ដោយៈគង់ សូរិយា
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីមសូមជម្រាបជូនដំណឹង ដល់ប្រធានក្រុមហ៊ុនសមាជិកសមាគមអំពីការរៀបចំសមាជសមាគមអចលនទ្រព្យអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅចន្លោះថ្ងៃទី២៤ ដល់២៥ វិច្ឆិកាខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់សមាគមបានឲ្យដឹងថា សមាគម CVEA ត្រូវបានធ្វើជាម្ចាស់ផ្ទះ នៅក្នុងសមាជលើកទី២៣ ក្រោមប្រធានបទ “ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩” របស់សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន។(ASEAN Valuers Association – AVA) ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៤ – ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈកម្មវិធី Webinar ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូមកពី៨ ប្រទេសជាសមាជិកអាស៊ាន (និងអ្នកតំណាងមកពីឡាវ ភូមា) សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចិន ជប៉ុន និងប្រទេសកូរ៉េ ។ល។
កិច្ចប្រជុំកំពូលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេស នៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ជាសកល។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ប្រធានក្រុមហ៊ុនជាសមាជិក មេត្តាជ្រាបជាពត៌មាន និងចូលរួមដោយការគួរ។
Date : 25 November 2021 Venue : Webinar
Ticket Fee : Free of charge
Registration : Link to register
(https://us02web.zoom.us/webinar/register/WN_D6_p4bjFSUGkNOxaU_ogZA)
For more information : www.cvea.org.kh/avacambodia
E-mail : [email protected] Tel:+855 17 615 894, +855 92 666 280។
សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន ( ASEAN Valuers Association – AVA ) ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៨១ មានសមាជិកចំនួន៨ប្រទេស ក្នុងតំបន់អាស៊ានដែលរួមមានប្រទេសកម្ពុជាផងដែរ តំណាងដោយ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។
យោងកិច្ចប្រជុំ AVA Governing Council លើកទី២២ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ កម្ពុជាត្រូវបានជ្រើសរើសធ្វើជាប្រធានប្តូរវេន នៃសមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) និងជាម្ចាស់ផ្ទះក្នុងការរៀបចំសមាជលើកទី២៣។ កិច្ចប្រជុំនេះ ធ្វើឡើងតាមរយៈប្រព័ន្ធកម្មវិធី Webinar (Zoom) ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាជិក និងសមាជិក ព្រមទាំងធ្វើការពិភាក្សាអំពីទីផ្សារអចលនទ្រព្យ និងស្តង់ដារបច្ចេកទេសនៃការវាយតម្លៃក្នុងតំបន់អាស៊ាន អំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-19 ជាសកល។
លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងថា រហូតមកទល់ពេលនេះ មានសមាជិកសមាគម អ្នកពាក់ព័ន្ឋក្នុងវិស័យអចលនទ្រព្យចុះឈ្មោះ ចូលរួមជាង១០០០នាក់ហើយ ប៉ុន្តែយើងចង់បានអ្នកចូលរួមកាន់តែច្រើនជាងនេះ ដើម្បីបានសិក្សាស្វែងយល់ពីវិស័យនេះ ក៏ដូចជាបច្ចេកទេសផ្សេងៗ នៃការវាយតម្លៃអចលនទ្រព្យក្នុងតំបន់អាស៊ាន ដែលអាចយកមកធ្វើជាបទពិសោធន៍ ពង្រីកចំណេះដឹង ក្នុងន័យចូលរួមចំណែកលើកកំពស់ និងបង្កើនទំនុកចិត្តក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែប្រសើរថែមទៀត៕