ដោយៈសុធារី
ភ្នំពេញៈ ស្ថានីយរថភ្លើងចិន-ឡាវទាំង១០ នៅក្នុងប្រទេសឡាវ បានបញ្ចប់ការសាងសង់រួចរាល់ហើយ នេះបើតាមក្រុមហ៊ុន Laos-China Railway Co., Ltd. (LCRC) បានប្រាប់កាសែតស៊ីនហួរកាលពីថ្ងៃសុក្រ។
យោងតាម Laos-China Railway Co., Ltd. (LCRC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា និងមានមូលដ្ឋាននៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ទទួលបន្ទុកសាងសង់ និងប្រតិបត្តិការផ្លូវដែក បានប្រាប់ឱ្យដឹងថា ស្ថានីយ៍ចុងក្រោយនៅទីក្រុងហ្លួងប្រាបាង ដែលមានចម្ងាយប្រហែល២២០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងវៀងចន្ទន៍ សាងសង់ដោយក្រុមហ៊ុន China Railway Construction Group Co., Ltd. ( CRCG) បានបញ្ចប់ការតុបតែងផ្នែកខាងក្រៅរបស់ខ្លួន កាលពីថ្ងៃពុធ។
ស្ថានីយ៍ហ្លួងប្រាបាង ដែលជាស្ថានីយ៍ធំទីពីរបន្ទាប់ ពីស្ថានីយ៍វៀងច័ន្ទមានពីរស្ថានីយ៍ដែលមានផ្លូវចំនួនបួន។
កាសែតដដែលបានរាយការណ៍ថា វិស្វករពីក្រុមហ៊ុន China Railway Construction Group Co., Ltd. ( CRCG) ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែប ក្នុងការសាងសង់ស្ថានីយ៍ក្នុងប្រទេសចិន បានរួមបញ្ចូលនូវរចនាប័ទ្មទ្វារបែបស្ថាបត្យកម្មចិនបុរាណជាមួយនឹងធាតុផ្សំនៃផ្កាជាតិឡាវ គឺផ្កាចំប៉ា ក្នុងការរចនានិងការសាងសង់បង្គោលទ្វាររបស់ស្ថានីយ៍ ធ្នឹមទ្វារ និងផ្នែកខាងមុខ ដែលឆ្លុះបញ្ចាំងពីវប្បធម៌សោភ័ណភាពនៃប្រទេសទាំងពីរ។
ផ្លូវដែកចិន-ឡាវ គឺជាគម្រោងនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន និងយុទ្ធសាស្ត្ររបស់ឡាវ ដើម្បីបំប្លែងខ្លួនពីប្រទេសព័ទ្ធដោយផ្លូវគោក ទៅជាមជ្ឈមណ្ឌលតភ្ជាប់ផ្លូវគោក។
ផ្លូវរថភ្លើងដឹកអ្នកដំណើរ និងដឹកទំនិញ ត្រូវបានសាងសង់ឡើងជាមួយនឹងការគ្រប់គ្រង និងស្តង់ដារបច្ចេកទេសរបស់ចិន។ ការសាងសង់គម្រោងនេះ បានចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០១៦ ហើយគ្រោងនឹងបញ្ចប់ និងបើកឱ្យធ្វើចរាចរណ៍នៅខែធ្នូ ឆ្នាំ២០២១៕