សហរដ្ឋអាមេរិកដាក់ចេញវិធានការទប់ស្កាត់បណ្តាអ្នកវិនិយោគធំៗ ពីការប្រកួតប្រជែងជាមួយអ្នកទិញផ្ទះជាលក្ខណៈបុគ្គល

ដោយ: សហសេវិក
អន្តរជាតិ: សេតវិមានបានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយក្នុងគោលបំណងទប់ស្កាត់បណ្តាអ្នកវិនិយោគនៅផ្សារហ៊ុន Wall Street ពីការប្រកួតប្រជែងជាមួយអ្នកទិញផ្ទះជាលក្ខណៈបុគ្គល។

លោក ត្រាំ បានលើកឡើងថា នេះជាគោលនយោបាយដើម្បីជំរុញការផ្គត់ផ្គង់លំនៅឋានសម្រាប់ពលរដ្ឋអាមេរិក ហើយបណ្តាវិនិយោគិនធំៗមិនគួរប្រកួតប្រជែងទិញផ្ទះទោល(single family home) ជាមួយអ្នកទិញផ្ទះជាលក្ខណៈបុគ្គលនោះទេ។

លោក ត្រាំ កំពុងព្យាយាមដោះស្រាយកង្វល់អំពីលទ្ធភាពទិញផ្ទះ មុនការបោះឆ្នោតសភានៅឆ្នាំនេះ ដោយបានជំរុញសំណើគោលនយោបាយសំខាន់ៗមួយចំនួន ក្នុងគោលបំណងជំរុញលទ្ធភាពទិញផ្ទះ និងកាត់បន្ថយថ្លៃចំណាយលើការរស់នៅ។

រដ្ឋបាលរបស់លោក ត្រាំ បានចេញសេចក្តីណែនាំក្នុងរយៈពេល៦០ថ្ងៃ ដើម្បីរឹតបន្តឹងការលក់ផ្ទះទោលទៅឱ្យអ្នកវិនិយោគ។ លោក ត្រាំ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងរតនាគារឱ្យពិនិត្យ និងកែសម្រួលច្បាប់គ្រប់គ្រងវិនិយោគិនធំៗ ដែលទិញ ឬកាន់កាប់ផ្ទះទាំងនេះផងដែរ។

លើសពីនេះ បទបញ្ជានេះតម្រូវឱ្យក្រសួងយុត្តិធម៌ និងគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ ពិនិត្យមើលការទិញយកផ្ទះទោលដោយបណ្តាវិនិយោគិនធំៗ ក្នុងគោលបំណងដើម្បីផ្តល់អាទិភាពដល់អ្នកទិញផ្ទះជាលក្ខណៈបុគ្គល។

គិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨ មក បណ្តាអ្នកវិនិយោគធំៗនៅផ្សារហ៊ុនអាមេរិក Wall Street ដូចជា ក្រុមហ៊ុន Blackstone ក្រុមហ៊ុន American Homes 4 Rent និងក្រុមហ៊ុន Progress Residential បានទិញផ្ទះទោលរាប់ពាន់ខ្នង៕ប្រភព: Bilyonaryo៕

ក្រសួងដែនដីរៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ សម្រាប់ខេត្តជុំវិញបឹងទន្លេសាប និងខេត្តតំបន់ឆ្នេរ

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកតឹករ៉េត សំរេច  បានអញ្ចើញបើកវគ្គបណ្តុះបណ្តាល ស្តីពី “ការរៀបចំផែនការប្រើប្រាស់ដីថ្នាក់ឃុំ-សង្កាត់ សម្រា​ប់ខេត្តជុំវិញបឹងទន្លេសាប និងខេត្តតំបន់ឆ្នេរ”។

លោកបានផ្តល់ការណែនាំលើទិសដៅ និងគោលការណ៍សំខាន់ៗ ក្នុងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីជំរុញការរៀបចំផែនការប្រើប្រាស់ដី ការកំណត់លក្ខខណ្ឌប្រើប្រាស់ដី ប្លង់គោលប្រើប្រាស់ដី ស្របតាមចក្ខុវិស័យនៃការកំណត់របៀងសេដ្ឋកិច្ច របស់កម្ពុជាផងដែរ។

ក្រសួង បានចាត់ទុកការបណ្តុះបណ្តាលនេះ គឺជាវិធានការសំខាន់ក្នុងការពង្រឹងសមត្ថភាពមូលធនមន្ត្រី ការអនុវត្តមុខងារ និងលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ជាពិសេសគាំទ្រដល់ការរៀបចំផែនការប្រើប្រាស់ដី ឱ្យបានត្រឹមត្រូវ មានប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រើប្រាស់ធនធានដីឱ្យអស់សក្តានុពល ដើម្បីចូលរួមទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ព្រះរាជាណាចក្រកម្ពុជា៕

 

ទីផ្សារការិយាល័យលំដាប់ខ្ពស់របស់សិង្ហបុរី ជាជម្រើសកំពូលសម្រាប់បណ្តាវិនិយោគិនអចលនទ្រព្យនៅឆ្នាំ២០២៦

ដោយ: សហសេវិក
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL បានឱ្យដឹងថា ទីផ្សារការិយាល័យលំដាប់ខ្ពស់របស់ប្រទេសសិង្ហបុរី ជាជម្រើសកំពូលសម្រាប់បណ្តាវិនិយោគិនអចលនទ្រព្យនៅឆ្នាំ២០២៦ ដោយសារអត្រាការិយាល័យទំនេរមានកម្រិតទាប។

ការវិនិយោគបានហក់ឡើង២៨ភាគរយធៀបនឹងឆ្នាំមុនដល់ទំហំទឹកប្រាក់ចំនួន៤,២ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ ដែលធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាទីផ្សារធំជាងគេទី៤ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយនាំមុខចិនដីគោក ឥណ្ឌា និងកោះហុងកុង។

ទន្ទឹមនឹងនេះ ប្រភពនៃការវិនិយោគពីបរទេសកំពុងប្រែប្រួល។ ជាក់ស្តែង បណ្តាអ្នកវិនិយោគឯកជនមកពីប្រទេសចិននៅតែបន្តស្វែងរកឱកាសវិនិយោគយ៉ាងសកម្មនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសសិង្ហបុរី។

ផ្ទូយទៅវិញ បណ្តាវិនិយោគិនសិង្ហបុរីបានងាកទៅទិញអចលនទ្រព្យយ៉ាងសកម្មបំផុតនៅក្នុងប្រទេសអូស្ត្រាលីក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥កន្លងទៅ។

ការវិនិយោគអចលនទ្រព្យនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើង១៥ភាគរយធៀបនឹងឆ្នាំមុនដល់ចំនួន៤០,៣ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៥។

កំណើននេះបង្ហាញពីការងើបឡើងវិញបន្តិចម្តងៗនៃទីផ្សារអចលនទ្រព្យក្នុងតំបន់ ខណៈការវិនិយោគសរុបសម្រាប់ឆ្នាំ២០២៥ បានកើនឡើង១២ភាគរយដល់ទំហំទឹកប្រាក់ចំនួន១៤៧,៦ពាន់លានដុល្លារអាមេរិក។

ការធ្លាក់ចុះនៃអត្រា​ការិយាល័យ​ទំនេរត្រូវបាន​គេ​រំពឹង​ថា នឹងជំរុញឱ្យតម្លៃជួលការិយាល័យមានការកើនឡើង។ ជា​លទ្ធផល ទីផ្សារ​ការិយាល័យ​​របស់​ប្រទេស​សិង្ហបុរី រួម​ជាមួយ​នឹងទីក្រុង​តូក្យូ និង​ទីក្រុង​ស៊ីដនី បានក្លាយជា​គោលដៅវិនិយោគ​អចលនទ្រព្យ​លំដាប់កំពូល​៕ប្រភព: The Business Times៕

អ្នកឧកញ៉ាហុង ពីវបោះទុនជាង១៧៥លានដុល្លារអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យចំនួន៤៧អាគារ នៅខ័ណ្ឌសែនសុខ

ដោយៈ ម៉ាណា

    ភ្នំពេញៈ អ្នកឧកញ៉ាហុង ពីវ អគ្គនាយកបុរីពិភពថ្មី បានឈានជើងចូលទីផ្សារលំនៅដ្ឋាន បែបសហកម្មសិទ្ធតម្លៃសមរម្យមួយដំណាក់កាលទៀត។

ការអភិវឌ្ឍនេះ ធ្វើឡើងស្របតាមគោលនយោបាយលំនៅឋានរបស់រាជរដ្ឋាភិបាល ដែលជំរុញនិងលើកទឹកចិត្ត ដល់ការអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យសម្រាប់គ្រួសារកម្ពុជា។ ដើម្បីឆ្លើយតបប្រកប​ដោយប្រសិទ្ធភាព បង្កើតកន្លែងរស់នៅប្រកបដោយនិរន្តរភាព និងការរស់នៅប្រកបដោយផាសុកភាព ចំពោះគំនិតផ្តួចផ្តើមនេះ អ្នកឧកញ៉ា ហុង ពីវ សម្រេចចេញនូវដាក់ផែនការអភិវឌ្ឍន៍សាងសង់គម្រោងលំនៅឋានចម្រុះ ដែលជាប្រភេទខុនដូលំនៅឋានតម្លៃសមរម្យ មានទីតាំងអភិវឌ្ឍន៍ស្ថិតនៅ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

គម្រោងអភិវឌ្ឍន៍ ពិភពថ្មី ខុនដូសែនសុខ របស់អ្នកឧកញ៉ា ហុង ពីវ អភិវឌ្ឍន៍លើផ្ទៃក្រលាសំណងសរុប៧០៣.០៣៧,៩៦ ម៉ែត្រការ៉េ មាន​ចំនួនអគារសរុបប្រមាណ៤៧អគារ មានកម្ពស់៥៧,៩០ម៉ែត្រ ស្មើនឹង១៧ជាន់ វិនិយោគក្នុងទឹកប្រាក់សាងសង់ប្រមាណ១៧៥,៧៥លានដុល្លារ ដោយក្នុងនោះមានអគារស្នាក់នៅរួម (ខុនដូ) អគារផ្ទះល្វែង ហាងលក់ទំនិញ និងកន្លែងហាត់ប្រាណ សួនកុមារ នឹងកន្លែងកម្សាន្តផ្សេងៗបន្ថែមទៀត។ល៕

តើតម្លៃខុនដូជាមធ្យមក្នុងមួយម៉ែត្រការ៉េនៅតាមទីក្រុង និងរដ្ឋធានីធំៗនៅតំបន់អាស៊ានមានគម្លាតខុសគ្នាដូចម្តេច?

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃ​ខុនដូ​នៅតាមទីក្រុងធំៗនៅតំបន់​អាស៊ាន​បង្ហាញ​ពី​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង។ប្រទេស​សិង្ហបុរី​នៅ​តែ​ជា​ទីផ្សារ​ខុនដូថ្លៃជាងគេបំផុត​ក្នុង​តំបន់ ដែលមានតម្លៃ​ប្រហែល១៩.០០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ គិតត្រឹមដើមឆ្នាំ២០២៦។

ដោយឡែក ចំពោះបណ្តា​ទីក្រុងកំពុង​អភិវឌ្ឍន៍​ដូចជា​រាជធានី​ភ្នំពេញរបស់កម្ពុជា និង​ទីក្រុង​វៀងចន្ទន៍​របស់ប្រទេសឡាវ មាន​តម្លៃ​សមរម្យ​ក្នុង​ទំហំទឹកប្រាក់ចន្លោះ​ពី១.៥០០ដុល្លារទៅ២.៥០០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ។

ចំណែក តម្លៃខុនដូនៅទីក្រុងម៉ានីលនៃប្រទេសហ្វីលីពីន មានទំហំទឹកប្រាក់ជាមធ្យមចន្លោះពី៥.០០០ដុល្លារទៅ៥.៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃខុនដូនៅទីក្រុងគូឡាឡាំពួរនៃប្រទេសម៉ាឡេសុី មានទំហំទឹកប្រាក់ជាមធ្យមចន្លោះពី៣.២០០ដុល្លារទៅ៤.៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃខុនដូនៅរដ្ឋធានីហាណូយនៃប្រទេសវៀតណាមមានទំហំទឹកប្រាក់ជាមធ្យមចំនួន២.៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈតម្លៃខុនដូនៅទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេសុី មានទំហំទឹកប្រាក់ជាមធ្យមចន្លោះពី១.៨០០ដុល្លារទៅ២.៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តម្លៃខុនដូនៅប្រទេសសិង្ហបុរីឈរនៅលំដាប់ខ្ពស់ជាងរដ្ឋធានីដទៃទៀតនៅតំបន់អាស៊ាន។តម្លៃខុនដូនៅជិតតំបន់ពាណិជ្ជកម្មកណ្តាល (CBD) អាចមានទំហំទឹកប្រាក់ខ្ពស់ជាងទីក្រុងផ្សេងទៀតនៅតំបន់អាស៊ានជាច្រើនដង។

យ៉ាងណាមិញ តម្លៃខុនដូនៅទីផ្សារកំពុងអភិវឌ្ឍន៍ដូចជា ទីក្រុងហ្សាការតា ទីក្រុងហាណូយ ទីក្រុងភ្នំពេញ និងទីក្រុងវៀងចន្ទន៍ ជាដើម នៅតែមានតម្លៃសមរម្យជាង៕ប្រភព: Bamboo Route៕

ក្រសួងកសិកម្មចុះMOUជាមួយស្ថាប័នឯកជនចំនួន២ដើម្បីលើក កំពស់ការអភិវឌ្ឍក្នុងវិស័យនេះ

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោកឌិត ទីណា បានចូលរួមជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារស្ថាបនា ភីអិលស៊ី (Sathapana Bank Plc.) និងក្រុមហ៊ុន ខាបូន ខេភីថល ឯ.ក (Carbon Capital Co., Ltd)។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “ខ្ញុំស្វាគ​មន៍ និងមានមោទនភាព ក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការថ្មី ជាមួយវិស័យឯកជន ដោយអនុស្សរណៈនៃការយោគយល់គ្នាទាំងពីរនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងបង្កើនការអភិវឌ្ឍវិស័យកសិកម្ម លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងបង្កើននិរន្តភាព”។

ធនាគារស្ថាបនា បានក្លាយជាធនាគារដៃគូទី៥ ដែលបានចុះ MoU ជាមួយក្រសួងកសិកម្ម ដើម្បីផ្ដល់ទុនកម្ចីការប្រាក់ទាបជូនដល់សហគមន៍កសិកម្មទំនើប ដោយធនាគារ ស្ថាបនា នឹងត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣លានដុល្លារអាមេរិក សម្រាប់ផ្តល់ជាឥណទានជូនដល់សហគមន៍ក្នុងលក្ខខណ្ឌសមស្របមួយ។

ចំណែកឯក្រុមហ៊ុន ខាបូន ខេភីថល គឺជាក្រុមហ៊ុនដែលធ្វើការប្រមូលកាកសំណល់លាមក ពីកសិដ្ឋានចិញ្ចឹមជ្រូកមកធ្វើផលិតកម្មជីកំប៉ុស ក្នុងបំណងកាត់បន្ថយការបំភាយឧស្ម័នកាបូន ផ្គត់ផ្គង់ជីកំប៉ុសគុណភាពខ្ពស់ បង្កើតប្រភពចំណូលបន្ថែមជូន កសិករចិញ្ចឹមជ្រូក ព្រមទាំងធ្វើអាជីវកម្មឥណទានកាបូនផងដែរ។

តាមរយៈMoUនេះ  ក្រុមហ៊ុនខានបូន ខេភីថល នឹងធ្វើវិភាគ​ទានប្រាក់ចំណូលមួយផ្នែក សម្រាប់គាំទ្រដល់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។

លោករដ្ឋមន្រ្តីឌិត ទីណាបានថ្លែងអំណរគុណធនាគារ ស្ថាបនា ចំពោះការបង្ហាញទំនុកចិត្តផ្ដល់ទុន កម្ចីដើម្បីគាំទ្រសហគមន៍កសិកម្មទំនើប និងសូមថ្លែងអំណរគុណក្រុមហ៊ុន ខាបូន ខេភីថល ចំពោះការវិនិយោគប្រកបដោយទំនួលខុសត្រូវខ្ពស់ ដែលចែករំលែកចំណូលដើម្បីគាំទ្រផលប្រយោជន៍រួមរបស់សង្គម ជាពិសេសការគាំទ្រមូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម។

លោកបញ្ជាក់ថា “ខ្ញុំលើកទឹកចិត្តឱ្យស្ថាប័នវិស័យឯកជន ដទៃទៀតចូលរួមលើកស្ទួយវិស័យកសិកម្ម តាមគំរូរបស់ដៃគូទាំងពីរនេះ”៕

 

ទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦

មជ្ឈមណ្ឌលពាណិជ្ជកម្មកំពស់កប់ពពកថ្មីមួយនឹងលេចរូបរាង នៅក្បែរទីក្រុងកោះពេជ្រ

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះថ្មីមួយ ដែលរួមមានការិយាល័យ ខុនដូ និងផ្នែកដទៃទៀត បាននិងកំពូងបង្ហាញខ្លួននៅក្បែរទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ។

មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះនេះ មានឈ្មោះ“M TOWER” ដែលនឹងមានកម្ពស់១៦៦ម៉ែត្រ ស្មើនឹង៤៥ជាន់ វិនិយោគក្នុងទឹកប្រាក់សាងសង់១០០លានដុល្លារ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Wantaida Group ដែលមានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ រួមបញ្ចូលអចលនទ្រព្យលំដាប់ខ្ពស់ អគារការិយាល័យ អាផាតមិន និងពាណិជ្ជកម្ម។

យោងតាមរបាយការណ៍វឌ្ឍនភាព ចុងក្រោយរបស់រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញថា នៅរាជធានីភ្នំពេញ មានអាគារកប់ពពកកំពស់ចាប់ពី៥ ដល់៦០ជាន់ចំនួនប្រមាណ១៨០០អាគារ ខណៈអាគារមួយចំនួនទៀតបាននិងកំពុងសាងសង់បន្ត៕

រដ្ឋមន្រ្តីពីរក្រសួងប្រកាសដាក់ឱ្យអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិត

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីមកពីក្រសួងចំនួន២ បានប្រារពពិធីប្រកាសដាក់ឱ្យអនុវត្តសាកល្បង លើការកែលម្អរថយន្តដឹកជញ្ជូនកម្មករ និយោជិតឱ្យកាន់តែមានផាសុកភាព និងសុវត្ថិភាព និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្តដឹកជញ្ជូនកម្មករនិយោជិត។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពពីលោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន
លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន

អភិបាលខេត្តកំពង់ឆ្នាំង លោកស៊ុន សុវណ្ណារិទ្ធិ និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យប្រចាំប្រទេសថៃ កម្ពុជា និងឡាវ នៃអង្គការអន្តរជាតិខាងការងារ (ILO)  តំណាងក្រសួងស្ថាប័ន តំណាងនិយោជិក អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករនិយោជិត និងបងប្អូនកម្មករនិយោជិតជាច្រើនរូបទៀតក៏បានចូលរួមផងដែរ។

ពិធីនាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងជំរុញឱ្យមានការផ្លាស់ប្តូរពីរថយន្ត ប្រភេទដឹកទំនិញដោយកែច្នៃ កែលម្អឱ្យមានកៅអីអង្គុយសមរម្យ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ និយោជិត ស្របតាមផែនការជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានចង្អុលបង្ហាញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធរិះរកយន្តការគាំទ្រ និងការលើកទឹកចិត្តនានា សំដៅធ្វើយ៉ាងណា ឱ្យរថយន្តសម្រាប់ដឹកជញ្ជូនបងប្អូន កម្មករនិយោ​ជិតមានផាសុកភាពជាងមុន ត្រឹមឆ្នាំ២០២៧ ជាពិសេសការសម្របសម្រួលរៀបចំឱ្យរថយន្តដឹកជញ្ជូនកម្មករ និយោជិតទទួលបានការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដែលនេះជាការចូលរួមលើកកម្ពស់ផាសុកភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ឱ្យកាន់តែប្រសើរជាងមុន ជូនដល់កម្មករនិយោជិត៕

រដ្ឋាភិបាលប្រកាសបើកជាផ្លូវការ”កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ឧបនាយករដ្ឋមន្រ្តី លោកអូន មុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមប្រកាសជាផ្លូវការ “កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកលដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”។

ពិធីនេះក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល តំណាងអង្គទូត ដៃគូអភិវឌ្ឍន៍ តំណាងសហគ្រាស សមាគមឯកជន និងអ្នកពាក់ព័ន្ធជាច្រើនផងដែរ។​

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន គ.ស.ហ បានថ្លែងថា ការប្រកាសជាផ្លូវការ និងការដាក់ឱ្យអនុវត្តនូវកម្មវិធីនេះ ក៏ជាការឆ្លើយតបមួយផងដែរ របស់រាជរដ្ឋាភិបាលទៅនឹងសំណើរ សំណូមពរ ដែលជាបញ្ហាប្រឈមរបស់វិស័យឯកជន ដែលស្នើឡើង នៅក្នុងកម្មវិធីវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។

ផ្អែកលើការពិនិត្យយ៉ាងល្អិតល្អន់ លើនិន្នាការតំបន់ និងសកល ក៏ដូចជាស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចនៅកម្ពុជា កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី៧រដ្ឋសភា ប្រកាន់យកនូវគោលការណ៍រួមដូចខាងក្រោម ទី១. បន្តរក្សាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការរៀបចំ និងអនុវត្តវិធានការគោលនយោបាយសារពើពន្ធ គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ។

ទី២ បន្តស្តារ និងជំរុញការអភិវឌ្ឍវិស័យចន្ទល់ កំណើនសេដ្ឋកិច្ច (ដូចជា វិស័យកសិកម្ម កាត់ដេរ សំណង់ និងអចលនទ្រព្យ និង ទេសចរណ៍) រួមទាំងជំរុញការវិនិយោគលើឧស្សាហកម្ម ដើមខ្សែ (Upstream Industry) ទី៣. ជំរុញប្រភពកំណើនថ្មី ដែលមានសក្តានុពលខ្ពស់ ដូចជា វិស័យយានយន្ត និងអេឡិចត្រូនិក, វិស័យឌីជីថល និងវិស័យកសិ-ឧស្សាហកម្ម ជាដើម។

ទី៤. ពង្រឹងប្រសិទ្ធភាពសេដ្ឋកិច្ច, លើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង, បង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគ និងបង្កើនពិពិធភាពទីផ្សាររបស់កម្ពុជា។ ទី៥. ពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ជាពិសេសលើទំនិញយុទ្ធសាស្ត្រ និងពង្រឹងកិច្ចគាំពារសង្គម ដើម្បីកាត់បន្ថយផលប៉ះពាល់ ឱ្យបានជាអតិបរមាពីវិបត្តិផ្សេងៗ និងទី៦. ពង្រឹងសមត្ថភាពក្នុងការសម្លឹងឆ្ពោះទៅមុខ និងការព្យាករ និងការវិភាគពីបញ្ហាប្រឈម និងកាលានុវត្តភាព ក្នុងបរិការណ៍ដែលមានភាពមិនប្រាកដប្រជាខ្ពស់។

ដើម្បីសម្រេចបេសកកម្ម ស្របតាមគោលការណ៍រួមខាងលើ កម្មវិធីនេះ នឹងដាក់ចេញនូវកញ្ចប់វិធានការ ដែលមានលក្ខណៈច្បាស់​លា​ស់ជាក់ស្តែងនិយម និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធិភាព ដោយ​ចែកចេញជា៣ សសរស្តម្ភ/កម្មវិធីដូចជា៖ សសរស្តម្ភទី. កម្មវីធីគាំទ្រសេដ្ឋកិច្ចតាមវិស័យក្នុងរយៈពែលខ្លី ទៅមធ្យម។

សសរស្តម្ភទី២. កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិ​ធកម្ម និងពង្រឹងភាពធន់ និងសសរស្តម្ភទី៣. កម្មវិធីសម្របខ្លួនទៅនឹងការប្រែប្រួលរបបពាណិជ្ជកម្មអន្តរជាតិ៕

ប្រទេសចិនដាក់ចេញវិធានការលើកទឹកចិត្តដើម្បីជំរុញទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម

ដោយ: សហសេវិក
អន្តរជាតិ: ធនាគារកណ្តាលរបស់ប្រទេសចិន ឬធនាគារប្រជាជនចិន (PBOC) បានកាត់បន្ថយសមាមាត្រប្រាក់កក់អប្បបរមា(Downpayment)សម្រាប់ការទិញអចលនទ្រព្យពាណិជ្ជកម្មមកត្រឹម៣០ភាគរយ។

ធនាគារកណ្តាលចិនបានអះអាងថា ចំណាត់ការនេះក៏អនុវត្តចំពោះការទិញអចលនទ្រព្យពហុមុខងារ ដែលរួមបញ្ចូលទាំងប្រភេទអចលនទ្រព្យពាណិជ្ជកម្ម និងលំនៅឋាន។នេះបើយោងតាមការដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Bloomberg។

វិធានការនេះមានគោលបំណងគាំទ្រគំរូថ្មីនៃការអភិវឌ្ឍអចលនទ្រព្យ និងសម្របខ្លួនទៅនឹងការប្រែប្រួលការផ្គត់ផ្គង់ និងតម្រូវការ។ មុនពេលមានការកាត់បន្ថយ សមាមាត្របង់ប្រាក់កក់អប្បបរមាស្ថិតក្នុងរង្វង់ប្រហែល៥០ភាគរយ។

ការកាត់បន្ថយសមាមាត្របង់ប្រាក់កក់ជាមុនជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីជួយកាត់បន្ថយការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្ម ដែលបានជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ចចិនក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

ធនាគារកណ្តាលចិន​​បានគូសបញ្ជាក់​បន្ថែម​ថា សាខា​ខេត្ត​របស់ធនាគារ PBOC និង​រដ្ឋបាល​បទប្បញ្ញត្តិ​ហិរញ្ញវត្ថុ​ជាតិ​អាចមានស្វ័យភាពលើការ​កំណត់​កម្រិត​ប្រាក់​កក់​អប្បបរមា​កម្រិត​ក្រុង ដោយ​ផ្អែក​លើ​តម្រូវការ​បទប្បញ្ញត្តិ​របស់​រដ្ឋបាល​មូលដ្ឋាន៕ប្រភព: Bloomberg៕