អ្នកអភិវឌ្ឍន៍លំនៅឋានចាប់ផ្ដើមសម្រុកទៅប៉ែកខាងត្បូងបន្តក្រោយស្ថានភាពកូវីដ១៩ប្រសើរឡើង

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ហាក់ទទួលបានការចាប់ផ្ដើមបន្ថែមទៀតលើការអភិវឌ្ឍលំនៅឋាន ពីសំណាក់អ្នកវិនិយោគក្នុងស្រុក ក្នុងការសាងសង់និងអភិវឌ្ឍន៍លំនៅឋានផ្គត់ផ្គង់ លើទីផ្សារប្រទេសកម្ពុជាជាពិសេសនៅរាជធានីភ្នំពេញ។

ជាការកត់សម្គាល់ យើងសង្កេតឃើញថាតំបន់ប៉ែកខាងត្បូង រាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោ សកម្មភាពអភិវឌ្ឍន៍លំនៅឋាន ពីសំណាក់វិនិយោគិនបានបន្ថែមល្បឿនកាន់តែខ្លាំង ក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស និងស្វាគមន៍វិនិយោគិនបរទេស ចូលមកដោយមិនមានការធ្វើចត្តាឡីស័ក។ ក្នុងនោះដែរ ម្ចាស់គម្រោងដែលមានសកម្មភាពស្រាប់បានបន្ថែមល្បឿនកាន់តែខ្លាំង និងសម្រុកអភិវឌ្ឍន៍លំនៅឋានបន្ថែមទៀត ហើយវិនិយោគិន ដែលមិនទាន់ចាប់ផ្ដើមក៏បានបញ្ចេញសកម្មភាព បានចាប់ផ្ដើមការដ្ឋានសាងសង់ និងប្រកាសផ្សព្វផ្សាយលក់ជាបន្តបន្ទាប់ ។

អ្នកជំនាញវិស័យអចលនវត្ថុកម្ពុជា បានមើលឃើញថាតំបន់ប៉ែកខាងត្បូងមានសក្ដានុពលកាន់តែខ្លាំង នៅក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែនៅតំបន់នេះមានគម្រោងអភិវឌ្ឍន៍របស់រដ្ឋធំៗ លេចរូបរាងជាបន្តបន្ទាប់ ដូចជា គម្រោងផ្លូវក្រវ៉ាតក្រុង គម្រោងសាងសង់ព្រលានយន្តហោះ និងគម្រោងស្ថាបនាលើកកម្ពស់ផ្លូវជាតិលេខ២ជាដើម ។

លោកសាង តូនិក ម្ចាស់គម្រោងបុរីមួយកន្លែងនៅប៉ែកខាងត្បូង នៃរាជធានីភ្នំពេញ ក្នុងខណ្ឌដង្កោបានឱ្យដឹងថា កាលពីមុនលោកបានអភិវឌ្ឍន៍គម្រោងមួយ នៅប៉ែកខាងត្បូងភ្នំពេញដែរ តាមបណ្ដោយផ្លូវចំការដូង តែក្រោយមកក៏ឃើញថាតំបន់នេះ កាន់តែមានសក្ដានុពល និងមានអ្នកចាប់អារម្មណ៍ច្រើន លោកក៏បានបន្ថែមការវិនិយោគរបស់ខ្លួនបន្ថែមទៀត ដោយផ្ដោតលើផ្ទះវីឡាប្រណិតតែតម្លៃវិញ គឺសមរម្យសម្រាប់ប្រជាពល​រដ្ឋកម្ពុជាយើង។

ដោយឡែកអ្នកគ្រប់គ្រងបុរីមួយកន្លែង នៅតាមបណ្ដោយផ្លូវជាតិលេខ២ អ្នកស្រី បូរី បានឱ្យដឹងថា កត្តាដែលម្ចាស់គម្រោងជ្រើសរើស យកទីតាំងខាងត្បូងភ្នំពេញ ជាទីតាំងអភិវឌ្ឍន៍លំនៅឋាន ដោយសារតែតំបន់ខាងត្បូងបាន និងកំពុងបញ្ចេញសក្ដានុពលកាន់តែខ្លាំង ជាក់ស្ដែងតំបន់នេះមានផ្សារទំនើប មានផ្លូវកាន់តែច្រើន នៅជិតព្រលានយន្តហោះទើបតែសាងសង់ ហើយនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះផងដែរ។

លោកសន សៀប ស្ថាបនិកក្រុមហ៊ុនឃីរៀលអ៊ីស្ទេតបានឱ្យដឹងថា អត្រាកំណើននៃតម្លៃដីធ្លីនៅក្នុងខ័ណ្ឌដង្កោ ក្នុងមានសន្ទុះខ្ពស់ជាងបណ្ដាខណ្ឌ ដទៃទៀតក្នុងរាជធានីភ្នំពេញ ដែលធ្វើឱ្យមធ្យមភាគនៃអត្រាកំណើនតម្លៃដី ក្នុងរាជធានីភ្នំពេញនៅតែមានកំនើន​វិជ្ជមាន ហើយតំបន់នេះ ក៏ទទួលបានការវិយោគច្រើនផងដែរ ក្នុងរយៈពេលថ្មីៗនេះ ដោយសារតែតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន មានផ្លូវក្រវ៉ាត់ក្រុងរត់កាត់ច្រើន មានគម្រោងធំៗចាប់ផ្ដើមលេចរូបរាងជាបន្តបន្ទាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here