ខេត្តបុរីរាំរបស់ប្រទេសថៃរំពឹងថាស្រូបទាញទេសចរណ៍ក្នុងស្រុកបន្ថែមទៀត តាមរយៈបទចម្រៀងដ៏ល្បីសម្តែងដោយតារាចម្រៀង K- POP

ដោយៈសុជាតា

ប្រទេសថៃៈ មន្រ្តីទេសចរណ៍នៅខេត្តបុរីរាំ របស់ប្រទេសថៃរំពឹងទុកថា នឹងទទួលបានទទួលទេសចរណ៍ ក្នុងស្រុកកើនឡើងនៅត្រីមាសទីបួន ឆ្នាំ២០២១ ដោយសារតែបង្ហាញវីដេអូសម្តែង ដ៏ទាក់ទាញរបស់តារាចម្រៀង K-POP របស់ប្រទេសថៃ ដែលមានឈ្មោះថា lisa ដែលជាសមាជិរបស់ក្រុម blackpink របស់កូរ៉េខាងត្បូង។

យោងតាមការចេញផ្សាយរបស់សាព័ត៌មាន Bangkok Post  បានលើកឡើងពីប្រសាសន៍របស់អ្នកនាង Ratpacha  Teerapattharakit ប្រធានសមាគមទេសចរណ៍ខេត្ត បុរីរាំដែលបាននិយាយថា វិស័យទេសចរណ៍នៅក្នុងខេត្តនេះរំពឹងទុកថា កើនឡើងដោយសារតែបង្ហាញពីសារៈប្រយោជន៍ ដោយផ្ទាល់ពីការផ្សាយវិដេអូតន្រ្តីទោល លើកដំបូងរបស់តារាចម្រៀងLisa ដែលបង្ហាញពីឧទ្យានប្រវត្តិសាស្រ្តភ្នំរូង នៅទីកន្លែងកំណើ​តរបស់ខ្លួន។

អ្នកនាង Ratpacha បានលើកឡើងពីកញ្ចប់ទេសចរណ៍ សម្រាប់មកទស្សនាខេត្តបុរីរាំ ដែលសមាគមមានផែនការណែនាំកម្មវិធី៣ថ្ងៃ និង២យប់ សម្រាប់ខែក្រោយទៅកាន់តំបន់ប្រវត្តិសាស្រ្តភ្នំរូង ដោយទស្សនាហាងនំជាច្រើន និងទីកន្លែងកំណើតនៅស្រុកសាថុកវិញ ដែលជាតំបន់ទេសចរណ៍សហគមន៍ សម្រាប់ការទាក់ទាញទេសចរណ៍។

អ្នកនាងបន្ថែមទៀតថា “យើងនឹងរំពឹងទុកថា ភ្នំរូង នឹងទាក់ទាញការស្លៀកពាក់ក្នុងស្រុក ដែលបានកើតឡើងពីបីឆ្នាំមុន ដូចគ្នានឹងរឿងល្ខោនថៃមួយទៀត ដែលបង្ហាញនៅទីក្រុងអាយុធ្យាផងដែរ”។

បន្ទាប់ពីឈប់សំរាក ដោយសារតែវិធានការកូវីត ១៩ កាលពីថ្ងៃទី១ ខែកញ្ញា កន្លងទៅនេះ អត្រាកក់បន្ទប់សណ្ឋាគារនៅចុងសប្តាហ៍ បានកើនឡើងក្នុងរង្វង់៦០ភាគរយក្នុងចំណោមបន្ទប់ សរុប៤០០០នៅខេត្តនេះ។

អ្នកនាងនិយាយថា ព្រឹត្តិការណ៍បាល់ទាត់ ដែលអនុញាតអោយទស្សនាចូលរួមកក់បន្ទប់សណ្ឋាគា រក្នុងអំឡុងពេលការងារដោយខេត្តនេះ ដូចជារៀបចំការប្រកួតការប្រ​ណាំង Moto GP ដែលជាព្រឹត្តិការណ៍ទាក់ទាញទេសចរណ៍ធំបំផុត នៅខែតុលាខាងមុខ។

បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ និងកីឡាថៃបានលើកឡើងថា ខេត្ត បុរីរាំបានទទួលអ្នកទស្សនាប្រមាណ២,៣លាននាក់នៅឆ្នាំ ២០១៩។ ដោយមានទេសចរណ៍ក្នុងស្រុកប្រមាណ ២,២លាននាក់ និងបរទេសប្រមាណ ៧,៧00នាក់។ បើប្រៀបធៀបនឹងឆ្នាំ ២០២០ កន្លងទៅនេះ ខេត្តនេះទទួលបានទេសចរណ៍សរុបប្រមាណ ៩,៦សែននាក់ប៉ុណ្ណោះ។

អ្នកនាងបញ្ជាក់បន្ថែមទៀតថា កម្មវិធីលើកកម្ពស់ទេសចរណ៍ធំៗពីរ រំពឹងទុកថានឹងចាប់ផ្តើមនៅខែតុលា ដោយមានអ្នកទេសចរណ៍ មានកក់ទុកសណ្ឋាគារប្រមាណ ៧០ ភាគរយនៅត្រីមាសទីបួនឆ្នាំ ២០២១នេះ៕

តើឯកសារផ្លូវច្បាប់សំខាន់ៗអ្វីខ្លះដែលអ្នកត្រូវស្វែងយល់បន្ថែមមុននឹងទិញផ្ទះក្នុងបុរី?

        ដោយៈសហការី

ភ្នំពេញៈ បុរីសំដៅលើការរស់នៅបែបសហគមន៍មួយ ​ដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ប្រជាជនកម្ពុជា​ ដែលការរស់នៅនោះប្រមូលផ្ដុំ ទៅដោយលំនៅឋានផ្សេងៗគ្នា ដូចជាប្រភេទផ្ទះវីឡា ផ្ទះអាជីវកម្ម វីឡាកូនកាត់ និងផ្ទះល្វែង​ជាដើម។​

ទោះបីជាបច្ចុប្បន្នបុរីភាគច្រើន ត្រូវបានអភិវឌ្ឍឆ្ងាយពីកណ្តាលទីក្រុង​១០ទៅ-១៥ គីឡូម៉ែត្រយ៉ាងណាក្ដី ក៏ប្រជាជនខ្មែរភាគច្រើននៅតែចូលចិត្តរស់នៅក្នុងបុរី ដោយសារតែផ្ទះមានទំហំធំទូលាយនិងមានតម្លៃទាបបើប្រៀបធៀបទៅនឹងខុនដូ​។​

យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះ ដែលអ្នកត្រូវដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? នៅពេលនិយាយអំពីការទិញលំនៅឋាននៅក្នុងបុរី មនុស្សភាគច្រើនផ្ដោតការយកចិត្តទុកដាក់លើទីតាំង តម្លៃ និងម៉ូតផ្ទះ​ ប៉ុន្តែពេលខ្លះពួកគេមិនបានស្វែងយល់ អំពីឯកសារច្បាប់សំខាន់ៗមួយចំនួន ពីសំណាក់អ្នកអភិវឌ្ឍន៍គម្រោងនោះទេ។

ដោយឡែក ក្រៅពីទីតាំង តម្លៃ និងម៉ូតគេហដ្ឋាន អ្នកគួរសួរនាំអ្នកអភិវឌ្ឍន៍បុរីរបស់អ្នក​អំពីឯកសារច្បាប់ទាំង៥ប្រភេទ ដើម្បីប្រាកដថា គម្រោងនេះ​អាចទុកចិត្តបាន​ ហើយអាចធានាបាននូវសុវត្ថិភាព១០០% បន្ទាប់ពីអ្នកវិនិយោគថវិការទាំងដុលទៅលើអចលនទ្រព្យមួយនោះ។ ខាងក្រោមនេះគឺជាឯកសារច្បាប់សំខាន់ៗ ៥ ប្រភេទ ដែលអ្នកត្រូវសួរអ្នកអភិវឌ្ឍន៍លំនៅឋាន មុនពេលអ្នកទិញអចលនទ្រព្យនៅក្នុងគម្រោងបុរី ជាពិសេសការអភិវឌ្ឍមុនគម្រោង។

ប័ណ្ណចុះបញ្ជីក្រុមហ៊ុន

មុនពេលចាប់ផ្តើមសាងសង់បុរី​ ក្រុមហ៊ុនអភិវឌ្ឍន៍មានកាតព្វកិច្ច ត្រូវតែចុះបញ្ជីឱ្យ​រួចរាល់​ ដើម្បីទទួលបានការយល់ព្រម ពីក្រសួងពាក់ព័ន្ធជាមុនសិន ទើបអាចទទួលបានសិទ្ធិសម្រាប់ការចាប់ផ្តើមសាងសង់គម្រោងរបស់ពួកគេ។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ គឺដើម្បីធានាបានថា​ គម្រោងនោះអាចដំណើរការដោយស្របច្បាប់។​

អាជ្ញាប័ណ្ណសាងសង់

មុននឹងផ្តល់អាជ្ញាប័ណ្ណសាងសង់ ដល់ក្រុមហ៊ុន​សំណង់​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការត្រួតពិនិត្យពីគម្រោង របស់ក្រុមហ៊ុនយ៉ាងហ្មត់ចត់​ ទាំងការរចនា និងគុណភាព រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា ប្រព័ន្ធទឹក​ ​ភ្លើង​ និងលូជាដើម ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍទាំងមូល។

 

អាជ្ញាប័ណ្ណបុរី

​​          ​ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍បុរី បានបំពេញគ្រប់នូវតម្រូវការទាំងអស់ ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់​ និងឯកសារចាំបាច់ផ្សេងៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណបុរីដល់ពួកគេ ។ ជាទូទៅអ្នកអភិវឌ្ឍន៍ដែលគួរឱ្យទុកចិត្តបំផុត គឺត្រូវមានអាជ្ញាប័ណ្ណបុរីត្រឹមត្រូវ ដើម្បីបង្ហាញទៅកាន់អតិថិជន គោលដៅរបស់ពួកគេ។

ប្លង់មេ

ប្លង់មេមានសារៈសំខាន់បំផុត ចំពោះគម្រោងបុរីនីមួយៗ ដូច្នេះអ្នកត្រូវសួរក្រុមហ៊ុនអភិវឌ្ឍន៍​ ដើម្បីបង្ហាញប្លង់មេរបស់គម្រោង​ ដែលត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។​​ មុននឹងគម្រោងបុរីណាមួយអាចសាងសង់បាន​​ លុះត្រាណាគំរូប្លង់មេនៃគម្រោងមួយនោះ ត្រូវបានអនុម័តពីក្រសួងពាក់ព័ន្ធជាមុនសិន។​

ប្លង់រឹង​​

មុននឹងទិញលំនៅឋានក្នុងគម្រោងបុរីណាមួយ អ្នកគួរតែសួរអំពីប្លង់មេ​ និងប្លង់រឹងនីមួយៗ ពីអ្នកអភិវឌ្ឍន៍គម្រោងមួយនោះ។​ ប្លង់មេគ្របដណ្តប់លើដីទាំងអស់សម្រាប់ការអភិវឌ្ឍន៍បុរីទាំងមូល ខណៈដែលប្លង់កម្មសិទ្ធិនីមួយៗ ត្រូវបានបែងចែកជាយូនីតផ្សេងៗគ្នា។ ដូច្នេះ អ្នកត្រូវប្រាកដថាអ្នកអភិវឌ្ឍន៍គម្រោងនោះ មានឯកសារច្បាប់ផ្លូវការ ដើម្បីបញ្ជាក់ពីប្លង់រឹងទាំងពីរប្រភេទនេះ។

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងតាមរយៈ +855 967876902 (Telegram)/ +855 66886633 ប្រភព៖ Harbor Property

 

 

តើប្រទេសមួយដែលធនាគារផ្តល់អត្រាការប្រាក់ទាប ជួយដល់សេដ្ឋកិច្ចប្រទេសនោះបែបណា?

ដោយៈសុខុម

អន្តរជាតិៈ ជាការពិតណាស់ អត្រាការប្រាក់ត្រូវបានក្រុមអ្នកវិភាគ និងអ្នកជំនាញសេដ្ឋកិច្ចឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះវាមានឥទ្ធិពលយ៉ាងខ្លាំងមកលើសេដ្ឋកិច្ចក្នុងប្រទេសមួយ ក៏ដូចជាសេដ្ឋកិច្ចពិភពលោកផងដែរ ដោយសារវាប្រទាក់ក្រឡាគ្នា ចាក់ស្រេះដូចរចន្តឈាម។

សម្រាប់អ្នកជួញដូរភាគហ៊ុន ពិតជាសប្បាយចិត្តណាស់ ចំពោះការបញ្ចុះអត្រាការប្រាក់ ប៉ុន្តែតើការបញ្ចុះអត្រាការប្រាក់ ជាដំណឹងល្អសម្រាប់គ្រប់គ្នា ឬយ៉ាងណា? តាមពិតការបញ្ចុះអត្រាការប្រាក់ ពិតជាជួយសម្រាលបន្ទុកច្រើនសម្រាប់អ្នកខ្ចីប្រាក់ ជាពិសេ​សនៅក្នុងបរិបទវិបត្តិកូវីដ-១៩។

ប៉ុន្តែទន្ទឹមនេះ វាក៏ជះផលប៉ះពាល់ដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលជាអ្នកផ្ដល់សេវាប្រាក់កម្ចី ព្រមទាំងអ្នកដាក់ប្រាក់សន្សំនៅធនាគារផងដែរ។

អត្រាការប្រាក់មានឥទ្ធិពលយ៉ាងខ្លាំង មកលើឥរិយាបទរបស់ប្រជាជន ក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគេ។ នៅពេលអត្រាការប្រាក់ចុះថោក អ្នកខ្ចីលុយត្រូវចំណាយលើអត្រាការប្រាក់តិចជាងមុន ដូចជា កម្ចីទិញផ្ទះ កម្ចីទិញរថយន្ត និងការចំណាយលើប័ណ្ណឥណទាន (Credit Card) ជាដើម ដែលជួយជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចរស់រវើក។

ផ្ទុយមកវិញ ការដំឡើងអត្រាការប្រាក់ មានឥទ្ធិពលមកលើសេដ្ឋកិច្ច និងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ជាពិសេសប្រទេសកំពុងងើបឡើង ដែលមានបំណុលជារូបិយប័ណ្ណដុល្លារអាមេរិកច្រើនសន្ធឹកសន្ធាប់។

ផលប៉ះពាល់ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារការដំឡើងរួមមានដូចជាការដំឡើងអត្រា​ការប្រាក់គោលរបស់ធនាគារកណ្ដាលអាមេរិក (Federal Reserve) អាចជះឥទ្ធិពលមកខ្សែកោងអត្រាការប្រាក់ (Yield Curve) នៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដែលធ្វើឱ្យអត្រាការប្រាក់ទីផ្សារកើនឡើង សម្រាប់កម្ចីទាំងឡាយ។ កំណើនអត្រាការប្រាក់នេះ នឹងធ្វើឱ្យវិនិយោគិនបង្វែរសាច់ប្រាក់ ពីខាងក្រៅចូលទៅសហរដ្ឋអាមេរិក ដើម្បីផលចំណេញខ្ពស់ជាងមុនជាមួយនឹងហានិភ័យទាប។

វិនិយោគិន នឹងលក់ប័ណ្ណបំណុលដែលខ្លួនបានវិនិយោគ រួចបង្វែរការវិនិយោគទៅសហរដ្ឋអាមេរិកវិញ (មូលធនហូរចេញ) បន្ទាប់ពីការដំឡើងការប្រាក់។ បញ្ហានេះនឹងធ្វើឱ្យរូបិប័ណ្ណក្នុងស្រុកធ្លាក់ថ្លៃ ដែលនឹងធ្វើឱ្យបំណុលក្នុងប្រទេសនោះ កើនឡើងដោយស្វ័យប្រវត្តិ និងបង្កើនហានិភ័យដែលនាំទៅរកភាពក្ស័យធន។

នៅពេលដែលការវិនិយោគ ហូរចេញដោយប្រញាប់ប្រញាល់ ថ្លៃទ្រព្យសកម្មនឹងធ្លាក់ចុះ ហើយក្រមហ៊ុនអាចប្រឈម នឹងការបាត់បង់សមត្ថភាពសងបំណុល ហើយទីបំផុតនឹងឈានដល់ការក្ស័យធន៕

ហេតុអ្វីឆ្នាំ២០២១នេះ មិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសណាមួយចូលជាធរមាន?

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ រហូតមកដល់ចុងត្រីមាសទី៣ នៃឆ្នាំ២០២១នេះទៅហើយ មិនទាន់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីណាមួយរបស់កម្ពុជា ជាមួយប្រទេសជាដៃគូបានចូលជាធរមាននៅឡើយ ខណៈកាលពីដើមឆ្នាំ មន្ត្រីជាន់កម្ពុជាបានបញ្ជាក់នឹងអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន៣ នឹងចូលជាធរមាន ក្នុងឆ្នាំ២០២១។

លោកប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាបានថ្លែងថា បញ្ហាកូវីដ១៩គឺជាកត្តាមួយ ដែលរារាំងដល់ដំណើរការនិងការចូលជាធរ​មានរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា និងនិងប្រទេសជាដៃគូ ដែលបានចុះហត្ថលេខារួចហើយនោះ។

លោកបន្តថា “តាមពិតទៅសេចក្តីព្រាងច្បាប់ស្ដីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ជាមួយនឹងចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានធ្លាក់ដល់ដៃសភាទាំងពីររួចហើយ និងកំពុងពិនិត្យនិងផ្ដល់យោបល់”។

លោកបន្តថា សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ដែលរំពឹងថានឹងចូលជាធរមានមុនគេនោះ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន ហើយកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះដែរ បើសិនជាភាគីចិនបានរួចរាល់ដំណាលគ្នានឹងកម្ពុជាដែរនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងចូលជាធរមាននៅដើមឆ្នាំ២០២២ខាងមុខនេះហើយ។

លោកប៉ែន សុវិជាតិបានបន្តថា “ក្នុងឆ្នាំ២០២១នេះ ប្រហែលជាមិនអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មពាណិជ្ជកម្មសេរីណាមួយ នឹងចូលជាធរមាននោះទេ”។

លោកបន្ថែមថា ភាពយឺតយ៉ាវនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់កម្ពុជា គឺដោយសារតែស្ថានភាពរីករាលដាលនៃកូវីដ១៩ មិនអាចឱ្យយើងដាក់ឯកសារសម្រាប់ពិនិត្យនិងវាយតម្លៃបាន ប៉ុន្តែយ៉ាងណាក៏យើងរំពឹងថានៅឆ្នាំក្រោយនេះ នឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាបន្តបន្ទាប់ចូលជាធរមាន។

ជាមួយគ្នានេះ លោកគី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចកម្ពុជាមួយរូបបានលើកឡើងផងដែរថា ការពន្យារពេលចូលជាធរមាន នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេ​សផ្សេងៗ ក៏ផ្ដល់ប្រយោជន៍ដល់កម្ពុជាផងដែរ ។

នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចូលជាធរមាន ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ពេលនោះរាល់ទំនិ​ញនាំចូលមកប្រទេសកម្ពុជានឹងលែងបង់ពន្ធ ធ្វើឱ្យកម្ពុជាត្រូវបាត់បង់ចំណូលពន្ធមួយចំនួន ខណៈកម្ពុជាពេលនេះ កំពុងត្រូវការថវិកាសម្រាប់ប្រើប្រាស់ ក្នុងការទប់ស្កាត់កូវីដ១៩ផងដែរ។ ក្នុងនោះដែរនៅពេលកម្ពុជា ចូលចេញទៅកាន់ប្រទេសចិន ក៏មិនតម្រូវឱ្យបង់ពន្ធនាំចូលដែរ ។

លោកបន្តថា “ការពន្យាពេលនេះក៏អាចទុកពេលឱ្យកម្ពុជា ដើម្បីត្រៀមខ្លួនរួចរាល់ក្នុងការចូលជាធរមាន និងត្រូវត្រៀមនូវមុខទំនិញណាអាទិភាព សម្រាប់នាំចេញទៅកាន់ប្រទេសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម”៕

ចំណេះដឹង​ថ្មីៈតើ​ត្រូវ​មាន​ឯកសារ​អ្វីខ្លះ​សម្រាប់​ចុះបញ្ជី​សារពើពន្ធ​សំរាប់វិស័យអចលនទ្រព្យ?

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ អ្នកជាប់ពន្ធ​ដែល​មាន​អចលនទ្រព្យ​ មានតម្លៃ​លើស​ពី១០០លាន​រៀល​ឡើង​ទៅ ត្រូវ​មាន​កាតព្វកិច្ច​ចុះបញ្ជី​នៅ​រដ្ឋា​បាល​សារពើពន្ធ​ ក្នុង​ភូមិសាស្ត្រ​ដែល​អចលនទ្រព្យ​នោះ​ស្ថិតនៅ​ យ៉ាង​យឺត​បំផុត​ត្រឹម​ថ្ងៃទី៣០ខែកញ្ញា​នៃ​ឆ្នាំ​ជាប់ពន្ធ​។

យោង​តាម​កា​រស​ចក្តី​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ កាលពី​ឆ្នាំ​ ២០១០​ បានឱ្យ​ដឹង​ថា​ ការចុះបញ្ជី​នៅ​រដ្ឋបាល​សារពើពន្ធ​ អ្នកជាប់ពន្ធ​ត្រូវ​បំពេញ​ទម្រុ​ងចុះបញ្ជី​អចលនទ្រព្យ​ ដែល​បាន​ផ្តល់​ជូន​ដោយ​ឥតគិតថ្លៃ​ និង​ភ្ជាប់​មក​ជាមួយ​នូវ​ឯកសារ​ថតចម្លង​ដូច​ខាងក្រោម​ ដូចជា​ ទី១​ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ឬ សំបុត្របញ្ជាក់​កំណើត​ ឬលិខិតឆ្លងដែន​សម្រាប់​ជនបរទេស​ ទី២ សៀវភៅ​គ្រួសារ​ ឬសៀភៅ​ស្នាក់នៅ​ ឬលិខិតបញ្ជាក់​ទីលំនៅ​។

ទី៣​ បណ្ណ​សម្គាល់​សិទ្ធិ​ ឬបណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ ឬវិញ្ញា​បន​បត្រ​សម្គាល់​ម្ចា់ស់​អចលនវត្ថុ​ ដែល​ចេញ​ដោយ​រដ្ឋបាល​សុរិយោដី​ ឬឯកសារ​ពាក់ព័ន្ធ​នឹង​ការ​កាន់កាប់​អចលនទ្រព្យ ​ដែល​បញ្ជាក់​ដោយ​អាជ្ញាធរ​ឃុំ​-សង្កាត់​ឡើង​ទៅ​។

នៅពេល​បាន​ចុះបញ្ជី​ អ្នកជាប់ពន្ធ​ត្រូវ​បាន​ទទួលលិខិត​បញ្ជាក់​ ពី​ការចុះបញ្ជី​ពន្ធ​លើ​ចលនទ្រព្យ​ ដែល​មានការ​ចុះ​លេខ​អត្តសញ្ញាណ​កម្ម​ពន្ធ​ លើ​អចលនទ្រព្យ​សម្រាប់​សម្គាល់​អចលនទ្រព្យ​នី​មួយ​ៗ ដែល​ចេញ​ដោយ​រដ្ឋបាល​សារពើពន្ធ​។ អ្នកជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​លេខ​អត្តសញ្ញាណ​កម្ម​នេះ​ លើ​ឯកសារ​ទាក់ទិនទៅនឹង​ពន្ធ​លើ​អចលនទ្រព្យ​។ អចលនទ្រព្យ​ ដែល​បាន​ចុះបញ្ជី​រួចហើយ​ មិន​ត្រូវ​បាន​ចុះបញ្ជី​ឡើងវិញ​នៅ​ឆ្នាំ​បន្តបន្ទាប់​។

ក្នុងករណី​អចលនទ្រព្យ​ត្រូវ​បំបែក​ដើម្បី​លក់​ ឬផ្ទេរ​ ឬផ្តល់​ជាអំណោយ​ អ្នកជាប់ពន្ធ​ត្រូវ​ផ្តល់​ព័ត៌មាន​ជូន​រដ្ឋបាល​សារពើពន្ធ​ ដើម្បី​រៀបចំ​លេខ​អត្តសញ្ញាណ​កម្ម​ពន្ធ​ លើ​អច​ល​នទ្រព្យ​ជាថ្មី​ (ឧទាហរណ៍​ អ្នកជាប់ពន្ធ​ មាន​ដី​មួយ​កន្លែង​ ហើយ​ត្រូវ​បាន​ពុះ​ជា​ឡូ​តិ៍​ ដើម្បី​លក់​ ផ្ទេរ​ ឬផ្តល់​ជាអំណោយ​)៕ (propertyarea.asia)៕

តើអ្វីជាមូលដ្ឋានសំខាន់ៗនៃប្រព័ន្ឋឌីជីថលសម្រាប់​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​?

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការរីកចម្រើននៃប្រព័ន្ឋឌីជីថល ពិតជាមានសារៈសំខាន់ក្នុងការងារជាច្រើន ហើយឌីជីថលកាន់តែត្រូវបាន ប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងបរិបទកូវីដ១៩ ដូច្នេះ​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​អចលនទ្រព្យ ​របស់​អ្នក​លេចធ្លោ​ក្នុងចំណោម ​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក អ្នកវិនិយោគ​ត្រូវបង្កើត​យុទ្ធសាស្ត្រ​ទីផ្សារ​ឌីជីថល​ថ្មីៗ​ឲ្យ​បាន​ច្រើន​។​
ប្រព័ន្ឋឌីជីថលសំខាន់ៗជាច្រើន យើងនឹងលើកយកមកបង្ហាញ ដើម្បីធ្វើជាត្រីវិស័យមួយ សម្រាប់អ្នកអភិវឌ្ឍន៍ ភ្នាក់ងារ និងអ្នកវិនិយោគលើវិស័យអចលនទ្រព្យគួរពិចារណា។

ទី១ បង្កើន​វត្តមាន និង​យុទ្ធសាស្ត្រ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​អ្នក​
ការធ្វើ​ទីផ្សារ​អាជីវកម្ម ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម ជាពិសេស​ដើម្បី​ឲ្យ​តាម​ទាន់សម័យ​និន្នាការ (Trend) សង្គម ពិតជា​សំខាន់​សម្រាប់​អាជីវកម្ម​នីមួយៗ​។ ប្រសិន​បើ​គោលដៅ​អតិថិជន​ប្រើប្រាស់ ឬ​មាន​វត្តមាន​លើ​បណ្តាញ​សង្គម​ផ្សេងៗ ដូចជា​ហ្វេ​ស​ប៊ុ​ក​ជាដើម នោះ​អាជីវកម្ម​របស់​អ្នក​ គួរតែមាន​វត្តមាន​នៅលើ​គ្រប់​បណ្តាញ​សង្គម ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​ម៉ាក​យីហោ​របស់​អ្នក ជាមួយនឹង​អតិថិជន​របស់​អ្នក​។

អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត​នោះ​គឺ សព្វថ្ងៃនេះ មនុស្ស​ភាគច្រើន​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ស្វែងរក​ទិញ​ផលិតផល​អ្វីមួយ​។ ជាក់ស្តែង​ដូចជា ការទិញ​អចលនទ្រព្យ មុននឹង​សម្រេចចិត្ត​ទិញ​អចលនទ្រព្យ​អ្វីមួយ មនុស្ស​ភាគច្រើន​តែងតែ​ស្រាវជ្រាវ ប្រមូល​រាល់​ព័ត៌មាន​ទាំងអស់​តាម​គេហទំព័រ ឬ​បណ្តាញ​សង្គម​ផ្សេងៗ គ្នា​។ ដូច្នេះបណ្តាញ​ទំនាក់ទំនង​សង្គម ​មិន​ត្រឹមតែ​ជា​កន្លែង ​សម្រាប់​ប្រាស្រ័យ​ទាក់ទង​តែប៉ុណ្ណោះ​ទេ ថែមទាំង​ជា​កន្លែង​ដែរ អ្នក​អាចដាក់​បង្ហាញ​អំពី​ផលិតផល និង​សេវាកម្ម​របស់​អ្នក​ផងដែរ​។

ទី២. បង្កើត​វត្តមាន​នៅលើ​កម្មវិធី Google My Business៖ 
វិធីសាស្ត្រ​មួយទៀត ដែលមាន​ប្រសិទ្ធិភាព​បំផុត ​ក្នុង​ការធ្វើ​ទីផ្សារ​ឌីជីថល​នោះ​គឺ ការបង្កើត​វត្តមាន​អាជីវកម្ម​របស់​អ្នក​លើ​កម្មវិធី Google My Business​។ កម្មវិធី Google My Business មាន​តួនាទី​ចាំបាច់​បំផុត​ សម្រាប់​អាជីវកម្ម​របស់​អ្នក ព្រោះ​អ្នក​អាចបង្កើត​វត្តមាន​អាជីវកម្ម​របស់​អ្នក​លើ​ប្រព័ន្ធ​ឌីជីថល​ដូចជា​ កម្មវិធី Google Search, Google Map និង Google Plus​។

អ្នក​អាច​បញ្ចូល​ព័ត៌មាន​លម្អិត​ទាំង​អស់ នៃ​អាជីវកម្ម​របស់​អ្នក​នៅលើ​កម្មវិធី Google ដែលមាន​ដូចជា​ លេខ​ទូរស័ព្ទ អ៊ី​ម៉ែ​ល គេហទំព័រ អាសយដ្ឋាន ម៉ោង​ធ្វើការ​ផ្សេងៗ​។ ដូច្នេះ អតិថិជន​របស់​អ្នក​ងាយស្រួល​ ក្នុងការ​ស្វែងយល់​បន្ថែម​ពី​អាជីវកម្ម​របស់ ដោយសារតែ​វា​នឹង​លេចឡើង​ នៅលើ​កម្មវិធី Google Search Result​។​

ទី៣. បង្កើត​គេហទំព័រ​គួរឱ្យ​ចាប់អារម្មណ៍​
ទីផ្សារ​ឌីជីថល​មាន​ច្រើនបែប ច្រើនយ៉ាងក្នុងនោះ​គេហទំព័រ ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​ទីផ្សារ​ឌីជីថល សម្រាប់​អាជីវកម្ម​អចលនទ្រព្យ​ផងដែរ ដោយសារតែ​មនុស្ស​មួយចំនួន​យល់ឃើញថា អាជីវកម្ម ដែលមាន​គេហទំព័រ​ច្បាស់លាស់ គឺជា​អាជីវកម្ម​មួយ ដែលមាន​ជំនាញ​វិជ្ជាជីវៈ និង​អាច​ទុកចិត្តបាន​។ ដូច្នេះហើយ គេហទំព័រ​អាជីវកម្ម​របស់​អ្នក​គួរតែមាន​ភាពងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់ ហើយ​មាន​ភាព​ប្រាស្រ័យ​ទាក់ទង​គ្នា​ពី​ទំព័រ​មួយ ទៅ​ទំព័រ​មួយទៀត​។​

ទី៤. ប្រើ​រូបភាព​ពិត និង​រូប​ភាពជា​ប្រភេទ 3D ដែលមាន​គុណភាព​ខ្ពស់​
សម្រាប់​អាជីវកម្ម​អចលនទ្រព្យ រូបភាព​ដើរតួ​យ៉ាងសំខាន់ ព្រោះ​វា​បង្ហាញ​ភាពស្រស់ស្អាត​ពី​គម្រោង​របស់​អ្នក​។ បើ​គ្មាន​រូបភាព​អតិថិជន​របស់​អ្នក នឹង​មិនអាច​ស្រមៃ និង​សម្គាល់​ភាព​ប្លែក​ នៃ​គម្រោង​របស់​អ្នក​បានឡើយ​។ រូបភាព​ត្រូវតែ​ប្រកបដោយ​គុណភាព​ខ្ពស់ និង​បង្ហាញ​រូបភាព​ពិត ​នៃ​គម្រោង​អចលនទ្រព្យ​របស់​អ្នក​។ ដូច្នេះ សម្រាប់​អាជីវកម្ម​អចលនទ្រព្យ អ្នក​គួរតែ​ជួល​អ្នក​ថតរូប​អាជីព ដែល​អាច​ផលិត​រូបភាព ដែលមាន​គុណភាព​ខ្ពស់​នៃ​គម្រោង​ស្ថាបត្យកម្ម​របស់​អ្នក​។​

ទី៥. បង្កើត​ទស្សនកិច្ច​គំរូ​ផ្ទះ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​
ដើម្បី​ផ្តល់​ឲ្យ​គោលដៅ​អតិថិជន​របស់​អ្នក ​នូវ​អារម្មណ៍​ជាក់ស្តែង​ នៃ​គម្រោង​អចល​នទ្រព្យ​របស់​អ្នក អ្នក​អាចបង្កើត​ទស្សនកិច្ច​បែប​សប្ប​និម្មិត ឬ ដែល​គេ​ស្គាល់​ជាទូទៅ​ថា “​ដំណើរ​ទស្សនកិច្ច​បែប 3D” ដែល​អតិថិជន​របស់​អ្នក​ អាច​ចូលទៅ​កាន់​គេហទំព័រ​អាជីវកម្មរ​បស់​អ្នក ដើម្បី​ទស្សនកិច្ច​គម្រោង​ផ្ទះ​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​។ ជាក់ស្តែង អ្នក​អាច​ស្រមើល​ស្រមៃ​ថា ទស្សនកិច្ច​បែប3D មើលទៅ​ស្រដៀង​គ្នា​ទៅនឹង​កម្មវិធី Street View នៅលើ​កម្មវិធី Google Map ប៉ុន្តែ សម្រាប់ ប្រព័ន្ធ​កម្មវិធី​ទស្សនកិច្ច​បែប3D អនុញ្ញាតឱ្យ​អតិថិជន​ចូល​មើល​ទិដ្ឋភាព ​នៃ​គម្រោង​ផ្ទះ​របស់​អ្នក​តាមរយៈ​ប្រព័ន្ធ​ឌីជីថល​។

ទី៦ផលិត​វីដេអូ ដែលមាន​គុណភាព​ខ្ពស់​ដើម្បី​ពិពណ៌នា​អំពី​លក្ខណៈពិសេស​នៃ​គម្រោង​
វីដេអូ ក៏​ជា​ផ្នែក​មួយ​យ៉ាងសំខាន់ ​សម្រាប់​អាជីវកម្ម​អចលនទ្រព្យ​។ វីដេអូ ដែលមាន​ភាព​ទាក់ទាញ គឺ​ចង្អុលបង្ហាញ​អំពី​ភាពស្រស់ស្អាត​ នៃ​គម្រោង​អចលនទ្រព្យ​របស់​អ្នក ហើយ​អតិថិជន ​ក៏​អាច​ស្រមើល​ស្រមៃ​ឃើញ​ ពី​គ្រោង​របស់​អ្នក ​តាមរយៈ​វីដេអូ​ផងដែរ​។ វី​ដែ​អូ​ថែមទាំង​ជា​យុទ្ធសាស្ត្រ​ដ៏​មាន​ឥទ្ធិពល ដែល​ធ្វើឱ្យ​សាធារណជន​ទូទៅ​អាចយ​ល់ពី​គម្រោង​របស់​អ្នក​បាន​យ៉ាង​ឆាប់រហ័ស ហើយ​អតិថិជន ក៏មាន​ភាពងាយស្រួល​ក្នុងការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​របស់​អ្នក​ផងដែរ​។

ប្រសិនបើ អ្នកមាន​ផលវិបាក​ក្នុង​ការផលិត​វីដេអូ ដែលមាន​គុណភាព​ខ្ពស់ អ្នក​អាចទាក់ទង KOUPREY Digital តាមរយៈ​អ៊ី​ម៉ែ​ល​ ឬ​តាមរយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ក៏​បានដែរ​។​

ទី៧. បង្កើត​សាច់រឿង (Storytelling) ទាក់ទាញ​សម្រាប់​អាជីវកម្ម​របស់​អ្នក​
សាច់រឿង (Storytelling) គឺជា​វិធីសាស្ត្រ​មួយ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​គោលដៅ​អតិថិជន​របស់​អ្នក និង​បង្ហាញ​ពី​គុណ​តម្លៃ​នៃ​អាជីវកម្ម​របស់​អ្នក​។ អ្នក​អាច​បង្ហា​ញ​អំពី​សាច់រឿង (Storytelling) នៃ​អាជីវកម្ម​របស់​អ្នក​នៅលើ សៀវភៅ​អេ​ឡិច​ត្រូ​និ​ច (E-Book) អត្ថបទ (blog post) និង​គេហទំព័រ “​អំពី​យើង” ។ លើសពីនេះទៅទៀត​សាច់រឿង (Storytelling) នៅក្នុង​វិស័យ​អចលនទ្រព្យ គឺជា​យុទ្ធសាស្ត្រ​ទីផ្សារ ដែល​ធ្វើឱ្យ​អតិថិជន​របស់​អ្នក មាន​ការពេញចិត្ត​នឹង​ម៉ាក​យីហោ​របស់​អ្នក ហើយ​វា​ក៏​ជំរុញ​ទឹកចិត្ត​អតិថិជន​ឱ្យ​ទិញ​ផលិតផល​របស់​អ្នក​។​

ទី៨. ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ (Ads) តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ឱ្យបាន​ច្រើន​
នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម អ្នកប្រើប្រាស់​ត្រូវបាន​កំណត់​គោលដៅ ​ច្បាស់លា​ស់ ដោយ​ផលិតផល និង​សេវាកម្ម ដែល​ពួកគេ​ចាប់អារម្មណ៍​។ ដូច្នេះ សម្រាប់​ម្ចាស់​អាជីវកម្ម​គ្រប់រូប ត្រូវ​ប្រាកដថា ការផ្សព្វផ្សាយ​ផលិតផល​លើ​បណ្តាញ​សង្គម​របស់​អ្នក ត្រូវបាន​កត់សម្គាល់​ពី​គោលដៅ​អតិថិជន​របស់​អ្នក​។​

ទី៩. បង្កើត​អត្ថបទ ដែលមាន​ខ្លឹមសារ​អប់រំ​
អត្ថបទ ដែលមាន​ខ្លឹមសារ គឺជា​វេទិកា​ដ៏​សំខាន់​មួយ​ ដើម្បី​បង្ហាញ​អតិថិជន​របស់​អ្នក​ថា អ្នកមាន​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ ហើយ​ក្នុងនោះ​ផងដែរ ពួកគេ​ក៏​អាច​ទទួលបាន​ព័ត៌មាន អត្ថប្រយោជន៍ និង​ការយល់ដឹង​ខ្លះៗ ពី​អាជីវកម្ម​របស់​អ្នក​។ លើសពីនេះ​ទៀត អាជីវកម្ម​របស់​អ្នក ក៏​អាច​រក្សា​ភាពទាន់សម័យ ​ជាមួយនឹង​និន្នាការ​អចលនទ្រព្យ​ជុំវិញ​ពិភពលោក ហើយ​អ្នក​អាចបង្កើត​បណ្តាញ​កាន់តែច្រើន ​ជាមួយ​មនុស្ស​ផ្សេងៗ នៅពេល​ពួកគេ​ចូលមក​អាន​អត្ថបទ​នៅលើ​គេហទំព័រ​របស់​អ្នក​។​

ទី១០. បង្កើត​អត្ដ​សញ្ញាណ​សម្រាប់​ម៉ាក​យីហោ​របស់​អ្នក​ជាមួយ KOUPREY Digital
ដើម្បី​សម្រេចបាន​នូវ​វិធីសាស្ត្រ ដែល​បាន​រៀបរាប់​ខាងលើ ម្ចាស់​អាជីវកម្ម​គ្រប់រូប​ត្រូវ​ចាត់វិធានការ​មួយ​ជំហាន​ម្តងៗ​។ ដំបូង​អ្វី ដែល​អ្នក​ត្រូវធ្វើ គឺ​កសាង​អត្តសញ្ញាណ​ម៉ាក​របស់​អ្នក ដែល​តម្រូវ​គោលដៅ​អតិថិជន​របស់​អ្នក​។ KOUPREY Digital អាចជួយ​បង្កើត​អត្តសញ្ញាណ​ម៉ាក​គ្រប់​ប្រភេទ​រួមមាន​ដូចជា ការ​រចនា​និមិត្តសញ្ញា លំនាំ​គំរូ ស្លាក ឬ​ពាក្យស្លោក សិល្បៈ​ខាង​រៀប​អក្សរពុម្ព ពណ៌ ការ​រចនា​វេច​ខ្ចប់ សារ​ខ្លីៗ និង​ការផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​។

ជាមួយនឹង​ការរួមបញ្ចូល​គ្នា ​នៃ​យុទ្ធសាស្ត្រ​ទាំងនេះ អាជីវកម្ម​របស់​អ្នក​អាច​នឹង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មីៗ ដើម្បី​ទាក់ទាញ​អតិថិជន​ថ្មីៗ ហើយ​វា​ក៏​ធ្វើឱ្យ​អតិថិជន​ចាស់​មាន​អារម្មណ៍​កក់ក្តៅ ​ជាមួយ​អាជីវកម្ម​របស់​អ្នក​ផងដែរ​៕

ប្រទេសប្រ៊ុយណេបានជាប់ចំណាច់ថ្នាក់ទីបីដែលមានហានិភ័យសេដ្ឋកិច្ចទាបបំផុតនៅក្នុងតំបន់អាស៊ាន

ដោយៈ សុជាតា

ប្រុយណេៈ យោងតាមរបាយការណ៍ស្រាវជ្រាវ របស់មជ្ឍមណ្ឌលសម្រាប់យុទ្ធសាស្រ្ត និងការសិក្សាគោលនយោបាយបានបង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសប្រ៊ុយណេ ដារ៉ូសាលឹម នៅតែរក្សាកំណើងស្ទុះឡើង ប៉ុន្តែនៅតែប្រឈមមុខនឹងហានិភ័យនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលក្តី។

ថ្វីបើលទ្ឋផលផ្ទុយពីកំណើនកំណើន នៅត្រីមាសទីមួយឆ្នាំនេះ ក៏សេដ្ឋកិច្ចប្រ៊ុយណេរំពឹងទុកថា កើនឡើងគួរកត់សំគាល់នៅចុងឆ្នាំ២០២១ ដោយសារកំណើនដែលពឹងផ្អែកលើវិស័យជាច្រើន ដែលជាតំរូវការខាងក្រៅ និងពង្រឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកផងដែរ។

នៅខែមិថុនានេះ ទស្សនៈវិស័យអភិវឌ្ឍអាស៊ីឆ្នាំ២០២១ បាននិយាយថា សេដ្ឋកិច្ចប្រ៊ុយណេរំពឹងថា នឹងមានភាពរឹងមាំនៅឆ្នាំ២០២១ ហើយនិងសំរាប់ឆ្នាំ២០២២ ទៅលើបរិយាកាសខាងក្រៅ ដោយធ្វើអោយផលិតផលក្នុងស្រុកសរុប នឹងកើនឡើងរហូតដល់ ២.៥ភាគរយនៅឆ្នាំនេះ និង៣ភាគរយនៅឆ្នាំក្រោយ។

របាយការណ៍បានពន្យល់ពីមូលហេតុ កំណើនសេដ្ឋកិច្ចឆ្នាំ២០២១នេះ ដោយសារការគាំទ្រពីតំរូវការពិភពលោក និងការកើនឡើងតម្លៃខ្ពស់ទៅលើប្រេងឥន្ធនៈ និងហ្គាសដែលនឹងជំរុញប្រាក់ចំណូលរដ្ឋាភិបាល និងគាំទ្រដល់ការប្រើប្រាស់របស់រដ្ឋាភិបាល។ ជាងនេះទៀត ការប្រើប្រាស់ទំនិញ និងសេវាកម្មរបស់វិស័យឯកជន បន្តពង្រឹងបន្ថែមទៀត។

បើតាមការវិភាគឥណទានរបស់ភ្នាក់ងារ Moody’s បានចាត់ចំណាត់ថ្នាក់ប្រទេសប្រ៊ុយណេនៅលំដាប់លេខបីក្នុងអាស៊ាន ដែលមានហានិភ័យសេដ្ឋកិច្ចទាប បន្ទាប់ពីប្រទេសសិង្ហបុរី និងប្រទេសកម្ពុជា។

ការវិភាគរបស់ Moody បានបង្ហាញអោយដឹងថា កត្តាបីយ៉ាងដែលពិចារណាវាយតម្លៃហានិភ័យសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ មានដូចជា អត្រាចាក់វាក់សាំងទាប ការកើនឡើងករណីឆ្លងខ្ពស់ និងអត្រាអ្នកស្លាប់ខ្ពស់ដោយសារជំងឺកូវីត ១៩ ដែលប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ចប្រទេសនិមួយៗនោះផងដែរ៕

វិភាគលើមូលដ្ឋានអ្វីខ្លះទើបអាចដឹងថាការទិញអចលនទ្រព្យរបស់អ្នកជាការវិនិយោគត្រឹមត្រូវ?

ដោយៈគង់ ម៉ាលីន

ភ្នំពេញៈ អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា វិស័យមួយនេះបានក្លាយជាមុខរបរមួយ ដែលទាក់ទាញអ្នកចូលរួមកាន់តែច្រើន នាំអោយមានការបែងចែកចំណែកទីផ្សា ជាធម្មតា កាលណាមានកាផ្គត់ផ្គង់ច្រើន តម្រូវការមានការថយចុះជារឿងធម្មតា។

ស្ថានភាពសេដ្ឋកិច្ចថមថយបែបនេះ ដែលនាំឱ្យមនុស្សជាច្រើនបាតបង់ចំណូលធ្វើឱ្យវិស័យមួយនេះហាក់ដូចជាមានសញ្ញាមិនសូវជាវិជ្ជៈមានតាំពីដើមឆ្នាំ ហើយលេចរូបរាងកាន់តែច្បាស់ចាប់តាំង ពីដើមឆមាសទីពីរមករហូតដល់បច្ចុប្បន្ន។

តែទោះបីយ៉ាងណាក៏ដោយ ចំពោះអ្នវិនិយោគដែលមានវិជ្ជាជីវៈ មានដើមទុន និងផែនការច្បាស់លាស់ ប្រកបដោយទស្សនៈ និងក្ខុវិស័យ មានកេរ្ត៍ឈ្មោះល្អ ទីតាំងល្អ គុណភាពល្អ លក្ខខណ្ឌល្អ និងការផ្សព្វផ្សាយទូលំលូលា យគឺនៅតែអាចទទួលបានភាពជោគជ័យក្នុងវិស័យមួយនេះ។

ចុះចំពោះអ្នកទិញ សួរថាគួរទិញដែរឬទេ? ហើយបើទិញគួរទិញ ពេលណា បែបណា របៀបណា ? 
ការទិញអចលនទ្រព្យមិនរើសពេលនោះទេ មិនថាពេលណានោះទេ ឱ្យតែយើងមានចំណេះដឹង និងផែនការ ធ្វើតាមសម្បទា ព្រោះស្ថានភាពរបស់មនុស្សម្នាក់ៗ មិនដូចគ្នាទេ ហើយពេលដែលអចលនទ្រព្យជាប់គាំង វាជាពេលល្អសម្រាប់ទិញ។ ដូចច្នេះបើអ្នកសិក្សាមើលលទ្ធភាពអាចទៅរួចគឺគួលៃលក ព្រោះយោងតាមទ្រឹស្ត្រីអចលនទ្រព្យបរទេសមួយបានពោលថា Don’t Wait To Buy, Buy then Wait! ឬមានន័យថា “កុំរង់ចាំទិញ ចូរទិញហើយរង់ចាំ” តែដើម្បីទិញក្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល អ្នកទិញគួរមានវត្ថុបំណងច្បាស់លាស់ពីការទិញ សម្បទា(លទ្ធិភាព) និងកាលទេសៈសមគួរ។

ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានចំណូល ចាប់ពី200$ ដល់300$ក្នុងមួយខែ អាចមានលត្ថភាពទទួលបានអចលនទ្រព្យ ជាកម្មសិទ្ធិស្របច្បាប់ និងមិនប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ មានឪកាសលក់បានចំណេញ ក្នុងរយៈពេលខ្លី និងរយៈពេលវែង យើងសូមឡើងនៅចំនុចមួយចំនួនដូចខាងក្រោយ។

1.ការត្រៀមខ្លួនរបស់អ្នកទិញ 
– អាចមានលទ្ធភាពបង់រំលស់ប្រចាំខែបាន ដោយសល់ប្រាក់ចាយវាយចិញ្ចឹមជីវិត។
-គ្មានការអូសទាញពីបុគ្គល់ដទៃ ជាពិសេសបណ្តាញទីផ្សារ ដែលនិយាយតែពីស ក្តានុពល និងផលចំណេញ ដោយមិនបានរៀបរាប់ពីលក្ខណៈសម្បត្តិពិត របស់អចលនទ្រព្យនោះទេ ហើយពួកគេច្រើនគ្មានចមណេះដឹងផ្នែកអចលនទ្រព្យ និងហិរញ្ញវត្ថុនោះទេ គ្រាន់តែជាឧបករណ៍របស់ឈ្មួញខ្វះវិជ្ជាជីវៈតែប៉ុណ្ណោះ។
-បានពិចារណាថា តើដីដែលយើងទិញត្រូវវត្ថុបំណងរបស់យើងដែរឬទេ ដើម្បីរស់នៅ ទុកយកចំណេញ ឬសន្សំវិនិយោគ។
-បានមើលទីតាំងផ្សេងៗ ដើម្បីធ្វើការប្រៀបធៀបពិចារណា អោយបានគ្រប់ជ្រុងជ្រោយ ដោយប្រាកដថាទិញក្នុងតម្លៃទីផ្សា ឬក្រោមទីផ្សា ស្របតាមលក្ខណៈសម្បត្តិរបស់អចលនទ្រព្យ(មិនទិញថ្លៃពេក)។
-បានចុះទីតាំងផ្ទាល់ជាក់ស្តែង ឬស្គាល់ភូមិសាស្ត្រច្បាស់លាស់ដែ ឬជាកន្លែងដែលយើងស្គាល់ច្បាស់។
-សួរនាំ និងសុំឯកសារគតិយុទ្ធ(ច្បាប់)ផ្សេងៗដែលអ្នកលក់មាន។

2.លក្ខណសម្បត្តិរបស់អចលនទ្រព្យ 
-មានតភ្ជាប់ជាមួយផ្លូវរដ្ឋដែរឬទេ
-មានចំងាយមិនឆ្ឆាយ ឬជិតទីប្រជុំជនអាទិភាព
-ហេដ្ឋារចនាសម្ព័ន ផ្លូវ ឡូ ទឹក ភ្លើង ។ល។
-ទទួលខុសត្រូវផ្លូវច្បាប់កម្រិតណា ប្លង់ រឹង ឬទន់
-កាតព្វកិច្ចពន្ធ ប្រថាប់ត្រា ជាបន្ទុករបស់យើង ឬភាគីអ្នកលក់៕

ប្លង់ស្ថាបត្យកម្មអគារកប់ពពកនៅទីក្រុងកោះនរាបានបង្ហាញរូបរាងពិតហើយ

ដោយៈស៊ីវ ម៉េង

ភ្នំពេញៈ ប្លង់ស្ថាបត្យកម្មអគារកប់ពពក ដែល​នឹងសាងសង់លើទីក្រុងកោះនរាបានបង្ហាញរូបរាងពិតហើយ តាមរយៈការបង្ហើបឲ្យដឹងពីថ្នាក់ដឹកនាំជាន់ខ្ពស់ នៃក្រុមហ៊ុន OCIC។

អគារកប់ពពក ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនេះ គ្រោងសាងសង់តាំងពីខែមិថុនា កន្លងមកនេះ ប៉ុន្តែអ្វីៗត្រូវបានពន្យាពេល ដោយសារការរាតត្បាតជំងឺកូវីដ១៩។

អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៤ កញ្ញាកន្លងមកថា អាគារកប់ពពកនេះ ជាគម្រោងអស្ចា រ្យមួយ បើធៀបនឹងគំរោងអគារកំពស់៥៥៥ម៉ែត្រ ដែលគ្រោងសាងសង់នៅលើទីក្រុងកោះពេជ្រ។

លោកបន្តថា អគារដ៏ខ្ពស់នេះ នឹងអាចពន្យាពេលសាងសង់បន្ថែមទៀត ដោយសារវិបត្តិសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីជំងឺកូវីដ១៩”។

ទោះជាយ៉ាងណាលោកសំណាង មិនទាន់បង្ហើបពីគំរោងនេះមានកំពស់ប៉ុន្មានជាន់ និងស្មើនឹងប៉ុន្មានរយម៉ែត្រនៅឡើយទេ និងចំណាយទឹកប្រាក់ប៉ុន្មានរយឬពាន់លាន​ដុល្លារនោះទេ គ្រាន់តែប្រាប់ថាវាខ្ពស់ និងជាស្ថាបត្យកម្មដ៏អស្ចារ្យមួយ។

លោកបន្តថា អគារនេះ នឹងសាងសង់នៅក្បែរ ស្ពានឆ្លងពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកផះនរា ពោលគឺស្ថិតនៅតំបន់ប្រជុំក្បាលកោះ នៃគម្រោងទីក្រុងរណបកោះនរា។ គំរោងនេះនឹងក្លាយជា Land Mark ថ្មីមួយនៃទីក្រុងភ្នំពេញ ដែលជាមោទនភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

ទីក្រុងកោះនរា មានទំហំផ្ទៃដី១២៥ហិកតា ដែលបច្ចុប្បន្នកំពុងចាក់បំពេញដោយខ្សាច់និងថ្ម។ ទីក្រុងរណបថ្មីនេះ ស្ថិតនៅក្នុងខ័៍ណ្ឌច្បារអំពៅ ជាខ័ណ្ឌថ្មីមួយនៃរាជធានីភ្នំពេញ ដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕

សេចក្តីព្រាងច្បាប់ធំៗចំនួនបី ដែលជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរដ្ឋមន្រ្តីពាណិជ្ជកម្មការពារជាមួយព្រឹទ្ឋសភា

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ សេចក្តីព្រាងច្បាប់ធំៗចំនួនបី ដែលជាការបើកផ្លូវសម្រាប់ជំរុញពាណិជ្ជកម្ម និងសេដ្ឋកិច្ចកម្ពុជា ត្រូវបានរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តឡើង ការពារជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា។

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំ ការពារសេចក្តីព្រាងច្បាប់ចំនួន ៣រួមមាន ទី១ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ទី២ សេចក្តីព្រាងស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា-រដ្ឋាភិបាលនៃសាធា​រណរដ្ឋប្រជាមានិតចិន និងទី៣ សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង តាមប្រព័ន្ធវីដេអូ ជាមួយអន្តរគណៈកម្មការព្រឹទ្ធសភា ដឹកនាំដោយលោកគង់ សារាជ សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩នៃព្រឹទ្ធសភា។

ក្នុងនាមតំណាងរាជរដ្ឋាភិបាល លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានឡើងថ្លែងការពារសេចក្តីព្រាងច្បាប់ទាំងបីខាងលើ និងបានជម្រាបអង្គប្រជុំអំពីខ្លឹមសារសំខាន់ៗ ព្រមទាំងអត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបាន នៅពេលកិច្ចព្រមព្រៀងនិងច្បាប់ទាំងនេះចូលជាធរមាន និងបានឆ្លើយសំណួរស្វែងយល់បន្ថែម របស់គណៈកម្មការព្រឹទ្ធសភាយ៉ាងក្បោះក្បាយ។

លោកប៉ាន សូរស័ក្ត បានជម្រាបអង្គប្រជុំពីកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្ម សំដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយា​កាសធុរកិច្ច ក៏ដូចជាការធ្វើពិពិធកម្មទីផ្សារ និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ ដើម្បីជំរុញការនាំចេញ ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាលទ្ធផល បន្ទាប់ពីជជែកពិភាក្សាយ៉ាងផុសផុលរួចមក គណៈកម្មការទី៩នៃព្រឹទ្ធសភាបានអនុម័តយល់ព្រមទាំងស្រុង ដាក់សេចក្តីព្រាងច្បាប់ខាងលើ ដាក់ចូលក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាពេលខាងមុខ ដើម្បីស្នើសុំការអនុម័តយល់ព្រម។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា- រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានរដ្ឋសភាអនុម័តយល់ព្រមទាំងស្រុង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១រួចហើយ៕