បណ្តាខេត្តចំនួន៥នឹងក្លាយជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស

        ដោយៈវឌ្ឍនៈ

ភ្នំពេញៈ បណ្តាខេត្តចំនួន៥ ក្នុងចំណោមរាជធានីខេត្តទាំង២៥នៅកម្ពុជា ត្រូវបានវិនិយោគិនមួយចំនួនកំណត់ជាមុំទាំង៤ នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានៅពេលអនាគត ហើយខេត្តទាំង៤នេះដែរ នឹងក្លាយជាចំណាប់អារម្មណ៍ សម្រាប់វិនិយោគិនជាតិអន្តរជាតិលើការបណ្ដាក់ទុនវិនិយោគនៅពេលអនាគតផងដែរ ។

លោកច្រឹកសុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជាបានឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ កញ្ញានេះថា ខេត្តចំនួន៤ដែលចាត់ទុកជាមុំទាំង៤នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា រួមមាន ខេត្តកំពត កែប ( តែមួយ) ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តមណ្ឌលគីរី ។ បច្ចុប្បន្នឃើញថា មុំ៣បានអភិវឌ្ឍន៍បណ្ដើរៗហើយ ដូចជាខេត្តកំពត កែប ខេត្តព្រះសីហនុ ខេត្តសៀមរាប ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពីទីក្រុងភ្នំពេញ ទៅកាន់តំបន់ទាំងនោះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តទាំងនោះផ្ទាល់។

សម្រាប់ខេត្តមណ្ឌលគីរីក៏ឃើញថា កំពុងតែមានការយកចិត្តទុកដាក់អភិវឌ្ឍន៍ជាបន្តបន្ទាប់ផងដែរ។

លោកច្រឹក សុខនីមបានបន្តថា នៅពេលអនាគតខេត្តមណ្ឌលគីរី នឹងទទួលបានការវិនិយោគ និងអភិវឌ្ឍច្រើន ជាពិសេសទៅលើវិស័យទេសចរណ៍ ដោយសារតែខេត្តមួយនេះ សំបូរទៅដោយតំបន់រមណីយដ្ឋានបែបធម្មជាតិច្រើន ដូច្នេះអនាគតវានឹងទាក់ទាញនូវការអភិវឌ្ឍលំនៅឋានសម្រាប់លំហែកាយ ។

ចំណែកលោក មាឃ រឹទ្ធីជ័យប្រធានក្រុមហ៊ុនអចលនទ្រព្យ Zillion Holding ប្រចាំខេត្តមណ្ឌលគីរីក៏បានឱ្យដឹងផងដែរ មណ្ឌលគីរីចាប់ផ្ដើមមានវិនិយោគិន ក្នុងស្រុកចាប់អារម្មណ៍លើការវិនិយោគបណ្ដើរៗហើយ ជាពិសេសលើវិស័យទេសចរណ៍ ទោះបីជាមានការប្រឈមនឹងវិបត្តិកូវី១៩ក្ដី ។

លោកបន្តថា ទោះបីជាមានការវិនិយោគជាបន្តបន្ទាប់ក៏ពិតមែនក្ដី តែតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះ មិនសូវមានការប្រែប្រួលឡើងថ្លៃប៉ុន្មាននោះទេ គ្រាន់តែសកម្មភាពទិញលក់ដីធ្លីនៅក្បែរតំបន់រមណីយដ្ឋាននានា បានកក្រើកឡើងក្នុងវិបត្តិនេះ ។

ក្រសួងទេសចរណ៍ ដែលជាសេនាធិការនៃរាជរដ្ឋាភិបាល ក៏បានយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធាន សម្រាប់វិស័យទេសចរណ៍ និងត្រៀមស្វាគមន៍ភ្ញៀវទេសចរជាតិនិងអន្តរជាតិនៅពេលខាងមុខ ហើយក៏រំពឹងថា កំណើនភ្ញៀវទេសចរទៅកាន់ទឹកដីខេត្តមណ្ឌលគីរី នឹងមានកំណើនកាន់តែច្រើន នឹងធ្វើឱ្យចំណូលនៅក្នុងខេត្តមួយនេះកាន់តែច្រើនងផដែរ៕

អ្នកជំនាញៈ ទីផ្សារអគារពាណិជ្ជកម្មផ្នែកបន្តរីកចម្រើនគួរកត់សំគាល់នៅចុងឆ្នាំ២០២១

ដោយៈសុជាតា

ភ្នំពេញៈ ជាមួយកំណើនសេដ្ឋកិច្ចដ៏លឿនរហ័ស ជាងពីរទសវត្សចុងក្រោយនេះ ធ្វើអោយមុខមាត់ទីក្រុងភ្នំពេញ បានផ្លាស់ប្តូរគួរឲ្យភ្ញាក់ផ្អើល ដោយសំណង់អគារពាណិជ្ជកម្មធំៗ កំពុងប្រែក្លាយទៅជាទីក្រុង ប្រកបដោយភាពស៊ីវិល័យថ្មី និងរសរវើកមួយក្នុងពិភពលោក។

បើទោះបីជាវិបត្តិCovid19 បានធ្វើអោយប៉ះពាល់ដល់ការដ្ឋាន សំណង់នានាក៏ដោយ ប៉ុន្តែអ្នកជំនាញខាងអចលនទ្រព្យ នៅតែមានសុទិដ្ឋិនិយម ចំពោះការវិនិយោគបន្ថែមទៀតលើអាគារពាណិជ្ជកម្ម សម្រាប់ឆ្នាំ ២០២២ ទៅ ២០២៣ខាងមុខ។

លោកខេន ឡូប្រធានប្រតិបត្តិក្រុមហ៊ុន Coldwell Banker បានប្រាប់Property Area Asia នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ថា អាគារពាណិជ្ជកម្មផ្នែក office space បានកើនឡើងគួរកត់សំគាល់ នេះបើប្រៀបធៀបនឹងដើមឆ្នាំនេះ ដោយសារតែតំរូវការក្នុងចំណោមអតិថិជនក្នុងស្រុក និងក្រៅស្រុកផងដែរ។ ចំពោះតម្លៃមិនមានការថមថយខ្លាំងនោះទេ ដោយអាគារពាណិជ្ជកម្ម Grand A គឺមានតម្លៃចន្លោះ៣០ ទៅ៤៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ចំពោះអាគារពាណិជ្ជកម្មGrand B គឺមានចន្លោះពី១៥ ដុល្លារទៅ ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងអាគារពាណីជ្ជកម្មមានចន្លោះពី១០ ដុល្លារទៅ១៣ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

លោកបន្ថែមទៀតថា តម្លៃអាគារពាណិជ្ជកម្ម ស្ថិតនៅតំបន់សក្តានុពល ដែលមានដូចជា ខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌដូនពេញ និងខណ្ឌទួលគោកផងដែរ។ លោកព្យាករណ៍ ការផ្តត់ផ្គង់អាគារពាណិជ្ជកម្ម រំពឹងទុកកើនឡើងបន្ថែមទៀត បន្ទាប់ពីព្រឹត្តិការណ៍ប្រជុំអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ស្របពេលដែលគម្រោងធំៗដូចជា សាងសង់ព្រលានយន្តហោះភ្នំពេញថ្មី និង ផ្លូវល្បឿនលឿនផង បានបញ្ចប់តាមពេលវេលាកំណត់ ដែលធ្វើអោយកម្ពុជា ក្លាយទៅជាតំបន់ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតចំពោះអាគារពាណិជ្ជកម្មផងដែរ។

ជាមួយគ្នានេះ អ្នកនាងអាន សុធីតា អ្នកជំនាញខាងវាយតម្លៃអចលនទ្រព្យបានថ្លែងបញ្ជាក់បន្ថែមទៀតថា យើងបែងចែកអាគារពានិជ្ជកម្មជាពីរប្រភេទ គឺផ្នែកលក់រាយ និង ផ្នែកអាគារការិយាល័យ។ នៅក្នុងនោះដែរ ទីផ្សារអាគារពាណិជ្ជកម្មផ្នែកលក់រាយ គឺអ្នកលក់ត្រូវប្រឈមមុខ នឹងមានការប៉ះពាល់ខ្លាំង ដោយវិបត្តិសកល ដោយអ្នកលក់មិនសូវពង្រីកអាជីវកម្មនានាដូចមុនវិបត្តិ Covid 19 ដោយអ្នកលក់សម្រេចចិត្តក្នុងការលក់តាម Online វិញ។

អ្នកនាងបន្តថា ចំណែកអាគារពាណិជ្ជកម្មតាមបែបOffice វិញ គឹមាននិន្នការជួលកើនឡើងខ្លាំង ក្នុងចំណោមអាគារពាណិជ្ជកម្មកម្រិតC និងDផងដែរ”៕

ហេតុអ្វីធនាគារជប៉ុនយកការប្រាក់ថោកជាងគេនៅលើពិភពលោក តើការប្រាក់ទាបជួយដល់់សេដ្ឋកិច្ចបែបណា?

ដោយៈសុខុម

ប្រទេសជប៉ុនៈ ជាទូទៅនៅប្រទេសណាក៏ដោយ នៅពេលយើងយកប្រាក់ទៅផ្ញើរនៅធនាគារណាមួយ យើងប្រាកដជាទទួលបានការប្រាក់ពីធនាគារនោះ គ្រាន់តែច្រើន ឬក៏តិចប៉ុណ្ណោះ។

ប៉ុន្តែធនាគារនៅប្រទេសជប៉ុន ពិតជាចម្លែកខុសពីគេដែលមនុស្សជាច្រើន មិនធ្លាប់បានដឹង។

ធនាគារនៅប្រទេសជប៉ុន មិនត្រឹមតែមានការប្រាក់ថោកជាងគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកការប្រាក់ពីអតិថិជន ដែលមានប្រាក់យកទៅផ្ញើនៅនឹងខ្លួនទៀតផង។ ស្ដាប់ទៅវាដូចជាស្ទើរមិនគួរឱ្យជឿ តែទោះជាយ៉ាងណា វាជាការពិត។

តើមានហេតុផលអ្វីនៅពីក្រោយ ការពិតដ៏គួរឱ្យភ្ញាក់ផ្អើលនេះ? តោះ មកដឹងទាំងអស់គ្នា!។

ក្នុងករណីនេះ អ្នកដែលយកប្រាក់ទៅផ្ញើគឺជាថ្នាក់ដឹកនាំស្ថាប័នធនាគារ គឺមិនមែនធ្វើឡើងជាលក្ខណៈបុគ្គលឡើយ។ ហើយគោលបំណងនៃការយកការប្រាក់ ពីអ្នកដែលយកប្រាក់ទៅផ្ញើរនៅធនាគារនេះ ធ្វើឡើងដើម្បីជំរុញឱ្យធនាគារទាំងនោះ ប្រើប្រាស់ប្រាក់របស់ខ្លួនឱ្យកាន់តែមានប្រ​សិ​ទ្ធភាព ពោលគឺគួរតែផ្ដល់កម្ចីទៅដល់គ្រួសារ និងអាជីវកម្មនានា ដើម្បីជំរុញសកម្មភាពសេដ្ឋកិច្ចជាជាងយកប្រាក់ទៅទុកចោល។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានTrading Economics ឱ្យដឹងថា ធនា​គា​រកណ្ដាលជប៉ុន (Bank of Japan) នៅក្នុងឆ្នាំ២០២១ យកការប្រាក់ពីអតិថិជនជាធនាគារិក ដែលយកប្រាក់ទៅផ្ញើត្រឹមតែ០,១%ប៉ុណ្ណោះ ខណៈយកការប្រាក់សម្រាប់ប្រាក់កម្ចីទាបបំផុតស្ទើរមិនគួរឱ្យជឿត្រឹមតែ-០,១%។

គោលបំណងនៃការយកការប្រាក់ទាបខ្លាំងបែបនេះ គឺដើម្បីកាត់បន្ថយការចំណា​យលើការខ្ចីប្រាក់សម្រាប់អ្នកគ្រប់គ្នា ជាមួយនឹងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច៕

ក្រុមហ៊ុនOCICចាប់ផ្តើមវិនិយោគទឹកប្រាក់៣០លានដុល្លារសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មជាលើកដំបូងនៅទីក្រុងកោះនរា

        ដោយៈស៊ីវ ម៉េង

        ភ្នំពេញៈ ក្រុមហ៊ុនOCIC គ្រោងបោះទុនវិនិយោគទឹកប្រាក់ ប្រមាណ៣០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម ជាលើកដំបូងនៅលើទីក្រុងកោះនរា ជាកោះដែលមានទំហំ២៥ហិតា។

អគ្គនាយករងក្រុមហ៊ុនOCIC លោកទូច សំណាងបានមានប្រសាសន័ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ កញ្ញានេះថា គំរោងនេះបាននិងកំពុងត្រៀមចាប់ផ្តើមជាមួយទំហំដី១ហិកតាកន្លះ និងជាគំរោងពាណិជ្ជកម្ម ដែលរួមមានការិយាល័យ សណ្ឋា​គារ និងមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ។

លោកបន្តថា “វាជារោងតេស្តសាកល្បង ដែលមានសណ្ឋានស្រដៀងគ្នានឹងគំរោងAlyseeនៅលើទីក្រុងកោះពេជ្រ ប៉ុន្តែគំរោងនេះមានរចនាបទពិសេស និងស្រស់ស្អាតជាង”។លោកបន្តថា “ការសាងសង់គំរោងនេះ នឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ ខណៈការលក់មិនទាន់ចាប់ផ្តើមនៅឡើយទេ”។

លោកទូច សំណាងបានបន្តថា  គំរោងនេះមានអាគារកំពស់ចាប់ពី៧ ទៅ១៣ជាន់់ និងផ្ទះនិមួយៗមានទំហំ៨គុណនឹង២០ម៉ែត្រ ខណៈគំរោងនេះទាំងមូលមានផ្ទៃក្រឡាមិនលើសពី១០ម៉ឺនម៉ែត្រការ៉េឡើយ។ លោកបន្តថា គំរោងនេះមានទូតាំងនៅក្បែរស្ពានឆ្លងកាត់ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរាផងដែរ។

ការចាក់បំពេញដីលើទីក្រុងកោះនរា នឹងបញ្ចប់នៅចុងឆ្នាំនេះ ខណៈគំរោងអភិវឌ្ឍន៍មួយចំនួនបាន និងកំពុងត្រៀមចាប់ផ្តើមសាងសង់នាពេលខាងមុខផងដែរ។

លោកទូច សំណាងបានបន្តថា នៅពេលហេដ្ឋារចនាសម្ព័ន្ឋទីក្រុងកោះនរា បញ្ចប់ការសាងសង់ ទីក្រុងនេះនឹងមានទស្សនទាននៃការអភិវឌ្ឍស្រដៀងគ្នា នឹងទីក្រុងកោះពេជ្រ ជាមួយនឹងការដើរតាមផែនការMaster Planរបស់គំរោងនេះ៕

 

 

រោងចក្រផ្គុំ និងតម្លើងរថយន្តម៉ាកFord ថ្មីមួយបង្កើតឡើងនៅខេត្តពោធិសាត់ក្នុង តម្លៃវិនិយោគប្រមាណ២១លានដុល្លារ

ដោយៈសុជាតា

ពោធិសាត់ៈរោងចក្រផលិតរថយន្ត Ford ថ្មីមួយទៀត គ្រោងនឹងតម្លើងស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិសាត់ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្ម បានប្រមាណចន្លោះពី៤០០ ទៅ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

ជាក់ស្តែង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោងវិនិយោ​គរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes។

លោកងន សាំង អគ្គនាយកក្រុមហ៊ុន RMA  Cambodia បានប្រាប់Property Area Asia នៅថ្ងៃទី ១៤ ខែកញ្ញា ថា ក្រុមហ៊ុនពិតជាបណ្តាក់ទុនវិនិយោគលើ គម្រោងបង្កើតរោងចក្រតម្លើងរថយន្ត នៅខេត្តពោធិសាត់ប្រាកដមែន ដោយការវិនិយោគសម្រាប់រយៈពេល ៥ ឆ្នាំ ក្នុងតម្លៃ ២១ លានដុល្លារ ដោយរំពឹងទុកនឹងតម្លើងរថយន្ត ប្រមាណ៤៥០០ គ្រឿងសម្រាប់ឆ្នាំទីមួយ។

ជាមួយគ្នានេះ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍គាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ ដោយបានលើកឡើងថា ខេត្តពោធិ៍សាត់ត្រូវបានទទួល នូវមរតកអមតះជាច្រើន ដែលថ្ងៃនេះទទួលបាននូវមរតកថ្មីមួយបន្ថែមទៀត គឺរោងចក្រផ្គុំនិងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

លោកសង្ឃឹមយ៉ាងមុតម៉ាំថា រោងចក្រនេះ ដែលបង្កើតនៅក្នុងទឹកដីនៃខេត្តពោធិ៍​សាត់ នឹងធ្វើឱ្យមានការលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺយើងទទួលបាន នូវការស្រូបយកទីផ្សារពលកម្ម៕

តំបន់អាស៊ីរងសម្ពាធកាន់តែខ្លាំងឱ្យលុបចោលគម្រោងធ្យូងថ្មថ្មីៗ ខណៈកិច្ចប្រជុំកំពូលUN ស្ដីពីបម្រែបម្រួលអាកាសធាតុ

ដោយៈសុខុម

គូឡាឡាំពួ: ក្រុមអ្នកស្រាវជ្រាវលើកឡើងថា ដោយប្រទេសចំនួន៦នៅអាស៊ី គ្របដណ្ដប់ដល់ទៅជាង៨០% នៃគម្រោងថាមពលដើរដោយធ្យូងថ្ម ដែលបានគ្រោងទុកថ្មីៗទូទាំងពិភពលោក ការទទួលបានការប្តេជ្ញាចិត្តលុបចោលគម្រោងទាំងនោះ អាចជួយឱ្យកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្ដីពី បម្រែបម្រួលអាកាសធាតុ COP26 នៅខែវិច្ឆិកា ខាងមុខនេះសម្រេចបានលទ្ធផលដ៏ល្អ ឆ្ពោះទៅការបញ្ចប់ការប្រើប្រាស់ថាមពលធ្យូងថ្មដោយជោគជ័យ។

យោងតាមរបាយការណ៍មួយ ដែលអង្គការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុអឺរ៉ុបE3G បានបញ្ចេញនៅថ្ងៃអង្គារ ទី១៤ កញ្ញា នេះបង្ហាញថា សមត្ថភាពផលិតថាមពលធ្យូងថ្មថ្មីៗ ដែលត្រូវបានស្នើឡើងទូទាំងពិភពលោក បានធ្លាក់ចុះរហូតដល់ទៅ៧៦% ចាប់តាំងពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស កាលពីឆ្នាំ២០១៥ ដោយមានប្រទេសចំនួន៤៤បានព្រមព្រៀងបញ្ចប់គម្រោងថ្មីៗ។

ទោះជាយ៉ាងណា ការចូលរួមរបស់អាស៊ី នៅក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោក ពិតជាសំខាន់ខ្លាំងណាស់ ព្រោះបើមានការចូលរួមពីប្រទេសត្រឹមតែ៦ដែលមានចិន ឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី តួកគី និងបង់ក្លាដែស គឺអាចលុបចោលគម្រោង ដែលបានគ្រោងទុកទាំងនេះ ដល់ទៅជាង៤ភាគ៥ឯណោះ។

ការបញ្ចប់ការប្រើប្រាស់ធ្យូងថ្ម ជាឥន្ធនៈហ្វូស៊ីលដែលបំពុលបរិយាកាសខ្លាំងបំផុតសម្រាប់ការផលិតថាមពលអគ្គិសនី បានក្លាយជាចំណុចផ្តោតយកចិត្តទុកដាក់ដ៏សំខាន់សម្រាប់សកម្មជនបម្រែបម្រួលអាកាសធាតុ ដើម្បីឈានទៅដល់ការបញ្ឈប់ការផ្តល់មូលនិធិ និងការធានារ៉ាប់រងសម្រាប់គម្រោងថ្មីៗ។

ការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្ម ឱ្យបានយ៉ាងឆាប់រហ័ស ត្រូវបានគេមើលឃើញថាមានសារៈសំខាន់ណាស់ ចំពោះគោលដៅសកល នៃការកាត់បន្ថយការឡើងកម្ដៅរបស់ភពផែនដី និងដើម្បីបញ្ចៀសគ្រោះធម្មជាតិ ដូចជា ព្យុះកាន់តែកំណាច ទឹកជំនន់ ភ្លើងឆេះព្រៃ និងដំណាំមិនបានផលជាដើម។

ប៉ុន្តែធ្យូងថ្មនៅតែជាចំណែកដ៏សំខាន់ សម្រាប់ផលិតថាមពលនៅអាស៊ី ដែលគ្របដណ្ដប់៧៥%នៃតម្រូវការធ្យូងថ្មពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)៕  CNA៕

អគ្គនាយិកាក្រុមហ៊ុនCMC Real Estate តែងតាំងលោកសាវិន ហ្វីលីពជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុន

        ដោយៈគង់ សូរិយា

        ភ្នំពេញៈ អគ្គនាយិកាក្រុមហ៊ុនCMC Real Estate អ្នកនាងគ្រុយ ស្រីខួចបានសម្រេចតែងតាំងលោកសាវិន ហ្វីលីពដែលជាតារាភាពយន្តល្បីល្បាញមួយរូប ជាទូតសុឆន្ទៈប្រចាំក្រុមហ៊ុន ដើម្បីជួយលើកកំពស់កិត្តិនាម និងការផ្សព្វផ្សាយពីក្រុមហ៊ុន។

អ្នកនាងគ្រុយ ស្រីខួចបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៤ កញ្ញានេះថា ការសម្រេចតែងតាំងនេះ មានគោលដៅជួយលើកកំពស់ការផ្សព្វផ្សាយ ពីក្រុមហ៊ុនឲ្យកាន់តែមានភាពល្បីល្បាញ ក៏ដូចជាជួយជម្រុញការលក់លំនៅដ្ឋានបុរីGB Residence តម្លៃ៦២លានដុល្លារឲ្យបានទទួលជោគជ័យលឿន ដែលអាណត្តិទូតសុឆន្ទៈរបស់លោកសាវិន ហ្វីលីពមានរយៈពេល៥ឆ្នាំ។

អ្នកនាងបន្តថា “គោលដៅនៃការតែងតាំងនេះ គឺជាការជម្រុញ និងធ្វើឲ្យការលក់បុរីនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ទទួលបានជោគជ័យលឿន និងតាមផែនការដែលបានដាក់ចេញ”។អ្នកនាងបន្តថា “លោកសាវិន ហ្វីលីពក៏នឹងធ្វើជាដៃគូសហការលក់គម្រោងបុរីនេះផងដែរ”។

ក្រុមហ៊ុនCMC Real Estateជាក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយ ដែលទទួលបានជោគជ័យលឿន ដោយសារក្រុមហ៊ុននេះមានធនធានមនុស្សជំនាញ និងបទពិសោ​ធន៍រយៈពេលវែងលើវិស័យអចលនទ្រព្យនៅកម្ពុជា។ ពិសេសក្រុមហ៊ុននេះបានទទួលសិទ្ឋលក់ផ្តាច់មុខបុរីGB Residence ដែលមានតម្លៃរហូតដល់៦២លានដុល្លារ និងមានទីតាំងនៅជាប់ផ្លូវក្រវ៉ាត់ក្រុងទី៣។

ជាមួយគ្នានេះ លោកសាវិន ហ្វីលីពបានសរសសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដោយបានសម្តែងអំណរគុណដល់អ្នកនាងគ្រុយ ស្រីខួច ដែលបានតែងតាំាំងលោកជាទូតសុឆន្ទៈរបស់បុរីGB Residence និងធ្វើជាដៃគូលក់បុរីGB Residence លើផ្ទៃដី៩ហិកតា និងមានតម្លៃសរុបរហូតដល់៦២លានដុល្លារអាមេរិក របស់លោកឧកញ៉ាតាំង គួងហាវ ស្ថិតនៅជិតរង្វង់មូលគួរស្រូវភ្នំពេញ៕

EuroCham នឹងរៀបចំសន្និសិទអនឡាញមួយស្តីពី វិញ្ញាណបនប័ត្រអាគារបៃតង

        ដោយៈសុជាតា

ភ្នំពេញៈ សភាពាណិជ្ជកម្មអឺរ៉ុប (EUROcham ) នឹងរៀបចំសន្និសីទអន្តរជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៃវិស័យអចលនទ្រព្យ (Green Building Certificate as Driver for A sustainable transition of the Real Estate sector)នៅថ្ងៃទី ២២ ខែកញ្ញ៉ា ឆ្នាំ ២០២១ ខាងមុខ។

សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានសហការជាមួយនឹង Building4People  ដោយផ្តោតជាសំខាន់ ក្នុងការលើកកម្ពស់គុណភាពសំណង់ តាមរយៈអាគារបៃតងដែលជាការធ្វើទំនើបកម្ម ទៅលើគុណភាពចំពោះអាគារបៃតង ដោយភ្ជាប់ទៅនឹងសិក្សាស្រា​វជ្រាវពីប្រទេសវៀតណាម និងប្រទេសចិន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មអឺរ៉ុប បានលើកឡើងពីប្រធានបទ ដូចជា សេចក្តីណែនាំនៃវិធីសាស្រ្ត ប្រកបដោយស្ថេរភាពនៃគម្រោង Building 4 Project  ដែលជាវិញ្ញានបត្រអាគារសំណង់របស់ប្រទេសអាឡឺម៉ង់ និងគុណភាពជាចំបង និងប្រធានបទចុងក្រោយទាក់ទងនឹងវិញ្ញាបនបត្រ សំណង់របស់ប្រទេសជិតខាងតាមរយៈសិក្សាស្រាវជ្រាវ។

នៅចុងបញ្ចប់នៃការពិភាក្សា និងលើកយកអ្នកជំនាញដោយផ្តោត ជាសំខាន់ទៅលើសារៈសំខាន់នៃអាគារបៃតងចំពោះវិស័យអចលនទ្រព្យផងដែរ។

លោកទិន ពន្លកអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍដោយចីរភាព និងជារដ្ឋលេខា​ធិការក្រសួងបរិស្ថាន បានលើកឡើងពីសារៈប្រយោជន៍ជាច្រើន របស់អាគារបៃតងដល់បរិស្ថាន សេដ្ឋកិច្ច និង សង្គម រួមមានកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ប្រសិទ្ធិភាពធនធាន ចាប់តាំងពីដំណាក់កាលរចនាអាគារ ដោយសន្សំសំចៃថ្លៃប្រតិបត្តិការ ក៏ដូចជាលើកកម្ពស់ផាសុកាព គុណភាពជិវិតដល់អ្នកប្រើប្រាស់អាគារជាដើម៕

វិស័យអាកាសចរណ៍កម្ពុជា ចិននៅតែបន្តមានសភាពមិនច្បាស់លាស់នៅឡើយ

ដោយៈគង់ សូរិយា

ភ្នំពេញៈ វិស័យអាកាសចរណ៍កម្ពុជា ជាមួយប្រទេសចិននៅតែមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយ បើទោះជាមានដំណើរទស្សនកិច្ចរបស់លោកវ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនក្តី។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានមានប្រសាសន៍ឲ្យដឹង តាមប្រព័ន្ឋតេឡេក្រាមនាព្រឹកថ្ងៃទី១៤ កញ្ញានេះថា នៅក្នុងទិដ្ឋភាពនយោបាយ ដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីវាជះឥទ្ឋិពលល្អ សម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរហើយ ហើយវាក៏ជះឥទ្ឋិពលដល់ការវិនិយោគ និងវិស័យទេសចរណ៍ផងដែរ ប៉ុន្តែមិនទាន់ជះឥទ្ឋិពលជាវិជ្ជមានដល់វិស័យអាកាសចរណ៍នៅឡើយទេ  ។

លោកបន្តថា “ប្រទេសចិនតឹងរ៉ឹងណាស់ទាំងការចេញ និងការចូលប្រទទេសរបស់គាត់ អញ្ចឹងដំណើររទស្សនកិច្ចរបស់លោកវ៉ាង យីមិនសូវមានឥទ្ឋិពលជាវិជ្ជមានដល់ការធ្វើដំណើរតាមផ្លូវអាកាសទេ ដោយសារការធ្វើដំណើរតាមផ្លូវអាកាស ផ្តោតលើវិធានការ​ សុខាភិបាលជាងរឿងនយោបាយ”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ភាគីចិនបានរឹតបន្តឹងខ្លាំង គឺមុនចេញទៅកាន់ប្រទេសគាត់ ត្រូវធ្វើតេស្តពីរដង និងធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍ សំរាកនៅអូតែល ដែលគេកំណត់ដាច់ដោយឡែក ដោយស្ថានទូតចិន។ អញ្ចឹងការចំណាយលុយរបស់គាត់មុនចេញទៅគឺអស់លុយច្រើន ហើយពេលទៅដល់ស្រុកចិន តាមខេត្ត ក្រុងនិមួយៗមានវិធានការណ៍ដាច់ដោយឡែកៗពីគ្នា គឺពេលទៅដល់ត្រូវធ្វើចត្តាឡីស័កពីសប្តាហ៍ហើយ និងទៅដល់ផ្ទះត្រូវធ្វើចត្តាឡីស័កមួយសប្តាហ៍ទៀត អញ្ចឹងគឺពិតមានការលំបាក ដល់អ្នកធ្វើដំណើរចេញចូលប្រទេសចិន។

លោកបន្តថា “វិធានការណ៍នៅតែតឹង ការហោះហើរនៅតែមានតិចតួចនៅឡើយ ហើយទស្សនកិច្ចរបស់លោកវវ៉ាង យីមិនទាន់ជះឥទ្ឋិពលដល់ការធ្វើដំណើរ តាមផ្លូវអាកា​សទេ”៕

ខេត្តមណ្ឌលគីរីរំពឹងថានឹងរកចំណូលបាន៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ពីវិស័យទេសចរណ៍

ដោយៈវឌ្ឍនៈ

មណ្ឌលគិរីៈ រដ្ឋាភិបាលបានកំណត់យកខេត្តមណ្ឌលគីរី សម្រាប់អភិវឌ្ឍន៍វិស័យ​ទេសចរណ៍ និងជំរុញឱ្យខេត្តនេះ ក្លាយជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់ផ្កា បន្លែ និងផ្លែឈើ សម្រាប់បំពេញតម្រូវការក្នុងប្រទេសនិងឈានដល់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស រួមចំណែកធ្វើឱ្យតំបន់ភូមិភាគឦសានក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ និងរំពឹងថាភ្ញៀវទេសចរអន្តរជាតិ ទៅកាន់ខេត្តមណ្ឌលគីរីនៅឆ្នាំ២០៣៥ចំនួន៩០ម៉ឺននាក់ បង្កើតការងារជាង៨ម៉ឺនកន្លែង និងចំណូលប្រមាណ៥០០លានដុល្លារអាមេរិក។

ដើម្បីត្រៀមឱ្យដល់គោលដៅនេះ ក្រសួងទេសចរណ៍កម្ពុជា ក៏បានចាប់ផ្ដើមធ្វើការបណ្ដុះបណ្ដាលដល់ធនធានទេសចរណ៍ ជាបន្តបន្ទាប់សម្រាប់ខេត្តមណ្ឌលគីរី ដូចជាផ្នែកគេហកិច្ច សណ្ឋាគារ និងជំនាញ ទេសចរណ៍ផ្សេងទៀត ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងបានចាប់ផ្ដើមបើកវគ្គបណ្ដុះបណ្ដាល ដល់ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ជាបន្តបន្ទាប់ទោះបីស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ។ ជាក់ស្ដែងនៅដើមសប្ដាហ៍នេះ ក្រសួងទេសរណ៍បានបណ្ដុះបណ្ដាលជំនាញ ដល់គ្រូបង្គោលចំនួន២០០នាក់ និងអ្នកជំនាញទេសច​រណ៍នៅភូមិភាគចំនួន១៧០០នាក់ នឹងចូលរួមបង្កើនមូលធនមនុស្សជាគ្រូបណ្ដុះបណ្ដាលសម្រាប់ខេត្តតំបន់ឦសាន សំដៅចូលរួមធ្វើការបណ្ដុះបណ្ដាលបន្តដល់យុវជន និងបុគ្គ​លិកកំពុងបម្រើការងារក្នុងសេវាកម្មទេសចរណ៍។

លោកប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជាបន្តបន្ទាប់ ដល់ធនធានវិស័យទេសចរណ៍ខេត្តមណ្ឌលគីរី ដើម្បីពង្រឹងគុណភាព សេវាកម្ម លើកកម្ពស់ជំនាញ បុគ្គលិកម្នាក់ ជំនាញមួយ និងគាំទ្រដល់ផែនទីចង្អុលផ្លូវស្ដីពីការស្ដារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ១៩ ឆ្នាំ២០២០-២០២៥ និងផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌ​លគីរី២០២១-២០៣៥ ដែលមានចក្ខុវិស័យ ជំរុញការអភិវឌ្ឍខេត្តមណ្ឌលគីរីជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ ។

នៅក្នុងវិស័យអចលនទ្រព្យ អ្នកវិនិយោគជាច្រើនក៏បាន និងកំពុងសម្លឹងមើលការវិនិយោគរបស់ខ្លួន ក្នុងខេត្តមណ្ឌលគីរីផងដែរ ជាពិសេសលើការអភិវឌ្ឍផ្ទះលំហែកាយសម្រាប់ផ្គត់ផ្គង់លើទីផ្សារ ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា មណ្ឌលគីរីនឹងក្លាយជាខេត្តគោលដៅអភិវឌ្ឍន៍លំនៅឋានលំហែកាយមួយដ៏មានសក្ដានុពលនៅពេលខាងមុខនេះ ខណៈរដ្ឋាភិបាលក៏បានកំណត់យកខេត្តនេះជាមុំទាំង៤នៃការអភិវឌ្ឍសេដ្ឋកិច្ច រួមជាមួយខេត្ត៣ផ្សេងទៀតរួមមានកំពត ក្រុងព្រះសីហនុនិងខេត្តសៀមរាប៕