ដោយ: ម៉ាលីស
សៀមរាបៈ តាមការផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរាបានអោយដឹងថា ក្រុមការងារ នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងមមាញឹកបង្ហើយការងារ ដែលនៅសេសសល់ ក្នុងការដ្ឋានជួសជុល “ស្ពានហាល”ប្រាសាទអង្គរវត្តនេះ ហើយផែនការគ្រោងនឹងបញ្ចប់ទាំងស្រុង នៅចុងឆ្នាំ២០២១ខាងមុខនេះ។
លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្ត មានប្រសាសន៍ថា គិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ គម្រោងជួសជុលនេះ សម្រេចបានជិត១០០ភាគរយហើយ។ លោកអនសុភាព បន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយ ចំណែកនៅផ្នែកខាងក្រោម នៃជញ្ជាំងថ្មបាយក្រៀមសម្រេចបានប្រមាណ៨០ភាគរយ ហើយអាចនឹងបញ្ចប់ទាំងស្រុង នៅចុងឆ្នាំ២០២១នេះ។
ដោយឡែក ចំពោះការងារជួសជុលកំពង់ទឹក នៅផ្នែកខាងជើងនឹងត្រូវបន្តជួសជុល ដែលគម្រោងនេះ អាចនឹងប្រើពេលមួយឆ្នាំទៀត ដើម្បីជួសជុលឱ្យចប់រួចរាល់។
គម្រោងជួសជុល “ស្ពានហាល”អង្គរវត្តប៉ែកខាងជើងដំណាក់កាលទី២ មានប្រវែងសរុប៩៤ម៉ែត្រ បានចាប់ផ្តើមដំណើរការ កាលពីឆ្នាំ២០១៦ ដែលជាគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន៕