វៀតណាមគ្រោងដាក់ចេញគោលនយោបាយពន្ធ ដើម្បីទប់ស្កាត់ការទិញលំនៅឋានទុកចំណេញ

ដោយ: សហសេវិក
អន្តរជាតិ: ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមគ្រោងដាក់ចេញគោលនយោបាយពន្ធ ដើម្បីទប់ស្កាត់ការទិញទុកចំណេញ (speculation) នៅក្នុងទីផ្សារលំនៅឋាន ដែលរងផលប៉ះពាល់ដោយសារការកើនឡើងនៃតម្លៃផ្ទះ។

ការវិនិយោគលើអចលនទ្រព្យនៅក្នុងប្រទេសវៀតណាមបានកើនឡើង ជាពិសេសលំហូរទុនវិនិយោគពីបរទេស (FDI) និងត្រូវបានជំរុញដោយកំណើនយ៉ាងឆាប់រហ័សនៃការផ្តល់ប្រាក់កម្ចីពីធនាគារ។

លំហូរ FDI ​ចូល​ក្នុង​វិស័យ​អចលនទ្រព្យបានជំរុញឱ្យមាន​ការ​ទិញទុកចំណេញ ខណៈ​ផ្ទះ​​ជាច្រើនបានស្ថិតនៅ​ទំនេរចោល​ក្នុង​រយៈពេល​យូរ និងគ្មានអ្នករស់នៅ បន្ទាប់ពីត្រូវបានទិញរួច។

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអំពាវនាវឱ្យមានវិធានការដើម្បីកាត់បន្ថយតម្លៃលំនៅឋាន ជាពិសេសអាផាតមុិន។ នេះបើយោងតាមការចុះផ្សាយរបស់ទូរទស្សន៍រដ្ឋវៀតណាម VTV។

លោក Chinh បានលើកឡើងថា លំនៅឋានជាតម្រូវការចាំបាច់ ហើយការទទួលបានសិទ្ធិស្មើគ្នាសម្រាប់ប្រជាពលរដ្ឋទាំងអស់ត្រូវតែធានា។ យ៉ាងណាមិញ លោកមិនបានគូសបញ្ជាក់ពីពេលវេលាពិតប្រាកដសម្រាប់ការដាក់ចេញវិធានការថ្មីនោះទេ។

យោងតាមក្រសួងសំណង់វៀតណាមបានឱ្យដឹងថា តម្លៃអាផាតមុិននៅក្នុងប្រទេសវៀតណាមបានកើនឡើងចន្លោះពី២០ភាគរយទៅ៣០ភាគរយកាលពីឆ្នាំមុន ខណៈដែលតម្លៃដីឡូត៍បានកើនឡើងចន្លោះពី២០ភាគរយទៅ២៥ភាគរយ។

តម្លៃអាផាតមុិននៅតាមទីក្រុងធំៗក្នុងប្រទេសវៀតណាមកាលពីឆ្នាំមុនបានកើនឡើងដល់ទំហំទឹកប្រាក់ជាមធ្យមចំនួន១០០លានដុង (ប្រមាណ៣.៨០៤ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Reuters៕

ដំណឹងល្អ៖ កម្ពុជានឹងមានជើងហោះហើរត្រង់ពីរុស្ស៊ីមកកាន់កម្ពុជានាពេលខាងមុខ

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធានសាខា BRICS House រួមទាំងដៃគូវិនិយោគក្នុងស្រុក គឺក្រុមហ៊ុន JFT Jet តំណាងដោយលោកស្រី ខែក ខេមរ៉ាត់ ជាអគ្គនាយិកា ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម រាយការណ៍ពីសកម្មភាពអាជីវកម្ម ទិសដៅ និងយុទ្ធសាស្រ្តក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគរុស្ស៊ីព្រមទាំងពីសហគមន៍និយាយភាសារុស្សីមកកាន់ប្រទេសកម្ពុជា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបដ៏មានសារៈសំខាន់នេះ អ្នកវិនិយោគិនរុស្សី និងកម្ពុជាទាំងពីររូប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្រ្តីដែលបានអនុញ្ញាតដល់ក្រុមហ៊ុនបានចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីសកម្មភាពរបស់ក្រុមហ៊ុនកន្លងមកលើការផ្តល់សេវាយន្តហោះឯកជន (Private Jet) ដល់អតិថិជនចម្រុះជាតិសាសន៍ពិសេស គឺអតិថិជនពីប្រទេសរុស្សី និងសហគមន៍និយាយភាសារុស្សីដែលមានចំនួនកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំដែលស្រលាញ់ប្រទេសកម្ពុជា ដែលមានសក្តានុពលខ្លាំងក្នុងការទាក់ទាញទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត និងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ ដែលមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។

ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក្រុមហ៊ុនទំាងពីរបានរៀបចំជាយុទ្ធសាស្រ្តថ្មីៗ បន្ថែមទៀត ជាពិសេសលើលទ្ធភាបបង្កើតជើងហោះហើរត្រង់ពីរុស្សីមករាជធានីភ្នំពេញ ឬ គោលដៅទេសចរណ៍របស់កម្ពុជា និងស្នើសុំការផ្តល់អនុសាសន៍ និងការគាំទ្រពីឯកឧត្តមរដ្ឋមន្រ្តីនាពេលនេះ។

ទន្ទឹមនឹងនេះដែរ ក្រុមវិនិយោគិនអន្តរជាតិ បានជម្រាបលោករដ្ឋមន្រ្តីពី ដំណឹងដ៏វិជ្ជមានថាប្រទេសជាសមាជិក BRICS ដែលជាប្រទេសដែលមានសេដ្ឋកិច្ចឈានមុខគេលើពិភពលោក នឹងបើក Boxing House នៅកម្ពុជា ដែលពិតជាបង្កើនលំហូរវិនិយោគដោយផ្ទាល់ចូលទៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ លោក Vladimir Palancica ក៏បានគោរពអញ្ជើញលោករដ្ឋមន្ត្រីចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិខ្នាតធំ ដែលគ្រោងរៀបចំនៅទីក្រុងម៉ូស្គូ នាពេលខាងមុខផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកដ៏សកម្ម និងនាំមកនូវលទ្ធផលគួរជាទីមោទនៈរបស់ក្រុមហ៊ុនដល់វិស័យទេសចរណ៍កម្ពុជាកន្លងមក និងគំនិតផ្តួចផ្តើមដ៏ល្អ និងមានតម្លៃបន្ថែមទៀតនាពេលនេះ។

លោករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនក្រុមហ៊ុនពីការចូលរួមរបស់ក្រសួងទេសចរណ៍ក្នុងពិព័រណ៍ Moscow International Travel and Tourism Exhibition (MITT) នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៦ ខាងមុខ។ ក្នុងនាមក្រសួងទេសចរណ៍ និងមហាគ្រួសារវិស័យទេសចរណ៍ លោករដ្ឋមន្រ្តី គាំទ្រ និងផ្តល់នូវអនុសាសន៍តម្រង់ទិសបន្ថែមលើគំនិតផ្តួចផ្តើមនេះ និងសម្រាប់ការអនុវត្តជាក់ស្តែង ដើម្បីឱ្យកិច្ចសហប្រតិបត្តិការនេះសម្រេចបានជោគជ័យ និងមានចីរភាពដែលពិតជាបង្កើនលំហូរភ្ញៀវទេសចរ និងវិនិយោគិនរុស្ស៊ី និងពីបណ្តាសហគមន៍និយាយភាសារុស្សីមកកាន់កម្ពុជា៕

ផលិតផលខ្មែរ របស់ក្រុមហ៊ុន KH Haitech របស់អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន នាំយកបច្ចេកទេស បច្ចេកវិទ្យាពីក្រុមហ៊ុនអន្តរជាតិ Haier Haitech

ដោយ៖ សហការី

ភ្នំពេញ៖ ក្នុង​ការ​ត្រៀម​បើក​បង្ហាញ​ផលិតផល​កូន​ខ្មែរ KH Haitech មាន​ការ​សហការ​គ្នា​ជាមួយ​ក្រុមហ៊ុនចិន ស្តង់ដារ​អន្តរជាតិ ពេល​នេះ​អ្នក​ឧកញ៉ា​វ័យក្មេង សំ សុខនឿន បាន​បង្ហើប​ឲ្យ​ដឹង​កាន់តែ​ច្បាស់​បន្ថែម​ទៀត​ថា KH Haitech បាន​នាំ​យក​បច្ចេកទេស បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន អន្តរជាតិ Haier Haitech មក​ផលិត​ដំឡើង​នៅ​កម្ពុជា។

​អ្នក​ឧកញ៉ា​វ័យ​ក្មេង​រូប​នេះ បាន​បង្កើត​នូវ​ប្រេន​កូន​ខ្មែរ​ដ៏​ធំ​មួយ គឺ K Haitech របស់ក្រុមហ៊ុន KH Haitech ដែល​មាន​គ្រឿង​អេឡិចត្រូនិក សម្រាប់​ប្រើ​ប្រាស់​សំខាន់​ៗមានដូចជា​ ទូរស័ព្ទ​ដៃ ថេប្លែត, លេបថប់ ម៉ាស៊ីន​ត្រជាក់ ម៉ាស៊ីន​បោកគក់, ទូរ​ទឹកកក និង​របស់​របរ​ជាច្រើន​ទៀត។


អ្នក​ឧកញ៉ា​វ័យក្មេង រូបនេះ បាន​អះអាង​ថា ​គុណភាព​នៃ​ផលិតផលរបស់ KH Haitech ល្អស្តង់ដាអន្តរជាតិ មានតម្លៃសមរម្យ និង​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ លេីសពីនេះទៅទៀត KH Haitech នាំយកជំនាញ បច្ចេកវិទ្យា និងបច្ចេកទេស មកបណ្តុះបណ្តាលកូនខ្មែរ ដេីម្បីទទួលបានជំនាញមួយនេះ និងបង្កេីតការងារជាច្រេីនកន្លែងផងដែរ។
គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​ឧកញ៉ា​មាន​ដើម​កំណើត​នៅ​ស្រុក​ក្រូចឆ្មារ​រូប​នេះ ដើម្បី​ជួយ​ដល់​ជីវភាព និង​ក៏​ជា​ការ​លើក​កម្ពស់​ពលរដ្ឋ​អាច​មាន​ការ​ងារ​ធ្វើ និង​ទទួល​បាន​សម្ភារ​ល្អ ជួយ​សម្រួល​ដល់​ករ​រស់នៅ​កាន់តែ​ប្រសើរ។

K Haitech ជា​យីហោ​ខ្មែរ និង​ផលិត​ក្នុង​ស្រុក របស់ក្រុមហ៊ុនកូនខ្មែរ ដែល​មាន​ស្ថាបនិក ​ជា​អ្នកឧកញ៉ា​វ័យ​ក្មេង​ សំ សុខនឿន សហការ​ជាមួយ​ដៃគូ​អន្តរជាតិ នាំ​យក​ជំនាញ និង​គុណភាព​ស្តង់ដារ​​មក​កាន់​កម្ពុជា​ឆាប់​ៗ​ខាង​មុខ។

សម្រាប់​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​ឈ្វេងយល់ ​ពី KH Haitech អាច​ទៅ​ទស្សនា​នៅ​ស្តង់​តាំង​បង្ហាញ នៅ​ថ្ងៃ ២៨ ខែ​មករា ឆ្នាំ ២០២៦ នា​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះពេជ្រ (អគារ ABCDE) រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា

អត្ថបទ៖ ឆដា, រូបភាព៖ ផ្ដល់ឲ្យ

តើស្ថានភាពទីផ្សារអចលនទ្រព្យនៅតំបន់អាសុីក្នុងឆ្នាំ២០២៦ បង្ហាញហានិភ័យ និងឱកាសអ្វីខ្លះដល់អ្នកវិនិយោគ?

ដោយ: សហសេវិក

អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់តំបន់អាស៊ីនៅឆ្នាំនេះកំពុងប្រឈមមុខទាំងភាពមិនប្រាកដប្រជាជាសកល និងសក្តានុពលកំណើនរយៈពេលវែង។ កម្រិតអត្រាការប្រាក់ខ្ពស់ ការផ្លាស់ប្តូរគោលនយោបាយ និងការធ្លាក់ចុះនៃអចលនទ្រព្យរបស់ប្រទេសចិន បានបង្កជាហានិភ័យ។

ប៉ុន្តែ ស្របពេលជាមួយគ្នានេះ ការធ្វើនគរូបនីយកម្ម ការបណ្តាក់ទុនវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការអចលនទ្រព្យផ្នែកភស្តុភារ និងលំនៅឋាននៅតែបន្តបង្កើតឱកាសថ្មីៗ។

ទី១: ហានិភ័យ

តម្លៃផ្ទះថ្មី និងការវិនិយោគលើអចលនទ្រព្យនៅប្រទេសចិនកំពុងធ្លាក់ចុះជាបន្តបន្ទាប់។ ការកើនឡើងនៃចំនួនអចលនទ្រព្យ ដែលត្រូវបានរឹបអូស ធ្វើឱ្យធនាគារជួបប្រទះភាពតានតឹងផ្នែកសាច់ប្រាក់ និងជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគ។

ការណ៍នេះបង្កហានិភ័យដល់វិស័យសំណង់ ហិរញ្ញវត្ថុ និងទំនុកចិត្តរបស់បណ្តាវិនិយោគិននៅទូទាំងតំបន់អាស៊ី ដោយសារសេដ្ឋកិច្ចរបស់ប្រទេសចិនមានទំហំធំ។

ជាមួយគ្នានេះ ភាពមិនប្រាកដប្រជាជុំវិញគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកអាចជះផលប៉ះពាល់ដល់ការផ្តល់ហិរញ្ញប្បទាន  ជាពិសេសនៅក្នុងទីផ្សារ ដែលងាយរងគ្រោះដោយសារការដំឡើងអត្រាការប្រាក់ដូចជា ទីផ្សារការិយាល័យ។

ភាពតានតឹងផ្នែកពាណិជ្ជកម្ម ភាពប្រែប្រួលនៃកំណើនសេដ្ឋកិច្ចសកល ឬការប្រែប្រួលនៃតម្លៃរូបិយប័ណ្ណអាចកាត់បន្ថយលំហូរមូលធនបរទេសចូលទៅក្នុងទីផ្សារអចលនទ្រព្យ ជាពិសេសនៅក្នុងបណ្តាប្រទេសអាសុី ដែលពឹងផ្អែកលើការនាំចេញ។ អស្ថិរភាពសកលក៏អាចជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគិនផងដែរ។

 

 

ទី២: ឱកាស

យោងតាមក្រុមហ៊ុន Cushman & Wakefield បានឱ្យដឹងថា ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ីអាចនឹងឈានចូលដល់ដំណាក់កាលមានស្ថិរភាព ដោយតម្លៃអចលនទ្រព្យបានធ្លាក់ចុះដល់កម្រិតមួយ ដែលមានភាពទាក់ទាញសម្រាប់បណ្តាវិនិយោគិនរយៈពេលវែង។

កត្តានគរូបនីយកម្ម ប្រជាសាស្ត្រ និងកំណើននៃចំនួនប្រជាជនវណ្ណៈកណ្តាលនៅក្នុងបណ្តាប្រទេសអាស៊ាន បានជំរុញតម្រូវការលំនៅឋាន លក់រាយ និងគម្រោងអចលនទ្រព្យប្រើប្រាស់ចម្រុះ។

កំណើននៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិក និងការធ្វើពិពិធកម្មផលិតកម្មអាស៊ាន បន្តជំរុញតម្រូវការអចលនទ្រព្យផ្នែកឧស្សាហកម្ម ដែលអាចផ្តល់ប្រាក់ចំណូលប្រកបដោយស្ថិរភាពក្នុងរយៈពេលវែង៕ប្រភព: Cushman & Wakefield ៕

ទំហំទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅឥណ្ឌូនេស៊ីរំពឹងកើនឡើងដល់ជាង២៨ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៦

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេរំពឹងថានឹងកើនឡើងដល់ទំហំទឹកប្រាក់ចំនួន២៨,៦ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៦ ដែលជំរុញដោយផ្នែកភស្តុភារកម្ម ការិយាល័យ និងការអភិវឌ្ឍអគារប្រើប្រាស់ចម្រុះ។

អត្រាការិយាល័យទំនេរនៅទីក្រុងហ្សាកាតាកំពុងថយចុះបន្តិចម្តងៗ ហើយអគារដែលមានគុណភាព និងបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ កំពុងទាក់ទាញបណ្តាក្រុមហ៊ុនពហុជាតិ ទោះបីជាក្រុមអ្នកវិនិយោគមួយចំនួននៅតែមានការប្រុងប្រយ័ត្នយ៉ាងណាក្តី។

ផ្នែកភស្តុភារកម្ម និងឃ្លាំង ដែលផ្សារភ្ជាប់ទៅនឹងពាណិជ្ជកម្មអេឡិចត្រូនិកកំពុងលេចចេញជាផ្នែកដែលមានសក្តានុពលខ្ពស់នៅក្នុងទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ឥណ្ឌូនេសុី។ ទន្ទឹមនេះ ផ្នែកសណ្ឋាគារ និងផ្នែកលក់រាយនៅក្នុងតំបន់មួយចំនួនកំពុងងើបឡើងវិញ។

គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងផ្លូវបង់ប្រាក់(toll road) បណ្តាញផ្លូវដែក និងការអភិវឌ្ឍរដ្ឋធានីថ្មី Nusantara កំពុងជំរុញតម្រូវការអចលនទ្រព្យនៅក្នុងទីក្រុងរណប និងទីក្រុងហ្សាការតា។

វិធានការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ និងការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ បានជួយជំរុញទំនុកចិត្តរបស់បណ្តាអ្នកវិនិយោគ និងទប់ស្កាត់មិនឱ្យតម្លៃអចលនទ្រព្យដាំក្បាលចុះយ៉ាងគំហុក។

ដោយឡែក តម្រូវការលំនៅឋាននៅតែមានភាពរឹងមាំ ខណៈអ្នកទិញផ្ទះលើកដំបូងផ្តោតលើផ្នែកលំនៅឋានមានតម្លៃសមរម្យ។ ជាមួយគ្នានេះ បណ្តាវិនិយោគិនបរទេស បានបង្ហាញចំណាប់អារម្មណ៍ជាពិសេសចំពោះទីផ្សារអចលនទ្រព្យជួល និងលំនៅឋាននៅកោះបាលី៕ប្រភព: Real Estate Asia៕

លោកបណ្ឌិតតេង រិទ្ធីបង្ហាញទស្សនវិស័យទាក់ទងទីផ្សារអចលនទ្រព្យកម្ពុជា

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ស្របពេលទីផ្សារបន្តស្ថិត ក្នុងភាពមិនច្បាស់លាស់ ស្ថានភាពនេះ អ្នកជំនាញក្នុងវិស័យនេះ ហាក់បន្តរក្សាភាពស្ងៀមស្ងាត់មួយចំនួន។

លោកបណ្ឌិតតេង រិទ្ធីអគ្គនាយកក្រុមហ៊ុនR-Investement Groupបានលើកឡើងនូវទស្សនទា​នមួយចំនួននាថ្ងៃទី២២ មករានេះថា ទោះបីជាមានការកែតម្រូវទីផ្សាររយៈពេលខ្លីក៏ដោយ វិស័យអចលនទ្រព្យរបស់កម្ពុជា នៅតែបន្តផ្តល់នូវសក្តានុពលកំណើនរយៈពេលវែងដ៏រឹងមាំ ដែលជំរុញដោយនគរូបនីយកម្ម ប្រជាសាស្ត្រវ័យក្មេង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។

លោកបញ្ជាក់ថា “ការកែតម្រូវទីផ្សារបច្ចុប្បន្ន បង្ហាញពីបង្អួចចូលយុទ្ធសាស្ត្រ សម្រាប់វិនិយោគិនដែលមានវិន័យ ក្នុងការទទួលបានដីធ្លី និងទ្រព្យសកម្ម ដែលមានគុណភាពខ្ពស់ ក្នុងតម្លៃទាក់ទាញជាងវដ្តរីកចម្រើនពីមុន”។

លោកបណ្ឌិតបានបន្តថា នៅពេលដែលការតភ្ជាប់ប្រសើរឡើងជាមួយមជ្ឈមណ្ឌលក្នុងតំបន់ តម្រូវការសម្រាប់ឧស្សាហកម្ម ភស្តុភារកម្ម និងការអភិវឌ្ឍចម្រុះកំពុងកើនឡើង វាបង្ហាញពីការធ្វើពិពិធកម្មលើសពីវិស័យលំនៅដ្ឋានបែបប្រពៃណី។

ទាក់ទងនឹងវិស័យទេសចរណ៍ លោកបណ្ឌិតតេង រិទ្ធីបានបញ្ជាក់ផងដែឬថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងគោលនយោ​បាយរបស់រដ្ឋាភិបាល ដែលមានគោលដៅកំពុងពង្រឹង តម្រូវការអចលនទ្រព្យពាណិជ្ជកម្ម ជាពិសេសនៅក្នុងទីក្រុងសំខាន់ៗដូចជាភ្នំពេញ និងសៀមរាប។

លោកបន្តថា “មូលដ្ឋានគ្រឹះរយៈពេលវែងនៅតែដដែល។ លំហូរវិនិយោគផ្ទាល់ពីបរទេស និងការចាប់អារម្មណ៍ពីស្ថាប័ន កំពុងវិលត្រឡប់មកវិញ ដោយបង្កើតច្រករបៀងកំណើន នៅក្នុងទីផ្សារជាយក្រុង និងខេត្ត”។ លោកបន្ថែមថា “ការអភិវឌ្ឍដែលមានរចនាសម្ព័ន្ធល្អ ដែលដោះស្រាយលំនៅដ្ឋាន ដែលមានតម្លៃសមរម្យ ចំណូលមធ្យម និងផ្តោតលើជនបរទេស ស្ថិតក្នុងទីតាំងដើម្បីទទួលបានអត្ថប្រយោជន៍ពីការផ្លាស់ប្តូរប្រជាសាស្ត្រ និងការកើនឡើងនៃអំណាចទិញ”។

លោកបន្តថា វិនិយោគិនដែលមានវិធីសាស្រ្តបន្ថែមតម្លៃ ផ្តោតលើការបង្កើតទីកន្លែង ហេដ្ឋារចនាសម្ព័ន្ធប្រើប្រាស់ខ្ពស់ និងការរចនាប្រកបដោយចីរភាព អាចទទួលបានផលចំណេញយ៉ាងច្រើន នៅក្នុងវដ្តបច្ចុប្បន្ន៕

ស្ថាប័នមួយរបស់ឥណ្ឌាស្នើសុំសាងសង់រូបសំណាកព្រះវិណ្ណុឥណ្ឌា កម្ពុជា និងជួយជម្រុញការផ្សព្វផ្សាយទេសចរណ៍

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សប្បុរសជនឥណ្ឌាដែលស្រលាញ់សនិ្តភាព និងគាំទ្រអភិរក្សទេសចរណ៍បែបវប្បធម៌ និងសាសនាស្នើសុំក្រសួងទេសចរណ៍ជួយគំាទ្រ លើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌា​ និងកិច្ចសហការនាំភ្ញៀវទេសចរណ៍ឥណ្ឌា មកទស្សនាកម្ពុជាកាន់តែច្រើនឡើង។

នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកបណ្ឌិត Rajiv Raj Jagasia ស្ថាបនិកស្ថាប័នឥណ្ឌា Diplomacy for Good Foundation និងសហការី ចូលជួបសម្តែងការគួរសម ស្នើសុំការគំាទ្រលើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុ និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ លោកបណ្ឌិតស្ថាបនិក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោករដ្ឋមន្រ្តីដែលបានអនុញ្ញាតដល់ស្ថាប័ន Diplomacy for Good Foundation ចូលជួបសំដែងការគួរសម និងគោរពរាយការណ៍ពីសកម្មភាពការងាររបស់ស្ថាប័នលើការងារការទូតទេសចរណ៍ ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍តាមរយៈសកម្មភាពការទូត និងវប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការជំរុញភ្ញៀវទេសចរឥណ្ឌា មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានជម្រាបជូន លោករដ្ឋមន្រ្តីអំពីសំណើសុំការគាំទ្រ ពីក្រសួងទេសចរណ៍លើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌានៅកម្ពុជា តាមរយៈជំនួយគំាទ្រពីសប្បុ​រសជនឥណ្ឌា ដែលស្រលាញ់វប្បធម៌ប្រពៃណីរបស់កម្ពុជា និងប្រទេសកម្ពុជា។

បន្ថែមនឹងនេះដែរ លោកបណ្ឌិតក៏បាននាំយកអំណោយសប្បុរសធម៌ ជាអង្ករចំនួន២តោន តាមរយៈក្រសួងទេសចរណ៍ ដើម្បីបន្តផ្តល់ជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេង បានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិដ៏រឹងមាំផងដែរ។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្រ្តី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់លោកបណ្ឌិត ស្ថាប័ន Diplomacy for Good Foundation និងសប្បុរសជនឥណ្ឌាទាំងអស់ ដែលបានលើកនូវគំនិតផ្តួចផ្តើមដ៏ល្អនេះ និងការទាក់ទាញកំណើនភ្ញៀវទេសចរឥណ្ឌាមកទស្សនានៅកម្ពុជា តាមរយៈសកម្មភាពការទូតទេសចរណ៍ និងវប្បធម៌ ដែលប្រទេសកម្ពុជា និងឥណ្ឌាមានចំណងការទូតជាង៧៤ឆ្នាំមកហើយ ព្រមទាំងជាបងប្អូនរួមវប្បធម៌ និងអរិយធម៌ជាងពាន់ឆ្នាំមកហើយ។

លោកហួត ហាក់បានស្នើលោកបណ្ឌិត និងស្ថាប័ន Diplomacy for Good Foundation បន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សន្តិសុខល្អប្រសើរ ការអភិវឌ្ឍលើគ្រប់វិស័យ វត្តមានភ្ញៀវទេសចរឥណ្ឌា ដែលកំពុងកើនឡើងមកកម្ពុជានាពេលនេះ ដល់ប្រជាជនឥណ្ឌា ដើម្បីមកទស្សនាកម្ពុជាឱ្យកើនឡើងបន្ថែមទៀត៕

រដ្ឋមន្រ្តីដែនដីចុះចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់សហគមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី

ដោយៈ ចំណាន

    រតនគិរីៈ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកសាយ សំអាល់ បានចុះចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុដល់សហគុំមន៍ជនជាតិភាគតិច នៅខេត្តរតនគិរី។

យោងតាមផកេករបស់ក្រសួង ដែលភ្ជាប់ជាមួយរូបថតលោកសាយ សំអាល់ និងជនជាតិភាគតិចបានលើកឡើងថា សូមថ្លែងអំណរគុណដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្តរតនគីរី មន្ត្រីរាជការ កងកម្លាំងនិងមន្ទីរជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្រេចយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ ទាំងដីឯកជន ដីសហគមន៍ និងដីរដ្ឋ រហូតឈានមកទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនៅថ្ងៃនេះ។

ការប្រគល់ប័ណ្ណជូនបងប្អូនជនជាតិដើម ភាគតិចនាពេលនេះ មិនត្រឹមតែជាការប្រគល់ប័ណ្ណសមូហភាព និងការធានាបាននូវសុវត្ថិភាពផ្លូវច្បាប់ ក្នុងការកាន់កាប់អចលនទ្រព្យជូនបងប្អូនប៉ុណ្ណោះទេ តែសំដៅបញ្ចប់ភាពមន្ទិល លើការកាន់កាប់អចលនទ្រព្យរវាងដីឯកជន និងសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច និងក៏ដូចជាបញ្ចប់មន្ទិលភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក ពីសុវត្ថិភាព ក្នុងការកាន់កាប់ដីធ្លីរបស់បងប្អូនជនជាតិដើមភាគតិច។

ម្យ៉ាងទៀត នេះក៏បានបង្កើនភាពជឿជាក់ និងងាយស្រួលទៅដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងការវាយតម្លៃអចលទ្រព្យរបស់ជនជាតិដើមភាគតិច ឬដីសមូហភាពរបស់បងប្អូនជនជាតិដើមភាគតិច ផងដែរ។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្តាំផ្ញើរបងប្អូនទាំងអស់ សូមថែរក្សានិងប្រើប្រាស់ប័ណ្ណដែលទទួលបាននាពេលនេះឱ្យបានត្រឹមត្រូវ ហើយទៅមុខទៀត សូមងាកមកគិតគូរលើការកសាងខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍សហគមន៍ និងរៀបចំភូមិឋានរបស់យើងឱ្យកាន់តែប្រសើរឡើង ទាក់ទាញភ្ញៀវទេសចរមកកំសាន្ត លើកស្ទួយជីវភាពពលរដ្ឋ នៅភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើនទៅមុខ។

ពិធីចែកប័ណ្ណសមូហភាពចំនួន២៦២ប័ណ្ណ ជូនសហគមន៍ ក្នុងគម្រោងបែងចែកដីសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) ចំនួន៥ភូមិរួមមាន ភូមិខ្មែង ភូមិស្វាយ ភូមិធួយទុំ ភូមិកាំផ្លិញ និងភូមិប៉ាអរ នៃឃុំប៉ូយ ស្រុកអូជុំ ខេត្តរតនគិរី៕

ក្រុមហ៊ុនCambodia Airwayភ្ជាប់ជើងហោះហើររវាងទីក្រុងឈឹងទូ មកកាន់ខេត្តព្រះសីហនុ

ដោយៈ ម៉ាណា

    ព្រះសីហនុៈ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ឬCambodia Airwayបានចាប់ផ្តើមភ្ជាប់ជើងហោះហើរ មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងកាលពីថ្ងៃទី២១ មករា ឆ្នាំ២០២៦ថា នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញស្វាគមន៍ ភ្ញៀវអ្នកដំណើរមកដល់ខេត្តព្រះសីហនុ តាមជើងហោះហើរថ្មី ដែលតភ្ជាប់ពីទីក្រុងឈឹងទូ មកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ របស់ក្រុមហ៊ុន អាកាសចរណ៍ Cambodia Airways៕

ដំណឹងល្អ!ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ផ្ញើលិខិតជូនសម្តេចបវរធិបតីហ៊ុន ម៉ាណែត អញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព

ដោយៈ គង់ សូរិយា

អាមេរិកៈ លោក ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦នេះ បានផ្ញើលិខិតជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញកម្ពុជាចូលរួមជារដ្ឋសមាជិកស្ថាបនិក នៃក្រុមប្រឹក្សាសន្តិភាព និងជាភាគីនៃធម្មនុញ្ញរបស់ក្រុមប្រឹក្សាសន្តិភាព។

ខាងក្រោមជាខ្លឹមសារបកប្រែក្រៅផ្លូវការនៃលិខិតរបស់ប្រធានាធិបតី ដូណាល់ ត្រាំ៖

សេតវិមាន
ទីក្រុងវ៉ាស៊ីនតោន
ថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២៦

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
ទីក្រុងភ្នំពេញ។

សម្តេច នាយករដ្ឋមន្ត្រីជាទីគោរព

ខ្ញុំមានកិត្តិយសយ៉ាងខ្លាំងបំផុត ក្នុងការអញ្ជើញឯកឧត្តម ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាមួយខ្ញុំ ក្នុងកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យយ៉ាងសំខាន់ និងមានសារៈប្រវត្តិសាស្ត្រ ដើម្បីពង្រឹងសន្តិភាពនៅតំបន់មជ្ឈិមបូព៌ា ហើយក្នុងពេលតែមួយ ក៏ដើម្បីចាប់ផ្តើមវិធីសាស្ត្រថ្មីដ៏ក្លាហានមួយ ក្នុងការដោះស្រាយជម្លោះសកលផងដែរ។

នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ ខ្ញុំបានប្រកាសដាក់ឲ្យអនុវត្ត “ផែនការគ្រប់ជ្រុងជ្រោយ ដើម្បីបញ្ចប់ជម្លោះហ្គាហ្សា” ដែលជាគម្រោងផ្លូវដើរ២០ចំណុច ដ៏អស្ចារ្យមួយ ដែលត្រូវបានទទួលយកយ៉ាងឆាប់រហ័ស ដោយមេដឹកនាំពិភពលោកទាំងអស់ រួមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាលសំខាន់ៗនៅក្នុងពិភពអារ៉ាប់ ប្រទេសអ៊ីស្រាអែល និងទ្វីបអឺរ៉ុប។ ដើម្បីបន្តអនុវត្តផែនការនេះ នៅថ្ងៃទី១៧ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តយ៉ាងទូលំទូលាយ នូវសេចក្តីសម្រេចលេខ ២៨០៣ ដែលស្វាគមន៍ និងគាំទ្រចក្ខុវិស័យនេះ។

ឥឡូវនេះ គឺជាពេលវេលាដែលត្រូវបម្លែងសុបិនទាំងនេះ ឲ្យក្លាយជាការពិត។ នៅចំណុចកណ្ដាលនៃផែនការ គឺ “ក្រុមប្រឹក្សាសន្តិភាព” ដែលជាក្រុមប្រឹក្សាដ៏អស្ចារ្យ និងមានឥទ្ធិពលខ្លាំងបំផុត ដែលមិនធ្លាប់មានពីមុនមក ហើយនឹងត្រូវបង្កើតឡើងជាអង្គការអន្តរជាតិថ្មីមួយ និងជារដ្ឋបាលអន្តរកាលសម្រាប់ការគ្រប់គ្រង។

កិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងនាំឲ្យប្រទេសជាតិជាច្រើនដែលមានកិត្តិយស ចូលរួមទទួលខុសត្រូវដ៏ថ្លៃថ្នូរ ក្នុងការកសាងសន្តិភាពយូរអង្វែង ដែលជាកិត្តិយសមួយ សម្រាប់អ្នកដែលត្រៀមខ្លួនដឹកនាំដោយគំរូល្អ និងវិនិយោគយ៉ាងឆ្លាតវៃ ក្នុងអនាគតដែលមានសុវត្ថិភាព និងសេចក្តីរុងរឿង សម្រាប់ជំនាន់ក្រោយៗ។ យើងនឹងរៀបចំកិច្ចប្រជុំជាមួយដៃគូដ៏ល្អ និងមានការប្តេជ្ញាចិត្តរបស់យើង ដែលភាគច្រើនជាមេដឹកនាំពិភពលោក ដែលមានកិត្តិយសខ្ពស់ នៅពេលឆាប់ៗខាងមុខនេះ។

ក្នុងនាមជាប្រធានក្រុមប្រឹក្សា ខ្ញុំសូមអញ្ជើញជាផ្លូវការ ដល់ព្រះរាជាណាចក្រកម្ពុជា ឲ្យចូលរួមជាសមាជិកស្ថាបនិកដើម (Founding Member State) និងក្លាយជាភាគីមួយនៃលក្ខន្តិកៈរបស់ “ក្រុមប្រឹក្សាសន្តិភាព” តាមរយៈការតំណាងរបស់សម្តេច។ ក្រុមប្រឹក្សានេះ គឺជាស្ថាប័នតែមួយគត់មិនធ្លាប់មានដូចមុនឡើយ។

រដ្ឋសមាជិកនីមួយៗ អាចតែងតាំងតំណាងដែលមានសិទ្ធិអំណាច ដើម្បីចូលរួម និងចូលរួមសកម្មភាពប្រជុំតាមនាមរដ្ឋរបស់ខ្លួន។ ភ្ជាប់មកជាមួយនេះគឺមាន “ផែនការគ្រប់ជ្រុងជ្រោយ” និង “លក្ខន្តិកៈរបស់ក្រុមប្រឹក្សា” ដែលឥឡូវនេះ បើកចំហសម្រាប់ឲ្យសម្តេចចុះហត្ថលេខា និងអនុម័ត។

ខ្ញុំទន្ទឹងរង់ចាំការសហការជាមួយសម្តេច ក្នុងរយៈពេលវែងនៅពេលខាងមុខ ដើម្បីឈានទៅរកគោលដៅនៃការបង្កើត សន្តិភាពពិភពលោកយូរអង្វែងភាពរុងរឿង និងភាពអស្ចារ្យ សម្រាប់មនុស្សជាតិទាំងអស់។

ដូណាល់ ជេ. ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាមេរិក