ផ្លូវជាតិលេខ៧១C ប្រវែង ១១៥គីឡូម៉ែត្រ តម្លៃ ១៣០លានដុល្លារនឹងបើកការដ្ឋានសាងសង់ដោយសម្តេចតេជោ

0

ដោយៈស៊ីវ ម៉េង

កំពង់ចាម ត្បុងឃ្មុំៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវមូយតភ្ជាប់ច្រករបៀងភាគខាងកើត និងខាងជើងប្រទេស។

តើផ្លូវជាតិដ៏សំខាន់ថ្មីមួយនេះ តភ្ជាប់ពីតំបន់ណាទៅតំបន់ណា? លោកវ៉ាស៊ីម សូរិយាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រ​សាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៥ វិច្ឆិកានេះថា សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិដ៏សំខាន់នេះ ជាមួយនឹងការសម្ភោធបើកដំណើរការស្ពានមិត្តភាពកម្ពុជា ចិនតភ្ជាប់រវាងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ និងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនៅថ្ងៃទី២៣ វិច្ឆិកាខាងមុខនេះ។

លោកបន្តថា “ផ្លូវជាតិលេខ៧១C នឹងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចប្រធាតុ ក្នុងស្រុកពញ្ញាក្រែក មកកាន់ស្រុកក្រូចឆ្មារ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ចំការលើ ខេត្តកំពង់ចាម និងបន្តតភ្ជាប់ទៅកាន់ខេត្តកំពង់ធំ ដែលជាចំណុចកណ្តាលនៃប្រទេស។លោកបន្តថា “ផ្លូវជាតិនេះមានប្រវែង១១៥គីឡូម៉ែត្រ និងចំណាយថវិកាសាងសង់ទំហំ១៣០លាន​ដុល្លារអាមេរិក ដែលជាហិរញ្ញប្បទានរបស់មិត្តចិន”។

លោកវ៉ាស៊ីម សូរិយាបានបន្តថា ផ្លូវជាតិនេះ នឹងតភ្ជាប់ជាមួយស្រុកក្រូចឆ្មារ តាម​រយៈឃុំឈូក ដែលតំបន់នេះជាតំបន់លិចទឹកនៅខែវស្សា ដែលទាមទារឲ្យមានការលើកទំនប់កាន់តែខ្ពស់ ដើម្បីបញ្ចៀសការលិចទឹកនៅពេលរដូវធ្លាក់ភ្លៀងចូលមកដល់។

រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋយ៉ាងច្រើន ដើម្បីធ្វើសមាហរណកម្មផ្ទៃក្នុងកម្ពុជាផង តភ្ជាប់ជាមួយប្រទេសក្នុងតំបន់ផង ដើម្បីពង្រីកនូវកាលានុវត្តន៍ភាពសេដ្ឋកិច្ចកម្ពុជា។

សេដ្ឋវិទូម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយ ក្នុងការប្រកួតប្រជែងរបស់កម្ពុជា ជាមួយប្រទេសក្នុងតំបន់ ហេតុនេះទើបរដ្ឋាភិបាលបាននិងកំពុងខិតខំ ដើម្បីជម្រុញការវិនិយោគ​ក្នុងវិស័យនេះ ទោះបីជាចំណាយប្រាក់ច្រើនយ៉ាងណាក្តី។

លោកបន្តថា “ដើម្បីឲ្យសេដ្ឋកិច្ចជាតិរីកចម្រើនបន្ថែមទៀត រដ្ឋាភិបាលត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here