្ធដារទាប ប្រទេសសិង្ហបុរីគឺជាទីតាំងទាក់ទាញសម្រាប់ជនបរទេសដែលតែងតែសន្សំប្រាក់លើការវិនិយោគទីផ្សារអចលនទ្រព្យ។

កាលពីឆ្នាំមុន រដ្ឋាភិបាលសិង្ហបុរី បានបង្កើតភាពលំបាកសម្រាប់កម្មករអន្តរជាតិក្នុងការទទួលវីសា។ ក្រុមហ៊ុនដែលមាននិយោគជិកបរទេស ត្រូវទទួលនិតីវិធីស្នើសុំរយៈពេលយូរ ដើម្បីបង្កើនប្រាក់បៀរវត្សអប្បបរមារហូតដល់ ១ ម៉ឺនដុល្លារសិង្ហបុរីក្នុងមួយខែផងដែរ។

ខុនដូរស៊ីវិល័យ Eden ទាំង ២០ គឺត្រូវបានទិញដោយគ្រួសារ Tsai  នៅទីក្រុងតៃវ៉ាន់ ក្នុងតម្លៃ ២១៧ លានដុល្លារ។

នៅខណៈពេលដូចគ្នានេះដែរ អ្នកតាំងទីលំនៅបរទេសដែលរស់នៅទីក្រុងសិង្ហបុរីអស់រយៈពេលជាច្រើនឆ្នាំ ត្រូវប្រឈមមុខនឹងរឹតត្បិតជាងមុន ក្នុងការចូលទីក្រុងនេះវិញ ដោយសារវិធានការរឹតបណ្តឹងធ្វើដំណើរចំពោះជនបរទេស។ 

បើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ orange Tee & Tie បានកើនឡើងនូវភាពមិនប្រាកដប្រជា បណ្តាអោយការទិញពីសំណាក់បរទេសនៅទីផ្សារ Apartment ប្រទេសសិង្ហបុរីបានធ្លាក់ចុះនៅកម្រិតទាបបំផុត នៅរយៈពេល ១៧ ឆ្នាំ កន្លងទៅនេះដោយឆ្នាំ ២០២០ មានការលក់អាគារជួលត្រឹម ៧៤២ ប៉ុណ្ណោះ។

បច្ចុប្បន្ននេះ ប្រទេសសិង្ហបុរីបានព្យាយាមបើកអាជីវកម្មឡើងវិញ ដោយសារតែអត្រាអ្នកចាក់វាក់សាំង បានកើនឡើងរហូតដល់ ៨០ ភាគរយ។ ស្របពេលដែល តំបន់ពាណិជ្ជកម្មអាស៊ីបានធ្លាក់ចុះនូវចំនួនអត្រាឆ្លងcovid 19 រហូតដល់ ០ ករណី ប្រទេសសិង្ហបុរីបានរៀបចំប្រទេសឡើងវិញក្នុងការរស់នៅជាមួយវីរុសនេះដោយផ្ទាល់។ វិធីសាស្រ្តនេះ បានដើរផ្ទុយទៅនឹងទីក្រុងផ្សេងៗទៀត ដូចជា ទីក្រុង ស៊ីដនី ទីក្រុងហុងកុង និង ទីក្រុងតូក្យូ ដែលនៅតែបិទសម្រាប់អ្នកធ្វើដំណើរ។

ប្រទេសសិង្ហបុរីបានប្រកាសពីការធ្វើដំណើរដោយគ្មានការចន្តាឡេស័ក ១៤ ថ្ងៃរវាងប្រទេសអាឡឺម៉ង់ និង ប៊្រុយណេ ព្រមទាំងបណ្តាប្រទេសដែលមានហានិភ័យទាប ដូចជា ប្រទេសចិន ហុងកុង និងទីក្រុងតៃវ៉ាន់ ផងដែរ។ ចំនួនប្រជាជននៅក្នុងក្រុមនេះ និង ចំនួនដែលហូបអាហារក្រៅត្រូវបានរឹតបណ្តឹងតឹងតែង ហើយការពាក់ម៉ាស គឺត្រូវបំពេញកាតព្វកិច្ច។

បើយោងតាមទិន្នន័យរបស់ knigt Frank បានលើកឡើងថា ទីផ្សារអចលនទ្រព្យសិង្ហបុរីបានចាប់ផ្តើមងើបឡើងវិញនៅឆ្នាំនេះ ដោយតម្លៃអចលនទ្រព្យជាមធ្យមចាប់ពីឆ្នាំ ២០២០ រហូតដល់ ខែមីនា ឆ្នាំ ២០២១ បានកើនឡើង៦. ១ ភាគរយនេះបើប្រៀបធៀបនឹងឆមាសទីមួយឆ្នាំ ២០២០។ បើប្រៀបធៀបនឹងតំបន់ហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត តួយ៉ាង តម្លៃជាមធ្យមរបស់ទីក្រុងហុងកុងបានកើនឡើងត្រឹម ២.១ភាគរយតែប៉ុណ្ណោះ។

ប្រទេសសិង្ហបុរី បានចាប់ផ្តើមកម្មវិធីចាក់វាក់សាំងនៅខែមករា  ដែលផ្តល់អោយយើងនូវជំនឿទុកចិត្ត ដែលធ្វើអោយប្រទេសនេះប្រសើរឡើងឆាប់ខាងមុខនេះ នេះបើយោងតាមលោក Nicholas Mak ប្រធានស្រាវជ្រាវ និង ទីប្រឹក្សាយោបល់របស់ក្រុមហ៊ុន ERA Realty។

បើយោងតាមទិន្នន័យដែលចងក្រងដោយ ERA បានលើកឡើងថាការលក់ផ្ទះឯកជនបានកើនឡើង ៤៥ លានដុល្លារចាប់ពីខែមករា ដល់ ខែ សីហា ឆ្នាំ២០២១ ដែលជាអត្រាខ្ពស់បំផុតនៅ   រយៈពេល ៨ ខែដំបូងឆ្នាំនេះ។ 

ជាងនេះទៀត អ្នកទិញភាគច្រើនគឺមកពីសហរដ្ឋអាមេរិច ចក្រភពអង់គ្លេស អូស្រ្តាលី និង ប្រទេសបារាំង នេះបើយោងតាមទិន្នន័យរបស់ ក្រុមប្រឹក្សាយោបល់ Orange Tee & Tie៕

មហាយក្សចិន គ្រោងចំណាយជាង១១ពាន់លានដុល្លារអាមេរិក ដើម្បីស្ថាបនាផ្លូវដែកកាត់ទន្លេ Yangtze នៅចុងឆ្នាំនេះ

សុខុម

សៀងហៃ: ប្រភពបានទម្លាយថា គម្រោងវិនិយោគរបស់មហាយក្សចិន លើការស្ថាបនាផ្លូវដែកក្នុងតំបន់ដីសណ្តទន្លេយ៉ាងចឺ (Yangtze River Delta) នៅឆ្នាំ២០២១ នេះអាចនឹងមានទំហំលើស៧៥ពាន់លានយ័ន (១១,៦៤ពាន់លានដុល្លារអាមេរិក)។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី១៣ កញ្ញា នេះ។

សារព័ត៌មាននេះបានចុះផ្សាយដោយដកស្រង់ប្រភពចេញពីក្រុមហ៊ុនស្ថាបនាផ្លូវដែកចិន China Railway Shanghai Group Co Ltd ថា គម្រោងវិនិយោគខ្នាតយក្សដែលរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្មក្រុងសៀងហៃ ផងដែរនេះនឹងឈានដល់១ទ្រីលានយ័ន (១៥៥ពាន់លានដុល្លារអាមេរិក) នៅក្នុងផែនការរយៈពេល៥ឆ្នាំលើកទី១៤ រហូតដល់ឆ្នាំ២០២៥។

ការវិនិយោគនេះនឹងបង្កើនបណ្តាញផ្លូវដែកក្នុងតំបន់ដីសណ្តទន្លេយ៉ាងចឺ ដល់ប្រវែង១៧.០០០គីឡូម៉ែត្រ ដោយកើនឡើងប្រវែង៤.២០០គីឡូម៉ែត្របើធៀបនឹងដំណាច់ផែនការរយៈពេល៥ឆ្នាំលើកទី១៣។

យោងតាមសារព័ត៌មានដដែលឱ្យដឹងថា បណ្ដាញផ្លូវដែកល្បឿនលឿនក្នុងតំបន់នេះត្រូវបានរំពឹងថានឹងកើនឡើងដល់ប្រវែង៩.៥០០គីឡូម៉ែត្រ ដោយកើនឡើងប្រវែងប្រមាណ៣.៥០០គីឡូម៉ែត្រ។

សារព័ត៌មាននេះបានបញ្ជាក់ទៀតថា បណ្តាញដឹកជញ្ជូនផ្លូវដែកសរុបក្នុងតំបន់នេះរួមទាំងរថភ្លើងល្បឿនលឿនក្នុងទីក្រុងផង នឹងកើនឡើងប្រវែងជាង៨.០០០គីឡូម៉ែត្ររហូតដល់ប្រវែងជាង២២.០០០គីឡូម៉ែត្រនៅត្រឹមឆ្នាំ២០២៥៕