តម្លៃជួលខុនដូចាប់ផ្ដើមកើនឡើងវិញក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ តម្លៃខុនដូ បានវិលទៅរកស្ថានភាពប្រក្រតីឡើងវិញ ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស និងត្រៀមស្វាគមន៍វិនិយោគិន និងទេសចរណ៍អន្តរជាតិចូលមកដោយមិនធ្វើចត្តាឡីស័ក។

លោកនាក់ សមសែន អគ្គនាយកក្រុមហ៊ុន TENT KH បានថ្លែងក្នុងកិច្ចសម្ភាសន៍មួយកាលពីថ្ងៃទី១៥វិច្ឆិកា២០២១នេះឱ្យដឹងថា យើងបានសង្កេតឃើញថា នៅក្នុងវិបត្តិកូវីដ១៩តម្លៃជួលខុនដូ និងអាផាត់មិនមានការធ្លាក់ចុះបន្តិច តែមិនធ្លាក់ចុះខ្លាំងណាស់ណាទេ។ នៅមុនកូវីដ១៩ តម្លៃជួលបន្ទប់អាផាត់មិនគ្រែមួយ ដែលមាន៦០០ដុល្លារទៅ៧០០ដុល្លារបានធ្លាក់៥០ដុល្លារទៅ១០០ដុល្លារក្នុងមួយយូនីត ពោលគឺបានធ្លាក់ចុះពី៥ទៅ១០ភាគរយប៉ុណ្ណោះ។

ប៉ុន្តែក្នុងរយៈចុងក្រោយនេះ បន្ទាប់ពីស្ថានភាពកូវីដ១៩ ឃើញថាតម្លៃជួលដែលបានធ្លាក់ចុះនោះ ក៏បានវិលទៅរកតម្លៃដើមដូចមុនកូវីដ១៩វិញហើយ។

លោកបន្តថា “សកម្មភាពនៃការជួលខុនដូ និងអាផាត់ម៉ិន បានចាប់ផ្ដើមត្រលប់ទៅរកដូចមុនកូវីដ១៩វិញ ជាបន្តបន្ទាប់ហើយតម្រូវការនៃការជួល ក៏បានចាប់ផ្ដើមងើបឡើងវិញបន្តិចម្ដងៗផងដែរ”។ លោកបន្តថា “ភ្ញៀវដែលជួលអាផាត់មិន និងខុនដូមានការញែកដាច់ពីគ្នាបន្តិច ។ អ្នកដែលជួលអាផាត់មិនភាគច្រើន គឺជាអ្នកដែលមានគ្រួសារ និងត្រូវការឯកជនភាព និងភាពស្ងប់ស្ងាត់ និងត្រូវការសន្តិសុខ អនាម័យ”។

ចំណែកទីផ្សារខុនដូជាអតិថិជន ដែលនៅតែម្នាក់ឯង ដូចជា ជនបរទេសដែល មកធ្វើការនិងស្នាក់នៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា អ្នកដែលរស់នៅក្នុងខុនភាគច្រើន មិនមានគ្រួសារឬកូនៗទេ ហើយការសម្អាតវិញ ក៏មិនទាមទារឱ្យធ្វើឡើងរាល់ថ្ងៃដែរ អ្វីដែលពិសេសតម្លៃជួលខុនដូទាបជាងអាផាត់មិនខ្លះទៅទៀត។

ចំណែកលោកខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានឱ្យដឹងផងដែរថា តាមរយៈបទពិសោធន៍នៃការលក់ខុនដូ របស់លោកនៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នមានអតិថិជនក្នុងស្រុក មានច្រើនជាងអតិថិជនជាជនបរទេស។ សព្វថ្ងៃនេះ អតិថិជនក្នុងស្រុកប្រមាណ៩០ភាគរយទៅហើយ ជាអ្នកទិញញខុនដូ តាមរយៈក្រុមហ៊ុនរបស់ខ្លួន ដូច្នេះលោករំពឹងថា ការវិនិយោគខុនដូ នៅកម្ពុជានឹងមានកំណើនខ្ពស់បន្តទៀត។

លោកបន្តថា “តាមរយៈការបើកជើងហោះហើរឡើងវិញ ក៏ដូចជា ការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាល នឹងធ្វើឱ្យវិនិយោគិនបរទេស ចូលមកវិនិយោគលើវិស័យខុនដូបន្ត ខណៈតម្រូវការក៏ត្រូវបានរំពឹងថានឹងកើនឡើងខ្ពស់ស្រាប់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here